៧​ចំណុច​ ស្វែងយល់លម្អិតពីជំងឺទឹកនោមផ្អែម

 

១/ និយមន័យ
ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃវាកើតឡើងពីការលើសជាតិស្ករក្នុងឈាម ដែលបណ្តាលមកពីអរម៉ូន អាំងស៊ុយលីន (Insulin-ជាអរម៉ូនផលិតពីកោសិកាលំពែង) ដែលដឹកនាំជាតិស្ករទៅឲ្យកោសិកាប្រើប្រាស់ផលិតមិនគ្រប់គ្រាន់ ឬមិនផលិត ឬកោសិការបស់រាងកាយស៊ាំនឹងអរម៉ូននោះ។

២/ កត្តាប្រឈមមុខ
កត្តាមិនអាចផ្លាស់ប្ដូរបាន
-ក្រុមគ្រួសារមានប្រវត្តទឹកនោមផ្អែម
-កត្តាជនជាតិ
-អាយុ > 45ឆ្នាំ
-ទឹកនោមផ្អែមកើតពេលមានផ្ទៃពោះ

កត្តាអាចធ្វើឲ្យប្រសើរឡើង
-កត្តាធាត់
-លើសសម្ពាធឈាម
-លើសជាតិខ្លាញ់ក្នុងឈាម
-អ្នកត្រៀមនឹងកើតជំងឺទឹកនោមផ្អែម
-ទម្លាប់រស់នៅមិនល្អ ៖ មិនហាត់ប្រាណ ជក់បារី ផឹកស្រា  ដេកច្រើនពេក>៨ម៉ោង

៣/ ប្រភេទ និងមូលហេតុនៃជំងឺទឹកនោមផ្អែម

ប្រភេទ

មូលហេតុ

ជំងឺទឹកនោមផ្អែមប្រភេទ១

(Type1 Diabetes Mellitus)

-បេតា កោសិកា របស់លំពែងត្រូវបានបំផ្លាញ
-ធ្វើឲ្យខ្វះអាំងស៊ុយលីនដាច់ខាត

ជំងឺទឹកនោមផ្អែមប្រភេទ២

(Type2 Diabetes Mellitus)

-ភាពផ្សាំ (ធ្វើការមិនល្អ) របស់អាំងស៊ុយលីន
-ដំណើរវិវឌ្ឍបញ្ចេញមិនគ្រប់គ្រាន់របស់អាំងស៊ុយលីន

ជំងឺទឹកនោមផ្អែមកើតពេលមានផ្ទៃពោះ(GDM)

-ភាពផ្សាំរបស់អាំងស៊ុយលីនក្នុងកោសិកា

ជំងឺទឹកនោមផ្អែមប្រភេទផ្សេងៗទៀត

-កង្វះសែន ក្នុងមុខងារបេតា កោសិកា
-ជំងឺលំពែង
-ថ្នាំ ឬ ជាតិគីមីផ្សេងៗ

 

៤/ ការធ្វើរោគវិនិច្ឆ័យ
ក. ផ្អែកលើរោគសញ្ញាដូចជា៖
នោមច្រើន (លើសពី៣លីត្រក្នុង២៤ម៉ោង) ផឹកទឹកច្រើន មានជាតិស្ករច្រើនក្នុងទឹកនោម ញ៉ាំច្រើន  អស់កម្លាំង  វិលមុខ ស្រវាំងភ្នែក  ឈឺក្បាល  ស្រកទម្ងន់ ...។
ខ. ប្រវត្តិអ្នកជំងឺ ៖  គ្រួសារ ឬបងប្អូនបង្កើតមានប្រវត្តិកើតជំងឺទឹកនោមផ្អែម
គ. ការបូមឈាមទៅវិភាគ ៖  កំរិតជាតិស្ករនៅក្នុងឈាម។

តារាងកម្រិតជាតិស្ករ

 

អត់មានជំងឺ

ទឹកនោមផ្អែម

កំពុងប្រឈម

នឹងជំងឺទឹកនោមផ្អែម

មានជំងឺទឹកនោមផ្អែម

មុនបរិភោគអាហារឬ​អត់អាហារយ៉ាងតិច ៨ម៉ោង

<100 mg/dL

110 - 125​ mg/dL

≥126 mg/dL

២ម៉ោងក្រោយអាហារ

<140 mg/dL

140 - 199 mg/dL

≥200 mg/dL

Hemoglobin A1C

4% - 5.9%

6% -​​ 6.4%

>6.5%

 

៥/ ការព្យាបាល
ក. ការគ្រប់គ្រងព្យាបាលខ្លួនឯងដោយការហាត់ប្រាណ

ការហាត់ប្រាណទៀងទាត់ជួយកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម ព្រោះវាមានផលប្រយោជន៍ដូចជា៖
          - ជួយបន្ថយជាតិស្ករ
          - ជួយបន្ថយជាតិខ្លាញ់
          - ជួយការពារកុំឲ្យកើតជំងឺលើសឈាម និងបន្ថយសំពាធឈាម
          - ធ្វើឲ្យសុខភាពផ្លូវចិត្ត និងគុណភាពរស់នៅល្អប្រសើរ
          - ជួយរក្សា និងធ្វើឲ្យឆ្អឹង សាច់ដុំ និងសរសៃពួរមានភាពមាំមួនល្អ
          -ជួយឲ្យយើងអាចរក្សាបាននូវទម្ងន់រាងកាយមួយប្រកបដោយផាសុខភាព
          -ជួយធ្វើឲ្យមនុស្សចាស់មានភាពរឹងមាំ និងមិនងាយឆាប់ទ្រុឌទ្រោម។

គន្លឹះក្នុងការការហាត់ប្រាណ
-សូមជ្រើសរើសយកការហាត់ប្រាណណាដែលសមស្របសម្រាប់អ្នក
-សូមចាប់ផ្តើមការហាត់ប្រាណដោយសន្សឹមៗ រហូតដល់កម្រិតមួយដែល សមស្របសំរាប់អ្នក
-សូមពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីរើសយក វិធីនិងកម្រិតហាត់ប្រាណដែលល្អសំរាប់អ្នក
-សូមហាត់ប្រាណឲ្យបាន ១៥០នាទីក្នុងមួយសប្តាហ៍ (៣០នាទីក្នុងមួយថ្ងៃនិង៥ដងក្នុងមួយសប្តាហ៍ ឬ៥០នាទីក្នុងមួយថ្ងៃនិង៣ដងក្នុងមួយសប្តាហ៍)
-ដេកឲ្យបានគ្រប់៨ម៉ោង ក្នុងមួយថ្ងៃ។

ខ. ការគ្រប់គ្រងព្យាបាលដោយចំណីអាហារ
អ្នកជំងឺទឹកនោមផ្អែមគួរបរិភោគចំណីអាហារទៅតាមកម្រិតជាតិស្កររបស់វា។លោកអ្នកមិនចាំបាច់បោះបង់ចោលអាហារដែលអ្នកចូលចិត្តដោយសារតែ ជំងឺទឹកនោមផ្អែមនោះទេប៉ុន្តែលោកអ្នកត្រូវដឹងពីជម្រើសអាហារ ដែលអាចប៉ះពាល់ដល់ជាតិស្ករនៅក្នុងឈាម។ 

វិធីងាយស្រួល ដើម្បីទទួលបានអាហារដែលមានតុល្យភាពគឺ បែងចែកចានរបស់លោកអ្នកជា ៣ចំណែក ដំបូងចែកវាជាពីរដោយបំពេញមួយចំហៀងជាមួយបន្លែដូចជា ស្ពៃខៀវ ផ្កាខាត់ណាការ៉ុត ឬសណ្តែកបៃតងបន្ទាប់មកបំបែកផ្នែកនៅសល់ជាពីរ។ ប្រើមួយសម្រាប់អាហារម្សៅដូចជា បាយស បាយសំរូប មី ដំឡូងឬនំបុ័ង។ល។ នៅក្នុងផ្នែកចុងក្រោយ បន្ថែមសាច់ឬប្រូតេអ៊ីនផ្សេងៗទៀត។

ប្រភេទចំណីអាហារអាចបែងចែកជា 3 ក្រុម គឺ   
                1.   ក្រុមអាហារដែលមាន “កម្រិតស្ករទាបបំផុត”
                2.   ក្រុមអាហារដែលមាន “កម្រិតស្ករមធ្យម”
                3.   ក្រុមអាហារដែលមាន “កម្រិតស្ករខ្ពស់”  (សូមមើលរូបភាពក្នុង slides ខាងលើ)

គ. ការគ្រប់គ្រងព្យាបាលដោយថ្នាំគ្រាប់ និងចាក់ ( សូមចុចទីនេះ តើថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមានអ្វីខ្លះ? )

៦/ គោលដៅ(Target Goals)ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម

រង្វាស់

គោលដៅចង់បាន(Goals)

ជាតិស្ករមុនអាហារ(ពោះទទេររយះពេល៨ម៉ោង)

80-130​ mg/dl

ជាតិស្ករក្រោយអាហារ​ ២ម៉ោង

< 180 mg/dl

កំហាប់ស្ករ​ក្នុងឈាម (HbA1C)

< 7%

សំពាធឈាម (មិនទាន់មានផលវិបាក)

<140/90 mmHg

ជាតិខ្លាញ់(យោងតាមគោលការណ៍ណែនាំរបស់សមាគម

ទឹកនោមផ្អែមអាស៊ីប៉ាស៊ីហ្វិច​)​

 

ខ្លាញ់អាក្រក់ក្នុងសរសៃឈាម (LDL Cholesterol)

< 97mg/dl (2.5mmol/L)

ខ្លាញ់រុំសរសៃឈាមបេះដូង ( Triglyceride )

< 133 mg/dl (1.5mmol/L)

ខ្លាញ់ល្អក្នុងសរសៃឈាម (HDL Cholesterol)

> 39 mg/dl (1mmol/L)

 

៧/ ផលវិបាកនៃជំងឺទឹកនោមផ្អែម (កាលណាជាតិស្ករមិនមានលំនឹង)
ជំងឺស្រួចស្រាវ (Acute)

-ជាតិស្ករឡើងខ្ពស់ពេក អាចបង្ករអោយមានជំងឺ មេតាបូលិច អាស៊ីតដូស DKA និង HONK (ហត់ខ្លាំង វង្វេងវង្វាន់ហើយអាចរហូតដល់សន្លប់)  និងជំងឺឆ្លងផ្សេងៗ
-ជាតិស្ករចុះទាបពេក អាចធ្វើឲ្យសន្លប់។

ជំងឺរ៉ាំរ៉ៃ (Chronic)
ខូចសរសៃឈាមតូចៗដូចជា ៖ 

-ខូចបាតភ្នែក ធ្វើឲ្យស្រវាំង ហើយអាចងងឹតភ្នែក
-ខូចតម្រងនោម
-ខូចសរសៃឈាម និងប្រាសាទចុងដៃចុងជើង ធ្វើឲ្យស្ពឹកនិង ដំបៅ
ខូចសរសៃឈាមធំៗដូចជា ៖
-ដាច់ ឬស្ទះសរសៃឈាមខួរក្បាល
-គាំងបេះដូងស្លាប់។

បកស្រាយដោយ ៖  លោក  វេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ  បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ. នៅ គីមសាន (Diabetes Care Clinic, Phnom Penh)

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧