Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើអ្នកដឹងទេថា អ្នកដុសធ្មេញបានត្រឹមត្រូវហើយ ឬនៅ?

ជាទូទៅ យើងត្រូវដុសធ្មេញជាទៀងទាត់ បន្ទាប់ពីបរិភោគចំណីអាហាររួច ឬយ៉ាងតិចក្នុង១ថ្ងៃ ២ដង​ គឺពេលព្រឹក និងសំខាន់បំផុតពេលមុនចូលគេង។ ដើម្បីទទួលបានការសម្អាតមាត់ធ្មេញបានត្រឹមត្រូវ សូមអនុវត្តតាមវិធីឲ្យដូចខាងក្រោមៈ

១. ដាក់ច្រាសដុសធ្មេញរបស់អ្នកនៅមុំ ៤៥ដឺក្រេ នៅលើធ្មេញធៀបនឹងអញ្ចាញធ្មេញ ហើយដុសថ្នមៗតាមចលនាពីមុខទៅក្រោយ ឬពីក្រោយទៅមុខសម្រាប់សម្អាតបាក់តេរី នៅចន្លោះកធ្មេញ និងអញ្ចាញធ្មេញ (ដុសទាំងផ្ទៃខាងក្នុង និងខាងក្រៅសំរាប់ធ្មេញក្រោយ)។

២. ដាក់ច្រាសដុសធ្មេញ៩០ដឺក្រេ កែងនឹងផ្ទៃនៃធ្មេញទាំងផ្ទៃខាងក្រៅ និងផ្ទៃខាងក្នុង ហើយដុសស្របតាមអក្សធ្មេញ បើធ្មេញលើដុសមកក្រោម ធ្មេញក្រោមដុសទៅលើ ដោយដុសជាចលនាកន្លះរង្វង់ ចំពោះធ្មេញខាងមុខផ្ទៃខាងក្នុង យើងដុសដោយបញ្ឈរច្រាស ហើយដុសតាមចលនាទាញចេញមកក្រៅ។

៣. ដុសធ្មេញគ្រប់ផ្នែក គឺផ្ទៃខាងក្រៅ ផ្ទៃខាងក្នុង និងផ្ទៃទំពាររបស់ធ្មេញទាំងអស់។

៤. បន្ថែមពីការដុសធ្មេញ យើងក៏ត្រូវដុសអណ្ដាតផងដែរ ដើម្បីសម្អាតបាក់តេរី និងរក្សាការដកដង្ហើមឲ្យបានស្រស់ថ្លា។

៥. យើងក៏ត្រូវប្រើខ្សែអំបោសទាក់ធ្មេញ(dental floss) ដើម្បីសម្អាតកាកសំណល់ចំណីអាហារនៅចន្លោះធ្មេញ ព្រោះថាច្រាសដុសធ្មេញមិនអាចសម្អាតដល់ចន្លោះធ្មេញបានទេ (យ៉ាងតិចប្រើមួយដងក្នុងមួយថ្ងៃ នៅពេលយប់មុន ឬក្រោយដុសធ្មេញ)។

៦. យើងប្រើទឹកខ្ពុរមាត់ ដើម្បីសម្លាប់មេរោគ បន្ទាប់ពីដុសធ្មេញហើយ (ប្រើ២ដងក្នុងមួយថ្ងៃ ពេលព្រឹក និងល្ងាច)

៧. ត្រូវធ្វើការត្រួតពិនិត្យ និងសម្អាតមាត់ធ្មេញជាទៀងទាត់ រៀងរាល់៦ខែម្ដងជាមួយទន្តពេទ្យជំនាញដែលនៅជិតលោកអ្នក។

បកស្រាយដោយលោកទន្តបណ្ឌិត លឹម ឈុនស្រេង នៃ  Malis Dental Clinic

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Related Articles

View All

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី សុខភាពមេតាប៉ូលីសនិងបណ្តាញទំនាក់ទំនងគ្នានៅក្នុងរាងកាយរបស់អ្នក។ សុខភាពមេតាប៉ូលីស មិនមែនត្រឹមតែជាការគ្រប់គ្រងទម្ងន់ ឬជាតិស្ករនោះទេ ប៉ុន្តែវាគឺជាសមត្ថភាពរបស់រាងកាយក្នុងការបំប្លែងអាហារទៅជាថាមពលប្រកបដោយប្រសិទ្ធភាព។ វាក៏រួមបញ្ចូលទាំងការរក្សាកម្រិតជាតិស្ករ ជាតិខ្លាញ់ សម្ពាធឈាមឱ្យនៅកម្រិតល្អ និងការបង្ការការរលាករ៉ាំរ៉ៃក្នុងរាងកាយផងដែរ។ ការផ្លាស់ប្តូររបបអាហារ ការរស់នៅបែបអង្គុយច្រើនមិនសូវបញ្ចេញកម្លាំង គឺជាកត្តាជម្រុញឱ្យសុខភាពមេតាប៉ូលីសធ្លាក់ចុះ​។​ វាជាការចាំបាច់ដែលយើងត្រូវយកចិត្តទុកដាក់លើសុខភាពមេតាប៉ូលីសឱ្យបានតាំងពីដំបូង។​ យើងអាចធ្វើទៅបានតាម​រយៈ​ការទទួលទានអាហារដែលមានជីវជាតិគ្រប់គ្រាន់ និងការរក្សាទម្លាប់រស់នៅល្អៗឱ្យបានជាប់លាប់។ ការពង្រឹងសុខភាពមេតាប៉ូលីស មិនមែនជាការដោះស្រាយមួយឆាវៗនោះទេ ប៉ុន្តែវាទាមទារឱ្យយើងផ្ដោតលើការស្តារតុល្យភាពនៃប្រព័ន្ធរាងកាយទាំងមូលឡើងវិញ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដើម្បីសម្រេចគោលដៅនេះ៖ គន្លឹះទី ១៖ សមាសធាតុផ្សំនៃរាងកាយពិតជាសំខាន់ (Body composition matters) មេតាប៉ូលីស មិនមែនរងឥទ្ធិពលពីទម្ងន់ខ្លួនតែមួយមុខនោះទេ ប៉ុន្តែវាអាស្រ័យទៅលើសមាសធាតុផ្សំនៃរាងកាយទាំងមូល។ ការដឹងពីអត្រាធៀបរវាង សាច់ដុំ និងខ្លាញ់ ផ្តល់រូបភាពច្បាស់លាស់អំពីសុខភាពមេតាប៉ូលីស ជាងការមើលតែលើទម្ងន់ ឬសន្ទស្សន៍ម៉ាសរាងកាយ (BMI) តែម្យ៉ាង។ សាច់ដុំ កោសិកាសាច់ដុំគឺជាផ្នែកដែលសកម្មខ្លាំងក្នុងការធ្វើមេតាប៉ូលីស ដូច្នេះការមានសាច់ដុំកាន់តែច្រើន មានន័យថារាងកាយរបស់អ្នកប្រើប្រាស់ថាមពលកាន់តែច្រើន សូម្បីតែក្នុងពេលដែលអ្នកកំពុងសម្រាកក៏ដោយ។ ខ្លាញ់ ជាផ្នែកសំខាន់នៃសុខភាពមេតាប៉ូលីស វាជាប្រភពថាមពលដែលរាងកាយពឹងផ្អែកពេញមួយថ្ងៃ ហើយវាក៏ជាផ្នែកមួយ​ដែលជួយបង្កើតភ្នាសការពារកោសិកាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ខ្លាញ់ច្រើនពេក ជាពិសេសខ្លាញ់មិនល្អនៅជុំវិញសរីរាង្គខាងក្នុង (Internal Organ) អាចរំខានដល់តុល្យភាពមេតាប៉ូលីស និងអាច បង្កើនហានិភ័យនៃការរលាកផ្សេងៗ។ ខ្លាញ់ល្អ ដូចជាអាស៊ីតខ្លាញ់អូមេហ្គា-៣ (Omega-3) នៅក្នុងត្រី ខ្លាញ់នៅក្នុងគ្រាប់ធញ្ញជាតិ និងប្រេងអូលីវ គឺជួយពង្រឹងមុខងារមេតាប៉ូលីស។ ការស្រាវជ្រាវបានបង្ហាញថា អូមេហ្គា-៣ ជួយដល់ការបង្កើតសាច់ដុំ និងស្តារសាច់ដុំក្រោយហាត់ប្រាណឡើងវិញផងដែរ។ លើសពីនេះ វាក៏ជួយឱ្យរាងកាយប្រើប្រាស់ជាតិស្ករបានល្អ (អាំងស៊ុយលីន) ជួយគ្រប់គ្រងទម្ងន់ និងការពារកុំឱ្យបាត់បង់កម្លាំងសាច់ដុំ ចំពោះមនុស្សចាស់ដែលប្រឈមនឹងការស្រកសាច់ដុំតាមវ័យផងដែរ។ គន្លឹះទី ២៖ ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ការរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានលំនឹង គឺជាចំណុចដ៏សំខាន់បំផុតសម្រាប់សុខភាពមេតាប៉ូលីស។ នៅពេលយើងញ៉ាំកាបូអ៊ីដ្រាត ជាតិស្ករនឹងចូលទៅក្នុងឈាម រាងកាយនឹងបញ្ចេញអាំងស៊ុយលីន ដើម្បីជួយបញ្ជូនជាតិស្ករទាំងនោះទៅក្នុងកោសិកាសម្រាប់បង្កើតជាថាមពល។ ផ្ទុយទៅវិញ ការញ៉ាំអាហារដែលមានជាតិស្ករខ្ពស់ ញឹកញាប់ពេក (ដូចជា នំខេក នំបុ័ងស ឬភេសជ្ជៈផ្អែម) ដែលខ្វះជាតិសរសៃ និងប្រូតេអ៊ីន នឹងធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំងភ្លាមៗ ដែលបន្ទាប់មកបង្ខំឱ្យរាងកាយបញ្ចេញអាំងស៊ុយលីនមកច្រើនហួសប្រមាណ ដែលយូរៗទៅនឹងធ្វើឱ្យមេតាប៉ូលីសចុះខ្សោយ។ ដើម្បីឱ្យរាងកាយគ្រប់គ្រងថាមពលបានល្អ យើងគួរផ្តោតលើអាហារដែលមានតុល្យភាពដូចជា ម្សៅដែលមិនសូវឡើងជាតិស្ករខ្លាំង (Low-glycemic) ប្រូតេអ៊ីន ខ្លាញ់ល្អ និងជាតិសរសៃឱ្យបានច្រើន។ ការទទួលទានអាហារឱ្យទៀងពេលវេលា និងការចៀសវាងការទទួលទានពេលយប់ជ្រៅ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យប្រព័ន្ធមេតាប៉ូលីសដំណើរការស្របទៅតាមអ្វីដែលដែលរាងកាយអ្នកទម្លាប់ពីធម្មជាតិមកស្រាប់។ ការធ្វើបែបនេះ នឹងជួយឱ្យរាងកាយប្រើប្រាស់អាំងស៊ុយលីនបានកាន់តែមានប្រសិទ្ធភាព និងជួយឱ្យការទាញយកថាមពលមកប្រើប្រាស់បានកាន់តែល្អប្រសើរ។ គន្លឹះទី ៣៖ សុខភាពពោះវៀន ពោះវៀនត្រូវបានគេហៅថាជា "ខួរក្បាលទីពីរ" របស់រាងកាយ ហើយវាគឺជាកត្តាដ៏សំខាន់បំផុតមួយដែលជួយជម្រុញសុខភាពមេតាប៉ូលីស។ នៅក្នុងពោះវៀនមានមីក្រូសារពាង្គកាយតូចៗរាប់លាន ដែលធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសរីរាង្គ​ផ្សេង​ៗ ដើម្បីជួយដល់ការបំប្លែងសារធាតុចិញ្ចឹម និងការទាញយកថាមពលពីអាហារ។ ប្រសិនបើពោះវៀនមានសុខភាពល្អ និងមានតុល្យភាព នោះមានន័យថាមេតាប៉ូលីសក៏ដំណើរការបានល្អផងដែរ។ សុខភាពពោះវៀន គឺជាដំណើរការដែលត្រូវធ្វើការបន្តិចម្តងៗ តាមរយៈការញ៉ាំអាហារដែលមានប្រូបាយអូទិក (Probiotics) អាហារដែលមានជាតិសរសៃ (Prebiotics)​ របបអាហារដែលមានតុល្យភាព និងការរស់នៅប្រកបដោយទម្លាប់ល្អ។ ការអនុវត្តទម្លាប់ទាំងនេះជាប់លាប់ នឹងជួយចិញ្ចឹមមីក្រូសារពាង្គកាយល្អៗក្នុងពោះវៀនឱ្យកាន់តែរឹងមាំ ដែលជួយដល់ប្រព័ន្ធភាពស៊ាំ កាត់បន្ថយការរលាកក្នុងរាងកាយ និងជម្រុញឱ្យប្រព័ន្ធមេតាប៉ូលីសដំណើរការបានកាន់តែប្រសើរ។ គន្លឹះទី ៤៖ ការសម្រាក និងការស្តារឡើងវិញ (Rest and reset) ការគេងបានស្កប់ស្កល់ និងការគ្រប់គ្រងស្ត្រេសបានល្អ ជួយឱ្យអ័រម៉ូនក្នុងរាងកាយមានលំនឹង ដែលជួយឱ្យប្រព័ន្ធមេតាប៉ូលីសដំណើរការបានល្អ ជួយគ្រប់គ្រងចំណង់អាហារ និងរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។ អ្វីដែលស្បែករបស់អ្នកអាចប្រាប់អំពីសុខភាពមេតាប៉ូលីស ទោះបីជាសុខភាពមេតាប៉ូលីសដំណើរការនៅខាងក្នុងក៏ដោយ ប៉ុន្តែផលប៉ះពាល់របស់វាក៏អាចបង្ហាញឱ្យឃើញនៅលើស្បែកផងដែរ។ ទោះបីជាសុខភាពស្បែកមិនមែនជាអ្នកកំណត់មុខងារមេតាប៉ូលីសក៏ដោយ ប៉ុន្តែវាអាចឆ្លុះបញ្ចាំងពីអតុល្យភាពដែលពាក់ព័ន្ធនឹងសុខភាពពោះវៀន ការគ្រប់គ្រងជាតិស្ករ សមាសធាតុផ្សំនៃរាងកាយ ការគេង ព្រមទាំងស្ត្រេសផងដែរ។ ស្បែកដែលថ្លា និងភ្លឺរលោង (Glass skin) ដែលមនុស្សជាច្រើនប្រាថ្នាចង់បាន គឺចាប់ផ្តើមចេញពីការផ្តល់អាហារូបត្ថម្ភដល់រាងកាយពីខាងក្នុង ៖ ប្រូតេអ៊ីន៖ ការទទួលទានប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់ជួយដល់ការជួសជុល និងបង្កើតកោសិកាស្បែកថ្មី បន្លែផ្លែឈើចម្រុះពណ៌៖ ផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាវីតាមីន A, C, E និងសារធាតុរុក្ខជាតិ (Phytonutrients) ដែលជួយការពារប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្ម និងជួយដល់ការបង្កើត Collagen ការរក្សាជាតិទឹក៖ ការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ និងអាហារដែលមានជីវជាតិចម្រុះមុខ ជួយរក្សារស្បែកឱ្យមានភាពយឺត និងស្រស់ថ្លា សុខភាពមេតាប៉ូលីសល្អ គឺជាការរៀបចំប្រព័ន្ធរាងកាយឱ្យមានភាពស៊ីសង្វាក់គ្នា។ ការជ្រើសរើសទម្លាប់ល្អៗជារៀងរាល់ថ្ងៃ ទោះបីជាជារឿងតូចតាច ក៏អាចបង្កើតជាគ្រឹះដ៏រឹងមាំសម្រាប់សុខភាពមេតាប៉ូលីស និងជួយឱ្យមានសុខភាពល្អក្នុងរយៈពេលវែង។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី គន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ។  បេះដូងគឺជាសរីរាង្គមួយដែលមានទំហំតូច ប៉ុន្តែមានតួនាទីធំ ដោយវាទទួលខុសត្រូវក្នុងការថែរក្សាអ្នកឱ្យមានជីវិតរស់នៅ និងមានសុខភាពល្អជារៀងរាល់ថ្ងៃ រាល់នាទី និងរាល់វិនាទី។ បេះដូងច្របាច់ និងបញ្ជូនឈាម និងអុកស៊ីសែនទៅកាន់សួត និងរាងកាយរបស់អ្នក ព្រមទាំងកម្ចាត់ឧស្ម័នកាបូនិចចេញពីចរន្តឈាម ដែលមុខងារទាំងនេះគឺជាស្នូលនៃសុខភាពទូទៅរបស់អ្នក។ បេះដូងគឺជាសរីរាង្គដែលងាយរងគ្រោះ ដូចជាជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ដែលស្ថានភាពទាំងនេះត្រូវបានគេដឹងថាជាឃាតករដ៏ធំបំផុតមួយក្នុងពិភពលោក ដោយបានឆក់យកជីវិតមនុស្សអស់ ១៨.៦ លាននាក់នៅទូទាំងសកលលោកក្នុងមួយឆ្នាំៗ។ អាយុកាន់តែច្រើន ហានិភ័យនៃជំងឺបេះដូងកាន់តែខ្ពស់។ នៅក្នុងប្រទេសអភិវឌ្ឍន៍ •  អត្រាអ្នកឈឺបេះដូងកើនឡើងខ្លាំង (លើសពី ១០ ភាគរយ) ចំពោះមនុស្សអាយុចាប់ពី ៧០ ឆ្នាំឡើងទៅ។ ៨០ ភាគរយនៃអ្នកស្លាប់ដោយសារជំងឺបេះដូង គឺជាមនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។ គន្លឹះស្តីពីសុខភាពបេះដូង និងការឈានចូលវ័យចាស់ដោយមានសុខភាពល្អ នេះគឺជាគន្លឹះល្អៗចំនួន ប្រាំយ៉ាង ដើម្បីឱ្យអ្នកចាប់ផ្តើមដំណើរនេះ សម្រាប់ជីវិតដែលមានសុខភាពល្អប្រសើរជាងមុនទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។ គន្លឹះទី១៖ ស្វែងយល់ពីហានិភ័យសុខភាពរបស់អ្នក គន្លឹះដំបូងនៃការថែរក្សាសុខភាពបេះដូង គឺការដឹងពីសុខភាពរបស់អ្នកតាមរយៈការទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពឱ្យបានទៀងទាត់។ការពិនិត្យសុខភាពបានជាប់លាប់ជារឿងសំខាន់ខ្លាំងណាស់ ព្រោះសម្ពាធឈាមខ្ពស់ គឺជាកត្តាហានិភ័យចម្បងបំផុតនៃជំងឺសរសៃឈាមបេះដូង ហើយវាត្រូវបានគេចាត់ទុកជា "ឃាតករលាក់មុខ" ដោយសារតែវាមិនបង្ហាញចេញនូវសញ្ញាព្រមាន ឬរោគសញ្ញាអ្វីច្បាស់ៗឡើយ។ហេតុដូច្នេះ ការពិនិត្យសម្ពាធឈាមឱ្យបានទៀងទាត់ គឺជារឿងចាំបាច់បំផុត ព្រោះប្រសិនបើទុកចោលដោយមិនបានពិនិត្យ និងព្យាបាលទាន់ពេលវេលាទេ វានឹងបង្កើនហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលបាន។ គន្លឹះទី២៖ កាត់បន្ថយទម្លាប់រស់នៅដែលមិនល្អចំពោះសុខភាព ការផ្តាច់បារីជាវិធីដ៏ល្អបំផុតក្នុងការការពារបេះដូង ព្រោះហានិភ័យជំងឺបេះដូងនឹងថយចុះភ្លាមៗបន្ទាប់ពីឈប់ជក់។ ជាទូទៅ ការជក់បារីបំផ្លាញសរសៃឈាមអាកទែឱ្យរួមតូចដោយសារការកកខ្លាញ់ ដែលអាចបង្កជាការឈឺទ្រូងជាសញ្ញាព្រមាន ឬអាចឈានទៅដល់ការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលដោយមិនដឹងខ្លួន។ ដូច្នេះ អ្នកគួរតែបោះបង់ទម្លាប់មិនល្អក្រវាត់ចោលនូវឧបករណ៍ជក់បារី រួចជំនួសមកវិញនូវផលិតផលជំនួសជាតិនីកូទីន។ ការបោះបង់ចោលទម្លាប់មិនល្អទាំងនេះ នឹងជួយឱ្យរាងកាយទាំងមូលទទួលបានសុខភាពល្អ។ គន្លឹះទី៣៖ រក្សារបបអាហារដែលល្អចំពោះសុខភាពបេះដូង អាហារូបត្ថម្ភដែលល្មមសមរម្យនៃកាឡូរីដែលអ្នកគួរទទួលទាន គួរមានកាបូអ៊ីដ្រាត ៤០ ភាគរយ ប្រូតេអ៊ីន ៣០ ភាគរយ និងខ្លាញ់ល្អ ៣០ ភាគរយ ព្រមទាំងជាតិសរសៃ ២៥ ក្រាម និងទឹកប្រាំបីកែវក្នុងមួយថ្ងៃ។ លើសពីនេះ ការញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ នឹងជួយផ្តល់វីតាមីន និងជាតិរ៉ែល្អៗជាច្រើន។ អាហារសម្បូរអូមេហ្គា-៣ ដូចជាត្រីមានជាតិខ្លាញ់ និងគ្រាប់ពូជផ្សេងៗ អាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូងផងដែរ។ ត្រីក៏ជាអាហារជំនួសសាច់គោដ៏ល្អដើម្បីចៀសវាងខ្លាញ់ឆ្អែតខ្ពស់ ហើយជាតិអូមេហ្គា-៣ដែលមានក្នុងត្រីក៏ជួយបញ្ចុះកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត ដើម្បីទ្រទ្រង់ប្រព័ន្ធសរសៃឈាមបេះដូងទៀតផង។ គន្លឹះទី៤៖ ធ្វើឱ្យបេះដូងរបស់អ្នកលោតញាប់ ការធ្វើលំហាត់ប្រាណ និងសកម្មភាពរាងកាយទៀងទាត់ផ្តល់ផលប្រយោជន៍ជាច្រើនដោយវាជួយឱ្យសរសៃឈាមសម្រាក និងពង្រីកខ្លួន ធ្វើឱ្យឈាមហូរទៅចិញ្ចឹមបេះដូងបានល្អ។ សកម្មភាពនេះរំញោចការផលិតសារធាតុនីទ្រីកអុកស៊ីតដើម្បីការពារប្រព័ន្ធសរសៃឈាមបេះដូង។ អ្នកគួរតែធ្វើលំហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ ហើយបើគ្មានពេលគ្រប់គ្រាន់ទេ អ្នកអាចជំនួសដោយការដើរខ្លីៗមុនពេលធ្វើការ ដូចជាការចតឡានម៉ូតូឱ្យឆ្ងាយពីការិយាល័យ ឬការឈរធ្វើការខ្លះដើម្បីចៀសវាងការអង្គុយយូរៗពេញមួយថ្ងៃ។ គន្លឹះទី៥៖ កាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក ទោះបីជាគ្មានការផ្សារភ្ជាប់ផ្ទាល់រវាងភាពស្ត្រេសខ្ពស់ និងជំងឺបេះដូង ប៉ុន្តែស្ត្រេសអាចបង្កហានិភ័យដោយប្រយោល ដូចជាធ្វើឱ្យឡើងសម្ពាធឈាម ធ្វើឱ្យអ្នកញ៉ាំច្រើនហួសប្រមាណ ខ្ជិលមិនធ្វើលំហាត់ប្រាណ ឬធ្វើឱ្យអ្នកជក់បារី។ ស្ត្រេសរ៉ាំរ៉ៃក៏ជម្រុញអរម៉ូនអង់ដ្រេណាលីន និងខទីសូលឱ្យកើនឡើង ដែលនាំឱ្យប្រឈមនឹងការគាំងបេះដូងផងដែរ។ ហេតុនេះ អ្នកគួរតែចំណាយពេលសម្រាក និងធ្វើអ្វីដែលសប្បាយចិត្ត ព្រោះមនុស្សដែលអាចគ្រប់គ្រងស្ត្រេសឱ្យនៅកម្រិតទាបបាន តែងមានទំនោរចង់ហាត់ប្រាណ និងមានចំណង់ញ៉ាំអាហារដែលមានសុខភាពល្អ។ ការអនុវត្តរបៀបរស់នៅសកម្ម និងមានសុខភាពល្អចាប់ពីពេលនេះតទៅ គឺជារឿងចាំបាច់បំផុតដើម្បីការពារជំងឺបេះដូង និងរក្សាបេះដូងឱ្យរឹងមាំទៅថ្ងៃអនាគត។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនងលំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីសារៈសំខាន់នៃនីទ្រីកអុកស៊ីតចំពោះសុខភាពបេះដូង និងថាតើអ្វីទៅជាការជំរុញនីទ្រីកអុកស៊ីត? មានកត្តាជាច្រើនក្នុងការរស់នៅឱ្យបានល្អបំផុត ហើយក៏មិនចាំបាច់ពិបាកស្មុគស្មាញអ្វីច្រើននោះដែរ។ មានវិធីសាមញ្ញមួយចំនួនដើម្បីគាំទ្រដល់សុខភាពបេះដូងរបស់អ្នកឱ្យមានសុខភាពល្អគឺ តាមរយៈរបបអាហារត្រឹមត្រូវ ការហាត់ប្រាណឱ្យបានទៀងទាត់ និងការទទួលទានអាហាររូបត្ថម្ភជំនួយ។របបអាហារ និងលំហាត់ប្រាណគឺងាយស្រួល ប៉ុន្តែអាហាររូបត្ថម្ភជំនួយវិញ? វិធីដ៏ល្អបំផុតមួយដើម្បីជួយការពារបេះដូងរបស់អ្នកគឺ តាមរយៈនីទ្រីកអុកស៊ីត ឬ ពាក្យកាត់ NO។ តើនីទ្រីកអុកស៊ីតដំណើរការយ៉ាងដូចម្តេច? នីទ្រីកអុកស៊ីត គឺជាឧស្ម័នដែលកើតឡើងពីធម្មជាតិដែលមាននៅទាំងក្នុង និងក្រៅរាងកាយ។ វាការពារប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នកពីការខូចខាត និងការចុះខ្សោយតាមវ័យ ដោយលើកកម្ពស់ភាពយឺត នៃសរសៃឈាម។ នីទ្រីកអុកស៊ីតជួយឱ្យជញ្ជាំងសរសៃឈាមរបស់អ្នកសម្រាក និងរីកធំ ដើម្បីឱ្យកោសិកាឈាមអាចរត់បានយ៉ាងងាយស្រួល។ ដំណើរការនេះអនុញ្ញាតឱ្យសារធាតុចិញ្ចឹម និងអុកស៊ីហ្សែនត្រូវបានបញ្ជូនទៅកាន់រាងកាយឱ្យកាន់តែមានប្រសិទ្ធភាព។ អត្ថប្រយោជន៍ នៃនីទ្រីកអុកស៊ីត នីទ្រីកអុកស៊ីតត្រូវបានគេហៅថាជា "Miracle Molecule" ឬ “ម៉ូលេគុលអស្ចារ្យ” ដោយសារតែអត្ថប្រយោជន៍ជាច្រើនដែលវាមាន។ ផ្អែកលើការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Journal of Preventive Medicine and Hygiene បានបង្ហាញឱ្យឃើញពីអត្ថប្រយោជន៍របស់នីទ្រីកអុកស៊ីតដូចខាងក្រោម៖  • ជួយគាំទ្រដល់ដំណើរការបេះដូង • រក្សាសរសៃឈាមឱ្យមានភាពបត់បែន • ធ្វើឱ្យលំហូរឈាមប្រសើរឡើង • គាំទ្រដល់គ្រប់កោសិកាទាំងអស់នៅក្នុងរាងកាយរបស់អ្នក • ជំរុញមុខងារបេះដូង ខួរក្បាល និងសរីរាង្គផ្សេងៗទៀតផងដែរ ការធ្វើឱ្យលំហូរឈាម និងការចរាចរឈាមប្រសើរឡើង នឹងជួយសម្រាលបន្ទុកការងាររបស់បេះដូង។ បេះដូងតែងតែច្របាច់បញ្ជូនកោសិកាឈាមផ្តល់​ថាមពលដល់គ្រប់សាច់ដុំ និងសរីរាង្គក្នុងរាងកាយ។ នីទ្រីកអុកស៊ីតជួយឱ្យសរសៃឈាមសម្រាក អនុញ្ញាតិឱ្យកោសិកាទាំងអស់អាចធ្វើចលនា និងរក្សាសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតដែលមានសុខភាពល្អ។ ការផលិតនីទ្រីកអុកស៊ីត រាងកាយផលិតនីទ្រីកអុកស៊ីតដោយធម្មជាតិក្នុងកំឡុងពេលរំលាយអាហារនៅពេលដែលប្រូតេអ៊ីនត្រូវបានបំបែកទៅជាអាស៊ីតអាមីណូដូចជា L-arginine និង L-citrulline។ នៅពេលដែលសារធាតុ L-arginine ត្រូវបានស្រូបចូលទៅក្នុងកោសិកាដែលនៅតាមជញ្ជាំងសរសៃឈាមរបស់អ្នក វានឹងបំប្លែងទៅជានីទ្រីកអុកស៊ីត (NO)។ L-citrulline គឺជាផលដែលកើតចេញពីការបំប្លែងនោះ ហើយវាដើរតួអ្នកជាការបន្ថែមថាមពល ប៉ុន្តែឥទ្ធិពលវាគឺមានរយៈពេលខ្លី។ នីទ្រីកអុកស៊ីតត្រូវបានបំផ្លាញចោលដោយសារម៉ូលេគុលអុកស៊ីហ្សែនសកម្មក្នុងរយៈពេលតែមួយវិនាទីប៉ុណ្ណោះ បន្ទាប់ពីការផលិត។ ការការពារកម្រិតនីទ្រីកអុកស៊ីត សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាវិធីមួយដើម្បីការពារកម្រិតនីទ្រីកអុកស៊ីតនៅក្នុងរាងកាយរបស់អ្នក។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះជួយឱ្យរាងកាយស្រូបយកម៉ូលេគុលអុកស៊ីហ្សែនសកម្ម មុនពេលពួកវាអាចបង្កៃការខូចខាតណាមួយដល់នីទ្រីកអុកស៊ីត។ តាមរយៈការទទួលទានវីតាមីន C និង E រួមគ្នាជាមួយអាស៊ីត alpha lipoic អ្នកអាចជួយបង្កើតរបាំងការពារសម្រាប់នីទ្រីកអុកស៊ីតបាន។ បន្ទាប់ពីអាយុ ៣០ ឆ្នាំឡើង បរិមាណនីទ្រីកអុកស៊ីតដែលផលិតដោយធម្មជាតិក្នុងរាងកាយចាប់ផ្តើមថយចុះ។ ដូច្នោះហើយទើបវាជាការចាំបាច់ក្នុងជួយការពារ និងជម្រុះការបន្ថែមការផលិត NO ដើម្បីគាំទ្រដល់ប្រព័ន្ធសរសៃឈាមបេះដូងឱ្យមានសុខភាពល្អ។ ការជម្រុញនីទ្រីកអុកស៊ីត ដើម្បីជំរុញការផលិតនីទ្រីកអុកស៊ីតក្នុងរាងកាយ មានរឿងមួយចំនួនដែលអ្នកអាចធ្វើបានជារៀងរាល់ថ្ងៃ។ ជាទូទៅ វាអាស្រ័យលើរបបអាហារ ការហាត់ប្រាណ និងការទទួលទានអាហារូបត្ថម្ភដើម្បីជួយបំពេញបន្ថែម។ ចំពោះអាហារូបត្ថម្ភ អ្នកគួរទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមរួមមាន៖ • ប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ដូចជាសណ្តែកសៀង សាច់ គ្រាប់ធញ្ញជាតិ ទឹកដោះគោ និងអាហារក្រឡុកប្រូតេអ៊ីន • បន្លែដែលមានសារធាតុនីត្រាតខ្ពស់ដូចជា គិនឆាយ សាឡាត់ មើមឆៃថាវក្រហម ស្ពៃពួយឡេង និងអាហារបំប៉នបន្លែបៃតង ក៏ជាជម្រើសដ៏ល្អដែរ • អាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ជួយកាត់បន្ថយការរលាកក្នុងរាងកាយផងដែរ របបអាហារដែលមានតុល្យភាពមិនមែនជាវិធីតែមួយគត់ដើម្បីបង្កើនកម្រិតនីទ្រីកអុកស៊ីតរបស់អ្នកនោះទេ។ វាក៏សំខាន់ផងដែរក្នុងការផ្តោតលើសុខុមាលភាពទូទៅរបស់អ្នកដូចជា៖ • ធានាថាអ្នកបានរក្សាជាតិទឹកបានគ្រប់គ្រាន់ • គេងឱ្យបានគ្រប់គ្រាន់ • និងបង្កើនសកម្មភាពរាងកាយ ការហាត់ប្រាណគឺជាចំណុចសំខាន់មួយ ព្រោះការផលិតនីទ្រីកអុកស៊ីតកើនឡើងយ៉ាងខ្លាំងក្នុងកំឡុងពេលធ្វើសកម្មភាពរាងកាយគ្រប់កម្រិត។ មិនថាការដើរ រត់ ជិះកង់ ហែលទឹក ឬសូម្បីតែការឡើងជណ្តើរ សុទ្ធតែជួយទ្រទ្រង់កម្រិត NO និងរបៀបរស់នៅដែលមានសុខភាពល្អទាំងអស់។ ការប្រើប្រាស់អាហារូបត្ថម្ភជំនួយ ក៏ជាកត្តាសំខាន់ផងដែរ ព្រោះសូម្បីតែរបបអាហារដែលមានតុល្យភាពបំផុតក៏នៅតែមានចន្លោះខ្វះខាតសារធាតុចិញ្ចឹមដែរ។ ដូច្នោះហើយអាហារូបត្ថម្ភជំនួយដូចជា អាហារក្រឡុកប្រូតេអ៊ីន អាហារូបត្ថម្ភជំនួយបន្លែបៃតង និងអូមេហ្គា ៣ គឺអាចជួយបំពេញចន្លោះខ្វះខាតបានយ៉ាងច្រើន។ សម្រាប់ការគាំទ្រកម្រិតនីទ្រីកអុកស៊ីត អាស៊ីតអាមីណូដូចជា L-arginine និង L-citrulline វីតាមីន C និង E អាស៊ីត alpha lipoic និងអាស៊ីតហ្វូលិក គឺពិតជាត្រូវការចាំបាច់។ ផលិតផល Herbalife® Vitality Amino Drink មានផ្ទុកនូវគ្រឿងផ្សំទាំងអស់នេះ និងជាជម្រើសដ៏ល្អសម្រាប់គាំទ្រដល់សុខភាពសរសៃឈាមបេះដូងរបស់អ្នក។ Vitality Amino Drink រួមបញ្ចូលគ្នានូវអាស៊ីតអាមីណូ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលចាំបាច់ដើម្បីគាំទ្រដល់ការផលិត និងរក្សាកម្រិត NO ដើម្បីរក្សាសរសៃឈាមឱ្យមានភាពបត់បែន។ ផលិតផល Herbalife24® Rebuild Strength ក៏ជាជម្រើសដ៏ល្អមួយទៀតដែលជួយបង្កើនកម្រិត NO ក្នុងរាងកាយរបស់អ្នក។ នៅពេលទទួលទានមុនពេលហាត់ប្រាណ វាជួយគាំទ្រដល់លំហូរឈាម និងធ្វើឱ្យសមត្ថភាពកីឡា និងភាពធន់ប្រសើរឡើង។ ការរក្សាកម្រិតនីទ្រីកអុកស៊ីតឱ្យបានខ្ពស់ គឺជាគន្លឹះសម្រាប់សុខភាពរាងកាយ និងបេះដូង ។ អ្នកអាចជួយឱ្យបេះដូងមានសុខភាពល្អទៅតាមវ័យ តាមរយៈការរក្សាភាពបត់បែននៃសរសៃឈាម និងការកែលម្អលំហូរឈាមក្នុងរាងកាយ ជាមួយនឹងសារធាតុ L-arginine និង L-citrulline ដែលមាននៅក្នុងផលិតផល Vitality Amino Drink ។ ការផ្ដោតលើរបបអាហារដែលមានតុល្យភាព ការហាត់ប្រាណឱ្យបានទៀងទាត់ និងការទទួលបានកម្រិត NO ឱ្យបានគ្រប់គ្រាន់ គឺជាគន្លឹះក្នុងការគាំទ្រដល់សុខភាពបេះដូង និងការរស់នៅឱ្យបានល្អបំផុត។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាល​មួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី ការចាប់គូរអាហារដោយឆ្លាតវៃ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន។ អាហារូបត្ថម្ភល្អមិនមែនសំដៅលើការទទួលទានតែអាហារដែលកំពូល (Superfood) ឬវីតាមីនតែមួយមុខៗនោះទេ។ ផ្ទុយទៅវិញគឺជាការទទួលទានឱ្យមានតុល្យភាពចម្រុះមុខ ដើម្បីផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយសម្រាប់ការលូតលាស់ និងសុខុមាលភាពទូទៅ។ ការចាប់គូអាហារនឹងជួយឱ្យរាងកាយស្រូបយក និងប្រើប្រាស់សារធាតុចិញ្ចឹមទាំងនោះបានកាន់តែមានប្រសិទ្ធភាព។ វិទ្យាសាស្ត្រអាហារូបត្ថម្ភបានទទួលស្គាល់ថា ការរួមបញ្ចូលគ្នានៃអាហារមួយចំនួនអាចមានឥទ្ធិពលលើកម្រិតសារធាតុចិញ្ចឹមអាចត្រូវបានស្រូបយក និងប្រើប្រាស់ដោយរាងកាយ។ ដូចនេះ អ្នកក៏មានអំណាចអាចជម្រុញការស្រូបយកសារធាតុចិញ្ចឹមនៃសារពាង្គកាយខាងក្នុងបានផងដែរ តាមរយៈការផ្គួរផ្គងអាហារនីមួយៗដោយខ្លួនឯង។ វិធីមួយក្នុងចំណោមវិធីដែលងាយស្រួលបំផុតនោះ គឺការផ្លាស់ប្តូរមុខម្ហូប និងការទទួលទានអាហារសុខភាពចម្រុះឱ្យបានទៀងទាត់ ជាជាងការទទួលទានអាហារដដែលៗរាល់ថ្ងៃ។ តើអ្នកមានដឹងទេថាការផ្គូរផ្គងអាហារមួយចំនួនអាចផ្តល់អត្ថប្រយោជន៍ដល់រាងកាយច្រើនជាងការដែលអ្នកញ៉ាំអាហារទាំងនោះដាច់ដោយឡែកពីគ្នា? ការចាប់គូរអាហារឆ្លាតវៃទាំង ៥ យ៉ាង៖ បន្លែចម្រុះ ដូចជា ស្ពៃពួយឡេង ការ៉ុត ម្ទេសប្លោក និងប៉េងប៉ោះ មានផ្ទុកសារធាតុ Carotenoids មិនត្រឹមតែធ្វើឱ្យរុក្ខជាតិមានពណ៌ស្រស់ស្អាតប៉ុណ្ណឹងទេ ប៉ុន្តែវាក៏ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ សមាសធាតុនេះវារលាយក្នុងខ្លាញ់ មានន័យថាវានឹងត្រូវបានស្រូបយកបានល្អប្រសើរ នៅពេលញ៉ាំជាមួយជាតិខ្លាញ់ខ្លះ។ អ្នកអាចបន្ថែមជាតិខ្លាញ់ល្អបានតាមវិធីជាច្រើន៖ លាយប្រេងអូលីវលើសាឡាត់ បន្ថែមគ្រាប់ធញ្ញជាតិបន្តិចបន្តួចទៅក្នុងបន្លែឆ្អិន ឬបន្ថែមផ្លែបឺរជាដើម។ តាមរយៈការធ្វើបែបនេះ រាងកាយរបស់អ្នកអាចស្រូបយកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍ទាំងនេះបានកាន់តែប្រសើរ។ វីតាមីន C ជាមួយជាតិដែក ជួយទ្រទ្រង់ដល់ដំណើរអុកស៊ីសែន និងជួយដល់មេតាប៉ូលីសក្នុងការបំប្លែងអាហារជាថាមពល។ វីតាមីន និងជាតិដែកនេះមាននៅក្នុងប្រភពរុក្ខជាតិ និងសាច់សត្វ។ ជាតិដែកប្រភេទ Heme ដែលមាននៅក្នុង សាច់បក្សី ត្រី និងស៊ុត រាងកាយងាយស្រូបយកដោយមានប្រសិទ្ធភាព ខណៈដែលជាតិដែកប្រភេទ Non-heme ពីអាហាររុក្ខជាតិដូចជា សណ្តែក សណ្តែកបណ្តុះ ស្ពៃពួយឡេង និងធញ្ញជាតិ រាងកាយស្រូបយកបានតិចតែប៉ុណ្ណោះ។ វីតាមីន C ជួយបង្កើនការស្រូបយកជាតិដែកប្រភេទ Non-heme នេះ។ អ្នកអាចទទួលទានបន្ថែមវីតាមីន C រួមគ្នា តួយ៉ាងការទទួលទានប៉េងប៉ោះ ផ្លែក្រូច និងស្ត្របឺរី ដោយយកពួកវាទៅលាយបញ្ចូលនិងមុខម្ហូបដទៃដែលសម្បូរវីតាមីន C ស្រាប់ ដើម្បីជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិដែកប្រភេទ Non-heme នេះបានដោយមានប្រសិទ្ធភាព។ អាហារក្រឡុកប្រូតេអ៊ីន ដែលមានបន្ថែមជាតិដែកមករួចស្រេច ក៏អាចជួយបំពេញតម្រូវការជាតិដែកបានដែរ ហើយនៅពេលចាប់គូជាមួយអាហារសម្បូរវីតាមីន C ជាតិដែកនឹងត្រូវបានស្រូបយកយ៉ាងល្អប្រសើរ។​ ដូច្នោះអ្នកអាចសាកបន្ថែមផ្លែឈើដូចជា ផ្លែម្នាស់ ស្ត្រប៊ឺរី ឬផ្លែស្វាយ ទៅក្នុងអាហារក្រឡុករបស់អ្នកបាន។ ការបន្ថែមបន្តិចបន្តួចទាំងនេះ អាចបង្កើតភាពខុសប្លែកគ្នា ក្នុងការបំពេញតម្រូវការសារធាតុចិញ្ចឹមប្រចាំថ្ងៃបាន។ តែបៃតង ជាមួយអាហារដែលសម្បូរវីតាមីន C តែបៃតងមានសមាសធាតុរុក្ខជាតិដ៏មានប្រយោជន៍ហៅថា Catechins ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការបន្ថែមក្រូចឆ្មារទៅក្នុងតែរបស់អ្នក ឬការទទួលទានវារួមជាមួយផ្លែឈើដែលសម្បូរវីតាមីន C (ដូចជា ក្រូច ស្ត្រប៊ឺរី ឬគីវី) ជួយឱ្យការស្រូបយកសមាសធាតុទាំងនេះមានភាពប្រសើរឡើង។ ប្រសិនបើអ្នកមានទម្លាប់ទទួលទានតែបៃតង ការចាប់គូវាជាមួយអាហារសម្រន់ដែលមានតុល្យភាព និងមានវីតាមីន C គឺរឹតតែល្អ។ ហើយប្រសិនបើអាហារសម្រន់របស់អ្នកមានជាតិប្រូតេអ៊ីន និងជាតិសរសៃ (Fiber) ច្រើនទៀត នោះវាកាន់តែប្រសើរព្រោះវានឹងជួយផ្តល់ថាមពលបានយូរ។ វីតាមីន D ជាមួយអាហារសម្បូរកាល់ស្យូម៖ វីតាមីន D ចាំបាច់សម្រាប់ជួយឱ្យរាងកាយស្រូបយកកាល់ស្យូម ដែលទ្រទ្រង់ដល់សុខភាពឆ្អឹង និងមុខងារសាច់ដុំ។ ត្រីដែលមានជាតិខ្លាញ់ដូចជា ត្រីសាល់ម៉ុន ត្រីបេកា និង ស៊ុតផ្តល់​​នូវវីតាមីន D បន្លែស្លឹកបៃតង អាហារធ្វើពីទឹកដោះគោ និងភេសជ្ជៈធ្វើពីរុក្ខជាតិដែលបន្ថែមសារធាតុចិញ្ចឹម ជួយផ្តល់នូវកាល់ស្យូម។ សម្រាប់អ្នកដែលមិនសូវទទួលទានសាច់ ផលិតផលដែលមានសារធាតុចិញ្ចឹម ឬអាហារបំប៉នដែលផ្តល់វីតាមីន D អាចជួយបំពេញចន្លោះខ្វះខាតទាំងនេះបាន។ នៅពេលរួមបញ្ចូលគ្នាជាមួយអាហារសម្បូរកាល់ស្យូម មិនថាពីប្រភពរុក្ខជាតិ ឬសត្វនោះទេ ពួកវាអាចជួយទ្រទ្រង់តម្រូវការរាងកាយរបស់អ្នកបាន។ មនុស្សពេញវ័យជាច្រើនមិនសូវទទួលទានប្រូតេអ៊ីន និងជាតិសរសៃបានគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃនោះទេ សារធាតុទាំងពីរនេះសុទ្ធតែសំខាន់សម្រាប់ទ្រទ្រង់ភាពឆ្អែត។ ដូច្នេះការរួមបញ្ចូលប្រូតេអ៊ីនជាមួយអាហារដែលមានជាតិសរសៃខ្ពស់ អាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ហើយជាតិសរសៃក៏ជួយដល់សុខភាពប្រព័ន្ធរំលាយអាហារផងដែរ។ សរុបសេចក្តីមកវិញ អាហារូបត្ថម្ភល្អ មិនមែនជាច្បាប់ដ៏តឹងរ៉ឹង ឬការដេញតាមញ៉ាំតែអាហារកំពូល Superfood ណាមួយនោះទេ។ វាគឺជាការផ្តល់ឱ្យរាងកាយរបស់អ្នកនូវសារធាតុចិញ្ចឹមដែលវាត្រូវការឱ្យបានទៀងទាត់ តាមរបៀបដែលសមស្របនឹងរបៀបរស់នៅរបស់អ្នក។ ការទទួលទានអាហារចម្រុះមានន័យថា អ្នកនឹងទទួលបានអត្ថប្រយោជន៍ពីការចាប់គូអាហារទាំងនេះ។ ខណៈពេលដែលអាហារធម្មជាតិគឺជាអាហារចម្បងនៃរបបអាហារ ផលិតផលដែលបន្ថែមសារធាតុចិញ្ចឹម អាហារក្រឡុកប្រូតេអ៊ីន សុទ្ធតែអាចប្រើជារបស់ជំនួយបំពេញចន្លោះខ្វះខាត ជាពិសេសនៅពេលដែលអ្នកមមាញឹកហើយត្រូវការឱ្យរាងកាយអ្នកមានអាហារូបត្ថម្ភគ្រប់គ្រាន់។ អាហារូបត្ថម្ភ មិនមែនទាមទារភាពល្អឥតខ្ចោះនោះទេ ប៉ុន្តែវាទាមទារនូវភាពជាប់លាប់ក្នុងការអនុវត្ត។ តាមរយៈការរួមបញ្ចូលគ្នារវាងការចាប់គូអាហារ ជាមួយនឹងការជ្រើសរើសអាហារដែលផ្ដល់សុខភាពល្អ រួមមានប្រូតេអ៊ីនពី ប្រភពរុក្ខជាតិ និងសត្វ បន្លែផ្លែឈើ គ្រាប់ធញ្ញជាតិដែលសម្បូរជាតិសរសៃ និងខ្លាញ់ល្អ អ្នកនឹងនឹងទទួលបាននូវអាហារូបត្ថម្ភដែលប្រកបដោយនិរន្តរភាព ដើម្បីផ្ដល់ឱ្យរាងកាយនូវអ្វីដែលវាត្រូវការជាចាំបាច់ពីមួយថ្ងៃទៅមួយថ្ងៃ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី របៀបដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ។ ទឹកគឺជាកត្តាចម្បងបំផុតដែលជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានរលូន តាំងពីចំណុចចាប់ផ្ដើមរហូតដល់បញ្ចប់។ បច្ចុប្បន្ន ការយកចិត្តទុកដាក់លើសុខភាពប្រព័ន្ធរំលាយអាហារមានការកើនឡើងយ៉ាងខ្លាំង ដោយសារការរកឃើញថ្មីៗអំពី "មីក្រូជីវចម្រុះក្នុងពោះវៀន" (Gut Microbiome)។ វាគឺជាបណ្តុំបាក់តេរីដែលរស់នៅក្នុងបំពង់រំលាយអាហារ ហើយមានឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធសុខភាពទូទៅនៃរាងកាយទាំងមូល។ អ្នកប្រហែលជាបានដឹងខ្លះស្រាប់មកហើយថា ដើម្បីរក្សាប្រព័ន្ធរំលាយអាហាររបស់អ្នកឱ្យមានសុខភាពល្អ ការទទួលទានប្រូបាយអូទិក (probiotics - បាក់តេរី "ល្អ") ក៏ដូចជា ព្រីបីយូទិក (prebiotics - "អាហារ" សម្រាប់ប្រូបាយអូទិក) និងជាតិសរសៃឱ្យបានគ្រប់គ្រាន់ គឺជារឿងសំខាន់ដែលអ្នកមិនគួរមើលរំលង។ ប៉ុន្តែមានរឿងមួយដែលសាមញ្ញនិងរឹតតែសំខាន់នោះគឺ៖ ទឹក។ ទឹកមានវត្តមាននៅក្នុងគ្រប់ជំហាននៃដំណើរការរំលាយអាហារ ហេតុដូច្នោះហើយទើបការរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់ខ្លាំងចំពោះសុខភាពរបស់អ្នក។ តើទឹកជួយដល់ការរំលាយអាហារយ៉ាងដូចម្តេច?  ចាប់ផ្តើមតាំងពីចំណុចដំបូងបំផុតនៃដំណើរការរំលាយអាហារ ទឹកគឺជាសមាសធាតុសំខាន់នៃទឹកមាត់។ ទឹកមាត់មានមុខងារជាច្រើនដូចជា៖ • វាជួយធ្វើឱ្យអាហារមានសំណើម ដែលបង្កភាពងាយស្រួលក្នុងការទំពា និងលេបចូល • ទឹកមាត់ក៏មានផ្ទុកអង់ស៊ីម ដែលវាដើរតួជាអ្នកបំបែកសារធាតុអាហារដូចជា ជាតិខ្លាញ់ និងកាបូអ៊ីដ្រាត តាំងពីដំបូងបំផុតមុនក្រពះទៅទៀត នៅពេលអាហារឆ្លងកាត់ចូលទៅក្នុងក្រពះ ទឹកក្រពះត្រូវបានបញ្ចេញមក។ទឹកទាំងនោះក៏មានផ្ទុកនូវអង់ស៊ីម ដែលនឹងចាប់ផ្តើម​បំបែកប្រូតេអ៊ីន និងកាបូអ៊ីដ្រាតនៅក្នុងអាហារដែលអ្នកញ៉ាំឱ្យទៅជាផ្នែកតូចៗ ទើបបញ្ជូនទៅកាន់ពោះវៀនតូច ដែលជាកន្លែងកើតមានការរំលាយអាហារភាគច្រើន។ ក្នុងដំណាក់កាលនេះ ទឹកក៏ត្រូវការជាចាំបាច់ផងដែរ ដើម្បីផលិតទឹករំអិលដែលស្រោបផ្នែកខាងក្នុងនៃក្រពះរបស់អ្នក ដែលជួយការពារពីអាស៊ីតក្រពះ។ គួរឱ្យកត់សម្គាល់ផងដែរថា វាមិនមែនជាការពិតនោះទេនូវការលើកឡើងមួយថា ការផឹកទឹកជាមួយអាហារនឹងធ្វើឱ្យទឹកក្រពះរាវខ្លាំង រហូតដល់វាមិនអាចធ្វើការងារបាន។​ តែផ្ទុយទៅវិញ ការមានជាតិទឹកគ្រប់គ្រាន់នឹងជួយជម្រុញដំណើរការនេះឱ្យកាន់តែល្អទៅវិញទេ។ របៀបដែលទឹកទ្រទ្រង់សុខភាពពោះវៀន នៅពេលអាហារផ្លាស់ទីតាមពោះវៀនតូច មានសកម្មភាពរំលាយអាហារជាច្រើនដែលទឹកជួយសម្របសម្រួល៖ • សារធាតុរាវ (ដែលបញ្ចេញពីក្នុងខ្លួន) កាន់តែច្រើន ត្រូវបានបញ្ចេញទៅក្នុងពោះវៀនតូច ពីស្រទាប់ផ្ទៃខាងក្នុងនៃពោះវៀនផ្ទាល់ ក៏ដូចជាពីលំពែង និងថ្លើមផងដែរ។ • អង់ស៊ីមធ្វើការដើម្បីពន្លឿនដំណើរការ និងជួយរៀបចំសម្របសម្រួលការស្រូបយកនៅដំណាក់កាលចុងក្រោយនៃការរំលាយអាហារ៖ អាស៊ីតអាមីណូពីប្រូតេអ៊ីន អាស៊ីតខ្លាញ់ពីជាតិខ្លាញ់ និងម៉ូលេគុលស្ករនីមួយៗពីកាបូអ៊ីដ្រាត។ • ការស្រូបយកសារធាតុចិញ្ចឹមភាគច្រើនកើតឡើងនៅក្នុងពោះវៀនតូច ហើយបន្ទាប់មកសារធាតុចិញ្ចឹមដែលរំលាយរួច នឹងឆ្លងកាត់ទៅកាន់ចរន្តឈាមរបស់អ្នក។ នៅពេលដំណើរការរំលាយអាហារបន្តនៅក្នុងពោះវៀនធំ ទឹកក៏មានសារៈសំខាន់ខ្លាំងផងដែរ៖ • ជាតិសរសៃរលាយ (Soluble fibers) ដែលអ្នកទទួលទាន (មាននៅក្នុងអាហារដូចជា អូត សណ្តែក និងបាឡេ) វានឹងរលាយក្នុងទឹក ហើយប៉ោង និងរីកមាឌ ដែលវានឹងជួយរាងកាយស្រូបយកជាតិស្ករយឺតៗ និងបញ្ជុះកូឡេស្តេរ៉ុល។ • ជាតិសរសៃមិនរលាយ (Insoluble fiber) ដែលអ្នកទទួលទាន (មាននៅក្នុងអាហារដូចជា គ្រាប់ធញ្ញជាតិ និងបន្លែភាគច្រើន) គឺនឹងចាប់យក និងបឺតយកទឹក ដែលវាជួយជំរុញដល់ការបន្ទោបង់ឱ្យបានទៀងទាត់។ គួរបញ្ជាក់ផងដែរថា ផ្នែកខាងក្រោមនៃពោះវៀន ក៏ជាកន្លែងដែលរាងកាយរបស់អ្នកស្រូបយកជាតិរ៉ែភាគច្រើនដែលអ្នកទទួលទាន ហើយទឹកនៅទីនោះជាអ្នកជួយសម្រួលដល់ការស្រូបយកនូវសារធាតុរ៉ែទាំងអស់នោះ។ ជាការពិតណាស់ ប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អ គឺពឹងផ្អែកលើការមានជាតិសរសៃគ្រប់គ្រាន់។ បន្ថែមពីនេះ ការហាត់ប្រាណក៏មានសារៈសំខាន់ផងដែរ នៅពេលអ្នកធ្វើចលនាសាច់ដុំឆ្អឹងអំឡុងពេលហាត់ប្រាណ អ្នកក៏កំពុងជំរុញសាច់ដុំ រលោង (Smooth muscle) នៃបំពង់រំលាយក្នុងពេលតែមួយ ដែលវានឹងជួយជំរុញការបន្ទោបង់មានភាពទៀងទាត់។ បើទោះបីជាអ្វីដែលលើកឡើងមកនេះសំខាន់កម្រិតណាក៏ដោយ ក៏សូមកុំភ្លេចរឿងដ៏សាមញ្ញបំផុតមួយគឺទឹក ហើយអ្នកត្រូវប្រាកដថាអ្នកទទួលទានជាតិទឹកបានច្រើន និងទៀងទាត់ជារៀងរាល់ថ្ងៃ ដើម្បីរក្សាប្រព័ន្ធរំលាយអាហារទាំងស្រុងឱ្យដំណើរការបានរលូន។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនងលំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីរបៀបដែល "មីក្រូសរីរាង្គ" ក្នុងពោះវៀនជះឥទ្ធិពលមកលើសុខភាពទូទៅរបស់យើង ។ មានមនុស្សតិចណាស់ដែលដឹងថា រាងកាយរបស់យើងមិនមែនផ្សំឡើងទាំងស្រុងដោយកោសិកាតែម្យ៉ាងនោះទេ។ មីក្រូសរីរាង្គរាប់លានរស់នៅក្នុងពោះវៀនរបស់យើង ហើយចំនួនរបស់ពួកវា លើសពីចំនួនសរុបនៃកោសិកាផ្ទាល់ខ្លួនរបស់យើងទៅទៀត។ ប្រព័ន្ធអេកូឡូស៊ីខ្នាតតូចនេះ ដែលមានបាក់តេរី វីរុស មេរោគផ្សិត និងប្រូតូហ្សូអា ត្រូវបានអ្នកវិទ្យាសាស្ត្រហៅថា "ហ្សែនទីពីរ" ហើយវាជះឥទ្ធិពលយ៉ាងស្ងប់ស្ងាត់ដល់ការរំលាយអាហារ ប្រព័ន្ធភាពស៊ាំ អារម្មណ៍ និងសូម្បីតែមុខងារនៃការយល់ដឹងរបស់យើង។ បាក់តេរីក្នុងពោះវៀន (Gut microbiota) មិនមែនគ្រាន់តែជា "អ្នកដំណើរឆ្លងកាត់" ធម្មតានោះទេ ប៉ុន្តែគឺជាដៃគូរួមរស់ដែលបានវិវត្តន៍មកជាមួយមនុស្សអស់រាប់លានឆ្នាំមកហើយ។ នៅក្នុងពោះវៀនរបស់មនុស្សពេញវ័យដែលមានសុខភាពល្អ មានបាក់តេរីច្រើនជាង ១,០០០ ប្រភេទ ដែលមានទម្ងន់សរុបពី ១ ទៅ ២ គីឡូក្រាម ដែលស្មើនឹងទម្ងន់នៃថ្លើមមួយ។ មីក្រូសរីរាង្គទាំងនេះមានអន្តរកម្មជាមួយយើងតាមបណ្តាញដ៏ស្មុគស្មាញ៖ • ពួកវាជួយបំបែកជាតិសរសៃដែលពិបាករំលាយ និងបង្កើតអាស៊ីតខ្លាញ់ខ្សែខ្លី (ដូចជា Butyrate) ដើម្បីផ្តល់ថាមពលដល់កោសិកាពោះវៀន។ • សំយោគសារធាតុចិញ្ចឹម វីតាមីន K និងវីតាមីនក្រុម B។ • បង្ហាត់ប្រព័ន្ធភាពស៊ាំរបស់យើងឱ្យចេះបែងចែករវាងមិត្តនិងសត្រូវ។ • ចូលរួមក្នុងកិច្ចការគ្រប់គ្រងការរំលាយអាហារ (Metabolism) និងការឆ្លើយតបនឹងការរលាក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថា ឥទ្ធិពលនៃបាក់តេរីក្នុងពោះវៀនមានវិសាលភាពលើសពីប្រព័ន្ធរំលាយអាហារទៅទៀត។ តាមរយៈ "Gut-brain axis" ប្រព័ន្ធទំនាក់ទំនងទ្វេទិសនេះអនុញ្ញាតឱ្យមីក្រូសរីរាង្គផលិតសារធាតុសរសៃប្រសាទដូចជា serotonin (ប្រហែល ៩០% ត្រូវបានផលិតនៅក្នុងពោះវៀន), dopamine និង GABA ដែលជះឥទ្ធិពលដោយផ្ទាល់ដល់ការឆ្លើយតបនៃអារម្មណ៍ និងភាពតានតឹង។ ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Nature Microbiology បានផ្សារភ្ជាប់សមាសភាពជាក់លាក់នៃពោះវៀនទៅនឹងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ ការសិក្សាមួយទៀតក៏បានរកឃើញថា បាក់តេរីក្នុងពោះវៀនរបស់អ្នកជំងឺ Parkinson មានភាពខុសគ្នាខ្លាំងពីមនុស្សដែលមានសុខភាពល្អ ដែលនេះបង្ហាញថាពោះវៀនអាចជាចំណុចចាប់ផ្តើមមួយនៃជំងឺប្រព័ន្ធសរសៃប្រសាទនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធអេកូឡូស៊ីដ៏តូចឆ្មានេះគឺងាយរងគ្រោះណាស់។មានកត្តាជាច្រើនដែលរបៀបរស់នៅក្នុងសម័យទំនើបនេះអាចបណ្តាលឱ្យមានអតុល្យភាពបាក់តេរី (ហៅតាមវេជ្ជសាស្ត្រថា Dysbiosis)៖ • របបអាហារ៖ របបអាហារបែបលោកខាងលិចដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់ បានកាត់បន្ថយការទទួលទានជាតិសរសៃដែលចាំបាច់សម្រាប់បាក់តេរីមានប្រយោជន៍។ • ការប្រើប្រាស់ថ្នាំផ្សះហួសកម្រិត៖ ថ្នាំផ្សះដែលមានប្រសិទ្ធភាពខ្លាំងនិងទូលំទូលាយនឹងបោសសម្អាតមីក្រូសរីរាង្គយ៉ាងច្រើនដោយមិនរើសមុខនោះឡើយ។ • សម្ពាធផ្លូវចិត្តរ៉ាំរ៉ៃ៖ ស្ថានភាពស្ត្រេសបន្តបន្ទាប់ផ្លាស់ប្តូរការជ្រាបនៃពោះវៀន និងសមាសធាតុបាក់តេរី។ • ការគេងមិនគ្រប់គ្រាន់៖ រំខានដល់ចង្វាក់ជីវសាស្រ្ត (Circadian rhythm) និងប៉ះពាល់ដល់វដ្តមេតាប៉ូលីសនៃបាក់តេរី។ • ការធ្វើអនាម័យលើសកម្រិត៖ កាត់បន្ថយឱកាសសម្រាប់ការទាក់ទងជាមួយជាមួយមីក្រូសរីរាង្គចម្រុះដទៃទៀតនៅក្នុងបរិស្ថាន។ ផលប៉ះពាល់លើសុខភាព និងការថែទាំ អតុល្យភាពបាក់តេរី​ (Dysbiosis) នេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជំងឺជាច្រើន។ ជំងឺប្រព័ន្ធរំលាយអាហារដូចជា ជំងឺរលាកពោះវៀន និងរោគសញ្ញាពោះវៀនដែលងាយរងរំញោច (IBS) មានទំនាក់ទំនងនឹងការប្រែប្រួលបាក់តេរីជាក់លាក់។ មនុស្សដែលធាត់លើសទម្ងន់ជាទូទៅមានភាពចម្រុះនៃបាក់តេរីក្នុងពោះវៀនទាប ហើយផ្ទុយទៅវិញមានប្រសិទ្ធភាពក្នុងការស្រូបយកថាមពលខ្ពស់ជាង។ សូម្បីតែជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង ជំងឺអាលែហ្សី និងសូម្បីតែសុខភាពសរសៃឈាមបេះដូង ក៏អាចរងឥទ្ធិពលពីបាក់តេរីទាំងនេះដែរ ។ ដូច្នោះតើយើងគួរថែរក្សា "ប្រព័ន្ធអេកូឡូស៊ីដ៏តូចឆ្មា" នេះដោយរបៀបណា?  1. របបអាហារចម្រុះគឺជាមូលដ្ឋានគ្រឹះ៖ មីក្រូសរីរាង្គផ្សេងៗគ្នាចូលចិត្តអាហារខុសៗគ្នា ដូច្នេះភាពចម្រុះនៃរបបអាហារគឺជាគន្លឹះក្នុងការរក្សាភាពចម្រុះនៃបាក់តេរី។ បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសណ្តែកដែលសម្បូរជាតិសរសៃគឺជា "ប្រេងឥន្ធនៈ" សម្រាប់បាក់តេរីមានប្រយោជន៍ ។ អាហារផ្អាប់ដូចជា យ៉ាអួ បន្លែផ្អាប់ និងតែ Kombucha សម្បូរទៅដោយប្រូបាយអូទិក (Probiotics) សកម្ម។ សារធាតុ Polyphenols (ដែលមានក្នុងផ្លែប៊ឺរី តែ និងសូកូឡាខ្មៅ) ក៏មានប្រសិទ្ធភាពជាប្រេបាយអូទិក (Prebiotics) ផងដែរដែលដើរតួជាស្បៀងសម្រាប់ជួយទ្រទ្រង់ដល់បាក់តេរីល្អៗដែលមានស្រាប់នៅក្នុងខ្លួន។ 2. ប្រើប្រាស់ថ្នាំផ្សះដោយឈ្លាសវៃ៖ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យឱ្យបានពេញលេញ និងជៀសវាងការប្រើប្រាស់ដែលមិនចាំបាច់។ 3. គ្រប់គ្រងសម្ពាធផ្លូវចិត្ត និងការគេង៖ ការធ្វើសមាធិ ការហាត់ប្រាណបានទៀងទាត់ និងការរក្សាកាលវិភាគចូលដំណេកឱ្យទៀងទាត់ សុទ្ធតែជួយរក្សាសុខភាពពោះវៀនរបស់អ្នក។ 4. ធម្មជាតិ៖ ចេញទៅក្រៅផ្ទះខ្លះដើម្បីជួយឱ្យមានអន្តរកម្មរវាងអតិសុខមប្រាណចម្រុះក្នុងបរិស្ថាន ដែលអាចមានប្រយោជន៍ដល់​ការលូតលាស់នៃប្រព័ន្ធភាពស៊ាំ និងភាពចម្រុះនៃបាក់តេរីក្នុងខ្លួនយើងបាន។ ការប្រើប្រាស់អាហារបំប៉ន អាហារជួយចិញ្ចឹមប្រព័ន្ធអេកូឡូស៊ីខាងក្នុងខ្លួនរបស់យើង ក៏ប៉ុន្តែមនុស្សនៅក្នុងយុគសម័យថ្មីនេះ ជាទូទៅខ្វះការទទួលទានជាតិសរសៃ។ កត្តានានាដូចជាជីវិតដ៏មមាញឹក ប្រញ៉ាប់ប្រញាល់ របបអាហារគ្មានតុល្យភាព និងការថមថយនូវសកម្មភាពក្រៅផ្ទះ ធ្វើឱ្យរបបអាហារប្រចាំថ្ងៃតែមួយមុខពិបាកឆ្លើយតបទៅនឹងតម្រូវការរាងកាយជាក់ស្តែង។ អាហារបំប៉ន "ប្រូបាយអូទិក​ (Probiotic)" អាចចូលទៅក្នុងពោះវៀនដោយផ្ទាល់ដើម្បីបំពេញបន្ថែមបាក់តេរីមានប្រយោជន៍។ចំណែក "ប្រេបាយអូទិក (Prebiotics)" (ជាចម្បងគឺជាតិសរសៃរលាយ) គឺមានលក្ខណៈទូទៅជាង ដោយវាផ្តល់អាហារូបត្ថម្ភដល់បាក់តេរីមានប្រយោជន៍ដែលមានស្រាប់។ ទឹកប្រទាលកន្ទុយក្រពើជួយសម្រួលបរិស្ថានក្នុងក្នុងពោះវៀនៗ និងជួយជម្រុញការរីកលូតលាស់នៃប្រូបាយអូទិក។ ការរួមបញ្ចូលគ្នានេះរួមគ្នាបង្កើតបរិស្ថានអេកូឡូស៊ី ដែលកាន់តែអំណោយផលដល់ការលូតលាស់នៃមីក្រូសរីរាង្គចម្រុះ ដោយហេតុនេះបង្កើនតុល្យភាព និងភាពធន់នៃមីក្រូជីវសាស្ត្រពោះវៀន ដែលជះឥទ្ធិពលជាវិជ្ជមានដល់សុខភាព និងភាពស៊ាំទាំងមូល។ សរុបមក ស្នូលនៃសុខភាពពោះវៀនគឺសុខភាពរបស់បាក់តេរី ហើយការរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីមីក្រូសរីរាង្គ គឺជាការវិនិយោគដ៏សំខាន់បំផុតមួយដែលយើងអាចធ្វើបានសម្រាប់សុខភាពខ្លួនឯង។ ការរក្សាបាក់តេរីក្នុងពោះវៀនឱ្យបានល្អ ស្មើរនឹងការស្រឡាញ់ខ្លួនឯង។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

ក្លិនមាត់មិនមែនបណ្ដាលមកពីការខូចខាតធ្មេញតែមួយមុខនោះទេ។ ជាក់ស្ដែងរបបអាហាររៀងរាល់ថ្ងៃក៏អាចធ្វើឲ្យមានក្លិនមាត់ផងដែរហើយអ្នកហាក់មិនបានដឹងទាល់តែសោះ។ បើច្បាស់ថា សុខភាពមាត់ធ្មេញមិនមានបញ្ហានោះ អ្នកគួរសង្កេតមើលអាហារដែលកំពុងតែបរិភោគឡើងវិញ ដែលករណីខាងក្រោមនេះនឹងបញ្ជាក់ប្រាប់អ្នកថាមានអាហារអ្វីខ្លះ? សំណួរ៖ ខ្ញុំមានអាយុ ២១ឆ្នាំ ភេទស្រី រស់នៅខេត្តសៀមរាប។ នាងខ្ញុំមានចម្ងល់ចង់ជម្រាបសួរ លោកទន្តបណ្ឌិតថា តើអាហារដែលនាងខ្ញុំទទួលទានអាចប៉ះពាល់ដល់ខ្យល់ដកដង្ហើមនាងខ្ញុំតាមរបៀបណាខ្លះ? ចម្លើយ៖ អាហារមួយចំនួនគឺធ្វើឲ្យខ្យល់ដកដង្ហើមរបស់អ្នកមិនល្អមានដូចជា ខ្ទឹម កាហ្វេ គ្រឿងស្រវឹង និងអាហារផ្សេងៗទៀត។ ការទទួលទានខ្ទឹមអាចធ្វើឲ្យខ្យល់ដង្ហើមមិនល្អ តែវាក៏ធ្វើឲ្យក្លិនអាក្រក់ជះចេញពីរាងកាយតាមរយៈការបែកញើសផងដែរ ដោយសារតែធាតុផ្សំនៅក្នុងខ្ទឹមសត្រូវបានស្រូបទៅក្នុងឈាម និងលំពែងហើយវាបង្កជាក្លិនមិនល្អចេញពីរាងកាយទាំងមូល និងខ្យល់ដកដង្ហើម។ លើសពីនេះការទទួលទានកាហ្វេច្រើនពេកក្នុងមួយថ្ងៃអាចធ្វើឲ្យរាងកាយ និងខ្យល់ដង្ហើមរបស់អ្នកជះក្លិនមិនល្អផងដែរ បើទោះបីជាអ្នកងូតទឹកសម្អាតខ្លួនប្រាណ ឬផ្លាស់ប្តូរសម្លៀកបំពាក់យ៉ាងណាក៏ដោយ។ នោះក៏ដោយសារតែជាតិកាហ្វេអុីនបានធ្វើការរំញោចក្រពេញញើស និងធ្វើឲ្យអ្នកបែកញើសច្រើនខុសពីធម្មតាទៀតផង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា និងជាសាស្រ្តាចារ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ថ្គាមទាល់តែងតែត្រូវបានគ្រូពេទ្យជំនាញណែនាំឲ្យដកចេញជាដាច់ខាត ទោះបីជាមិនឈឺ ឬមានអាការៈឈឺចាប់យ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ហើយកំពុងមានការឈឺចាប់ខ្លាំងវិញនោះ តើអ្នកគួរដកចេញដែរឬទេ? សំណួរ៖ ខ្ញុំមានអាយុ ២៥ឆ្នាំ ភេទស្រី អំឡុងពេលនេះខ្ញុំកំពុងមានផ្ទៃពោះប្រាំពីរខែហើយខ្ញុំឈឺថ្គាមទាល់ខ្លាំងណាស់។​ តើខ្ញុំអាចធ្វើការដកថ្គាមនេះចេញបានទេ? តើវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃទេ? ចម្លើយ៖ ក្នុងករណីដែលប្អូនឈឺថ្គាមទាល់ខ្លាំង ក្នុងអំឡុងពេលមានផ្ទៃពោះប្រាំពីរខែប្អូនគួរតែមកពិនិត្យ និងពិគ្រោះយោបល់ជាមួយទន្តបណ្ឌិតជំនាញ ព្រោះក្នុងករណីខ្លះទន្តបណ្ឌិតអាចមិនធ្វើការវះកាត់ភ្លាមៗនោះទេ ប៉ុន្តែទន្តបណ្ឌិតនឹងមានវិធីបន្ថយការឈឺចាប់ហើយរង់ចាំសម្រាលរួចរាល់ជាមុនសិនព្រោះថា ៣ខែដំបូងនៃការមានផ្ទៃពោះ ឬត្រីមាសដំបូងគឺជាដំណាក់កាលសំខាន់នៃការលូតលាស់របស់គភ៌។ យើងមិនអាចផ្តល់ដំបូន្មានក្នុងការដកធ្មេញក្នុងអំឡុងពេលនេះឡើយ ព្រោះឱសថមួយចំនួនធ្វើការរារាំងដល់ការលូតលាស់របស់ទារក។ រយៈពេលដែលមានសុវត្ថិភាពបំផុតសម្រាប់ការដកធ្មេញគឺត្រីមាសទី ២ចាប់ពី ៤ទៅ៦ខែ ព្រោះនេះគឺជាដំណាក់កាលដែលទារកកំពុងលូតលាស់ ដូច្នេះប្រសិនបើមានការចាំបាច់ក្នុងការដកធ្មេញថ្គាមទាល់ក្នុងអំឡុងពេលនេះគឺ មិនមានការប៉ះពាល់ដល់ទារកក្នុងផ្ទៃពោះនោះទេ។ ក៏ប៉ុន្តែចាប់ពីខែទី៧ ដល់ពេលសម្រាលគឺត្រីមាសទី៣ ជាដំណាក់កាលគ្រោះថ្នាក់កើនឡើងក្នុងការវះកាត់ធ្មេញ។ ដំណាក់កាលនេះគឺមិនអាចធ្វើការវះកាត់នោះទេដោយសារម្តាយដែលមានផ្ទៃពោះមិនអាចអង្គុយ ឬគេងក្នុងទីតាំងដែលត្រូវបានតម្រូវ។ ការព្យាបាលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្តាយ និងទារកដោយសារការរាំងស្ទះចរន្តឈាមទៅកាន់បេះដូងព្រោះតែទម្ងន់ធ្ងន់សង្កត់ទៅលើសរសៃឈាម។ ទន្តបណ្ឌិតភាគច្រើននឹងមិនធ្វើការវះកាត់ក្នុងអំឡុងពេលនេះទេគឺរង់ចាំការសម្រាលរួចជាមុនសិន។ ករណីចាំបាច់បំផុតការដកធ្មេញថ្គាមទាល់អាចធ្វើទៅបានដោយមិនមានប៉ះពាល់ដល់ទារកក្នុងផ្ទៃទេ ប៉ុន្តែរយៈពេលនៃការវះកាត់ត្រូវធ្វើឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយទីតាំងក្នុងការអង្គុយ ឬគេងត្រូវធានាថាមិនប៉ះពាល់។ បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ករណីថ្គាមទាល់ដុះចេញ ត្រូវបានបង្ហាញឡើងជាមួយនឹងសំណួរជុំវិញបញ្ហានេះជាច្រើន។ ជាទូទៅការដុះថ្គាមទាល់អាចបង្កការឈឺចាប់មួយរយៈ និងបាត់ទៅវិញដោយឯកឯង។ យ៉ាងណាមិញទោះបីវាហាក់ដូចជាមិនបង្កផលរំខាននានាផ្សេងទៀតតែចម្ងល់ក្នុងការដកថ្គាមទាល់ចេញនៅតែជាបញ្ហាក្នុងការសម្រេចចិត្តរបស់ប្រជាជនមួយចំនួន។ តើថ្គាមទាល់បែបណាដែលអ្នកគួរដកចេញ? អត្ថបទខាងក្រោមនេះអាចជាចម្លើយរបស់អ្នក៖ សំណួរ៖ ខ្ញុំមានអាយុ ៣០ឆ្នាំ ភេទស្រី រស់នៅខេត្តបាត់ដំបង។ ខ្ញុំមានថ្គាមទាល់ដុះចេញតែពាក់កណ្តាល និងមានសាច់គ្របពីលើពាក់កណ្តាល។ តើខ្ញុំគួរតែដកចេញ ឬយ៉ាងណា បើពេលនេះវាមិនផ្តល់ការឈឺចាប់អ្វីឡើយ? ចម្លើយ៖ ប្អូនគួរតែដកចេញ ទោះបីជាពេលនេះវាមិនមានការឈឺចាប់ក៏ដោយព្រោះវានឹងអាចបង្កការឈឺចាប់នៅពេលអនាគតនិងធ្វើឲ្យប៉ះពាល់ ឬខូចខាតដល់ធ្មេញជិតខាងដោយសារការសម្អាតមិនបានស្អាតល្អធ្វើឲ្យមានរោគពុកធ្មេញ រោគអញ្ចាញនិងបញ្ហាផ្សេងៗដូចជាបញ្ហាក្លិនមាត់ជាដើម។ បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

បច្ចុប្បន្ន ការពត់ធ្មេញពិតជាពេញនិយមណាស់ក្នុងចំណោមយុវវ័យកម្ពុជា ប៉ុន្តែលក្ខខណ្ឌពត់ធ្មេញរបស់មនុស្សម្នាក់ៗ អាចនឹងខុសគ្នាអាស្រ័យស្ថានភាពធ្មេញបច្ចុប្បន្នរបស់គាត់។ បុគ្គលខ្លះមិនចាំបាច់តម្រូវឲ្យមានការដកធ្មេញទេ តែបុគ្គលខ្លះវិញត្រូវឲ្យដកធ្មេញយ៉ាងច្រើនទៅវិញ ជាក់ស្តែងដូចករណីខាងក្រោមរបស់មិត្តអ្នកអានយើងម្នាក់... សំណួរ៖ នាងខ្ញុំអាយុ ២៣ឆ្នាំ នាងខ្ញុំចង់ធ្វើការពត់ធ្មេញ ប៉ុន្តែពេលទៅពិគ្រោះគ្រូពេទ្យថាខ្ញុំត្រូវដកធ្មេញចំនួន ៥គ្រាប់។ ខ្ញុំក៏សម្រេចចិត្តថាមិនពត់វិញ ព្រោះត្រូវដកធ្មេញច្រើនក្នុងពេលតែមួយ ហើយក៏ធ្លាប់ឮមិត្តភក្តិថាអាចមានគ្រោះថ្នាក់។ ខ្ញុំចង់ដឹងថា តើការដកធ្មេញច្រើនបែបនេះអាចមានគ្រោះថ្នាក់ពិតប្រាកដដែរឬទេ ឬអាចបណ្តាលឲ្យមានបញ្ហាទៅថ្ងៃមុខឬទេ? ចម្លើយ៖ ទាក់ទងនឹងការពត់ធ្មេញដោយតម្រូវឲ្យដកធ្មេញគឺពិតជាមាន ប៉ុន្តែដកធ្មេញប៉ុន្មានគ្រាប់ប៉ះពាល់ ឬអត់នោះមិនអាចសន្មត់បានភ្លាមៗទេទាល់តែពិនិត្យឲ្យបានល្អិតល្អន់ជាមុនសិន។ ដើម្បីឲ្យកាន់តែប្រាកដចំពោះករណីនេះ ប្អូនចាំបាច់ត្រូវតែទៅជួបប្រឹក្សាជាមួយអ្នកឯកទេសពត់តម្រង់ធ្មេញ។ បកស្រាយដោយ៖ ទន្តបណ្ឌិត ចៅ ស៊ីវកាយ នៃមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ការធុំក្លិនមាត់ជាបញ្ហាកើតមានឡើងញឹកញាប់ចំពោះមនុស្សគ្រប់វ័យទាំងអស់ ហើយដោយសារតែក្លិនមាត់នេះបានធ្វើឲ្យអ្នកមានអារម្មណ៍ខ្មាសអៀន និងពិបាកក្នុងការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន។ សំណួរ៖ ខ្ញុំមានអាយុ ៣២ឆ្នាំ ភេទប្រុស រស់នៅទីក្រុងភ្នំពេញ។ ពេលខ្ញុំបាទនិយាយស្តីជាមួយអ្នកដទៃហាក់ដូចជាគ្មានទំនុកចិត្តលើខ្លួនឯងសោះព្រោះពេលនិយាយម្តងៗមាត់ខ្លួនឯងមានក្លិនមិនល្អហើយខ្លាចជះក្លិនដល់អ្នកដទៃ។ តើលោកទន្តបណ្ឌិតអាចជម្រាបបានទេថា តើក្លិនមាត់មិនល្អនេះបណ្តាលមកពីមូលហេតុអ្វី ហើយតើព្យាបាលតាមវិធីណា? ចម្លើយ៖ ក្លិនមាត់មិនល្អបណ្តាលមកពីកត្តាជាច្រើន ប៉ុន្តែក៏មានចំណុចមួយចំនួនគួរឲ្យចាប់អារម្មណ៍ដូចជា៖ • ការដុសសម្អាតធ្មេញមិនបានត្រឹមត្រូវស្អាតល្អ។ ការបន្សល់ទុកនូវកាកសំណល់អាហារនៅលើផ្ទៃនៃគល់អណ្តាតនៅតាមចន្លោះធ្មេញ និងដក់ក្រោមអញ្ចាញធ្មេញ • មានធ្មេញខូចច្រើននៅក្នុងមាត់ • មានធ្មេញដែលដាក់ពីមុនជ្រាបទឹក • មានជំងឺបំពង់ក ឬសួត • ការជក់បារី ឬប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ • ស្រេ្តស និងការធុញថប់ • ការខ្សោះជាតិទឹក • ដំបៅមាត់រុំារ៉ៃ ឬដំបៅអណ្តាត • ជំងឺរលាកប្រព័ន្ធរំលាយអាហារផងដែរ។ ដូច្នេះ ប្អូនគួរមកជួបពិនិត្យ និងពិគ្រោះជាមួយទន្តបណ្ឌិតជំនាញដើម្បីធ្វើរោគវិនិច្ឆ័យ និងមានផែនការព្យាបាលឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញ សុខ ជា និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

នៅពេលបច្ចុប្បន្នមានភាពជឿនលឿន ​វិស័យទន្តសាស្ត្រមានការរីកចម្រើន ​និងវិវឌ្ឍទៅរកអ្​វីដែលយើងតែងតែនិយមហៅថា “Technology of Digital” ឬយើងអាចធ្វើការកែតម្រូវ ទម្រង់ឆ្អឹងថ្គាមដោយបច្ចេកវិទ្យាទំនើបៗ។ នៅក្នុងនោះយើងសង្កេតឃើញការដាក់ធ្មេញឡើងវិញកំពុងតែឈានឡើង និងមានការចាប់អារម្មណ៍ច្រើនពីប្រជាជន។ ដោយឡែក វិស័យទន្តសាស្ត្រនៅប្រទេសកម្ពុជាយើងមានការរីកចម្រើន និងអភិវឌ្ឍន៍ខ្លាំងរហូតដល់មានប្រជាជនក្រៅស្រុកមកទទួលការព្យាបាល និងថែរក្សាមាត់ធ្មេញ។ ដោយហេតុនេះ ខ្ញុំសូមលើកបង្ហាញ និងពន្យល់បន្ថែមនូវប្រភេទធ្មេញដែលប្រជាជនតែងតែយកមកដាក់ដើម្បីបន្ថែមសោភ័ណភាព។ ប្រភេទធ្មេញដែលសម្រាប់ដាក់ញឹកញាប់មានដូចជា៖ 1. ប្រភេទធ្មេញលោហៈ (Metal Crown) ប្រភេទធ្មេញលោហៈមានច្រើនប្រភេទ Metal alloy ហើយប្រភេទដែលគេនិយមប្រើប្រាស់ជាងគេមាន  ៣ប្រភេទរួមមានដូចជា៖ High-noble, Noble alloy និង Base metal alloy។ • Metal-noble និង Noble alloy សំដៅទៅលើមាស (Gold) ប៉ុន្តែមាសមានសភាពទន់ដូច្នេះគេបញ្ចូលនូវសារធាតុ Copper , Platinum, Palladium, Zinc, Indium និង Nickel។ ជាក់ស្តែង គេប្រើចំពោះធ្មេញខាងក្រោយ (ធ្មេញថ្គាម) ដោយវាប៉ះពាល់ទៅលើសោភ័ណភាព។ ដោយសារវាមានភាពរឹងមាំប្រើបានយូរ ហើយមិនត្រូវការកម្រាស់ធ្មេញច្រើន (០,៥ ទៅ១មិល្លីម៉ែត្រ) ប៉ុន្តែវាមានភាពប៉ះពាល់ទៅលើកំណាំធ្មេញម្ខាង (Trauma) ទៀតនៅពេលខាំកល់។ វាមានភាពរឹងតែត្រូវការកែតម្រូវនិងខាត់ឲ្យរលោងឲ្យមានសភាពងាយស្រួល ចំណេញពេលវេលារបស់អ្នកជំងឺ។ • Base  Metal alloy ធ្មេញប្រភេទបែបនេះមិនសូវមានច្រើន ឬប្រើប៉ុន្មានទេ។ នៅពេលប្រៀបធៀបជាមួយ High-noble និង Noble វាមានភាពរឹងខ្លាំងដែលអាចឆាបកម្រាស់ធ្មេញបានតិច (០,២ ទៅ០,៥មិល្លីម៉ែត្រ) បាន។ វាមានសភាពរឹងខ្លាំងពិបាកកែតម្រូវ និងមានភាពលំបាកចំពោះអ្នកជំងឺ Allergy និង Nickel ។ 2. ប្រភេទធ្មេញ Titanium ចំពោះប្រភេទធ្មេញ Titanium វិញមានសភាពប្រហាក់ប្រហែលនឹង Biocompatible របស់មនុស្ស។ • Metal Ceramic វាត្រូវបានប្រើប្រាស់ជាយូរមកហើយ ប៉ុន្តែយើងសង្កេតឃើញថាវាងាយទទួលរងប្រតិកម្មជាមួយនឹងអញ្ចាញធ្មេញបំផុត។ មិនត្រឹមតែប៉ុណ្ណោះគេកំណត់ឃើញអ្នកជំងឺអាចរលាក (Sensible) ឬខ្មៅអញ្ចាញធ្មេញផងដែរ។ • Nickel-Free Ceramic ជាទូទៅត្រូវបានគេដឹងថាវាមិនមានប្រតិកម្មជាមួយអញ្ចាញធ្មេញនោះទេ គេប្រើប្រាស់វាសម្រាប់ជំនួសធ្មេញដែលខូចខាតដើម្បីបង្កើតនូវមុខងារសោភ័ណភាព និងរចនាសម្ព័ន្ធរបស់ធ្មេញឡើងវិញ ព្រមទាំងមានតម្លៃដែលអាចទទួលយកបាន។ • Titanium Ceramic វាមានសភាពល្អប្រហាក់ប្រហែលនឹងសរីរៈដែលនៅជុំវិញធ្មេញ ប៉ុន្តែវាមានតម្លៃថ្លៃ ហើយត្រូវបានគេប្រើប្រាស់ច្រើន ចំពោះអ្នកជំងឺដែលប្រតិកម្មជាមួយ Nickel ។ • Gold Ceramic វាត្រូវបានប្រើប្រាស់លើសពី ៤០០០ឆ្នាំ  ហើយវាលាយជាមួយសារធាតុដទៃដូចជា Palladium, Nickel ឬ Chronium ដែលជួយបង្កើនភាពរឹងមាំ និងកាត់បន្ថយតម្លៃ។ វាមានសភាពល្អដោយកាត់បន្ថយនូវអាល្លែកហ្ស៊ីបានច្រើន។ 3. Zirconium Teeth ធ្មេញប្រភេទ Zirconium បង្កើតឡើងដោយ Zirconium dioxide (ZrO2) ដែលមានសភាពរឹងមាំ ហើយត្រូវបានរកឃើញដោយជនជាតិអាល្លឺម៉ង់ឈ្មោះM.H Klaproth នៅក្នុងឆ្នាំ ១៧៨៩។ ដោយឡែក នៅឆ្នាំ ១៩៦០ ធ្មេញប្រភេទ Zirconium ត្រូវបានប្រើប្រាស់នៅក្នុងវិស័យវេជ្ជសាស្រ្ត ហើយទសវត្សរ៍ ១៩៩០ ធ្មេញប្រភេទនេះត្រូវបានគេដាក់ប្រើប្រាស់នៅក្នុងវិស័យទន្តសាស្រ្តផងដែរ។ ជាក់ស្តែងចំពោះធ្មេញប្រភេទ Zirconium មានគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនដូចជា៖  គុណសម្បត្តិ   • ពណ៌មានសភាពប្រហាក់ប្រហែលនឹងធ្មេញធម្មជាតិ   • វាមានសភាពរឹងមាំ ហើយមិនចាំបាច់ឆាបធ្មេញកំណើតច្រើន (Fram Zirconium)   • ជួយបង្កើនសោភ័ណភាពដោយ Layered with Porcelain   • Zirconium Crown អាចភ្ជាប់បាន ( Bonded ឬ Cemented) ដោយម៉ាស៊ីនភ្ជាប់ធ្មេញច្រើនប្រភេទ   • Zirconium អាចរចនានៅក្នុងកុំព្យូទ័រមុនពេលផលិត   • សារធាតុផ្សំមានសភាពដូចធ្មេញធម្មជាតិ ពិសេសវាមិនសូវមានប្រតិកម្មជាមួយបង្គោលនៅក្នុងឆ្អឹងថ្គាម។ គុណវិបត្តិ   • តម្លៃនៃការធ្វើធ្មេញ Zirconium មានតម្លៃថ្លៃដូច្នេះនៅពេលធ្វើ ឬកែសម្រួល Occulusion (ផ្ទៃទំពារ) មិនបានត្រឹមត្រូវ   • អាចធ្វើឲ្យឈឺធ្មេញធម្មជាតិ (Antagonist teeth)។ 4. Emax –System វាបង្កើតដោយសារធាតុ Lithium disilicate glass, Lithium dioxide, Phosphoroxide, Alumina, Potassium oxide និង Trace elements។ វាមានភាពល្បីល្បាញយ៉ាងឆាប់រហ័សដោយសារសោភ័ណភាព (Excellent esthetic) ព្រមទាំងប្រើប្រាស់បានយូរ និងរឹងមាំ (Strength)។ លើសពីនេះ វាមានសភាពល្អប្រសើរចំពោះធ្មេញមុខនិង Veneer ។ ដោយឡែក Emax មានតម្លៃថ្លៃ មិនប្រើសម្រាប់ធ្មេញថ្គាម ឬធ្មេញក្រោម មិនប្រើសម្រាប់អ្នកដែលមានធ្មេញខ្មៅខ្លាំង និងធ្វើធ្មេញតែមួយប៉ុណ្ណោះ។ ចំពោះអ្នកដែលអាចទទួលការធ្វើ Emax-System គឺ៖   • Stained teeth៖ មានសភាពឆ្លុះថ្លា (Highly transclucent) និងអ្នកដែលមានធ្មេញមិនស្អាត។   • Crooked teeth៖ វាអាចជួយកែចំពោះធ្មេញមុខដែលមានភាពវៀច ឬមិនត្រង់ជួរ   • Root canal teeth៖ ធ្មេញដែលបានព្យាបាលរួចមានភាពផុយស្រួយ ឆាប់ខូច និងមានបញ្ហារន្ធឫសធ្មេញ   • Fractured teeth៖ ធ្មេញដែលខូច ព្រោះតែរោគពុកធ្មេញ ឬការប៉ះទង្គិច។ មូលហេតុមួយចំនួនដែលជ្រើសរើសយក Emax-System គឺ៖   • វាមានពណ៌ថ្លាប្រហាក់ប្រហែលនឹងធ្មេញធម្មជាតិ   • All Ceramic Prosthetic៖ ដោយមិនមាន Metal alloy (សារធាតុលោហៈក្នុងការធ្វើធ្មេញ) ដូច្នេះវាជួយកាត់បន្ថយអញ្ចាញពណ៌ខ្មៅ និងអាចមើលទៅប្រហាក់ប្រហែលនឹងធ្មេញធម្មជាតិ   • Durability៖ ដោយ E-max ធ្វើឡើងពី Lithiumdislocate ដូច្នេះវាមានភាពរឹងមាំខ្លាំង ហើយ E-max អាចជួយកាត់បន្ថយស្រាំ ឬបាក់នៅក្នុងពេលប្រើប្រាស់   • Ability to milled ៖ មានភាពងាយស្រួលក្នុងការធ្វើដោយ CAD, CAM milling   • Conservation of teeth structure៖ វាមានសភាពរឹងមាំ។ បកស្រាយដោយ៖ ទន្តបណ្ឌិត ឃុយ មករា ប្រធានគ្លីនិកធ្មេញ ឃុយ មករា អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Top