
- Aug 10, 2017 |
- 8 years ago |
- 3.5K views
ស្រាយកង្វល់សម្រាប់អ្នកគ្មានពេលហាត់ប្រាណ តែចង់បានសុខភាពល្អ
រវល់ខ្លាំងណាស់មែនទេ? មមាញឹកនឹងការងារប្រចាំថ្ងៃខ្លាំងណាស់មែនដែរទេ? ប្រាកដណាស់ ភាពមមាញឹកនឹងការងារបានក្លាយជាមូលហេតុ ឬសឹងតែជាលេសរបស់មនុស្សជំនាន់ថ្មីមួយចំនួន ដែលធ្វើឲ្យគេខកខានមិនបានធ្វើចលនាលំហាត់ប្រាណផ្សេងៗ។ ការធ្វើចលនារបស់ដងខ្លួនទោះបីជាមួយរយៈពេលខ្លី ឬវែង គួរណាស់តែជាទម្លាប់ប្រចាំថ្ងៃមួយដ៏សំខាន់សម្រាប់សុខភាពរបស់បុគ្គលគ្រប់រូប ព្រោះថានាពេលបច្ចុប្បន្ននេះ អាទិភាពដំបូងគេនៃជីវិតរបស់យើងគ្រប់គ្នា គឺជាសុខភាពទាំងផ្លូវកាយ និងចិត្ត។ យ៉ាងណាមិញ សម្រាប់អ្នកដែលរវល់ខ្លាំងដល់ថ្នាក់ដកខ្លួនពីការងារដើម្បីទៅលេងកីឡា ឬធ្វើលំហាត់ប្រាណផ្សេងៗទៀតនោះ សូមកុំបារម្ភអីណា៎…អត្ថបទមួយនេះនឹងណែនាំអ្នកអំពីសកម្មភាពមួយចំនួនដែលលោកអ្នកអាចធ្វើបាន ជំនួសឲ្យការលេងកីឡា ឬលំហាត់ប្រាណ៖ ធ្វើការងារច្រើនក្នុងពេលតែមួយ អ្នកប្រហែលជាធ្លាប់ឃើញបានដឹងលឺ ក៏ដូចជាស្គាល់នូវអត្ថន័យនៃឃ្លានេះហើយ គឺបានន័យថា ក្នុងពេលដំណាលគ្នា បុគ្គលម្នាក់ធ្វើសកម្មភាពច្រើនជាងមួយ។ ជាក់ស្តែង នៅកន្លែងធ្វើការងាររបស់អ្នក អ្នកក៏អាចដើរបណ្តើរ និយាយទូរស័ព្ទបណ្តើរ ឬ ចុចកុំព្យូទ័រវាយឯកសារបណ្តើរ នឹកគិតពីគម្រោងនាពេលអនាគតបណ្តើរផងដែរ។ ការដើរជាសកម្មភាពគោលចម្បងមួយដែលត្រូវបានណែនាំដោយអ្នកជំនាញ ហើយលោកអ្នកក៏អាចគួបផ្សំវាជាមួយនឹងសកម្មភាពណាមួយទៀត។ ធ្វើកិច្ចការងារផ្ទះ ការងារផ្ទះដែលអ្នកធ្វើជាប្រចាំដូចជា ការបោកសម្លៀកបំពាក់ ការថែទាំសួនច្បារ ការលាងសម្អាតចាន ឬបោសសម្អាតផ្ទះជាដើម សុទ្ធតែរួមចំណែកធ្វើឲ្យខ្លួនប្រាណមានភាពនឿយហត់ និងបញ្ចេញជាតិពុលពីក្នុងខ្លួនប្រាណដូចគ្នានឹងលំហាត់ប្រាណមួយចំនួនផងដែរ។ ធ្វើដំណើរប្រចាំថ្ងៃ ចំណុចនេះអាចនឹងពិបាកបន្តិចសម្រាប់អ្នកដែលធ្វើដំណើរដោយរថយន្ត ឬម៉ូតូ ប៉ុន្តែលោកអ្នកក៏អាចឆ្លៀតបានតាមរយៈការដើរចុះឡើងនៅក្នុងការិយាល័យ ឬបន្ទប់ ធ្វើយ៉ាងណាឲ្យខ្លួនឯងសកម្ម និងមិននៅស្ងៀមតែមួយកន្លែង។ ពេលបញ្ចប់ការងាររួចរាល់ហើយ អ្នកក៏គួរឆ្លៀតពេល៥ទៅ១០នាទី ដើរត្រឹកៗនៅទីធ្លាផ្ទះផងដែរ។ ធ្វើការចតយានយន្តឲ្យឆ្ងាយបន្តិច បើមិនអាចឆ្លៀតដើរបានពេលផ្សេង លោកអ្នកអាចអនុវត្តវិធីមួយនេះបានប្រកបដោយប្រសិទ្ធភាពដោយគ្រាន់តែដាក់ចតរថយន្ត ឬម៉ូតូឲ្យនៅឆ្ងាយបន្តិចពីផ្លូវចូលកន្លែងធ្វើការងារ ឬពេលទៅផ្សារទំនើប ភោជនីយដ្ឋាន។ល។ ដោយគ្រាន់តែធ្វើបែបនេះ អ្នកក៏អាចចំណេញពេលប្រមាណនាទី ដុតកម្តៅជាតិពុលក្នុងខ្លួនប្រាណបាត់ទៅហើយ។ ហាត់ប្រាណបន្តិចបន្តួចក្នុងការិយាល័យ ការហាត់ប្រាណពិតជាផ្តល់នូវអត្ថប្រយោជន៍ដល់ទាំងសុខភាពរបស់អ្នកផ្ទាល់ និងផលិតភាពនៃការងាររបស់អ្នក។ ការពត់ពែនដងខ្លួននៅលើកៅអី (តាមចលនាមួយចំនួនដែលអ្នកអាចរកមើលបាននៅក្នុងការណែនាំដោយអ្នកជំនាញនៅក្នុងអ៊ីនធឺណែត) ក៏អាចនឹងគ្រប់គ្រាន់ និងប្រសើរជាងការដែលអង្គុយសំកុកគ្រប់នាទីសម្លឹងមើលតែអេក្រង់កុំព្យូទ័រដែរ។ ដើរទៅកាន់កន្លែងជិតៗ ការឆ្លៀតឱកាសដើរ ជាវិធីសាស្រ្តដ៏ល្អប្រសើរមួយសម្រាប់បុគ្គលដែលរវល់នឹងការងារ ព្រោះដូចដែលបានលើកឡើងខាងលើរួចមកហើយថា ការដែលធ្វើឲ្យខ្លួនឯងមានចលនា និងភាពសកម្មជាអ្វីដែលគ្រប់គ្នាគួរតែធ្វើ។ ប្រសិនបើមានកាលៈទេសៈណាដែលតម្រូវឲ្យអ្នកទៅកាន់កន្លែងខ្លះដែលមិនសូវស្ថិតក្នុងចម្ងាយឆ្ងាយខ្លាំង វានឹងជាការប្រសើរ បើអ្នកធ្វើដំណើរដោយថ្មើរជើង។ ប្រើប្រាស់ជណ្តើរជើង បុរសម្នាក់បានដុតរហូតដល់១៨០កាឡូរី តាមរយៈការប្រើជណ្តើរជើងរយៈពេល២០នាទី ជារៀងរាល់ថ្ងៃ។ ដូចគ្នាសម្រាប់អ្នកផងដែរ ប្រសិនបើមានជម្រើសនោះ អ្នកគួរតែរើសយកជណ្តើរជើង ជំនួសឲ្យជណ្តើរយន្ត។ សកម្មភាពមួយនេះក៏មានប្រយោជន៍ចំពោះសុខភាពបេះដូងរបស់អ្នកផងដែរ។ លំហាត់ប្រាណងាយៗ តាមការពិតទៅ មានចលនាលំហាត់ប្រាណតូចតាចខ្លះដែលអាចអនុវត្តដោយមិនប្រកាន់ទីកន្លែង ឬពេលវេលានោះឡើយ មានដូចជា ការលោតដោយលើកដៃទាំងពីរឡើងលើហើយទះដៃទាំងពីរ ការអោនចុះអាវ៉ង់ហើយងើបឈរឡើងដោយលើកដៃទំាងពីរ ជាដើម។ បន្ថែមពីលើសកម្មភាពដែលបានរៀបរាប់ខាងលើនេះហើយ អ្នកក៏ត្រូវតែប្រាកដដែរថាសារពាង្គកាយរបស់អ្នកបានទទួលថាមពលគ្រប់គ្រាន់តាមរយៈរបបអាហារដែលមានសារធាតុចិញ្ចឹមត្រឹមត្រូវ ក៏ដូចជាក្នុងបរិមាណមួយគ្រប់គ្រាន់ល្មម។ «ការពារប្រសើរជាងព្យាបាល» ទាន់ពេលដែលសុខភាពអ្នកមិនទាន់មានបញ្ហា អ្នកគួរតែចំណាយពេល និងថវិកាទៅលើការទ្រទ្រង់វា ជាជាងការព្យាបាលវាទៅថ្ងៃអនាគត។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share