- May 25, 2017 |
- 8 years ago |
- 4K views
Instagram ជះឥទ្ធិពលអវិជ្ជមានខ្លាំងបំផុតដល់ផ្លូវចិត្តរបស់យុវវ័យជាពិសេសមិត្តនារី
Instagram គឺជាកម្មវិធីបណ្ដាញសង្គមដ៏គ្រោះថ្នាក់បំផុតសម្រាប់សុខភាពផ្លូវចិត្តរបស់យុវវ័យ ហើយកម្មវិធីដែលមានផលប៉ះពាល់អវិជ្ជមានមួយទៀតនោះគឺSnapchatនេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយThe Royal Society សម្រាប់សុខភាពសាធារណៈនៅចក្រភពអង់គ្លេស។ ការសិក្សារបស់ពួកគេទៅលើ#StatusofMind បានធ្វើការស្រង់មតិពីយុវវ័យប្រមាណជា ១,៥០០នាក់ ដែលពួកគេមានអាយុចាប់ពី ១៤ដល់២៤ឆ្នាំ ហើយការសិក្សានោះគឺផ្ដោតទៅលើកម្មវីធីប្រព័ន្ធផ្សព្វផ្សាយណាមួយដែលមានផលប៉ះពាល់ដល់បញ្ហាសុខភាព និងសុខុមាលភាពដូចជា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ការស្គាល់នូវអត្តសញ្ញាណខ្លួនឯង (Self-identity)និងការយល់ឃើញនៃរូបភាពរាងកាយខ្លួនឯង (Body image)។ YouTube ត្រូវបានរកឃើញថាមានឥទ្ធិពលវិជ្ជមានខ្លាំងជាងគេ នៅពេលដែល Instagram Snapchat Facebook និងTwitter សុទ្ធតែបង្ហាញថាមានផលប៉ះពាល់អវិជ្ជមានទៅលើសុខភាពផ្លូវចិត្តរបស់យុវវ័យ។ បើយោងទៅតាមរបាយការណ៍ដែលបានផ្សាយកាលពីថ្ងៃសុក្របានថ្លែងថា «Instagram គឺជាកម្មវិធីផ្សព្វផ្សាយរូបភាពដែលមានអ្នកលេងច្រើនជាង ៧០០លាននាក់នៅទូទាំងពិភពលោក ហើយកម្មវិធីនេះបានជាប់ចំណាត់ថ្នាក់កំពូលជាកម្មវិធីដែលមានផលប៉ះពាល់អវិជ្ជមានខ្លាំងជាងគេ និងជាពិសេសក្នុងចំណោមមនុស្សស្រី»។ លោក Matt Keracher ដែលជាអ្នកសរសេររបាយការណ៍នេះបាននិយាយថា “Instagram បានធ្វើឲ្យស្រ្ដីវ័យក្មេងចាប់ផ្ដើមប្រៀបធៀបខ្លួនពួកគេទៅនឹងភាពមិនពិត ការប្រមូលផ្ដុំជាច្រើនដាក់ Filter និងការកាត់តនៃភាពពិត។” ស្ដ្រីម្នាក់មិនបានបញ្ចេញអត្តសញ្ញាណបានឆ្លើយតបនៅក្នុងរបាយការណ៍ថា “Instagram គឺងាយនឹងធ្វើឲ្យស្រីៗមានអារម្មណ៍ដូចជារូបរាងរបស់ពួកគេមិនស្អាតដូចអ្នកដែលដាក់ Filter ហើយកែសម្រួលបន្ថែមទៅលើរូបភាពរបស់ពួកគេដើម្បីឲ្យពួកគេមើលទៅគឺល្អឥតខ្ចោះ។” ដើម្បីដោះស្រាយបញ្ហានេះ the Royal Society សម្រាប់សុខភាពសាធារណៈបានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចាត់វិធានការជួយដល់អ្នកប្រើប្រាស់ក្មេងៗទាំងនោះ ដើម្បីកុំឲ្យមានអារម្មណ៍មិនត្រឹមត្រូវ និងជំងឺថប់បារម្ភដោយដាក់ជាសារព្រមានលើរូបភាពដែលត្រូវបានកែសម្រួលបែបឌីជីថល។ លោក Keracher បាននិយាយថា «យើងមិនមែនអំពាវនាវឲ្យកម្មវិធីទាំងនោះហាមឃាត់មិនឲ្យកាត់ត ឬដាក់ filterនោះទេ ប៉ុន្ដែយើងចង់ឲ្យអ្នកប្រើប្រាស់ដឹងថាពួកគេមិនគួរឲ្យតម្លៃទៅលើរូបភាពដែលត្រូវបានកែសម្រូលហើយនោះ ដូចជារូបភាពពិតទេ»។ លោកបានបន្ដថា «យើងពិតជាចង់ផ្ដល់ឲ្យយុវវ័យនូវវិធីសាស្ត្រ និងចំណេះដឹងមួយដើម្បីណែនាំពួកគេអំពីផលវិជ្ជមាននៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងលើកកម្ពស់សុខភាពផ្លូវចិត្ត»។ ការស្រង់មតិបានសន្និដ្ឋានថា ខណៈពេលដែល Instagram បានជះឥទ្ធិពលជាអវិជ្ជមានទៅលើការយល់ឃើញនៃរូបភាពរាងកាយខ្លួនឯង វដ្ដនៃការគេង និងការបន្ថែមនូវអារម្មណ៍នៃការខ្លាចការបាត់បង់។ កម្មវិធីរូបភាពមួយនេះក៏មានចំណុចវិជ្ជមានមួយចំនួនសម្រាប់អ្នកប្រើប្រាស់វា ដើម្បីសម្តែងចេញនូវអារម្មណ៍ និងការស្គាល់អត្តសញ្ញាណខ្លួនឯង។ អ្នកជំនាញ YouTuber Laci Green ដែលមានប្លុកវីឌីអូមួយ ដែលមានអ្នកតាមដានជាង ១៥លាននាក់ បាននិយាយថា «ការអប់រំជុំវិញបញ្ហាសុខភាពផ្លូវចិត្តក្នុងយុគសម័យឌីជីថលនេះ គឺជាការអប់រំដែលចាំបាច់បំផុតសម្រាប់យុវវ័យ»។ នាងបាននិយាយថា «កម្មវិធីដូចជា Instagram និងFacebook បានបង្ហាញពីមនុស្សដែលយើងស្គាល់ និងពិភពលោកជុំវិញខ្លួនយើង។ វាពិតជាងាយនឹងធ្វើឲ្យការយល់ឃើញនៃភាពពិតរបស់យើងប្រែជាខុស។ ទំនាក់ទនងនៅពីក្រោយឧបករណ៍ឌីជីថលអាចជាភាពឯកោមួយ ហើយភាពមិនច្បាស់នៃបញ្ហាសុខភាពផ្លូវចិត្តមានការកើតឡើយច្រើនជាងធម្មតា»។ លោកស្រី Green បានបន្ថែមថា ឥឡូវនេះជាពេលដ៏សំខាន់មួយដែលយើងគួរតែចាប់ផ្ដើមការងារមូលដ្ឋានគ្រឹះ ដើម្បីកាត់បន្ថយនូវហានិភ័យដ៏គ្រោះថ្នាក់នេះ ខណៈពេលដែលអ្នកប្រើប្រាស់ជំនាន់ដំបូងនៃប្រព័ន្ធផ្សព្វផ្សាយឈានចូលដល់វ័យជំទង់។ YouTube គឺជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយតែមួយគត់ដែលនៅក្នុងការសិក្សានេះបានបង្ហាញថាមានផលវិជ្ជមានទៅលើសុខភាពផ្លូវចិត្តរបស់យុវវ័យ។ របាយការណ៍ក៏បានរកឃើញថាវាមិនមែនគ្រាន់តែជាអ្វីដែលយុវវ័យយើងបានចូលរួមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមពីនេះទៅទៀត គឺរយៈពេលដែលពួកគេបានចំណាយទៅលើវា។ យោងទៅតាមរបាយការណ៍យុវវ័យដែលចំណាយពេលច្រើនជាង ២ម៉ោងក្នុងមួយថ្ងៃទៅលើបណ្ដាញសង្គម គឺត្រូវបានរាយការណ៍ថាមានបញ្ហាសុខភាពផ្លូវចិត្តចុះខ្សោយរួមបញ្ចូលទាំងវិបត្តិផ្លូវចិត្ត។ នាយកប្រតិបត្តិនៃ The Royal Society លោក Shirley Cramer បានគូសបញ្ជាក់ក្នុងរបាយការណ៍នោះថា «កម្មវិធីដែលជួយឲ្យយុវវ័យតភ្ជាប់ទៅមិត្តរបស់ពួកគេគឺអាចបង្កជាបញ្ហាសុខភាពផ្លូវចិត្ត»។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share
