Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើអ្នកដឹងដែរឬទេថាមាត់ធ្មេញរបស់អ្នកមានបញ្ហាអ្វីខ្លះ? សុខភាពមាត់ធ្មេញរបស់អ្នក និងក្រុមគ្រួសារអ្នកពិតជាសំខាន់ណាស់… ធ្មេញសស្អាត គឺ ជាបំណងប្រាថ្នារបស់មនុស្សគ្រប់គ្នា ពីព្រោះទន្តបណ្ឌិត នាក់ ភក្ដី ផ្នែកជំនាញទូទៅ នៅពេទ្យធ្មេញ 24–80 បានឲ្យដឹងថាធ្មេញដែលសស្អាតអាចជួយលើកសម្រស់អ្នកឲ្យមើលទៅក្មេងជាងវ័យ និងបង្កើនភាពទាក់ទាញពីក្រសែភ្នែកមនុស្សជុំវិញខ្លួនថែមទៀតផង។ ប្រសិនបើលោកអ្នកចង់ឲ្យមាត់ធ្មេញមានសុខភាពល្អ ធ្មេញសស្អាតគ្រាន់តែអនុវត្តតាមវិធីសាស្រ្តងាយៗ ដូចតទៅ ៖ ត្រូវដុសធ្មេញរៀងរាល់ក្រោយទទួលទានអាហាររួច ការដុសសម្អាតធ្មេញដោយប្រើថ្នាំដុសធ្មេញមានជាតិផ្លុយអរជួយឲ្យធ្មេញរឹងមាំ សម្អាតកម្ទេចចំណីអាហារដែលដក់ជាប់ធ្មេញ កម្ចាត់បាក់តេរី និងជួយឲ្យលោកអ្នកមានខ្យល់ដង្ហើមស្រស់ថ្លា(មិនធុំក្លិនមាត់)។ បន្ថែមពីលើនេះទៀត គឺការដុសសម្អាតគល់អណ្តាត។ ប្រើអំបោះទាក់ធ្មេញ សម្អាតចន្លោះធ្មេញជាមួយអំបោះទាក់ធ្មេញ វាជួយកម្ចាត់បាក់តេរី ទាញយកកម្ទេចចំណីជាប់នៅចន្លោះធ្មេញដែលច្រាសដុសធ្មេញមួយចំនួនមិនអាចដុសបានស្អាត។ ប្រើទឹកខ្ពុរមាត់ មុននឹងអ្នកសម្រេចចិត្តទិញផលិតផលសម្រាប់ថែទាំសុខភាពមាត់ធ្មេញ ត្រូវតែពិនិត្យមើលតែមដែលមានបិទនៅលើផលិតផលបញ្ជាក់ពីការទទួលស្គាល់ពីសមាគមទន្តពេទ្យអាមេរិក ឬអឺរ៉ុប ដើម្បីធានានូវសុវត្ថិភាព និងប្រសិទ្ធិភាព។ ការប្រើប្រាស់ទឹកខ្ពុរមាត់គួរជ្រើសរើសផលិតផលដែលគ្មានជាតិអាល់កុលនោះ បញ្ហាក្លិនមាត់របស់អ្នកនឹង អាចកាតបន្ថយបានច្រើន។ តាមដានសុខភាពមាត់ធ្មេញ សូមមកពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់៦ខែម្តង ដើម្បីឲ្យទន្តបណ្ឌិតពិនិត្យពីដំណើរការនៃដំណុះធ្មេញ រោគពុកធ្មេញ និងទទួលបានការព្យាបាលទាន់ពេលវេលា។ ទន្តបណ្ឌិតនឹងជួយដោះស្រាយរកវិធីព្យាបាល ប្រសិនបើ អ្នកសង្កេតឃើញថាមានចេញឈាមនៅពេលអ្នកដុសធ្មេញ អញ្ចាញធ្មេញហើមប៉ោង ឬហូរខ្ទុះនៅអញ្ចាញធ្មេញ ស្រៀវធ្មេញរាល់ពេលទទួលភេសជ្ជៈត្រជាក់ ឬក្តៅខ្លាំង។ របបអាហារ ដើម្បីទទួលបានសុខភាពមាត់ធ្មេញល្អប្រសើរ អ្នកគួរជៀសវាងអាហារ ដូចជា អាហារបំពង កាត់បន្ថយចំណីអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង អាហារមានជាតិអាស៊ីតខ្ពស់ និងប្រភេទអាហារកញ្ចប់។ អ្នកគួរតែញ៉ាំអាហារស្រស់ៗដូចជាបន្លែ និងផ្លែឈើឲ្យបានច្រើន។ កុំជក់បារី អាហារមួយចំនួនអាចជួយកម្ចាត់បាក់តេរី និងធ្វើឲ្យធ្មេញរបស់អ្នកស ភ្លឺ រលោងដោយធម្មជាតិ។ អ្នកគួរតែកាត់បន្ថយការជក់បារី ព្រោះសារធាតុគីមីដែលមានក្នុងបារីបានធ្វើឲ្យធ្មេញខូចខាតយ៉ាងខ្លាំង និងមានខ្យល់ ដង្ហើមមិនល្អ។ ការព្យាបាល នៅពេទ្យធ្មេញ 24–80 យើងបានផ្តល់នូវសេវាកម្មជាច្រើនជូនដល់អតិថិជន ដូចខាងក្រោម៖ -ផ្នែកសោភ័ណភាពធ្មេញ ៖ គឺការព្យាបាលគ្នេញដែលប្រែពណ៌ មានស្នាមប្រេះ ឬក៏បែកធំតែនៅមានសុខភាពល្អគឺអាចត្រូវបានសង្រ្គោះដោយពុំចាំបាច់ធ្វើឲ្យប៉ះពាល់ដល់សរសៃធ្មេញទេ។ វិធីព្យាបាលពីរយ៉ាងដែលពេញនិយមជាងគេ គឺការធ្វើធ្មេញឲ្យស និងការបិទបន្ទះធ្មេញដែលហៅថា «ធ្មេញវីនៀ» (Veneers)។ ការធ្វើធ្មេញឲ្យស គឺជាវិធីដ៏សាមញ្ញហើយរហ័ស ដើម្បីបង្កើនស្នាមញញឹមរបស់លោកអ្នក។ -ផ្នែកទន្តសាស្ត្រស្ថាបនាធ្មេញឡើងវិញ ៖ គឺជាការប៉ះឡើងវិញ ឬជាការដាក់ធ្មេញសិប្បនិម្មិតលើធ្មេញធម្មជាតិរបស់លោកអ្នកដែលបាត់បង់។ -ផ្នែកពត់តម្រង់ធ្មេញ ៖ ទន្តបណ្ឌិតផ្នែកពត់តម្រង់ធ្មេញនៅពេទ្យធ្មេញ 24–80 នឹងផ្តល់នូវរោគវិនិច្ឆ័យ និងគម្រោងព្យាបាលដ៏ប្រសើរមួយសមស្របទៅតាមស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ។ ពួកគាត់នឹងផ្តល់ស្នាមញញឹមដែលអ្នកចង់បានដោយប្រើបច្ចេកវិទ្យាចុងក្រោយក្នុងការព្យាបាល ផ្តល់នូវជម្រើសដង្កៀបពត់តម្រង់ធ្មេញ (Braces) ជាលោហៈ ឬសេរ៉ាមិក (ពណ៌សដូចធ្មេញ) ឧបករណ៍ដោះដាក់ ដើម្បីពត់តម្រង់ធ្មេញ ព្រមទាំងឧបករណ៍ការពារកុំឲ្យធ្មេញដើរត្រលប់ទៅសភាពដើមវិញ ក្រោយពេលពត់ធ្មេញរួច។ ពីព្រោះស្នាមញញឹម ជាមន្តស្នេហ៍ដែលនរណាក៏អាចបញ្ចេញបាន បើសុខភាពមាត់ធ្មេញស្រស់ស្អាត និងរឹងមាំ...ដូចនេះហើយ កុំព្រងើយកន្តើយក្នុងការថែទាំវាជាប្រចាំណា៎!!! ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ធ្លាប់ធ្វើដំណើរតាមរថភ្លើងហើយឬនៅ?  ហើយចង់សាកល្បងទេ?  វាប្រហែលមិនមែនជារឿងថ្មីស្រឡាងនោះទេសម្រាប់មិត្តៗអ្នកអានមួយចំនួន ប៉ុន្តែវាអាចនឹងរឿងថ្មីសម្រាប់អ្នកដែលមិនធ្លាប់ធ្វើដំណើរតាមរថភ្លើង។   នៅពេលដែលមានគម្រោងធ្វើដំណើរកម្សាន្តម្តងៗ  គឺមានរឿងជាច្រើនដែលត្រូវរៀបចំ ប៉ុន្តែអ្វីដែលសំខាន់ គឺមធ្យោបាយធ្វើដំណើរ។     យើងប្រាកដជាគិតថាតើគួរទៅកាន់ទីកន្លែងនោះដោយរបៀបណា? ប្រើយានជំនិះផ្ទាល់ខ្លួន ឬក៏ជួលរថយន្ត?  បើមានយានជំនិះផ្ទាល់ខ្លួន តើអ្នកណាជាអ្នកបើក? និងចំណុចដទៃទៀត... ហេតុអ្វីមិនសាកធ្វើដំណើរតាមរថភ្លើងរបស់ក្រុមហ៊ុន  រ៉ូយាល់រ៉េលវ៉េ  (Royal Railway) ជាក្រុមហ៊ុនស្ថានីយរថភ្លើងដែលទើបនឹងដាក់ឲ្យដំណើរការ   មានទីតាំងគោលដៅតែមួយខ្សែប៉ុណ្ណោះ គឺចេញពីភ្នំពេញទៅកាន់៣ទីតាំងរួមមាន ខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ? ហេតុអ្វីគួរធ្វើដំណើរតាមរថភ្លើង? អ្វីដែលសំខាន់ គឺអារម្មណ៍ប្លែកម្យ៉ាងតាមរយៈការមើលឃើញទេសភាពស្អាតៗទាក់ភ្នែក   និងរំសាយអារម្មណ៍ជាច្រើនតាមដងផ្លូវរថភ្លើង។ ម្យ៉ាងទៀត ជំនួសឲ្យការធ្វើដំណើរតាមផ្លូវជាតិ រថភ្លើងនឹងធ្វើចរយាត្រានៅលើផ្លូវដែក ដែលប្រាកដណាស់ គឺមានលក្ខណៈខុសគ្នាពីផ្លូវធម្មតា។ រឹតតែពិសេសទៀតនោះ គឺ ផាសុកភាពផ្លូវចិត្តដោយមិនចាំបាច់បារម្ភពីការកកស្ទះចរាចរណ៍ ឬហេតុការណ៍ណាមួយនោះឡើយ។    មិត្តអ្នកអាន និងមិត្តរួមដំណើរជាក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិ ជាពិសេសអ្នកដែលធ្លាប់មានតួនាទីជាតៃកុង អាចយកពេលវេលាធ្វើអ្វីផ្សេង និងសម្រាកតាមដង ផ្លូវបានយ៉ាងរីករាយ ។  មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចយកយានជំនិះរបស់អ្នកទៅជាមួយ  ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយពេលដែលដល់គោលដៅ  ក៏មិនចាំបាច់បារម្ភអំពីការគ្មានមធ្យោបាយធ្វើដំណើរនោះដែរ។ មានគ្រឿងបរិក្ខារអ្វីខ្លះដែរ? មិនចាំបាច់ខ្លាចថា ជិះចូលព្រៃហើយគ្មានសេវាអីុនធើណែតសម្រាប់ប្រើប្រាស់នោះឡើយ ព្រោះថានៅលើរថភ្លើងមានភ្ជាប់ប្រព័ន្ធWifi។    ជាមួយគ្នានេះដែរ ក៏មានប្រព័ន្ធអគ្គិសនីដែលអាចប្រើប្រាស់បានតាមតម្រូវការ។          លើសពីនេះទៅទៀត ភេសជ្ជៈក៏មានផងដែរនៅលើរថភ្លើងនោះតែម្តង    ដែលបង្កភាពងាយស្រួលដល់អ្នកដំណើរ។ រយៈពេល សេវាកម្ម និងតម្លៃ គិតយ៉ាងដូចម្តេចវិញ? ការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តតាកែវមានរយៈពេល១ម៉ោងកន្លះ តម្លៃ៤ដុល្លារ រីឯទៅកាន់ខេត្តកំពត  មានរយៈពេល ៤ម៉ោងកន្លះ តម្លៃ៦ដុល្លារ  និងទៅកាន់ខេត្តព្រះសីហនុមានរយៈពេល៧ម៉ោង តម្លៃ៧ដុល្លារ។  ចំពោះតម្លៃផ្ញើយានជំនិះវិញ គឺ១៤ដុល្លារសម្រាប់រថយន្ត ៥ដុល្លារសម្រាប់ម៉ូតូ និង ២ដុល្លារសម្រាប់កង់។ គួរបញ្ជាក់ផងដែរថា  ថ្ងៃដែលចេញដំណើរ  គឺមានតែថ្ងៃសុក្រ សៅរ៍ និង ថ្ងៃអាទិត្យប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅក្នុងគេហទំព័រ www.trrcambodia.com ឬ ទូរស័ព្ទលេខ 078 888 582 និងអាសយដ្ឋាននៅលើមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ។

Share

រវល់ខ្លាំងណាស់មែនទេ? មមាញឹកនឹងការងារប្រចាំថ្ងៃខ្លាំងណាស់មែនដែរទេ? ប្រាកដណាស់ ភាពមមាញឹកនឹងការងារបានក្លាយជាមូលហេតុ ឬសឹងតែជាលេសរបស់មនុស្សជំនាន់ថ្មីមួយចំនួន ដែលធ្វើឲ្យគេខកខានមិនបានធ្វើចលនាលំហាត់ប្រាណផ្សេងៗ។ ការធ្វើចលនារបស់ដងខ្លួនទោះបីជាមួយរយៈពេលខ្លី ឬវែង គួរនណាស់តែជាទម្លាប់ប្រចាំថ្ងៃមួយដ៏សំខាន់សម្រាប់សុខភាពរបស់បុគ្គលគ្រប់រូប ព្រោះថានាពេលបច្ចុប្បន្ននេះ អាទិភាពដំបូងគេនៃជីវិតរបស់យើងគ្រប់គ្នា គឺជាសុខភាពទាំងផ្លូវកាយ និងចិត្ត។ យ៉ាងណាមិញ សម្រាប់អ្នកដែលរវល់ខ្លាំងដល់ថ្នាក់ដកខ្លួនពីការងារដើម្បីទៅលេងកីឡា ឬធ្វើលំហាត់ប្រាណផ្សេងៗទៀតនោះ សូមកុំបារម្ភអីណា៎…អត្ថបទមួយនេះនឹងណែនាំអ្នកអំពីសកម្មភាពមួយចំនួនដែលលោកអ្នកអាចធ្វើបាន ជំនួសឲ្យការលេងកីឡា ឬលំហាត់ប្រាណ៖ ធ្វើការងារច្រើនក្នុងពេលតែមួយ អ្នកប្រហែលជាធ្លាប់ឃើញបានដឹងលឺ ក៏ដូចជាស្គាល់នូវអត្ថន័យនៃឃ្លានេះហើយ គឺបានន័យថា ក្នុងពេលដំណាលគ្នា បុគ្គលម្នាក់ធ្វើសកម្មភាពច្រើនជាងមួយ។ ជាក់ស្តែង នៅកន្លែងធ្វើការងាររបស់អ្នក អ្នកក៏អាចដើរបណ្តើរ និយាយទូរស័ព្ទបណ្តើរ ឬ ចុចកុំព្យូទ័រវាយឯកសារបណ្តើរ នឹកគិតពីគម្រោងនាពេលអនាគតបណ្តើរផងដែរ។ ការដើរជាសកម្មភាពគោលចម្បងមួយដែលត្រូវបានណែនាំដោយអ្នកជំនាញ ហើយលោកអ្នកក៏អាចគួបផ្សំវាជាមួយនឹងសកម្មភាពណាមួយទៀត។ ធ្វើកិច្ចការងារផ្ទះ ការងារផ្ទះដែលអ្នកធ្វើជាប្រចាំដូចជា ការបោកសម្លៀកបំពាក់ ការថែទាំសួនច្បារ ការលាងសម្អាតចាន ឬបោសសម្អាតផ្ទះជាដើម សុទ្ធតែរួមចំណែកធ្វើឲ្យខ្លួនប្រាណមានភាពនឿយហត់ និងបញ្ចេញជាតិពុលពីក្នុងខ្លួនប្រាណដូចគ្នានឹងលំហាត់ប្រាណមួយចំនួនផងដែរ។ ធ្វើដំណើរប្រចាំថ្ងៃ ចំណុចនេះអាចនឹងពិបាកបន្តិចសម្រាប់អ្នកដែលធ្វើដំណើរដោយរថយន្ត ឬម៉ូតូ ប៉ុន្តែលោកអ្នកក៏អាចឆ្លៀតបានតាមរយៈការដើរចុះឡើងនៅក្នុងការិយាល័យ ឬបន្ទប់ ធ្វើយ៉ាងណាឲ្យខ្លួនឯងសកម្ម និងមិននៅស្ងៀមតែមួយកន្លែង។ ពេលបញ្ចប់ការងាររួចរាល់ហើយ អ្នកក៏គួរឆ្លៀតពេល៥ទៅ១០នាទី ដើរត្រឹកៗនៅទីធ្លាផ្ទះផងដែរ។ ធ្វើការចតយានយន្តឲ្យឆ្ងាយបន្តិច បើមិនអាចឆ្លៀតដើរបានពេលផ្សេង លោកអ្នកអាចអនុ​វត្តវិធីមួយនេះបានប្រកបដោយ​ប្រសិទ្ធភាព​ដោយគ្រាន់តែដាក់ចតរថយន្ត ឬម៉ូតូឲ្យនៅឆ្ងាយបន្តិចពីផ្លូវចូលកន្លែងធ្វើការងារ  ឬពេលទៅផ្សារទំនើប ភោជនីយដ្ឋាន។ល។ ដោយគ្រាន់តែធ្វើបែបនេះ អ្នកក៏អាចចំណេញពេលប្រមាណនាទី ដុតកម្តៅជាតិពុលក្នុងខ្លួនប្រាណបាត់ទៅហើយ។ ហាត់ប្រាណបន្តិចបន្តួចក្នុងការិយាល័យ ការហាត់ប្រាណពិតជាផ្តល់នូវអត្ថប្រយោជន៍ដល់ទាំងសុខភាពរបស់អ្នកផ្ទាល់ និងផលិតភាពនៃការងាររបស់អ្នក។ ការពត់ពែនដងខ្លួននៅលើកៅអី (តាមចលនាមួយចំនួនដែលអ្នកអាចរកមើលបាននៅក្នុងការណែនាំដោយអ្នកជំនាញនៅក្នុងអ៊ីនធឺណែត) ក៏អាចនឹងគ្រប់គ្រាន់ និងប្រសើរជាងការដែលអង្គុយសំកុកគ្រប់នាទីសម្លឹងមើលតែអេក្រង់កុំព្យូទ័រដែរ។ ដើរទៅកាន់កន្លែងជិតៗ ការឆ្លៀតឱកាសដើរ ជាវិធីសាស្រ្តដ៏ល្អប្រសើរមួយសម្រាប់បុគ្គលដែលរវល់នឹងការងារ ព្រោះដូចដែលបានលើកឡើងខាងលើរួចមកហើយថា ការដែលធ្វើឲ្យខ្លួនឯងមានចលនា និងភាពសកម្មជាអ្វីដែលគ្រប់គ្នាគួរតែធ្វើ។ ប្រសិនបើមានកាលៈទេសៈណាដែលតម្រូវឲ្យអ្នកទៅកាន់កន្លែងខ្លះដែលមិនសូវស្ថិតក្នុងចម្ងាយឆ្ងាយខ្លាំង វានឹងជាការប្រសើរ បើអ្នកធ្វើដំណើរដោយថ្មើរជើង។ ប្រើប្រាស់ជណ្តើរជើង បុរសម្នាក់បានដុតរហូតដល់១៨០កាឡូរី តាមរយៈការប្រើជណ្តើរជើងរយៈពេល២០នាទី ជារៀងរាល់ថ្ងៃ។ ដូចគ្នាសម្រាប់អ្នកផងដែរ ប្រសិនបើមានជម្រើសនោះ អ្នកគួរតែរើសយកជណ្តើរជើង ជំនួសឲ្យជណ្តើរយន្ត។ សកម្មភាពមួយនេះក៏មានប្រយោជន៍ចំពោះសុខភាពបេះដូងរបស់អ្នកផងដែរ។ លំហាត់ប្រាណងាយៗ តាមការពិតទៅ មានចលនាលំហាត់ប្រាណតូចតាចខ្លះដែលអាចអនុវត្តដោយមិនប្រកាន់ទីកន្លែង ឬពេលវេលានោះឡើយ មានដូចជា ការលោតដោយលើកដៃទាំងពីរឡើងលើហើយទះដៃទាំងពីរ ការអោនចុះអាវ៉ង់ហើយងើបឈរឡើងដោយលើកដៃទំាងពីរ ជាដើម។ បន្ថែមពីលើសកម្មភាពដែលបានរៀបរាប់ខាងលើនេះហើយ អ្នកក៏ត្រូវតែប្រាកដដែរថាសារពាង្គកាយរបស់អ្នកបានទទួលថាមពលគ្រប់គ្រាន់តាមរយៈរបបអាហារដែលមានសារធាតុចិញ្ចឹមត្រឹមត្រូវ ក៏ដូចជាក្នុងបរិមាណមួយគ្រប់គ្រាន់ល្មម។ «ការពារប្រសើរជាងព្យាបាល» ទាន់ពេលដែលសុខភាពអ្នកមិនទាន់មានបញ្ហា អ្នកគួរតែចំណាយពេល និងថវិកាទៅលើការទ្រទ្រង់វា​ ជាជាងការព្យាបាលវាទៅថ្ងៃអនាគត។ 

Share

ការត្អូញត្អែរថាមើលឆ្ងាយមិនច្បាស់ដែលចាំបាច់ត្រូវទៅមើលជិតតែម្តង ឬការធ្វើភ្នែកព្រឹមៗនៅពេលចង់មើលអ្វីមួយច្បាស់ជាមួយនឹងអាការៈឈឺរោយជុំវិញក្រឡង់ភ្នែក (eyestrain) ដែលធ្វើឲ្យទទួលអារម្មណ៍ថាឈឺណែនក្បាលជាដើម អាចបង្ហាញថាជាសញ្ញានៃម៉្ញូប។ ថ្វីត្បិតថាម៉្ញូបកើតជាធម្មតាទៅហើយសម្រាប់មនុស្សសម័យថ្មីនេះ តែវាក៏ជាការពិតដែរ ដែលម៉្ញូបបានធ្វើឲ្យជីវិតអ្នកប្រែប្រួលមួយកម្រិតដែរ ដូចនេះការយកចិត្តទុកដាក់លើសុខភាពភ្នែករបស់អ្នកទាំងមុន និងក្រោយពេលម៉្ញូប គឺជារឿងដែលមិនគួរមើលរំលង។ ធ្វើយ៉ាងណាទើបដឹងថាអ្នកពិតជាម៉្ញូប? ការទៅពិគ្រោះជាមួយគ្រូពេទ្យខាងចក្ខុរោគ ឬក៏ហាងវាស់វ៉ែនតា (Optometry) ជារឿងដែលអ្នកគួរគិតដល់ ដើម្បីធ្វើការវាស់គំហើញ(VA)ជាមុន ដោយសារការវាស់នេះអាចឲ្យដឹងថា អ្នកគួរប្រើប្រាស់វ៉ែនតាប្រភេទភ្លឺ ឬមិនភ្លឺ។ បន្ទាប់មក គេធ្វើការវាស់ Pinhole ដែលតម្រូវឲ្យអ្នកមើលតាមចន្លោះតូចៗម្តង។ ក្រោយមកទៀត គ្រូពេទ្យនឹងធ្វើការវាស់ដឺក្រេតាម២របៀបបន្តបន្ទាប់គ្នាគឺ Subjective និង Objective ដែលការវាស់បែប Subjectiveត្រូវធ្វើជាមួយ Retinoscope ឬម៉ាស៊ីន Autorefractor  និងបន្ទាប់ពីនោះឲ្យអ្នកជំងឺសាកលវ៉ែនតាគំរូ (Trial lenses) ដែលនេះហៅថាការវាស់ដឺក្រេតាមបែប Objective ។ គួរបញ្ជាក់ថា​ការវាស់បែប Subjective និងobjective អាចមានភាពខុសគ្នា ដោយសារពេលខ្លះការវាស់ដោយម៉ាស៊ីន និងការសាកលវ៉ែនតាគំរូទៅតាមលទ្ធផលវាស់ដោយម៉ាស៊ីននោះ មិនត្រូវនឹងអ្នកជំងឺ ដូចនេះ តម្រូវឲ្យមានការកែតម្រូវដឺក្រេរហូតដល់អ្នកជំងឺទទួលយកបាន និងមើលច្បាស់ដែលមានន័យថា លទ្ធផលគឺផ្អែកលើ Objective តេស្តជាធំ។ ក្រៅពីនោះ គ្រូពេទ្យក៏អាចធ្វើការពិនិត្យបាតភ្នែកផងដែរ ដើម្បីរកផលវិបាកនៃជំងឺម៉្ញូប ប្រសិនបើគាត់មានម៉្ញូបខ្លាំង។ ពេលណាគួរមកពិគ្រោះជាមួយគ្រូពេទ្យ? វាអាស្រ័យលើស្ថានភាព និងមុខរបររបស់អ្នកជំងឺផ្ទាល់ ដែលក្នុងករណីស្រវាំងបន្តិចបន្តួច តែគាត់ជាអ្នកស្រែចំការដែលមិនសូវប្រើភ្នែកក្នុងការមើលរបស់តូចៗ ឬជិតៗច្រើននោះ គាត់មិនចាំបាច់មកជួបគ្រូពេទ្យក៏បាន។ ប៉ុន្តែអាការៈដដែលនេះ សម្រាប់អ្នកធ្វើការ ឬសិស្សនិស្សិត ដែលត្រូវការប្រើប្រាស់ភ្នែកជាចម្បងក្នុងការសម្លឹងមើលរបស់តូចៗរយៈពេលយូរ ដូចជាសៀវភៅ កុំព្យូទ័រ ក្តារខៀន ឬក៏ការបញ្ចាំងមេរៀនតាមស្លាយ (Slides show)ជាដើម គួរតែជាពេលដែលគាត់ត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកវាស់វ៉ែនតាហើយ។ មូលហេតុនៃការម៉្ញូប ភាពលូតលាស់មិនស្របគ្នារវាងកញ្ចក់ភ្នែក និងទំហំនៃគ្រាប់ភ្នែក (វាស់ពីមុខមកក្រោយ) ដែលវាកើតឡើងមកពីភ្នែកទៅជារីកធំខុសពីធម្មតា ឬកញ្ចក់ភ្នែកកោងខ្លាំងពេក ដែលកំណោងកញ្ចក់ភ្នែកធ្វើឲ្យមានការបត់កាំពន្លឺជាកំនុំរូបភាពនៅខាងមុខបាតភ្នែកជាមូលហេតុនៃការម៉្ញូប។ ជាទូទៅ គេចាត់ទុកប្រវែងធម្មតារបស់ភ្នែក គឺ២៤មីលីម៉ែត្រ ប្រសិនបើអង្កត់ផ្ចិតនេះធំខុសពីធម្មតានោះកញ្ចក់ភ្នែកធម្មតារបស់យើង នឹងធ្វើការបត់កាំពន្លឺនៅខាងមុខបាតភ្នែក ធ្វើឲ្យកាំពន្លឺដែលផ្តុំគ្នាជាកំនុំរូបភាពត្រូវនៅខាងមុខបាតភ្នែក។ សូមបញ្ជាក់ថា តាមការស្រាវជ្រាវមួយចំនួន គេឃើញថាពុំមានមូលហេតុច្បាស់លាស់ដែលបង្កឲ្យម៉្ញូបទេ តែ៩០%ត្រូវបានគេសន្និដ្ឋានថាបណ្តាលមកពីតំណពូជ ឬហ្ស៊ែន តែមិនទាន់ដឹងថាក្រូម៉ូសូមប្រាកដណាមួយ ជាអ្នកកំណត់ការម៉្ញូបទេ។ កត្តាអាចឲ្យអ្នកប្រឈមមុខនឹងម៉្ញូប កត្តាប្រឈមមុខមួយចំនួនក៏ត្រូវបានដឹងផងដែរថា អាចបណ្តាលឲ្យម៉្ញូបក្នុងនោះរួមមានបរិយាកាសរស់នៅ ឬធ្វើការ ដូចជាការធ្វើការនៅការិយាល័យដែលការងារតម្រូវឲ្យមើលតែរបស់ជិតៗខ្លួន មិនសូវមានពេលសម្លឹងទៅឆ្ងាយ ឬសម្រាកភ្នែកបានគ្រប់គ្រាន់ ការមើល ឬសម្លឹងរបស់ជិតៗដូចជា ការអានសៀវភៅ ឬប្រើប្រាស់ទូរស័ព្ទថេបប្លេតជាដើម។ គួរឲ្យដឹងផងដែរថា ករណីដែលភ្នែកមើលជិតជាង៦ម៉ែត្រភ្នែក យើងនឹងធ្វើការសម្របសម្រួលដោយសាច់ដុំភ្នែកឲ្យចាប់ផ្តើមធ្វើការដែលជាហេតុធ្វើឲ្យផ្តល់សម្ពាធដល់ភ្នែក តែបើយើងមើលលើសពី៦ម៉ែត្រ ភ្នែករបស់យើងស្ថិតនៅក្នុងសភាពសម្រាក។ អ្នកណាខ្លះអាចប្រឈមមុខនឹងការម៉្ញូប? តាមការសិក្សាមួយរបស់លោកសាស្ត្រាចារ្យ ងី ម៉េង នៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាលលើមនុស្សចំនួន៥,៥២៧នាក់ អាយុពី១២ទៅ១៤ឆ្នាំ ឃើញថាមាន៥,៥៧% ជាអ្នកមានកំហុសកំនុំ (Refractive error) ដែលរួមមានទាំងម៉្ញូប Hyperopia អាស្ទីម៉ាតដែលការស្រាវជ្រាវនោះ បង្ហាញថាអ្នករស់នៅទីក្រុង(១៣,៧%)មានអត្រាប្រឈមមុខខ្ពស់ជាងនៅជនបទ(២,៥%)។ មានការសិក្សាមួយទៀតនៅអាស៊ីអាគ្នេយ៍ ដោយសិក្សាទៅលើមនុស្សចំនួន២១៥ពាន់នាក់នៅលើ១០ប្រទេសពីអាយុទើបកើតដល់៩៦ឆ្នាំ ក្នុងនោះម៉្ញូបមានដល់ទៅ៩៦,៣% ដែលមួយផ្នែកធំគឺ ស្ថិតនៅវ័យ១៦ឆ្នាំ។ ម្យ៉ាងទៀត គេក៏សង្កេតឃើញផងដែរថា ករណីកំហុសកំនុំនៅកម្ពុជា គឺកើតមានតិចជាងនៅប្រទេសជឿនលឿនដទៃ ។ មានការព្យាបាលដែរឬទេសម្រាប់អ្នកភ្នែកម៉្ញូប? ករណីដែលម៉្ញូបទាក់ទងនឹងហ្ស៊ែននោះ ពុំមានវិធីក្នុងការបញ្ឈប់ការវិវឌ្ឍទៅរកភាពម៉្ញូប ឬឡើងដឺក្រេភ្នែកទេ។ ចំពោះម៉្ញូបដែលកើតមាននៅវ័យក្មេង ការវិវឌ្ឍនឹងមានសភាពលឿន ប៉ុន្តែវានឹងថយចុះវិញនៅក្រោយអាយុ១៩ឆ្នាំ ឬ២២ឆ្នាំ។ ក្នុងករណីដែលការម៉្ញូបរបស់គាត់ឈប់មានការវិវឌ្ឍមានន័យថា គាត់បានជោគជ័យក្នុងការព្យាបាល តែករណីដែលការវិវឌ្ឍនៅតែបន្តនោះការព្យាបាលនឹងត្រូវធ្វើជាបន្ត ហើយការពាក់វ៉ែនតា ឬធ្វើការវះកាត់បន្តទៀតក៏ត្រូវបានពិចារណាដដែល។ ដូចនេះ ការព្យាបាលដាច់ ឬក៏អត់ គឺអាស្រ័យនឹងការវិវឌ្ឍរបស់ម៉្ញូប។ ពុំមានថ្នាំណាមួយសម្រាប់បញ្ឈប់ការឡើងដឺក្រេបានទេ ហើយក៏ពុំមានការបញ្ជាក់ណាមួយពីប្រសិទ្ធភាពរបស់វាដែរ។ ការព្យាបាលដែលងាយបំផុត គឺពាក់វ៉ែនតាមុននឹងឈានដល់ដំណាក់កាលវះកាត់ ដែលជាទូទៅវ៉ែនតាប្រភេទដកត្រូវប្រើចំពោះអ្នកម៉្ញូប ឯ Hyperopia ត្រូវប្រើប្រាស់វ៉ែនតាបូក រីឯអាស្ទីម៉ាតអាចមានបូក និងដកទៅតាមការពិនិត្យ និងវាស់ឃើញជាក់ស្តែង ។ រីឯការវះកាត់លើកញ្ចក់ភ្នែកដូចជាការប្រើប្រាស់ឡាស៊ែរ ការបញ្ចូលកងទៅនឹងកម្រាស់កញ្ចក់ភ្នែក ដើម្បីធ្វើកំណោងកញ្ចក់ភ្នែកមានកំណោងមកធម្មតាវិញ។ សម្រាប់ដែលមានម៉្ញូបកម្រិតខ្ពស់ (២០ Diopters) អាចធ្វើការវះកាត់ដោយបញ្ចូលកញ្ចក់សិប្បនិម្មិតតម្រូវ នឹងភ្នែករបស់យើងជំនួសកញ្ចក់ភ្នែករបស់យើង។ គោលបំណងនៃការវះកាត់គឺ ដើម្បីឲ្យភ្នែករបស់យើងត្រលប់មកធម្មតាវិញ ប៉ុន្តែអ្នកជំងឺអាចប្រើប្រាស់វ៉ែនតាក្នុងកម្រិតស្រាលមួយ ដើម្បីមើលច្បាស់ ​ពីព្រោះការវះកាត់ជាក់ស្តែងអាចជួយអ្នកជំងឺបន្ថយដឺក្រេភ្នែកបានប៉ុន្តែមិនទាំងស្រុងទេ។ ការប្រឈមមុខនឹងផលវិបាកដោយសារការម៉្ញូប ករណីដែលមិនធ្វើការព្យាបាល ឬពាក់វ៉ែនតាជាជំនួយគឺ ដំបូងវានឹងជះឥទ្ធិពលមិនល្អដល់គុណភាពនៃជីវិតដោយការមើលឆ្ងាយមិនច្បាស់ដូចអ្នកដទៃ ធ្វើការងារផ្សេងៗដោយមិនសូវងាយស្រួល ព្រមទាំងរំខានដោយអាការៈនៃបញ្ហាម៉្ញូប ដូចជា ឈឺក្បាល តឹងគ្រាប់ភ្នែក ឈឺក្រឡង់ភ្នែក ហើយលើសពីនោះក៏ប្រឈមមុខនឹងជំងឺផ្សេងៗ ក្នុងករណីដែលម៉្ញូបកម្រិតខ្ពស់ដូចជា ជំងឺរបកបាតភ្នែក ដក់ទឹកក្នុងភ្នែកកោសិកាបាតភ្នែកហិនហោច ដែលជាទូទៅអាចកើតចំពោះអ្នកដែលម៉្ញូបខ្លាំងចាប់ពីកម្រិត៥ ឬ៦Diopters ឡើងទៅ។ «ចំពោះអ្នកដែលមានបញ្ហាភ្នែក ឬមានអាការៈដូចដែលបានរៀបរាប់ខាងលើ សូមទៅរកអ្នកផ្តល់សេវាកាត់វ៉ែនតា ឬទៅជួបគ្រូពេទ្យឲ្យបានត្រឹមត្រូវ ព្រោះការវាស់វ៉ែនតាខុសធ្វើឲ្យមានការខាតបង់មិនសំដៅដល់អាយុជីវិតផ្ទាល់ទេ តែសំដៅដល់ការខាតទាំងប្រយោជន៍ និងពេលវេលាដែលផ្ទុយពីការពាក់វ៉ែនតាត្រឹមត្រូវ ដែលផ្តល់នូវភាពងាយស្រួលពិតប្រាកដដល់ការរស់នៅជាងពេលមិនពាក់វ៉ែនតា។ ដោយឡែក ចំពោះជំនឿរបស់បងប្អូនយើងជាច្រើនមកដល់បច្ចុប្បន្នជាពិសេសមាតាបិតាដែលថា ការពាក់វ៉ែនតាធ្វើឲ្យភ្នែកកូនចេះតែឡើងដឺក្រេ និងមានអារម្មណ៍ថាកូនមិនល្អដូចអ្នកដទៃទៅវិញ គួរតែត្រូវបានពិចារណាឡើងវិញពីព្រោះការពិតវាពុំមែនជាបញ្ហាអ្វីធំដុំនោះទេ ហើយអ្វីដែលសំខាន់នោះ គឺគំហើញច្បាស់របស់កូនដែលអាចជួយឲ្យជីវិតពួកគេប្រសើរឡើងរួមទាំងការរៀនសូត្រ ការប្រកបការងារព្រមជាមួយនឹងគុណភាពជីវិតដ៏ល្អផងដែរ» នេះជាប្រសាសន៍ផ្តាំផ្ញើររបស់លោកវេជ្ជបណ្ឌិតប៉ោក ធន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្រៅពីរូបសម្បត្តិ សុភាពបុរសក៏អាចនឹងមានភាពទាក់ទាញជាមួយនឹងទេពកោសល្យ និងជំនាញផ្សេងៗរបស់ខ្លួន។ ជាក់ស្តែង ការចេះចម្អិនអាហារក៏ជាមន្តស្នេហ៍ទាក់ទាញមួយបែបផងដែររបស់បុរស....កាលពី៣០ឆ្នាំមុន មនុស្សប្រុសគិតថាការចម្អិនម្ហូបអាហារ គឺជាការងាររបស់ស្រ្តី។  តែបើក្រឡេកមកមើលបុរសសម័យថ្មីវិញ ៤៣%នៃពួកគេបានបែរមករកការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះ នេះបើយោងតាមទិន្នន័យរបស់កាសែតវ៉ាស៊ីនតោនផុស។ តើមូលហេតុអ្វីបានជាបុរសភាគច្រើនផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនបែបនេះ? ការផ្លាស់ប្តូររបស់ស្រ្តី កាលពីមុនមនុស្សស្រីជាស្រ្តីមេផ្ទះ ហើយបុរសជាអ្នកប្រកបរបរផ្គត់ផ្គង់គ្រួសារ ដូចនេះស្រ្តីមានតួនាទីតែមួយគត់ គឺធ្វើការងារផ្ទះ។ ប៉ុន្តែមកទល់នឹងពេលនេះមានការផ្លាស់ប្តូរដ៏ធំមួយដោយស្រ្តីក៏មានភាពមមាញឹកក្នុងការប្រកបរបរផ្គត់ផ្គង់គ្រួសារដូចនឹងបុរសដែរ។ ទាំងនេះហើយទើបធ្វើឲ្យបុរសងាកមករកការធ្វើការងារផ្ទះដូចជាការចម្អិនម្ហូបអាហារ គឺដើម្បីជួយសម្រួលការងារស្រ្តី។ កត្តាទាក់ទងនឹងបុរសខ្លួនឯង     •បង្កើនភាពស្និទ្ធស្នាល ការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះអាចចាត់ទុកថាជាការទុកពេលវេលាឲ្យខ្លួន ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារតាមរយៈរសជាតិចេញពីទឹកចិត្តផ្ទាល់។     •សន្សំថវិកា ជាការពិតសម្រាប់ការរស់នៅម្នាក់ឯង ការទិញអាហារចម្អិនស្រាប់ពិតជាងាយ និងពេលខ្លះមានតម្លៃថោក ក៏ប៉ុន្តែភាគច្រើនក៏អាចធ្វើឲ្យប្រឈមមុខនឹងជំងឺជាច្រើនផងដែរ ដែលនឹងធ្វើឲ្យខាតថវិកាកាន់តែច្រើនឡើង។ ដោយឡែកទទួលទានម្ហូបចម្អិនស្រាប់ ត្រូវចំណាយថវិកាច្រើនដើម្បីទទួលបានបរិមាណអាហារគ្រប់គ្រាន់ និងមានទាំងគុណភាព ព្រមទាំងសុវត្ថិភាព។     •សុខភាព ប្រហែលនឹងចំណុចខាងលើ បន្ទាប់ពីចំណាយពេលធ្វើការអស់រយៈពេលពេញមួយថ្ងៃ បុរសមួយចំនួនបានជ្រើសយកការត្រឡប់មកផ្ទះដើម្បីចម្អិនអាហារសម្រាប់សុខភាព ក៏ដូចជាដើម្បីបង្កើនថាមពលឡើងវិញ និងចៀសផុតពីជំងឺផ្សេងៗផងដែរ ដោយពួកគាត់អាចកំណត់នូវបរិមាណអាហារដែលផ្ដល់ថាមពលគ្រប់គ្រាន់សម្រាប់ខ្លួនបាន។     •បង្ហាញពីភាពរឹងមាំ និងឯករាជ្យ ផ្ទុយពីការគិតថាមានតែស្រ្តីប៉ុណ្ណោះដែលត្រូវធ្វើការងារទាំងនេះ និងអាចចម្អិនអាហារដ៏មានឱជារស បុរសមួយចំនួនព្យាយាមបង្ហាញថាខ្លួនក៏អាចបង្កើតនូវឱជារសនេះដោយខ្លួនឯងដោយមិនចាំបាច់ពឹងពាក់នារីបានដែរ។     •បង្កើនភាពច្នៃប្រឌិតរបស់ខ្លួន ការចម្អិនអាហារក៏មិនខុសពីការងារដទៃដែរ ការធ្វើដោយការពេញចិត្ត និងទៅតាមចំណង់ចំណូលចិត្តនឹងនាំមកនូវគំនិតច្នៃប្រឌិតប្លែកៗជាច្រើន។ ភ្ជាប់ជាមួយស្នាដៃច្នៃប្រឌិតរបស់ពួកគេ បុរសសម័យថ្មីជាច្រើនក៏ចាត់ទុកការចម្អិនអាហារជាសិល្បៈមួយបែបដែលធ្វើឲ្យជីវិតរបស់គេមានភាពស្រស់ស្រាយបន្ថយភាពតានតឹង និងធ្វើឲ្យសុខភាពផ្លូវកាយ និងចិត្តរឹងមាំ។ ការពង្រឹងនូវចំណេះដឹងផ្នែកអាហារ ស្របពេលជាមួយនឹងការរីកចម្រើនខាងបច្ចេកវិទ្យានៃប្រព័ន្ធទំនាក់ទំនងសង្គមដូចជា​ Facebook ឬ Instagram និងការលូតលាស់វប្បធម៌នៃការអានសៀវភៅ ឬទស្សនាវដ្តីបានបង្កើនភាពងាយស្រួលក្នុងការបង្ហាញអំពីការធ្វើអាហារដែលអាចជម្រុញទឹកចិត្តបុរសៗឲ្យមានចំណង់ក្នុងការចម្អិនម្ហូបអាហារដោយពួកគាត់អាចអនុវត្តតាមការណែនាំក្នុងការចម្អិនអាហារតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។ ហើយពួកគេក៏អាចចែករំលែកស្នាដៃរបស់គេ និងលើកទឹកចិត្តដល់បុរសដទៃទៀតឲ្យចូលរួមចម្អិនម្ហូបអាហារដូចពួកគេដែរ។ សរុបមក…បុរសៗដែលបានយកការចម្អិនអាហារជាចំណង់ចំណូលចិត្តមួយ គួរតែបន្តការចូលចិត្តនេះដោយមិនចាំបាច់ខ្វល់ពីមជ្ឈដ្ឋានមួយចំនួនឡើយ ព្រោះការពិតវាជាសកម្មភាពទាន់សម័យមួយទៅវិញទេ។  រីឯអ្នកដែលមិនទាន់ចាប់អារម្មណ៍នឹងការចម្អិន ក៏គួរសាកល្បងល៎មើលថា អ្នកអាចទទួលបានអត្ថប្រយោជន៍ណាមួយក្នុងចំណោមខាងលើនេះ…ព្រោះថា…វាប្រៀបបានជាមន្តស្នេហ៍ទាក់ទាញមួយទៀតសម្រាប់សុភាពបុរសគ្រប់គ្នាផងដែរ… ដូចដែលគេតែងនិយាយតគ្នាថា «មនុស្សម្នាក់ៗមានភាពទាក់ទាញ ពេលដែលបញ្ចេញស្នាដៃ និងទេពកោសល្យរបស់ខ្លួន»…កុំលាក់បាំាងអី!!!​​បើចេះធ្វើម្ហូបអី បញ្ចេញថ្វីដៃឲ្យគេដឹងផង…

Share

នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ នៅផ្សារទំនើបអ៊ីអន មានការដាក់បង្ហាញនូវកៅអីម៉ាស្សាជំនាន់ថ្មី ផលិតផលពីប្រទេសសាំងហ្គាពួរមួយឈ្មោះថា OSIM uLove នាំចូលផ្តាច់មុខដោយក្រុមហ៊ុន អូស៊ីម ដែលមានសាខានៅប្រទេសជាច្រើនទូទាំងពិភពលោក។  “ជាមួយនឹងបច្ចេកទេសទំនើបចុងក្រោយបង្អស់ ដោយមិនត្រឹមមានការបំពាក់នូវគ្រាប់លុញប្រភេទ “720o v-hand 3D  massage” ដែលអាចបង្វិលបានរហូតដល់ ៣៦០ដឺក្រេ ពីលើទៅក្រោម និងពីឆ្វេងទៅស្តាំ ចូលទៅគ្រប់ចំនុចនៃរាងកាយ តាំងពីក្បាលដល់ចុងជើង, OSIM uLove ក៏មានបំពាក់ផងដែរនូវឧបករណ៍បំពងសម្លេង ដែលអាចភ្ជាប់ជាមួយនឹងទូរស័ព្ទ ដើម្បីជ្រើសរើសបទភ្លេងរបស់អ្នកនៅអំឡុងពេលម៉ាស្សា អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍នៃការម៉ាស្សាពេញមួយតួខ្លួនដ៏ល្អ មិនអាចបំភ្លេចបាន ព្រមជាមួយនឹងការបំបាត់ភាពចុករោយ ភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព និងអាចជួយសម្រួលសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តក្នុងពេលតែមួយ ដែលទាំងនេះគឺស័ក្តិសមបំផុតសម្រាប់មនុស្សជំនាន់ថ្មី” នេះបើតាមការលើកឡើងរបស់លោក Gary Ng អគ្គនាយកក្រុមហ៊ុន អូស៊ីមប្រចាំនៅកម្ពុជា។ គួរបញ្ជាក់ថា រាល់ការរចនា និងមុខងារ ឬកម្មវិធីម៉ាស្សារបស់ OSIM uLove សុទ្ធតែត្រូវបានឆ្លងកាត់ការសិក្សា ត្រួតពិនិត្យ និងរៀបចំឡើងដោយលោកវេជ្ជបណ្ឌិតជនជាតិជប៉ុន សាតូ សូយូស៊ី អ្នកឯកទេសផ្នែកព្យាបាលដោយម៉ាស្សា ផ្អែកទៅតាមបែបបទរស់នៅដ៏សម្បូរបែប ក៏ដូចជាតម្រូវការ និងភាពរីករាយរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្នតែម្តង។ ដោយសារតែលក្ខណៈពិសេសទាំងអស់នេះហើយ OSIM uLove ក៏ត្រូវបានទទួលការគាំទ្រ និងកោតសរសើរផងដែរពីសំណាក់តារាសម្តែងដ៏ល្បីឈ្មោះរបស់តៃវ៉ាន់គឺកញ្ញា Fan Bing Bing ។ គួររំលឹកផងដែរថា ដោយមានការផ្តល់ជូននូវការសាកល្បងដោយសេរីលើ OSIM uLove នៅក្នុងកម្មវិធីដាក់បង្ហាញនេះ អតិថិជនប្រមាណ១០០នាក់ ក៏បានទទួលយកបទពិសោធន៍នៃការម៉ាស្សាដោយផ្ទាល់ និងបានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីប្រសិទ្ធភាពនៃការម៉ាស្សានេះ ដោយក្នុងនោះអតិថិជនជាច្រើននាក់បានលើកឡើងថាពួកគេសឹងតែគេងលក់នៅអំឡុងពេលសាកល្បងនេះ ហើយខ្លះក៏បង្ហាញការពេញចិត្ត អំពីផាសុកភាពដែលផ្តល់ដោយកៅអីម៉ាស្សា OSIM uLove ដោយបញ្ជាក់ផងដែរថាវាអាចតម្រូវទៅតាមរូបរាងរបស់ពួកគេបានយ៉ាងល្អ ព្រមទាំងមានលក្ខណៈបិទបាំងល្មមសម្រាប់រក្សាភាពឯកជនរបស់ពួកគេបានទៀតផង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share
Top