- Aug 14, 2018 |
- 7 years ago |
- 8.6K views
វិធីសាស្ត្រទាំង៧ បង្រៀនកូនៗឲ្យក្លាយជាក្មេងក្លាហាន!
ឳពុកម្តាយគ្រប់រូបតែងតែចង់ឲ្យកូនរបស់ខ្លួនក្លាហាន ដើម្បីឲ្យពួកគេហ៊ានប្រឈមមុខគ្រប់រឿងដែលកើតឡើង រឹតតែចេះសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវ។ អ្នកជាអាណា-ព្យាបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀនកូនៗរបស់អ្នកចាប់តាំងពីពួកគេនៅជាក្មេងតូចៗ ដែល៧វិធីខាងក្រោម ពិតជាអាចជួយលោកអ្នកបាន៖ ធ្វើជាបុគ្គលគំរូសម្រាប់ពួកគេ ប្រសិនអ្នកចង់ឲ្យកូនៗរបស់អ្នកក្លាយជាមនុស្សក្លាហាន អ៊ីចឹងអ្នកក៏ត្រូវក្លាហានដូចគ្នា ឬអាចនិយាយបានថាអ្នកជាបុគ្គលដំបូងដែលកូនៗរបស់អ្នកនឹងយកជាគំរូ។ ចូរសាកល្បងធ្វើនូវអ្វីដែលអ្នកមិនធ្លាប់ធ្វើ ហើយមានអារម្មណ៍ថាភ័យខ្លាច ជាមួយកូនៗរបស់អ្នក ដើម្បីឲ្យពួកគេឃើញថាទោះបីវាជារឿងដែលអ្នកខ្លាចក៏អ្នកនៅតែក្លាហានហ៊ានធ្វើវា។ ឧទាហរណ៍ អ្នកមិនចេះរាំ តែអ្នកក៏ហ៊ានរាំនៅទីសាធារណៈ ឬអ្នកមិនចេះជិះស្គី តែអ្នក ក៏ហ៊ានជិះ ដោយធ្វើវាជាមួយកូនរបស់អ្នក។ រៀបរាប់ពីវីរជនក្នុងសង្គម នៅពេលគិតលើបុគ្គល ដែលមានសេចក្តីអង់អាចក្លាហាន គ្រប់គ្នាតែងតែនឹកទៅដល់កងទ័ព អ្នកពន្លត់អគ្គីភ័យ ឬប៉ូលីសជាដើម។ ជាការពិត ពួកគេសុទ្ធតែ អាចផ្តល់ជាគំរូ ឬជាឧទាហរណ៍នៃភាពក្លាហាន ដល់កូនៗរបស់លោកអ្នកបាន។ លើសពីនេះ លោកអ្នកក៏អាចសរសេរជាពាក្យស្លោក ឬសុភាសិតមួយចំនួនអំពីភាពក្លាហានចេញពីបុគ្គលទាំងនោះ ដោយបិតវានៅកន្លែងដែលកូនៗរបស់អ្នកងាយនឹងមើលឃើញ។ ជំរុញឲ្យមានការចូលរួមប្រកួតប្រជែង រាល់ការប្រកួតប្រជែងតែងតែមានឧបសគ្គជានិច្ច ដូច្នេះ ការជម្នះឧបសគ្គទាំងនោះបាននឹងធ្វើឲ្យក្មេងរឹតតែមានទំនុកចិត្តលើខ្លួនឯង។ ក្រៅពីនេះ ពួកគេក៏ត្រូវរៀនទទួលនូវលទ្ធផលវិជ្ជមាន និងអវិជ្ជមានទាំងនោះឲ្យបាន ប្រសិនបើពួកគេបរាជ័យ វានឹងក្លាយជាមេរៀនមួយដែលធ្វើឲ្យក្មេងរឹតតែមានភាពរឹងមាំជាងមុន និងបង្កើនការខិតខំប្រឹងប្រែងបន្ថែម តែបើគេទទួលបានជោគជ័យ នោះវាជាសមិទ្ធផលដែលធ្វើឲ្យពួកគេមានសេចក្តីក្លាហានរឹតតែខ្លាំងឡើងៗ។ ឲ្យពួកគេសាកល្បងអ្វីដែលថ្មី ក្នុងនាមជាឪពុកម្តាយតែងការពារកូនរបស់ខ្លួនគ្រប់ពេល ទោះជាយ៉ាងណា អ្នកគួរតែឲ្យពួកគេប្រឈមជាមួយអ្វីមួយដែលថ្មី ទោះបើពួកគេអាចនឹងមានការភ័យខ្លាចក៏ដោយ។ លោកអ្នកអាចចាប់ផ្តើមទៅតាមដំណាក់កាល ម្តងមួយៗដោយព្យាយាមសាកល្បងអាហារថ្មី ឬលេង កីឡាដែលពួកគេមិនធ្លាប់បានលេង ជាដើម។ លើកទឹកចិត្ត និងសរសើរ ទោះបីជោគជ័យ ឬបរាជ័យ ម្តងឬច្រើនដងយ៉ាងណាក៏ដោយអ្នកជាឳពុកម្តាយ ឬអាណាព្យាបាលគឺជាបុគ្គលសំខាន់បំផុត ដែលពួកគេត្រូវការពាក្យលើកទឹកចិត្តនិងសរសើរ។ សម្តីរបស់អ្នកក្នុងពេលនោះ ប្រៀបបាននឹងអាវុធដ៏មុតស្រួច ក្រើនរំលឹកឲ្យកូនរបស់អ្នកជាប្រចាំឲ្យមានភាពក្លាហាន ជម្នះនូវគ្រប់ឧបសគ្គពេញមួយជីវិត។ បង្រៀនកូនឲ្យដឹងថា ធ្វើខុសមិនមែនជារឿងគួរឲ្យខ្លាចទេ ជាក់ស្តែង ក្មេងៗនៅសាលាភាគច្រើនតែងតែមិនហ៊ានឆ្លើយសំណួររបស់គ្រូ ដោយសារតែពួកគេគ្មានភាពក្លាហាននឹងឆ្លើយ ឬខ្លាចថា ចម្លើយរបស់ពួកគេអាចខុសជាដើម។ ដូចនេះ វាពិតជាសំខាន់ណាស់ក្នុងការដែលធ្វើឲ្យកូនៗរបស់-អ្នកក្លាហានក្នុងការនិយាយ ពិសេស អ្នកត្រូវឲ្យពួកគេដឹងថានិយាយខុសមិនមែនជារឿងដែលត្រូវខ្លាចនោះទេ។ ប្រាប់អំពីរឿងរ៉ាវប្រថុយ និងគ្រោះថ្នាក់ដែលអ្នកជួបប្រទះ ការចែករំលែកនូវបទពិសោធន៍មិនល្អនានាទៅដល់កូនៗរបស់អ្នក គឺជាវិធីសាស្រ្តមួយបង្ហាញអំពីការជម្នះលើរឿងដែលមិនស្ថិតក្នុងការរំពឹងទុក ពោលគឺអ្វីដែលកើតឡើងទាំងនឹកស្មានមិនដល់។ យុទ្ធសាស្ត្រនេះ ជួយឲ្យកូនៗរបស់អ្នកមានភាព ក្លាហានហ៊ានប្រឈមជាមួយនឹងគ្រោះថ្នាក់ ឬបញ្ហាផ្សេងៗ និងអាចដោះស្រាយវាប្រកបដោយទំនុកចិត្ត។ គ្មានអ្វីដែលប្រសើរជាងការដែលលោកអ្នកបានបណ្តុះនូវភាពក្លាហានដល់កូន តាំងពីកុមារភាពនោះឡើយ…….. ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share
