Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ក- កុំចូលគេងយប់ជ្រៅ ខ- ខំញ៉ាំអាហារឲ្យបានទៀងពេល គ- គេងឲ្យបានគ្រប់គ្រាន់ ឃ- ឃ្លាតឆ្ងាយពីគ្រឿងញៀន ង- ងូតទឹកសម្អាតកាយាឲ្យបានត្រឹមត្រូវ ច- ចេញទៅក្រៅ ត្រូវការពារស្បែកពីពន្លឺមិនល្អ ឆ- ឆ្លៀតពេលអានបន្ថែមអំពីចំណេះដឹងសុខភាព ជ- ជជែកពីបញ្ហាសុខភាពជាមួយអ្នកជំនាញ ឈ- ឈប់បំផ្លាញសុខភាពខ្លួនឯង ញ- ញញឹមឲ្យបានច្រើន ដ- ដាក់កាលវិភាគសម្រាកឲ្យបានគ្រប់គ្រាន់ ឋ- ឋានៈជាអ្វី ក៏ត្រូវឲ្យតម្លៃលើសុខភាព ឌ- ឌឺអ្វីក៏បាន តែហាមរឿងទម្ងន់ និងកម្ពស់ (ប៉ះទង្គិចផ្លូវចិត្តគេណាស់ណា) ឍ- ឍ (អត់មានទេ :) :) :) )  ណ- ណាត់ជួបពេទ្យហើយ ហាមខកណាត់ ត- តុបតែងបន្ទប់គេងឲ្យមានផាសុកភាព ថ- ថែទាំទាំងសុខភាពផ្លូវកាយ និងចិត្ត ទ- ទម្លាក់សម្ពាធពីខ្លួនខ្លះ ធ- ធ្វើសមាធិ ដើម្បីសុខភាពផ្លូវចិត្ត  ន- និយាយពីបញ្ហាក្នុងចិត្តជាមួយមនុស្សដែលទុកចិត្ត ប- បើកចិត្តឲ្យទូលាយ ផ- ផឹកទឹកឲ្យបានយ៉ាងតិច២លីត្រក្នុងមួយថ្ងៃ ព- ពិនិត្យសុខភាពតាមកាលកំណត់ ភ- ភ្លេចអ្វី ភ្លេចបាន តែហាមភ្លេចញ៉ាំបាយ ម- មិនថារវល់ម្តេចក្តី ទោះយប់ ឬថ្ងៃ ត្រូវមានពេលសម្រាក យ- យកចិត្តទុកដាក់ចំពោះបែបបទនៃការរស់នៅប្រចាំថ្ងៃ រ- រីករាយនឹងអ្វីដែលខ្លួនមាន ល- លែងប៉ះ ឬប្រើប្រាស់ផលិតផលអ្វីដែលប៉ះពាល់ដល់សុខភាព វ- វែកញែកពេលវេលាធ្វើការ និងសម្រាកឲ្យបានច្បាស់លាស់ ស- ស្រលាញ់ខ្លួនឯងឲ្យច្រើនជាងអ្នកដទៃ ហ- ហាត់ប្រាណឲ្យបានទៀងទាត់ ឡ- ឡើងចុះជណ្តើរជើង ជំនួសជណ្តើរយន្ត អ- អប់រំចិត្តឲ្យចាត់ទុក«សុខភាព» ជាអាទិភាពចម្បង យ៉ាងណាមិញ ទាំងនេះ គ្រាន់តែជាការចងក្រងដោយប្រមូលផ្តុំគំនិតផ្ទាល់ខ្លួនប៉ុណ្ណោះ បើមានអ្វីខុសឆ្គង សូមជួយណែនាំផង...

Share

Myobrace គឺជាឧបករណ៍ពត់ធ្មេញកុមារ (ពត់ធ្មេញតាំងពីពេលមានធ្មេញទឹកដោះ)​ ដែលវាប្រើពេលខ្លី មិនតម្រូវឲ្យពាក់លួស ដើម្បីពត់ និងមិនចាំបាច់ដកធ្មេញពេលពត់នោះទេ។ ចំពោះមនុស្សយើងទូទៅ មិនសូវបានចាប់អារម្មណ៍ និងថែទាំធ្មេញទឹកដោះសម្រាប់កុមារឡើយ ហើយគិតថាវាមិនសូវសំខាន់ទេ​ ចាំពេលដុះធ្មេញស្រុកចាំចាប់ផ្ដើមគិតថែទាំ និងយកចិត្តទុកដាក់។​ ការសិក្សាដោយក្រុមទន្តពេទ្យបានឲ្យដឹងថាការថែទាំធ្មេញទឹកដោះបានល្អ​ វានឹងធ្វើឲ្យធ្មេញស្រុក ឬអចិន្ត្រៃយ៍ដុះចេញមកក៏បានល្អដែរ។ ដូចគ្នានោះដែរ ការដែលយើងពត់ធ្មេញឲ្យហើយ គឺការពត់ធ្មេញចាប់តាំងពីពេលមានធ្មេញទឹកដោះដុះចេញមក ពិតជាល្អ និងប្រើពេលខ្លីជាងការពត់ធ្មេញស្រុក ឬធ្មេញអចិន្ត្រៃយ៍​។ ឧបករណ៍ពត់ធ្មេញ​ Myobrace គឺជាការព្យាបាលពត់ធ្មេញដែលផ្តោតលើការដោះស្រាយមូលហេតុដើមនៃធ្មេញដុះកោង​ ចង្អៀត និងដុះវៀចមិនត្រង់ជួរ​ដែលជាញឹកញាប់ វាកើតដោយគ្មានតម្រូវការសម្រាប់ធ្មេញ ឬការធ្វើឲ្យមានភាពធម្មជាតិ និងការអភិវឌ្ឍល្អនៃធ្មេញ។ ការព្យាបាល គឺសមស្របបំផុតសម្រាប់កុមារដែលមានអាយុពី 3 ទៅ 15ឆ្នាំ និងពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ប្រើប្រាស់ក្នុងមាត់ដែលអាចប្រើបានក្នុងរយៈពេល 1-2 ម៉ោងក្នុងពេលថ្ងៃ បូកជាមួយនឹងការប្រើពេលគេងនៅពេលយប់។ តាមការសិក្សារបស់ក្រុមទន្តពេទ្យបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យធ្មេញដុះមិនត្រង់គឺបង្កឡើងតាំងពីពេលដែលយើងមិនបានថែទាំធ្មេញទឹកដោះឲ្យបានល្អ​ និងដោយសារមានទម្លាប់មិនល្អដូចជា កង្វះអនាម័យមាត់ធ្មេញ​ ចូលចិត្តបៀម ដកដង្ហើមតាមមាត់ និងការលូតលាស់មិនល្អចំពោះឆ្អឹងថ្គាម។ អ្វីជាការព្យាបាលរបស់ Myobrace? -កែតម្រូវទម្លាប់មាត់ធ្មេញមិនល្អ -អភិវឌ្ឍ និងកែតម្រូវឆ្អឹងថ្គាម -តម្រង់ធ្មេញឲ្យត្រង់ -បង្កើនប្រសិទ្ធភាពការអភិវឌ្ឍឆ្អឹងមុខ -ធ្វើឲ្យប្រសើរឡើងនូវសុខភាពទូទៅ -កែប្រែទម្លាប់ទទួលទានអាហារឲ្យបានល្អ។ តើ Myobrace ធ្វើការព្យាបាលយ៉ាងដូចម្តេច ចំពោះកុមារ? -ធ្វើឲ្យកុមារដកដង្ហើមតាមច្រមុះបានល្អ -ទីតាំងអណ្តាតត្រឹមត្រូវ -ការលេបត្រឹមត្រូវ -រក្សាបបូរមាត់ជាមួយគ្នា -កត្តាទាំង៤ខាងលើនេះហើយក៏ជាមូលហេតុបណ្ដាលឲ្យធ្មេញដុះមិនល្អ។ ការព្យាបាលការពត់ធ្មេញដោយ Myobrace មាន៤ដំណាក់កាល ៖ -ការកែខ្លួនទម្លាប់ -ការអភិវឌ្ឍឆ្អឹងក្រអូមមាត់ -ការតម្រឹមតំរង់ធ្មេញ -រក្សាទុកលំនឹង បន្ទាប់ពីការព្យាបាលពត់ធ្មេញហើយ។ បកស្រាយដោយលោកទន្តបណ្ឌិត លឹម ឈុនស្រេង នៃ  Malis Dental Clinic ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្នុង១ឆ្នាំៗ មានមនុស្សស្លាប់ដោយសារជំងឺមហារីកមាត់ ឬមហារីកមាត់និងបំពង់កផ្នែកខាងលើ នៅប្រទេសអាមេរិក។ ជាង ៥១,៥៥០ ករណី នៃជំងឺមហារីកមាត់ និងបំពង់កផ្នែកខាងលើ  ត្រូវបានរកឃើញនៅប្រទេសអាមេរិកឆ្នាំនេះ។ ក្នុងករណីទាំងនោះ ៤០% មិនអាចរស់លើសពី៥ឆ្នាំនោះទេ ហើយអ្នកដែលអាចរស់បានរយៈពេលវែងនឹងមានបញ្ហាដូចជា ការខូចទ្រង់ទ្រាយមុខ ឬ មានការពិបាកក្នុងការនិយាយ និង ការញ៉ាំអាហារ។ អត្រាស្លាប់ដោយសារជំងឺនេះនូវមានកម្រិតខ្ពស់ ដោយសារការរកឃើញនៃជំងឺមហារីកយឺត។ បុន្តែ ប្រសិនបើយើងអាចរកឃើញហើយព្យាបាលជំងឺមហារីកមាត់ បានរហ័ស និងព្យាបាលទាន់ពេលវេលា ការព្យាបាលនឹងមានភាពជោគជ័យខ្ពស់ ព្រមទាំងកាត់បន្ថយផលលំបាកក្រោយការព្យាបាលបានច្រើន ។ គួរត្រួតពិនិត្យមាត់ ធ្មេញជាមួយទន្តបណ្ឌិតឲ្យបានទៀងទាត់ គួរតែពិនិត្យមើលរោគសញ្ញា និង អាការៈនៃមហារីកមាត់ជាប្រចាំដោយនៅពេលមកត្រួតពិនិត្យធ្មេញ និង ត្រូវមកជួបទន្តពេទ្យវិញ ប្រសិនបើរោគសញ្ញានោះមិនបាត់ ឬ ប្រសើរជាងមុន ក្នុងរយៈពេល២ទៅ៣ សប្តាហ៍។ រោគសញ្ញាគួរប្រុងប្រយត្ន័ ៖ •មានដំបៅដែលមិនជាសះស្បើយក្នុងរយៈពេល២សប្តាហ៍ •មានការប្រែពណ៌ទៅជា ក្រហម ស ឬ ខ្មៅ នៃជាលិកាទន់ក្នុងមាត់ •ដំបៅ ដែលមានឈាមពេលប៉ះវា •មានឡើងដុំ ឬ ដុំរឹងលើជាលិកា (ភាគច្រើននៅចំហៀងនៃអណ្តាត) •ជាលិកាឡើងខ្ពស់ជុំវិញ •មានដុំបៅនៅក្រោមធ្មេញស្និត ដែលមិនជាសះក្រោយពេលការកែតម្រូវរួច •ដុំដែលឡើងក្រាស់នៅក្នុងមាត់ •ឡើងដុំរឹងដែលពុំមានការឈឺចាប់នៅក ដែលលើសពី ២សប្តាហ៍ •រោគសញ្ញាទាំងនេះមានភាពដូចគ្នាត្រង់វាមិនជាសះស្បើយទៅវិញ។ រោគសញ្ញានៃមហារីកបំពង់ក ដែលកើតមកពី Human Papilloma Virus “HPV” អាចលើសពី ២ទៅ៣ សប្តាហ៍៖ •ស្អក ឬ ឈឺបំពង់កដែរមិនព្រមជាសះស្បើយ •ឡើងដុំរឹងដែលពុំមានការឈឺចាប់នៅក ដែលលើសពី ២សប្តាហ៍ •ការក្អកដែលមិនព្រមជា •មានការពិបាកក្នុងការលេប មានអារម្មណ៍ថាអាហារដក់ជាប់ក្នុងបំពង់ក •មានការឈឺចាប់ក្នុងត្រចៀកមួយចំហៀង លើសពី ២ទៅ៣ ថ្ងៃ •រោគសញ្ញាទាំងនេះមានភាពដូចគ្នាត្រង់វាមិនជាសះស្បើយទៅវិញ។ ប្រសិនបើមានរោគសញ្ញាទាំងនេះ សូមប្រញាប់ទៅជួបទន្តបណ្ឌិតជំនាញខាងជំងឺមហារីក។ កត្តាហានិភ័យ យោងទៅតាមការស្រាវជ្រាវ មានកត្តាច្រើន ដែលបង្កជាជំងឺមហារីកមាត់ និងបំពង់ក។ កាលពីមុន ជំងឺនេះភាគច្រើនកើតមានទៅលើមនុស្សដែលជក់បារី និង ផឹកស្រា ចាប់ពីអាយុ៥០ឡើងទៅ  ប៉ុន្តែបច្ចុ្បន្ន គេបានកត់សម្គាល់ថា ជំងឺមហារីកអាចនឹងកើតមានឡើងលើមនុស្សវ័យក្មេងអាយុតិចជាង៥០ឆ្នាំ ដែលមិនជក់បារីផងដែរ ដោយសារតែវីរុសប្រភេទម្យ៉ាងដែលមានឈ្មោះថា HPV16 ។ Human Papilloma virus (HPV16) មានការទាក់ទងគ្នារវាង ការវិវត្តិនៃ មហារីកមាត់ និងបំពង់ក (ភាគច្រើននៅក្រោមអណ្តាត) ។ វីរុសនោះនឺងបាត់ដោយឯកឯង (៩៩%) បុន្តែ១% ទៀតអាចផ្ទុកវីរុស ហើយវាអាចបង្កឲ្យមានជំងឺមហារីក។ ភាគច្រើននៃជំងឺមហារីកកើតទៅលើមនុស្សប្រុសច្រើនជាងស្រ្តី។ ប្រភព ៖ Oral Cancer Foundation  NEWPORT Beach, California, ថ្ងៃ២ ខែមេសា ២០១៨ /PRNewswire/ បកប្រែជាខេមរភាសាដោយ ៖ សមាគមទន្តពេទ្យកម្ពុជា (CDA)

Share

បងប្អូនខ្មែរយើងមួយចំនួនតូចហាក់ដូចជាមានការធ្វេសប្រហែសច្រើន ជាមួយជំងឺៈ ១ -ការពិនិត្យសុខភាព៖ មិនបានយកចិត្តទុកដាក់ក្នុងការពិនិត្យឈាមទាល់តែសោះ ចាំពេលឈឺ បានទៅរកពេទ្យព្យាបាលតែម្តង គាត់ច្រើននិយាយថា បេីពិនិត្យចេះតែឃើញហេីយ (ចាំថ្ងៃណា​ ថ្ងៃនោះទៅ) គឺមិនការពារ មិនថែទាំ ​ដូចពាក្យចាស់ពោលថា «ក្របីបាត់ហើយបានធ្វើរបង ជិតពេលប្រឡងបានខំស្វាធ្យាយ»។ ២- បើមានជំងឺ បន្តិចបន្តួច ឬដំណាក់កាលដំបូងៗ មិនប្រញាប់ទៅរកគ្រូពេទ្យព្យាបាលទេ ច្រើនទៅទិញថ្នាំនៅផ្សារ នៅឱសថស្ថានទៅតាមចំណាំ​ ឬតាមអ្នកលក់ផ្សំឲ្យលេប អ្នកខ្លះប្រើថ្នាំបុរាណ ក៏មាន ។ កត្តាខ្លះៗទាំងនេះហើយ ដែលធ្វើឲ្យបងប្អូនយើង មានជំងឺច្រើនតែធ្ងន់ធ្ងរពិបាកព្យាបាល ព្យាបាលមិនងាយជា ព្យាបាលប្រើពេលវេលាច្រើន លុយក៏ច្រើន ហើយចាប់ផ្តើមភ័យរត់ចុះរត់ឡើង អ្នកខ្លះរត់ដល់បរទេសទៀតផង​ ។ បើជំងឺឫសដូងបាត គាត់កាន់តែធ្វេសប្រហែស ហើយមើលស្រាលជំងឺឫសដូងបាតណាស់ ទុកដល់ដំណាក់កាលទី៣ ទី៤ វាចេញមកក្រៅហើយរុញលែងចូលវិញ មានការឈឺចាប់ធ្ងន់ធ្ងរ ជួនកាលមានហូរឈាមទៀតផង ថ្លៃព្យាបាលក៏អស់ច្រើន ផលប៉ៈពាល់របស់វា ទៅលើកោសិកា ជាលិកាដទៃទៀត កាន់តែធ្ងន់ធ្ងរដល់ដំណាក់កាលពិបាកព្យាបាលដែរ ។ ដូច្នេះ សូមបងប្អូនគួរលះបង់(ពេលវេលា ការងារ ប្រាក់កាស់)ខ្លះៗដើម្បីសុខភាព អាយុជីវិតខ្លួនឯងផង ព្រោះពេលស្លាប់ទៅគ្មានអ្នកណាយកអ្វីទៅជាមួយបានឡើយ កុំចាំដល់ពេលចុងក្រោយ បានហ៊ានលះបង់ បានហ៊ានចំណាយ វាហួសពេលហេីយ គ្រូពេទ្យមិនមែនឥសី ឬ ព្រះឥន្ទជប់ឲ្យជា ជប់អ្នកស្លាប់អោយរស់​វិញបានឡេីយ  អ្នកខ្លះរត់ទៅព្យាបាលដល់បរទេស​ នៅតែគេជួយមិនបាន​​ដដែល។ បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត។ ផ្ទះលេខ១៦-១៨ ផ្លូវលេខ ១៦ បុរីពិភពថ្មី ផ្លូវ វេងស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកអ្នកអាចពិគ្រោះជម្ងឺជាមួយខ្ញុំបាទ វេជ្ជបណ្ឌិត តូច យ៉ាន ដោយផ្ទាល់បានតាមរយះទូរសព្ទ័លេខ 012 855 922 /070 855 922 /016 955 822/097 97 97 882ឬ ទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989  

Share

សម្ដីក៏ដូចជាពាក្យពេចន៍ដែលអ្នកនិយាយទៅកាន់កូនរបស់អ្នក ជាពិសេសក្មេងតូចគឺសុទ្ធតែមានឥទ្ធិពលដល់ពួកគេ ដែលស្របពេលជាមួយគ្នាគឺអាចជះឥទ្ធិពលដល់ទំនាក់ទំនងរវាងលោកអ្នក និងកូនផងដែរ។ ដោយហេតុថា ក្មេងងាយនឹងទទួលការប៉ះទង្គិចផ្លូវអារម្មណ៍ និងងាយចាប់យកនូវអ្វីដែលពួកគេបានឃើញ និងឮ ដូចនេះហើយ អ្នកគួរមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពាក្យពេចន៍ ពិសេសក្នុងការសន្ទនាប្រចាំថ្ងៃ។ ខាងក្រោមនេះ ជាសម្តីខ្លះដែលអ្នកគួរនិយាយឲ្យបានជាប្រចាំ ដើម្បីបង្កើតនូវផលវិជ្ជមានដល់ទំនាក់ទំនងរវាងអ្នក និងកូន ដែលក្នុងនោះមានដូចជា ៖ «ប៉ាម៉ាក់ស្រឡាញ់កូន» អត្ថន័យ គឺវិសេសវិសាលណាស់ ហើយវាប្រៀបបានជាកម្លាំងចិត្តមួយដល់កូនរបស់អ្នក ដែលអាចធ្វើឲ្យគេទទួលបានអារម្មណ៍ ក៏ដូចជាឥទ្ធិពលនៃក្តីស្រឡាញ់ពីអ្នកផងដែរ ដែលនេះ គឺមានន័យថា «អ្នកស្រឡាញ់គេក្នុងនាមជាសមាជិកគ្រួសារដ៏ជិតស្និទ្ធ និងគួរឲ្យស្រឡាញ់មួយរូប»។ «កូនឯង រៀនឆាប់ចេះណាស់!» ការរៀនសូត្រអ្វីមួយដែលថ្មី ជាជំនាញដ៏ពិសេសមួយរបស់កូនក្មេង ហើយពេលខ្លះវាប្រៀបបានជាសកម្មភាពនៃការលេងកម្សាន្តរបស់គេដែរដែលជាហេតុធ្វើឲ្យគេមិនបានចាប់អារម្មណ៍ថាខ្លួនឯងកំពុងរៀន តែក៏អាចរីកចម្រើន និងសប្បាយក្នុងពេលតែមួយ។ មិនថាលទ្ធផលដែលគេធ្វើបានល្អ ឬមិនល្អយ៉ាងណានោះទេ សូមកុំភ្លេចនិយាយសរសើរពួកគេ មុននឹងផ្តល់នូវមតិយោបល់រិះគន់ក្នុងន័យស្ថាបនាផ្សេងៗ។ «អរគុណ» កុំភ្លេចថា អ្នកជាគំរូរបស់កូនអ្នក ហេតុនេះហើយ ប្រសិនបើចង់បង្រៀនឲ្យពួកគេចេះអំពីការគួរសម ឬការថ្លែងនូវអំណរដល់អ្នកដទៃ អ្នកត្រូវធ្វើវាជាមុនសិន ហើយការដែលនិយាយជាប្រចាំចំពោះគេ នឹងធ្វើឲ្យពួកគេចំណាំមើល និងអនុវត្តតាមអ្នក។ ជាក់ស្តែង ទម្លាប់នៃការមានអំណរចំពោះអ្វីៗ និងមនុស្សល្អៗនៅជុំវិញខ្លួនជាជំនាញក្នុងទំនាក់ទំនងសង្គមមួយដ៏ចាំបាច់។ «សុំទោស» ស្រដៀងនឹងពាក្យ«អរគុណ»ដែរ អ្នកប្រាកដជាចង់ឲ្យកូនអ្នកចេះគួរសមចំពោះអ្នកដទៃ ដូចនេះហើយ មិនថាជាកំហុសតូច ឬធំនោះទេ អ្នកត្រូវហ៊ាននិយាយពាក្យ«សុំទោស» និងបង្ហាញដោយចិត្តស្មោះ នោះកូនរបស់អ្នកនឹងព្យាយាមនិយាយដូចគ្នា រាល់ពេលដែលគេកសាងកំហុសអ្វីមួយ។ «តើកូនគិតបែបណាដែរ  ប្រសិនបើយើង…?» ការសួរសំណួរបែបនេះ ជាជំហានមួយក្នុងការបង្ហាញនូវកិច្ចសហការក្នុងក្រុមគ្រួសារ ហើយអ្នកក៏អាចដឹងឮអំពីមតិយោបល់ថាតើពួកគេយល់ព្រម ឬមានយោបល់យ៉ាងណាដែរ។  វាក៏ប្រៀបបាននឹងលំហាត់ប្រាណក្នុងការគិតមួយសម្រាប់ពួកគេ   ដែលអាចឲ្យកូនរបស់អ្នករៀនធ្វើការសម្រេចចិត្ត និងមានទំនួលខុសត្រូវចំពោះជម្រើស ក៏ដូចជាការសម្រេចចិត្តរបស់ពួកគេ។   មិនត្រឹមតែប៉ុណ្ណោះវាក៏នឹងអាចធ្វើឲ្យគេគិតថា គេជាចំណែកមួយដ៏សំខាន់ហើយយោបល់របស់គេក៏មានតម្លៃផងដែរ។ «តោះ!អាន…» ការអានសៀវភៅឲ្យកូនអ្នកស្តាប់ ឬការបង្រៀនកូនរបស់អ្នកឲ្យរៀនអាន ជួយពង្រឹងជំនាញជាច្រើនដល់ពួកគេ ស្របពេលដែលពង្រឹងនូវទំនាក់ទំនងរវាងអ្នកទាំងពីរឲ្យកាន់តែរឹងមាំផងដែរ។ការអាន ជាការរៀនដែលបើកបង្ហាញកូនរបស់អ្នកទៅកាន់ពិភពលោក ជីវិត និងគំនិតជាច្រើន ដែលចាំបាច់សម្រាប់ជីវិត។ «នរណាក៏ធ្លាប់ខុស ក៏មានបញ្ហាដែរ» បញ្ហា និងកំហុសតែងតែកើតមានហើយនរណាក៏ធ្លាប់ជាចំណែកនៃបញ្ហា ឬកំហុសដែរ តែការទទួលស្គាល់ការពិត និងរៀនសូត្រអំពីកំហុសដែលបានប្រព្រឹត្តទាំងនោះ ទើបជាអ្វីដែលមិនមែនមនុស្សគ្រប់គ្នាធ្វើបាន។ រាល់ពេលដែលកូនរបស់អ្នកធ្វើអ្វីខុសឆ្គង ឬមិនបានដូចក្តីប្រាថ្នានោះ សូមលើកឡើងនូវមេរៀនណាមួយដែលអ្នកធ្លាប់ឆ្លងកាត់កន្លងមក ហើយពន្យល់ប្រាប់ពួកគេឲ្យចេះប្រឈម   និងដោះស្រាយនឹងវាប្រកបដោយប្រសិទ្ធភាព។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តើអាកាសធាតុក្តៅអាចប៉ះពាល់យ៉ាងដូចម្តេចដល់អ្នកជំងឺទឹកនោមផ្អែម? ជាការពិតណាស់ នៅពេលដែលអាកាសធាតុក្តៅខ្លាំង វាអាចមានកត្តាមួយចំនួនដែលអាចប៉ះពាល់ដល់ការគ្រប់គ្រងជាតិស្កររបស់អ្នកជំងឺទឹកនោមផ្អែមបាន។ មនុស្សយើងគ្រប់គ្នា រាល់សារធាតុទឹកក្នុងខ្លួនទាំងអស់ ត្រូវបានបញ្ចេញចោលទៅកាន់មជ្ឈដ្ឋានខាងក្រៅ តាមរយៈ ៖ - ការដកដង្ហើម - ការបែកញើស - តាមទឹកនោម - តាមការបន្ទោរបង់លាមក ហេតុដូចនេះ គេសង្កេតឃើញថា នៅពេលដែលមានអាកាសធាតុក្តៅខ្លាំង បណ្តាលឲ្យអ្នកជំងឺទឹកនោមផ្អែម បង្កើនការបាត់បង់ជាតិទឹកកាន់តែច្រើន ជាពិសេសតាមរយៈការបែកញើស ប្រសិនបើពួកគាត់មិនបានបង្គ្រប់ជាតិទឹកឲ្យបានគ្រប់គ្រាន់។ នៅពេលដែលមានកង្វះជាតិទឹក បណ្តាលឲ្យជាតិស្ករក្នុងឈាមកើនឡើង ជាហេតុនាំឲ្យអ្នកជំងឺមានអាការៈនោមច្រើន ដែលនេះវាកាន់តែបង្កឲ្យកង្វះជាតិទឹកកាន់តែធ្ងន់ធ្ងរ។  ក្នុងករណីដែលអ្នកជំងឺទឹកនោមផ្អែម ប្រើប្រាស់ការចាក់ថ្នាំអាំងស៊ុយលីន នោះកង្វះជាតិទឹកអាចបង្កឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ដូច្នេះ វានាំឲ្យជាតិស្កររបស់អ្នកជំងឺមិនអាចគ្រប់គ្រងបានល្អ។   តើអ្នកជំងឺទឹកនោមផ្អែមត្រូវប្រុងប្រយ័ត្នអ្វីខ្លះនៅពេលអាកាសធាតុក្តៅ? - ត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ជាពិសេស ត្រូវទទួលទានទឹកបន្ថែមនៅពេលដែលធើ្វការក្រោមកំដៅថ្ងៃ ធ្វើការដែលមានការបញ្ចេញពលកម្មច្រើន ឬនៅពេលហាត់ប្រាណ។ - ត្រូវព្យាយាមតាមដានជាតិស្ករក្នុងឈាមឲ្យបានញឹកញាប់តាមដែលអាចទៅរួច ព្រោះថានៅពេលដែលក្តៅខ្លាំង អ្នកជំងឺបើកញើស អាចឲ្យអ្នកជំងឺភាន់ច្រឡំនឹងអាការៈនៃការចុះជាតិស្ករ។ ដូច្នេះប្រសិនបើអ្នកជំងឺទឹកនោមផ្អែម ដែលងាយ ឬឧស្សាហ៍ចុះជាតិស្ករញឹកញាប់ គួរតែដាក់ចំណីអាហារបន្តិចបន្តួច (អាចជាស្ករគ្រាប់ ឬនំ) តាមខ្លួនដើម្បីទទួលទាន។ ឧទាហរណ៍ នៅពេលហាត់ប្រាណ - ត្រូវការពារថ្នាំព្យាបាលទឹកនោមផ្អែមរបស់លោកអ្នក រួមទាំងថ្នាំគ្រាប់សម្រាប់លេប និងថ្នាំប្រភេទសម្រាប់ចាក់។ ចូរចៀសវាសការទុកឱសថទាំងអស់នោះនៅទីកន្លែងដែលមានកម្តៅខ្លាំង ជាពិសេសត្រូវពន្លឺថ្ងៃ។ ប្រសិនបើជាប្រភេទថ្នាំចាក់ គួរតែទុកដាក់ឲ្យត្រឹមត្រូវក្នុងធុង ឬទូរទឹកកក។ - ប្រសិនបើអ្នកជំងឺដែលធ្វើការផ្ទាល់ក្រោមពន្លឺថ្ងៃ ក្រៅអំពីការទទួលទឹកបន្ថែមឲ្យបានច្រើន គាត់គួរប្រុងប្រយត្នផងដែរនូវការរលាកស្បែកដោយសារកម្តៅថ្ងៃ។ ចូរការពារស្បែកដោយពាក់អាវដៃវែង ឬធ្វើយ៉ាងណារកអ្វីមកគ្រប់ដណ្តប់ ឬក៏អាចប្រើប្រាស់ក្រែមការពារពន្លឺថ្ងៃដែលមានគុណភាព មកលាបដើម្បីកាត់បន្ថយគ្រោះថ្នាក់របស់កាំរស្មីព្រះអាទិត្យមកលើស្បែក។ បកស្រាយដោយលោក វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសុមៈ) ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

នៅពេលដែលធ្មេញរបស់កុមារចាប់ផ្ដើមដុះមកដំបូង អ្នកគួរតែចាប់ផ្ដើមជ្រើសរើសច្រាសដុសធ្មេញមួយសម្រាប់ពួកគេ។ អ្នកគួរជ្រើសរើសច្រាសដុសធ្មេញ ដែលមានជក់ទន់ ក្បាលតូច ដងកាន់មានទំហំធំ៖  អាយុ 0-2ឆ្នាំ  ជូតអញ្ចាញធ្មេញជាមួយនឹងក្រណាត់ស្អាតមួយ បន្ទាប់ពីបញ្ចុកចំណីអាហារហើយ ដើម្បីសម្អាតចោលនូវបាក់តេរីដែលអាចបង្កឲ្យពុកធ្មេញ។ ដុសធ្មេញពីរដងក្នុងមួយថ្ងៃ ជាមួយនឹងទឹក និងច្រាសដុសធ្មេញដែលទន់ ហើយក៏គួរតែនាំគេទៅពិនិត្យ មុនថ្ងៃខួបកំណើតទីមួយរបស់គេផងដែរ។ អាយុ 3-5 ឆ្នាំ ចាប់ផ្ដើមប្រើថ្នាំដុសធ្មេញដែលមានជាតិហ្វ្ល័រអឺរ៉ាយ(Fluoride) ពេលគេមានអាយុ៣ឆ្នាំប្រើប្រាស់ថ្នាំដុសធ្មេញក្នុងបរិមាណតិច (ប្រហែលទំហំគ្រាប់សណ្ដែក) ដោយត្រូវប្រាកដថាពួកគេនឹងខាកវាចេញមកវិញ ក្រោយពីធ្វើការដុសហើយ ។ សាកល្បងឲ្យគេបៀមដៃ និងបៀមក្បាលដោះ ពេលគេឈានចូលដល់អាយុ៤ឆ្នាំ ព្រមទាំងនាំគេទៅពិនិត្យរៀងរាល់៦ខែម្ដង។ អាយុ 6-9 ឆ្នាំ ចាប់ផ្ដើមរូសធ្មេញ ពេលណាដែលធ្មេញចាស់ផ្ដើមដុះជិតគ្នា វាជារឿងធម្មតាដែលថាធ្មេញអាចនឹងបាក់នៅក្នុងវ័យក្មេងនេះ មុនពេលដែលបុត្ររបស់អ្នកអាចធ្វើការអនុវត្តអនាម័យមាត់ធ្មេញដោយខ្លួនឯង ឳពុកម្ដាយគួរជួយពួកគេក្នុងការដុស និងរូសធ្មេញឲ្យបានយ៉ាងតិចពីរដងក្នុងមួយថ្ងៃ ត្រូវត្រួតពិនិត្យ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះសភាពរបស់ធ្មេញក្រោយ ដែលអាចនឹងជាប់កាកសំណល់ផ្សេងៗ។ អាយុ 10-13 ឆ្នាំ ព្យាយាមរំលឹកកូនរបស់លោកអ្នកឲ្យថែរក្សាសុខភាពមាត់ធ្មេញឲ្យបានខ្ជាប់ខ្ជួន និងរំលឹកពួកគេពីភាពស្រស់ស្អាត  និងស្រស់ស្រាយដែលនិឹងកើតមាន កាលណាមាត់ធ្មេញរបស់គេមានសុខភាពល្អ និងក្លិនក្រអូបប្រហើរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បុគ្គលមួយចំនួនទម្លាប់គេងទ្រមក់ ឲ្យតែពេលព្រឹក ទោះបីជានាឡិកាចាប់ផ្ដើមរោទិ៍ហើយដឹងច្បាស់ថាខ្លួនត្រូវបំពេញការងារច្រើនក៏ដោយ ក៏នៅទ្រមក់មិនព្រមងើបខ្លួនពីពូកសោះ ដោយសារតែមានអារម្មណ៍មិនទាន់ស្វាហាប់ មិនដាច់អាល័យពីពេលដែលមានក្ដីសុខក្នុងការលង់លក់ក្នុងដំណេករបស់ខ្លួន។ នេះជាទម្លាប់អាក្រក់មួយដែលជាមូលហេតុចម្បងនៃការខាងបង់ពេលវេលាក្នុងការប្រកបកិច្ចការងារប្រចាំថ្ងៃរបស់អ្នក។ តែមិនអីទេ !!!យើងខ្ញុំសូមនាំមកជូនលោកអ្នកនូវគន្លឹះមួយចំនួនដែលជួយឲ្យលោកអ្នកប្រមូលផ្ដុំថាមពលសម្រាប់ចាប់ផ្ដើមថ្ងៃថ្មីប្រកបដោយភាពស្វាហាប់ ដែលមានរួមមានដូចខាងក្រោម៖  អានអត្ថបទដែលខ្លួនចូលចិត្ត ៖ អ្នកអាចសាកល្បងអានសៀវភៅ ទស្សនាវដ្ដី ឬអត្ថបទផ្សេងៗដែលខ្លួនចូលចិត្តរយៈពេលប្រមាណ៣០នាទីមុនពេលចូលគេង។ ចៀសវាងការទទួលទានអាហារ ឬពិសាភេសជ្ជៈដែលមានជាតិអាល់កុល ៖ វាអាចបណ្ដាលឲ្យក្រហាយទ្រូងក៏ដូចជាឆ្អល់ចុងដង្ហើម ហើយគេងមិនស្ងប់។ រៀបចំកិច្ចការសម្រាប់បំពេញពេលព្រឹក ៖ ធ្វើបែបនេះនឹងអាចជួយឲ្យអ្នកមានអារម្មណ៍ថាខ្លួនមានកាតព្វកិច្ចត្រូវបំពេញជាបន្តបន្ទាប់។ រៀបគម្រោងសម្រាប់អាហារពេលព្រឹក ៖ គម្រោងសម្រាប់អាហារពេលព្រឹក នឹងធ្វើឲ្យអ្នកនឹកគិតដល់ពេលទទួលទានអាហារពេលព្រឹក ហើយឆាប់ភ្ញាក់។ ធ្វើលំហាត់ប្រាណ ៖ ប្រសិនបើមានពេលច្រើន អ្នកអាចក្រាន់តែឆ្លៀតធ្វើក្បាច់យោគៈប្រមាណនាទីក៏ល្មមសម្រាប់ពញ្ញាក់ស្មារតីរបស់អ្នកឲ្យភ្ញាក់ពីគេងបានដែរ។ ទទួលទានទឹកមួយកែវ ៖ វានឹងជួយបំពេញបរិមាណទឹកដែលបាត់បង់ ដោយសារតែការបែកញើស និងដំណកដង្ហើម។ ដាក់នាឡិការោទិ៍នៅផ្នែកណាមួយនៃបន្ទប់ ៖ ចៀសវាងការដាក់ជិតខ្លួន ព្រោះអ្នកងាយនឹងចុចបិទហើយបន្តការគេងទៀត។ ដូច្នេះហើយការទុកវានៅឆ្ងាយពីខ្លួនបន្តិច នឹងជួយឲ្យអ្នកមានអារម្មណ៍ស្វាងជាង ហើយចៀសវាងដាច់ខាតការចុចដាក់ឲ្យរោទិ៍បន្តទៀតនៅប៉ុន្មាននាទីក្រោយ។ ទទួលយកពន្លឺព្រះអាទិត្យ ៖ ពន្លឺព្រះអាទិត្យនឹងបញ្ឈប់ការផលិតអ័រម៉ូនមេឡាតូនីន ដែលនឹងជួយឲ្យអ្នកមានអារម្មណ៍ស្វាហាប់ និងត្រៀមខ្លួនសម្រាប់ការផលិតវាម្ដងទៀតក្នុងយប់បន្ទប់ទៀត។ ទុកឧបករណ៍ដែលមានសារធាតុវិទ្យុសកម្មឲ្យឆ្ងាយពីខ្លួន ៖ ពន្លឺដែលចេញពីឧបករណ៍ទាំងនោះធ្វើត្រាប់តាមពន្លឺព្រះអាទិត្យ ដោយធ្វើការបញ្ឈប់ខួរក្បាលពីការផលិតអ័រម៉ូនមេឡាតូនីន ដែលជាអ័រម៉ូនជួយដល់ការគេងលក់ស្រួលពេលយប់។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្រៅពីរូបសម្បត្តិ សុភាពបុរសក៏អាចនឹងមានភាពទាក់ទាញជាមួយនឹងទេពកោសល្យ និងជំនាញផ្សេងៗរបស់ខ្លួន។ ជាក់ស្តែង ការចេះចម្អិនអាហារក៏ជាមន្តស្នេហ៍ទាក់ទាញមួយបែបផងដែររបស់បុរស....កាលពី៣០ឆ្នាំមុន មនុស្សប្រុសគិតថាការចម្អិនម្ហូបអាហារ គឺជាការងាររបស់ស្រ្តី។  តែបើក្រឡេកមកមើលបុរសសម័យថ្មីវិញ ៤៣%នៃពួកគេបានបែរមករកការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះ នេះបើយោងតាមទិន្នន័យរបស់កាសែតវ៉ាស៊ីនតោនផុស។ តើមូលហេតុអ្វីបានជាបុរសភាគច្រើនផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនបែបនេះ? ការផ្លាស់ប្តូររបស់ស្រ្តី កាលពីមុនមនុស្សស្រីជាស្រ្តីមេផ្ទះ ហើយបុរសជាអ្នកប្រកបរបរផ្គត់ផ្គង់គ្រួសារ ដូចនេះស្រ្តីមានតួនាទីតែមួយគត់ គឺធ្វើការងារផ្ទះ។ ប៉ុន្តែមកទល់នឹងពេលនេះមានការផ្លាស់ប្តូរដ៏ធំមួយដោយស្រ្តីក៏មានភាពមមាញឹកក្នុងការប្រកបរបរផ្គត់ផ្គង់គ្រួសារដូចនឹងបុរសដែរ។ ទាំងនេះហើយទើបធ្វើឲ្យបុរសងាកមករកការធ្វើការងារផ្ទះដូចជាការចម្អិនម្ហូបអាហារ គឺដើម្បីជួយសម្រួលការងារស្រ្តី។ កត្តាទាក់ទងនឹងបុរសខ្លួនឯង     •បង្កើនភាពស្និទ្ធស្នាល ការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះអាចចាត់ទុកថាជាការទុកពេលវេលាឲ្យខ្លួន ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារតាមរយៈរសជាតិចេញពីទឹកចិត្តផ្ទាល់។     •សន្សំថវិកា ជាការពិតសម្រាប់ការរស់នៅម្នាក់ឯង ការទិញអាហារចម្អិនស្រាប់ពិតជាងាយ និងពេលខ្លះមានតម្លៃថោក ក៏ប៉ុន្តែភាគច្រើនក៏អាចធ្វើឲ្យប្រឈមមុខនឹងជំងឺជាច្រើនផងដែរ ដែលនឹងធ្វើឲ្យខាតថវិកាកាន់តែច្រើនឡើង។ ដោយឡែកទទួលទានម្ហូបចម្អិនស្រាប់ ត្រូវចំណាយថវិកាច្រើនដើម្បីទទួលបានបរិមាណអាហារគ្រប់គ្រាន់ និងមានទាំងគុណភាព ព្រមទាំងសុវត្ថិភាព។     •សុខភាព ប្រហែលនឹងចំណុចខាងលើ បន្ទាប់ពីចំណាយពេលធ្វើការអស់រយៈពេលពេញមួយថ្ងៃ បុរសមួយចំនួនបានជ្រើសយកការត្រឡប់មកផ្ទះដើម្បីចម្អិនអាហារសម្រាប់សុខភាព ក៏ដូចជាដើម្បីបង្កើនថាមពលឡើងវិញ និងចៀសផុតពីជំងឺផ្សេងៗផងដែរ ដោយពួកគាត់អាចកំណត់នូវបរិមាណអាហារដែលផ្ដល់ថាមពលគ្រប់គ្រាន់សម្រាប់ខ្លួនបាន។     •បង្ហាញពីភាពរឹងមាំ និងឯករាជ្យ ផ្ទុយពីការគិតថាមានតែស្រ្តីប៉ុណ្ណោះដែលត្រូវធ្វើការងារទាំងនេះ និងអាចចម្អិនអាហារដ៏មានឱជារស បុរសមួយចំនួនព្យាយាមបង្ហាញថាខ្លួនក៏អាចបង្កើតនូវឱជារសនេះដោយខ្លួនឯងដោយមិនចាំបាច់ពឹងពាក់នារីបានដែរ។     •បង្កើនភាពច្នៃប្រឌិតរបស់ខ្លួន ការចម្អិនអាហារក៏មិនខុសពីការងារដទៃដែរ ការធ្វើដោយការពេញចិត្ត និងទៅតាមចំណង់ចំណូលចិត្តនឹងនាំមកនូវគំនិតច្នៃប្រឌិតប្លែកៗជាច្រើន។ ភ្ជាប់ជាមួយស្នាដៃច្នៃប្រឌិតរបស់ពួកគេ បុរសសម័យថ្មីជាច្រើនក៏ចាត់ទុកការចម្អិនអាហារជាសិល្បៈមួយបែបដែលធ្វើឲ្យជីវិតរបស់គេមានភាពស្រស់ស្រាយបន្ថយភាពតានតឹង និងធ្វើឲ្យសុខភាពផ្លូវកាយ និងចិត្តរឹងមាំ។ ការពង្រឹងនូវចំណេះដឹងផ្នែកអាហារ ស្របពេលជាមួយនឹងការរីកចម្រើនខាងបច្ចេកវិទ្យានៃប្រព័ន្ធទំនាក់ទំនងសង្គមដូចជា​ Facebook ឬ Instagram និងការលូតលាស់វប្បធម៌នៃការអានសៀវភៅ ឬទស្សនាវដ្តីបានបង្កើនភាពងាយស្រួលក្នុងការបង្ហាញអំពីការធ្វើអាហារដែលអាចជម្រុញទឹកចិត្តបុរសៗឲ្យមានចំណង់ក្នុងការចម្អិនម្ហូបអាហារដោយពួកគាត់អាចអនុវត្តតាមការណែនាំក្នុងការចម្អិនអាហារតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។ ហើយពួកគេក៏អាចចែករំលែកស្នាដៃរបស់គេ និងលើកទឹកចិត្តដល់បុរសដទៃទៀតឲ្យចូលរួមចម្អិនម្ហូបអាហារដូចពួកគេដែរ។ សរុបមក…បុរសៗដែលបានយកការចម្អិនអាហារជាចំណង់ចំណូលចិត្តមួយ គួរតែបន្តការចូលចិត្តនេះដោយមិនចាំបាច់ខ្វល់ពីមជ្ឈដ្ឋានមួយចំនួនឡើយ ព្រោះការពិតវាជាសកម្មភាពទាន់សម័យមួយទៅវិញទេ។  រីឯអ្នកដែលមិនទាន់ចាប់អារម្មណ៍នឹងការចម្អិន ក៏គួរសាកល្បងល៎មើលថា អ្នកអាចទទួលបានអត្ថប្រយោជន៍ណាមួយក្នុងចំណោមខាងលើនេះ…ព្រោះថា…វាប្រៀបបានជាមន្តស្នេហ៍ទាក់ទាញមួយទៀតសម្រាប់សុភាពបុរសគ្រប់គ្នាផងដែរ… ដូចដែលគេតែងនិយាយតគ្នាថា «មនុស្សម្នាក់ៗមានភាពទាក់ទាញ ពេលដែលបញ្ចេញស្នាដៃ និងទេពកោសល្យរបស់ខ្លួន»…កុំលាក់បាំាងអី!!!​​បើចេះធ្វើម្ហូបអី បញ្ចេញថ្វីដៃឲ្យគេដឹងផង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បុរសភាពច្រើនមិនបានចាប់អារម្មណ៍ទៅលើការកក់សក់ឡើយ ដោយគ្រាន់តែចាក់សាប៊ូលើក្បាល ហើយធ្វើការដុសចុះឡើង នឹងអាលចាក់ទឹកលាងជម្រុះចេញ។ និយាយរួមទៅ គឺធ្វើយ៉ាងណាឲ្យរួចពីដៃ។ តាមការពិតទៅ មិត្តបុរសគួរតែយល់ដឹងថាគុណប្រយោជន៍នៃការលាងសម្អាត ឬកក់សក់ជាមួយសាប៊ូនេះ គឺមានច្រើនលើសពីអ្វីដែលអ្នកអាចនឹងនឹកស្មានដល់ដែលរួមមានសម្អាតធូលី ជាតិប្រេង សារធាតុដែលថែរក្សាសុខភាពសក់ សម្អាតស្បែកក្បាល ជម្រុះចោលកោសិកាចាស់ៗលើស្បែកលលាដ៏ក្បាល។ល។ ទាំងនោះសុទ្ធតែជាមួយហេតុចម្បងនាំឲ្យសុខភាពស្បែកក្បាលរបស់អ្នក និងរឹងមាំ។ ១. ដំបូង អ្នកគួរមានសាប៊ូដែលត្រូវនឹងសភាពស្បែកក្បាលជាមុនសិន។ បើមានហើយតោះចាប់ផ្ដើមជាមួយគ្នា… ២. នៅពេលដែលងូតទឹក  អ្នកត្រូវពិនិត្យមើលថាទឹកក្ដៅល្មម (មិនក្ដៅខ្លាំងពេក) ឬនៅ? បើកកម្លាំងទឹកល្មមបានហើយ ដើម្បីកុំឲ្យខ្ជះខ្ជាយទឹកច្រើនពេក ហើយក៏ចៀសវាងការបាចសាចទៅផ្នែកផ្សេងៗផងដែរ ៣. ត្រូវធ្វើឲ្យសក់សើមជោគតែម្ដង  ៤. ដាក់សាប៊ូបន្តិចល្មម (ទំហំប្រហែលនឹងកាក់) នៅលើបាតដៃ បន្ទាប់មកដាក់វាទៅលើសក់។ ប្រសិនបើសក់របស់អ្នកមានប្រវែងវែង កុំប្រមូលផ្ដុំវាទៅលើក្បាលតែម្ដង។ អ្នកគួរប្រើម្រាមដៃធ្វើជាក្រាស់សិតបង្ហូសតាមសរសៃសក់ ដើម្បីចៀសវាងកុំឲ្យសក់ជំពាក់ចូលគ្នា ៥. ប្រើចុងម្រាមដៃរបស់អ្នកម៉ាស្សាជារង្វង់ពីផ្នែកខាងមុខនៃលលាដ៏ក្បាលចុះមកផ្នែកខាងក្រោយនៃក បន្ទាប់មក បង្ហូសតាមចំហៀងឡើងមកលើសៀតផ្កាវិញ។ ធ្វើបែបនេះប៉ុន្មាននាទី ដើម្បីរំញោច និងជម្រុះចោលនូវកោសិកាងាប់នៅលើស្បែកក្បាល ៦.លាងសម្អាតសក់ឲ្យបានសព្វ ហើយប្រសិនបើសក់របស់អ្នកវែង អ្នកអាចប្រើក្រាស់ដែលមានធ្មេញធំ សិតដើម្បីពន្លាសក់ដែលជំពាក់ចេញ  ៧. ប្រើសាប៊ូបន្ទន់សក់ក្នុងបរិមាណដូចគ្នាទៅនឹងសាប៊ូកក់ ហើយរក្សាវាទុកប្រមាណ២-៣នាទីសិន ៨. លាងសម្អាតសក់ជាមួយទឹកត្រជាក់ ហើយសឹមប្រើក្រាស់ធ្វើការសិតសក់ ៩. ប្រើក្រណាត់ស្អាត ជួតសក់ឲ្យស្ងួតដោយថ្នមៗ ចៀសវាងការជូតចុះឡើងៗ ឬជារង្វង់ ព្រោះវាអាចនឹងធ្វើឲ្យមានបញ្ហាដល់សក់។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម្ពាធឈាម សំដៅដល់សម្ពាធនៃឈាមដែលហូរឆ្លងកាត់សរសៃឈាមរបស់រាងកាយអ្នក។ ប៉ុន្តែ នៅពេលកម្រិតឈាមលើសកំណត់ហូរឆ្លងកាត់សរសៃឈាម ជាហេតុបណ្ដាលឲ្យសម្ពាធឈាមរាងកាយមានការកើតឡើង។ សម្ពាធឈាម ត្រូវបានវាស់ស្ទង់ក្នុងដំណាក់កាលពីរលេខគឺ 120/80 ដំណាក់កាលលេខទី១ គឺវាស់ស្ទង់ថា តើបេះដូងអ្នកធ្វើការបូមឈាមជុំវិញសរសៃឈាមអាទ័រប្រកបដោយដោយប្រសិទ្ធភាព ឬយ៉ាងណា? លេខទី២ គឺវាស់ស្ទង់បេះដូងរបស់អ្នកបានសម្រាកសមស្រប ឬទេនៅចន្លោះចង្វាក់បេះដូង។ មនុស្សដែលមានសម្ពាធឈាមលើសពី140/90 (ឬលើសពីនេះ) វាធ្វើឲ្យកើតឡើងឱកាសនៃការកើតឡើងនៃជំងឺមួយចំនួនដូចជា ដំងឺដាច់សរសៃឈាមក្នុងខួរក្បាល ការខ្សោយតម្រងនោម និងជំងឺបេះដូង។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ដែលអ្នកអាចអនុវត្តដើម្បីកាត់បន្ថយគ្រោះថា្នក់នៃការឡើងសម្ពាធឈាម៖  ១. កាត់បន្ថយការទទួលទានគ្រឿងស្រវឹង  គឺជារឿងដ៏សំខាន់បំផុតក្នុងការអនុវត្ត ប្រសិនបើអ្នកចង់ឲ្យសម្ពាធឈាមរបស់អ្នកស្ថិតនៅក្រោមការគ្រប់គ្រង។ មិនថាអ្នកទទួលទានគ្រឿងស្រវឹងជាប្រចាំ ឬពិសាច្រើនដល់ថ្នាក់ស្រវឹងខ្លាំងនោះទេ ក៏គ្រោះថ្នាក់នៅតែមានទ្រង់ទ្រាយធំសម្បើមគួរឲ្យកត់សម្គាល់ដដែល ដូច្នេះ សូមកំណត់បរិមាណក្នុងការទទួលទានគ្រឿងស្រវឹងនេះឲ្យបានសមស្រប។  ២. មិនទទួលទានអាហារដែលប្រៃពេក សូមឲ្យប្រាកដថាអាហារអ្នកទទួលទានមិនប្រៃខ្លាំងនោះទេ។ អំបិលអាចបន្ថែមឲ្យអាហារមានរសជាតិឆ្ងាញ់ ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ដល់សម្ពាធឈាម  ដោយបណ្តាលឲ្យស្រទាប់ខ្លាញ់កពូននៅក្នុងសរសៃឈាមអាកទ័ររបស់អ្នកផងដែរ។ ហេតុដូច្នេះ សូមកាត់បន្ថយអំបិលនៅក្នុងរបបអាហាររបស់អ្នក ហើយអ្នកនឹងឃើញភាពខុសប្លែកមិនខាន។  ៣. ​ធ្វើលំហាត់ប្រាណ មិនថាអ្នកប្រាថ្នាចង់សម្រកទម្ងន់ ឬរក្សារូបរាងឲ្យនៅដដែលនោះទេ ការធ្វើលំហាត់ប្រាណគឺជាប្រការចាំបាច់ដែលអ្នកត្រូវធ្វើ។ សូមអនុវត្តការហាត់ប្រាណមួយឲ្យបានជាក់លាក់ ហើយត្រូវប្រកាន់ភ្ជាប់នូវទម្លាប់នោះ។ ការហាត់ប្រាណជួយឲ្យអ្នកមានទម្លាប់រហ័សរហួន មានភាពអំណត់ និងរក្សារាងកាយអ្នកឲ្យមានសុខភាពល្អ។  ៤. បង្កើនការស្រូបយកជាតិប៉ូតាស្យូម សារធាតុនេះជួយរក្សាតុល្យភាពជាតិទឹកនៅក្នុងរាងកាយរបស់អ្នក ក្រៅពីនេះវាមានប្រសិទ្ធភាពគ្រប់គ្រងជាតិអាស៊ីតទៀតផង។ ជាតិប៉ូតាស្យូមជួយគ្រប់គ្រងលំហូរឈាម ដែលហូរកាត់សរសៃអាទ័ររបស់អ្នក ដើម្បីផ្គត់ផ្គង់អុកស៊ីសែនទៅកាន់សាច់ដុំរបស់អ្នក ។ ចំណីអាហារដូចជា ចេក ដំឡូងបារាំង ត្រសក់ ក្រូចពោធិ៍សាត់ ស្ពៃក្ដោប ប៉េះប៉ោះ ផ្កាខាត់ណា ស្លឹកផ្ទី អាហារទាំងនេះសម្បូរទៅដោយជាតិប៉ូតាស្យូម។ ៥. បញ្ឈប់ការជក់បារី  ប្រសិនបើអ្នកជាអ្នកជក់បារី អ្នកចាំបាច់ត្រូវបញ្ឈប់វាឲ្យបានជាដាច់ខាត។ ការជក់បារីត្រូវបានគេឲ្យដឹងថាធ្វើឲ្យឡើងសម្អាធឈាម ពីព្រោះកាកសំណល់ជាតិពុលពីថ្នាំជក់ និងផ្សែងធ្វើឲ្យគ្រោះថ្នាក់ដល់កោសិកាឈាម និងសរសៃឈាម។  ៦. ទទួលទានពពួកបន្លែ និងផ្លែឈើ សូមប្រាកដថារបបអាហាររបស់អ្នកមាននូវបន្លែ និងផ្លែឈើច្រើនគួរសម។ ប្រភេទបន្លែ  និងផ្លែឈើសម្បូរទៅដោយសារធាតុចិញ្ចឹម សារធាតុរ៉ែសំខាន់ៗ និងវីតាមីនច្រើនប្រភេទដែលជំនួយដល់ការគ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសុខាភិបាល ក៏ដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា ការធ្វេសប្រហែសក្នុងការទទួលទានចំណីអាហារដែលខ្វះអនាម័យ ការចម្អិនអាហារ និងទុកដាក់ចំណីអាហារមិនបានត្រឹមត្រូវ អាចបណ្តាលឲ្យពុល ដែលភាគច្រើនអាចបង្កចេញជារោគសញ្ញាដូចជា ៖ ក្អួត ចង្អោរ រាក រាកមួលជាដើម ហើយអាចបណ្តាលឲ្យឈឺ និងមានគ្រោះថ្នាក់ដល់ជីវិត។  ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះដែរ នាយកដ្ឋានក៏មានការព្រួយបារម្ភចំពោះបញ្ហាសុខភាពរបស់ប្រជាជាន ហេតុដូចនេះហើយ ដើម្បីបង្ការនូវគ្រោះថ្នាក់ខាងលើ ក៏ដូចជាចៀសវាងការខាតបង់ពេលវេលា និងថវិកា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមជម្រាបជូននូវវិធានការសម្រាប់អនុវត្តដែលរួមមានដូចខាងក្រោម ៖ ១. ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតជានិច្ច ២. ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបម្ហូបអាហារ មុននិងក្រោយពេលបន្ទោបង់ ៣. លាងបន្លែ ផ្លែឈើឲ្យបានស្អាត មុនបរិភោគ ៤. សម្អាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ ៥. ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ៦. ទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ៧. មិនត្រូវរក្សាអាហារទុកជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ      ក.បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ      ខ.បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធកម្តៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ ៨. កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់. ស្របពេលជាមួយគ្នានេះផងដែរ នាយកដ្ឋានក៏សូមលើកទឹកចិត្តដល់សាធារណជនទូទៅ សូមធ្វើការអនុវត្តតាមដំបូន្មានឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន និងមនុស្សជាទីស្រលាញ់ ពីបញ្ហាសុខភាពផ្សេងៗក្នុងឱកាសពីធីបុណ្យប្រពៃណីជាតិនេះ... សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ១១៥ (មិនគិតថ្លៃពីគ្រប់ប្រព័ន្ធ) ប្រភព ៖ គេហទំព័រ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top