Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជាមួយវត្តមានត្រឹមតែ ៣ឆ្នាំនៅក្នុងទីផ្សារកម្ពុជា មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ កំពុងបន្តបេសកកម្មផ្តល់ជូនសេវាកម្មផ្នែកសុខាភិបាលដោយផ្តោតសំខាន់ទៅលើវិធីសាស្រ្តលាងឈាមចំពោះអ្នកជំងឺខ្សោយតម្រងនោម និងកំពុងត្រូវបានគេទទួលស្គាល់ពីគុណភាព ប្រសិទ្ធភាព និងជាទំនុកចិត្តទៅតាមស្តង់ដារបស់ប្រទេសជប៉ុនសម្រាប់អ្នកជំងឺទាំងអស់។ ខ្លះៗអំពីជប៉ុន ឡាយហ្វ៍ មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ជាមន្ទីរសម្រាកព្យាបាលបង្កើតឡើងនៅឆ្នាំ ២០១៦ ក្រោមការសម្រេចចិត្តដែលទទួលបានពីបទពិសោធន៍កើតមានឡើងចំពោះអ្នកម្តាយផ្ទាល់របស់ អគ្គនាយិកា ខេង  កណ្ណិការ ដែលអ្នកម្តាយរបស់ លោកជំទាវត្រូវតម្រូវឲ្យធ្វើការលាងឈាម ដោយសារតែជំងឺខ្សោយតម្រងនោម ដំណាក់កាលទី ៥ តាំងពីឆ្នាំ ២០០២ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអ្នកជំនាញនៅមន្ទីរពេទ្យកាលម៉ែត និងមជ្ឈមណ្ឌលលាងឈាម ជា ស៊ីម។ ជាមួយប្រវត្តិដែលកើតឡើងចំពោះក្រុមគ្រួសារនេះហើយ ទើបលោកជំទាវ ចាប់ផ្តើមស្វែងរកដៃគូសហការក្នុងការជួយជីវិតរបស់អ្នកម្តាយផ្ទាល់ និងប្រជាជនផ្សេងទៀត។ ចំណែកការសម្រេចចិត្តក្នុងការដាក់ឈ្មោះថា ជប៉ុន ឡាយហ្វ៍ គឺក្នុងគោលបំណងចង់បង្ហាញពីទំនាក់ទំនង និងជាតំណាងសម្រាប់ដៃគូជប៉ុន ម៉្យាងទៀតពាក្យថាឡាយហ្វ៍សំដៅលើជីវិតដែលមានភាពអស្ចារ្យលើសពីជីវិតធម្មតា ជាមួយនឹងក្តីសង្ឃឹមក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺទាំងអស់ ដើម្បីទទួលបានគុណភាពនៃជីវិត និងជីវភាពធូរធារដូចទៅនឹងប្រជាជនជប៉ុនដែលមានភាពល្បីល្បាញខាងផ្នែកសុខភាព។ ក្រៅពីការគាំទ្រយ៉ាងពេញទំហឹងពីដៃគូជប៉ុន មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ ក៏មានការចូលរួមពីភាគីផ្សេងទៀតដូចជា សិង្ហបុរី ចិន ថៃ និងភូមា ដែលមានចំណែកយ៉ាងសំខាន់ទៅលើការផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ និងសម្ភារផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពហុព្យាបាល បន្ថែមពីនោះដៃគូទាំងអស់ក៏ជាប្រភពមិនអាចខ្វះបានក្នុងការបណ្តុះបណ្តាលគុណភាពធនធានមនុស្ស នៅក្នុងមន្ទីរពហុព្យាបាលទៅតាមជំនាញ និងមុខងារតួនាទីនីមួយៗឲ្យបានច្បាស់លាស់ ព្រមទាំងផ្តោតសំខាន់ទៅលើបុគ្គលិកលក្ខណ:សំខាន់ៗដូចជា ត្រូវរួសរាយរាក់ទាក់ មានភាពអត់ធ្មត់ យកចិត្តទុកដាក់ទៅលើអ្នកជំងឺ  គ្រូពេទ្យមានជំនាញច្បាស់លាស់  និងមានឯកទេសពិតប្រាកដ រួមគ្នាថែរក្សាសុខភាព និងរក្សាការសម្ងាត់ និងឈរលើវិជ្ជាជីវៈ ក្រមសីលធម៌ដើម្បីប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ។ ចក្ខុវិស័យចម្បង ចក្ខុវិស័យរបស់មន្ទីរពហុព្យាបាល គឺចង់ឃើញអ្នកជំងឺនៅប្រទេសកម្ពុជាមានសុខភាពល្អដូចអ្នកជំងឺនៅប្រទេសជប៉ុន ដែលផ្តោតសំខាន់ទៅលើសេវាកម្មលាងឈាម និងធានាឲ្យបាននូវលទ្ធភាពការងាររបស់អ្នកជំងឺដូចទៅនឹងប្រជាជនទូទៅ។ បន្ថែមពីនោះ មន្ទីរពហុព្យាបាលគឺមានកាតព្វកិច្ចរក្សាឲ្យបាននូវស្តង់ដា ទៅតាមប្រទេសជប៉ុនឲ្យបាន ១០០ភាគរយ ដោយអនុវត្តជាបុគ្គលគឺ អ្នកជំងឺម្នាក់ត្រូវបានទទួលសេវាកម្ម ដោយប្រើប្រាស់ម៉ាស៊ីនមួយ គ្រែមួយ សម្លៀកបំពាក់មួយឈុត កម្រាលពូកខ្នើយមួយឈុត ទូដាក់ស្បែក ជើងមួយ និងទូសម្លៀកបំពាក់មួយ រួមទាំងគិលានុបដ្ឋាកថែទាំដាច់ដោយឡែករៀងៗខ្លួន។ ចំណែកសម្ភារប្រើប្រាស់ និងម៉ាស៊ីនត្រូវបាននាំចូលមកពីប្រទេសជប៉ុន ដោយផ្ទាល់រួមមាន ម៉ាស៊ីនលាងឈាមថ្មីទំនើប និងជាបច្ចេកវិទ្យាចុងក្រោយបង្អស់ឆ្នាំ២០១៨ រួមមានម៉ាក JMS  Blood Line, JMS AVF, JMS Truss, JMS Hemo set, Original Solution. A & B Original, Dialyzer High Flux JMS។ ក្រៅពីផ្តល់សេវាព្យាបាលដ៏មានទំនុកចិត្ត មន្ទីរពហុព្យាបាល ក៏មានការជួយពីសម្បុរសធម៌ប្រទេសជប៉ុន និងជំនួយឧបត្ថម្ភពីដៃគូជប៉ុន ក្នុងគោលដៅជួយសម្រាលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើង។ អំពីសេវាកម្ម មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍   រួមមានសេវាកម្មដូចជា៖    ១. ពិគ្រោះជំងឺទូទៅ  ២. ពិនិត្យដោយម៉ាស៊ីនវិភាគរាងកាយ  ៣. ឱសថស្ថាន                                              ៤. ពិនិត្យអេកូសាស្រ្ត        ៥. មន្ទីរពិសោធន៍    ៦. សង្គ្រោះបន្ទាន់    ៧. វះកាត់    ៨. លាងឈាម    ៩. សម្រាកព្យាបាល។     ដើម្បីធានាបាននូវគុណភាពរបស់  មន្ទីរពហុព្យាបាលអ្នកគ្រប់គ្រងនិងបុគ្គលគ្រប់ស្រទាប់ថ្នាក់នឹងប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមបាវចនា “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌ សាមគ្គីភាពផ្ទៃក្នុងគោរពវិន័យ និងពង្រឹងសមត្ថភាព”។ ការសម្រេចបាននូវសមិទ្ធិផល ចាប់តាំងពីការចាប់ផ្តើមរហូតមកដល់សព្វថ្ងៃ និងក្រោមកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹង ក៏ដូចជាអភិវឌ្ឍមន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍ បានតម្លើងនូវសម្ភារដែលរួមមាន គ្រែអ្នកជំងឺចំនួន ២០ និងម៉ាស៊ីនលាងឈាមចំនួន ១០ រួមទាំងការបន្ថែមបុគ្គលិកសរុប ៤០នាក់។ ថ្មីៗនេះ មន្ទីរពហុព្យាបាលក៏បាននាំចូលម៉ាស៊ីនវិភាគរាងកាយដើម្បីការពារ និងរក្សាសុខភាពផងដែរ។ នៅពីក្រោយភាពជោគជ័យ មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍  ក៏បានជួបផលវិបាកមួយចំនួន  ដូចជា ការពង្រឹងស្តង់ដាគុណភាព  ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការអប់រំណែនាំអ្នកជំងឺឲ្យទទួលយកស្តង់ដាដែលថ្មី ។   ការរំពឹងទុកនាពេលអនាគត ការពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការព្យាបាលជំងឺនៅតែជាចក្ខុវិស័យដ៏ចម្បងក្នុងការបន្តដំណើរការរបស់មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍។ បន្ថែមពីនោះដើម្បីបំពេញតម្រូវការឲ្យបានកាន់តែសម្បូរបែបយើងនឹងបំពាក់ឧបករណ៍ទំនើបទាន់សម័យសម្រាប់ប្រើប្រាស់ និងខិតខំស្វែងរកដៃគូជំនួយផ្សេងទៀតដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋដែលខ្វះខាតក្នុងការទទួលបានការព្យាបាល និងសេវាកម្មថែទាំសុខភាព។ គ្រប់ដំណើរការទាំងអស់របស់ មន្ទីរពហុព្យាបាល យើងក៏មិនអាចភ្លេចបានពីការគាំទ្រទាំងគ្រប់ផ្នែក និងសូមថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាល មជ្ឈមណ្ឌលលាងឈាម ជា ស៊ីម និងមន្ទីរពេទ្យកាល់ម៉ែតព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តការងារ។ ម៉្យាងទៀតការថែរក្សាសុខភាព តាមរយៈការហូបចំណីអាហារ ភេសជ្ជៈដែលមានអនាម័យ និងប្រើប្រាស់ឱសថទៅតាមវេជ្ជបញ្ជាជាកាតព្វកិច្ចដែលប្រជាពលរដ្ឋម្នាក់ៗគួរអនុវត្តឡើងដើម្បីធានាបានសុខភាពល្អ និងសុភមង្គល។ បកស្រាយដោយ៖ អគ្គនាយិកា ខេង  កណ្ណិការ ប្រចាំមន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍  និងជាអនុប្រធានសមាគមអ្នកលក់ឱសថកម្ពុជា ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ឱសថបំបាត់ការឈឺចាប់ ជាប្រភេទថ្នាំដែលត្រូវបានប្រើប្រាស់ជាច្រើន ក្នុងមុខងារសម្របសម្រួលលើប្រព័ន្ធប្រសាទដើម្បីបំបាត់ការឈឺចាប់។ ជាទូទៅការប្រើប្រាស់ឱសថបំបាត់ការឈឺចាប់ មានច្រើនប្រភេទដូចជា ឱសថ Paracetamol ដែលបានប្រើប្រាស់ជាញឹកញាប់ និងប្រភេទ Opioid ដែលជាប្រភេទមួយផ្តល់នូវប្រសិទ្ធភាពជាងគេ។  ថ្មីៗនេះមានការរកឃើញឱសថបំបាត់ការឈឺចាប់ថ្មីដែលជាប្រភេទ Opioid មានឥទ្ធិពលខ្លាំងក្លា ១ពាន់ដង បើប្រៀបធៀបទៅនឹងឱសថបំបាត់ការឈឺចាប់ប្រភេទ Morphine និង ១០ដងខ្លាំងជាងប្រភេទ Fentanyl នេះបើយោងតាមការអនុម័តដោយ FDA (Food and Drug Administration)។ ឱសថបំបាត់ការឈឺចាប់ថ្មីនេះ ត្រូវបានគេហៅថា Dsuvia និងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងច្បាប់យ៉ាងកំហិត និងក្រោមចំនួនកំណត់មួយដោយអាចផ្តល់ឲ្យតែនៅក្នុង មន្ទីរពេទ្យ មជ្ឈមណ្ឌលវះកាត់និង បន្ទប់សង្គ្រោះបន្ទាន់។ ស្នងការនៃ FDA លោក Scott Gottlieb បានបរិយាយថា ឱសថប្រភេទ Dsuvia ត្រូវប្រើប្រាស់ដោយស្ថិតនៅក្រោមការតាមដានដ៏តឹងរឹងច្បាស់លាស់ និងចាំបាច់។លោក Scott Gottlieb បានបន្តទៀតថា Dsuvia ពុំអនុញ្ញាតឲ្យដាក់លក់តាម ឱសថស្ថាន ឬ ប្រើបា្រស់តាមផ្ទះនោះទេ។ ប្រភេទឱសថនេះ ត្រូវបានផលិតឲ្យប្រើប្រាស់តែម្តង (Single Use) និងមិនអនុញ្ញាតឲ្យប្រើប្រាស់លើសពី ៧២ ម៉ោងឡើយ។ ចំណែកផលវិបាកនៃឱសថនេះអាចធ្វើឲ្យមាន ការបាក់កម្លាំងខ្លាំង មានបញ្ហាផ្លូវដង្ហើម សន្លប់ និង អាចបណ្តាលឲ្យស្លាប់បាន។ ជាក់ស្តែង ឱសថនេះត្រូវបានដាក់ឲ្យប្រើប្រាស់ចំពោះកងទ័ពដោយយកចិត្តទុកដាក់ ដែលជាការសម្រេចរបស់ FDA ក្នុងការផ្តល់ជូនសេវាពិសេសមួយសម្រាប់ការប្រយុទ្ធក្នុងសមរភូមិ។ នៅពីក្រោយប្រសិទ្ធភាពដ៏ប្រសើររបស់ Dsuvia ក៏នៅមានផលវិបាកជាច្រើនដែលពុំអាចជួយដល់អ្នកជំងឺធម្មតាបាន តែសង្ឃឹមថា  អ្នកវិទ្យាសាស្ត្រនឹងបន្តស្វែងរកឱសថបំបាត់ការឈឺចាប់ដែលមានឥទ្ធិពលខ្លាំង និងពុំមានផលវិបាកផ្សេងៗ។  ប្រភពយោង៖ https://www.usatoday.com/story/news/nation-now/2018/11/05/fda-approves-opioid-painkiller-stronger-than-morphine-fentanyl/1889389002/ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ដោយសង្កេតឃើញពីកង្វះខាតនៃការផ្តល់ជូនព័ត៌មាន និងចំណេះដឹងផ្នែកសុខភាពក្នុងសង្គមបច្ចុប្បន្ន ក្រុមហ៊ុន ទស្សនាវដ្ដីហេលស៍ថាម ក៏ចាប់ផ្តើមការចេញផ្សាយទស្សនាវដ្ដីផ្នែកចំណេះដឹងសុខភាពដែលជាទីទុកចិត្តតាមរយៈបទសម្ភាសន៍ពីសំណាក់សាស្រ្តាចារ្យវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិតជាច្រើនផ្នែក បន្ថែមពីនោះក៏ការមានការរៀបរៀងជាអត្ថបទចំណេះដឹងសុខភាពទូទៅដទៃទៀតដែលទទួលបានពីដៃគូសហការ និងសំណាក់ក្រុមអ្នកនិពន្ធ។ ថ្មីៗនេះដែរ ដើម្បីជាការបំពេញតម្រូវការបន្ថែម ដែលមិនត្រឹមតែផ្តល់ជូនទៅកាន់ប្រជាជនទូទៅនោះទេ ថែមទាំងសម្រាប់អ្នកនៅក្នុងវិជ្ជាជីវៈសុខាភិបាលផងដែរ ហេលស៍ថាម ក៏បានបន្តចេញផ្សាយសៀវភៅមួយទៀតឈ្មោះថា មគ្គុទេ្ទសក៍ជំងឺ។  មគ្គុទេ្ទសក៍ជំងឺ ជាសៀវភៅប្រមូលផ្ដុំទៅដោយជំងឺជិត ១០០ ប្រភេទដែលជាការបកស្រាយយ៉ាងក្បោះក្បាយពីសំណាក់ សាស្រ្តាចារ្យវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិត ដោយក្ដោបសំខាន់នូវនិយមន័យ រោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងវិធីសាស្រ្តការពារទៅតាមស្ថានភាពជំងឺនីមួយៗ។ ជាមួយគ្នាផងដែរ ក៏មានការរួមបញ្ចូលនូវផ្នែកករណីសិក្សា ដែលជាការបកស្រាយរបស់វេជ្ជបណ្ឌិតជំនាញទៅកាន់បញ្ហាសុខភាពរបស់អ្នកអានផ្ទាល់។ ចំណុចសំខាន់ដែលគួរចាប់អារម្មណ៍ផ្សេងទៀត សម្រាប់ការចងក្រងសៀវភៅមគ្គុទ្ទេសក៍នេះឡើងគឺដើម្បីជាផ្នែកមួយជួយដល់ការផ្តល់ជូនដល់សាធារណជន ក៏ដូចជាអ្នកនៅក្នុងវិស័យសុខាភិបាល ក្នុងការបង្កើនចំណេះដឹង និងលើកកម្ពស់ ការអប់រំសារៈសំខាន់ផ្នែកសុខាភិបាលក៏ដូចជាការលើកកម្ពស់ការអាន និងស្វែងយល់បន្ថែមក្នុងផ្នែកសុខាភិបាល មិនតែប៉ុណ្ណោះ ក៏ដើម្បីជាផ្នែកមួយក្នុងការបន្តបោះពុម្ពផ្សាយសៀវភៅជាភាសាខ្មែរឲ្យបានកាន់តែច្រើនថែមទៀតផង។  ដើម្បីដាក់ចេញផ្សាយជាផ្លូវការនូវសៀវភៅ មគ្គុទ្ទេសក៍ជំងឺ ក្រុមហ៊ុន ហេលស៍ថាម ខប នឹងរៀបចំកម្មវិធីសម្ពោធសៀវភៅ នាថ្ងៃទី ២៣ ខែមីនាឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ ១១ព្រឹក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងគោលបំណងសំខាន់បីគឺ៖ • ដើម្បីដាក់សម្ពោធជាផ្លូវការសៀវភៅមគ្គុទ្ទេសក៍ជំងឺ របស់ក្រុមហ៊ុនហេលស៍ថាម និងការតាំងលក់សៀវភៅ ដើម្បីយកថវិកានៃការលក់សៀវភៅ១០% ដើម្បីបង្កើតកម្មវិធីសប្បុរធម៌នាពេលខាងមុខនេះ • ការថ្លែងអំណរគុណដល់លោក លោកស្រី វេជ្ជបណ្ឌិត និងសាស្ត្រាចារ្យវេជ្ជបណ្ឌិត ទាំងអស់ដែលបានចូលរួមចែករំលែកនូវអត្ថបទចំណេះដឹងសុខភាពដ៏មានតម្លៃ ក្នុងការចងក្រងសៀវភៅមគ្គុទេ្ទសក៍ជំងឺឡើង • ការបង្ហាញពីអត្ថប្រយោជន៍របស់សៀវភៅ ដល់សាធារណជន។ សម្រាប់កម្មវិធីមួយព្រឹកនៃការសម្ពោធសៀវភៅ មគ្គុទ្ទេសក៍ជំងឺ នាពេលខាងមុខនេះ ក៏នឹងមានរបៀបវារៈសំខាន់ៗក្នុងកម្មវិធីរួមមាន៖ • សន្ទរកថាសង្ខេប ពីសំណាក់នាយក ក្រុមហ៊ុន ហេលស៍ថាម ខប • ពិធីសម្ពោធសៀវភៅ មគ្គុទ្ទេសក៍ជំងឺ ជាផ្លូវការ • ពិធីថ្លែងអំណរគុណ ដល់ដៃគូសហការ និងវេជ្ជបណ្ឌិតជាទីប្រឹក្សា របស់សៀវភៅ មគ្គុទ្ទេសក៍ជំងឺ • សម្រាក និងសកម្មភាពទំនាក់ទំនងទៅវិញទៅមករបស់ភ្ញៀវកិត្តិយស • សន្និសីទសារព័ត៌មានជុំវិញការចងក្រងសៀវភៅ • ការសម្ដែងពីក្រុមនិស្សិតសុខាភិបាល • បិទកម្មិធី និងការថ្លែងអំណរគុណដល់អ្នកដែលបានចូលរួម។ កម្មវិធីនឹងរំពឹងទុកមានការចូលរួមពីសំណាក់ សាស្ត្រាចារ្យវេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ក្រុមហ៊ុនសហការនិង ក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យសុខាភិបាល សិស្សនិស្សិតសុខាភិបាល អ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល រួមទាំងសាធារណជន ដែលជាសក្ខីភាពសម្រាប់ការផ្សព្វផ្សាយជាផ្លូវការនៃសៀវភៅ មគ្គុទ្ទេសក៍ជំងឺ។ គួរបញ្ជាក់ផងដែរ ហេលស៍ថាម ខប ជាក្រុមហ៊ុននាំមុខគេដែលផ្តោតសំខាន់ជាចម្បងនូវការចែករំលែកចំណេះដឹងសុខភាព និងផ្តល់ជូនជាព័ត៌មានទៅកាន់ប្រជាជនទាំងអស់ពីសេវាកម្មសម្រាប់តម្រូវការផ្នែកសុខាភិបាលអស់រយៈពេល ៧ឆ្នាំមកហើយ។ ហើយសម្រាប់ការចេញផ្សាយជាសៀវភៅ “មគ្គុទេ្ទសក៍ជំងឺ” គឺជាការចាប់ផ្ដើមបំពេញបន្ថែមតម្រូវការដែលកំពុងខ្វះខាតដោយក្រុមហ៊ុននឹងបន្តផ្តល់ជូនការចេញផ្សាយជាបន្តទៀតនៅពេលខាងមុខ។  សម្រាប់ការចូលរួម៖  • ស្វាគមន៍ចំពោះគ្រប់សាធារណជនទាំងអស់ • ពេលវេលា និងទីតាំង ៖ ព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) • ចុះឈ្មោះតាមរយៈ ៖https://docs.google.com/forms/d/e/1FAIpQLScp5E9NxppMoV3ta1i9aV3Pa0SRAirVZ5981TstpFuXSo7SIA/viewform ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

តើអ្នកកំពុងគិតរៀបចំផែនការណ៍ដើម្បីបើកគ្លីនិក/មន្ទីរពេទ្យមែនទេ?ចុះតើអ្នកបានគិតដល់ជំនាញគ្រប់គ្រងហិរញ្ញវត្ថុដែលជាជំនាញដ៏សំខាន់ និងមិនអាចមើលរំលងបានហើយឬនៅ?  ការរៀបចំបើកបម្រើគ្លីនិក ឬមន្ទីរពេទ្យណាមួយ មិនអាចពឹងផ្អែកតែលើជំនាញបច្ចេកទេសក្នុងការផ្តល់សេវាកម្មព្យាបាលសម្រាប់អ្នកជំងឺតែប៉ុណ្ណោះទេ ការធានាឲ្យបាននូវភាពរលូន និងគុណភាពនៃដំណើរការទាំងអស់ក៏ត្រូវចូលរួមចំណែកពីផ្នែកផ្សេងៗផងដែរ ដូចជាចំណេះដឹងផ្នែកទីផ្សារ លក់ ការគ្រប់គ្រងធនធានមនុស្ស និងជាពិសេសចំណេះដឹងហិរញ្ញវត្ថុដែលជាផ្នែកចម្បងមួយសម្រាប់បន្តការរស់រានមានជីវិតរបស់គ្លីនិក ឬមន្ទីរពេទ្យនីមួយៗ។  ដោយមើលឃើញអំពីតម្រូវការបន្ថែម និងចាំបាច់របស់អ្នកប្រកបរបរវិជ្ជាជីវសុខាភិបាលទាំងឡាយទាក់ទងនឹងចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្លីនិក/មន្ទីរពេទ្យ ហេលស៍ថាមក៏បានបង្កើតវគ្គសិក្សាខ្លីមួយឈ្មោះថា “ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់អ្នកគ្រប់គ្រងមិនមែនជាអ្នកហិរញ្ញវត្ថុក្នុងវិស័យ គ្លីនិក/មន្ទីរពេទ្យ” ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដោយផ្តោតសំខាន់អំពី៖ • ការបង្កើតគម្រោងហិរញ្ញវត្ថុសម្រាប់ មន្ទីរពេទ្យ/គ្លីនិក  • ការរៀបចំរចនាសម័្ពន្ធចំណូល និងចំណាយ • ការអភិវឌ្ឍលើផ្នែកតម្លៃឲ្យសមស្របនឹងគុណភាពសេវាកម្ម • របៀបពង្រីកមធ្យោបាយផ្សេងៗ ដើម្បីធ្វើឲ្យគ្លីនិក/មន្ទីរពេទ្យមានស្ថេរភាព ក្នុងរយៈពេល ២ថ្ងៃពេញ ដោយចាប់ពីថ្ងៃ សៅរ៍ ទី ១៦ ដល់ ថ្ងៃ អាទិត្យ ទី ១៧ ខែ មីនា ឆ្នាំ ២០១៩ នេះអ្នកចូលរួមនឹងទទួលបានការសិក្សាស្វែងយល់ពីសំណាក់វាគ្មិនកិត្តិយស ដែលនឹងធ្វើការចែករំលែកចំណេះដឹងរួមមាន៖ • ថ្ងៃទីមួយ នឹងមានការចូលរួមចែករំលែកចំណេះដឹង និងបង្រៀនអំពីការគ្រប់គ្រងហិរញ្ញវត្ថុចំពោះអ្នកមិនមែនជាអ្នកហិរញ្ញវត្ថុពីសំណាក់ លោក យន ម៉ាលឹមឆេង ដែលជាមន្រ្តីជំនាញជាន់ខ្ពស់ទទួលបន្ទុកថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងជាបុគ្គលដែលជោគជ័យក្នុងមុខជំនួញ និងមានបទពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំនៅក្នុងស្ថាប័នរដ្ឋ។  • ថ្ងៃទីពីរ ក៏មានការចូលរួមដោយវាគ្មិនកិត្តិយសពីររូបបន្ថែមទៀតគឺ វេជ្ជបណ្ឌិត វ៉ា ជីវ័ន នាយកប្រតិបត្តិ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) និងសាស្ត្រាចារ្យ ទន្តបណ្ឌិត សុខ ជា នាយកគ្រប់គ្រងទូទៅនៃមន្ទីរព្យាបាលមាត់ធ្មេញ សុខ ជា សម្រាប់កិច្ចពិភាក្សា និងការចែករំលែកបទពិសោធន៍ផ្ទាល់លើផ្នែកហិរញ្ញវត្ថុសម្រាប់គ្លីនិក/មន្ទីរពេទ្យ ក៏ដូចជាការសិក្សាបន្ត និងធ្វើការអនុវត្តលើមេរៀនអំពីហិរញ្ញវត្ថុក្នុងវិស័យសុខាភិបាលនេះផងដែរ។   វគ្គសិក្សាខ្លីនេះគឺជាសកម្មភាពសិក្សាបន្ថែម និងអនុវត្តផ្ទាល់ ដើម្បីជួយបំពេញតម្រូវដ៏សំខាន់សម្រាប់អ្នកគ្រប់គ្រងគ្លីនិក ឬមន្ទីរពេទ្យ។ លើសពីនេះការសិក្សានឹងអាចឲ្យអ្នកគ្រប់គ្រងត្រៀមខ្លួនបានជាមុន សម្រាប់ប្រតិបត្តិការគ្លីនិក/មន្ទីរពេទ្យឲ្យបានជោគជ័យ៕ «បើគ្រាន់តែមានផែនការគឺគ្មានន័យអ្វីទេ។ ការរៀបចំផែនការហើយយើងអាចសម្រេចបាននោះគឺជាអ្វីគ្រប់យ៉ាង។» សម្រាប់ការចូលរួម៖  វគ្គសិក្សាខ្លីពិសេស៖ ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់អ្នកគ្រប់គ្រងមិនមែនជាអ្នកហិរញ្ញវត្ថុក្នុងវិស័យ គ្លីនិក/មន្ទីរពេទ្យ កាលបរិច្ឆេទ៖ សៅរ៍ ១៦ មីនា ២០១៩ និង ១៧ មីនា ២០១៩ (ពីរថ្ងៃ) វេលាម៉ោង៖ 08:00 ព្រឹក ដល់ម៉ោង 05:00 ល្ងាច ទីតាំង៖ បន្ទប់តូក្យូលេខ៩ នៅ មជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)  តំលៃសំបុត្រ៖ ១០០ ដុល្លារ  សម្រាប់ពត៌មានបន្ថែម និងទំនាក់ទំនងជាវសំបុត្រ៖ 077 888 075 ផ្តល់ជូនអាហារសម្រន់ និងអាហារថ្ងៃត្រង់  * បញ្ចុះតម្លៃ១៥% សម្រាប់សមាជិកសហគមន៍Healthtime Pro  ***បញ្ជាក់៖ ចំនួនកន្លែងមានកំណត់!!! ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺបាយភ្នែក ធ្វើឲ្យមានការពិបាកក្នុងការមើល តែងកើតលើភ្នែកម្ខាង ឬសងខាង ពិសេសមនុស្សចាស់ អ្នកជំងឺទឹកនោមផ្អែម អ្នកជក់បារី ហើយជាទូទៅមានតែការវះកាត់ប៉ុណ្ណោះដែលជាវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាព និងត្រូវបានណែនាំពីគ្រូពេទ្យឯកទេស។ យោងតាម Fred Hollow Foundation ប្រជាជនប្រហែលជាង ៣២.៤ លាននាក់នៅលើពិភពលោកកំពុងជួបភាពពិការភ្នែកដែលភាគច្រើនដោយសារជំងឺបាយភ្នែក។  ដោយឡែកថ្មីៗនេះ អ្នកវិទ្យាសាស្ត្រកំពុងសិក្សាលើការស្រាវជ្រាវថ្មីមួយនៅសហរដ្ឋអាមេរិក ដោយបង្កើតថ្នាំបន្តក់ភ្នែកផ្ទាល់តែម្តងសម្រាប់ការព្យាបាលជំងឺបាយភ្នែក ដោយថ្នាំនោះអាចមានលទ្ធភាពរំលាយវាបាន ព្រោះតែការវះកាត់មានតម្លៃថ្លៃ។ ដោយការសិក្សានេះ កំពុងបន្តស្រាវជ្រាវដើម្បីចៀសវាងផលវិបាកផ្សេងៗ ហើយគំហើញថ្មីនឹងចំណាយច្រើនបន្តិចក្នុងការផ្សាយចេញជាផ្លូវការ។ ក្នុងការសិក្សានោះដែរអ្នកវិទ្យាសាស្ត្របានធ្វើតេស្តនៅលើសត្វទន្សាយ លទ្ធផលទទួលបានក្នុងចំណោម ១៣ករណី មាន ២ករណីមានការប្រែប្រួលពីជំងឺបាយភ្នែកធ្ងន់ធ្ងរ ទៅជាធូរស្រាលបន្ទាប់ពីការពិសោធន៍មួយអាទិត្យដំបូងហើយអ្នកវិទ្យាសាស្រ្តទទួលបានលទ្ធផលដូចគ្នាក្នុងការពិសោធន៍ជាមួយនឹងសត្វឆ្កែផងដែរ។ ប្រសិនការស្រាវជ្រាវនេះជោគជ័យលើមនុស្ស វានឹងចេញលក់លើទីផ្សារ ហើយអាចជួយដល់អ្នកជំងឺបាយភ្នែកជាច្រើនក្នុងពិភពលោក។ ឯកសារយោង៖ - https://futurism.com/goodbye-surgery-scientists-just-made-eye-drops-that-dissolve-cataracts-2?fbclid=IwAR3JyUstCt-Tj5Lav3Fy9D2My9vt_DAu1pIZdIjpMXX9zMm8zg-kE9gDsyk - https://nei.nih.gov/health/cataract/cataract_facts ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៨ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីមួយឈ្មោះ Narichat Jing កំពុងផ្សព្វផ្សាយផលិតផលឱសថ និងផលិតផលគ្រឿងសម្អាងជាច្រើនមុខ ដោយគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលដែលមានឈ្មោះដូចខាងក្រោម៖ ១-Super Weight Gain ២-Digestica Tablets ៣-Super Colostrum Chew ៤-Easy Slim ៥-DAFLEXION ៦-ផលិតផលគ្រឿងសម្អាងឈុតបំបាត់មុន ស្នាមមុន និងជាំ ៧-ផលិតផលគ្រឿងសម្អាង ឈុតបំបាត់អាចម៍រុយ ៨-សាប៊ូ និងក្រែមបន្ទន់សក់ ៩-ផលិតផលគ្រឿងសម្អាងឈុតបំបាត់ជាំ និងផ្តល់សំណើម និងផលិតផលឱសថដទៃផ្សេងទៀត។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ឬអាចឈានដល់ការបាត់បង់ជីវិតរបស់អ្នកប្រើប្រាស់មិនត្រឹមត្រូវទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ផលិតផលឱសថខាងលើនេះត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងលក់ ចែកចាយ ផលិតផលឱសថគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧ , ០៩២ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីឈ្មោះ EcoSlim Cambodia កំពុងលក់ និងផ្សព្វផ្សាយឱសថសម្រាប់សម្រកទម្ងន់ឈ្មោះ ECOSLIM បំផ្លើសហួសពីការពិតដូចជាឱសថថ្មីសម្រាប់សម្រកទម្ងន់ដែលស្រកបាន ១៥គីឡូក្រាមក្នុងពេល ៤សប្តាហ៍ដោយមិនមានជាតិគីមី មិនតមអាហារ មិនហាត់ប្រាណ និងយកឈ្មោះក្រសួងសុខាភិបាលមកប្រើដើម្បីបោកប្រាស់សាធារណជន។ ក្រសួងសុខាភិបាលសូមបញ្ជាក់ថាឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM នេះគ្មានការត្រួតពិនិត្យគុណភាព និងគ្មានចុះបញ្ជិកាពីក្រសួងសុខាភិបាលឡើយ។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ឬអាចឈានដល់ការបាត់បង់ជីវិតរបស់អ្នកប្រើប្រាស់មិនត្រឹមត្រូវទៀតនោះ សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM នេះបន្តទៀត ហើយក្រសួងសុខាភិបាលសុំឲ្យម្ចាស់គណនីឈ្មោះ EcoSlim Cambodia ខាងលើនេះត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ លក់និងចែកចាយឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM ខុសច្បាប់នេះជាបន្ទាន់។ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

នាថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ស្ថានីយវិទ្យុផ្កាឈូកគណៈកម្មការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(CJBI) បានរៀបចំសិក្ខាសាលាស្តីពីសុខភាពក្រោមប្រធានបទ «ការពុលចំណីអាហារ និងវិធានការការពារ» នៅសាលអង្គរគីហ្សូណានៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ជាក់ស្តែង សិក្ខាសាលាស្តីពីសុខភាពនេះត្រូវបានធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង  និងកាត់បន្ថយគ្រោះថ្នាក់ដោយចំណីអាហារ ព្រមទាំងការពុលចំណីអាហារ និងវិធានការការពារ។ សិក្ខាសាលារយៈពេលកន្លះថ្ងៃនេះ ចាប់ផ្តើមពីម៉ោង ៧ព្រឹក ដល់១១ថ្ងៃត្រង់ ដោយមានការអញ្ជើញចូលរួមចែករំលែកចំណេះដឹងដោយវាគ្មិនកិត្តិយសចំនួន ៤រូបគឺ លោកបណ្ឌិត អ៊ុយ ដារិន នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ លោក លី ទីន អនុប្រធាននាយកដ្ឋានវិញ្ញាបនបត្រកម្មនៃវិទ្យាស្ថានស្តង់ដារ និងឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានឱសថចំណីអាហារបរិក្ខាពេទ្យ និងគ្រឿងសម្អាងក្រសួងសុខាភិបាល និងមានផងដែរនូវវត្តមានរបស់ ព្រះភិក្ខុវជិរប្បញ្ញោ គូសុភាព សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ សិក្ខាសាលាទាំងមូលក៏ទទួលបានកិត្តិយសចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ  លោកលោកស្រី ព្រមទាំងមានការចូលរួមយ៉ាងច្រើនលើសការរំពឹងទុកពីសំណាក់បងប្អូនសិស្សានុសិស្សប្រមាណ ៤០០នាក់ផងដែរ។ នាឱកាសនេះ លោកឱសថការី អាំង ហុកស្រ៊ុន បានមានប្រសាសន៍ថា «ការពុលអាហារគឺជាការបរិភោគចំណីអាហារដែលមានលាយឡំជាមួយភាពកខ្វក់ ពពួកមេរោគ ឬជាតិតុកស៊ីនគ្រប់ចំនួនដែលអាចធ្វើឲ្យអ្នកបរិភោគចំណីអាហារនោះមានជំងឺបាន។ លើសពីនេះ លោកបានបង្ហាញផងដែរថា ការផ្ទុះការពុលចំណីអាហារនៅកម្ពុជាមានលក្ខណៈប្រែប្រួលក្នុងមួយឆ្នាំៗ ដោយក្នុងឆ្នាំ ២០១៥ មានការពុលចំណីអាហារ ៣៣ដង អ្នកជំងឺ ១៩៥៧នាក់ សម្រាកពេទ្យ ១៩២៨នាក់ ស្លាប់ ២៩នាក់ ចំណែកឆ្នាំ ២០១៦ មានការពុលចំណីអាហារ ១៩ដង អ្នកជំងឺ ៧០៣នាក់ សម្រាកពេទ្យ ៦៦០នាក់ ស្លាប់ ១៥នាក់។ ដោយឡែក ក្នុងឆ្នាំ ២០១៧ មានការពុលចំណីអាហារ ២៨ដង អ្នកជំងឺ ៨២៨នាក់ សម្រាកពេទ្យ ៨១៦នាក់ ស្លាប់ ០៤នាក់ និងឆ្នាំ ២០១៨ ការពុលចំណីអាហារមាន ១៣ដង អ្នកជំងឺ ២០៣នាក់ សម្រាកពេទ្យ ១៩៦នាក់ និងស្លាប់ ១២នាក់»។ គួរបញ្ជាក់ផងដែរ បន្ទាប់ពីធ្វើបទបង្ហាញទៅលើប្រធានបទទាក់ទងខុសៗគ្នារបស់វាគ្មិនកិត្តិយសយ៉ាងក្បោះក្បាយ និងយ៉ាងស៊ីជម្រៅរួចក៏មាននូវវេទិកាសំណួរ-ចម្លើយ ព្រមទាំងបញ្ចប់ជាមួយនឹងការថតរូបអនុស្សាវរីយ៍ពីសំណាក់វាគ្មិន និងអ្នកចូលរួមទាំងអស់ប្រកបដោយភាពសប្បាយរីករាយ។

Share

ក្នុងខែមករា ឆ្នាំ២០១៩កន្លងមក​នេះ ក្រុមការងារហេលស៍ ថាម ប្រូ សហការជាមួយ មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ បានប្រារព្ធកម្មវិធី “Check-up Tour” ដោយមានការផ្តល់ជូន​ការវាស់ដឺក្រេភ្នែក ពិនិត្យ និងពិគ្រោះអំពីបញ្ហាសុខភាពភ្នែក ដោយឥតគិតថ្លៃ។ កម្មវិធីប្រព្រឹត្តទៅ នៅសាកលវិទ្យាល័យចំនួន២​ គឺសាកលវិទ្យាល័យ អន្តរជាតិ និងសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ដើម្បីជួយលើកកម្ពស់ការថែទាំសុខភាពភ្នែក សិស្សនិស្សិតដែលជាធនធានដ៏សំខាន់របស់ប្រទេសជាតិ។ ​កម្មវិធី​ប្រព្រឹត្តទៅបានយ៉ាងរលូន​ ក្រោមការឧបត្ថម្ភដោយ ផលិតផល កូស៊ីល​។ គួរបញ្ជាក់ផងដែរថា ដើម្បីចូលរួមលើកកម្ពស់សុខភាពសាធារណៈ ហេលស៍ថាម ប្រូ​ សហការជាមួយគ្លីនិក/មន្ទីរពេទ្យជាដៃគូ បាននឹងកំពុងបង្កើតនូវកម្មវិធីមួយ “Check-up Tour” នេះឡើងក្នុងគោលបំណងធំៗ ចំនួន៣៖​ អាចដឹងពីស្ថានភាពសុខភាពរបស់ខ្លួន​ ជួយកាត់បន្ថយហានិភ័យនៃការវិឌ្ឍទៅជាជំងឺធ្ងន់ធ្ងរ ទទួលបានព័ត៌មានថ្មីៗអំពីសុខភាព ក្រៅពីនេះ ហេលស៍​ ថាម ប្រូ ក៏ធ្លាប់បានចូលរួមផ្តល់ការពិនិត្យសុខភាពជាច្រើនទៀតក្នុងឆ្នាំ២០១៨ ដោយមានការសហការជាមួ​យគ្លីនិក/មន្ទីរពេទ្យ និងក្រុម​ហ៊ុននានាជាច្រើនផងដែរ។ ដូចជាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨  ក្នុងឱកាសកម្មវិធីពិព័រណ៍កីឡា និងសុខភាព ManulifeMOVE fair 2018 ដែលរៀបចំឡើងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife Cambodia។ ក្រោមការគាំទ្រដោយ​ សមាគមគ្រូពេទ្យបេះដូងកម្ពុជា(CHA) ផ្តល់ជូន​ការពិនិត្យសុខភាព​បេះដូង ដើម្បីលើកកម្ពស់ការថែទាំ និងបង្កើនការយកចិត្តទុកដាក់របស់ប្រជាជនយើងទៅលើសុខភាពបេះដូងឲ្យបានកាន់តែល្អប្រសើរ។ ហេលស៍​ ថាម ប្រូ សូមសន្យាថានឹងរៀបចំនូ​វការពិនិត្យសុខភាព ដ៏មានគុណប្រយោជន៍ជាច្រើនទៀតតាមរយៈការសហការជាមួយនឹងគ្លីនិកជាដៃគូជាបន្តបន្ទាប់ ដើម្បីជាចំណែកមួយនៃការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជាតិយើង នៅតាមសាកលវិទ្យាល័យ និងទីសាធារណៈនានានៅកម្ពុជា ព្រមទាំងការចូលរួមក្នុងកម្មវិធីពិព័រណ៍ និងសិក្ខាសាលាផ្សេងៗផងដែរ។ កុំភ្លេចតាមដានទាំងអស់គ្នាណ៎ា​ នៅលើគេហទំព័រហេ្វសបុករបស់ហេលស៍ថាម​ Healthtime Pro និងHealthogo ដើម្បីអាចចូលរួមទទួលបានការពិនិត្យសុខភាព និងចំណេះដឹងទាក់ទងនឹងសុខភាពនានា។ “កុំចាំដល់ថ្ងៃឈឺ ទើបចាប់ផ្តើមយកចិត្តទុកដាក់នឹងសុខភាព” ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃ មានគណនីចំនួន១១ ឈ្មោះ ១-កាក់មាស”KAK MEAS” ២-Moringacam ៣-ឱសថបូរាណសញ្ញាប្រទាលអមតះ ៤-CHEAT SUNTO ៥-ឱសថបុរាណសញ្ញាភ្នំគូលែន ជំនួយសុខភាពផ្លូវភេទ ៦-ហនុមានជំនួយសុខភាព ៧-SUNTO Shop ៨-CHEAT SUNTO Kh ៩-ProHealth ១០-Sokun Theary Pich (ពេជ្រ សុគន្ធារី) និង១១-8អេស ស៊ុបពើហ្វូត អន្ទង់ស-8S Superfood Tongkat Ali បានកំពុងផ្សព្វផ្សាយឱសថបុរាណបំប៉នផ្លូវភេទបុរសឈ្មោះ”អន្ទង់ស” ផលិតនៅព្រះរាជាណាចក្រកម្ពុជា គ្មានក្រុមហ៊ុនត្រឹមត្រូវ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់ឱសថបុរាណបំប៉នផ្លូវភេទបុរសឈ្មោះ ”អន្ទង់ស” ត្រូវមកទាក់ទងនាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាងដើម្បីសុំចុះបញ្ជិកាឱសថបុរាណ ដោយមានការត្រួតពិនិត្យគុណភាពត្រឹមត្រូវ និងត្រូវសុំច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល បើមិនដូច្នោះទេក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងប្រើប្រាស់ លក់ ចែកចាយ ឱសថបុរាណបំប៉នផ្លូវភេទបុរសឈ្មោះ” អន្ទង់ស” គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧ , ០៩២ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

នាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ សមាគមអ្នកចែកចាយឱសថកម្ពុជាបានរៀបចំនូវកម្មវិធីសមាជលើកទី២ ក្រោមប្រធានបទ «ការចែកចាយឱសថស្របច្បាប់ និងមានគុណភាពនៅក្នុងប្រទេសកម្ពុជា» នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ កម្មវិធីសមាជរយៈពេលកន្លះថ្ងៃនេះបានធ្វើការចាប់ផ្តើមពីម៉ោង ៨:៣០នាទី ដល់ម៉ោង១២ថ្ងៃត្រង់ ដោយមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ លោកវេជ្ជបណ្ឌិត ស៊ាន ស៊ីនឌី ប្រធានសមាគម លោក ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល លោក ហៀន គឹមសៀត តំណាងក្រសួងសុខាភិបាល និងលោក ហេង វិចិត្រ អគ្គលេខាធិការសមាគម និងឯកឧត្តម លោកជំទាវ លោកវេជ្ជបណ្ឌិត ឱសថការី លោក លោកស្រីដែលជាសមាជិកនៃសមាគមអ្នកចែកចាយឱសថកម្ពុជាទាំងអស់ ព្រមទាំងតំណាងក្រុមហ៊ុនចែកចាយឱសថប្រមាណជាង ១៣០នាក់ផងដែរ។ យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ស៊ាន ស៊ីនឌី នាឱកាសនោះបានលើកឡើងថា «សមាគមអ្នកចែកចាយឱសថកម្ពុជាត្រូវបានបង្កើតឡើងដោយស្ថាបនិកក្រុមហ៊ុនអ្នកចែកចាយឱសថកម្ពុជាមួយចំនួនក្នុងទស្សនៈវិស័យ និងទិសដៅដូចគ្នា ឬជួបហេតុការណ៍ប្រចាំថ្ងៃប្រហាក់ប្រហែលគ្នា។ ហេតុផលទាំងអស់នេះបានជំរុញឲ្យក្រុមហ៊ុន និងស្ថាបនិកទាំងអស់ធ្វើការជួបជុំគ្នាជាច្រើនដងដើម្បីរៀបចំរចនាសម្ព័ន្ធ និងការសម្របសម្រួលឲ្យចេញជារូបរាងឡើង ដើម្បីដាក់ឲ្យក្រសួងមហាផ្ទៃធ្វើការពិនិត្យ និងសម្រេច ហើយជាលទ្ធផលត្រូវបានទទួលស្គាល់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២។ លោកក៏បានលើកឡើងបន្ថែមទៀតថា គោលបំណងនៃការបង្កើតសមាគមអ្នកចែកចាយឱសថកម្ពុជាគឺដើម្បីចែករំលែកព័ត៌មានដែលទទួលបានពីក្រសួងសុខាភិបាលទៅកាន់សមាជិក។»  ដោយឡែក លោក ហេង វិចិត្រ បានលើកឡើងបន្ថែមទៀតថា «កម្មវិធីសមាជ សមាគមអ្នកចែកចាយឱសថកម្ពុជា ប្រារព្ធឡើងក្នុងគោលបំណងធ្វើការសហការជាមួយស្ថាប័នដែលពាក់ព័ន្ធនានាដើម្បីគាំពារផ្នែកច្បាប់ទៅលើការនាំចូលនាំចេញឱសថ ក្នុងករណីមានបញ្ហាបច្ចេកទេសផ្សេងៗ។ ជួយសម្របសម្រួលរវាងសមាជិកមួយទៅសមាជិកមួយទៀត ឧបត្ថម្ភគាំពារទាំងស្មារតី និងសម្ភារៈដល់សមាជិក ពាំនាំពាក្យរបស់អ្នកចែកចាយឱសថរបស់សមាជិកជូនទៅក្រសួងសុខាភិបាល និងក្រសួងដែលពាក់ព័ន្ធក្នុងគោលបំណងសហការគ្នា និងលើកកម្ពស់ក្នុងការប្រើប្រាស់ឱសថ ព្រមទាំងជួបប្រជុំគ្នានូវបញ្ហាប្រឈមនានារបស់សមាជិក ដែលពាក់ព័ន្ធទៅនឹងការចុះបញ្ជិកាឱសថ ធ្វើការទំនាក់ទំនងជាមួយសមាគមឱសថដែលពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេសជាដៃគូរ និងធ្វើការផ្សព្វផ្សាយការប្រើប្រាស់ឱសថតាមរយៈការពិគ្រោះយោបល់ក្នុងសិក្ខាសាលាដើម្បីឲ្យអ្នកចែកចាយ អ្នកប្រើប្រាស់យល់ដឹងពីឱសថ។» គួរបញ្ជាក់ម្តងទៀតថា បន្ទាប់ពីការធ្វើបទបង្ហាញពីវាគ្មិនកិតិយជាច្រើនរូប កម្មវិធីសមាជនេះបានបញ្ចប់ជាមួយនឹងវេទិកាសំណួរចម្លើយ ពីអ្នកចូលរួមទាំងអស់យ៉ាងសកម្ម និងប្រកបដោយលទ្ធផលល្អយ៉ាងគាប់ប្រសើរផងដែរ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីឈ្មោះ My Doctor កំពុងផ្សព្វផ្សាយផលិតផលឱសថជាច្រើនមុខ ដោយគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលដែលមានឈ្មោះដូចខាងក្រោម៖១-LiverDetox ២-LiverDetox Plus ៣-DifflamR ៤-ClearwayzR ៥-HyssinolTM ៦-Detox Genie Bladder Care ៧-HAIRPRINTM ៨-CRANBERRY 25,000 ៩-Detox Genie LUNG  DETOX ១០- MUSASHI HIGH PROTEIN ១១-SUPER SLEEP 2000 ១២-emuaid ១៣-DOUBLE BONDED PROTEIN ១៤-OEM SLIMR ១៥-DROPS OF YOUTH ១៦-BLACKMORE NAILS, HAIR & SKIN ១៧-BLACKMORE FISH OIL 1000 ១៨-Paw Paw Balm ១៩-GINKGO BILOBA 2000 ២០-OLIVE LEAF 3000 ២១-Nature’s Way VITA Kid Smart Gummies ២២-Nature’s Way VITA Daily Fibres Gummies ២៣-CITRAVESCENTR  URINARY ALKALINISER ២៤-BILBERRY & LUTEIN ២៥-elevitR ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីឈ្មោះ My Doctor ដែលបាននាំចូលហើយផ្សព្វផ្សាយ លក់ ឬចែកចាយផលិតផលឱសថខាងលើនេះ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top