- Jun 17, 2017 |
- 8 years ago |
- 17.1K views
ជំងឺលើសសម្ពាធឈាមដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង
ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន ១០នាក់ មានម្នាក់មានជំងឺលើសឈាមអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ខ្ពស់ដល់ជីវិត។ តើជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះជាជំងឺដូចម្តេច? ជាការពិតទៅ ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះមាននិយមន័យដូចទៅនឹងជំងឺលើសសម្ពាធឈាមលើមនុស្សដែលអត់មានផ្ទៃពោះ ដោយមានសម្ពាធឈាមខាងលើ (Systolic) លើសពី ១៤mmHg និងខាងក្រោម (Diastolic) លើសពី៩០mmHg ហើយលើសពីនោះ វាក៏ជាកត្តាដែលប្រឈមទៅនឹងការស្លាប់ទាំងម្ដាយទាំងកូនផងដែរ។ ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះត្រូវបានចែកចេញជា៤ប្រភេទគឺ៖ 1. ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ (Pre-existing or Chronic hypertension)៖ មានន័យថាអ្នកជំងឺមានការលើសសម្ពាធឈាមមុន ២០សប្ដាហ៍នៃគភ៌ (ពពោះ) ក៏មានន័យថាមុនពេលមានផ្ទៃ-ពោះស្រ្ដីជាម្ដាយមានជំងឺលើសសម្ពាធឈាមរួចទៅហើយ។ 2. ជំងឺលើសសម្ពាធឈាមពេលមានផ្ទៃពោះ (Gestational hypertension)៖ ជាការលើសសម្ពាធឈាមក្រោយ ២០សប្ដាហ៍ នៃការពពោះ។ 3. ជំងឺបម្រុងក្រឡាភ្លើង (Preeclampsia)៖ មានន័យថាអ្នកជំងឺមានសម្ពាធឈាម រួមជាមួយនឹងជាតិសាច់នៅក្នុងទឹកនោម(proteinuria) លើសពី ៣០០មីលីក្រាមក្នុង២៤ម៉ោង។ ប៉ុន្តែក្នុងការណែនាំថ្មីនៃការធ្វើរោគវិនិច្ឆ័យជំងឺបម្រុងក្រឡាភ្លើងគឺយើងអាចរួមបញ្ចូលទៅនឹងរោគសញ្ញាគ្លីនិកដទៃទៀតដូចជា៖ • ស្រវាំងភ្នែក • ការប៉ះពាល់ទៅលើមុខងារថ្លើម សម្គាល់បានដោយ ឈឺនៅឆ្អឹងជំនីក្រោមខាងស្ដាំ ការឡើងខ្ពស់នៃអង់ស៊ីមTransaminase • ការប៉ះពាល់ទៅលើតម្រងនោមដោយមានការកើនឡើងនៃ Creatinine • អាចឃើញមានជំងឺហើមសួត(Pulmonary edema) ផងដែរ។ 4. ជំងឺបម្រុងក្រឡាភ្លើង រួមនឹងជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ៖ មានន័យថា អ្នកជំងឺមានលើសសម្ពាធឈាម មុនពពោះ រួមជាមួយរោគសញ្ញា នៃជំងឺបម្រុងក្រឡាភ្លើង ក្រោយ២០សប្តាហ៍ នៃការពពោះ។ តើមានកត្តាណាខ្លះជំរុញឲ្យកើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ? ដោយសារតែជំងឺនេះកើតមានរហូតទៅដល់ ១០%នៃស្ដ្រីមានផ្ទៃពោះ ក្នុងនោះគេសង្កេតឃើញថាមានក្រុមស្រ្តីមួយចំនួនដែលស្ថិតក្នុងលក្ខខណ្ឌប្រឈមខ្ពស់ដូចជា៖ • ស្រ្ដីដែលមានផ្ទៃពោះមានអាយុលើសពី៤០ឆ្នាំ ឬតិចជាង១៨ឆ្នាំ • ស្រ្ដីធាត់ខ្លាំង • ស្រ្ដីធ្លាប់មានជំងឺក្រឡាភ្លើងពីមុនមក • ស្រ្ដីពពោះកូនភ្លោះ • ស្រ្តីមានជំងឺលើសឈាម • ស្រ្ដីមានវិបត្តិតម្រងនោម • ស្រ្ដីមានជំងឺពាក់ពន្ធ័ទៅនឹងប្រព័ន្ធប្រឆាំងរាងកាយ (autoimmune disease) • ឬស្រ្ដីមានជំងឺទឹកនោមផ្អែម ។ តើជំងឺនេះលេចឡើងនូវរោគសញ្ញាចម្បងដូចម្តេច? ចំពោះរោគសញ្ញានៃជំងឺនេះបើសិនជាអ្នកជំងឺស្ថិតក្នុងលក្ខខណ្ឌជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ គឺពុំមានរោគសញ្ញាធំដុុំណាមួយ ដែលគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែប្រសិនបើអ្នកជំងឺស្ថិតក្នុងលក្ខខណ្ឌជំងឺបម្រុងក្រឡាភ្លើង ឬឈានដល់ជំងឺក្រឡាភ្លើងដូចដែលបានរៀបរាប់ខាងលើយើងអាចឃើញមានលេចឡើងនូវរោគសញ្ញាចម្បងខ្លះៗតួយ៉ាងដូចជា៖ • ស្រវាំងភ្នែក ឬមានវិបត្តិគំហើញ • ឈឺក្បាលខ្លាំង • ឈឺចុកចាប់នៅត្រង់ចុងដង្ហើម ឬឈឺនៅឆ្អឹងជំនីក្រោមខាងស្ដាំ • ក្អួតចង្អោរ • ហើម (មុខ ដៃ ឬជើង)។ តើជំងឺនេះផ្តល់ផលប៉ះពាល់ណាខ្លះទៅលើម្ដាយ និងកូន? អ្វីដែលជាក្ដីបារម្ភទៅលើស្ត្រីដែលកើតមានជំងឺលើសឈាមកំឡុងពេលមានផ្ទៃពោះ គឺជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ជាពិសេសចំពោះអ្នកដែលស្ថិតក្នុងក្រុមបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើងដែលអាចប៉ះពាល់ទៅលើអាយុជីវិតទាំងម្ដាយ និងកូន។ • ការប៉ះពាល់ផ្នែកខាងម្ដាយ៖ ស្រ្ដីជាម្ដាយអាចប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាល ឬកើតមានជំងឺហើមសួត(Pulmonary Edema)ដោយស្រ្ដីនោះមានរោគសញ្ញា ហត់ខ្លាំងដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត មិនតែប៉ុណ្ណោះក្នុងពេលតែមួយក៏អាចមាននូវការប្រកាច់បែកគ្រាប់ឈាមការថយចុះនៃចំនួនផ្លាកែត ព្រមទាំងមានវិបត្តិថ្លើម និងតម្រងនោមធ្ងន់ធ្ងរទៀតផង ហើយប្រសិនបើពុំមានការព្យាបាលត្រឹមត្រូវនោះទេអ្នកជំងឺនឹងឈានទៅរកសេចក្ដីស្លាប់រហូតទៅដល់ ១០ទៅ ១៥%។ • ការប៉ះពាល់ផ្នែកខាងកូន៖ ទារកអាចប្រឈមទៅនឹងការកើតមិនគ្រប់ខែ មានការលូតលាស់យឺតយ៉ាវជាងក្មេងធម្មតា ឬមានជំងឺវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ឬមួយមានគ្រោះថា្នក់ដល់ជីវិតតែម្ដង។ តើមានវិធីសាស្រ្តអ្វីខ្លះក្នុងការធ្វើរោគវិនិច្ឆ័យ? ការធ្វើរោគវិនិច្ឆ័យដែលចម្បងនោះគឺការវាស់សម្ពាធឈាមឲ្យបានត្រឹមត្រូវដែលដូចទៅនឹងការវាស់សម្ពាធឈាម ទៅលើអ្នកជំងឺលើសឈាមធម្មតាដែរមានន័យថាមុនពេលធ្វើការវាស់យើងត្រូវឲ្យអ្នកជំងឺសម្រាកឲ្យបានយ៉ាងតិច ១៥នាទីហើយចៀសវាងការទទួលទានកូកាកាហ្វេ ឬបារីឲ្យបាន៣០នាទីមុនពេលវាស់។ យើងត្រូវវាស់ឲ្យបានច្រើនដង ដោយវាស់ ២ម៉ោង ទៅ៦ម៉ោងម្ដងក្នុងរយៈពេល ១៥ម៉ោងដើម្បីប្រាកដថាអ្នកជំងឺពិតជាលើសសម្ពាធឈាមមែនឬទេ? បន្ទាប់ពីនោះយើងអាចបូមយកឈាមទៅពិសោធន៍បន្ថែមដើម្បីរកមើលការវិវឌ្ឍនៃជំងឺ ដែលអាចប៉ះពាល់ទៅលើមុខងាររបស់សរីរាង្គផ្សេងៗដូចជាថ្លើម ឬតម្រងនោមជាដើម។ តើត្រូវព្យាបាលជំងឺនេះដូចម្តេច? យើងអាចធ្វើការព្យាបាលទៅលើជំងឺនេះបាន ប៉ុន្តែយើងមិនអាចប្រាកដថាមិនមានគ្រោះថ្នាក់ដល់ជីវិត១០០%នោះទេ ដោយក្នុងនោះមាន ១០% ទៅ១៥%ជាករណីដែលយើងមិនអាចគ្រប់គ្រងបាន។ ការព្យាបាលត្រូវបានបែងចែកជា២គឺ៖ • ការព្យាបាលដោយមិនប្រើប្រាស់ថ្នាំ៖ ត្រូវធ្វើការណែនាំអ្នកជំងឺឲ្យចៀសវាងការបរិភោគម្ហូបប្រៃ កុំឲ្យឡើងទម្ងន់ខ្លាំង និងធ្វើការសម្រាកនៅលើគ្រែឲ្យបានច្រើន។ • ការប្រើប្រាស់ថ្នាំ៖ ថ្នាំដែលត្រូវប្រើប្រាស់ទៅលើអ្នកជំងឺមានដូចជា ថ្នាំលើសឈាម (Antihypertensive drug) ឱសថប្រឆាំងការប្រកាច់ (Antiepileptic seizure) និងមានជាឱសថការពារមុនពេលមានផ្ទៃពោះចំពោះអ្នកជំងឺណាដែលធ្លាប់មានប្រវត្តិកើតជំងឺនេះពីមុនមកដូចជាពពួក Aspirin និងកាល់ស្យូមជាដើម។ បើករណីចាំបាច់ ស្រ្តីដែលមានផ្ទៃពោះត្រូវធ្វើការវះកាត់យកទារកក្នុងផ្ទៃចេញ បើគភ៌មានអាយុចាប់ពី ៣២សប្ដាហ៍។ ប៉ុន្តែជាទូទៅប្រសិនបើអ្នកជំងឺស្ថិតក្នុងក្រុមដែលលើសសម្ពាធឈាមពេលមានផ្ទៃពោះ ឬភាសារបច្ចេកទេសហៅថា “Gestational Hypertension” ការលើសសម្ពាធឈាមនឹងត្រឡប់ទៅរកសភាពធម្មតាវិញបន្ទាប់ពីសម្រាលរួច ៣ទៅ៤សប្តាហ៍ ឬ៣ខែក្រោយដែលវាអាស្រ័យទៅលើស្ថានភាពសុខភាពរបស់មនុស្សម្នាក់ៗ។ ចំណែកឯអ្នកជំងឺដែលស្ថិតក្នុងក្រុមលើសសម្ពាធឈាមរ៉ាំរ៉ៃវិញ ការលើសសម្ពាធឈាមនឹងមិនបាត់ទៅវិញឡើយដែលតម្រូវឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមយូរអង្វែង។ តើជំងឺនេះអាចបង្ការបានយ៉ាងដូចម្តេច? ចំពោះវិធីបង្ការវិញប្រសិនបើស្រ្តីដែលធ្លាប់កើតមានជំងឺនេះម្ដងរួចទៅហើយ ដូច្នេះគាត់ត្រូវតែទៅតាមដានជាមួយគ្រូពេទ្យជំនាញឲ្យបានជាប់លាប់ បើសិនជាគាត់ចង់មានទម្ងន់លើកក្រោយទៀត ដើម្បីចៀសវាងគ្រោះថ្នាក់ក្នុងការកើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះម្ដងទៀត ហើយប្រសិនបើស្រ្តីមានផ្ទៃពោះរួចសង្ស័យថាខ្លួនឯងមានរោគសញ្ញាដូចជា ឈឺក្បាល ស្រវាំងភ្នែក ឬចុកចុងដង្ហើម សូមប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីកាត់បន្ថយអត្រាការស្លាប់របស់ម្ដាយ និងទារកអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាល បន្ថែមពីលើនេះទៀតអ្នកដែលមានជំងឺលើសសម្ពាធឈាមហើយចង់មានផ្ទៃពោះគាត់អាចប្រើប្រាស់នូវវិធីសាស្ត្របង្ការទុកជាមុនដែលមានដូចជាការប្រើប្រាស់ថ្នាំ Aspirin និងកាល់ស្យូម។ វេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share
