Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ចាប់ពីចន្លោះអាយុ ៦ខែ ទៅ ៣ឆ្នាំ កុមារចាប់ផ្តើមដុះ ធ្មេញព្រៃ ដែលមានទាំងអស់ ២០ធ្មេញ  ។ រីឯធ្មេញស្រុកវិញ ចាប់ផ្ដើមដុះនៅចន្លោះពី អាយុ ៦ឆ្នាំ ទៅ ១៨ឆ្នាំ ដែលមានទាំងអស់ចំនួន ៣២ធ្មេញ។ លោកទន្តបណ្ឌិត យូស ចាន់ថូ ឯកទេសធ្មេញកុមារ នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ មានប្រសាសន៍ថា ធ្មេញមានប្រយោជន៍សម្រាប់សុខភាព និងស្នាមញញឹម។ ធ្មេញមានមុខងារសំខាន់ សម្រាប់ទំពារចំណីអាហារ និងជាវត្ថុដ៏មានតម្លៃ សម្រាប់សុខភាព និងសោភ័ណភាពដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន។ តើអនាម័យមាត់ធ្មេញមានអត្ថន័យយ៉ាងណា? ពាក្យថាអនាម័យមាត់ធ្មេញទាក់ទងទៅនឹងប្រការ ៣ យ៉ាងដែលអ្នកគួរធ្វើ ដើម្បីថែទាំធ្មេញរបស់អ្នក៖ - ត្រូវដុសសម្អាតធ្មេញ និងអណ្តាតអោយបានស្អាត និងត្រឹមត្រូវ រៀងរាល់ក្រោយពេលទទួលទានអាហារ និងប្រើអំបោះទាក់សម្អាតតាមចន្លោះធ្មេញ។ - ពេលដុសធ្មេញម្តងៗ ត្រូវការរយៈពេលយ៉ាងហោចណាស់ពីរនាទី។ - ជៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង។ - សូមនាំគ្រួសាររបស់អ្នកមកពិនិត្យ និងទទួលការអប់រំ អំពីសុខភាព មាត់ធ្មេញរៀងរាល់  ៦ខែម្តង។ តើឪពុកម្តាយគួរយល់ដឹងអ្វីខ្លះ អំពីសុខភាពមាត់ធ្មេញរបស់កូន? -ចំណុចគួរចងចាំដំបូងគឺ សុខភាពមាត់ធ្មេញល្អ ត្រូវចាប់ផ្តើមពីការថែទាំ តាំងពី ថ្ងៃទី១ ដែលក្មេងកើតមក។ សូម្បីធ្មេញមិនទាន់ដុះ ក៏ត្រូវមើលថែទាំអញ្ចាញ ធ្មេញក្មេងដោយការជូតសម្អាត ជាមួយក្រណាត់សើមទន់ ឬប្រើស្បៃក្រោយ បំបៅកូនរួច។ ជួយបង្រៀនកូនអោយចេះដុសសម្អាតធ្មេញ ឱ្យបានស្អាត និងត្រឹមត្រូវ បន្ទាប់មកត្រូវគិតពីចំណីអាហារ ដែលផ្តល់នូវសុខភាពរាង្គកាយ និងធ្វើឱ្យ ធ្មេញមានសុខភាពល្អរឹងមាំដូចជា ទឹកឆ្អិន ទឹកដោះគោ បន្លែ ផ្លែឈើ និងកាត់បន្ថយចំណីអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង។ ការសហការគ្នារវាងឪពុកម្តាយ និងគ្រូពេទ្យធ្មេញដោយផ្តោតលើការពិនិត្យ ឲ្យបានទៀងទាត់ នោះនឹងជួយការពារ បញ្ហាធ្មេញកូនៗ របស់លោកអ្នក កុំឱ្យរីករាលដាលធំ ហើយធានាអោយពួកគាត់មាន សុខភាពមាត់ធ្មេញល្អ ពេញមួយជីវិត។ តើបញ្ហាធ្មេញអាចប្រឈមមុខនឹងជំងឺអ្វីខ្លះ? នៅពេលលោកអ្នកមិនបានដុសសម្អាតធ្មេញ ក្រោយទទួលទានអាហារ នៅចន្លោះពីមួយម៉ោងឡើងទៅ វានឹងបំលែងទៅជាជាតិអាស៊ីដ។ ជាតិអាស៊ីដ ធ្វើឱ្យកាចាធ្មេញរបស់អ្នក ងាយពុក និងរីករាលដាលដល់បណ្ដូលធ្មេញ។ មិនតែប៉ុណ្ណោះ កង្វះអនាម័យអាចធ្វើឲ្យអញ្ចាញធ្មេញ ហើមប៉ោង និងក្រហម ដែលបង្កឲ្យហូរឈាម នៅពេលដុសធ្មេញ និងមានខ្យល់ដង្ហើមមិនល្អ ហើយពេលខ្លះ ធ្វើឱ្យអ្នកមានអាការៈស្រៀវនៅតាមជើងធ្មេញផងដែរ។   ក្នុងករណីនេះ វាចាំបាច់ណាស់ ក្នុងការទាញយកសរសៃធ្មេញចេញ (សរសៃឈាម និងសរសៃប្រសាទ) ឬហៅថាការព្យាបាលរន្ធឬសធ្មេញ។ ក្រោយព្យាបាល ធ្មេញនោះតម្រូវឱ្យមានការប៉ះឡើងវិញ ឬការដាក់ធ្មេញ សិប្បនិម្មិតលើធ្មេញធម្មជាតិដែលខូចខាត។ ហេតុអ្វីពេទ្យធ្មេញចាំបាច់ទាញយកសរសៃធ្មេញចេញ ឬហៅថាការព្យាបាលរន្ធឫសធ្មេញ? តាមរយៈការពិនិត្យជាទូទៅ និងការថត X-ray អាចជួយដល់ការសម្រេចចិត្ត របស់ពេទ្យធ្មេញថា តើការព្យាបាលធ្មេញប្រភេទណា ដែលត្រឹមត្រូវសម្រាប់អ្នក? ការទាញយកសរសៃធ្មេញ ឬហៅថាការព្យាបាលរន្ធឬសធ្មេញគឺជាការព្យាបាល បណ្តូលធ្មេញដែលមានមេរោគ ឬរលាក។ ការរលាក ឬការឆ្លងមេរោគអាចមានមូលហេតុផ្សេងៗ គ្នា៖ - រោគពុកធ្មេញដែលជ្រៅដល់បណ្តូលធ្មេញ - ធ្មេញដែលទទួលការប៉ះធ្មេញច្រើនដង - ធ្មេញដែលធ្វើការព្យាបាល និងស្រោបមិនបានត្រឹមត្រូវ - ធ្មេញដែលប្រេះ ឬបែកដល់បណ្តូលធ្មេញ។ ការបង្ករបួសនៅលើធ្មេញអាចជាមូលហេតុធ្វើអោយមានការបំផ្លាញបណ្តូលធ្មេញ ទោះបីជាពុំមានការបង្ហាញអោយឃើញថាមានស្នាមប្រេះ ឬបែកក៏ដោយ។ ប្រសិនបើធ្មេញដែលមានការរលាក ឬឆ្លងមេរោគ ហើយពុំមានការព្យាបាលឲ្យទាន់ពេលវេលាទេនោះ វាអាចបង្កទៅជាខ្ទុះ ឬបណ្តាលឲ្យបាត់បង់ធ្មេញ។ ក្នងអំឡុងពេលព្យាបាល បណ្តូលធ្មេញដែលរលាក ឬឆ្លងមេរោគនឹងត្រូវបាន យកចេញ ហើយធ្វើការព្យាបាល និងសម្អាតយ៉ាងប្រុងប្រយ័ត្ន រួចដាក់ថ្នាំ បំពេញទៅក្នុងបណ្តូលធ្មេញ។ ការប៉ះធ្មេញ ឬការស្រោបធ្មេញជាជម្រើសល្អតែមួយគត់ ដើម្បីការពារការបែក ធ្មេញ ក្រោយទទួលការព្យាបាលរួច។ ធ្មេញដែលបានទទួលការប៉ះ ឬស្រោបរួច នឹងអាចបន្តមុខងារក្នុងការទំពារ ចំណីអាហារដូចធ្មេញដ៏ទៃទៀតដែរ។ តើអ្វីទៅដែលហៅថា ការប៉ះឡើងវិញ ឬការស្រោបធ្មេញ? ធ្មេញខូចប្រេះស្រាំ ឬមានប្រហោង តម្រូវឲ្យមាន ការព្យាបាលធ្មេញឡើងវិញ ដើម្បីទប់ស្កាត់ កុំឲ្យមានការរាលដាល ទៅកាន់ធ្មេញដទៃទៀត និងជួយ ការពារធ្មេញពីកំណើតផងដែរ។ ធ្មេញដែលទទួលការព្យាបាលបានត្រឹមត្រូវ និងការថែទាំអនាម័យបានល្អ និងជួយអោយលោកអ្នកមានស្នាមញញឹមស្រស់ស្អាត និងប្រើប្រាស់បានយូរអង្វែង។ ដូច្នេះ លោកអ្នកគួរដុសសម្អាតធ្មេញ រៀងរាល់ក្រោយទទួលទានអាហាររួច និងត្រូវមកជួបពេទ្យធ្មេញយ៉ាងហោចណាស់ ២ដង ក្នុងមួយឆ្នាំ ដើម្បីធ្វើការត្រួតពិនិត្យឃើញបញ្ហាទាន់ពេលវេលា។ អត្ថបទស្រដៀងគ្នា តើមូលហេតុអ្វីបណ្តាលអោយមានក្លិនមាត់មិនល្អ? ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

តើដឹងទេថា ការព្រួយបារម្ភហួសហេតុមិនត្រឹមតែប៉ះពាល់សុខភាពផ្លូវចិត្តរបស់អ្នកនោះទេ តែវាក៏មានផលអវិជ្ជមានទៅផ្លូវកាយផងដែរ? ជាការពិត ការព្រួយបារម្ភតិចតួចអាចមានផលប្រយោជន៍ ព្រោះអ្នកនឹងអាចត្រៀមខ្លួនជាមុនជាមួយព្រឹត្តិការណ៍ដែលអាចកើតមានឡើងចំពោះមុខ ម៉្យាងទៀតខួរក្បាលជាសរីរៈមួយងាយបត់បែន គួបផ្សំជាមួយនឹងការផ្លាស់ប្ដូរឥរិយាបមួយចំនួន នោះអ្នកប្រាកដជាអាចគ្រប់គ្រងភាពតានតឹង និងបញ្ឈប់ការព្រួយបារម្ភបានមួយផ្នែក។ តាមរយៈអត្ថបទខាងក្រោមនឹងមានជាការណែនាំនូវគន្លឹះងាយៗ ដែលអ្នកនឹងអាចអនុវត្តសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។   សរសេរការព្រួយបារម្ភរបស់អ្នក ការបកប្រែភាពព្រួយបារម្ភទៅជាពាក្យជាក់លាក់នោះ អាចជួយផ្លាស់ប្ដូរភាពមន្ទិលសង្ស័យ និង ភាពស្រងេះស្រងោចឲ្យទៅជាបញ្ហាមួយដែលមានដំណោះស្រាយដ៏សមស្រប មិនថាវាគ្រាន់តែជាបញ្ហាតូចតាចដែលអ្នកមិនដឹងថាត្រូវពាក់អ្វីទៅកាន់ពិធីជប់លៀង ឬមិត្តភក្តិឈប់ខ្វល់ពីអ្នកក៏ដោយ។ ផ្អែកទៅលើការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យមួយនៃរដ្ឋស៊ីកាហ្គោ (University of Chicago) បេក្ខជនអន្ទះសារមុនពេលប្រឡងដែលបានសរសេរអារម្មណ៏របស់ពួកគេមុនពេលចាប់ផ្ដើម អាចទទួលបានលទ្ធផលល្អជាងអ្នកដែលមិនបានសរសេរ។ ជារួមការសរសេររឿងព្រួយបារម្ភទាំងនោះអាចជួយឲ្យអ្នកបានត្រៀមខ្លួន និងស្វែងយល់កាន់តែច្បាស់ដើម្បីរកដំណោះស្រាយស័ក្តិសមមួយ ជាជាងធ្វើឲ្យការព្រួយបារម្ភកាន់តែគ្រប់គ្រងលើខ្លួនអ្នក។   តាំងសម្មាធិដោយប្រើចិត្តគំនិត អារម្មណ៍មិនស្រណុក ឬភាពតានតឹងបណ្តាលមកពីកាលវិភាគដ៏សេ្អកស្កះរបស់អ្នក អាចនឹងត្រូវបានព្យាបាលតាមរយៈការតាំងសម្មាធិ ដោយការសិក្សាផ្សេងៗគ្នាបានបញ្ជាក់ថា ការធ្មេចភ្នែក និងស្ដាប់ទៅលើចង្វាក់ដង្ហើមរបស់អ្នកអាចជួយពង្រឹងស្មារតីឲ្យនឹងនរ និងអភិវឌ្ឍនូវញាណដឹងផងដែរ។ អ្វីដែលអ្នកត្រូវធ្ វើគឺគ្រាន់តែបើកចិត្តគំនិតឲ្យទូលាយ និងរកកន្លែងដែលស្ងប់ស្ងាត់សម្រាប់អង្គុយក្នុងរយៈពេលប្រមាណ ២នាទីតែប៉ុណ្ណោះ។ កែប្រែភាពតានតឹងទៅជាលំហាត់ប្រាណ ការធ្វើលំហាត់ប្រាណផ្ដល់អត្ថប្រយោជន៍ចំពោះរាងកាយ ព្រមទាំងប្រាជ្ញាស្មារតី។ ខណៈដែលវាពិបាក និង ទាមទារភាពអំណត់នៅរាល់ពេលចាប់ផ្ដើម ការធ្វើលំហាត់ប្រាណជាប្រចាំអាចជួយឲ្យអ្នកក្លាយទៅជាម្ចាស់លើជីវិតបាន ដែលវាមានតម្លៃអាចជួយកាត់បន្ថយបានទាំងស្រុងនូវការបារម្ភ និងភាពស្មុគស្មាញ។ លំហាត់ប្រាណបែបអាអេរ៉ូបិក (aerobics exercise) តែងត្រូវបានណែនាំសម្រាប់អ្នកមានជំងឺបាក់ទឹកចិត្ត ព្រោះវាអាចជួយបន្ថយបរិមាណអ័រម៉ូនដែលធ្វើឲ្យតានតឹងដូចជាអាទ្រេណាលីន(adrenaline) និងកូរទីស៊ុល (cortisol) ហើយជំនួសមកវិញនូវការផលិតពពួកសារជាតិ អង់ដូហ្វីន(endorphins) នៅក្នុងខួរក្បាល ដែលអាចជួយបន្ថយការឈឺចាប់ និងបន្ធូរអារម្មណ៏។ ដូច្នេះ ការអនុវត្តអាចចាប់ផ្តើមតាមរយៈការដើរត្រឹមតែ ៥ ទៅ ១០នាទី គួបផ្សំនឹងការរំសាយភាពតានតឹងទៅតាមធម្មជាតិ ខណៈពេលជាមួយគ្នា គួរផ្ចង់អារម្មណ៍លើចលនាដៃជើង និងចង្វាក់ដង្ហើមផងដែរ។  បើទោះបីខួរក្បាលរបស់អ្នកមានសមត្ថភាពក្នុងការបត់បែនតាមការប្រែប្រួលនៃរាងកាយក៏ដោយ តែអ្នកក៏មិនត្រូវឲ្យភាពតានតឹងនៅតែបន្តគ្រប់គ្រង និងអូសបន្លាយក្នុងរយៈពេលណាមួយនោះទេ ដោយសារវាអាចជាដើមចមធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល មិនអាចធ្វើការផ្ចង់អារម្មណ៍  បាត់បង់ដំណេក ឆាប់ភ្លេចភ្លាំង ឬលែងខ្វល់ខ្វាយពីសុខភាព និងអាចប្រឈមទៅនឹងជំងឺបាក់ទឹកចិត្ត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មានប្រធានបទជាច្រើនដែលក្រុមការងារធ្លាប់បានលើកឡើង និងធ្វើការសាកសួរទៅកាន់និស្សិតពេទ្យមកពីសាលាផ្សេងៗគ្នា ហើយសម្រាប់អត្ថបទនេះ គឺរឹតតែប្លែក ជាមួយនឹងការផ្តោតលើជីវិតជានិស្សិតពេទ្យដដែល តែផ្តោតពិសេសលើនិស្សិតពេទ្យដែលមិនមែនជាអ្នកភ្នំពេញ។ មិនដឹងថាមានប៉ុន្មានភាគរយនៃនិស្សិតពេទ្យសព្វថ្ងៃមកពីខេត្តនោះទេ? តែជឿជាក់ថា រឿងរ៉ាវ និងដំណើរជីវិតរបស់គ្រប់គ្នាប្រហែលជាមិនសូវខុសគ្នាប៉ុន្មាននោះទេ… ខណៈនេះ ហេលស៍ថាម ក៏សូមនាំមិត្តអ្នកអានមកស្គាល់ យុវនិស្សិត ពិន ពន្លាក់ មកពីខេត្តតាកែវ ជានិស្សិតផ្នែកវេជ្ជសាស្រ្តឆ្នាំទី៦ ជំនាន់ទី២ (២០១៧) នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ដែលបានធ្វើការចែករំលែកនូវបទពិសោធន៍ ក៏ដូចជាចំណាប់អារម្មណ៍ទៅលើប្រធានបទដែលបានលើកឡើងខាងលើនេះ…   ចំណាប់អារម្មណ៍ចំពោះការសិក្សាផ្នែកវេជ្ជសាស្រ្ត ជាក្តីប្រាថ្នាតាំងពីតូចដែលចង់សិក្សាផ្នែកវេជ្ជសាស្រ្ត ហេតុនេះហើយ មានតែមករៀននៅភ្នំពេញទេ។ ចំណែកមូលហេតុនៃការជ្រើសរើសមុខវិជ្ជានេះ បើទោះជាដឹងថាពិបាក និងត្រូវចំណាយច្រើនក៏ដោយនោះ គឺដោយសារទឹកចិត្តស្រលាញ់ខ្លួនឯងផ្ទាល់ ព្រមជាមួយឆន្ទៈក្នុងការចង់ជួយអ្នកដទៃ។ តាមពិតទៅ ការរៀនផ្នែកផ្សេងទៀត ក៏នៅតែមានឱកាសអាចជួយអ្នកដទៃបានដែរ គ្រាន់តែលោកស្រលាញ់ផ្នែកសុខភាពនេះ ដែលអាចជួយថែទាំសុខភាពរបស់ប្រជាជន ហើយហេតុផលមួយទៀត គឺចង់បន្តមុខរបរក្នុងវិជ្ជាជីវៈមួយនេះពីអ៊ំរបស់លោកដែលជាវេជ្ជបណ្ឌិតមួយរូបស្រាប់ដែរ ហើយក៏តែងតែការលើកទឹកចិត្ត និងជំរុញទឹកចិត្តពីក្រុមគ្រួសាររហូតមក។ ការត្រៀមខ្លួនសម្រាប់ចូលរៀនផ្នែកវេជ្ជសាស្រ្តសម្រាប់និស្សិតមកពីខេត្ត -ពេលមកដល់ភ្នំពេញ  អ្វីដែលត្រូវធ្វើមុនគេ គឺការស្វែងរកកន្លែងស្នាក់នៅ ដែលអាចជាផ្ទះជួល ឬបន្ទប់ជួល -ត្រៀមខ្លួនសម្រាប់ការប្រលងចូល គឺការប្រលងថ្នាក់ជាតិ ដែលសម្រេចនូវជោគវាសនាដែលថានឹងអាចចូលសិក្សាផ្នែកដែលនេះបានឬអត់? ហើយសិក្សានៅសាលាណា? អ្វីដែលបានធ្វើកន្លងមក គឺសិក្សាលើឯកសារដែលធ្លាប់ចេញក្នុងឆ្នាំមុនៗ (ជាទូទៅ មានលក់នៅកន្លែងសាលារៀនគួរ ឬបណ្ណាគារ និងតាមបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន) និងអនុវត្តលំហាត់ក្នុងសៀវភៅក្រសួង ជាមគ្គទេសក៏បង្ហាញផ្លូវ ព្រមទាំងធ្វើការសង្ខេបមេរៀនដើម្បីងាយស្រួលមើលផងដែរ។ បន្ថែមពីលើនេះ គឺចាំបាច់ត្រូវតែរៀនគួរបន្ថែមទៀត ដែលជាទូទៅ គេរៀននៅសាលាជ័យថាវី (បច្ចុប្បន្នប្រហែលជាសាលារៀនត្រៀមផ្សេងដែរ) ដើម្បីពង្រឹងបន្ថែមនូវអ្វីដែលស្វ័យសិក្សាកន្លងមក។  -លុយកាក់ សម្រាប់ចំណាយផ្សេងៗ ក៏ជាកត្តាចាំបាច់ផងដែរ ជាពិសេសថ្លៃសិក្សា និងការចាយវាយចាំបាច់ប្រចាំថ្ងៃផ្សេងៗ។ ភាពខុសគ្នារវាងនិស្សិតពេទ្យដែលមកពីខេត្ត និងនិស្សិតពេទ្យដែលនៅភ្នំពេញ ចំណុចខ្សោយខ្លះៗរបស់និស្សិតមកពីខេត្ត -កង្វះខាតចំណេះដឹងភាសាបរទេស  និងចំណេះក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការធ្វើលំហាត់ ឬកិច្ចការសាលា -មិនសូវស្គាល់កន្លែងជាប្រភពនៃឯកសារ ដែលជាទូទៅ ត្រូវចំណាយមួយរយៈ ទើបដឹងបានច្រើនតាមរយៈការសាកសួរទៅកាន់មិត្តភក្តិ ឬរៀមច្បង -ពិបាកក្នុងការទម្លាប់ខ្លួនទៅនឹងរបៀបរស់នៅក្នុងទីក្រុង (ទាំងការធ្វើដំណើរ ការស្នាក់នៅ ការទទួលទានអាហារ) ឧបសគ្គ និងវិធីជម្នះក្នុងនាមជានិស្សិតពេទ្យមកពីខេត្តមួយរូប -ការស្នាក់នៅផ្ទះជួលជាមួយមិត្តភក្តិ និងអ្នកស្គាល់គ្នា ៖ ពេលខ្លះ ក៏ត្រូវស្នាក់នៅជាមួយនឹងអ្នករៀនជំនាញផ្សេងគ្នា ហើយជាក់ស្តែង ចង់មិនចង់ តែងតែឃើញគេមិនសូវមមាញឹកដូចខ្លួន។ ពេលខ្លះទៀត ត្រូវមើលមេរៀនដូចគ្នា ហើយអ្វីដែលបានធ្វើកន្លងមក គឺដាក់វេនគ្នារៀន កុំឲ្យរំខានគ្នា ហើយជួនកាល ក៏ត្រូវបង្ខំចិត្តស្តាប់ចម្រៀងបណ្តើរដើម្បីកុំឲ្យលឺសម្លេងរំខានពីខាងក្រៅ -ត្រូវមើលឯកសារច្រើន ដែលភាគច្រើនជាភាសាបរទេស ៖  ដំណោះស្រាយ គឺរៀនក្រៅបន្ថែម ទើបអាចរៀនបានទាន់គេ -ការធ្វើដំណើរ ៖ ដូចដែលគ្រប់គ្នាបានដឹងរួចស្រេចហើយថា ចរាចរណ៍នៅទីក្រុងភ្នំពេញ គឺមានភាពមមាញឹកគណាស់ ហើយជារៀងរាល់ថ្ងៃ ក៏ត្រូវធ្វើដំណើរឆ្ងាយពីកន្លែងស្នាក់នៅទៅកាន់សាលារៀន។ មធ្យោបាយដ៏ប្រសើរបំផុត គឺ ត្រូវចេញពីផ្ទះតាំងពីព្រឹកព្រលឹម និងចូលវិញពេលព្រលប់ ក្រោយបញ្ចប់ម៉ោងសិក្សាទាំងអស់ -ចំណាយច្រើន ៖ ទាំងថ្លៃផ្ទះ ឬបន្ទប់ជួល ការហូបចុក ការចាយវាយលើតម្រូវការចាំបាច់ និងបន្ទាប់បន្សំផ្សេងៗទៀត។ ជំនាញដែលត្រូវការចាំបាច់នោះ  គឺគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។  ទង្វើគួរ និងមិនគួរធ្វើ ដើម្បីឲ្យការរស់នៅ និងរៀនពេទ្យនៅភ្នំពេញប្រកបដោយភាពជោគជ័យ -មានភាពក្លាហានក្នុងការចង់ចេះចង់ដឹង សួររកកន្លែងផ្សេងៗ និងចាំបាច់ត្រូវរៀនរស់ដោយខ្លួនឯង -ខិតខំសិក្សារៀនសូត្រទាំងក្នុងថ្នាក់ និងនៅផ្ទះបន្ថែម -រាប់អានមិត្តភក្តិ និងបង្កើតទំនាក់ទំនងដែលល្អៗ ដើម្បីសម្រួលដល់ការសិក្សា ជាពិសេសការពិភាក្សា និងកិច្ចការងារជាក្រុមជាដើម -រៀនភាសាពាក់ព័ន្ធនឹងមុខជំនាញសិក្សា និងពង្រឹងជំនាញកុំព្យូទ័រ ជាពិសេសចេះធ្វើការស្រាវជា្រវលើប្រព័ន្ធអ៊ិនធឺណែត -ចំណាយពេលទំនេរនៅក្នុងបណ្ណាល័យធ្វើការអាន និងស្រាវជ្រាវឯកសារឲ្យបានច្រើន  -សន្សំសំចៃឲ្យអស់ពីលទ្ធភាព ដោយមិនខ្ជះខ្ជាយលើការចាយវាយ -កុំភ្លើតភ្លើននឹងបរិយាកាសង្គមឆើតឆាយ -គិតគូរពីសុខភាព ជាពិសេសតាមរយៈរបបអាហារដែលទទួលទានជាប្រចាំ។ អ្វីដែលអាចធ្វើបាន ពេលមានអារម្មណ៍ស្មុគស្មាញ ដោយសារការឃ្លាតឆ្ងាយពីគ្រួសារ ហើយភាពលំបាកក្នុងការសិក្សាផ្នែកសុខាភិបាល -លើកទឹកចិត្តខ្លួនឯង ហើយត្រូវចេះប្រាប់ខ្លួនឯងថា ដើម្បីជោគជ័យ ត្រូវខិតខំ និងលះបង់ច្រើន ព្រោះថាអ្នកជោគជ័យត្រូវដើរទៅមុខដោយមិនបោះបង់  -ជជែកជាមួយក្រុមគ្រួសារ  ឬមនុស្សដែលទុកចិត្ត ពេលមានបញ្ហាពិបាកចិត្ត ឬ បញ្ហាផ្លូវចិត្តណាមួយ ដើម្បីកាត់បន្ថយភាពតប់ប្រមល់ និងអផ្សុក ហើយគួរចៀសវាងការនៅម្នាក់ឯង -ចេញទៅខាងក្រៅ រកកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ ដើម្បីមានអារម្មណ៍ស្រស់ស្រាយ និងរសាយចិត្តទុក្ខសោកឡើងវិញ។ តើនិស្សិតពេទ្យមកពីខេត្តគួរតែត្រលប់ទៅបម្រើការងារនៅខេត្តរបស់ខ្លួនវិញឬទេ? ហេតុអ្វី? បើសិនជាអាចទៅខេត្តកំណើត ក៏ជាការល្អប្រសើរ (ព្រោះនៅទីនោះមានកន្លែងស្រាប់ ហើយមានគេស្គាល់ស្រាប់) តែប្រហែលជាមានភាពពិបាកក្នុងការប្រលងចាប់បុស្តិ៍ ហេតុនេះហើយ មិនថានៅទីណាក៏អាចជួយអប់រំ និងព្យាបាលអ្នកជំងឺបានដែរ។ សារចែករំលែកដល់អនាគតនិស្សិតពេទ្យ ជាពិសេសអ្នកមកពីខេត្ត -ត្រូវប្រាប់ និងសួរខ្លួនឯងថា«ការជ្រើសរើសនូវមុខជំនាញមួយនេះ តើកើតចេញពីចិត្តស្រលាញ់ខ្លួនឯងផ្ទាល់ ឬមានគំនាបបង្ខំពីនរណាម្នាក់?»  គួរតែសួរខ្លួនឯងបែបនេះឲ្យបាន៣ដង «ស្រលាញ់ឬអត់?» បើនៅស្ទាក់ស្ទើរ កុំរើស ឬបន្តទៅមុខទៀតអី  -ចំពោះអ្នកមានឱកាសចូលសាលាពេទ្យហើយ ត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ខិតខំឲ្យបានច្រើនជាងអ្នកនៅភ្នំពេញ ព្រោះដូចដែលបានលើកឡើងខាងលើ យើងមានចំណុចខ្សោយខ្លះៗ តែកុំគិតថាយើងចាញ់គេ គ្រាន់តែត្រូវប្រឹងច្រើនជាងគេបន្តិច ដើម្បីបំពេញបន្ថែមនូវអ្វីដែលខ្វះខាត -កុំបោះបង់ចោលដាច់ខាត  ព្រោះថា «អ្នកជោគជ័យមិនដែលបោះបង់ អ្នកដែលបោះបង់មិនដែលជោគជ័យ» តែបើហត់ហើយ អាចសម្រាកបាន។ កុំភ្លេចថា អ្វីក៏ពិបាក គ្រាន់តែត្រូវការដំណោះស្រាយ ដើម្បីឈានទៅដល់គោលដៅដែលបានកំណត់ទុកនោះ  -គួរឆ្លៀតពេលចូលរួមការងារសង្គម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងមានឱកាសបានស្គាល់ពីបរិបទសង្គមរបស់ខ្លួនកាន់តែច្រើន និងច្បាស់ និងងាយស្រួលសម្រាប់ការងារទៅថ្ងៃអនាគត -ជូនពរឲ្យប្អូនជំនាន់ក្រោយដែលមានបំណងរៀនពេទ្យ និងត្រៀមប្រលង ប្រលងទទួលបានលទ្ធផលគាប់ប្រសើរដូចចិត្តប្រាថ្នា។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នេះជាសិក្ខាសាលាពិសេសមួយសម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសវេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្រ្ត ដែលត្រូវបានរៀបចំដោយ IMATOKU MEDIC (CAMBODIA) ដោយមានការអញ្ជើញចូលរួមពីសំណាកវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ (Sunrise Japan Hospital)ផងដែរ។ គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះនឹងមានការផ្តោតទៅលើប្រធានបទចំនួន២សំខាន់ក្នុងនោះរួមមាន៖ -ប្រធានបទ ៖ ជំងឺទឹកនោមផ្អែម និងការព្យាបាល វាគ្មិន ៖ វេជ្ជបណ្ឌិត Hayashi Yoshifumi -ប្រធានបទ ៖ ស្តានិតិកាយសម្បទា (Rehabilitation) វាគ្មិន ៖ លោក Keng Chan Veasna សិក្ខាសាលាដ៏មានសារប្រយោជន៍មួយនេះនឹងត្រូវបានរៀបចំឡើងនៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង ២:០០រសៀល រហូតដល់ម៉ោង ៤:៤០ ល្ងាច នៅឯសណ្ឋាគារកាំបូឌីយ៉ាណា (សាលទន្លេសាប)។ លោកអ្នកក៏ចូលរួមស្តាប់ដោយឥតគិតថ្លៃផងដែរ… សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ ហើយមានបំណងចុះឈ្មោះចូលរួមសូមចូលទៅកាន់ សិក្ខាសាលាសម្រាប់វេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្រ្ត សម្រាប់ព័ត៌មានបន្ថែម៖  TEL : 011 972 997 E-mail : aingheak@imatokucambodia.com កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីស្វែងយល់បន្ថែមទៅលើប្រធានបទខាងលើនេះ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺទឹកនោមផ្អែមជាជំងឺដែលបណ្តាលមកពីការកើនឡើងជាតិស្ករនៅក្នុងឈាម។ ជំងឺនេះជាជំងឺរ៉ាំរ៉ៃ មិនអាចព្យាបាលអោយជាដាច់នោះទេ ហើយវានឹងវិវឌ្ឃន៍បន្តិចម្តងៗ និងបង្កជាផលវិបាក ប្រសិនបើគ្មានការព្យាបាលត្រឹមត្រូវណាមួយនោះទេ។ ផលវិបាកនៃជំងឺទឹកនោមផ្អែម កើតទៅលើសរីរាង្គជាច្រើនរបស់អ្នកជំងឺ ក្នុងនោះវាអាចក៏ប៉ះពាល់ទៅលើភ្នែករបស់អ្នកជំងឺផងដែរ។ តើជំងឺទឹកនោមផ្អែមផ្តល់ផលប៉ះពាល់អ្វីខ្លះដល់ភ្នែក? អ្នកជំងឺទឹកនោមផ្អែម ដែលមិនបានព្យាបាលគ្រប់គ្រងជាតិស្ករក្នុងឈាមអោយបានត្រឹមត្រូវ វាបង្កផលវិបាកទៅលើភ្នែកមានដូចជា៖ - ជំងឺបាតភ្នែកដោយសារទឹកនោមផ្អែម(Diabetic Retinopathy)ផលប៉ះពាល់ទៅលើសរសៃឈាមនៃបាតភ្នែក។ - ជំងឺហើមបាតភ្នែក (Diabetic Macular Edema) - ជំងឺភ្នែកឡើងបាយ (Cataract) - ជំងឺឡើងសម្ពាធក្នុងភ្នែក ឬទឹកដក់ក្នុងភ្នែក (Glaucoma)។ តើអ្នកជំងឺទឹកនោមផ្អែមដែលមានផលវិបាកលើភ្នែកមានអាការៈយ៉ាងដូចម្តេច? ជាទូទៅ អ្នកជំងឺទឹកនោមផ្អែមដែលមានផលវិបាកទៅលើភ្នែកមួយភាគធំ មិនមានការស្តែងចេញជារោគសញ្ញាអ្វីទាល់តែសោះ រហូតទាល់តែវាវិវឌ្ឍន៍ទៅកាន់ដំណាក់កាលធ្ងន់ធ្ងរទើបអាចមានអាការរោគ ដែលពេលខ្លះវាស្ទើរតែយឺតពេលក្នុងការព្យាបាល។ ទោះជាយ៉ាងណា មានរោគសញ្ញាដែលអាចស្តែងចេញមួយចំនួន ដូចជា ស្រវាំង ឬព្រិលភ្នែក ហាក់ដូចជាមានរបស់មកបាំងខាងមុខភ្នែក ការឈឺចុកចាប់ក្នុងគ្រាប់ភ្នែក និងការថយចុះនៃគំហើញរបស់ភ្នែកខាងណាមួយ ឬទាំងសងខាង។ តើធ្វើដូចម្តេចដើម្បីដឹងថាអ្នកជំងឺទឹកនោមផ្អែមមានផលវិបាកទៅលើភ្នែក? រាល់អ្នកជំងឺទឹកនោមផ្អែមទាំងអស់គួរតែធ្វើការព្រឹក្សាជំងឺជាមួយគ្រូពេទ្យឯកទេស និងធ្វើការត្រួតពិនិត្យបាតភ្នែកអោយបានទៀងទាត់។ វិធីក្នុងការពិនិត្យបាតភ្នែក គឺត្រូវធ្វើឡើងតាមរយៈ Fundus examination ដែលមាន Fundus photography (ថតរូបភាពបាតភ្នែក)ជាដើម។ លើសពីនេះ យើងមានឧបករណ៍ និងបច្ចេកទេសក្នុងការពិនិត្យវិភាគបន្ថែម ប្រសិនបើយើងរកឃើញថាអ្នកជំងឺមានផលវិបាកទៅលើបាតភ្នែករបស់គាត់ ដើម្បីឈានទៅដល់ការព្យាបាល។ តើនៅពេលណាដែលអ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើការត្រួតពិនិត្យបាតភ្នែក? ជាទូទៅ តាមរយៈភស្តុតាងវិទ្យាសាស្រ្តដែលគេបានសិក្សា និងតាមដាន រាល់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ គួរតែធ្វើការពិនិត្យភ្នែកនៅពេលដែលទើបដឹងថាមានជំងឺទឹកនោមផ្អែមដំបូង។ រីឯអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ យើងផ្តល់ដំបូន្មានអោយពិនិត្យភ្នែក ៥ឆ្នាំក្រោយពីទទួលរោគវិនិច័្ឆយជំងឺទឹកនោមផ្អែម។ ករណីមួយទៀត គេត្រូវធ្វើការពិនិត្យបាតភ្នែកផងដែរ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលមានផ្ទៃពោះ ពីព្រោះថានៅពេលនោះឯងគឺត្រូវមានការផ្លាស់ប្តូរថ្នាំគ្រាប់ដែលធ្លាប់ប្រើទៅជាប្រើប្រាស់ថ្នាំចាក់ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ រាល់ការដែលយើងធ្វើការបញ្ចុះជាតិស្ករដោយគំហុកទៅលើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលមានគភ៌ នឹងមានការប៉ះពាល់លើបាតភ្នែកស្រាប់ អាចជំរុញអោយសភាពជំងឺបាតភ្នែកនោះកាន់តែធ្ងន់ធ្ងរបាន។ បកស្រាយដោយ លោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញអរម៉ូន បម្រើការនៅមន្ទីរពេទ្យ ព្រះកុសុមៈនិងមជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម ( Diabetic Care Center)  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា មន្ទីរពេទ្យកំពុងត្រូវការបុគ្គលិកជាប់កិច្ចសន្យាក្នុងមុខតំណែងដូចខាងក្រោម៖ -វេជ្ជបណ្ឌិតឯកទេស (ចំនួន ៥រូប)   -តម្រងនោម និងលាងឈាម   -បេះដូង   -លោហិតសាស្រ្ត   -សង្រ្គោះបន្ទាន់ និងប្រពោធនកម្ម   -Internal medicine -គិលានុបដ្ឋាក/ យិកា (ចំនួន ៨រូប) -បុគ្គលិកគណនេយ្យ និងអ្នកផ្តល់ព័ត៌មាន (ចំនួន ៤រូប)។ សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការជ្រើសរើស សូមពិនិត្យមើលលើសេចក្តីជូនដំណឹងដែលមានភ្ជាប់នៅក្នុងរូបភាពខាងលើ។ ទីកន្លែងដាក់ប្រវត្តិរូប ៖ ការិយាលរដ្ឋបាលនៃមន្ទីរពេទ្យ កាលបរិច្ឆេទទទួលពាក្យ ៖ ពីថ្ងៃផ្សាយដំណឹងដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តើជំងឺទឹកនោមផ្អែមដែលតែងត្រូវបានគេជឿថាជាប្រភេទជំងឺមនុស្សពេញវ័យនោះ អាចកើតមានលើកុមារ ឬកូនតូចរបស់អ្នកដែរឬទេ?កុមារស្ថិតក្នុងវ័យក្រោម ១៦ឆ្នាំ ក្នុងអត្រា ៩០ ទៅ៩៥ភាគរយអាចនឹងប្រឈមទៅនឹងជំងឺទឹកនោមផ្អែមប្រភេទ ១ នេះបើយោងតាមការសិក្សាស្រាវជ្រាវ។ ជំងឺប្រភេទនេះ កើតមានឡើងដោយសារសរីរាង្គលំពែងពុំមានលទ្ធភាពក្នុងការផលិតអ័រម៉ូន អាំងស៊ុយលីន សម្រាប់បំលែងជាតិស្ករយកមកប្រើប្រាស់ ដែលធ្វើឲ្យបរិមាណជាតិស្ករបន្សល់ក្នុងឈាមច្រើន។ ចំណែកមូលហេតុនៃជំងឺនេះទៀតសោត គឺមិនមានការបញ្ជាក់ច្បាស់លាស់នៅឡើយដោយវាប្រហែលជាអាចបណ្តាលមកពីការរួមផ្សំគ្នានៃការប្រែប្រួលនៃហ្សែន និងកត្តាខាងក្រៅផ្សេងមួយចំនួនទៀត។ ស្ថានភាពជំងឺអាចនឹងស្តែងឡើងជារោគសញ្ញាមួយចំនួន ដែលនឹងប្រាប់អ្នកតាមរយៈអត្ថបទខាងក្រោម ជាជំនួយអាចឲ្យស្វែងយល់ឲ្យបានច្បាស់ពីបញ្ហាសុខភាពកូនរបស់អ្នក។  1    ស្រេកទឹកខុសធម្មតា កុមារដែលសង្ស័យមានជំងឺទឹកនោមផ្អែមប្រភេទ១ អាចនឹងមានតម្រូវការសារធាតុទឹកច្រើន និងញឹកញាប់។ វាកើតឡើងដោយសារកម្រិតជាតិស្ករក្នុងឈាមកើនឡើង នាំឲ្យមានការទាញយកសារធាតុរាវចេញពីកោសិកា។ កុមារអាចនឹងចង់ទទួលបាននូវសារធាតុដែលមានជាតិផ្អែម និងភេសជ្ជៈដែលត្រជាក់។  2    បត់ជើងតូចញឹកញាប់ ដោយសារចំណង់នៃការចង់បានសារធាតុទឹកច្រើននោះការបត់ជើងតូចក៏ញឹកញាប់ទៅតាមនោះដែរ។ ប្រសិនអ្នកសង្កេតឃើញកូនរបស់អ្នកបង្ហាញនូវការបញ្ចេញចោលច្រើនខុសធម្មតា វាអាចបង្កប់នូវមូលហេតុនៃជំងឺដែលអ្នកគួរតែយកចិត្តទុកដាក់។  3    ស្រកទម្ងន់ កុមារដែលមានជំងឺទឹកនោមផ្អែម នោះសារពាង្គកាយរបស់គេ មិនអាចបំប្លែងជាតិស្ករមកជាថាមពលបាននោះទេ ដែលនាំឲ្យមានការថយចុះនូវម៉ាសសាច់ដុំ និងជាតិខ្លាញ់។ ការស្រកទម្ងន់ ចំពោះកុមារដែលមានជំងឺទឹកនោមផ្អែមដែលមិនទទួលបានការព្យាបាល តែងតែកើតឡើងយ៉ាងឆាប់រហ័ស និងភ្លាមៗ។  4    បាត់បង់ថាមពល កុមារអាចស្តែងឡើងនូវភាពហត់ និងមិនសូវមានភាពរហ័សរហួន ដោយសារពួកគេខ្វះខាតថាមពលដែលបានពីការបំប្លែងនូវជាតិស្ករនៅក្នុងចរន្តឈាម សម្រាប់សាច់ដុំ និងសរីរាង្គផ្សេងៗ ដើម្បីប្រើប្រាស់។  5    ឃ្លានខុសធម្មតា នៅពេលដែលរាងកាយបាត់បង់ថាមពល ដោយសារការធ្លាក់ចុះកម្រិតនៃអាំងស៊ុយលីន កុមារអាចប្រឈមនឹងការកើនឡើងនៃចំណង់អាហារខ្លាំង។  6    ការប្រែប្រួលនៃគំហើញ ការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ធ្វើឲ្យមានការទាញយកទឹកចេញពីសរីរាង្គ រួមជាមួយនឹងការបាត់បង់សំណើមក្នុងភ្នែកផងដែរ ដែលបណ្តាលឲ្យការមើលមានភាពស្រវាំង និងបញ្ហាគំហើញមួយចំនួនផ្សេងទៀត។ យ៉ាងណាមិញ បញ្ហានេះអាចនឹងពិបាកក្នុងការប៉ាន់ស្មាន ដោយសារកុមារមិនទាន់អាចបែងចែកបានពីគំហើញធម្មតា ឬយ៉ាងណា តែអាចសង្កេតឃើញថាកុមារដែលមានផលវិបាកនៃគំហើញនេះធ្វើឲ្យពួកគេមិនអាចអានបាន។ ប្រសិនសង្កេតឃើញមាននូវសញ្ញាណាមួយនៃជំងឺទឹកនោមផ្អែមប្រភេទ ១ អ្នកពុំគួរពន្យារពេលក្នុងការធ្វើការណាត់ជួបជាមួយអ្នកឯកទេសផ្នែកកុមារជាដាច់ខាត ដោយហេតុថាទោះជាជំងឺនេះមិនអាចធ្វើការព្យាបាលបាន តែវាអាចគ្រប់គ្រងស្ថានភាពជំងឺ ធ្វើឲ្យកុមារមានជីវភាពរស់នៅទូទៅដូចកុមារដទៃទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៧ ៖ ក្រុមហ៊ុនសាណូហ្វីកម្ពុជា រៀបចំកម្មវិធីវេជ្ជសាស្រ្តស្តីពី "ដំណោះស្រាយប្រសើរបំផុតសម្រាប់អ្នកជំងឺបេះដូងនិងមេតាបូលិក" ទៅកាន់អ្នកវេជ្ជបណ្ឌិតប្រមាណ ១៥០នាក់នៅសណ្ឋាគារសុខាភ្នំពេញ។ កម្មវិធីនេះមានគោលបំណងចែករំលែកនូវទិន្នន័យវិទ្យាសាស្ដ្រថ្មីៗ លើការគ្រប់គ្រងជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមឲ្យប្រសើរជាងមុន។ លោកវេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធានផ្នែកកិច្ចការវេជ្ជសាស្រ្តនៃក្រុមហ៊ុនសាណូហ្វីមានប្រសាសន៍ថា៖ “កម្មវិធីនេះពិតជាសំខាន់ណាស់ព្រោះជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមប៉ះពាល់ដល់ប្រជាជនជាច្រើនលាននាក់ជុំវិញពិភពលោក ដូចជាអ្នកមានជំងឺលើសសម្ពាធឈាមមានប្រមាណ ១,១ពាន់លាននាក់ និងអ្នកជំងឺទឹកនោមផ្អែមមានប្រមាណ៤១៥លាននាក់នៅឆ្នាំ២០១៥។ ទិសដៅរបស់យើងគឺចូលរួមយ៉ាងសកម្មក្នុងការផ្តល់ចំណេះដឹងបន្ថែមដល់វេជ្ជបណ្ឌិតនៅប្រទេសកម្ពុជាដោយ អញ្ជើញវាគ្មិនល្បីៗទាំងក្នុងស្រុក និងក្នុងតំបន់មកចែករំលែកដើម្បីឲ្យពួកគាត់ផ្តល់នូវដំបូន្មានកាន់តែប្រសើរជាងមុនទៅកាន់អ្នកជំងឺអំពីការការពារនិងព្យាបាលជំងឺលើសសម្ពាធឈាមនិងជំងឺទឹកនោមផ្អែម។” នៅប្រទេសកម្ពុជាមានជំងឺទឹកនោមផ្អែមចំនួន២៣០,៨០០ករណីក្នុងឆ្នាំ២០១៥។ តួលេខនេះត្រូវបានរំពឹងថានឹងកើនឡើង៤០% រហូតដល់ឆ្នាំ២០៤០ខណៈជំងឺទឹកនោមផ្អែមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងក្លាយជាបញ្ហាធំចម្បងមួយហើយបង្កឲ្យមានការកើនឡើងបន្ទុកផ្នែកវេជ្ជសាស្រ្តសង្គម និងសេដ្ឋកិច្ចដោយសារចំនួនមនុស្សដែលរងផលប៉ះពាល់ត្រូវបានគេសន្និដ្ឋានថាកើនឡើងពី១៥៣ លាននាក់ក្នុងឆ្នាំ២០១៥ រហូតដល់២១៥លាននាក់ក្នុងឆ្នាំ២០៤០។ នេះបើយោងតាមសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ។ លោកវេជ្ជបណ្ឌិត ថេង យូដាលីន អ្នកឯកទេសផ្នែកជំងឺបេះដូង បានថ្លែងក្នុងកម្មវិធីថា៖ «សេចក្តីបារម្ភរបស់យើងសព្វថ្ងៃ គឺការស្លាប់ ឬពិការភាពនៃផលលំបាកនៃជំងឺស្ទះសរសៃឈាម ដែលធំជាងគេគឺក្បាល និងបេះដូង។ នៅក្នុងនោះមូលហេតុដែលយើងជួបច្រើនជាងគេគឺលើសសម្ពាធឈាម និងទឹកនោមផ្អែម។» លោកវេជ្ជបណ្ឌិតបន្ថែមថា ៧០% នៃអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ គឺមានជំងឺលើសសម្ពាធឈាម ដែលជាតួលេខច្រើនបំផុត។ លោកសាស្រ្តាចារ្យ មហាបរិញ្ញា កុយ វ៉ាន់នី អ្នកឯកទេសជំងឺក្រពេញអ័រម៉ូនបានសង្កត់ធ្ងន់ទៅលើបញ្ហាជំងឺលើសសម្ពាធឈាមថា៖ «យើងមិនគួរមើលរំលងនូវបញ្ហាលើសសម្ពាធឈាម ពីព្រោះអាត្រាមរណភាពដោយសារជំងឺលើសសម្ពាធឈាមដែលមិនព្យាបាលគឺមានកម្រិតខ្ពស់។ បើយើងរាប់តួលេខនៃការស្លាប់ សឹងតែមូលហេតុទី១ ដែលឲ្យអ្នកជំងឺលើពិភពលោកយើងនេះទទួលមរណភាពស្លាប់រាប់លាននាក់ក្នុង១ឆ្នាំ ដោយសារតែបញ្ហាលើសសម្ពាធឈាមដោយមិនបានព្យាបាល ឬព្យាបាលដោយមិនគ្រប់គ្រងសម្ពាធឈាមបានល្អ។» ដោយសារជំងឺទាំងពីរនេះស្ថិតក្នុងប្រភេទជំងឺមិនឆ្លងក៏ដោយ ក៏ប៉ុន្តែការការពារ និងព្យាបាលជំងឺទាំងពីរត្រូវតែមានការយកចិត្តទុកដាក់ និងត្រឹមត្រូវទៅតាមប្រភេទនៃអ្នកជំងឺ។  តាមរយៈសម្តីរបស់ លោកសាស្រ្តាចារ្យ Nemencio A.Nicodemus អ្នកជំនាញផ្នែកជំងឺទឹកនោមផ្អែម មកពីប្រទេសហ្វីលីពីនបានលើកឡើងពីការសិក្សាធំមួយនៅឆ្នាំ២០០២។ ការសិក្សានេះគឺផ្តោតទៅលើការប្រើអាំងស៊ុយលីនទៅលើអ្នកជំងឺដែលបម្រុងមានជំងឺទឹកនោមផ្អែម។ គេឃើញថាការប្រើអាំងស៊ុយលីននៅក្រុមអ្នកជំងឺបម្រុងជំងឺទឹកនោមផ្អែម គេឃើញថាវាមានប្រយោជន៍នៅក្នុងការការពារទប់ស្កាត់កុំឲ្យអ្នកជំងឺវិវត្តទៅជាជំងឺទឹកនោមផ្អែមបាន។ លោកបន្ថែមថា៖ “បច្ចុប្បន្ននេះ គឺយើងប្រើអាំងស៊ុយលីននៅក្នុងការព្យាបាលជំងឺទឹកមនោមផ្អែម ប៉ុន្តែប្រហែលជាអាចទៅអនាគតអាចមានការប្រើអាំងស៊ុយលីន សម្រាប់ការការពារកុំឲ្យអ្នកជំងឺវិវត្តពីបម្រុងជំងឺទឹកនោមផ្អែមទៅជំងឺទឹកនោមផ្អែមតែម្តង។” សម្រាប់អត្ថប្រយោជន៍នៃការប្រើប្រាស់អាំងស៊ុយលីននេះ លោក Nemencio បានបញ្ជាក់ទៀតថា៖ “យើងទាំងអស់គ្នាបានដឹងហើយថាជំងឺទឹកនោមផ្អែមប្រភេទទី២ គឺគាត់មានកង្វះអាំងស៊ុយលីន ដែលកោសិកាលំពែងរបស់ខ្លួនគាត់ផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់។” យោងតាមការស្ទង់មតិរបស់ STEPS រៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងអង្គការសុខភាពពិភពលោកបានបង្ហាញថាអត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែមនៅកម្ពុជាក្នុងឆ្នាំ២០១០មាន២,៣% នៅតំបន់ជនបទហើយ៥,៦% នៅតំបន់ទីប្រជុំជន។ ក្រុមអាយុដែលងាយរងគ្រោះជាងគេគឺពីអាយុ៦៥ទៅ៦៩ឆ្នាំដែលមានប្រេវ៉ាឡង់រហូតដល់៦% ហើយអាត្រាប្រវ៉ាឡង់នេះបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំពីព្រោះតែប្រទេសកម្ពុជាមានចំនួនប្រជាជនអាយុក្មេងច្រើន។ ជំងឺលើសសម្ពាធឈាមគឺជាជំងឺដែលមិនឆ្លងតែត្រូវបានមើលរំលងនៅប្រទេសកម្ពុជានិងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត។ អាត្រាប្រេវ៉ាឡង់គឺថ្មីៗនេះមានចំនួន១១% នៃចំនួនមនុស្សពេញវ័យនេះបើយោងតាមការសិក្សាថ្មីៗនេះប៉ុន្តែចំនួននេះក៏នឹងកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ ប្រជាជនកម្ពុជាភាគច្រើនណាស់ដែរមិនបានដឹងថាពួកគេកំពុងតែប្រឈមមុខនឹងជំងឺនេះ។ ដោយសារតែជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមមិនស្តែងជារោគសញ្ញាឲ្យឃើញ លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី បានណែនាំដល់ប្រជាជនគួរតែទៅពិនិត្យសុខភាព ជាពិសេសក្រុមមនុស្សដែលមានប្រវត្តិគ្រួសារមានជំងឺលើសឈាម ឬទឹកនោមផ្អែម និងក្រុមមនុស្សដែលមានអាយុចាប់ពី ៣៥ឆ្នាំឡើងទៅគួរតែពិនិត្យវាស់សម្ពាធឈាមយ៉ាងហោចណាស់មួយឆ្នាំ ឬពីរឆ្នាំម្តង និងមនុស្សដែលមានវ័យកាន់តែចាស់ គួរតែទៅពិនិត្យ១ឆ្នាំម្តង ឬ ៦ខែម្តង ហើយសម្រាប់អ្នកដែលមានជំងឺស្រាប់គឺត្រូវតែពិនិត្យឲ្យបានញឹកញាប់ទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ រីឯមនុស្សដែលលើសទម្ងន់ខុសពីធម្មតា ដែលទទួលទានអាហារមិនសមស្រប ងាយហត់ សម្រាន្តមិនលក់ មិនធ្លាប់ពិនិត្យសុខភាពពីមុនសោះនោះ គួរតែទៅពិនិត្យសុខភាព ដើម្បីទទួលបានការការពារនិងព្យាបាលទាន់ពេល៕  អំពីក្រុមហ៊ុនសាណូហ្វីកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ក្រុមហ៊ុនសាណូហ្វីកម្ពុជាដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនថែទាំសុខភាពលំដាប់ពិភពលោកបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីអតិថិជនបុគ្គលិកនិងជាពិសេសប្រជាជនដែលពឹងផ្អែកជារៀងរាល់ថ្ងៃលើថ្នាំពេទ្យរបស់យើង។ដោយផ្តោតសំខាន់លើតម្រូវការរបស់អ្នកជំងឺសាណូហ្វីកម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុនអាចស្វែងរកបានសម្រាប់ប្រជាជនជាច្រើននៅគ្រប់ទីកន្លែងនិងគ្រប់គ្នាដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើឲ្យសុខភាពកាន់តែល្អប្រសើរឡើងនិងរស់នៅប្រកបដោយភាពរីករាយគ្រប់ដំណាក់កាលនៃជីវិត។ ដោយមានវត្តមាននិងបទពិសោធន៍២៥ឆ្នាំនៅប្រទេសកម្ពុជាសាណូហ្វីកម្ពុជាគឺជាដៃគូដ៏ចម្បងជាមួយអ្នកជំនាញថែទាំសុខភាពកម្ពុជាដូចជា៖វេជ្ជបណ្ឌិតឱសថការីគិលានុបដ្ឋាយិកាឆ្មបនិងរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីផ្សព្វផ្សាយអប់រំនិងបង្កើនចំណេះដឹងទាក់ទងនឹងវិទ្យាសាស្រ្តនិងវេជ្ជសាស្រ្ត។ ក្រុមហ៊ុនមានបេសកកម្មដើម្បីធ្វើឲ្យលទ្ធភាពក្នុងការទទួលបានឱសថ និងតំហែទាំសុខភាពកាន់តែប្រសើរឡើង និងធ្វើឲ្យមានការផ្លាស់ប្តូរដល់ជីវិភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង ១៦លាននាក់។ សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទាក់ទងមកកាន់៖ Media Relations Mrs. Chrim Kimchhorng MYCUTFILM Tel: +855 (0) 17 871 807 Sanofi Cambodia Mr. Lorn Chheang Orn Business Operations and Communication Manager Sanofi Cambodia Tel: +855 (0) 70 279 707 Mr. Chab Mikthona Communication Executive Sanofi Cambodia Tel: +855 (0) 85 33 40 41 ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

យោងតាមសេចក្តីប្រកាសអំពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នូវសេចក្តីប្រកាសអំពី«ការផ្តល់វិញ្ញាបនបត្របញ្ជាក់ការដាក់លក់ផលិតផលចំណីអាហារ និងបញ្ជាក់អនាម័យផលិតផលចំណីអាហារ»ដែលរួមមានប្រការដែលត្រូវប្រកាន់ខ្ជាប់ និងអនុវត្តចំនួន១២ ដែលអត្ថន័យខឹ្លមសារដើមទាំងស្រុងនៅក្នុងរូបភាពខាងលើ។ ប្រភព៖ គេហទំព័រ របស់ក្រសួងសុខាភិបាល​ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង (https://www.ddfcambodia.com)  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្នកដឹងទេថាស្បែកស្តើងមិនមែនត្រឹមតែបណ្តាលមកពីការវិវឌ្ឍនៃអាយុប៉ុណ្ណោះទេ វាអាចកើតឡើងនៅពេលកម្រិតកូឡាជែនក្នុងស្បែកថយចុះហើយភាពរលាស់នៃស្បែក ក៏ត្រូវបានបាត់បង់បន្តិចម្តងៗ។  អ្វីដែលគួរឲ្យបារម្ភចំពោះអ្នកមានស្បែកមុខស្តើង គឺការងាយប្រឈមនឹងបញ្ហាស្បែក និងងាយមានប្រតិកម្មលើស្បែកជាមួយនឹងផលិតផលមួយចំនួន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកនៅតែអាចកាត់បន្ថយវាបានតាមរយៈ៖ -ការផ្តល់សំណើមជាប្រចាំ៖ ដើម្បីទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត អ្នកចាំបាច់ត្រូវប្រើផលិតផលផ្តល់សំណើម ដែលមានសារធាតុផ្សំយ៉ាងហោចណាស់ក៏ពពួកវីតាមីន C វីតាមីនA ឬវីតាមីនE និងពពួកបេតាការ៉ូតែនដែរ។  ផលិតផលផ្តល់សំណើមមានផ្ទុករ៉េទីន A (អាស៊ីតបានពីវីតាមីន A) អាចត្រូវបានប្រើលើស្បែកពិសេសអ្នកមានស្បែកស្តើង ដើម្បីលើកកម្ពស់គុណភាពកោសិកាស្បែក ដែលវាច្រើនសម្បូរនៅក្នុងផលិតផលផ្តល់សំណើម ប្រភេទជាសេរ៉ូម ឬក្រែម។ -ការការពារកម្តៅថ្ងៃជាប្រចាំ៖ លោកអ្នកចាំបាច់ត្រូវលាបឡេ ឬក្រែមការពារកម្តៅថ្ងៃជាប្រចាំ ពេលអ្នកចេញក្រៅ ហើយលាបឲ្យក្រាស់បន្តិចនៅត្រង់កន្លែងដែលអ្នកមានអារម្មណ៍ឆាប់ក្តៅ ពេលត្រូវពន្លឺថ្ងៃ ដោយហេតុថា ពន្លឺថ្ងៃក៏ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុជាច្រើន អាចធ្វើឲ្យស្បែកមុខស្តើង។ ចំពោះការជ្រើសរើសផលិតផលនេះទៀតសោត ក៏មិនខុសពីការប្រើចំពោះស្បែកធម្មតាដែរ យ៉ាងហោចណាស់ត្រឹមSPF ១៥ឡើងទៅ  ទោះបីជាថ្ងៃដែលមានពពកបាំងក៏ដោយ ព្រោះកាំរស្មី UV អាចឆ្លងកាត់ពពកបាន។ -ការលាបប្រេងវីតាមីន E ផ្ទាល់លើស្បែក៖ ភាគច្រើនប្រេងវីតាមីន E ច្រើនមានទម្រង់ជាគ្រាប់កាប់ស៊ីល ដូច្នេះហើយលោកអ្នកត្រូវច្របាច់ចាក់វីតាមីន E ដែលមានក្នុងកាប់ស៊ីលនោះ ដាក់លើបាតដៃ បន្ទាប់មកលាបលើស្បែកថ្នមៗឲ្យសព្វផ្ទៃមុខពិសេសត្រង់ផ្នែកដែលស្តើង។ គុណប្រយោជន៍ដ៏អស្ចារ្យនៃវីតាមីន E ជួយស្បែកមិនឲ្យវិវឌ្ឍទៅជាស្តើងឆាប់រហ័ស ពិសេសពេលប្រើវាលាបផ្ទាល់លើស្បែក និងនៅពេលយប់ជារៀងរាល់ថ្ងៃ។ -ការកាត់បន្ថយក្រែមដែលមានផ្ទុកស្តេរ៉ូអុីតលើស្បែក៖ ប្រសិនបើអាច ចៀសវាងការប្រើប្រាស់ក្រែមលើស្បែកដែលធ្វើឲ្យស្បែកស្តើង។ អាចប្រឹក្សាជាមួយគ្រូពេទ្យប្រសិនបើអ្នកត្រូវបានណែនាំឲ្យប្រើប្រាស់ក្រែមស្តេរ៉ូអុីតព្យាបាលបញ្ហាស្បែកមួយចំនួន។ អ្នកជំនាញខាងស្បែក ជាធម្មតាអាចចេញវេជ្ជបញ្ជាព្យាបាលប្រភេទដែលគ្មានផ្ទុកនូវជាតិស្តេរ៉ូអុីត។ លាបផលិតផលមានផ្ទុកវីតាមីន C លាបសេរ៉ូមក្រែម និងឡូសិនដែលមានផ្ទុកវីតាមីន C វាអាចជួយបង្កើនការផលិតកូឡាជែនដែលជួយឲ្យស្បែកមិនឆាប់ស្តើង។ ក្រៅពីនេះ អ្នកក៏ត្រូវផ្លាស់ប្តូរ ឬរក្សាទម្លាប់មួយចំនួនដូចខាងក្រោម៖ •ឈប់ជក់បារី៖ លោកអ្នកត្រូវបញ្ឈប់ការជក់បារីជាដាច់ខាត បើអ្នកមានទម្លាប់ជក់ ដោយសារការជក់បារីបង្កើនកម្រិតនីកូទីន និងបន្ថយលំហូរឈាមក្នុងរាងកាយ។ ជាលទ្ធផល ចំណីអាហារដែលត្រូវស្រូបដោយស្បែកមានការថយចុះ ហើយជាតិពុលត្រូវបានបញ្ចេញតាមស្បែកកាន់តែតិចដែលធ្វើឲ្យស្បែកលូតលាស់មិនបានល្អ និងកាន់តែស្តើងទៅៗ។ •បន្ថយកម្រិតនៃការញ៉ាំសុរា (ពពួកអាល់កុល)៖ ព្យាយាមបន្ថយកម្រិតនៃការញ៉ាំសុរា ឬបញ្ឈប់តែម្តង បើអាច ព្រោះអាល់កុលដែលមានក្នុងសុរា បង្កើនកម្រិតជាតិពុលក្នុងរាងកាយ ដែលជះផលអវិជ្ជមានចំពោះស្បែក និងធ្វើឲ្យស្បែកឆាប់ឡើងស្នាមជ្រួញ និងស្តើង។ •ម៉ាស្សាសម្រួលលំហូរឈាម៖ ការម៉ាស្សាថ្នមៗជួយសម្រួលលំហូរឈាម ធ្វើឲ្យការផ្តល់ចំណីអាហារទៅកាន់ស្បែកដែលមានសភាពស្តើងនោះបានគ្រប់គ្រាន់ និងកាត់បន្ថយការវិវឌ្ឍនៃបញ្ហាស្បែកស្តើង។ លោកអ្នកក៏អាចប្រើជាប្រេងធម្មជាតិម៉ាស្សាលើស្បែកបានផងដែរ ដែលការម៉ាស្សានេះអាចអនុវត្តយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកអាចអនុវត្តនូវចំណុចខាងលើបានទៀងទាត់នោះអ្នកនឹងអស់កង្វល់ចំពោះស្បែកស្តើងតទៅទៀតហើយ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

1.    តើអ្វីទៅជាជំងឺទឹកនោមផ្អែម? ទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមួយប្រភេទ (Metabolic disorder) ដែលបណ្តាលមកពីស្ករក្នុង ឈាមឡើងលើសកម្រិតធម្មតា (Hyperglycemia)។ ជាតិស្ករដែលលើសក្នុងឈាមនេះ មួយចំនួនធ្លាក់មកតាមទឹកនោមដែលធ្វើឲ្យគេ ហៅតៗគ្នាថា ជំងឺទឹកនោមផ្អែម។ 2.    តើជំងឺនេះចែកចេញជាប៉ុន្មានប្រភេទ? ជំងឺទឹកនោមផ្អែមចែកចេញជាពីរប្រភេទគឺទឹកនោមផ្អែមប្រភេទទី១ (DM1, IDDM, Juveuil DM) និងទឹកនោមផ្អែមប្រភេទទី២ (DM2, NIDDM)។ ក្រៅពីនេះ យើងក៏ឃើញមានជំងឺទឹកនោមផ្អែមដែលកើតលើស្ត្រីមានផ្ទៃពោះផងដែរ(Gestational Diabetes Mellitus) និងទឹកនោមផ្អែមបណ្តាលមកពីកត្តា ក៏ដូចជាជំងឺផ្សេងៗ(Secondary diabetes mellitus) ដូចជាកត្តាហ្សែន (Genetic) កត្តាក្រពេញបញ្ចេញក្នុង (Endocrine) ថ្នាំមួយចំនួន ជំងឺមួយចំនួន អ័រម៉ូនប្រភេទខ្លះ។ល។ 3.    មូលហេតុអ្វីដែលធ្វើឲ្យកើតជំងឺទឹកនោម ផ្អែម? ជំងឺនេះអាចមានលើមនុស្សគ្រប់ភេទ និងគ្រប់វ័យ ឯមូលហេតុដែលបណ្តាលឲ្យកើតនោះគឺ៖ -ទឹកនោមផ្អែមប្រភេទទី១៖ ច្រើនកើតមានលើមនុស្សដែលមានអាយុក្រោម ៤០ឆ្នាំ ដែលមូលហេតុបណ្តាលមកពីកង្វះ Insulin ទាំងស្រុង (Absolute insulin deficiency) ដោយសារការខូចកោសិកាបេតាទាំងស្រុងរបស់លំពែង។ការខូចខាតកោសិកាបេតារបស់លំពែងនេះបណ្តាលមកពី Autoimmune (៩0%) និង Idiopathic (១0%)។ អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី១នេះ ភាគច្រើនស្គម ស្ករឡើងខ្ពស់ៗ ហើយការព្យាបាលគឺការចាក់ Insulin មួយ ជីវិត។ -ទឹកនោមផ្អែមប្រភេទទី២៖ ច្រើនកើតលើមនុស្សដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ មូលហេតុបណ្តាលមកពីការខូចសមត្ថភាព insulin ក្នុងការបំពេញមុខងារ (Insulin resistant) ឬខ្វះ insulin តិចតួច (Relative insulin deficiency)។ អ្នកជំងឺក្នុងប្រភេទនេះភាគច្រើនធាត់ ហើយការព្យាបាលគឺការ ប្រើប្រាស់ថ្នាំគ្រាប់ ឬចាក់ insulin បន្ថែម។ ការញ៉ាំមានរបៀបត្រឹមត្រូវ និងការហាត់ប្រាណទៀងទាត់ជួយឲ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់។  គួរបញ្ជាក់ថា Insulin ជាប្រភេទអ័រម៉ូនម្យ៉ាងដែលបញ្ចេញពីកោសិកាបេតារបស់លំពែង និងមានមុខងារដឹកជញ្ជូនស្ករចេញពីសរសៃឈាមចូលទៅក្នុងសាច់ដុំ ជាលិកាខ្លាញ់ និងថ្លើម។ 4.    តើធ្វើដូចម្តេចអាចដឹងថាមានជំងឺទឹកនោមផ្អែម? មានរបៀបពិនិត្យ ២យ៉ាងគឺ៖ -ទីមួយ៖ ត្រូវពិនិត្យជាតិស្ករពេលព្រឹកមុន ទទួលទានអាហារ បើឃើញចាប់ពី ១២៦ mg/dl ឡើងទៅក្នុងថ្ងៃខុសៗគ្នា ២ដង នោះមានន័យថាមានជំងឺទឹកនោមផ្អែមហើយ។ -ទីពីរ៖ ការពិនិត្យស្ករនៅពេលណាមួយ (Random plasma glucose) ឃើញ ចាប់ពី ២០០ mg/dl  ឡើងទៅ និងមានរោគ សញ្ញាទឹកនោមផ្អែមរួមផ្សំផងនោះ មានន័យ ថាមានជំងឺទឹកនោមផ្អែមហើយ។ ពេលខ្លះគ្រូពេទ្យ អាចប្រើតេស្តមួយទៀតឈ្មោះ Glucose tolerance test ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺទឹកនោមផ្អែម។ ចំពោះការកំណត់យក HbA1c នៅមិនទាន់មានឯកភាព ១០០%ទេ។ 5.    តើជំងឺទឹកនោមផ្អែមមានរោគសញ្ញាអ្វីខ្លះ? បើស្ករឡើងអត់ខ្ពស់ ជួនកាលគ្មានរោគសញ្ញាអ្វីទេ។ បើស្ករខ្ពស់ អ្នកជំងឺអាចមានអាការៈ ដូចជា នោមច្រើន ស្រេកទឹក អស់កម្លាំង ស្រកទម្ងន់ ឃ្លាន ស្រវាំងភ្នែក ញ័រទ្រូង។ល។ អ្នកជំងឺខ្លះដឹងថាមានទឹកនោមផ្អែមបន្ទាប់ពីទៅធ្វើតេស្តឈាមលេង ខ្លះដឹងពេលធ្វើតេស្តឈាម ពេលវះកាត់ ខ្លះទៀតដឹងពេលឃើញមានស្រមោចរោមទឹកនោមខ្លួនឯង។ល។ អ្នកខ្លះទៀត ដឹងបន្ទាប់ពីខ្លួនឯងមានផលវិបាកទឹកនោមផ្អែមហើយដូចជាស្ពឹកជើង ក្រហាយជើង ដំបៅ ជើងអត់ជា ឡើងបាយភ្នែកជាដើម។ល។ 6.    តើជំងឺទឹកនោមផ្អែមផ្តល់ផលវិបាកអ្វីខ្លះ? ជំងឺនេះបើពុំបានព្យាបាលឲ្យបានត្រឹមត្រូវទេនោះ នឹងផ្តល់ផលវិបាកធ្ងន់ធ្ងរគឺធ្វើឲ្យខូចសរសៃឈាមទាំងអស់ (micro and macro vascular damage) និងសរសៃប្រសាទ ពិសេសសរសៃប្រសាទជើង។ -ការខូចសរសៃឈាមតូចៗ ធ្វើឲ្យអ្នកជំងឺ ខូចភ្នែក ខ្វាក់ភ្នែក(Retinopathy) ខូចសរសៃប្រសាទ (Neuropathy) និងខូចតម្រងនោម (Nephropathy)។ -ការខូចសរសៃឈាមធំៗ អាចឲ្យដាច់ សរសៃឈាមខួរក្បាល(stroke) ស្ទះសរសៃឈាមបេះដូង(CAD) អាចបណ្តាលឲ្យស្លាប់ ដោយគាំងបេះដូង(Heart attack)  ខូចសរសៃឈាម និងសរសៃប្រសាទជើង(PNP) (PVD) ដំបៅរលួយជើង(gangrene) ។ល។ -ខូចសរសៃប្រសាទស្វ័យប្រវត្តិ (autono mic neuropathy) ធ្វើឲ្យអ្នកជំងឺនោមអត់អស់ ចុកចុងដង្ហើម អួលបាយ ។ល។ -ក្រៅពីនេះ អ្នកជំងឺក៏ងាយកើតជំងឺផ្សិត និងសើស្បែកផងដែរ។ 7.    តើជំងឺនេះអាចព្យាបាលយ៉ាងដូចម្តេច? អាចជា ឬក៏អត់? បច្ចុប្បន្ននេះមិនទាន់មានវិធីសាស្ត្រណាមួយអាចព្យាបាលជំងឺទឹកនោមផ្អែមជាទេ ប៉ុន្តែយើងមាន ថ្នាំដែលអាចព្យាបាល និងវិធីសាស្ត្រសម្រាប់ជួយអ្នកជំងឺឲ្យរស់នៅ និងធ្វើការងារបានធម្មតា។ ថ្នាំទាំងនោះអាចជួយបំបាត់រោគសញ្ញាដែលរំខានដល់អ្នកជំងឺ និងការពារផលវិបាកទឹកនោមផ្អែម កុំឲ្យចេញ។ ចំពោះថ្នាំមាន ២ក្រុមធំៗគឺ ថ្នាំលេប (Oral medicine) និងថ្នាំចាក់ (Insulin)។ 8.    តើយើងអាចចៀសវាង និងការពារជំងឺទឹកនោមផ្អែមមុនយ៉ាងដូចម្តេច? គ្មានថ្នាំសម្រាប់ការពារជាមុនសម្រាប់ជំងឺនេះទេ ប៉ុន្តែមានវិធានការមួយចំនួនអាចជួយបង្ការជំងឺនេះបានដូចជា សម្រកទម្ងន់ ហាត់ប្រាណ ទៀងទាត់ បរិភោគត្រឹមត្រូវ លំហែខួរក្បាល ឈប់ជក់បារី និងបន្ថយឲ្យបានជាអតិបរិមានូវការទទួលទានគ្រឿងស្រវឹង។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ផិត រ៉ាដា ឯកទេសជំងឺទឹកនោមផ្អែម ជាប្រធានគ្លីនិក ផិតរ៉ាដា និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ អន្តរជាតិភ្នំពេញ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top