
- Jun 21, 2017 |
- 8 years ago |
- 3.5K views
កំហុស ៦ចំណុចពីការហាត់ប្រាណខាងក្រៅ
អ្នកប្រហែលជាម្នាក់ដែលចូលចិត្តការហាត់ប្រាណបែបខាងក្រៅ ឬហៅថា Outdoor រីករាយជាមួយពន្លឺព្រះអាទិត្យ ខ្យល់អាកាសដ៏បរិសុទ្ធ ពិតទេ?... អញ្ចឹង អ្នកប្រាកដជាចង់ឲ្យការហាត់របស់អ្នកទទួលបានទាំងប្រសិទ្ធភាព និងធ្វើឡើងដោយសុវត្ថិភាពនៅក្នុងបរិយាកាសខាងក្រៅ។តាមរយៈហេលស៍ថាម ដែលតែងតែគិតគូរពីសុខភាពរបស់អ្នក ហេលស៍ថាម នឹងបង្ហាញនូវកំហុសឆ្គងទាំង៦ នៃការហាត់ប្រាណនៅខាងក្រៅ (outdoor)៖ 1. ភ្លេចផ្តល់ជាតិទឹកឲ្យបានគ្រប់គ្រាន់មុននឹងចេញទៅហាត់ប្រាណខាងក្រៅ៖ ជាការពិតអ្នកត្រូវប្រាកដថាផ្តល់ជាតិទឹកដល់រាងកាយរបស់អ្នកឲ្យបានគ្រប់គ្រាន់ មុនពេលចេញទៅហាត់ ទោះជាការហាត់នៅក្នុងក្លឹប ឬការហាត់នៅខាងក្រៅក្តី។ ប៉ុន្តែ អ្នករឹតតែចាំបាច់ត្រូវញ៉ាំទឹកដើម្បីផ្តល់ដល់រាងកាយរបស់អ្នក ប្រសិនបើអ្នកមានគម្រោងហាត់នៅក្រោមសីតុណ្ហភាពខាងក្រៅ។ កង្វះជាតិទឹកក្នុងពេលហាត់ប្រាណត្រូវបានបង្ហាញថា វាមានផលប៉ះពាល់អវិជ្ជមាន លើការអនុវត្តការហាត់ បន្ថយប្រសិទ្ធភាពក្នុងការហាត់ ថែមទាំងធ្វើឲ្យអ្នកឆាប់អស់កម្លាំង។ លោកអ្នកគួរញ៉ាំទឹកត្រជាក់ក្នុងកម្រិតកំណត់មុននឹងអ្នកចេញទៅធ្វើលំហាត់ប្រាណ ជាជាងរង់ចាំញ៉ាំក្នុងកំឡុងពេលហាត់។ 2. ស្លៀកសម្លៀកបំពាក់ខ្មៅ៖ អ្នកប្រហែលមិនសូវសម្គាល់វានោះទេ ក្នុងពេលហាត់នៅខាងក្រៅ ឬហៅថាOutdoorនេះ ការស្លៀកពាក់ពណ៌ខ្មៅ នឹងធ្វើឲ្យអ្នកមានអារម្មណ៍រលាក ឬក្តៅស្បែកដោយសារពន្លឺព្រះអាទិត្យ។ ដូចនេះ លោកអ្នកគួរធ្វើការចៀសវាងដោយងាយស្រួល ដោយការជ្រើសរើសខោអាវហាត់កីឡាដ៏ត្រឹមត្រូវ។ ខោអាវពណ៌ខ្មៅ ជាអន្ទាក់ស្រូបកម្តៅខ្លាំង ប្រឆាំងនឹងស្បែក ហើយធ្វើឲ្យអ្នកអស់កម្លាំងដោយងាយ ហេតុនេះលោកអ្នកគួរជំនួសពណ៌ខ្មៅ ដោយសម្លៀកបំពាក់ពណ៌ភ្លឺៗឆ្អៅ ស្រាល រលុងៗ ហើយអាចឲ្យខ្យល់ឆ្លងកាត់ ដែលអាចហួតញើសអ្នកបាន។ 3. មិនបានការពារកម្តៅថ្ងៃ៖ នៅពេលអ្នកហាត់កីឡានៅខាងក្រៅប្រាកដជាប្រឈមជាមួយកម្តៅថ្ងៃ ទោះបីជាអ្នករត់ ឬជិះកង់ នៅក្នុងសួនដែលពោរពេញដោយដើមឈើយ៉ាងណាក៏ដោយ។ អ្នកចាំបាច់ត្រូវការឡេការពារកម្តៅថ្ងៃ ព្រោះការប៉ះផ្ទាល់ជាមួយពន្លឺថ្ងៃញឹកញាប់ នឹងមានគ្រោះថ្នាក់ដល់ស្បែក។ 4. ពាក់ស្បែកជើងខុស៖ ការដើរនៅលើម៉ាស៊ីនក្នុងក្លឹបហាត់ប្រាណ គឺវាខុសគ្នាជាមួយនឹងការដើរនៅខាងក្រៅ ហើយវានឹងប៉ះពាល់ដល់ប្រអប់ជើងរបស់អ្នក ប្រសិនបើអ្នកប្រើស្បែកជើងដែលដើរក្នុងក្លឹបហាត់ប្រាណ សម្រាប់ហាត់បែប outdoor ផងដែរ។ វាមិនមែនជាផ្ទៃរាបស្មើដូចនៅផ្ទះ ឬនៅក្លឹបនោះទេ ការដើរនៅខាងក្រៅជាញឹកញាប់គឺមានន័យថាអ្នកត្រូវប្រឈមជាមួយឧបសគ្គមួយចំនួន។ ដូចនេះ អ្នកគួរជ្រើសរើសស្បែកជើងដែលរចនាសម្រាប់ការហាត់ប្រាណនៅខាងក្រៅ មានកម្រិតការពារគ្រប់គ្រាន់ ដើម្បីជួយសម្រួលដល់ការហាត់ និងការពារពីរបួសដែលអាចកើតឡើងក្នុងពេលហាត់។ 5. ហាត់ក្រោមកម្តៅខ្លាំង៖ ជារឿងល្អបំផុតដែលជំរុញឲ្យខ្លួនអ្នកក្រោកពីព្រលឹម ដើម្បីហាត់ ឬហាត់ក្រោយពីអ្នកត្រឡប់មកពីធ្វើការវិញពេលល្ងាច។ ការហាត់នៅកណ្តាលថ្ងៃ ពិសេសក្នុងកំឡុងពីខែមេសា ដល់ខែតុលា ថ្ងៃក្តៅខ្លាំងក្នុងចន្លោះម៉ោង១០ព្រឹក ទៅម៉ោង៤ល្ងាច មិនត្រូវបានណែនាំឡើយ។ ដូចនេះ ត្រូវចៀសវាងហាត់រយៈពេលយូរ និងហាត់ក្នុងម៉ោងនោះ ដើម្បីការពារកម្តៅខ្លាំង ការអស់កម្លាំងខ្លាំង ឬអាចឈានដល់ដាច់សរសៃឈាមខួរក្បាលដោយសារកម្តៅខ្លាំងពេក។ វាពិតជាត្រជាក់ ខ្យល់អាកាសបរិសុទ្ធ នៅពេលព្រឹកព្រលឹម ឬពេលល្ងាច ប៉ុន្តែអ្នកត្រូវត្រួតពិនិត្យសីតុណ្ហភាព និងសំណើមមុនចេញទៅក្រៅជាការល្អ។ 6. រំពឹងទុកដូចគ្នា៖ តាមពិតទៅវាមិនដូចគ្នានោះទេ ទាំងការហាត់ និងលទ្ធផលនៃការហាត់ នៅក្នុងក្លឹប ហើយនិងហាត់ខាងក្រៅ។ ពន្លឺព្រះអាទិត្យ ខ្យល់ សីតុណ្ហភាព សំណើម និងឧបសគ្គមួយចំនួននៅខាងក្រៅ ធ្វើឲ្យអ្នកហាត់ប្រាណនៅខាងក្រៅឆាប់ហត់ និងត្រូវការថាមពលច្រើនជាងការហាត់ក្នុងក្លឹប។ អ្វីដែលអ្នកត្រូវដឹងនៅពេលនេះ គឺមិនត្រូវបង្ខំខ្លួនឯងក្នុងរយៈពេលកំណត់ ដូចពេលអ្នកហាត់ក្នុងក្លឹបឡើយ។ ត្រូវប្រាកដថា អ្នកបានចៀសវាងពីកំហុសដែលបានរៀបរាប់ខាងលើ… © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share