Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ឡាបូបង្កកំណើតកូនក្នុងកែវដំបូងគេបង្អស់នៅកម្ពុជា ទទួលពានរង្វាន់គុណភាពល្អបំផុត កំរិតអន្តរជាតិ នៅប្រទេសស្វីស! (ភ្នំពេញ)៖ មន្ទីរសំរាកព្យាបាលកម្ពុជា ដែលបាននាំចូលនូវបច្ចេកវិទ្យាបង្កកំណើតកូន ក្នុងកែវដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានគណៈកម្មការវាយតំលៃអន្តរជាតិ និងសមាគមវេជ្ជសាស្ត្រសហគមន៏អឺរ៉ុប (The Socrates International Committee and European Medical Association) សំរេចជាឯកឆ័ន្ទជ្រើសរើស និងប្រគល់ពានរង្វាន់ ជាមន្ទីពេទ្យដែលមានគុណភាពល្អបំផុត (Best Medical Practice) នៅទីក្រុង Luzern ប្រទេសស្វីស។ ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។   លោក ហោ សំណាង អគ្គនាយក និងជាស្ថាបនិក មន្ទីរសំរាកព្យាបាលកម្ពុជា ដែលបានអញ្ជើញទៅ ទទួលជ័យលាភីនេះដោយផ្ទាល់បានឲ្យដឹងថា មន្ទីរសំរាកព្យាបាលកម្ពុជា មានកិត្តិយសទទួល បាននូវពានរង្វាន់នេះ ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យបួនចំណុច ដែលកំណត់ដោយគណៈកម្មការ វាយតំលៃរូមមាន៖ ១៖ កេរ្តិ៍ឈ្មោះល្អរបស់មន្ទីរសំរាកព្យាបាល កម្ពុជា និងការជឿទុកចិត្តពីសំណាក់អ្នកជម្ងឺជាតិ និង អន្តរជាតិ ។ ២៖ វិធីសាស្ត្រព្យាបាលមានប្រសិទ្ធិភាព និងសុវត្ថភាពខ្ពស់ ។ ៣៖ គ្រូពេទ្យឯកទេស និងបុគ្គលិកជំនាញគ្រប់ផ្នែក បំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ។ ៤៖ បំពាក់ដោយបរិក្ខាពេទ្យទំនើបចុងក្រោយ ។ សូមគូសបញ្ជាក់ថា ការផ្តល់ពានរង្វាន់មកដល់ មន្ទីរសំរាកព្យាបាលកម្ពុជានេះ គណៈកម្មការមិនត្រឹមតែ ផ្តោតលើលក្ខខណ្ឌវិនិច្ឆ័យ ដែលបានរៀបរាប់ខាងលើនោះទេ ប៉ុន្តែដោយសាតែ មន្ទីរសំរាកព្យាបាលកម្ពុជា បានចូលរួមចំណែកដោះស្រាយបញ្ហាសង្គម ដែលកើតចេញពីការលំបាក មានកូននិងរោគស្ត្រី។ ជ័យលាភីនេះ មិនត្រឹមតែជាកិត្តិយស និងជាការទទួលស្គាល់មន្ទីរសំរាក ព្យាបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីភាពរីកចំរើន នៃវិស័យសុខាភិបាលនៅកម្ពុជា ពីស្ថាប័នអន្តរជាតិ ។ យោងតាមគណៈកម្មការរៀបចំកម្មវិធី មានស្ថាប័នពហុវិស័យចំនួន១៦០មកពី៥៨ប្រទេស ត្រូវបានជ្រើសរើស។ គួរបញ្ជាក់ផងដែរថា នៅកម្ពុជាធ្លាប់មានស្ថាប័ន ធនាគារ អចលនទ្រព្យ និងរដ្ឋាករស្វ័យ យ័តកម្ពុជា ។ល។ ដែលធ្លាប់ទទួលបាននូវពានខាងលើ ដោយឡែកនេះជាលើកទី១ក្នុងវិស័យសុខា ភិបាលនៅកម្ពុជា។ ស្របពេលគ្នានេះ លោកស្រី វេជ្ជបណ្ឌិត ស៊ាន សុខទៀង នាយិកាបច្ចេកទេស នៃមន្ទីរសំរាកព្យាបាលកម្ពុជា ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងអង្គសន្និសិទ្ធអន្តរជាតិលើកទី៣៣ របស់សមាគមន៍អឺរ៉ុប ស្តីអំពី សុខភាពបន្តពូជ និងអំប្រីយ៉ុង European Society for Human Reproduction and Embryology (ESHRE) នៅទីក្រុង ហ្សឺណែវ (Geneva) ប្រទេសស្វីសផងដែរ៕

Share

Aspirin ជាប្រភេទថ្នាំ ដែលអាចបំបាត់ការឈឺចាប់ និងកាត់បន្ថយការប្រឈមទៅនឹងជំងឺនានា ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង ជាដើម។ អ្នកអាចរកទិញថ្នាំ Aspirin នេះនៅតាមបណ្តាឱសថស្ថាននានា នៅទូទាំងប្រទេសកម្ពុជា។   យ៉ាងណាមិញ អ្នកគួរមានការប្រុងប្រយ័ត្នក្នុងការទទួលទាន ហើយបើយកល្អ អ្នកគួរតែសាកសួរឱសថការី ឬគ្រូពេទ្យរបស់អ្នក មុននឹងញ៉ាំ ពីព្រោះ ការប្រើប្រាស់លើសកម្រិត ឬខុសគោលដៅ វាអាចបង្កផលវិបាកច្រើនយ៉ាង ចំពោះសុខភាពទូទៅរបស់អ្នក។   ការប្រើថ្នាំនេះក្នុងកម្រិតមួយខ្ពស់​ អាចបំបាត់ការឈឺចាប់នានា កាត់បន្ថយការហើម និងព្យាបាលជំងឺគ្រុនក្តៅ។ ប៉ុន្តែផ្ទុយទៅវិញ វាអាចនឹងប៉ះពាល់ដល់សរីរាង្គ និងសុខភាពទាំងមូលរបស់អ្នក។   សម្រាប់អ្នកជំងឺសរសៃឈាម គ្រូពេទ្យប្រហែលជាណែនាំឲ្យអ្នក ទទួលទានថ្នាំ Aspirin ក្នុងកម្រិតមួយទាប ដើម្បីកាត់បន្ថយការប្រឈមទៅនឹងជំងឺ ទាំងនេះ។   ផលវិបាកនៃការប្រើប្រាស់ថ្នាំ Aspirinមានដូចជា ៖ · ប្រឈមទៅនឹងជំងឺក្រពះ-ពោះវៀនធ្ងន់ធ្ងរ ដូចជា ជំងឺរលាកក្រពះ ដំបៅក្រពះ ចុកឆ្អល់ក្នុងពោះ និងក្អួតចង្អោរញឹកញាប់ · មានបញ្ហាតម្រងនោម ដូចជាខ្សោយតម្រងនោមជាដើម · វិបត្តិក្នុងការរំលាយអាហារ · ប្រឈមទៅនឹងជំងឺសរសៃឈាម ដូចជាស្លេកស្លាំង និងបាត់បង់គ្រាប់ឈាមក្រហមជាដើម · មានជំងឺសរសៃឈាមបេះដូង · បញ្ហាប្រព័ន្ធសរសៃប្រសាទ ដែលអាចធ្វើឲ្យអ្នកវិលមុខ ធីងធោង ឈឺក្បាល ពិបាកដកដង្ហើម និងសន្លប់ជាដើម · បញ្ហាប្រព័ន្ធដកដង្ហើម ដូចជា ដកដង្ហើមញាប់ ឬយឺតខុសធម្មតា · ងាយនឹងអាល្លែកហ្ស៊ី ដូចជា មានជំងឺភ្នែកក្រហម ជំងឺរលាកច្រមុះ រមាស់ស្បែក និងប្រទាលត្រអាកជាដើម · ផលវិបាកតិចតួច ដែលកើតឡើងញឹកញាប់ ដូចជា ការវិលមុខ ក្បាល ឈឺក្រពះ ស្ងួតមាត់ គេងមិនលក់ ខ្សោយកម្លាំង និងអន្ទះអន្ទែងក្នុងអារម្មណ៍ជាដើម · បញ្ហាស្បែក · ប្រឈមទៅនឹងជំងឺមហារីក · ការហូរឈាមនៅក្នុងរាងកាយ គឺជាផលវិបាកដែលគេជួបប្រទះញឹកញាប់៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

អ្នកប្រហែលជាមិនបានគិតអំពីសារសំខាន់នៃវីតាមីន B12ទេ ដោយសារតែអ្នកផ្ដោតសំខាន់លើវីតាមីនផ្សេងទៀត ឬអ្នកមិនអាចគិតអំពីវាសោះតែម្ដង។ រួមជាមួយវីតាមីន Bដទៃទៀត វីតាមីន B12 ជួយឲ្យរាងកាយបំប្លែងជាតិកាបូអ៊ីដ្រាតទៅជាគ្លុយកូស និងផលិតថាមពល។ វីតាមីន B12 ជំរុញការផលិត RNA និងDNA ក៏ដូចជាធ្វើការជាមួយ Folate ដើម្បីផលិត S-adenosylmenthionine និងកោសិកាឈាមក្រហម។  វីតាមីន B12 នេះផងដែរ ដើរតួយ៉ាងសំខាន់នៅក្នុងប្រព័ន្ធប្រសាទ ព្រោះវាជំរុញឲ្យមានចលនាប្រសាទក៏ ដូចជា បង្កើតស្រទាប់ Myelin ដែលការពារសរសៃប្រសាទ។  ទោះបីជាយ៉ាងណាក៏ដោយ កង្វះនូវវីតាមីនប្រភេទនេះ អាចមានការលំបាកក្នុងការកត់សម្គាល់។ លើសពីនេះទៅទៀត វាអាចបង្កជាបញ្ហាសុខភាពផ្សេងៗ ដែលរួមមានដូចជា ការខូចខាតនៃសរសៃប្រសាទជាដើម។ អ្នកគួរតែមានការប្រុងប្រយ័ត្ន ក្នុងករណីដែលអ្នកប្រើថ្នាំទឹកនោមផ្អែម Metformin នេះ ព្រោះថាវាអាចធ្វើឲ្យមានបញ្ហាកង្វះវីតាមីន B12។ Metformin និងកង្វះវីតាមីន B12 ផលប៉ះពាល់នៃថ្នាំ Metformin ទៅលើវីតាមីន B12 ត្រួវបានវិភាគដោយអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein ក្នុងទីក្រុងញូវយ៉ក។ ពួកគេបានប្រើប្រាស់ទិន្នន័យបានមកពីការសិក្សាលទ្ធផលនៃកម្មវីធីទប់ស្កាត់ជំងឺទឹកនោមផ្អែម និងបានបញ្ចូលទិន្នន័យពីអ្នកប្រើថ្នាំ មិនមែនជាថ្នាំទឹកនោមផ្អែម (Placebo) និង Metformin ពីរដងក្នុងមួយថ្ងៃ។ ៥ឆ្នាំ និង១៣ឆ្នាំក្រោយមក កម្រិតវីតាមីន B12របស់អ្នកជំងឺ ត្រូវបានវាស់សារជាថ្មីម្ដងទៀត។  ការវិភាគនេះបង្ហាញពីភាពខុសគ្នានៅក្នុងកម្រិតវីតាមីន B12។ អ្នកដែលធ្លាប់ប្រើថ្នាំ Metformin មានកម្រិតវីតាមីន B12 ទាបជាង អ្នកដែលប្រើថ្នាំមិនមែនជាថ្នាំទឹកនោមផ្អែម (Placebo)។ អ្នកជំងឺជាច្រើនដែលទទួលទាន Metformin មានសភាពស្លេកស្លាំង ហើយអាការៈនេះ ជាលក្ខណៈមួយផ្សេងទៀតនៃកង្វះវីតាមីន B12។ ប៉ុន្តែ សមាគមជំងឺទឹកនោមផ្អែមអាមេរិក និងFDA មិនបានផ្ដល់ដំបូន្មានដល់អ្នកជំងឺដែលប្រើថ្នាំ Metformin ឲ្យធ្វើការត្រួតពិនិត្យទៅលើកម្រិតវីតាមីន B12 របស់ពួកគេទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវបានណែនាំឲ្យអ្នកជំងឺថា គួរតែ ធ្វើការស្នើសុំឲ្យគ្រូពេទ្យរបស់ពួកគេ ធ្វើការតាមដានកម្រិតវីតាមីន B12 ជូនពួកគេ។ កង្វះវីតាមីន B12? បើយោងតាមការសិក្សាពីមន្ទីរពិសោធន៍ Framingham នៃសហរដ្ឋអាមេរិក បានបង្ហាញថា ប្រហែលជា៤០%នៃជនជាតិអាមេរិកមានកម្រិតវីតាមីន B12 ទាប ហើយនេះជាហេតុដែលបង្កឲ្យមានបញ្ហាប្រព័ន្ធប្រសាទ។ ចំណែកឯ​ ៩%ទៀត ធ្លាប់មានបញ្ហាកង្វះវីតាមីន B12 ពីមុនមក និង១៦%ទៀត គឺស្ថិតនៅក្នុងកម្រិតមួយដែលជិតខ្វះ។  ការសិក្សាបានបង្ហាញថា កង្វះវីតាមីន B12 ច្រើនកើតលើមនុស្សចាស់។ នេះ គឺបណ្ដាលមកពីនៅពេលដែលមនុស្សកាន់តែចាស់ អាស៊ីតក្រពះរបស់ពួកគេ មានការថយចុះ។ នៅពេលដែលអាស៊ីតក្រពះថយចុះ រាងកាយមិនអាចស្រូបយកវីតាមីន B12 បានទេ។ មន្ទីរពិសោធន៍ Framingham ក៏បានរកឃើញថា កង្វះវីតាមីន B12ជាទូទៅអាចកើតមានលើទាំងមនុស្សចាស់ និងក្មេងៗ។ រោគសញ្ញាដែលលេចឡើងមួយចំនួនអាចលទ្ធផលនៃកង្វះវីតាមីន B12។ រោគសញ្ញាទាំងនោះមានដូចជា សមត្ថភាពនៃការយល់ដឹងធ្លាក់ចុះ ការបាត់បង់ ការចងចាំ ភាពចុះខ្សោយនៃសាច់ដុំ និងបញ្ហាជាច្រើនទៀត។ សញ្ញានៃកង្វះវីតាមីន B12៖ •​ ស្លេកស្លាំងដោយគ្មានមូលហេតុ • ជំងឺសរសៃប្រសាទ • ជំងឺក្រពះ-ពោះវៀន • អស់កម្លាំង • សាច់ដុំចុះខ្សោយ • មានបញ្ហាការចងចាំ • Mental fogginess (ជាទូទៅ រួមមានការរវើរវាយ ភ្លេចច្រើន ការផ្ចង់ស្មារតីថយចុះ)។ តួនាទីរបស់វីតាមីន B12៖ • ជួយឲ្យមានការរំលាយអាហារបានត្រឹមត្រូវ • ការស្រូបយកអាហារ • ការប្រើប្រាស់ជាតិដែក • ជួយក្នុងការបង្កើតគ្រាប់ឈាមក្រហម • ការផលិតអ័រម៉ូន Adrenal • ជួយសម្រួលឲ្យមានអារម្មណ៍នឹងនរ •​ ធ្វើឲ្យមុខងាររបស់ប្រព័ន្ធប្រសាទមានសុខភាពល្អ • ការបង្កើតកោសិកា និងរស់បានយូរ • ធ្វើឲ្យមុខងាររបស់ប្រព័ន្ធភាពស៊ាំមានសុខភាពល្អ • ជួយឲ្យសុខភាពផ្លូវចិត្តល្អ • ផ្ដោតអារម្មណ៍បានល្អ • ធ្វើឲ្យការលូតលាស់ និងការអភិវឌ្ឍនៃសរសៃប្រសាទមានភាពប្រក្រតី • ជួយសម្រួលចរន្តឈាម • ជួយដល់ស្រ្តីដែលមានផ្ទៃពោះ និងសុខភាពផ្លូវភេទរបស់ស្ត្រី • ជួយបង្កើនថាមពលផ្លូវកាយ ផ្លួវចិត្ត និងអារម្មណ៍។ តួនាទីផ្សេងទៀតរបស់វីតាមីន B12  សុខភាពឆ្អឹង៖ បើយោងតាមក្រុមអ្នកស្រាវជ្រាវខ្លះ កង្វះវីតាមីន B12 អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសុខភាពឆ្អឹងរបស់យើង។ គួរបញ្ជាក់ផងដែរថា កម្រិតទាបនៃវីតាមីន B12 អាចបង្កើនហានិភ័យនៃការបាក់ឆ្អឹងចំពោះបុរសវ័យចំណាស់ ខណៈពេលដែលស្រ្តីវ័យចំណាស់ ច្រើនជួបប្រទះនូវការពុកឆ្អឹងលឿននៅត្រង់ត្រគាក។ សុខភាពផ្លូវចិត្ត និងខួរក្បាល៖ កង្វះវីតាមីន B12 អាចនាំឲ្យមានការរំខានដល់សុខភាពប្រព័ន្ធប្រសាទដែលជំរុញឲ្យមានបញ្ហាវិកលចរិក ជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តផ្សេងៗទៀត។ ទស្សនាវដ្ដី Neurology បានបោះពុម្ពផ្សាយនូវការសិក្សាតូចមួយ ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវជនជាតិហ្វាង់ឡង់ ដែលពួកគេបានរកឃើញថា អាហារដែលសម្បូរវីតាមីន B12 អាចកាត់បន្ថយការកើតជំងឺភ្លេចភ្លាំង (Alzheimer’s disease)។ អាហារដែលសម្បូរទៅដោយវីតាមីន B12 អ្នកដែលមិនទទួលទានសាច់ អាចមានហានិភ័យខ្ពស់ប្រឈមនឹងបញ្ហាកង្វះវីតាមីន B12 ព្រោះថាប្រភពនៃវីតាមីនប្រភេទនេះ គឺមាននៅក្នុងសាច់។ វាមានសារសំខាន់ណាស់ចំពោះកុមារក្នុងការទទួលបានវីតាមីន B12 គ្រប់គ្រាន់ ដើម្បីកុំឲ្យមានការថយចុះនៃសមត្ថភាពក្នុងការយល់ដឹងពេលពួកគេធំឡើង។ កត្តាដែលអាចប៉ះពាល់ដល់ការស្រូបយកវីតាមីន B12  នៅពេលដែលមនុស្សកាន់តែចាស់ ក្រពះបញ្ចេញជាតិអាស៊ីត​ ហើយវាធ្វើឲ្យការបញ្ចេញវីតាមីន B12 ក៏តិចដែរ។ ប៉ុន្តែ ការស្រូបយកនៃវីតាមីន B12 អាចទទួលរងឥទ្ធិពលពីកត្តាផ្សេងៗ ដូចជា៖ • ជំងឺស្លេកស្លាំង (Pernicious anemia) • មេរោគក្នុងពោះវៀន • ការប៉ះពាល់នឹង Nitrous oxide • រលាកពោះវៀន • ការប្រើប្រាស់ថ្នាំបំបាត់អាស៊ីត និងថ្នាំ Metformin • គ្រឿងស្រវឹង។ Metformin និងវីតាមីន B12 យោងតាមការស្រាវជ្រាវរយៈពេល៣ឆ្នាំ​ ដែលធ្វើឡើងដោយកម្មវីធីទប់ស្កាត់ជំងឺទឹកនោមផ្អែម បានបង្ហាញថា ការផ្លាស់ប្ដូររបៀបរស់នៅ មានប្រសិទ្ធភាព ជាងការប្រើប្រាស់ថ្នាំ Metformin ទៅទៀត ក្នុងការទប់ស្កាត់ការវិវត្តនៃជំងឺទឹកនោមផ្អែម។ ១៥ឆ្នាំក្រោយមក ការសិក្សាបន្ដ បានបង្ហាញថា ការផ្លាស់ប្ដូររបៀបរស់នៅ គឺនៅតែមានប្រសិទ្ធភាពជាងការប្រើប្រាស់ថ្នាំ Metformin។ ដូច្នេះ អ្នកដែលចូលរួមក្នុងការស្រាវជ្រាវទាំងអស់ បានធ្វើការផ្លាស់ប្ដូរ របៀបរស់នៅរបស់ពួកគេ មានហានិភ័យនៃការវិវត្តជំងឺទឹកនោមផ្អែម ប្រហែលជា៥៨% ទាបជាងអ្នកដែលមិនបានប្រើប្រាស់ថ្នាំមិនមែនជាថ្នាំទឹកនោមផ្អែម (Placebo)។ ការផ្លាស់ប្ដូររបៀបរស់នៅ អាចជួយព្យាបាល និងបញ្ចៀសជំងឺទឹកនោមផ្អែម។ ដូចនេះ ព័ត៌មានទាំងនេះ គឺល្អបំផុតសម្រាប់អ្នកដែលប្រើថ្នាំ Metformin ហើយមានបញ្ហាកង្វះវីតាមីន B12។ សរុបមក បើអ្នកប្រើប្រាស់ថ្នាំ Metformin កាន់តែយូរ ហានិភ័យដែលអ្នកអាចប្រឈមនឹងបញ្ហាកង្វះវីតាមីន B12 កាន់តែខ្ពស់។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Share

ផ្នែកប្រព័ន្ធរំលាយអាហារ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកិនបំបែកចំណីអាហារ និងស្រូបយកសារធាតុចិញ្ចឹម ដើម្បីឲ្យរាងកាយប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ តែបើកាលណាប្រព័ន្ធរំលាយអាហារយើងមិនល្អ នោះវាអាចធ្វើឲ្យមានការរំខាន ដល់ការរស់នៅរបស់យើង ដែលធ្វើឲ្យគុណភាពនៃការរស់នៅ របស់យើងថយចុះផងដែរ។ លោកវេជ្ជបណ្ឌិត ស៊ីដេតជាប្រធានប្រតិបត្តិ នៃគ្លីនិកអេគីប បានបញ្ជាក់ពីការតំហែទាំ ផ្នែកប្រព័ន្ធរំលាយអាហារដែរថា វាជាការថែទាំមានការលំបាកបន្តិច ព្រោះវាជាការថែទាំ ផ្នែកខាងក្នុង ដែលយើងពិបាកក្នុងការលាងសម្អាត ដូច្នេះហើយលោកវេជ្ជបណ្ឌិតបាន ណែនាំឲ្យមានការពិនិត្យសុខភាពផ្នែកក្រពះ ពោះវៀន ថ្លើម ហើយជាពិសេសចំពោះមនុស្ស វ័យចាប់ពី ៤៥ឆ្នាំឡើងទៅសម្រាប់មនុស្សប្រុស និង៥០ឆ្នាំសម្រាប់មនុស្សស្រី។ ក្នុងនោះ លោកវេជ្ជបណ្ឌិត ក៏បានបង្ហាញពីប្រាប់ពីការថែទាំផ្សេងៗ ដូចជាការ៖ •    ធ្វើតេស្តដង្ហើមរកមេរោគក្រពះ •    ការពិនិត្យតាមរយៈអេកូសាស្រ្តមើលពោះ •    ការត្រួតពិនិត្យមើលទឹកប្រមាត់ឬថង់ទឹកប្រមាត់ •    ការត្រួតពិនិត្យមើលថ្លើមឬលំពែង។ ចំនែកឯរឿងក្រពះ ពោះវៀនជាទូទៅដើម្បី ធ្វើការថែទាំនិង ពិនិត្យមើលឲ្យបានច្បាស់លាស់ ចាំបាច់ទាមទារឲ្យមានការឆ្លុះស៊ុងក្រពះ ពោះវៀន  ដូចគ្នាចំពោះប្រទេសជឿនលឿនដទៃដែរ។ ដូចនេះហើយការពិនិត្យសុខភាព ចំពោះប្រព័ន្ធរលាយអាហារ ពិតជាមានសារៈសំខាន់ ដែលក្នុងនោះការថែទាំគឺត្រូវបូករួម បញ្ចូលទាំង ទង្វើនៃការហូបចុក រស់នៅប្រចាំថ្ងៃរបស់យើងផងដែរ ទើបធានាបាននូវប្រព័ន្ធ រំលាយអាហារដែលមានសុខភាពល្អ និងមិនមានបញ្ហា។ ដូចដែលយើងដឹងហើយថា ការយល់ដឹងរបស់ប្រជាជនកម្ពុជា គឺនៅមានកំរិតនៅឡើយ ចំពោះបញ្ហាសុខភាពទូទៅ ក៏ដូចជាផ្នែកសំខាន់មួយចំនួន ដូចជាផ្នែកក្រពះ ពោះវៀន ថ្លើម។ លោកស៊ីដេត បានប្រាប់បន្ថែមឲ្យដឹងថា ជាទូទៅប្រជាជនយើងមាន ការធ្វេស ប្រហែស ចំពោះតំហែទាំសុខភាពរបស់ពួកគាត់ ដោយភាគច្រើនពួកគាត់ រងចាំទាល់តែមាន រោគសញ្ញាធ្ងន់ធ្ងរ ឬមានការរំខានខ្លាំង ទើបគាត់មកជួបពេទ្យ ហើយភាគច្រើនពួកគាត់ សុខចិត្តទ្រាំ ឬគ្រាន់តែធ្វើការព្យាបាលបន្ទាប់បន្សំដោយខ្លួនឯង។ បើនិយាយពីការពិនិត្យ សុខភាព ការពិតវាមិនបានចំនាយពេលវេលា ឬប្រាក់កាសច្រើនឡើយ បើធៀបនឹង ការព្យាបាល។ ដូចសុភាសិតពោលថា “ការពារប្រសើជាងព្យាបាល”។   គួរបញ្ជាក់ផងដែរថា៖ •    មនុស្សធម្មតាមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ ដែលមិនមានប្រវត្តិគ្រួសារមានបញ្ហាក្រពះ ពោះវៀនធ្ងន់ធ្ងរ ឬមហារីក ពួកគាត់អាចពិនិត្យរាល់ ៣ ទៅ៥ឆ្នាំម្តង។ •    តែផ្ទុយទៅវិញបើ គ្រួសាររបស់គាត់មាន ប្រវត្តិសុខភាពមិនល្អ ដូចជាបញ្ហាក្រពះ ពោះវៀន វាអាចទាក់ទងនឹង តំណរពូជ ឬហ្សែននេទិច ឧទាហរណ៍ ដូចជាដុំមហារីកជាដើម នោះគ្រូពេទ្យនឹងធ្វើ ការអង្កេតជំនាញឯកទេស និងវិភាគរោគបន្តបន្ទាប់ និងគួរទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។ •    ចំពោះលក្ខខណ្ឌមនុស្សវ័យក្រោម ៤៥ឆ្នាំ បើគាត់មាន ជំងឺបាក់ទឹកចិត្ត ឬតានតឹង ហើយមិនមានរោគសញ្ញាគំរាមកំហែងធ្ងន់ធ្ងរ ពេលខ្លះពួកគាត់អាចប្រឹក្សា និង ធ្វើការ ពិនិត្យលើរបៀបរបបនៃការរស់នៅប្រចាំថ្ងៃរបស់គាត់ឡើងវិញ ឬអាចញាំុថ្នាំតិចតួច។ បន្ទាប់មកបើអាការៈជំងឺនៅតែមិនប្រសើរឡើង គ្រូពេទ្យឯកទេសនឹងធ្វើការអង្កេតបន្តបន្ទាប់ ទៀតដើម្បីមើលពីបញ្ហាផ្សេងៗទៀត។ ទាក់ទងនឹងការថែទាំសុខភាពទូទៅ ក៏ដូចជាផ្នែកក្រពះ ពោះវៀន លោកវេជ្ជបណ្ឌិត ស៊ីដេត បានផ្តាំផ្ញើផងដែរថា យើងត្រូវចាំបាច់យកចិត្តទុកដាក់លើ ការថែទាំសុខភាព ទាំងការពិនិត្យ ទាំងការរស់នៅប្រចាំថ្ងៃ ដោយចៀសវាងការពិសារគ្រឿងស្រវឹង ចៀសវាងការពិសារអាហារ ដែលមិនមានអនាម័យ ឬមិនសមស្របតាមបច្ចេកទេសចំអិនល្អ និងត្រូវហាត់ប្រាណឲ្យបាន ច្រើន។ មួយវិញទៀត ការពិនិត្យសុខភាពត្រូវ ពិនិត្យឲ្យបានទៀងទាត់ បើទោះមិនមានរោគសញ្ញាក៏ដោយ ដើម្បីចៀសវាងនូវការវិឌ្ឍន៍នៃជំងឺ ដែលអាចធ្វើឲ្យមានសភាពធ្ងន់ធ្ងរ ហួសពេលក្នុងការព្យាបាល។ តួយ៉ាងសូម្បីតែមហារីក ក៏យើងអាចព្យាបាលបានដែរ ប្រសិន បើយើងពិនិត្យ និងរកឃើញក្នុងដំណាក់កាលទីមួយដំបូងបំផុតនោះ យើងអាចធ្វើការ ព្យាបាល ដែលអាចជួយដល់អ្នកជំងឺឲ្យមានសុខភាពល្អបានច្រើន និងអាចរស់នៅបាន យូរអង្វែងផងដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                             

Share

ដោយសារលំហូរចេញរបស់ប្រជាជនកម្ពុជា ដើម្បីរកសេវាព្យាបាលជំងឺនៅក្រៅប្រទេស នៅតែមានការកើនឡើង  ស្របពេលដែល កម្ពុជាកំពុងមានការរីកចំរើនក្នុង វិស័យសុខាភិបាលទាំងផ្នែកសាធារណ និងឯកជន ដែលមានវេជ្ជបណ្ឌិត មានឯកទេសផ្សេងគ្នាៗជាច្រើនរូប ដែលកំពុងបម្រើការ ហើយពួកគាត់សុទ្ធសឹង តែបានបញ្ចប់ការសិក្សា ជំនាញឯកទេសទាំងក្នុងស្រុកក៏ដូចជា មកពីបរទេសផងដែរ។ វិស័យទាំងពីរ បានកំពុងព្យាយាមពង្រឹងសក្តានុពល និងវិសាលភាពរបស់ខ្លួន ដើម្បីកាត់បន្ថយការទៅទទួលសេវាសុខភាពនៅក្រៅប្រទេស ដោយផ្អែកទៅលើគោលជំហរ និងទស្សនៈវិស័យរួម។ ក្នុងនោះ គ្លីនិក អេគីប ក៏បានចូលរួមចែករំលែកអំពីទស្សនៈវិស័យរបស់ខ្លួនក្នុងការកាត់បន្ថយលំហូរនៃអ្នកជំងឺ ក៏ដូចជាការផ្តល់ទំនុកចិត្តដល់ប្រជាជនឡើងវិញផងដែរ។ គ្លីនិកអេគីប មានគោលជំហរ ក៏ដូចជាទស្សនៈវិស័យ និងក្តីបំណង ដែលមានចំនុចសំខាន់ចំនួនបីធំៗ៖ 1.    ធ្វើយ៉ាងណាលើកកម្ពស់លើវិស័យសុខាភិបាល ក៏ដូចជាឯកទេសក្រពះ ពោះវៀន ថ្លើម ឲ្យមានមុខមាត់ដូចប្រទេសជិតខាង អាចប្រៀបធៀបនឹងប្រទេសវៀតណាម ឬថៃបាន 2.    បង្កើនប្រសិទ្ធភាពឲ្យបានកាន់តែខ្ពស់ ជួយប្រជាជនខ្មែរឲ្យមានសុខភាពកាន់តែល្អ 3.    ទប់ស្កាត់ លំហូរចេញនូវ អ្នកជំងឺទៅបរទេស ដើម្បីជាការកាត់បន្ថយលុយកាក់ និងពេលវេលា ព្រោះថាបើគ្រាន់តែ ធ្វើការត្រួតពិនិត្យផ្នែក ក្រពះ ពោះវៀន ហេតុអ្វីចាំបាច់ត្រូវធ្វើដំណើរទៅ បរទេស ដែលត្រូវចំណាយទាំងការធ្វើដំណើរ ស្នាក់នៅ ហូបចុក ហើយខាតពេលច្រើនផងដែរ។ គួរបញ្ជាក់ថា គ្លីនិកអេគីប គឺជាគ្លីនិកឯកទេសក្រពះ ពោះវៀន ថ្លើម ដែលមានទីតាំងនៅក្នុងខណ្ឌដូនពេញ និងបានបើកដំណើរការកាលពីដើមឆ្នាំ ២០១៧។      លោក ឈាង ស៊ីដេត ដែលជាប្រធានប្រតិបត្តិ និងជាវេជ្ជបណ្ឌិតផ្នែកឯកទេស នៅគ្លីនិកអេគីប បានឲ្យដឹងថានៅគ្លីនិកអេគីបមានវេជ្ជបណ្ឌិត ដែលមានសមត្ថភាព លើឯកទេសជំនាញចំពោះផ្នែកមួយៗពិតប្រាកដ ដូចជាលើផ្នែកក្រពះ ពោះវៀន ដែល វេជ្ជបណ្ឌិតទាំងអស់នៅទីនោះ សុទ្ធតែបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ វេជ្ជសាស្ត្រសុខាភិបាល និងបានបន្តការសិក្សាឯកទេសពីបរទេស ដូចជា ប្រទេសបារាំង ជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀតផងដែរ។ លោក ស៊ីដេតបានបន្តទៀតថា «បើប្រៀបធៀបពីធនធានមនុស្សនៅទីនេះ យើងមិនចាញ់ប្រទេសផ្សេងៗទេ។ ចំនែកឯបរិក្ខា និងសំភារៈប្រើប្រាស់ យើងព្យាយាមប្រើឧបករណ៍ដែលទំនើបទាន់ សម័យ និងមានភាពច្បាស់លាស់ »។ លោកវេជ្ជបណ្ឌិតបានបន្តថា យ៉ាងណាមិញចំពោះជំងឺទូទៅលើផ្នែក ក្រពះ ពោះវៀន សឹងតែ ៨០% គ្លីនិកអេគីបអាចធ្វើការព្យាបាលបាន ប៉ុន្តែចំពោះករណី ការវះកាត់ធំៗ ដូចជាការបើកពោះ និងការវះកាត់យកដុំសាច់ដែលមានទំហំធំពេក នោះគ្លីនីក មានដៃគូសហការជាមួយមន្ទីរពេទ្យធំៗទាំងក្នុង និងក្រៅស្រុក ព្រមទាំងមាន ក្រុមវេជ្ជបណ្ឌិតដែលមាន ទាំងជំនាញឯកទេស ខាងក្រពះ ពោះវៀន និងជំនាញខាងវះកាត់ ដើម្បីជាជំនួយដល់គ្លីនិកផងដែរ។ ក្នុងគ្លីនិកអេគីប មានវេជ្ជបណ្ឌិតផ្ទាល់ ប្រាំពីរ រូប ដែលក្នុងនោះ ៦រូបមានជំនាញឯកទេសផ្នែកក្រពះ ពោះវៀន និងឬសដូងបាត ដែលបានបញ្ចប់ការសិក្សាមកពីបរទេស និងវេជ្ជបណ្ឌិតមួយរូបទៀត ជាវេជ្ជបណ្ឌិត ជំងឺទូទៅ ដែលជាអ្នកចាត់ចែង មើលការខុសត្រូវលើជំងឺទូទៅមួយចំនួនធំ ហើយក្នុងនោះផងដែរមាន វេជ្ជបណ្ឌិតស្រី៣រូប។ នៅគ្លីនិកអេគីបផងដែរ លោកវេជ្ជបណ្ឌិតស៊ីដេត ក៏បានឲ្យដឹងថាការកំណត់តម្លៃសេវាកម្ម ព្យាបាលផ្សេងៗគឺ នៅគ្លីនិកអេគីប ភាគច្រើនផ្តោតលើ អ្នកដែលមានជីវភាពមធ្យម ដើម្បីឲ្យមានប្រជាជនទាំងអស់អាចទទួលបានសេវាព្យាបាលពីគ្លីនិកអេគីបដូចៗគ្នា។ លោកវេជ្ជបណ្ឌិត បន្តថាតម្លៃសេវាកម្មនៅទីនេះ បើធៀបនឹងតម្លៃនៅក្រៅប្រទេសគឺ នៅទីនេះចំនាយតិចជាង បីដងឯណោះ បើប្រៀបធៀបទៅនឹងបច្ចេកទេសដែលមានគុណភាព និងគ្រូពេទ្យ ដែលមានជំនាញច្បាស់លាស់ផងដែរនោះ។ ជាចុងក្រោយសង្ឃឹមថា ប្រជាពលរដ្ឋនឹងងាកមករកការព្យាបាល និងសេវាសុខភាពក្នុងប្រទេសវិញ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                           

Share

សព្វថ្ងៃ បញ្ហាស្ងួតភ្នែក បានក្លាយជារោគសញ្ញាដែលកើតញឹកញាប់ ចំពោះយុវវ័យ និងអ្នកជំងឺមួយចំនួន ដែលបានប្រើប្រាស់ទូរស័ព្ទ អាយផែត កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកច្រើនលើសកម្រិត នេះបើតាមការសិក្សាថ្មីមួយបង្ហាញ។   វេជ្ជបណ្ឌិត Amber GaumeGiannoniអ្នកជំនាញផ្នែកចក្ខុសាស្រ្ត មកពីសាកលវិទ្យា Houston បានមានប្រសាសន៍ឲ្យដឹងថា «កូនក្មេង និងមនុស្សវ័យជំទង់ ដែលប្រឹងសំឡឹងមើលលើកញ្ចក់ឧបករណ៍អេឡិចត្រូនិក ទំនងជាធ្មេច ឬបិទភ្នែកតិចបំផុត ដែលជាហេតុនាំឲ្យភ្នែករបស់ពួកមានបញ្ហា ជាពិសេស គឺបញ្ហាភ្នែកស្ងួតនេះតែម្តង»។   តើអ្នកដឹងទេថា ការបិទ ឬធ្មេចភ្នែកនេះមានប្រយោជន៍អ្វីខ្លះ? ការបិទ ឬធ្មេចភ្នែក អាចជួយរំញោចដល់ក្រពេញ ដើម្បីផ្តល់សំណើមនៅក្នុងភ្នែក។ ការសិក្សានេះក៏បានបង្ហាញផងដែរថា កូនក្មេង និងមនុស្សវ័យជំទង់ ច្រើនតែសំឡឹងកញ្ចក់ឧបករណ៍អេឡិចត្រូនិកនានា ច្រើនជាង ៦ ម៉ោងក្នុងមួយថ្ងៃ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន Xinhua។   វេជ្ជបណ្ឌិត Giannoniបានណែនាំថា ឪពុកម្តាយគ្រប់រូប គួរតែកំណត់ពេលវេលាមើលទូរស័ព្ទ អាយផែត ឬទូរទស្សន៍របស់កូនៗ។ ម៉្យាងទៀត ពួកគាត់ក៏ត្រូវតាមដាន និងកត់សម្គាល់ជាពិសេសទៅលើសុខភាពភ្នែករបស់កូនៗ ដូចជាការធ្មេចភ្នែក ការញីភ្នែក និងបញ្ហាភ្នែកក្រហមជាដើម។ គាត់ក៏បានបន្ថែមទៀតថា មនុស្សគ្រប់គ្នាគួរតែអនុវត្តវិធានការ ២០-២០-២០ ដែលមានន័យថា សម្រាកភ្នែក ២០ វិនាទី ក្នុងរយៈពេល ២០ នាទីម្តង បន្ទាប់ពីធ្វើការ ហើយសំលឹងឲ្យបាន ២០ ហ្វីត (ប្រហែលជា ៦ ម៉ែត្រ) ទៅកន្លែងផ្សេង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

មនុស្សយើងសព្វថ្ងៃនេះ គ្មាននរណាចេញទៅក្រៅផ្ទដោយមិនយកទូរស័ព្ទតាមខ្លួននោះទេ ហើយតើអ្នកស្រមៃទៅមើលថា បើគ្មានទូរស័ព្ទមួយថ្ងៃ តើអ្នកនឹងក្លាយ ទៅជា​យ៉ាងណា? ប៉ុន្តែ តើអ្នកបានដឹងទេថា ទូរស័ព្ទមិនមានសុវត្ថិភាពចំពោះអ្នក ដូចដែលអ្នកគិតនោះទេ ជាពិសេស ចំពោះបុរសភេទតែម្តង។   ការសិក្សាថ្មីមួយផ្សេងទៀតបានបញ្ជាក់ អ្នកមិនគួរដាក់ទូរស័ព្ទ នៅក្នុងហោប៉ៅខោ ឬហៅប៉ៅអាវយូរពេកនោះទេ ពីព្រោះ​ វាអាចបង្កជាផលវិបាកយ៉ាងច្រើន​ ចំពោះសុខភាពទូទៅរបស់អ្នករួមមាន៖ ១- ការដាក់ទូរស័ព្ទក្នុងហោប៉ៅខោ អាចធ្វើបុរសពិបាកក្នុងការមានកូន ២-ជាតិវិទ្យុសកម្មរបស់ទូរស័ព្ទ អាចកាត់បន្ថយបរិមាណ គុណភាព និងចលនារបស់មេជីវិតឈ្មោល ៣-វាក៏អាចធ្វើឲ្យបុរសប្រឈមទៅនឹងបញ្ហាផ្លូវភេទនានា ជាពិសេស ការងាប់លិង្គជាដើម ៤- វាក៏អាចធ្វើឲ្យអ្នកប្រឈមទៅនឹងជំងឺមហារីកផងដែរ ៥- ចំណុចមួយទៀត គឺទាក់ទងទៅនឹងសញ្ញាធម្មជាតិ ដែលមានន័យថា ពេលអ្នកកាន់ទូរស័ព្ទជាប់ខ្លួនរហូតបែបនេះ ទូរស័ព្ទនឹងបញ្ចេញជាតិវិទ្យុសកម្ម ហើយអាចស្រូបយកថាមពលរាងកាយរបស់អ្នក ហើយធ្វើឲ្យអ្នកឈឺដោយមិនដឹងមូលហេតុ។ ៦- ជាតិវិទ្យុសកម្ម និងរលកសញ្ញារបស់ទូរស័ព្ទ អាចសម្លាប់កោសិកាក្នុងរាងកាយរបស់អ្នកបាន។   ដូច្នេះ ចាប់ពីពេលនេះទៅ អ្នកគួរតែមានការប្រុងប្រយ័ត្ន ក្នុងការទុកដាក់ទូរស័ព្ទរបស់អ្នក ហើយកុំទុក ឬប្រើប្រាស់វាច្រើនពេក ប្រសិនបើមិនចាំបាច់..... ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

សារសំខាន់នៃប្រព័ន្ធភាពស៊ាំរបស់មនុស្ស តាមការស្រាវជ្រាវនៅក្នុងរាងកាយរបស់មនុស្សយើង ត្រូវបានគេរកឃើញ ថាមានប្រព័ន្ធភាពសុំាក្នុងការប្រយុទ្ធប្រឆំាងនឹងបណ្តាជំងឺ និងមេរោគឆ្លងជាច្រើន។​ វាមានមុខងារយ៉ាងសំខាន់ក្នុងការការពាររាងកាយពីជំងឺឆ្លង​ និងការវិវឌ្ឍរបស់ជំងឺមហារីក។ មេរោគឆ្លងទាំងនេះ អាចបង្កឲ្យមានជំងឺ ឬការស្លាប់ ប្រសិនបើ មិនបានកម្ចាត់ចោល។ មូលហេតុចម្បងដែលធ្វើឲ្យ​មនុស្សធ្លាក់ខ្លួនឈឺ គឺដោយសារប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូច្នេះបើចង់ព្យាបាលជំងឺ គឺត្រូវមាន ប្រព័ន្ធការពាររាងកាយមួយ​ ដែលមានសុខភាពល្អ​ ដើម្បី​ទប់ទល់នឹងជំងឺទំាងអស់នោះបាន។ មូលហេតុដែលបណ្តាលឲ្យមនុស្សធ្លាក់ខ្លួនឈឺ មានកត្តាជាច្រើនដែលធ្វើឲ្យមនុស្សធ្លាក់ខ្លួនឈឺ ដោយសារប្រព័ន្ធភា​ព​ស៊ាំក្នុងរាងកាយរបស់មនុស្សចុះខ្សោយ ដូចជា ការទទួលទានជាតិស្រវឹង ការជក់បារី ការទទួលដំណេកមិនគ្រប់គ្រាន់ ស្ត្រេស ការទទួលទានអាហារឆ្អែតពេក និងកម្រិតជាតិខ្លាញ់ខ្ពស់។ ជាទូទៅ ប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់មនុស្ស​ មានកម្រិតខ្ពស់បំផុត​នៅអាយុ២០ឆ្នាំ ហើយត្រូវបានចុះខ្សោយជាលំដាប់ នៅអាយុលើសពី​២០ឆ្នាំឡើងទៅ និងអាយុ៧០ឆ្នាំនៅសល់តែ១០ភាគរយប៉ុណ្ណោះ។  តើរាងកាយប្រឈមនឹងអ្វីខ្លះ ប្រសិនបើប្រព័ន្ធភាពស៊ាំចុះខ្សោយ? តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា រាងកាយមនុស្សនឹងងាយឆ្លងជំងឺតាម​រយៈបាក់តេរីក្នុងមាត់ និងក្នុងពោះវៀននៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយ។ មូលហេតុនៃការឆ្លងបាក់តេរីទំាងអស់នេះហើយ ដែលរាងកាយរបស់មនុស្សគ្មាន​សមត្ថភាពប្រឆំាងទប់ទល់ និងបណ្តាលឲ្យមានការរលាករ៉ាំរ៉ៃ។ ការរលាករ៉ាំរ៉ៃ ជាហេតុផលចម្បងដែលបណ្តាលឲ្យមានជំងឺជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម អាល្លែកហ្ស៊ី ខ្លាញ់រុំសរសៃឈាម សម្ពាធឈាមខ្ពស់​​ ឬលើសឈាម និងជំងឺមហារីក គ្រប់ប្រភេទ។  ធ្វើយ៉ាងដូចម្តេច​ដើម្បីឲ្យប្រព័ន្ធភាពស៊ាំរឹងមំា? តាមគោលការណ៍ណែនាំសុខភាពទូទៅ ជំហានល្អបំផុតរបស់អ្នក គឺការរក្សាប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ និងមានសុខភាពល្អ។ គ្រប់ផ្នែកនៃរាងកាយរបស់អ្នក រួមបញ្ចូលទាំងប្រព័ន្ធការពាររាងកាយល្អប្រសើរជាងមុន នៅពេលដែលមុខងារការពាររាងកាយមានសុខភាពល្អ បានគាំទ្រដោយការរស់នៅដូចជា៖  ១-  មិនជក់បារី  ២- បរិភោគអាហារមានបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ និងជាតិខ្លាញ់ទាប ៣- ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ៤- រក្សាទម្ងន់ឲ្យមានស្ថេរភាព  ៥- គ្រប់គ្រងសម្ពាធឈាមរបស់អ្នក ៦- ប្រសិនបើអ្នកផឹកស្រា​ ត្រូវផឹកក្នុងកម្រិតទាប ៧-​ ទទួលដំណេកឲ្យបានគ្រប់គ្រាន់ សម្គាល់៖ ការលាងដៃរបស់អ្នកជាញឹកញាប់ និងការចម្អិនសាច់យ៉ាងហ្មត់ចត់។​ ការទទួលបានការធ្វើតេស្តពិនិត្យសុខភាពជាទៀងទាត់សម្រាប់មនុស្ស នៅក្នុងក្រុមអាយុ និងប្រភេទមានហានិភ័យ។ អ្វីទៅជាប្រព័ន្ធភាពស៊ាំ? ប្រព័ន្ធភាពស៊ាំគឺជាប្រព័ន្ធមួយ ដែលមានរចនាសម្ព័ន្ធបែបជីវសាស្ត្រ ហើយ​ដំណើរការនៅក្នុងសរីរាង្គដែលអាចការពារនឹងជំងឺបាន។ ប្រព័ន្ធភាស៊ាំមានពីរប្រភេទ គឺប្រព័ន្ធភាពស៊ាំពីធម្មជាតិ និងប្រព័ន្ធភាពស៊ាំទទួលពីខាងក្រៅ។ ប្រព័ន្ធភាពស៊ាំពីធម្មជាតិ មានកោសិកា​ Natural Killer Cell (NK Cell) និង Macrophage Cellដែលកោសិកាទំាងពីរ មានតួនាទីស្វែងរកទីតំាងមេរោគឆ្លង ហ៊ុមព័ទ្ធ ការត្រួតពិនិត្យ និងបំបែកកោសិកា ហើយចាប់បញ្ជូនទៅកាន់កោសិកា T-Cellនៅក្នុងក្រពេញ ហើយT-Cell ជាអ្នកកម្ចាត់មេរោគ ទំាងនោះជាស្ថាពរ។ ប្រព័ន្ធភាពសុំាទទួលពីខាងក្រៅ គឺជារចនាសម្ព័ន្ធមួយ ដែលត្រូវបានរៀបចំឡើងវិញ នៅពេលជំងឺ​ ត្រូវបានបញ្ឈប់។  តើប្រភេទបេតាគ្លុឃែនមួយណា​ដែលអ្នកគួរជ្រើសរើស? β-1,3/1,6-Glucan មានប្រសិទ្ធភាពខ្ពស់ ជាអ្នកបំលែងភាពស៊ាំបេតាគ្លូឃែន ដែលដំាពីពូជផ្សិតខ្មៅ អាអុរិអូបាស៊ីឌៀម ​មានសមត្ថភាព ក្នុងការជម្រុញ​ និងបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់មនុស្សឲ្យកាន់តែរឹងមំាបំផុត។ ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យហាវ៉ាដសហរដ្ឋអាមេរិក​ បានរកឃើញថា ភ្នាសខាងលើនៃកោសិកា Macrophage Cell ភ្ជាប់អវយវៈទៅនឹងដៃរបស់ បេតាគ្លុឃែន ងាយស្រួលដាក់ជាទំពក់ចូលក្នុងកោសិកា ហើយវាភ្ជាប់គ្នាក្នុងការជំរុញមុខងារកោសិកាការពាររាងកាយរបស់មនុស្សឲ្យកាន់តែរឹងមំា​ និងឆាប់រហ័ស។ វាមានសមត្ថភាពខ្ពស់ ក្នុងការបង្កើនបរិមាណ គ្រាប់ឈាមស​ និងអាចបំផ្លាញវាបានដែលបណ្តាលមកពីជំងឺគ្រាប់ឈាមសច្រើនពេក​ រួមទំាងការប្រើប្រាស់ថ្នាំប្រឆំាងជំងឺមហារីក​ ដែលធ្វើឲ្យប៉ះពាល់​ ដល់ប្រព័ន្ធភាពស៊ាំ។ សាកលវិទ្យាល័យក៏បានចេញរបាយការណ៍ថា អ្នកដែលបានប្រើប្រាស់បេតា គ្លុឃែន 1,3-1,6​ លើសពី៣ឆ្នំាឡើងទៅ មានប្រព័ន្ធការពាររាងកាយខ្លំាងជាងអ្នកមិនបានប្រើប្រាស់៥ទៅ៧ដង ហើយត្រូវបានទទួលស្គាល់​ និងពេញនិយម ប្រើប្រាស់ពីប្រជាជនជប៉ុន និងប្រជាជន ក្នុងប្រទេសជឿនលឿនមួយចំនួន ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងក្នុងបណ្តាប្រទេសអាស៊ី​ បន្ទាប់ពីពួកគេមានប្រព័ន្ធភាពស៊ាំរឹងមំាល្អ និងមានអាយុវែង។ បេតាគ្លុឃែន 1,3-1,6 ពីពូជផ្សិតអាអុរិអូបាស៊ីឌៀម ជាប្រភេទចាហួយរាវទន់ល្មើយងាយស្រូបចូលរាងកាយ ក្នុងការប្រយុទ្ធជាមួយពពួកមេរោគឆ្លង និងការរលាក រ៉ាំរ៉ៃ ហើយសមជាមួយអ្នកជំងឺ ដូចជា ជំងឺអាល្លែកហ្ស៊ី​ ទឹកនោមផ្អែម​ ខ្លាញ់រុំសរសៃឈាម លើសឈាម និងជំងឺមហារីក។  អត្ថបទដោយ៖​​ លោកវេជ្ជបណ្ឌិត KAZUSHIGE IINUMA, PHD ប្រធានសមាគម​ការ​ពារជំងឺប្រព័ន្ធភាពស៊ាំនៅក្នុងប្រទេសជប៉ុន ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ចង់ដឹងទេថា សម្រាប់សប្តាហ៍ដំបូងនៃខែកក្កដានេះ តើអត្ថបទណាដែលត្រូវបានមិត្តអ្នកអានគាំទ្រច្រើនជាងគេ? តោះ! តាមដានជាមួយគ្នា…   1- កាលបរិច្ឆេទ និងមណ្ឌលប្រឡងចូលក្របខណ្ឌសុខាភិបាលចេញហើយ... ទីបំផុត បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះអាចដឹងថាខ្លួននឹងត្រូវប្រឡងនៅថ្ងៃណា? ម៉ោងណា? មណ្ឌលណា? ហើយ តែសម្រាប់លេខបន្ទប់ និងតុ នឹងត្រូវចាំដល់ថ្ងៃទី…   2- ១០ អត្ថបទអំពីជំងឺមហារីកប្រភេទផ្សេងៗគ្នា អំពីជំងឺមហារីកផ្សេងៗពីគ្នាត្រូវបានប្រមូលផ្តុំគ្នានៅក្នុងអត្ថបទតែមួយដោយមានលីងច្រើន សម្រាប់សម្រួលដល់មិត្តអ្នកអានក្នុងការស្វែងយល់ទៅតាម ប្រធានបទដែលខ្លួនចាប់អារម្មណ៍…   3- សុខភាពផ្លូវចិត្ត និងពិការភាព ជាការលើកទឹកចិត្តដល់អ្នកដែលមានការពិបាកសម្រេចចិត្តក្នុងការទទួលយកអវៈយវៈសិប្បនិម្មិត អត្ថបទនេះមានបង្ហាញពីគុណសម្ប្តត្តិ និងផលវិជ្ជមានជាច្រើន រួមទាំងមានវីដេអូទៀតផង…

Share

កិច្ចសន្ទនាពាណិជ្ជកម្មដែលត្រូវបានសហការរៀបចំឡើងដោយ ផាកកាហ្វេ និង វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ក៏ទើបតែត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃច័ន្ទ ទី៣ ខែកក្កដា កន្លងទៅថ្មីៗនេះនៅទីតាំងដដែល(ផាកកាហ្វេត្រសក់ផ្អែម) ដោយមានការអញ្ជើញចូលរួមពីសំណាក់បច្ចុប្បន្ន និងអនាគតសហគ្រិនជាច្រើនរូប។  គួរបញ្ជាក់ផងដែរថា សម្រាប់កិច្ចសន្ទនានៅក្នុងខែកក្កដាគឺផ្តោតទៅលើ «គន្លឹះជោគជ័យក្នុងការផ្តើមអាជីវកម្ម និងបញ្ហាប្រឈម» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់លោក Samdy S.Lok  អគ្គនាយកនៃ BNI Cambodia  និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Cam Freight Service  និងលោក Hong Leang Y អគ្គនាយកនៃក្រុមហ៊ុន Lotus Green Team ដោយមានការសម្របសម្រួលកម្មវិធីពីសំណាក់ លោក Bunroath Rith ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនផាកកាហ្វេ។ បញ្ហាប្រឈមចម្បងដែលជួបប្រទះញឹកញាប់ក្នុងពេលចាប់ផ្តើមអាជីវកម្ម និងដំណោះស្រាយក៏ត្រូវបានបកស្រាយ ក៏ដូចជាពិភាក្សារវាងវាគ្មិនកិត្តិយស ព្រមទាំងឆ្លើយតបទៅនឹងចម្ងល់នៃអ្នកចូលរួមស្តាប់គ្រប់រូប ដែលជាក់ស្តែងបង្ហាញឲ្យឃើញថា កម្មវិធីនេះជាផ្នែកមួយនៃការជួយទ្រទ្រង់ដល់ការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជាយើង។ ជាថ្មីម្តងទៀត កម្មវិធីសន្ទនាក៏នឹងមានវត្តមានជាថ្មីម្តងទៀតជារៀងរាល់ខែ។ កុំភ្លេចតាមដានជាមួយគ្នា ថាតើសម្រាប់ខែបន្ទាប់នឹងផ្តោតទៅលើប្រធានបទអ្វី? មានវត្តមានវាគ្មិនកិត្តិយសពីខាងណាខ្លះ? 

Share

ពេលវេលាចេះតែដើរទៅមុខ ហើយថ្ងៃប្រឡងក៏ខិតជិតមកដល់ហើយ… ជឿជាក់ថាបេក្ខភាពជាច្រើនបាន និងកំពុងត្រៀមខ្លួនសម្រាប់ការប្រឡងនេះ… យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល (ខ្លឹមសារទាំងស្រុងនៅក្នុងរូបភាពខាងលើ) ចេញផ្សាយកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះ បេក្ខភាពដែលកំពុងរឹងចាំយ៉ាងអន្ទះសា ក៏អាចទទួលបានជ្រាបអំពីកាលបរិច្ឆេទសំខាន់ គឺថ្ងៃប្រឡង និងថ្ងៃមើលឈ្មោះ ក៏ដូចជាលេខតុ ព្រមទាំងមណ្ឌលប្រឡងរបស់ខ្លួនផងដែរ។  ហេលស៍ថាម ក៏សូមជូនពរឲ្យបេក្ខជន និងបេក្ខនារីចូលរួមប្រឡងទាំងអស់មានសំណាងល្អ និងទទួលបានលទ្ធផលដូចចិត្តប្រាថ្នា... សម្រាប់ព័ត៌មានពីការជ្រើសរើស  ដំណឹងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌសុខាភិបាល លោកអ្នកអាចទាញយកវិញ្ញាសារបានតាមរយៈ វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន សម្រាប់ការចែករំលែកបទពិសោធន៍បន្ថែមពីអ្នកធ្លាប់បានប្រឡងជាប់ ក៏អាចអានតាមរយៈ ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ? / កុំភ្លេចចាប់អារម្មណ៍ពីយុទ្ធសាស្រ្តសុខាភិបាល​ និងសេវាសុខភាពប្រជាជន សម្រាប់អ្នកត្រៀមប្រឡងចូលក្របខណ្ឌពេទ្យ   / បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹងការបោះឆ្នោត សម្រាប់វិញ្ញាសាចំណេះដឹងទូទៅ ប្រភព ៖ ទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានរដ្ឋបាល-ហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល

Share

នៅពេលដែលអ្នកមើលទៅក្នុងភ្នែករបស់អ្នក អ្នកអាចនឹងកំពុងតែព្យាយាមពិនិត្យរកមើលថាភ្នែករបស់អ្នកមានឡើងក្រហម ដែលអាចបង្កឡើង ដោយអាឡែកហ្សី ឬប្រហែលជាបណ្ដាលមកពីការដើរលេងដល់យប់ជ្រៅ។ ប៉ុន្តែនៅពេលដែលគ្រូពេទ្យមើលទៅកាន់ភ្នែករបស់អ្នក ពួកគេ អាចមើលឃើញច្រើនជាងការឡើងក្រហមទៅទៀត។ ភ្នែកអាចត្រូវបានស្គាល់ថាជាបង្អួចទៅកាន់ព្រលឹង ប៉ុន្តែភ្នែកក៏ជាបង្អួចដ៏ច្បាស់មួយទៅកាន់សុខភាពរបស់អ្នកដែរ ហើយព័ត៌មានដែលភ្នែករបស់អ្នកអាចផ្ដល់ឲ្យគ្រូពេទ្យ គឺពិតជាអស្ចារ្យណាស់។ មានលក្ខខ័ណ្ឌមួយចំនួនដែលបង្កជារោគសញ្ញាពេញរាងកាយរបស់អ្នក ខ្លះចេញនៅលើស្បែក ខ្លះទៀតនៅក្នុងមាត់ និងខ្លះទៀតគឺនៅក្នុងក្រចកដៃ ប៉ុន្តែ ភ្នែកគឺជាចំណុចមួយដែលបង្ហាញអំពីបញ្ហាសុខភាពយ៉ាងច្បាស់លាស់មួយ។ លោកវេជ្ជបណ្ឌិត Charles P. Wilkinson គឺជាអ្នកឯកទេសផ្នែករ៉េទីន និងជាអ្នកនាំពាក្យរបស់វិទ្យាស្ថានចក្ខុសាស្ត្រនៃសហរដ្ឋអាមេរិកបានថ្លែងថា «ការពិនិត្យមើលភ្នែកគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ ព្រោះថាវាគឺជាកន្លែងតែមួយគត់ដែលអ្នកអាចមើលឃើញសរសៃឈាម និងសរសៃអុបទិកដែលវាគឺជាផ្នែកមួយនៃខួរក្បាល»។ ជាមួយនឹងការមើលឃើញដ៏ច្រើនវាមានលក្ខខ័ណ្ឌច្រើនជាង ៣០ត្រូវបានបង្ហាញពីរោគសញ្ញានៅក្នុងភ្នែក។ ដូច្នេះហើយបានជាអ្នកឯកទេសផ្នែកជំងឺភ្នែក និងអ្នកពិនិត្យភ្នែកគឺច្រើនតែជាអ្នកទីមួយដែលបានកត់សម្គាល់ពីបញ្ហាទាំងនោះ។ ខាងក្រោមនេះ គឺជាភាពមិនប្រក្រតីមួយចំនួនដែលបង្ហាញក្នុងភ្នែករបស់អ្នក ហើយពេលខ្លះវាមានន័យថាអ្នកកំពុងតែប្រឈមនឹងបញ្ហាធ្ងន់ធ្ងរមួយហើយ។ 1. ស្នាមក្រហមដែលបង្កដោយការហូរឈាមកនៅក្នុងភ្នែក វាអាចជាសញ្ញានៃជំងឺទឹកនោមផ្អែម៖ វាគឺជាជំងឺដ៏គួរឲ្យភ័យខ្លាចមួយដែល CDC បានព្យាករណ៍ទុកថាមាន ៤០%នៃប្រជាជនអាមេរិកនឹងកើតជំងឺនេះ។ ប្រសិនបើជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ពេកសរសៃឈាមចាប់ផ្ដើមស្ទះហើយហើម។ វាអាចបណ្ដាលឲ្យមានការបែកសរសៃឈាមតូចៗក្នុងស្រទាប់រ៉េទីន ហើយធ្វើឲ្យមានការហូរឈាម។ ប្រសិនបើគ្មានការព្យាបាលទេ វាអាចនាំឲ្យមានការខូចខាតនូវគំហើញឬពិការភ្នែកតែម្ដង។ 2. ភ្នែកឡើងក្រហមក៏អាចបណ្ដាលមកពីបញ្ហាដទៃទៀត ចាប់ពីការក្អកខ្លាំងរហូតដល់មានរោគសញ្ញាក្រហមភ្នែក ឬអាចមានការឆ្លងមេរោគផ្សិតជាដើម។ 3. រមាស់ ហើម ក្រហមភ្នែកគឺជារោគសញ្ញាទូទៅដែលជារឿយៗកើតមានលើអ្នកជំងឺអាឡែកហ្សី ហើយវាច្រើនតែបង្កឡើងដោយលំអងផ្កា ធូលី ឬរោមសត្វចិញ្ចឹម។ ថ្នាំដាក់ភ្នែកអាចជួយបាន ប្រសិនបើវាមានសារធាតុ Antihistamines ប៉ុន្តែមានថ្នាំដាក់ភ្នែកមួយចំនួនធ្វើឲ្យភ្នែកស្ងួត ដែលអាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។  4. ភ្នែកស្ងួត គឺជាផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់កុំព្យូទ័រ និងថ្នាំមួយចំនួនដូចជា ថ្នាំងងុយដេក ថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំប្រឆាំងជំងឺថប់បារម្ភជាដើម។ ជំងឺដែលបង្កឡើងដោយប្រព័ន្ធភាពស៊ាំក៏អាចបង្កឲ្យមានអាការៈស្ងួតភ្នែកនេះដែរ ជាពិសេសនោះគឺ Sjögren's syndrome ដែលវាទៅបំផ្លាញក្រពេញបញ្ចេញជាតិសំណើម ហើយវាច្រើនកើតលើស្រ្តីដែលមានវ័យចំណាស់។ 5. មនុស្សភាគច្រើនបាត់បង់សមត្ថភាពក្នុងការមើលអ្វីដែលជិតៗ នៅពេលដែលពួកគេចាស់ទៅដូចជាការមើលមីនុយអាហារនៅក្នុងភោជនីយដ្ឋានជាដើម ប៉ុន្តែការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្ត (Antidepressant) ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន (Antihistamines­) និងថ្នាំបញ្ចុះទឹកនោម (Diuretics) អាចបង្កឲ្យមានលក្ខខ័ណ្ឌដែលគេហៅថា ការម៉្ញូបជិត (Presbyopia)។   6. ការមើលឃើញមិនច្បាស់អាចបណ្ដាលមកពីបញ្ហាជាច្រើន ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺលើសសម្ពាធឈាមរួចមកហើយនោះ វាអាចជាសញ្ញាមួយដែលប្រាប់ឲ្យអ្នកទៅជួបគ្រូពេទ្យជាបន្ទាន់។ នៅពេលដែលគំហើញរបស់អ្នកប្រែជាស្រអាប់មិនច្បាស់ដោយសារតែផលប៉ះពាល់នៃការលើសសម្ពាធឈាម អ្នកត្រូវតែទទួលយកការព្យាបាលជាបន្ទាន់ ព្រោះថាអ្នកអាចប្រឈមនឹងការពិការភ្នែក និងបញ្ហាសុខភាពជាច្រើនទៀត។ 7. ការមើលឃើញចំណុច ឬពន្លឺភ្លាមៗអាចជាសញ្ញានៃការរហែកស្រទាប់រ៉េទីន។ អ្នកខ្លះធ្លាប់មានបទពិសោធន៍នឹងរោគសញ្ញាទាំងនេះដោយរួម​ជាមួយការឈឺក្បាលខ្លាំង ឬនៅពេលដែលពួកគេមានវ័យចាស់ទៅ។ ប៉ុន្តែការកើនឡើងនៃទំហំ និងចំនួននៃចំណុច ឬពន្លឺដែលអ្នកបានឃើញ គឺបង្កដោយការរហែកស្រទាប់រ៉េទីន ហើយអ្នកជំងឺប្រភេទត្រូវទទួលការព្យាបាលជាបន្ទាន់។ បើក្នុងករណីដែលមើលទៅឃើញពន្លឺហើយមានស្រមោលឬបាត់បង់គំហើញនៅខាងៗនោះ វាអាចបញ្ជាក់់ថាអ្នកមានដាច់ស្រទាប់រ៉េទីនហើយ។ 8. គ្រូពេទ្យខាងភ្នែកអាចជាអ្នកទីមួយដែលរកឃើញជំងឺមហារីកមួយចំនួន។ គ្រូពេទ្យភ្នែកអាចពិនិត្យរកមើលជំងឺមហារីកស្បែកប្រភេទ Melanoma ដែលជាប្រភេទមហារីកស្បែកដ៏កម្រមួយ ប៉ុន្តែជាធម្មតាយើងមិនអាចរកឃើញដោយការមើលកញ្ចក់ទេ។ លោកវេជ្ជបណ្ឌិត Wilkinson បាននិយាយថា ប្រសិនបើការបង្កដោយមូលហេតុផ្សេងទៀត ដែលមាននាំឲ្យសម្ពាធ ឬការឈឺចាប់នៅក្នុងភ្នែកគឺត្រូវបានទាត់ចោលនោះ គ្រូពេទ្យភ្នែកនឹងធ្វើការពិនិត្យស្វែងរកមើលថាតើវាអាចបណ្ដាលមកពីដុំសាច់ខួរក្បាល ឬយ៉ាងណា។ 9. កូលេស្តេរ៉ូលខ្ពស់អាចបង្កឲ្យមានរង្វង់ពណ៌សវិវឌ្ឍជុំវិញភ្នែក និងអាចនាំឲ្យមានដុំពកពណ៌លឿងលេចឡើងនៅលើត្របកភ្នែក។ អ្នកជំងឺដែលមានវ័យចំណាស់ក៏អាចមានការវិវឌ្ឍរង្វង់ពណ៌សស្រដៀងគ្នានេះដែរ ប៉ុន្តែក្នុងករណីខ្លះ វាអាចជាសញ្ញាដែលបញ្ជាក់ថាអ្នកគួរតែទៅឲ្យគ្រូពេទ្យពិនិត្យមើលបរិមាណកូលេស្តេរ៉ូលរបស់អ្នក។   លោក McGrann បាននិយាយថា ជំងឺមួយចំនួនធំបានឲ្យជារោគសញ្ញានៅក្នុងភ្នែក ដូច្នេះការទៅពិនិត្យមើលភ្នែកជារៀងរាល់ឆ្នាំ គឺមានសារៈសំខាន់ណាស់ ហើយវាចាំបាច់ណាស់សម្រាប់អ្នកដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top