
- Jul 05, 2017 |
- 8 years ago |
- 3.8K views
បកស្រាយការពិតពីរបបអាហារដែលភាគច្រើនត្រូវបានយល់ច្រឡំ
ការទទួលទានអាហារដែលមានសុខភាពល្អគឺជាការលំបាកណាស់ ដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលមនុស្សជាច្រើនបានសាកល្បងផ្លូវកាត់មួយ ឬពីរដោយសង្ឃឹមថាពួកគេអាចទទួលបានលទ្ធផលឆាប់រហ័ស។ ប៉ុន្ដែការទទួលអាហារបំប៉នមួយចំនួនដើម្បីប៉ះប៉ូវបន្ថែមនោះ មិនមែនសុទ្ធតែមានប្រយោជន៍ទេ ហើយមួយចំនួនតូចក៏អាចមានគ្រោះថ្នាក់ផងដែរ។ ខណៈនេះ គេហទំព័រសុខភាព ហេលស៍ថាម សូមនាំអារម្មណ៍អ្នកមកក្រឡេកទៅមើលជំនឿដែលទាក់ទងនឹងអាថ៌កំបាំងនៃអាហារ និងអាហារូបត្ថម្ភមួយចំនួនដោយមានការបកស្រាយអមជាមួយនឹងវិទ្យាសាស្រ្តផងដែរ។ ជំនឿ៖ អ្នកគួរតែមានរបបអាហារដែលថេរ ការពិត៖ វាជាការប្រសើរណាស់ក្នុងការបំភ្លេចនូវការទទួលទានអាហារដែលមានសុខភាពល្អយូរៗម្ដង នេះបើតាមការបកស្រាយរបស់លោក Nichola Whitehead ជាអ្នកជំនាញខាងចំណីអាហារដែលបានទទួលការហ្វឹកហាត់នៅចក្រភពអង់គ្លេសបានប្រាប់ថា“វាគឺជាការប្រសើរក្នុងការទទួលទានច្រើនហួសកម្រិតម្ដងម្កាល។ ការទទួលទានហួសកម្រិតជារៀងរាល់ថ្ងៃនោះទេ ដែលធ្វើឱ្យកើនទម្ងន់នោះ”។ លោកបាននិយាយថាប្រសិនបើអ្នកបានប្តូរពីរបបអាហារដែលសម្បូរទៅដោយសាច់ក្រហម និងកាបូអ៊ីដ្រាតដែលបានកែច្នៃមកទទួលទានភាគច្រើនជាបន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់ នោះអ្នកបានសម្រេចការងារបានមួយចំនួនធំរួចទៅហើយ។ ជំនឿ៖ ការរាប់កាឡួរី គឺជាវិធីដ៏ល្អបំផុតក្នុងការសម្រកទម្ងន់ ការពិត៖ ទោះបីជាការគណនាកាឡូរីអាចជាវិធីមួយដ៏មានប្រយោជន៍សម្រាប់ការសម្រកទម្ងន់ក៏ដោយក៏វាមិនមែនជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់ការទទួលទាននូវអាហារដែលផ្ដល់សុខភាពនោះទេ ជាពិសេសនោះ គឺនៅពេលដែលវាត្រូវបានប្រើដាច់ដោយឡែកពីគេ។ ការដាក់កំហិតទៅលើការទទួលទានកាឡូរីមិនត្រូវបានយកចិត្តទុកដាក់ទៅគ្រប់ទិដ្ឋភាពទាំងអស់នៃអាហារដែលជាតម្រូវការនៃរាងកាយអ្នកទេ ការទទួលទានអាហារគឺទាមទារឲ្យមានចាប់ពីប្រូតេអ៊ីន និងកាបូអ៊ីដ្រាតរហូតដល់វីតាមីន និងសារធាតុរ៉ែ។ ថ្វីត្បិតតែកាឡួរី គឺមានសារៈសំខាន់ក្នុងការសម្រក រក្សា ឬការឡើងទម្ងន់ក៏ដោយ ប៉ុន្តែពួកវាមិនមែនជាវិធីតែមួយគត់ដែលយើងគួរតែផ្ដោតសំខាន់លើទេ នៅពេលដែលយើងចង់ឲ្យសុខភាពយើងកាន់តែប្រសើរ។ ជំនឿ៖ ការទទួលទានអាហារដែលមានខ្លាញ់ទាបនឹងធ្វើឲ្យអ្នកបាត់បង់ជាតិខ្លាញ់ក្នុងខ្លួន ការពិត៖ ការទទួលទានរបបអាហារដែលមានជាតិខ្លាញ់ទាបមិនមែនមានន័យថាការបាត់បង់ទម្ងន់ទេ។ នៅក្នុងការសិក្សាស្រាវជ្រាវរយៈពេល ៨ឆ្នាំដែលមានការចូលរួមពីស្ត្រីចំនួន ៥០.០០០នាក់ហើយប្រហែលជាពាក់កណ្ដាលនៃអ្នកចូលរួមទាំងអស់ទទួលទានអាហារ ដែលមានជាតិខ្លាញ់ទាប ខណៈពេលដែលអ្នកដទៃទៀតបរិភោគធម្មតា។ អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលទទួលទានអាហារដែលមានជាតិខ្លាញ់ទាបមិនបានបន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់ មហារីកពោះវៀនធំ ឬជំងឺបេះដូងនោះទេ។ ហើយពួកគេក៏មិនបានស្រកទម្ងន់ច្រើនដែរ។ ការណែនាំថ្មីមួយបានបង្ហាញថាខ្លាញ់ល្អដែលបានមកពីសណ្ដែក ត្រី និងផ្លែប័រគឺសុទ្ធតែល្អសម្រាប់សុខភាពអ្នក។ ដូច្នេះអ្នកគួរតែបន្ថែមវាចូលទៅក្នុងរបបអាហាររបស់អ្នកប្រសិនបើអ្នកមិនទាន់មានពួកវា។ ជំនឿ៖ ការលាងសំអាត និងការបន្សាបជាតិពុល គឺជាវិធីដ៏ល្អមួយក្នុងការចាប់ផ្ដើមរបបអាហារមួយ។ ការពិត៖ គ្មាននរណាម្នាក់ត្រូវការការបន្សាបជាតិពុលទេ។ លុះត្រាតែអ្នកពុលចំណីអាហារ រាងកាយអ្នកមានបំពាក់ជាមួយនឹងប្រព័ន្ធដ៏មានប្រសិទ្ធភាពមួយសម្រាប់លាងសម្អាតច្រោះយកសារធាតុពុលដែលអ្នកបានទទួលទាននោះចេញ។ វាត្រូវបានបង្កើតឡើងដោយសរីរាង្គពីរគឺ ថ្លើម និងតម្រងនោម។ តម្រងនោមរបស់យើងច្រោះឈាម និងនាំយកកាកសំណល់ពីអាហាររបស់យើង រីឯថ្លើមរបស់យើងវិញមាននាទីដំណើរការថ្នាំ និងបន្សាបសារធាតុពុលផ្សេងៗ ដែលយើងបានទទួលទាន។ សរីរាង្គទាំងពីរនេះរួមគ្នាគឺអាចធ្វើឲ្យរាងកាយយើងស្អាតតាមបែបធម្មជាតិ។ ជំនឿ៖ ការបន្ថែមអាហារបំប៉នទៅក្នុងផែនការសម្រកទម្ងន់របស់អ្នក គឺជាគំនិតល្អ ការពិត៖ ការសិក្សាស្រាវជ្រាវជាច្រើនបានបរាជ័យក្នុងការស្វែងរកភស្តុតាងដែលបញ្ជាក់ថាអាហារបំប៉នមានប្រយោជន៍ច្រើនចំពោះសុខភាព។ ផ្ទុយទៅវិញ ពួកវាខ្លះអាចផ្ដល់ផលអាក្រក់ចំពោះសុខភាព។ យោងតាមលោកសាស្ត្រាចារ្យ S. Bryn Austin ដែលលោកជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Harvard Medical School បានថ្លែងនៅក្នុងកិច្ចពិភាក្សាមួយដែលរៀបចំដោយសាលាសុខភាពសាធារណៈរបស់សាកលវិទ្យាល័យ Harvard T. H. Chan ថា “ប្រភេទអាហារបំប៉នដែលមានគ្រោះថ្នាក់បំផុតនោះគឺពពួកថ្នាំដែលមានទាក់ទងទៅនឹងការសម្រកទម្ងន់ ការលូតលាស់សាច់ដុំ និងថ្នាំពង្រឹងសមត្ថភាពផ្លូវភេទ”។ ជំនឿ៖ របបអាហារដែលល្អសម្រាប់មនុស្សម្នាក់គួរតែល្អសម្រាប់អ្នកគ្រប់គ្នាដែរ ការពិត៖ ពុំមានរាងកាយពីរដែលដូចគ្នាទេ ដូច្នេះវាក៏មិនមានរបបអាហារណាមួយដែលល្អបំផុតដែរ។ អ្វីៗគ្រប់យ៉ាងចាប់តាំងពីហ្សែនរបស់បុគ្គលម្នាក់ៗរហូតដល់ចំណង់ចំណូលចិត្តនៃរសជាតិរបស់ពួកគេ ហើយសូម្បីតែកាលវិភាគរបស់ពួកគេក៏អាចជះឥទ្ធិពលដល់ប្រភេទនៃផែនការទទួលទានអាហារសុខភាពដែលល្អសម្រាប់់ពួកគេដែរ។ ការសិក្សាបានបង្ហាញថាកត្តាសំខាន់បំផុតដែលត្រូវស្វែងរកក្នុងការទទួលទានអាហារដែលមានសុខភាពល្អ គឺជាទម្លាប់មួយដែលអ្នកអាចធ្វើបានជាប់លាប់។ វាមានន័យថា គឺជាការព្យាយាមសាកល្បងជម្រើសផ្សេងៗគ្នាមួយចំនួនរហូតដល់អ្នកអាចរកឃើញជម្រើសមួយដែលអ្នកចូលចិត្តហើយអ្នកអាចរក្សានូវទម្លាប់នោះបាន។ ជំនឿ៖ ផ្នែកសៗនៃស៊ុត គឺផ្ដល់នូវសុខភាពល្អជាងស៊ុតទាំងមូល ការពិត៖ មានអ្នកខ្លះហាក់ដូចជាព្យាយាមមិនទទួលទានស៊ុតទាំងមូល ដោយសារតែស៊ុតមានផ្ទុកកូលេស្តេរ៉ូលខ្ពស់ ប៉ុន្តែការសិក្សានាពេលថ្មីៗនេះបានបង្ហាញថា កូលេស្តេរ៉ូលដែលបានមកពីអាហាររបស់យើងមិនសូវមានឥទ្ធិពលទៅលើកម្រិតកូលេស្តេរ៉ូលក្នុងឈាមរបស់យើងទេ។ ការស្រាវជ្រាវចាស់ៗជាច្រើន ដែលបង្ហាញថាការទទួលទានកូលេស្តេរ៉ូល គឺមិនល្អសម្រាប់សុខភាពទេប៉ុន្ដែការពិសោធន៍នោះត្រូវបានតេស្តលើទន្សាយដែលជាសត្វមួយដែលមិនស៊ីសាច់ជាអាហារ។ ជំនឿ៖ ទឹកផ្លែឈើ គឺល្អហើយអាចជំនួសឲ្យអាហារបាន ការពិត៖ ខណៈពេលដែលទឹកផ្លែឈើមានផ្ទុកនូវវីតាមីនមួយចំនួន និងក្នុងករណីខ្លះវាមានផ្ទុកប្រូតេអ៊ីនបន្តិចបន្តួចប៉ុន្តែការស្រាវជ្រាវបានបង្ហាញថាវិធីដ៏ល្អបំផុតក្នុងការទទួលបាននូវសារធាតុចិញ្ចឹមទាំងនោះគឺតាមរយៈការទទួលទានរបបអាហារដែលមានតុល្យភាពមួយដែលមានបញ្ចូលទាំងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ សំខាន់ជាងនេះទៅទៀត ទឹកផ្លែឈើបានយកជាតិសរសៃចេញដែលវាគឺជាធាតុផ្សំដ៏សំខាន់ដែលធ្វើឲ្យអ្នកមានអារម្មណ៏ថាឆ្អែតដល់អាហារបន្ទាប់។ នេះគឺជាមូលហេតុមួយដែលកាឡួរីដែលបានពីភេសជ្ជៈផ្អែមៗត្រូវបានចាត់ទុកថា “គ្មានកាឡូរី” ព្រោះថាពួកវាបានបង្កើនកម្រិតភាពឃ្លាននិងធ្វើឲ្យអារម្មណ៍ប្រែប្រួលហើយធ្វើឲ្យអ្នកមានកម្រិតថាមពលទាប។ ជំនឿ៖ អ្នកគួរតែចៀសវាងការទទួលទាន Monosodium Glutamate (MSG ឬប៊ីចេង) ការពិត៖ ប៊ីចេង គឺជាគ្រឿងផ្សំមួយដែលត្រូវបានបន្ថែមទៅក្នុងអាហារដើម្បីបង្កើនរសជាតិរបស់អាហារហើយវាពិតជាមានសុវត្ថិភាពក្នុងការទទួលទាន។ ជារឿយៗ MSG ត្រូវបានផ្សារភ្ជាប់ជាមួយនឹងរោគសញ្ញាមួយចំនួនដូចជា ការស្ពឹកនៅកញ្ចឹងក និងមានអារម្មណ៍ថាអស់កម្លាំង។ ការទទួលទានច្រើនពេកដោយមិនគិតពីបរិមាណនៃសារធាតុ MSG គឺជាកំហុសមួយ។ ជំនឿ៖ ការចំអិនអាហារក្នុងម៉ាស៊ីនអាំងសាច់ Microwave អាចបំផ្លាញសារធាតុចិញ្ចឹមរបស់អាហារ ការពិត៖ ការចំអិនអាហារក្នុងម៉ាស៊ីនអាំងសាច់គឺមិនបានធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមរបស់អាហារទេ។ Microwave ចំអិនអាហារដោយប្រើរលកថាមពលដែលធ្វើឲ្យម៉ូលេគុលក្នុងសាច់ញ័រយ៉ាងលឿន ហើយបង្កើនថាមពលទៅជាកម្ដៅ។ សារធាតុចិញ្ចឹមមួយចំនួនចាប់ផ្ដើមបែកចេញពីគ្នានៅពេលត្រូវកម្ដៅ មិនថាចំអិនក្នុងចង្ក្រាន ឡ ឬម៉ាស៊ីនអាំងសាច់ក៏ដោយ។ ប៉ុន្តែដោយសារតែការចំអិនអាហារនឹង Microwave ចំណាយពេលតិចជាងការចំអិនអាហារក្នុងឡ នោះការចំអិនអាហារក្នុង Microwave អាចរក្សាបរិមាណនៃវីតាមីនបានច្រើនដដែល។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share