
- Jan 27, 2017 |
- 8 years ago |
- 2.7K views
ធ្វើដំណើរកម្សាន្តតាមអយស្ម័យយានកម្ពុជា
ធ្លាប់ធ្វើដំណើរតាមរថភ្លើងហើយឬនៅ? ហើយចង់សាកល្បងទេ? វាប្រហែលមិនមែនជារឿងថ្មីស្រឡាងនោះទេសម្រាប់មិត្តៗអ្នកអានមួយចំនួន ប៉ុន្តែវាអាចនឹងរឿងថ្មីសម្រាប់អ្នកដែលមិនធ្លាប់ធ្វើដំណើរតាមរថភ្លើង។ នៅពេលដែលមានគម្រោងធ្វើដំណើរកម្សាន្តម្តងៗ គឺមានរឿងជាច្រើនដែលត្រូវរៀបចំ ប៉ុន្តែអ្វីដែលសំខាន់ គឺមធ្យោបាយធ្វើដំណើរ។ យើងប្រាកដជាគិតថាតើគួរទៅកាន់ទីកន្លែងនោះដោយរបៀបណា? ប្រើយានជំនិះផ្ទាល់ខ្លួន ឬក៏ជួលរថយន្ត? បើមានយានជំនិះផ្ទាល់ខ្លួន តើអ្នកណាជាអ្នកបើក? និងចំណុចដទៃទៀត... ហេតុអ្វីមិនសាកធ្វើដំណើរតាមរថភ្លើងរបស់ក្រុមហ៊ុន រ៉ូយាល់រ៉េលវ៉េ (Royal Railway) ជាក្រុមហ៊ុនស្ថានីយរថភ្លើងដែលទើបនឹងដាក់ឲ្យដំណើរការ មានទីតាំងគោលដៅតែមួយខ្សែប៉ុណ្ណោះ គឺចេញពីភ្នំពេញទៅកាន់៣ទីតាំងរួមមាន ខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ? ហេតុអ្វីគួរធ្វើដំណើរតាមរថភ្លើង? អ្វីដែលសំខាន់ គឺអារម្មណ៍ប្លែកម្យ៉ាងតាមរយៈការមើលឃើញទេសភាពស្អាតៗទាក់ភ្នែក និងរំសាយអារម្មណ៍ជាច្រើនតាមដងផ្លូវរថភ្លើង។ ម្យ៉ាងទៀត ជំនួសឲ្យការធ្វើដំណើរតាមផ្លូវជាតិ រថភ្លើងនឹងធ្វើចរយាត្រានៅលើផ្លូវដែក ដែលប្រាកដណាស់ គឺមានលក្ខណៈខុសគ្នាពីផ្លូវធម្មតា។ រឹតតែពិសេសទៀតនោះ គឺ ផាសុកភាពផ្លូវចិត្តដោយមិនចាំបាច់បារម្ភពីការកកស្ទះចរាចរណ៍ ឬហេតុការណ៍ណាមួយនោះឡើយ។ មិត្តអ្នកអាន និងមិត្តរួមដំណើរជាក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិ ជាពិសេសអ្នកដែលធ្លាប់មានតួនាទីជាតៃកុង អាចយកពេលវេលាធ្វើអ្វីផ្សេង និងសម្រាកតាមដង ផ្លូវបានយ៉ាងរីករាយ ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចយកយានជំនិះរបស់អ្នកទៅជាមួយ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយពេលដែលដល់គោលដៅ ក៏មិនចាំបាច់បារម្ភអំពីការគ្មានមធ្យោបាយធ្វើដំណើរនោះដែរ។ មានគ្រឿងបរិក្ខារអ្វីខ្លះដែរ? មិនចាំបាច់ខ្លាចថា ជិះចូលព្រៃហើយគ្មានសេវាអីុនធើណែតសម្រាប់ប្រើប្រាស់នោះឡើយ ព្រោះថានៅលើរថភ្លើងមានភ្ជាប់ប្រព័ន្ធWifi។ ជាមួយគ្នានេះដែរ ក៏មានប្រព័ន្ធអគ្គិសនីដែលអាចប្រើប្រាស់បានតាមតម្រូវការ។ លើសពីនេះទៅទៀត ភេសជ្ជៈក៏មានផងដែរនៅលើរថភ្លើងនោះតែម្តង ដែលបង្កភាពងាយស្រួលដល់អ្នកដំណើរ។ រយៈពេល សេវាកម្ម និងតម្លៃ គិតយ៉ាងដូចម្តេចវិញ? ការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តតាកែវមានរយៈពេល១ម៉ោងកន្លះ តម្លៃ៤ដុល្លារ រីឯទៅកាន់ខេត្តកំពត មានរយៈពេល ៤ម៉ោងកន្លះ តម្លៃ៦ដុល្លារ និងទៅកាន់ខេត្តព្រះសីហនុមានរយៈពេល៧ម៉ោង តម្លៃ៧ដុល្លារ។ ចំពោះតម្លៃផ្ញើយានជំនិះវិញ គឺ១៤ដុល្លារសម្រាប់រថយន្ត ៥ដុល្លារសម្រាប់ម៉ូតូ និង ២ដុល្លារសម្រាប់កង់។ គួរបញ្ជាក់ផងដែរថា ថ្ងៃដែលចេញដំណើរ គឺមានតែថ្ងៃសុក្រ សៅរ៍ និង ថ្ងៃអាទិត្យប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅក្នុងគេហទំព័រ www.trrcambodia.com ឬ ទូរស័ព្ទលេខ 078 888 582 និងអាសយដ្ឋាននៅលើមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ។
Share