- Feb 01, 2017 |
- 8 years ago |
- 6.1K views
ទាក់ទាញCrush តាមក្រសែភ្នែក
ការតាមទាក់ទងមនុស្សដែលយើងលួចស្រឡាញ់ដោយចំហ ជាការលំបាកសម្រាប់មនុស្សទូទៅ ជាពិសេសចំពោះមនុស្សដែលអៀនច្រើន ប៉ុន្តែមិនមែនមានន័យថា អ្នកមិនត្រូវធ្វើអ្វីសោះ ហើយរង់ចាំគេមកចាប់អារម្មណ៍នោះទេ។ មានវិធីសាស្ត្រខ្លះដែលគួរសាកល្បង ដើម្បីកុំឲ្យស្តាយនៅពេលក្រោយ។ ការប្រើក្រសែភ្នែកជាវិធីមួយដែលអាចជួយលាក់លៀមសកម្មភាពខ្លះៗពីមហាជន តែអាចបង្ហាញចំពោះបុគ្គលម្នាក់ផ្ទាល់ ហើយវាក៏ជាវិធីសាស្រ្តមួយដែលល្អបំផុតសម្រាប់អ្នកដែលខ្វះភាពក្លាហានក្នុងការបង្ហាញក្តីស្រឡាញ់ចំពោះគេដោយបើកចំហ។ ប៉ុន្តែការប្រើប្រាស់ក្រសែភ្នែកបែបណាទើបមានប្រសិទ្ធភាព? ការចាប់ផ្តើមដំបូងនៃការប្រើក្រសែភ្នែក ចំពោះមនុស្សដែលអៀនប្រៀន ជាទូទៅមានការពិបាកក្នុងការសម្លឹងមើលភ្នែករបស់មនុស្សម្នាក់ដែលគេស្រឡាញ់ និងមនុស្សទូទៅចំភ្នែក។ ហេតុដូច្នេះជំហានដំបូង គឺការហ្វឹកហាត់សម្លឹងមើលភ្នែកអ្នកដទៃចំៗជាមុនសិន។ ការប្រើក្រសែភ្នែកបែបទាក់ទាញ ការបង្កើតក្រសែភ្នែក ដើម្បីទាក់ទាញអ្នកដទៃពិតជាសំខាន់។ ប្រសិនបើការប្រើប្រាស់មិនបានល្អ នោះអ្នកអាចធ្វើឲ្យគេ និងអ្នកដទៃមានអារម្មណ៍ភ័យខ្លាចទៅវិញ។ ដូច្នេះ អ្នកត្រូវប្រាកដថាភ្នែករបស់អ្នកមានសុខភាពល្អគ្រប់គ្រាន់ក្នុងការផ្តល់នូវពន្លឺស្រទន់ ជាមួយនឹងក្រសែភ្នែកដែលមានភាពកក់ក្តៅ រួសរាយ និងកុំភ្លេចបូកផ្សំនឹងស្នាមញញឹមចេញពីចិត្តដែលបង្ហាញតាមរយៈមាត់ក៏ ដូចជាភ្នែកទាំងគូរបស់អ្នកផងដែរ។ តាមរយៈខ្សែភ្នែកអាចដឹងថាCrushក៏ពេញចិត្តនឹងយើងដែរ? ប្រសិនបើអ្នកសម្លឹងមើលមនុស្សម្នាក់លើសពី១ ឬ២វិនាទី គេក៏ក្រលេកមើលមកអ្នកវិញនោះ នេះជាសញ្ញាវិជ្ជមានមួយបញ្ជាក់ថាគេក៏ចាប់អារម្មណ៍អ្នកវិញដែរ។ នៅពេលអ្នកអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សម្នាក់នោះបានហើយ អ្នកគួរតែចាប់ផ្តើមធ្វើសកម្មភាព ដូចជាចាប់ផ្តើមការសន្ទនាពីរឿងកំប្លែងៗ ឬក៏ញាក់មុខមាត់តិចៗ ដើម្បីធ្វើឲ្យគេសើច នោះគេនឹងចាប់អារម្មណ៍លើអ្នកជាងអ្នកដទៃ។ ប្រសិនបើអ្នកនៅតែមិនមានអ្វីបញ្ជាក់ គេប្រាកដជាគិតថាអ្នកមិនមានអារម្មណ៍ចំពោះខ្លួនឡើយ ឬក៏អាចគិតថាអ្នកមិនមានទំនុកចិត្តលើខ្លួនឯង។ វិធីសាស្ត្របង្កើនក្រសែភ្នែកប្រកបដោយជំនឿចិត្ត ដើម្បីចៀសវាងការប្រើក្រសែភ្នែកដែលអាចធ្វើឲ្យភាគីម្ខាងទៀតភ័យខ្លាច អ្នកអាចព្យាយាមអនុវត្តនូវក្រសែភ្នែកដែលទាក់ទាញ រួសរាយរាក់ទាក់ និងមានជំនឿចិត្តលើខ្លួនឯង។ ខាងក្រោមនេះជាវិធីសាស្រ្តខ្លះៗដែលអាចជួយអ្នកបាន៖ • នៅតាមដងផ្លូវ ពេលអ្នកធ្វើដំណើរហួសអ្នកថ្មើរជើងផ្សេងទៀត អ្នកអាចព្យាយាមងាកទៅមើលគេ រួចកត់សម្គាល់ពីពណ៌ភ្នែករបស់គេ។ • អនុវត្តការសម្លឹងមើលភ្នែកចំៗ ទៅកាន់អ្នកគិតលុយ អ្នកបម្រើការតាមភោជនីយដ្ឋាននានា និងអ្នកលក់ ដោយសារពួកគាត់មិនមានជាបញ្ហាអ្វីនៅពេលយើងសម្លឹងមើលឡើយ។ ប្រហែលជាធ្លាប់បានលឺហើយថា «សម្លឹងមុខមិនស្គាល់ចិត្ត តែបើសម្លឹងភ្នែកស្គាល់ដល់បេះដូង»... ជឿ ឬមិនជឿក៏ស្រេចតែលើអ្នក...ប៉ុន្តែត្រូវចងចាំផងដែរថា «អ្នកអាចបិទបាំងអារម្មណ៍ក្នុងចិត្តបានដោយប្តូរទឹកមុខ តែមិនអាចលាក់បាំងនឹងកែវភ្នែកនោះទេ»។ មិនថាcrushជាមនុស្សប្រភេទណានោះទេ សំខាន់ យើងមានតិចនិកក្នុងការផ្តល់ជាសញ្ញាខ្លះដល់គេ ហើយវិធីងាយៗហ្វ្រីៗដែលងាយនឹងអនុវត្តបាននោះ គឺប្រើប្រាស់ក្រសែភ្នែកហ្នឹងហើយ...
Share
