- Dec 17, 2019 |
- 5 years ago |
- 3.3K views
មូលហេតុសំខាន់ៗដែលគួរឲ្យកុមារជិះកង់ពេលទំនេរ
ជាទូទៅយើងបានដឹងហើយថាការជិះកង់ជាលំហាត់ប្រាណដ៏ល្អ និងជាការកម្សាន្តសម្រាប់រាងកាយក៏ដូចជា ផ្លូវចិត្តផងដែរ ប៉ុន្តែក្រៅពីនេះការជិះកង់ក៏ផ្តល់នូវអត្ថប្រយោជន៍ដទៃទៀត ដែលជាហេតុផលឪពុកម្តាយគួរបង្រៀនកុមារឲ្យចាប់ផ្តើមរៀនជិះកង់នៅពេលទំនេរ។ ផ្តល់សកម្មភាពកម្សាន្តងាយៗ ការជិះកង់ជាប្រភេទនៃការកម្សាន្តមួយបែបអាចចាត់ទុកថាមានលក្ខណៈងាយស្រួល មិនស្មុគស្មាញ និងមិនមែនជាប្រភេទល្បែងកម្សាន្តបែបផ្សងព្រេងគ្រោះថ្នាក់ឡើយ។ កុមារអាចចំណាយពេលវេលារបស់ពួកគេជិះកង់នៅផ្ទះ សួនសាធារណៈ ឬនៅទីកន្លែងសុវត្ថិភាពផ្សេងៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់គេដោយពុំមានការព្រួយបារម្ភច្រើន។ ការប្រើប្រាស់កង់ជាឧបករណ៍កម្សាន្តដែលមានបំពាក់ឧបករណ៍ការពារត្រឹមត្រូវនឹងមិនបង្កឲ្យប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ប៉ុន្តែវាបែរជាផ្តល់នូវជំនាញមួយប្រភេទ ក៏ដូចជាបង្កើតចំណង់ចំណូលចិត្តសម្រាប់កូនៗ។ នៅពេលនោះកូនៗលោកអ្នកនឹងមានអារម្មណ៍ថាមានសេរីភាព ឯករាជ្យភាព ចាប់ផ្តើមមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង។ អភិវឌ្ឍន៍ផ្នែករូបរាងកាយ ជាទូទៅកុមារគួរតែមានសកម្មភាពធ្វើលំហាត់ប្រាណរាងកាយឲ្យបានទៀងទាត់ យ៉ាងហោចណាស់ ១ម៉ោងក្នុងមួយថ្ងៃដើម្បីទទួលបានសុខភាពល្អ។ មិនតែប៉ុណ្ណោះ លំហាត់ប្រាណតាមរយៈការជិះកង់អាចជួយដល់ការលូតលាស់ឆ្អឹង សន្លាក់ និងធ្វើឲ្យប្រព័ន្ធភាពស៊ាំនៃរាងកាយដំណើរការបានល្អក៏ដូចជាសម្រួលប្រព័ន្ធរបត់ឈាម ប្រព័ន្ធដង្ហើម បេះដូង និងសាច់ដុំរបស់កុមារដែលកំពុងស្ថិតក្នុងវ័យលូតលាស់។ លោកអ្នកគួរលើកទឹកចិត្តពួកគេតាមរយៈការណែនាំ និងបង្រៀនជិះកង់ចាប់តាំងពីវ័យកុមារទៅ ដើម្បីធានាដល់ការលូតលាស់រូបរាងកាយបានល្អ។ អភិវឌ្ឍន៍ផ្នែកបញ្ញាស្មារតី ការជិះកង់មិនត្រឹមតែជួយដល់សុខភាពរាងកាយប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវអត្ថប្រយោជន៍ដល់ការអភិវឌ្ឍផ្នែកខួរក្បាល និងបញ្ញាស្មារតីទៀតផង។ យោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់ប្រទេសដាណឺម៉ាកក្នុងឆ្នាំ ២០១២ តាមរយៈការពិសោធន៍លើកុមារចំនួន ២០.០០០ នាក់ មានអាយុចន្លោះពី ៥ឆ្នាំ ដល់១៩ឆ្នាំបានបង្ហាញថាកុមារដែលជិះកង់ទៅរៀនមានអត្រានៃការផ្ចង់អារម្មណ៍ខ្ពស់ ហើយបំពេញកិច្ចការបានល្អបើប្រៀបធៀបនឹងកុមារដែលមិនបានធ្វើដំណើរទៅសាលារៀនដោយខ្លួនឯង។ មិនតែប៉ុណ្ណោះ វាថែមទាំងជាឱកាសល្អសម្រាប់ពួកគេអាចស្វែងយល់ និងចាប់ផ្តើមសម្របខ្លួនជាមួយសង្គមមជ្ឈដ្ឋានខាងក្រៅ និងបង្កើតទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន។ ផលប្រយោជន៍សម្រាប់បរិស្ថាន និងសង្គម ការជិះកង់បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការការពារបរិស្ថាន ដោយសារវាបានកាត់បន្ថយនូវការបញ្ចេញឧស្ម័នពុលពីយានយន្ត។ ការកាត់បន្ថយការបំពុលបរិស្ថានមានន័យថាធ្វើឲ្យសហគមន៍និងទីកន្លែងរស់នៅប្រកបដោយផាសុកភាពដល់មនុស្សគ្រប់រូប រួមទាំងគ្រួសារនិងកូនៗរបស់លោកអ្នកផងដែរ។ លើសពីនេះទៅទៀត វាបានចូលរួមចំណែកកាត់បន្ថយការចំណាយលើប្រេងឥន្ទនៈ បញ្ហាចរាចរណ៍ បញ្ហាចំណត ជាដើម។ ជាក់ស្ដែងសកម្មភាពជិះកង់របស់កុមារមានចំណុចវិជ្ជមានជាច្រើន ដែលមិនត្រឹមតែផ្តល់ជាការកម្សាន្ត តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍ដ៏មានសារសំខាន់សម្រាប់ការលូតលាស់របស់កុមារ។ ឪពុកម្តាយគួរតែលើកទឹកចិត្តបង្រៀនកូនឲ្យជិះកង់នៅពេលទំនេរដោយលោកអ្នកអាចចាប់ផ្តើមរៀបចំបរិយាកាសទីតាំងអំណោយផលដែលផ្តល់សុវត្ថិភាពសម្រាប់កូនៗ ដូចជាណែនាំពួកគេឲ្យប្រើប្រាស់សម្លៀកបំពាក់សម្រាប់ជិះកង់ មួកសុវត្ថិភាពឧបករណ៍ការពារដៃ ជើង និងជង្គង់ជាដើម ដើម្បីការពារពីគ្រោះថ្នាក់នានាជាយថាហេតុ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៦ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
- Dec 16, 2019 |
- 5 years ago |
- 4K views
អ្វីខ្លះនៅពីក្រោយការប្រែប្រួលអារម្មណ៍របស់ស្រ្តីនៅថ្ងៃមករដូវ?
ធ្លាប់ចាប់អារម្មណ៍ទេថាខ្លួនឯងដូចជាមានអារម្មណ៍មួម៉ៅ និងប្រែប្រួលរហ័ស នៅមុនពេល និងអំឡុងពេលមករដូវម្ដងៗ ដែលមិត្តនារីសឹងតែទាំងអស់មិនអាចចៀសផុតពីបញ្ហានោះឡើយ។ យ៉ាងណាមិញ តើអ្នកធ្លាប់បានដឹងអំពីមូលហេតុនៅពីក្រោយបម្រែបម្រួលនេះទេ? ហើយជាទូទៅ អ្នកនឹងធ្វើបែបណាចំពោះបញ្ហានេះ? ដើម្បីជាគន្លឹះខ្លះៗដល់មិត្តអ្នកអាន ជាពិសេសសុភាពនារី ហេលស៍ថាម ប្រូ នឹងបង្ហាញជូនលោកអ្នកនូវចំណុចសំខាន់ទាក់ទិននឹងបញ្ហានេះតាមរយៈសំណួរ-ចម្លើយខ្លីៗខាងក្រោមនេះ។ តើបម្រែបម្រួលអារម្មណ៍ដោយសារវដ្ដរដូវសំដៅលើអ្វី? វាសំដៅលើការប្រែប្រួលរហ័សនៃអារម្មណ៍របស់ស្រ្តីនៅមុន និងក្នុងអំឡុងពេលមករដូវរបស់ខ្លួន។ វាជាការផ្លាស់ប្តូរភ្លាមៗក្នុងពេលមួយដ៏ខ្លី ដែលពេលខ្លះវាកើតមានឡើងទោះបីមិនមានរឿងអ្វីកើតឡើងដែលប៉ះទង្គិចដល់ផ្លូវចិត្ត ឬអារម្មណ៍ក៏ដោយ។ ជាក់ស្តែងស្រ្តីម្នាក់អាចនឹងភ្ញាក់ពីដំណេកដោយអារម្មណ៍ស្រស់ស្រាយ តែក៏ប្រែជាពិបាកចិត្តដោយមិនដឹងរឿងរយៈពេល១ ឬ២ម៉ោងក្រោយ។ តើបម្រែបម្រួលអារម្មណ៍ទាំងនោះរួមមានអ្វីខ្លះ? អាការៈទូទៅរួមមានដូចជា មានអារម្មណ៍ថាតឹងណែនទ្រូង អារម្មណ៍មិនឹងនរ ចេះតែគិតគ្រប់យ៉ាងគួរឲ្យរំខាន ថប់បារម្ភ ធ្លាក់ទឹកចិត្ត ហេវហត់អស់កម្លាំងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ល។ តើអ្វីជាមូលហេតុធ្វើឲ្យស្ត្រីមានបម្រែបម្រួលអារម្មណ៍បែបនេះ? គេមិនទាន់ច្បាស់អំពីមូលហេតុពិតប្រាកដនៅឡើយទេ ប៉ុន្តែគេគិតថាវាពាក់ព័ន្ធទៅនឹងបម្រែបម្រួលអ័រម៉ូននៅក្នុងរាងកាយរបស់ស្ត្រី។ ពេលដែលអ័រម៉ូនអឺស្ត្រូហ្សែន និងប្រូតេស្តេរ៉ូនមានការថយចុះនោះអ័រម៉ូនសេរ៉ូតូនីន (អ័រម៉ូនដែលពាក់ព័ន្ធនឹងអារម្មណ៍ ការគេង និងចំណង់អាហារ) ក៏ទទួលរងឥទ្ធិពលដែរ ហើយវាជាហេតុបណ្តាលឲ្យស្ថានភាពអារម្មណ៍មានការប្រែប្រួល ដែលភាគច្រើនជាអារម្មណ៍អវិជ្ជមាន។ តើស្ត្រីគួរធ្វើបែបណាខ្លះចំពោះការប្រែប្រួលនេះ? ញ៉ាំអាហារដែលល្អចំពោះសុខភាព៖ ញ៉ាំអាហារដែលមានជាតិស្ករទាប មានជាតិម៉ាញេស្យូម វីតាមីនB-6(ត្រី សាច់ ផ្លែឈើ…) និងកាល់ស្យូម(ទឹកដោះគោ បន្លែបៃតង…) នឹងជួយកាត់បន្ថយបម្រែបម្រួលបានច្រើនក្នុងអំឡុងពេលមករដូវរបស់អ្នក។ ចៀសវាងជាតិកាហ្វេអុីននិងគ្រឿងស្រវឹង៖ វាអាចបន្ថែមអារម្មណ៍អវិជ្ជមានដូចជាបញ្ហាថប់បារម្ភ អារម្មណ៍ច្របូកច្របល់ ការគេងមិនលក់។ល។ បន្តធ្វើលំហាត់ប្រាណ៖ លំហាត់ប្រាណដែលល្អចំពោះវដ្ដរដូវ មិនត្រឹមតែជួយដល់សុខភាពរាងកាយទេ វាថែមទាំងជួយបង្កើននូវអង់ដូហ្វីនដែលជួយសម្រួលដល់ដំណេក និងអារម្មណ៍ឲ្យរីករាយផងដែរ។ គេងឲ្យបានគ្រប់គ្រាន់៖ ពេលវេលាសម្រាកស្កប់ស្កល់នៃរាងកាយ អាចជួយទប់ស្កាត់ផលប៉ះពាល់នៃបម្រែបម្រួលអ័រម៉ូនមកលើស្ថានភាពផ្លូវអារម្មណ៍របស់អ្នកបានមួយកម្រិតដែរ។ ផ្តល់ពេលវេលាឲ្យខ្លួនឯង៖ សកម្មភាពដូចជា ការដើរលំហែនៅខាងក្រៅ ការធ្វើលំហាត់ប្រាណរាល់ថ្ងៃសុទ្ធតែអាចជួយបន្ថយកម្រិតសេរ៉ូតូនីន ហើយអារម្មណ៍អ្នកក៏ល្អទៅតាមហ្នឹងដែរ។ នៅឲ្យឆ្ងាយពីមនុស្ស និងស្ថានភាពដែលជាដើមហេតុនៃស្ត្រេស៖ ក្នុងអំឡុងពេលនេះ អ្នកគួរចៀសវាងស្ថានភាពដែលត្រូវការគិតច្រើន ឬផ្តល់សម្ពាធដល់ខ្លួន ហើយធ្វើសកម្មភាពលក្ខណៈលំហែឲ្យបានច្រើនដូចជាការមើលកុនជាមួយមិត្តភក្តិ ការជួបជុំគ្រួសារ ការដើរកម្សាន្ត។ល។ តើអ្វីជាសញ្ញាគួរបារម្ភ ហើយគួរទៅជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិត? ក្នុងករណីដែលបម្រែបម្រួលខុសប្រក្រតី ហើយវាកើតមានក្នុងរយៈពេលយូរទោះបីថ្ងៃមករដូវរបស់អ្នកបានបញ្ចប់ក៏ដោយ អ្នកគួរតែជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិតអំពីអាការៈរបស់អ្នក ដើម្បីស្វែងរកជំនួយក៏ដូចជាមូលហេតុច្បាស់លាស់ និងដំណោះស្រាយដែលត្រឹមត្រូវ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៦ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
- Dec 13, 2019 |
- 6 years ago |
- 6.5K views
ស្វែងយល់ពីមូលហេតុជាច្រើននៃជំងឺសើស្បែក Impetigo
បើយោងតាមស្ថិតិរបស់ជំងឺ Impetigo មានបម្រែបម្រួលប្រហែល ៥%នៃអ្នកជំងឺសើស្បែកទាំងអស់ដែលមកទទួលសេវាព្យាបាល។ ក្នុងករណីនេះភាគច្រើនតែងកើតឡើងចំពោះកុមារមានអាយុពី ២ ទៅ៥ឆ្នាំ និងកុមារក្នុងវ័យសិក្សាដែលមានអាយុពី ៧ ទៅ១០ឆ្នាំផងដែរ។ និយមន័យ ជំងឺ Impetigo គឺជាជំងឺសើស្បែកមួយប្រភេទដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយបុគ្គលដែលកើតជំងឺនេះអាចរីករាលដាលទៅកន្លែងស្បែកផ្សេងទៀតដោយចាប់ផ្តើមពីចំណុចតូចទៅធំ និងស៊ីជ្រៅចូលទៅក្នុងស្បែក។ ជាទូទៅជំងឺនេះតែងតែកើតមានឡើងនៅតាមទីតាំងសើលើៗនៃស្បែកដូចជា លើច្រមុះ មាត់ ភ្លៅ ចង្កេះ និងគូទជាដើម។ ជំងឺនេះបណ្តាលមកពីពពួកបាក់តេរីម៉្យាងឈ្មោះ Staphylococcus aureus។ មូលហេតុចម្បង និងកត្តាប្រឈម មានមូលហេតុចម្បង និងកត្តាសំខាន់ដែលជំរុញឲ្យកើតជំងឺនេះឡើងរួមមាន៖ • ការដាច់រហែកស្បែកដែលងាយឲ្យមេរោគឆ្លងចូល • ការមុតវត្ថុស្រួចៗ • ការប្រើប្រាស់កម្រាលពូក ខ្នើយ និងកន្សែងរួមគ្នា • សត្វល្អិត ឬមូសខាំដែលធ្វើឲ្យមេរោគបាក់តេរីងាយជ្រៀតចូល • ការរស់នៅប្រចាំថ្ងៃខ្វះអនាម័យ។ ចំណែកបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមចំពោះជំងឺនេះរួមមាន៖ • អ្នកកើតជំងឺតាអក និងអ្នកជំងឺសើស្បែកផ្សេងៗទៀត • បុគ្គលដែលមានប្រព័ន្ធភាពសុំាចុះខ្សោយ • អ្នកជំងឺអេដស៍ • អ្នកជំងឺទឹកនោមផ្អែម • បុគ្គលដែលលាងឈាម និងមានបញ្ហាប្រព័ន្ធតម្រងនោមចុះខ្សោយជាដើម។ រោគសញ្ញា ជាទូទៅ ជំងឺនេះស្តែងចេញជារោគសញ្ញាដូចជា ក្រមរពណ៌លឿង ឬពណ៌មាសមានទឹករងៃសើមៗ រមាស់បន្តិចបន្តួច គ្មានការឈឺចាប់ និងក្តៅខ្លួននោះទេនៅដំណាក់កាលដំបូង។ ការធ្វើរោគវិនិច្ឆ័យ រោគសញ្ញារបស់ជំងឺនេះងាយនឹងឲ្យគ្រូពេទ្យសើស្បែកធ្វើរោគវិនិច្ឆ័យដោយភ្នែកផ្ទាល់រហូតដល់ពី ៩០ ទៅ៩៥% ឯណោះ។ ម៉្យាងវិញទៀត យើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការយកទឹករងៃដែលមាននៅលើដំបៅយកទៅបណ្តុះមេរោគនៅមន្ទីរពិសោធន៍ស្វែងរកភាពសុំារបស់មេរោគទៅនឹង អង់ទីប៊ីយោទិចដើម្បីកំណត់ការព្យាបាល។ វិធីសាស្រ្តព្យាបាល ប្រសិនបើអ្នកជំងឺត្រូវបានរកឃើញថាមានជំងឺ Impetigo នោះការព្យាបាលនឹងធ្វើឡើងតាមដំណាក់កាលរបស់ជំងឺ និងតាមវិធីសាស្រ្តផ្សេង២ដូចជា៖ • ប្រសិនបើជំងឺនេះស្ថិតនៅដំណាក់កាលដំបូងគឺគ្រូពេទ្យគ្រាន់តែធ្វើការព្យាបាលដោយការប្រើប្រាស់ថ្នាំសម្រាប់លាប ដូចជាពពួកអង់ទីប៊ីយោទិចប្រភេទក្រែមប៉ុណ្ណោះ។ • ប៉ុន្តែក្នុងករណីដែលជំងឺនេះរីករាលដាលទៅកន្លែងផ្សេង និងស៊ីកាន់តែជ្រៅនោះ គ្រូពេទ្យធ្វើការព្យាបាលដោយការប្រើប្រាស់ថ្នាំគ្រាប់ បូករួមជាមួយការប្រើប្រាស់ក្រែម សម្រាប់លាបដូចជា Mupirocin និង Fusidic acid ជាដើម។ លើសពីនេះ ត្រូវធ្វើការណែនាំឲ្យអ្នកជំងឺធ្វើអនាម័យលាងសម្អាតដៃ ដើម្បីការពារកុំឲ្យមេរោគឆ្លងទៅកន្លែងផ្សេងទៀត ពិសេសឆ្លងទៅអ្នកដទៃ។ ជាទូទៅ ការព្យាបាលជំងឺសើស្បែកនេះ គឺរយៈពេល៧ ទៅ១០ថ្ងៃនឹងអាចជាសះស្បើយ។ ដោយឡែក ជំងឺនេះមិនអាចបង្កឲ្យកើតមានជំងឺសើស្បែកផ្សេងៗទៀតនោះទេ ប៉ុន្តែវាអាចធ្វើឲ្យជំងឺនេះវិវឌ្ឍទៅជាធ្ងន់ធ្ងរ ប្រសិនបើការព្យាបាលមិនទាន់ពេលវេលា និងមិនបានត្រឹមត្រូវនោះ។ វិធីសាស្រ្តការពារ ដោយហេតុថានាពេលបច្ចុប្បន្ន បញ្ហានេះកើតមានច្រើន ដូច្នោះអ្នកគួរតែការពារខ្លួនពីជំងឺនេះដោយ៖ • ប្រកាន់ខ្ជាប់នូវអនាម័យខ្លួនប្រាណ • ចំពោះកុមារ អាណាព្យាបាលត្រូវកាត់ក្រចកឲ្យបានខ្លី • ប្រសិនបើមានជំងឺសើស្បែកមិនថាតិច ឬច្រើនត្រូវទៅព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេល។ ប្រសិនបើអ្នកមានបញ្ហា ឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក ដើម្បីទទួលបានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ព្រមទាំងទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវ ទាន់ពេលវេលានោះ លោកអ្នកនឹងឆាប់ជាសះស្បើយ និងចំណាយថវិកាតិច។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡា ភៀវ ឯកទេសជំងឺសើស្បែក និងកាមរោគ និងជាប្រធានផ្នែកជំងឺសើស្បែក និងកាមរោគនៃមន្ទីរពេទ្យព្រះអង្គឌួង អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
- Dec 13, 2019 |
- 6 years ago |
- 3.4K views
ប្រទេសម៉ាឡេស៊ី បន្តពង្រីកទីផ្សារនៅកម្ពុជាតាមរយៈ ការចុះអនុស្សារណៈនៃការយោគយល់ជាមួយធនាគារកាណាឌីយ៉ា
រាជធានីភ្នំពេញថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩៖ វិស័យសុខាភិបាលម៉ាឡេស៊ីកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយកម្មវិធីទេសចរណ៍សុខាភិបាលឆ្នាំ២០២០ (MyHT2020) ដល់ប្រជាជនកម្ពុជា។ ក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) ជាទីភ្នាក់ងារស្ថិតក្រោមបទប្បញ្ញត្តិនៃក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី ដែលមានភារកិច្ចក្នុងការជួយសម្របសម្រួល និងលើកកម្ពស់វិស័យទេសចរណ៍សុខាភិបាលនៅក្នុងប្រទេសម៉ាឡេស៊ីបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់(MoU) ជាមួយនឹងធនាគារកាណាឌីយ៉ា នៅសណ្ឋាគាររ៉ូសវូដ រាជធានីភ្នំពេញ។ តាមរយៈ អនុស្សារណៈនៃការយោគយល់នេះអតិថិជនរបស់ធនាគារកាណាឌីយ៉ានឹងទទួលបាននូវកញ្ចប់ទេសចរណ៍សុខាភិបាលដ៏គួរឲ្យទាក់ទាញដើម្បីដើរទស្សនាប្រទេសម៉ាឡេស៊ីដែលជាអ្នកជំនាញថែទាំសុខភាពលំដាប់ពិភពលោកប្រចាំឆ្នាំ២០២០។ ដោយឡែក ប្រទេសម៉ាឡេស៊ីគឺជា “អ្នកជំនាញថែទាំសុខភាព” ដែលក្លាយជាទិសដៅទេសចរណ៍សុខាភិបាលលំដាប់ពិភពលោកដ៏ជោគជ័យនៅក្នុងរយៈពេលដ៏ខ្លី និងត្រូវបានទទួលស្គាល់ដោយអ្នកជំងឺ និងជំនាញការក្នុងវិស័យនេះចំនួន ១.២ លាននាក់នៅទូទាំងពិភពលោក។ប្រទេសនេះត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិដោយអង្គការ International Living សហរដ្ឋអាមេរិកជា “ប្រទេសដ៏ល្អបំផុតនៅក្នុងពិភពលោកសម្រាប់វិស័យសុខាភិបាល” ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ និងជា “ទិសដៅប្រចាំឆ្នាំ” សម្រាប់ទេសចរណ៍សុខាភិបាលទទួលស្គាល់ដោយក្រុមហ៊ុន InternationalMedical Travel Journal ចក្រភពអង់គ្លេស ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ ដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យទាំងនេះ៖ គុណភាព ងាយស្រួលទទួលសេវាកម្ម និងតម្លៃសមរម្យ។ នាឱកាសនេះដែរ លោកស្រី Yazmin Azman ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) បានមានប្រសាសន៍ថា“យើងមានបំណងអញ្ជើញអ្នកធ្វើដំណើរស្វែងរកសេវាកម្មថែទាំសុខភាពទាំងអស់ឲ្យមកទទួលយនូវបទពិសោធន៍សេវាកម្មថែទាំសុខភាពចាប់តាំងពីដើមដល់ចប់ប្រកបដោយភាពរលូននៅតំបន់សុខុមាលភាពរបស់ប្រទេសម៉ាឡេស៊ីព្រមទាំងអាចទស្សនាកម្សាន្តនៅទឹកដីធម្មជាតិដ៏បវរនាឱកាសកម្មវិធី MyHT2020 នេះ។ សេវាកម្មថែទាំសុខភាពមានគុណភាពខ្ពស់លំដាប់ពិភពលោក តម្លៃសមរម្យនិងមានភាពងាយស្រួលរបស់យើងគឺជាគុណតម្លៃដ៏ល្អទាក់ទាញធានាដល់អ្នកធ្វើដំណើរស្វែងរកសេវាកម្មថែទាំសុខភាពដែលបានមករកសេវាកម្មនេះនៅក្នុងប្រទេសរបស់យើង។ MHTC បានកំណត់យកធនាគារកាណាឌីយ៉ាធ្វើជាដៃគូដែលមានគុណតម្លៃផ្នែកទំនុកចិត្តនិងភាពល្អឥតខ្ចោះផ្នែកសេវាកម្មអតិថិជនដូចគ្នាក្នុងការលើកកម្ពស់ MyHT2020 នាពេលខាងមុខនេះ។ ធនាគារកាណាឌីយ៉ា គឺជាធនាគារក្នុងស្រុកដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ៦០សាខា នៅទូទាំងប្រទេសកម្ពុជា មានទីស្នាក់ការស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលជាទីក្រុសំខាន់មួយ និងមានសាខានានានៅគ្រប់បណ្ដាខេត្តទាំងអស់។ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ធនាគារក្នុងការបម្រើសេវាកម្មជូនអតិថិជនដែលមានកំណើនយ៉ាងឆាប់រហ័សឲ្យបានកាន់តែល្អប្រសើរធនាគារកាណាឌីយ៉ាផ្ដល់ជូននូវសេវាកម្មមានគុណតម្លៃបន្ថែម និងកម្មវិធីជាច្រើនទៀត។ លោក Raymond Sia Say Guan អគ្គនាយកនៃធនាគារកាណាឌីយ៉ាបានមានប្រសាសន៍ថា“ធនាគារកាណាឌីយ៉ាពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការធ្វើជាដៃគូជាមួយនឹងវិស័យសុខាភិបាលម៉ាឡេស៊ីដើម្បីផ្ដល់ជូនអតិថិជនរបស់យើងនូវកញ្ចប់សេវាកម្មទេសចរណ៍សុខាភិបាលប្រកបដោយគុណភាពខ្ពស់ តាមរយៈការប្ដេជ្ញាចិត្តចំពោះជំហរហិរញ្ញវត្ថុរឹងមាំរបស់អតិថិជនយើងក៏មានចំណាប់អារម្មណ៍ចំពោះការផ្ដល់ជូនអតិថិជនរបស់យើងនូវសេវាកម្មថែទាំសុខភាពគុណភាពខ្ពស់នៃវិស័យសុខាភិបាលម៉ាឡេស៊ី”។ ប្រទេសម៉ាឡេស៊ីគឺមានភាពលក្ខណៈខុសប្លែកពីប្រទេសផ្សេងទៀតដោយសារតែដំណើរការផ្ដល់ជូនសេវាកម្មថែទាំសុខភាពម៉ាឡេស៊ីតាំងពីដើមរហូតដល់ប្រកបដោយភាពរលូន ពោលគឺចាប់តាំងពីពេលដែលអតិថិជនមកដល់ប្រទេសម៉ាឡេស៊ីរហូតដល់ពេលត្រឡប់ទៅវិញតែម្ដង។ បន្ទប់រង់ចាំសេវាកម្មសុខាភិបាលម៉ាឡេស៊ី មានទីតាំងស្ថិតនៅព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរ (KLIA) KLIA2 និងព្រលានយន្តហោះអន្តរជាតិប៉េណាំងសេវាកម្មទទួលដល់ច្រកចុះពីយន្តហោះ សេវាកម្មត្រួតពិនិត្យរហ័សនៅផ្នែកអន្តោប្រវេសន៍ និងគយ ព្រមទាំងមានសេវាកម្មជួយយកឥវ៉ាន់ផងដែរ។ សេវាកម្មបកប្រែគឺមានផ្ដល់ជូនតាមការស្នើសុំជាមុនដើម្បីសម្រួលដល់ ការប្រាស្រ័យទាក់ទងយ៉ាងងាយស្រួលជូនអ្នកជំងឺដែលត្រូវការសេវាកម្មបកប្រែ។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធសុខាភិបាលប្រទេសម៉ាឡេស៊ីគឺត្រូវបានធ្វើនិយ័តកម្មយ៉ាងតឹងរ៉ឹងដោយក្រសួងសុខាភិបាលម៉ាឡេស៊ីយោងតាមច្បាប់ស្ដីពីសុខាភិបាលសាធារណៈ និងសេវាកម្មបរិក្ខារ (ឆ្នាំ1998) ដែលស្ដែងឲ្យឃើញនូវសុវត្ថិភាពរបស់អ្នកជំងឺ ហើយសេវាកម្មព្យាបាលគឺមានតម្លៃសមរម្យ។ ជាមួយនឹងប្រព័ន្ធសុខាភិបាលម៉ាឡេស៊ីដ៏ល្អឥតខ្ចោះអ្នកធ្វើដំណើរស្វែងរកសេវាកម្មថែទាំសុខភាពអាចទទួលបាននូវសេវាកម្មថែទាំសុខុមាលភាពនៅក្នុងទឹកដីធម្មជាតិស្រស់បំព្រងបង្កប់នូទេសភាពដ៏ស្រស់ត្រកាលនៃប្រទេសម៉ាឡេស៊ី។ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
- Dec 01, 2019 |
- 6 years ago |
- 6.6K views
បញ្ហាសុខភាព និងការថែទាំសម្រាប់អ្នកម្តាយក្រោយសម្រាល
ជាទូទៅ បន្ទាប់ពីសម្រាលបុត្ររួច រហូតដល់រយៈពេលប្រមាណជា ៦ទៅ៨ សប្តាហ៍ ជាពេលវេលាដែលអ្នកម្តាយក្រោយសម្រាលគួរត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែទាំសុខភាពរបស់ខ្លួនឡើងវិញដើម្បីចៀសវាងពីគ្រោះថ្នាក់ដល់អាយុជីវិតព្រមទាំងបញ្ហានានាដែលអាចជះឥទ្ធិពលចំពោះការពពោះលើកក្រោយថែមទៀត។ ដំណាក់កាលនៃសុខភាពស្រ្តីក្រោយសម្រាល បញ្ហាសុខភាពរបស់ស្រ្តីក្រោយសម្រាលគឺអាចកើតមានឡើងចាប់តាំងពីការសម្រាលរួចភ្លាម រហូតដល់សប្តាហ៍ទី៨ ឬអាចយូរជាងនេះ។ ក្នុងនោះដែរគេបានបែងចែកបញ្ហាសុខភាពនេះជា ៣ដំណាក់កាលសំខាន់ៗគឺ៖ • ដំណាក់កាល ទី១៖ បន្ទាប់ពីសម្រាលរួច រហូត២៤ម៉ោងក្រោយ • ដំណាក់កាល ទី២៖ ២៤ម៉ោងក្រោយសម្រាលរហូតចេញពីមន្ទីរពេទ្យ ៥ទៅ៧ថ្ងៃ • ដំណាក់កាល ទី៣៖ បន្ទាប់ចេញពីមន្ទីរពេទ្យរហូតដល់ ៦ ទៅ៨សប្តាហ៍។ ក្នុងចំណោមដំណាក់កាលខាងលើ យើងសម្រេចលើកយកដំណាក់កាលទី៣មកធ្វើការបកស្រាយ និង ពិភាក្សាពីព្រោះវាជាដំណាក់កាលដែលគួរតែធ្វើការយកចិត្តទុកដាក់ និងត្រូវទទួលបានការថែទាំឲ្យបានត្រឹមត្រូវ ដោយហេតុថាជាពេលវេលាដែលអ្នកម្តាយមិនស្ថិតក្រោមការមើលថែពីក្រុមគ្រូពេទ្យទៀតឡើយ។ ហេតុនេះ បញ្ហាសុខភាពជាច្រើនតែងកើតមានឡើងជាញឹកញាប់ ដែលអាចបង្កការប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ បញ្ហាដែលអាចកើតមានចំពោះស្រ្តីក្រោយសម្រាល តាមរយៈទិន្នន័យកន្លងមកបានបង្ហាញថា មានបញ្ហាសុខភាពចំនួន ៥ប្រភេទដែលតែងតែជួបជាញឹកញាប់ដោយក្នុងនោះកត្តាប្រឈម និងដំណោះស្រាយក៏មានផ្សេងៗគ្នាផងដែរ ដែលបញ្ហាសុខភាពទាំងនោះ រួមមាន៖ ១. បញ្ហាទាក់ទងនឹងប្រដាប់បន្តពូជរបស់ស្ត្រី • បញ្ហាទាំងនោះអាចកើតមានក្នុងអំឡុងពេលពី ៣-៦ខែដំបូង បន្ទាប់ពីសម្រាលរួចដូចជា ស្នាមរបួសត្រង់តំបន់ទ្វារមាសដែលបណ្តាលឲ្យមានការឈឺចាប់ ភាពសើមរបស់របួស ឬអាចឈានទៅដល់ការបង្កឲ្យមានការឆ្លងរោគនានា។ បន្ថែមពីនេះ ភាពខ្សោយរបស់សាច់ដុំប្លោកនោម និងសាច់ដុំទ្វារមាស ការឈឺចង្កេះនិងការឈឺឆ្អឹងខ្នងក៏ជាបញ្ហាប្រឈមគួរឲ្យកត់សម្គាល់ផងដែរ • កត្តាប្រឈម៖ ការសម្រាលពិបាក ការឈឺពោះសម្រាលរយៈពេលយូរ ការដាច់រហែកធ្ងន់ធ្ងរ ការប្រើឧបករណ៍ជំនួយ ការចាក់ថ្នាំឆ្អឹងខ្នងជាដើម • ដំណោះស្រាយ៖ ត្រូវធ្វើអនាម័យក្រោយសម្រាលត្រង់តំបន់ទ្វារមាសឲ្យបានត្រឹមត្រូវ ស្វែងយល់អំពីការហ្វឹកហាត់សាច់ដុំទ្វារមាស ហូបទឹកឲ្យបានគ្រប់គ្រាន់ ទទួលទានអាហារសម្បូរសរសៃ ឬប្រើថ្នាំបន្ទន់លាមក។ ២. បញ្ហាទាក់ទងនឹងការបំបៅដោះ • មានដូចជា ការប្រេះ ឬរបកក្បាលដោះ និងការតឹងសុដន់ ឬអាចមានអាការៈធ្ងន់ធ្ងររហូតដល់មានការករជាខ្ទុះ • ដំណោះស្រាយ៖ ឈ្លី ម៉ាស្សា ជាមួយកន្សែងក្តៅឧណ្ហៗប្រហែល ១៥ ទៅ ៣០នាទីមុនបំបៅ ហើយត្រូវបំបៅក្នុងឥរិយាបថត្រឹមត្រូវ ព្រមទាំងអាចបន្ថែមថ្នបំបាត់ការឈឺចាប់។ ៣. ភាពស្លេកស្លាំង និងអាការៈទន់ខ្សោយរបស់មាតា ជាបញ្ហាសុខភាពដែលគួរឲ្យបារម្ភខ្លាំង និងកើតឡើងជាញឹកញាប់ ដោយនៅក្នុងនោះគេសង្កេតឃើញថា៖ • កត្តាប្រឈមចម្បងគឺ៖ បញ្ហាកង្វះគ្រាប់ឈាមមុនពេលសម្រាល ការធ្លាក់ឈាមច្រើនក្នុងពេលសម្រាល ឬក្រោយសម្រាលភ្លាមៗ ក្នុងនោះដែរការបំបៅកូនដោយទឹកដោះម្តាយ របបអាហារមិនគ្រប់គ្រាន់ ឬមិនត្រឹមត្រូវ ព្រមទាំងជំងឺបន្ថែមផ្សេងៗក្នុងពេលមានផ្ទៃពោះដូចជាជំងឺគ្រាប់ឈាមនិងជំងឺលើសសម្ពាធឈាមជាដើមក៏ជះឥទ្ធិពលលើសុខភាពរបស់ស្ត្រីក្រោយសម្រាលផងដែរ • ដំណោះស្រាយ៖ តម្រូវឲ្យបន្តបន្ថែមសារធាតុដែក និងវីតាមីន រក្សាឲ្យបាននូវរបបអាហារដែលមានតុល្យភាព សម្រាកឲ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណឲ្យបានសមស្រប។ ក្រៅពីនេះ កត្តាសំខាន់គឺត្រូវត្រឡប់មកជួបវេជ្ជបណ្ឌិតដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុពាក់ព័ន្ធដែលបង្កឲ្យមានបញ្ហាសុខភាពនេះ។ ៤. បញ្ហាឈាមរដូវមិនប្រក្រតី • ជាទូទៅរដូវរបស់ស្ត្រីនឹងត្រឡប់មកវិញ ក្នុងចន្លោះពី៦ ទៅ ៨សប្តាហ៍ក្រោយសម្រាល ឬអាចយូរជាងនេះសម្រាប់ស្ត្រីដែលបំបៅកូនដោយទឹកដោះ ប្រសិនបើការធ្លាក់ឈាមមានភាពខុសប្រក្រតីដែលស្តែងចេញតាមរយៈការធ្លាក់ឈាមអូសបន្លាយរយៈពេលយូរ ឬ ការធ្លាក់ឈាមច្រើនខុសប្រក្រតី អ្នកជំងឺចាំបាច់ត្រូវត្រឡប់មកពិនិត្យសុខភាពឡើងវិញជាបន្ទាន់ដើម្បីបញ្ជាក់ច្បាស់អំពីមូលហេតុពិតប្រាកដនៃបញ្ហា និងស្វែងរកការព្យាបាលឲ្យទាន់ពេលវេលា • ដំណោះស្រាយ៖ ក្នុងករណីស្រាល ក្រុមគ្រូពេទ្យនឹងធ្វើការផ្តល់ថ្នាំបន្ថយការធ្លាក់ឈាម ថ្នាំបង្កើនគ្រាប់ឈាម ឬបង្កើនកម្លាំង ព្រមទាំងថ្នាំបង្កើនសមត្ថភាពកន្ត្រាក់របស់ស្បូន។ ចំណែកក្នុងករណីធ្ងន់ធ្ងរ ឬក្នុងករណីសុខភាពស្ត្រីទន់ខ្សោយខ្លាំង អ្នកជំងឺអាចត្រូវទទួលបានថ្នាំអ័រម៉ូន ឬអាចសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ៥. បញ្ហាទាក់ទងនឹងសុខភាពផ្លូវចិត្ត • ជាក់ស្តែង Baby blue ជាសញ្ញាណសុខភាពផ្លូវចិត្តកម្រិតស្រាលមួយដែលអាចកើតមានឡើងញឹកញាប់ ក្រោយសម្រាល ដែលយើងសង្កេតឃើញប្រមាណជា ៣០ ទៅ៧០% ក្នុងចំណោមអ្នកម្តាយក្រោយសម្រាលទាំងអស់ ហើយមានប្រហែលពី ៥ទៅ១០% នឹងប្រែក្លាយជាជំងឺបាក់ទឹកចិត្ត និង១ទៅ៣% ប្រែទៅជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ (psychosis) • សញ្ញាដំបូងអាចចាប់ផ្តើមពីការប្រែប្រួលអារម្មណ៍តិចតួច ការឆាប់ឆេវឆាវ ការផ្លាស់ប្តូរអាកប្បកិរិយា វិបត្តិនៃការហូបអាហារ និងវិបត្តិដំណេកផងដែរ។ ការជះឥទ្ធិពលពីសុខភាពម្ដាយទៅកាន់ទារក ជាការពិតណាស់ នៅពេលសុខភាពម្តាយល្អ នោះអ្នកម្តាយនឹងមានពេលវេលា ព្រមទាំងថាមពលគ្រប់គ្រាន់ដើម្បីថែទាំទារក។ បន្ថែមពីនេះ ឥទ្ធិពលនៃអាហារូបត្ថម្ភរបស់មាតាកាន់តែមានសារសំខាន់ចំពោះទារក ជាពិសេសសម្រាប់អ្នកម្តាយដែលអនុវត្តការបំបៅកូនដោយទឹកដោះតែម្តង។ វិធីសាស្ត្រការពារពីបញ្ហាសុខភាពក្រោយសម្រាល ជាការពិត ក្រុមអ្នកជំនាញសុខាភិបាលពិតជាត្រូវដើរតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពគ្រោះថ្នាក់ដូចដែលបានរៀបរាប់ខាងលើ ក្នុងនោះភារកិច្ចចម្បងៗរបស់ពួកគាត់គឺ៖ • ផ្តល់ការតាមដានសុខភាពផ្ទៃពោះ ព្រមទាំងប្រឹក្សាឲ្យបានត្រឹមត្រូវ ដើម្បីប្រាកដថាការសម្រាលនឹងធ្វើឡើងប្រកបដោយសុវត្ថិភាព • តាមដានក្រោយសម្រាល តាមរយៈការពិនិត្យ និងតាមដានយ៉ាងហ្មត់ចត់ក្នុងអំឡុងពេល សម្រាកពេទ្យ និងមុនពេលចេញពីមន្ទីរពេទ្យ • ផ្តល់ដំបូន្មានពីការថែទាំសុខភាពក្រោយសម្រាល (ការប្រើប្រាស់ថ្នាំ របបអាហារ និងឥរិយាបថនៃការរស់នៅត្រឹមត្រូវ) • ប្រាប់ពីសញ្ញាគ្រោះថ្នាក់ និងបញ្ជាក់ពីកាលវិភាគនៃការត្រឡប់មកពិនិត្យឡើងវិញ។ បន្ថែមពីការយកចិត្តទុកដាក់ និងការផ្តល់ដំបូន្មានពីសំណាក់ក្រុមគ្រូពេទ្យ អ្នកម្តាយក៏ចាំបាច់ត្រូវ៖ • គោរពតាមវេជ្ជបញ្ជា និងដំបូន្មានរបស់គ្រូពេទ្យ • ស្គាល់ពីសញ្ញាគ្រោះថ្នាក់ និងត្រឡប់មកពិគ្រោះជាមួយគ្រូពេទ្យជំនាញតាមការកំណត់ • លុបបំបាត់ជំនឿ ដែលមិនមានអំណះអំណាងត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រផងដែរ។ ភាពចាំបាច់នៃការតាមដានសុខភាពក្រោយសម្រាល ការត្រឡប់មកពិនិត្យសុខភាពឡើងវិញជាមួយក្រុមគ្រូពេទ្យពិតជាសំខាន់ និងខានពុំបានឡើយសម្រាប់អ្នកម្ដាយទាំងអស់ ទោះបីស្ត្រីមិនមានបញ្ហាសុខភាពអ្វីគួរឲ្យកត់សម្គាល់ក៏ដោយ។ ជាក់ស្តែងស្ត្រីក្រោយសម្រាលចាំបាច់មកពិនិត្យសុខភាពម្តងទៀតក្នុងរយៈពេល ៦ទៅ៨សប្តាហ៍ ឬអាចទទួលការពិនិត្យសុខភាពចំនួន ២ដងគឺនៅសប្តាហ៍ទី២ទៅ៣ និងសប្តាហ៍ទី៦ទៅ៨ បន្ទាប់ពីចេញពីមន្ទីរពេទ្យ។ តាមរយៈការត្រឡប់មកវិញនេះ ក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យមើលស្នាមរបួស ពិនិត្យមើលមាត់ស្បូន ស្បូន ដៃស្បូន ពិនិត្យកោសិកាមហារីកមាត់ស្បូន និងបន្ថែមពីការប្រឹក្សាពីវិធីពន្យារកំណើតដ៏ត្រឹមត្រូវ និងសមស្របសម្រាប់ស្ត្រីម្នាក់ៗផងដែរ។ ជាពិសេសទៀតនោះគឺទារកគួរតែមកទទួលការប្រឹក្សាសុខភាពជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកកុមារ ព្រោះក្រៅពីការចាក់ថ្នាំបង្ការ វេជ្ជបណ្ឌិតឯកទេសផ្នែកកុមារ នឹងធ្វើការវាយតម្លៃពីការវិវឌ្ឍរបស់ទារក ទាំងការវិវឌ្ឍផ្នែកខួរក្បាលទម្ងន់ និងកម្ពស់ រួមទាំងផ្តល់ការប្រឹក្សាទាក់ទងនឹងអាហារូបត្ថម្ភដ៏ត្រឹមត្រូវសម្រាប់ទារក។ បន្ថែមពីនោះ ជាអនុសាសន៍ដល់ស្ត្រីដែលកំពុងមានផ្ទៃពោះ កំពុងត្រៀមខ្លួនសម្រាល និងអ្នកម្តាយដែលទើបសម្រាលបុត្រថ្មីៗគួរតែព្យាយាមអនុវត្តតាមគន្លឹះខាងក្រោមរួមមាន៖ • អំឡុងពេលពពោះ៖ ត្រូវថែទាំសុខភាពឲ្យបានត្រឹមត្រូវ បូករួមជាមួយការពិនិត្យសុខភាពឲ្យបានទៀងទាត់ និង ទទួលការប្រឹក្សាយោបល់ជាមួយបុគ្គលិកសុខាភិបាលដែលមានឯកទេសច្បាស់លាស់ • កំពុងត្រៀមសម្រាល៖ ត្រូវស្វែងរកគ្លីនិក ឬមន្ទីរពេទ្យដែលអាចផ្តល់ទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ដល់ការសម្រាល • ក្រោយសម្រាល៖ ត្រូវគោរពតាមដំបូន្មានរបស់គ្រូពេទ្យ ព្រមទាំងទទួលទានអាហារប្រកបដោយតុល្យភាព។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
- Dec 01, 2019 |
- 6 years ago |
- 4.1K views
ខ្ញុំមានអាការៈក្អួត
អាការៈក្អួត ត្រូវបានបែងចែកជាទម្រង់ស្រួចស្រាវ និងរ៉ាំរ៉ៃ។ ការក្អួតស្រួចស្រាវ អាចបណ្តាលមកពីបញ្ហាប្រព័ន្ធរំលាយអាហារ និងបញ្ហាជំងឺនៅនឹងពោះស្រួចស្រាវ ដូចជាជំងឺនៅសរីរាង្គណាមួយស្រួចស្រាវ (ការក្អួតដោយសាររេផ្លិច)។ វាក៏អាចជាការភ្ញោចរបស់ធាតុគីមីទៅលើ Vestibulaire ឬខួរក្បាល។ ការក្អួតស្រួចស្រាវ កម្រនឹងមានភាពជាក់លាក់ណាស់៖ • ករណីក្អួតនៅពេលព្រឹក មានសារធាតុរាវពណ៌លឿងនិងមានជាតិរំអិលបន្តិច អាចជាឥទ្ធិពលនៃអាល់កុល ការពុល ឬមិនធន់នឹងសារធាតុណាមួយដូចជាឱសថ ឬថ្នាំជក់ និងប្រសិនបើញឹកញាប់អាចជាការមានផ្ទៃពោះ។ • ករណីក្អួតក្រោយហូបអាហារយឺតម្តងហើយម្តងទៀត ហើយកំអួតត្រូវបានរំលាយបានខ្លះៗ អាចជាការស្ទះនៅក្រពះពោះវៀន។ • ករណីក្អួតក្នុងពេលហូបអាហារ ឬភ្លាមៗបន្ទាប់ពីបរិភោគរួច អាចជាបញ្ហានៃប្រព័ន្ធសរសៃប្រសាទ។ • ករណីក្អួតនៅពេលល្ងាច ចង្អោរជាប់ ហើមពោះមានអារម្មណ៍ថាឆ្អែត និងចុកពោះនៅពេលថ្ងៃ អាចជាការស្ទះសរីរាង្គប្រព័ន្ធអាហារមិនពេញលេញ។ • ករណីក្អួតលាយជាមួយនឹងវិលមុខ អាចទាក់ទងនឹងបញ្ហាត្រចៀកខាងក្នុង។ • ករណីក្អួត ហើយឈឺក្បាល អាចជាជំងឺប្រកាំង។ • ករណីក្អួត មានក្តៅខ្លួន បញ្ហាចាំងជាមួយពន្លឺអាចជាជំងឺរលាកស្រោមខួរ។ ក្អួតរ៉ាំរ៉ៃ ជាការក្អួតលើសពី៧ថ្ងៃឡើងទៅៗមូលហេតុនៃការក្អួតនេះ អាចបណ្តាលមកពី៖ • នៅនឹងបំពង់អាហារផ្នែកខាងលើដូចជា o ដំបៅក្រពះពោះវៀន o មហារីកក្រពះពោះវៀន o មហារីកលំពែងរាលទៅពោះវៀន o ការសង្កត់របស់គីស្តទៅលើលំពែង o បញ្ហារុញអាហារទៅក្រោមយឺតរបស់ក្រពះ o ក្រោយការវះកាត់ក្រពះ។ • នៅនឹងពោះវៀនតូច និងពោះវៀនធំ អាចជា o ជំងឺមហារីកក្រពេញ o Maladie de Cronh o ការប្រើថ្នាំប្រឆាំងរលាកប្រភេទ AINS o បញ្ហាស្អិតពោះវៀន o បញ្ហាក្លនលូន o ជំងឺរមួលពោះវៀន o បញ្ហាពោះវៀនស៊កបញ្ចូលគ្នា។ • ទាក់ទងនឹងផ្នែកចិត្តសាស្ត្រ o បញ្ហាបាត់ចំណង់អាហារដោយសារផ្លូវចិត្ត o បញ្ហារុញចំណីអាហារ (boulimie)។ • ទាក់ទងនឹងប្រព័ន្ធប្រសាទកណ្តាល o បញ្ហាឡើងសម្ពាធក្នុងខួរក្បាល o ជំងឺឆ្កួតជ្រូក។ • ទាក់ទងនឹងការប្រើឱសថ ឬពុលអ្វីម្យ៉ាង។ ក្អួតដោយសារមានផ្ទៃពោះ៖ • នៅត្រីមាសទី១ ជារោគសញ្ញានៃការមានផ្ទៃពោះ • នៅត្រីមាសទី៣ អាចជាជំងឺទាក់ទងនឹងការខ្សោយថ្លើម (Stéatose aiguë gravidique) ឬបម្រុងក្រឡាភ្លើង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
- Dec 10, 2019 |
- 6 years ago |
- 2.3K views
ការចែកចាយឱសថបំប៉នផ្លូវភេទបុរស ALPHA ត្រូវបានហាមឃាត់
ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១៩៖ ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃ មានគណនីឈ្មោះ កំលាំងពិតនៃបុរស កំពុងផ្សព្វផ្សាយលក់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ ALPHA គ្មានបញ្ជិកា និងគ្មានច្បាប់ពីក្រសួងសុខាភិបាលឡើយ ព្រមទាំងបានផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវដូចជា ធំ វែង រឹង រួមភេទបានយូរ និងជួយព្យាបាលខ្សោយបេះដូង គ្រលៀនទឹកនោមផ្អែម លើសឈាម តម្រងនោម សន្លាក់ ក្រពេញប្រូស្តាត ផ្តល់ថាមពលដល់រាងកាយ អ្នកអត់កូនយូរឆ្នាំក៏ជួយឲ្យមានកូនផងដែរ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើដែលនាំចូលផ្សព្វផ្សាយ លក់ ឬចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ ALPHA គ្មានបញ្ជិកានេះទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញលក់ ឬចែកចាយ អាចផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២,០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៦ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
- Dec 09, 2019 |
- 6 years ago |
- 10K views
សញ្ញាព្រមានទាំង ៧ដែលស្រ្តីមានផ្ទៃពោះគួរប្រុងប្រយ័ត្ន
ជារឿងចាំបាច់ណាស់ ដែលអ្នកត្រូវតែអាន និងសិក្សាបន្ថែមអំពីការមានផ្ទៃពោះរបស់អ្នកដើម្បីដឹងថាពេលណាជាសញ្ញាធម្មតាហើយពេលណាជាសញ្ញាព្រមាន។ ស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែមើលរំលងរោគសញ្ញាដែលកើតមានឡើងចំពោះខ្លួនព្រោះយល់ថាវាធម្មតាសម្រាប់ការមានផ្ទៃពោះ។ ប៉ុន្តែអ្នកជំនាញបានធ្វើការព្រមានថា មានរោគសញ្ញាមួយចំនួនស្ត្រីគួរតែយកចិត្តទុកដាក់ហើយប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ពុំដូច្នោះទេកូនក្នុងផ្ទៃអាចជួបគ្រោះថ្នាក់ជាមិនខាន។ ១. ចុកចាប់ក្នុងពោះ លាយឡំក្អួតចង្អោរ វាជារឿងធម្មតាដែលអ្នកតែងមានអាការៈចុកពោះ និងក្អួតចង្អោរខ្លះៗ អំឡុងពេលមានផ្ទៃពោះត្រីមាសដំបូង។ ប៉ុន្តែប្រសិនបើវាធ្ងន់ធ្ងរ ឬធ្វើឲ្យអ្នកខ្សោះជាតិទឹកនោះ ជាអ្វីដែលត្រូវយកចិត្តទុកដាក់។ ការក្អួតច្រើនជាងម្តងក្នុងមួយថ្ងៃ ហើយឈឺចាប់ទៀតនោះ អ្នកគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។ អ្នកអាចនឹងមានការចាញ់កូនធ្ងន់ធ្ងរដែលត្រូវការថ្នាំពីគ្រូពេទ្យ ថ្វីបើការចាញ់កូនធម្មតាមិនប៉ះពាល់អ្វីដល់កូនក៏ដោយ តែការដែលមិនអាចញ៉ាំអាហារបានដោយសារតែក្អួតអាចធ្វើឲ្យមានបញ្ហាបាន។ ២. ហូរឈាមតាមទ្វារមាសច្រើនខុសប្រក្រតី ថ្វីបើមាត់ស្បូនងាយនឹងដាច់ ឬធ្លាយ រហូតដល់មានការធ្លាក់ឈាមតិចៗ ឬខ្លាំង ព្រមទាំងក្តៅខ្លួន ឈឺចាប់ និងគ្រុនក្តៅ វាក៏ជាសញ្ញាដែលអ្នកត្រូវតែជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ចូរប្រាកដថាអ្នកគួរមានឧបករណ៍វាស់កម្តៅជាប់ខ្លួនផង។ ៣. ហូរទឹករំអិលពីទ្វារមាសជាប់រហូត ការហូរទឹករំអិលច្រើនជាប់រហូតអាចជាការបែកទឹកភ្លោះ ហើយក៏ជាករណីដែលអ្នកត្រូវទៅមន្ទីរពេទ្យឲ្យបានលឿន និងទាន់ពេលវេលា ព្រោះថាវាអាចបង្កគ្រោះថ្នាក់សម្រាប់ម្តាយ និងទារកផងដែរ។ ប៉ុន្តែ ប្រសិនបើអ្នកធ្លាប់មានការធ្លាក់ទឹកភ្លោះនៅសប្តាហ៍ទី ៣៧ អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញភ្លាម ពីព្រោះវាអាចជាសញ្ញានៃការសម្រាលកូនមិនគ្រប់ខែ។ ប៉ុន្តែលើសពីនេះ វាក៏អាចបង្កពីការគ្មានអនាម័យ និងសម្អាតមិនបានត្រឹមត្រូវដែលជាហេតុបណ្តាលឲ្យមានការធ្លាក់ទឹករំអិលផងដែរ។ ៤. ហើមជើង ដៃ ឬមុខភ្លាមៗ ប្រសិនបើប្រអប់ដៃ និងមុខស្រាប់តែហើមភ្លាមៗនៅត្រីមាសទី២ ឬទី៣ វាប្រហែលជាអាការៈនៃការកើនឡើងជាតិទឹកក្នុងខ្លួនច្រើនហើយ។ ផ្ទុយទៅវិញ បើអាការៈហើមជើង ដៃ និងមុខមិនបាត់ក្នុងរយៈពេល១២ម៉ោងទេនោះ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានលឿន ដើម្បីបញ្ចៀសពីបញ្ហាជំងឺត្រៀមក្រឡាភ្លើង ដែលជាផលវិបាកនៃការមានផ្ទៃពោះដ៏ធ្ងន់ធ្ងរ។ ៥. នោមញឹក និងនោមឈឺ បើទោះបីការនោមញឹកគឺជាអាការៈញឹកញាប់មួយកើតឡើងក្នុងពេលមានផ្ទៃពោះក៏ដោយ តែការនោមក្រហាយ និងឈឺចាប់ មិនមែនជារឿងល្អឡើយ ព្រោះវាជាសញ្ញានៃការបង្ករោគនៅប្លោកនោម ដែលកើតឡើងភាគច្រើនលើស្ត្រី ជាពិសេសស្ត្រីមានផ្ទៃពោះតែម្តង។ ចូរប្រាកដថា អ្នកត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យភ្លាម ប្រសិនជាអ្នកមានអាការៈទាំងនេះព្រោះដើម្បីជួយបង្ការផលវិបាកដូចជា កូនកើតមិនគ្រប់ខែ និងកើតមិនគ្រប់ទម្ងន់។ ដើម្បីបង្ការការបង្ករោគអ្នកគួរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ បត់ជើងតូចឲ្យអស់មុនពេល និងក្រោយពេលរួមភេទ។ ៦. កូនមិនសូវធាក់ នៅត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ អ្នកនឹងតាមដានឃើញថាកូនធាក់ពោះច្រើន។ គ្រូពេទ្យជំនាញភាគច្រើនណែនាំឲ្យមានការតាមដានទៅលើការលូតលាស់របស់កូនពី ២ ទៅ៣ដងក្នុងមួយថ្ងៃ និងរកមើលការធ្វើចលនាចំនួន ១០ដងក្នុងរយៈពេល ១០នាទី។ ប្រសិនជាអ្នកព្យាយាមរាប់ ហើយអត់ដឹងទៀតនោះ ចូរទទួលទានទឹកផ្លែឈើមួយកែវ ហើយគេងផ្អៀងមកខាងឆ្វេងក្នុងបន្ទប់ស្ងាត់រយៈពេលកន្លះម៉ោង។ ផ្ទុយទៅវិញ បើក្រោយពីសាកល្បងរាប់ ហើយអត់ដឹងចលនាកូនទៀតឬក្រោយពី ២ម៉ោង ហើយរាប់មិនបាន ១០ដងទេ ចូរទាក់ទងជាមួយគ្រូពេទ្យភ្លាមៗ។ ៧. ក្តៅខ្លួនខ្លាំងលើសពី ៣៩អង្សា និងគ្រុនផ្តាសាយ ក្តៅខ្លួនមិនមែនជារឿងល្អទេ តែបើកើតឡើងនៅពេលមានផ្ទៃពោះទៀតរឹតតែប៉ះពាល់ដល់សុខភាពកូនបាន។ ការលូតលាស់ និងធំធាត់របស់ទារកក្នុងផ្ទៃគឺពឹងផ្អែកទៅលើរាងកាយម្តាយអាចថែរក្សាសីតុណ្ហភាពឲ្យនៅសុខភាពល្អបាន។ ការដែលក្តៅខ្លួនពេកក្នុងពេលមានផ្ទៃពោះក្នុងត្រីមាសដំបូង អាចធ្វើឲ្យស្ត្រីប្រឈមខ្ពស់នឹងការរលូតកូន។ យ៉ាងណាមិញ វាអាចជាសញ្ញានៃការបង្ករោគ ឬបញ្ហាណាមួយដែល អ្នកគួរតែទៅជួបវេជ្ជបណ្ឌិតឯកទេសជាបន្ទាន់។ ត្រីមាសទីមួយជាពេលវេលាសំខាន់ក្នុងអំឡុងពេលមានផ្ទៃពោះព្រោះអ្នកជាម្តាយត្រូវធ្វើការប្រុងប្រយ័ត្នខ្លាំងដើម្បីធានាឲ្យបានពីការគំរាមរលូតក្នុងដំណាក់កាលនេះ។ ដូចនេះ ការស្វែងយល់ពីអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើគឺពិតជាមានសារសំខាន់ណាស់សម្រាប់អ្នក។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៦ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
- Dec 06, 2019 |
- 6 years ago |
- 3.3K views
ស្បែកស្រអាប់ និងមិនរាបស្មើអាចជាសញ្ញានៃជំងឺ Cellulite
Cellulite ជាការកកនៃជាតិខ្លាញ់នៅក្រោមស្បែកដែលជាលទ្ធផលធ្វើឲ្យស្បែកមានសភាពស្រអាប់ និងលក្ខណៈរដិបរដុបមិនរាបស្មើ កើតមានពិសេសនៅលើភ្លៅ ចង្កេះ និងគូទ ហើយភាគច្រើនតែងកើតមានចំពោះស្ត្រីក្នុងកម្រិតពី ៨០%ទៅ៩០%។ ជាទូទៅ Cellulite ត្រូវបានចែកចេញជា៣ប្រភេទរួមមាន៖ • Soft Cellulite៖ ស្បែកមានទម្រង់ជាអង្កាញ់ៗដូចទឹករលក និងទន់ពេលស្ទាប ដែលភាគច្រើនមានទីតាំងនៅលើដៃ ភ្លៅ ពោះ គូទ ហើយជាញឹកញាប់កើតចំពោះមនុស្សចាស់ និងអ្នកលើសទម្ងន់។ • Hard Cellulite ឬ Solide Cellulite៖ សភាពនៃស្បែកផ្ទៃខាងលើមានលក្ខណៈរឹង កើតមានចំពោះក្មេងទើបនឹងពេញវ័យ ពិសេសនៅចង្កេះ ភ្លៅ គូទ និងជង្គង់ អាចមានការឈឺចាប់ពេលស្ទាប។ • Edematous Cellulite៖ កើតមានលើស្ត្រីនៅចន្លោះអាយុ ២០ ទៅ៣០ឆ្នាំ។ Cellulite ច្រើនកើតមាននៅលើជើងផ្នែកខាងក្រោម ភ្លៅ និង ជង្គង់ កត់សម្គាល់ដោយមានសញ្ញាធ្ងន់ៗជើងនិងមានអារម្មណ៍ថាហើមជើង ហើយអាចមានការឈឺចាប់ពេលស្ទាប។ មូលហេតុ និងកត្តាបង្ក ពុំមានវិទ្យាសាស្ត្រណាមួយអាចបកស្រាយអំពីមូលហេតុពិតប្រាកដនៃការបង្កឲ្យមានបញ្ហានេះបានឡើយតែជាក់ស្តែង cellulite ជាបញ្ហាដែលទាក់ទងនឹងកត្តាមួយចំនួនដូចជា៖ • កត្តាហ្សែន ករណីម្តាយ ឬឪពុកធ្លាប់មានបញ្ហានេះ • កត្តាអ័រម៉ូន • ការរស់នៅសុខស្រួលពេក មិនបានបញ្ចេញកម្លាំងពលកម្ម ឬធ្វើលំហាត់ប្រាណ • របបអាហារ ឬការទទួលទានប្រចាំថ្ងៃមិនមានសមាមាត្រ គ្មានតុល្យភាព ឬមិនសមស្រប។ រោគសញ្ញា រោគសញ្ញានៃ cellulite មិនអាចមើលដឹងបាននៅដំណាក់កាលដំបូងឡើយ។ លក្ខខណ្ឌម៉្យាងវិញទៀតអ្នកជំងឺអាចកត់សម្គាល់ឃើញនូវសញ្ញាមួយចំនួនដូចជាស្បែកមានលក្ខណៈស្រអាប់និងមិនស្មើសាច់រដិបរដុប ហៅថា ”Orange Peel“ Skin កើតមានជាពិសេសនៅលើពោះ ភ្លៅ និងគូទជាដើម។ ជួនកាលអាចកើតមាននៅលើដោះ និងដៃផ្នែកខាងលើ។ ការធ្វើរោគវិនិច្ឆ័យ Cellulite ត្រូវបានធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យជំនាញតាមរយៈការប្រើដៃច្របាច់ត្រង់ទីតាំងសង្ស័យដើម្បីមើលសញ្ញាណនៃភាពមិនស្មើសាច់របស់ស្បែកហៅថា "Orange Peel" Skin។ គួរបញ្ជាក់ថាសញ្ញាមិនរាបស្មើនៃស្បែកនៅដំណាក់កាលទី១ពុំអាចមើលឃើញឡើយទាល់តែចូលដល់ដំណាក់កាលទី ២ទើបអាចសម្គាល់បានដោយប្រើដៃច្របាច់ស្បែកហើយមិនអាចមើលឃើញពេលអ្នកជំងឺឈរ ឬអង្គុយ។ ម៉្យាងទៀតនៅដំណាក់កាលទី៣ សញ្ញានៃ cellulite អាចមើលឃើញពេលអ្នកជំងឺឈរ ហើយមិនអាចឃើញពេលអ្នកជំងឺអង្គុយ រីឯដំណាក់កាលទី៤អាចមើលឃើញច្បាស់ពេលអ្នកជំងឺឈរ ឬពេលអង្គុយ។ វិធីសាស្រ្តព្យាបាល អ្នកជំងឺមានបញ្ហា cellulite អាចធ្វើការព្យាបាលបានដោយវិធីសាស្ត្ររួមបញ្ចូល (Combination Therapy)សំខាន់ៗរួមមាន៖ • Acoustic wave therapy ជាឧបករណ៍ដោយបញ្ជូនរលកសំឡេង (sound waves) សម្រាប់ព្យាបាលទីតាំងមាន cellulite។ • ការប្រើប្រាស់កាំរស្មីឡាសែរដើម្បីឲ្យដំណើរការរចនាសម្ព័ន្ធរបស់ស្បែកត្រឡប់មកធម្មតាវិញក្នុងន័យដើម្បីបន្ថយការកកនៃជាតិខ្លាញ់ និងសម្រួលសរសៃកូឡាជែនឲ្យរឹងមាំនៅទីតាំងទាំងនោះ។ • Radiofrequency ជាការប្រើអេឡិចត្រូនិកដើម្បីបញ្ចេញកម្តៅតិចៗលើស្បែកដែលកើតមាន cellulite។ • Liposuction ជាការបញ្ចូលបំពង់ទុយោរតូចទៅក្រោមស្បែកដើម្បីបឺតយកខ្លាញ់ចេញ បច្ចេកទេសនេះអាចមានការឈឺចាប់ និងទាមទារការព្យាបាលដោយមានការប្រុងប្រយ័ត្ន។ • Ultrasound Cavitation Machine ជាការប្រើរលកសំឡេង និងម៉ាស្សាទៅភ្ញោចកាត់បន្ថយខ្លាញ់ក្រោមស្បែកនៅផ្នែកពោះ ភ្លៅ និងជើង។ ប្រសិទ្ធភាពនៃការព្យាបាល cellulite នឹងអាចបង្ហាញចេញបន្ទាប់ពីការព្យាបាលជាបន្តបន្ទាប់រយៈពេលពី ៦ខែទៅ១ឆ្នាំក្រោយ។ បន្ថែមពីលើការព្យាបាលខាងលើ ឬដើម្បីឲ្យការព្យាបាលនេះកាន់តែទទួលបានលទ្ធផលល្អអ្នកជំងឺត្រូវធ្វើលំហាត់ប្រាណបន្ថែមជាទៀងទាត់ និងគ្រប់គ្រងរបបអាហារឲ្យបានសមស្រប។ វិធីសាស្រ្តបង្ការ • ហាត់កីឡា ឬធ្វើលំហាត់ប្រាណជាប្រចាំ និងជាទៀងទាត់ • គ្រប់គ្រងការទទួលទាន ឬអាហារប្រចាំថ្ងៃឲ្យមានតុល្យភាពនិងសមស្រប • ជួបនិងប្រឹក្សាជាមួយគ្រូពេទ្យឯកទេសឲ្យបានលឿនបំផុតបើមានករណីសង្ស័យណាមួយបង្ហាញឡើង។ សូមស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវតាមជំនាញស្របនឹងបញ្ហារបស់អ្នកដើម្បីទទួលបានប្រសិទ្ធភាពប្រកបដោយទំនុកចិត្តនិងចំណេញពេលវេលា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ដេង អង្គាបុស្ស នាយផ្នែករងផ្នែកជំងឺសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាលេខាធិការរង នៃសមាគមគ្រូពេទ្យសើស្បែកកម្ពុជា អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
- Dec 05, 2019 |
- 6 years ago |
- 2.6K views
មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា(SGMC)៖ ផ្ដល់ជូនអំណោយសុខភាពពិសេសសម្រាប់ឆ្នាំថ្មី
ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) បានប្រកាសអំពីកម្មវិធីប្រម៉ូសិនជាបន្តបន្ទាប់ដែលបានដាក់ដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០១៩។ ស្របទៅតាមគោលដៅរបស់ SGMC ដើម្បីក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រឈានមុខគេក្នុងការផ្ដល់នូវសេវាកម្មវេជ្ជសាស្ត្រប្រកបដោយសុខុមាលភាព កម្មវិធីប្រម៉ូសិនចុងឆ្នាំពិសេសនេះត្រូវបានផ្ដល់ជូនសម្រាប់សេវាកម្មវេជ្ជសាស្ត្រ និងថែទាំសុខភាពពិសេសមួយចំនួនដើម្បីជួយបំពេញតម្រូវការរបស់អ្នកជំងឺ និងអតិថិជនផ្នែកសេវាថែទាំសុខភាពសម្រាប់នាឱកាសឆ្នាំថ្មីខាងមុខនេះព្រមទាំងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសារសំខាន់ និងគុណតម្លៃនៃការព្យាបាលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តព្រមទាំងដើម្បីលើកកម្ពស់ទម្លាប់រស់នៅឲ្យកាន់តែប្រសើរឡើងថែមទៀត ដែលរួមមាន៖ កម្មវិធីប្រូម៉ូសិនទី១៖ ការពិនិត្យរកមហារីកសុដន់ កាដូសុខភាពដ៏ពិសេសសម្រាប់អ្នកនិងមនុស្សជាទីស្រលាញ់ដោយចំណាយត្រឹមតែ ៩៩ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ (តម្លៃដើម ១៥០ដុល្លារសហរដ្ឋអាមេរិក) រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ អ្នកជំងឺអាចធ្វើការណាត់ជួបដើម្បីទទួលបានការពិនិត្យមើលមហារីកសុដន់រួមជាមួយនឹងការឆ្លុះអេកូសុដន់ដើម្បីរកឃើញជំងឺមហារីកឲ្យបានទាន់ពេលវេលា។ កម្មវិធីប្រូម៉ូសិនទី២៖ ការពិនិត្យសុខភាព ការការពារគឺជាគោលការណ៍ដ៏មុតមាំរបស់ SGMC ដូចនេះយើងខ្ញុំនឹងផ្ដល់នូវការបញ្ចុះតម្លៃ ១០% ចំពោះកញ្ចប់សេវាកម្មពិនិត្យសុខភាពសម្រាប់បុរសនិងនារី។ ដោយមានការពិនិត្យសុខភាពច្រើនប្រភេទចាប់ពីការពិនិត្យទូទៅដល់ការពិនិត្យទូលំទូលាយ សេវាកម្មពិនិត្យសុខភាពរបស់ SGMC ផ្ដល់ឲ្យអ្នកជំងឺនូវការវាយតម្លៃស្ថានភាពសុខភាពគ្រប់ជ្រុងជ្រោយ កំណត់ពីហានិភ័យវេជ្ជសាស្ត្រ និងសុខភាពនៅគ្រប់សរីរាង្គ និងរបៀបព្យាបាល និងដោះស្រាយហានិភ័យមុននឹងអាការៈទាំងនេះក្លាយជាបញ្ហាសុខភាពធ្ងន់ធ្ងរ។ កម្មវិធីប្រូម៉ូសិនទី៣៖ ការព្យាបាលដោយប្រើកំអែភ្នំភ្លើង (Holistic Wellness) SGMC នឹងផ្ដល់នូវសេវាកម្មថ្មីដែលមានតែមួយគត់នៅប្រទេសកម្ពុជា នោះគឺការព្យាបាលដោយដេកកប់ដោយកំអែខ្សាច់ភ្នំភ្លើងជាមួយនឹងការបញ្ចុះតម្លៃនៅសល់ត្រឹមតែ ៦០ដុល្លារតែប៉ុណ្ណោះ។ អំណោយចុងឆ្នាំដ៏ពិសេសសម្រាប់គ្រួសារនិងមិត្តភក្តិនេះកំពុងបន្តរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ គឺការបញ្ចុះតម្លៃដល់ទៅ ៦០% (តម្លៃដើម ១៥០ ដុល្លារ)។ SGMCបានបង្កើតជាបទពិសោធន៍បែប Ibuski Onsen បែបប្រពៃណីរបស់ជប៉ុនដោយប្រើវិស្វកម្មទំនើបៗ ជាមួយរ៉ែភ្នំភ្លើងដែលមានអាល់កាឡាំងខ្ពស់ ដែលអាចជួយបណ្តេញជាតិពុលនិងប្រឆាំងនឹងការរលាកនាំមកនូវឥទ្ធិពលវិជ្ជមានជាច្រើនដល់រាងកាយ។ ការព្យាបាលដោយកំអែភ្នំភ្លើងនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជាជួយសម្រាលការឈឺសាច់ដុំនិងរលាកនិងបង្កើនប្រព័ន្ធភាពស៊ាំ។ ចំណែកឯអាល់កាឡាំងនៃខ្សាច់កំអែភ្នំភ្លើងសម្បូរទៅដោយសារធាតុរ៉ែធ្វើឲ្យមានប្រសិទ្ធភាពបន្សាបជាតិពុលខ្ពស់។ កម្មវិធីប្រូម៉ូសិនទី ៤៖ កាតអុីអន (AEON Card) អ្នកកាន់ប័ណ្ណឥណទានអុីអនទាំងអស់ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២០ មានសិទ្ធិទទួលបានការពិគ្រោះយោបល់ផ្នែកវេជ្ជសាស្រ្ត ១០% និងបញ្ចុះតំលៃ ១៥% លើកញ្ចប់ពិនិត្យសុខភាពទាំងបុរសនិងស្ត្រី។ លោក Anthony Tan អគ្គនាយកប្រចាំ DrMap កម្ពុជា បានមានប្រសាសន៍ថា “ចាប់តាំងពីពេលបើកដំណើរការមកយើងពិតជាមានកិត្តិយសក្នុងការបម្រើសេវាកម្មជូនអតិថិជនរបស់យើង និងជួយពួកគាត់ឲ្យទទួលបានសុខុមាលភាពក្នុងជីវិតប្រសើរបំផុត ហើយសេវាកម្មរបស់យើងគឺជាមធ្យោបាយមួយដើម្បីកសាងប្រទេសកម្ពុជាឲ្យមានសុខភាពល្អ”។ SGMC ប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការកសាងទិសដៅថែទាំសុខភាពប្រកបដោយសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តដំបូងគេបង្អស់ និងល្អវិសេសវិសាលបំផុតសម្រាប់ប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ផ្នែកទំនាក់ទំនងសាធារណៈក្រុមហ៊ុន Two Way ជាន់ទី 2 ផ្ទះលេខ 5 ផ្លូវលេខ282 សង្កាត់បឹងកេងកង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា hello@twowaypr.com www.twowaypr.com មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី SGMC អាគារដឹប្រ៊ីដ ,លេខ៥ ជាន់ទី៣A, ផ្លូវរដ្ឋសភាជាតិ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា info@sgmc.com.kh www.sgmc.com.kh 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
- Dec 05, 2019 |
- 6 years ago |
- 3.6K views
៧ គន្លឹះដើម្បីស្រកទម្ងន់រហ័ស និងមានសុវត្ថិភាព
ការស្រកទម្ងន់ច្រើនពេកក្នុងរយៈពេលខ្លី ក៏មិនប្រាកដថាល្អចំពោះសុខភាពដែរ តែក្នុងករណីខ្លះចាំបាច់ យើងក៏ត្រូវស្រកឲ្យបានច្រើនតាមដែលអាចធ្វើបាន។ បើសិនជាចង់ដឹងថា សម្រាប់ការសម្រកទម្ងន់រហ័ស និងមានសុវត្ថិភាពចំពោះសុខភាព គួរតែធ្វើអ្វីខ្លះនោះ សូមបន្តអាននូវចំណុចខាងក្រោមនេះ… ១. ញ៉ាំអាហារស្រស់ និងអាហារដែលមិនឆ្លងកាត់ការចម្រាញ់ច្រើន ក្នុងអំឡុងពេលដែលអ្នកប្រាថ្នាចង់ឲ្យឆាប់ស្រកទម្ងន់ក្នុងរយៈពេលមិនយូរ អ្នកគួរតែចៀសវាងនូវអាហារដែលឆ្លងកាត់ការចម្រាញ់ច្រើន ហើយទទួលទានអាហារស្រស់ៗឲ្យបានច្រើន ដែលក្នុងនោះ រួមមានបន្លែ ផ្លែឈើ ពពួកសណ្តែក… ដែលធ្វើឲ្យអ្នកឆាប់ឆ្អែត ហើយក៏ងាយស្រួលក្នុងការញ៉ាំផងដែរ។ ២. ញ៉ាំកាបូអុីដ្រាតកម្រិតទាប តែប្រូតេអុីនគ្មានជាតិខ្លាញ់ឲ្យបានច្រើន ការទទួលទានអាហារដែលមានកម្រិតកាបូអុីដ្រាតទាប (មាននៅក្នុងបន្លែបៃតង ត្រី គ្រាប់ធញ្ញជាតិ…) តែក្នុងរយៈពេលប៉ុន្មានថ្ងៃ ក៏អាចឲ្យអ្នកស្រកគីឡូបានខ្លះដែរតាមរយៈការបន្ថយនូវបរិមាណខ្លាញ់ និងទម្ងន់ទឹកដែលលើស។ ស្របពេលជាមួយគ្នា អ្នកត្រូវបន្ថែមនូវប្រូតេអុីន (ពពួកសណ្តែក ដំឡូង ស៊ុត ត្រីធូណា ត្រីសាល់ម៉ុន…) ទៅក្នុងរបបអាហារឲ្យបានច្រើនដើម្បីឲ្យឆាប់ឆ្អែត និងបង្កើនសកម្មភាពរំលាយអាហារ។ ៣. កាត់បន្ថយបរិមាណកាល់ឡូរី បើអ្នកមិនទទួលទានកាល់ឡូរីតិចទេ ទម្ងន់ និងបរិមាណខ្លាញ់របស់អ្នកក៏មិនថយចុះដែរ។ អ្នកអាចសាកល្បងនូវវិធីទាំងនេះដោយធ្វើការរាប់ ឬកត់ត្រានូវបរិមាណកាល់ឡូរីដែលអ្នកទទួលទាន ញ៉ាំតែអាហារគោលៗ (ចៀសវាងអាហារសម្រន់) កាត់បន្ថយគ្រឿងទេស និងទឹកជ្រលក់ដែលមានកាល់ឡូរីខ្ពស់ ញ៉ាំប្រូតេអុីនមានជាតិខ្លាញ់ទាប (សាច់មាន់ ត្រី…)។ ៤. រៀបចំកាលវិភាគនៃការតមអាហារផ្ទាល់ខ្លួន មានកាលវិភាគ ក៏ដូចជាក្បួនខ្នាតមួយចំនួនដែលអ្នកអាចសាកល្បងបានទៅតាមចំណូលចិត្ត និងការប្តេជ្ញាចិត្តរបស់អ្នក ក្នុងនោះមានដូចជា ការតមអាហារ ៥ម៉ោងក្រោយអាហារនីមួយៗជារៀងរាល់ថ្ងៃ ការតមអាហារ ២ថ្ងៃក្នុងមួយសប្តាហ៍ ដោយញ៉ាំតែក្នុងបរិមាណតិច ឬតែក្នុងអំឡុងពេលម៉ោងក្រោយអាហារនីមួយៗ។ល។ យ៉ាងណាមិញ អ្នកគួរតែកុំតមក្នុងថ្ងៃដូចគ្នានឹងថ្ងៃដែលអ្នកហាត់ប្រាណ ឬហាត់កីឡា។ ៥. ហាត់កីឡាលើកដុំដែក និងលំហាត់ប្រាណបែប High-Intensity Interval ការស្រាវជ្រាវបង្ហាញថា ការហាត់ប្រាណបែប High-Intensity Interval (ដែលភាគច្រើនប្រើប្រាស់ថាមពលខ្លាំង និងបង្កើនចង្វាក់បេះដូងខ្ពស់) មានប្រសិទ្ធភាពក្នុងការសម្រកខ្លាញ់ និងទម្ងន់ដល់ទៅ ៥ដងជាងលំហាត់ប្រាណធម្មតា។ ចំណែកឯការលើកដុំដែក ក៏ជួយកាត់បន្ថយខ្លាញ់មិនល្អ ហើយក៏ជួយពន្លឿនល្បឿននៃការស្រកទម្ងន់តាមរយៈការសម្រួលដល់ចលនារំលាយអាហារ និងអ័រម៉ូនកម្ចាត់ជាតិខ្លាញ់ទៀតផង។ អ្នកគួរធ្វើវាយ៉ាងតិច ៣ទៅ ៤ដងក្នុងមួយសប្តាហ៍។ ៦. កម្ចាត់ចោលនូវបរិមាណជាតិទឹកដែលលើស មានវិធីសាស្ត្រមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីសម្រាល ក៏ដូចជាច្រានចោលនូវទម្ងន់នៃបរិមាណទឹកដែលលើស។ ជាក់ស្តែង ការញ៉ាំកាហ្វេ ការញ៉ាំទឹកមានសារធាតុអេឡិចត្រូលីតអាចកាត់បន្ថយបញ្ហាស្ត្រេស ការទទួលទានសារធាតុបំប៉នខ្លះ ក៏ដូចជាអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់… សុទ្ធតែអាចជួយអ្នកបានយ៉ាងមានប្រសិទ្ធភាព។ ៧. មានជីវភាពរស់នៅដែលសកម្ម ការប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅប្រចាំថ្ងៃដែលសកម្ម ក៏អាចជាចំណែកមួយដ៏សំខាន់ក្នុងការសម្រកទម្ងន់បានរហ័សផងដែរ។ អ្នកគួរតែមានទម្លាប់ងាយៗមួយចំនួនដូចជា ដើរ ឬជិះកង់ទៅទីកន្លែងមួយចំនួន ប្រើជណ្តើរជើងជំនួសឲ្យជណ្តើរយន្ត ឬជណ្តើរប្រអប់ ដើរលេងកម្សាន្តនៅខាងក្រៅ ឈរឲ្យត្រង់ខ្លួនឲ្យបានច្រើន បោសសម្អាតផ្ទះ រៀបចំសួនច្បារ ឬសួនផ្កា។ល។ គួរបញ្ជាក់ផងដែរថា អ្នកមិនចាំបាច់អនុវត្តតាមគ្រប់ចំណុចក៏បានដែរ តែបើធ្វើបានកាន់តែច្រើន នឹងរឹតតែប្រសើរ… អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
