Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ទម្រង់នៃការរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃម៉្យាងត្រូវបានហៅថា Cholesteatoma ត្រចៀក បង្កឡើងពីកោសិកាស្បែកប្រភេទ épithélium pavimenteux ឬ simple squamous epithelium ដែលជ្រៀតចូលទៅក្នុងត្រចៀកកណ្តាល មានដំណើរវិវឌ្ឍយ៉ាងស្ងៀមស្ងាត់ឈានដល់កូនឆ្អឹងតូចៗ (Auditory Ossicle) នៃត្រចៀកកណ្តាល។ Cholesteatoma ត្រចៀកជាបញ្ហាចោទធ្ងន់ធ្ងរបំផុតមួយដែលពិបាកព្យាបាល បើប្រៀបធៀបជាមួយជំងឺកើតលើត្រចៀកផ្សេងទៀត។ បច្ចុប្បន្ន ប្រជាជនកម្ពុជាហាក់មានការប្រឈមច្រើនគួរឲ្យកត់សម្គាល់ ដោយសារពុំមានទម្លាប់ថែរក្សា និងត្រួតពិនិត្យត្រចៀកជាប្រចាំ រហូតទាល់តែមានសញ្ញា ឬឈឺទើបសម្រេចចិត្តមកជួបប្រឹក្សាជាមួយគ្រូពេទ្យ។ ជាក់ស្តែង Cholesteatoma កើតមានជាពិសេសចំពោះបុគ្គលមានបញ្ហារលាកត្រចៀករ៉ាំរ៉ៃ ដែលភាគច្រើននៅចន្លោះអាយុពី៥ឆ្នាំ ទៅ១៥ឆ្នាំ។ មូលហេតុ ការរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃដែលជា Cholesteatoma កើតមានឡើងដោយសារមូលហេតុសំខាន់ៗរួមមាន៖ • ជំងឺដក់ទឹកក្នុងត្រចៀកកណ្តាលរ៉ាំរ៉ៃរយៈពេលយូរដែលបង្កឲ្យក្រដាសត្រចៀកកាន់តែស្តើង ប៉ះពាល់ដល់ភាពស្វិតនៃក្រដាសត្រចៀកធ្វើឲ្យក្រដាសត្រចៀកផតចូលក្នុង បន្ទាប់មកស្បែកនៅត្រចៀកខាងក្រៅលូនចូលទៅក្នុងតាមការផតនៃក្រដាសត្រចៀក ប៉ះពាល់ដល់ត្រចៀកកណ្តាល។ • អ្នកជំងឺធ្លាយក្រដាសត្រចៀក មានន័យថាគ្មានរនាំងការពាររយៈពេលយូរ ធ្វើឲ្យស្បែកនៅខាងក្រៅដុះលូនចូលទៅក្នុងត្រចៀកបង្កជា Cholesteatoma។ • មូលហេតុពីកំណើត គឺក្នុងពេលបង្កកំណើតទារកមានដុះនូវកោសិកាស្បែកមួយតូចនៅក្នុងត្រចៀកកណ្តាលតែម្តង ដែលកោសិកានេះលូតលាស់កាន់តែធំតាមវ័យ។ • អ្នកជំងឺមានបញ្ហាហូរសម្បោររ៉ាំរ៉ៃ មានខ្ទុះក្នុងច្រមុះ ឬមានដុះសាច់បំពង់កនៅផ្នែកខាងក្រោយ បង្កឲ្យស្ទះ និងរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ ដោយសារការស្ទះខ្យល់ក្នុងត្រចៀកដែលរ៉ាប់រងដោយ eustachain tube (សរីរាង្គដង្ហើមត្រចៀកមកបំពង់ក)។ • ការធ្លាយក្រដាសត្រចៀក ដោយសារការសម្អាតត្រចៀកខ្លួនឯង និងមិនបានប្រឹក្សាជាមួយគ្រូពេទ្យជំនាញ។ រោគសញ្ញា និងផលវិបាក Cholesteatoma មានដំណើរវិវឌ្ឍយ៉ាងស្ងប់ស្ងាត់ដោយដំបូងពុំធ្វើឲ្យអ្នកជំងឺមានសញ្ញាណាមួយឡើយ ឬមានត្រឹមអាការៈតិចតួចដែលមិនគួរឲ្យចាប់អារម្មណ៍ឬកត់សម្គាល់ឡើយ។ ភាគច្រើន អ្នកជំងឺអាចលេចចេញនូវសញ្ញាសម្គាល់ច្បាស់នៅពេលមានភាពធ្ងន់ធ្ងរទៅហើយរួមមានការឈឺចាប់ក្នុងត្រចៀកមួយចំហៀង ហូរខ្ទុះតាមត្រចៀក ឬហៅថាអំបៅអំបែកដែលមានក្លិនមិនល្អ ថយចុះសមត្ថភាពក្នុងការស្តាប់ឬរហូតបាត់បង់ការស្តាប់ និងវិលមុខ ដែលជាអាការៈបន្ទាប់បន្សំតែងជួបប្រទះ។ បន្ទាប់ពីរោគសញ្ញាកើតមានឡើងយូរខែ ឬយូរឆ្នាំដោយពុំបានទទួលការព្យាបាលត្រឹមត្រូវ នោះអ្នកជំងឺអាចនឹងប្រឈមជាមួយផលវិបាក នៅពេលប៉ះពាល់ដល់សរសៃប្រសាទទី៧ ដែលនាំឲ្យអ្នកជំងឺវៀចមាត់។ ម៉្យាងទៀត បញ្ហានេះអាចបង្កឲ្យរលាកឆ្អឹង mastoid ផ្នែកខាងក្រោយ ដែលបន្តរហូតរលាកត្រចៀកផ្នែកខាងក្នុង ហើយធ្វើឲ្យអ្នកជំងឺថ្លង់។ ប្រសិនបើមានការបង្ករោគដល់ Vestibular អ្នកជំងឺនឹងលេចចេញនូវអាការៈវិលមុខញឹកញាប់។ នៅទីបំផុតមេរោគអាចបង្កឲ្យមានរលាកស្រោមខួរក្បាល ឬរហូត មានខ្យល់ក្នុងខួរក្បាល និងអាប់សែខួរក្បាល ដែលធ្វើឲ្យអ្នកជំងឺស្លាប់បាន។ ការធ្វើរោគវិនិច្ឆ័យ ករណីសង្ស័យ អ្នកជំងឺនឹងតម្រូវឲ្យពិនិត្យដោយឆ្លុះត្រចៀក (Autoscope) ដែលអាចរកឃើញនូវដំបៅនៅផ្នែកខាងលើនៃក្រដាសត្រចៀក និងនៅគែមក្រដាសត្រចៀក ករណីធ្លាយ រួមជាមួយការសម្គាល់ឃើញដុំសៗច្រើន។ បើការពិនិត្យដោយឆ្លុះពុំអាចញែកបានឬរកមិនឃើញនោះអ្នកជំងឺនឹងតម្រូវឲ្យពិនិត្យដោយស៊ីធីស្គែន មើលលើឆ្អឹងត្រចៀក ឬរកមើលទីតាំង Cholesteatoma។ បន្ថែមពីការពិនិត្យទាំង ២ខាងលើ អ្នកជំងឺអាចនឹងត្រូវវាស់កម្រិតនៃការស្តាប់ដោយaudiogram ឬ PTA (Pure Tone audiometry) ព្រោះថាមានតែអ្នកជំងឺ cholesteatoma ប៉ុណ្ណោះដែលប៉ះពាល់ដល់ឆ្អឹងតូចៗនៅត្រចៀកកណ្តាលប្រសិនការស្តាប់ធ្លាក់ចុះខ្លាំង នោះមានន័យថា មានការខូចខាតកូនឆ្អឹង ឬការបញ្ជូនសំឡេងដាច់នៅផ្នែកណាមួយ។ វិធីសាស្ត្រព្យាបាល គួរបញ្ជាក់ថា គ្មានប្រភេទថ្នាំណាមួយដែលអាចព្យាបាល Cholesteatoma បានឡើយក្រៅពីការវះកាត់។ ជាទូទៅ ការវះកាត់នេះ ធ្វើឡើងនៅផ្នែកខាងក្រោយនៃត្រចៀកដើម្បីសម្អាតផ្នែករលាក ឬផ្នែកបង្ករោគ និងឆ្អឹងដែលខូចខាតចេញឲ្យអស់។ ការវះកាត់ Cholesteatoma ត្រចៀក ជាប្រភេទនៃការវះកាត់ពិបាកមួយ ដោយសារសរីរាង្គត្រចៀកមានទំហំតូចដែលមិនអាចមើលឃើញច្បាស់ដោយភ្នែកទទេនិងតម្រូវឲ្យប្រើមីក្រូទស្សន៍ពង្រីកក្នុងការវះកាត់។ ម៉្យាង សរីរាង្គត្រចៀកមានសរសៃច្រើនពិសេសសរសៃប្រសាទទី៧នៅផ្នែកខាងក្រោមបាតត្រចៀកដែលងាយនឹងប៉ះពេលវះកាត់ ក្នុងករណី Cholesteatoma ប៉ះដល់ឆ្អឹងការពារជុំវិញសរសៃប្រសាទនេះ។ វិធីសាស្រ្តការពារ • សម្អាតច្រមុះកុមារជានិច្ច ប្រសិនពួកគេតែងមានអាការៈតឹងច្រមុះ ឬហៀរសម្បោរជាប្រចាំ • ស្វែងរកការប្រឹក្សា និងព្យាបាលប្រសិនមានជំងឺដុះសាច់បំពង់កផ្នែកខាងក្រោយដែលតែងបង្ហាញចេញជាការស្រមុកខ្លាំង។ គួរចៀសវាងការសម្អាតត្រចៀកដោយខ្លួនឯង ដោយហេតុថាវាអាចចម្លងមេរោគផ្សិត ឬបង្កឲ្យធ្លាយក្រដាសត្រចៀក និងត្រូវជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសឲ្យបានឆាប់បំផុតបើមានសញ្ញានៃបញ្ហាត្រចៀកណាមួយកើតឡើង។ បកស្រាយដោយ៖ សាស្រ្តាចារ្យ សុខ គួង អនុប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ប្រហែលជាមានអ្នកខ្លះយល់ឃើញថា បើនៅទំនេរមិនធ្វើអ្វីសោះ ចេះតែមានអារម្មណ៍ថាខ្លួនឯងមិនបានការ ឬមិនមានប្រយោជន៍អ្វីសោះ ទើបតែងតែរៀបកាលវិភាគមមាញឹកសម្រាប់ខ្លួនឯង តែពួកគាត់មិនបានដឹងទេថាការធ្វើបែបនេះបាននិងកំពុងតែធ្វើឲ្យជីវិតរបស់ខ្លួនពិបាកក្នុងការមានតុល្យភាពការងារ-ជីវិតហើយក៏មានអ្នកខ្លះដាក់សម្ពាធចំពោះខ្លួនឯងក្នុងការសម្រេចគោលដៅជីវិតពេករហូតដល់ភ្លេចគិតពីសុខមាលភាពផ្លូវចិត្តរបស់ខ្លួន។ ប្រសិនបើអ្នកគិតថា ខ្លួនឯងហាក់ដូចជាបាត់បង់នូវរសជាតិជីវិត ឬជីវិតដែលមានគុណភាពនោះ អ្នកគួរងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់អាននូវសំណួរ-ចម្លើយខ្លីៗអំពីតុល្យភាពការងារ-ជីវិតខាងក្រោមនេះ… សំណួរ៖ អ្វីទៅជា«តុល្យភាពការងារ-ជីវិត»? ចម្លើយ៖ «តុល្យភាពការងារ-ជីវិត» សំដៅទៅលើតុល្យភាពរវាងការប្រកបកិច្ចការងារនិងជីវិតគ្រួសារការកម្សាន្ត ឬអាចនិយាយបានថាជាជីវិតដែលមិនទន់ទោរទៅលើខាងណាខ្លាំង ដោយមានការបែងចែកពេលវេលា២៤ម៉ោង/ថ្ងៃ បានល្អ។ សំណួរ៖ តើ «តុល្យភាពការងារ-ជីវិត» មានសារសំខាន់អ្វីខ្លះចំពោះប្រសិទ្ធភាពការងារ? ចម្លើយ៖ - បង្កើនប្រសិទ្ធភាពការងារ - កាត់បន្ថយការឈប់សម្រាកដោយសារជំងឺ ជាពិសេសបញ្ហាថប់បារម្ភ - កម្លាំងបំពេញការងារកាន់តែរឹងមាំ វិជ្ជមាន និងមិនមានបញ្ហាស្មុគស្មាញ - មានអារម្មណ៍ល្អចំពោះខ្លួនឯង និងទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងគ្រួសារ - បង្កើនភាពស្មោះត្រង់ ការប្តេជ្ញាចិត្ត និងកម្លាំងចិត្តចំពោះការងារ និងក្រុមហ៊ុន - កាត់បន្ថយសម្ពាធការងារ។ សំណួរ៖ តើ «សុខភាពផ្លូវចិត្ត» និង«តុល្យភាពការងារ-ជីវិត» មានទំនាក់ទំនងគ្នាបែបណាខ្លះ? ចម្លើយ៖ ប្រសិនបើជីវិត និងការងារមិនមានតុល្យភាពទេនោះ សម្ពាធផ្លូវចិត្ត និងស្ត្រេសនឹងធ្វើឲ្យអ្នកប្រឈមមុខខ្លាំងទៅនឹងបញ្ហាផ្លូវចិត្តរួមមានជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ។ល។ សំណួរ៖ តើគួរ និងមិនគួរធ្វើអ្វីខ្លះដើម្បីឲ្យមាន «តុល្យភាពការងារ-ជីវិត»? ចម្លើយ៖ • ក្នុងម៉ោងការងារ - រៀបចំបំបែកគោលដៅធំ ជាគោលដៅតូចៗដែលអាចសម្រេចបានជាប្រចាំថ្ងៃ - បែងចែកពេលវេលាម៉ោងការងារប្រកបដោយប្រសិទ្ធភាព - ស្នើសុំការឆ្លាស់ពេលវេលាធ្វើការ ក្នុងករណីចាំបាច់ - កុំក្រែងចិត្ត ឬរារែកក្នុងការសុំច្បាប់សម្រាក ពេលដែលត្រូវការពេលខ្លះសម្រាប់ខ្លួនឯង - សម្រាកពេលខ្លី ដោយស្តាប់នូវបទចម្រៀង ឬភ្លេងដែលខ្លួនចូលចិត្ត - កុំខ្លាចក្នុងការប្រាស្រ័យទាក់ទង និងស្នើសុំជំនួយពីមិត្តរួមការងារ និងថ្នាក់លើ - កុំព្យាយាមដាក់សម្ពាធខ្លួនឯងជ្រុលពេក។ • ក្រៅម៉ោងការងារ - កាត់ផ្តាច់ទំនាក់ទំនងរឿងការងារ លើកលែងតែករណីចាំបាច់ និងបន្ទាន់ - ចំណាយពេលវេលាដែលមានគុណភាពជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ - បែងចែកឲ្យដាច់រវាងពេលវេលា និងបញ្ហាក្នុងការងារក្រុមហ៊ុន និងការងារ ក៏ដូចជាបញ្ហាក្នុងផ្ទះ - ធ្វើលំហាត់ប្រាណជាប្រចាំ - ទទួលទានអាហារ និងដំណេកឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់ - ស្វែងរកជំនួយ រាល់ពេលដែលត្រូវការ។ សង្ឃឹមថាអាចធ្វើបាន...ស៊ូៗឡើង ដើម្បីជីវិតដែលមានតុល្យភាពណា៎!!! អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម្លៀកបំពាក់បង្ហាញដើមដៃដែលស្អាត បែរជាត្រូវទុកចោល និងមិនហ៊ានពាក់ព្រោះស្បែកក្លៀកមិនស្អាតដូចគេសោះ។ អ្នកណាខ្លះជួបរឿងបែបនេះ? ភាគច្រើនបុគ្គលសឹងតែទាំងអស់កំពុងប្រឈមនឹងភាពរំខាននេះហើយវាកាន់តែជាបញ្ហាដ៏គួរឲ្យធុញទ្រាន់បំផុតសម្រាប់សុភាពនារីទាំងអស់។ បើទោះបីស្បែកក្លៀក ជាទីតាំងពុំសូវប្រឈមនឹងអាកាសធាតុ ឬកម្ដៅថ្ងៃខាងក្រៅក៏ដោយ តែលក្ខណៈធម្មជាតិ និងកត្តាបង្កមួយចំនួនអាចធ្វើឲ្យស្បែកនៅតំបន់នោះប្រែទៅជាខ្មៅ ឬមានស្នាមជាំដែលជារឿងគួរឲ្យរំខានជាខ្លាំង។ ជាក់ស្ដែង ស្នាមខ្មៅនៅតំបន់ក្លៀកនោះមិនមែនជាជំងឺនោះទេ តែវាបានបង្អាក់នូវទំនុកចិត្ត និងតម្លៃរបស់អ្នកក្នុងផ្នែកណាមួយ។ បើវាមិនមែនជាជំងឺ តើអ្វីដែលបង្កភាពខ្មៅនោះ? ហើយតើអាចដោះស្រាយបានឬទេ? តោះមកស្វែងយល់ជាមួយគ្នា! មូលហេតុធ្វើឲ្យស្បែកក្លៀកខ្មៅ មានមូលហេតុជាច្រើនដែលបង្កឲ្យស្បែកក្លៀកអ្នកខ្មៅរួមមាន៖ • ការប្រើប្រាស់សារធាតុគីមី • ការកោររោម និងការរលាកផ្សេងៗ • ការកកើតកោសិកាស្បែកងាប់ច្រើន • ការកកិតជាមួយសម្លៀកបំពាក់តឹង • ជំងឺមហារីកស្បែក • ការកើនឡើងនៃសារធាតុមេឡានីន • ជំងឺទឹកនោមផ្អែម ភាពធាត់ ឬកម្រិតអ័រម៉ូនមិនធម្មតា • ការឆ្លងមេរោគបាក់តេរី និងជំងឺផ្សេងៗ។ល។ ជាក់ស្ដែង ទម្លាប់មួយចំនួន និងហេតុផលដូចបានរៀបរាប់ខាងលើសុទ្ធតែជាកត្តាបង្កធ្វើឲ្យស្បែកក្លៀកខ្មៅ និងមិនរលោងស្អាតហេតុនេះអ្នកគួរផ្លាស់ប្ដូរនូវទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអាចធ្វើបានរួមមាន៖ ១. ផ្លាស់ប្តូរផលិតផលបំបាត់ក្លិន (Deodorant/Antiperspirant)៖ សារធាតុគីមីដែលមាននៅក្នុងផលិតផលប្រភេទនេះអាចធ្វើឲ្យស្បែកមានការរលាកនិងអាល្លែកហ្ស៊ី ដូចនេះអ្នកគួរប្រើប្រាស់ជម្រើសធម្មជាតិវិញដូចជា ម្សៅសូដា (Baking soda) ឬទឹកខ្មេះផ្លែប៉ោម (Apple cider vinegar) ជាដើម ២. បញ្ឈប់ការកោររោម៖ អ្នកអាចជ្រើសរើសយកការដករោម (Waxing) ឬឡាស៊ែរ (Laser removal) ជំនួសវិញ ព្រោះការកោររោមធ្វើឲ្យស្បែកមានការរលាកនិងមានសំណឹកដែលធ្វើឲ្យស្បែកខ្មៅ ៣. កាត់បន្ថយការខាត់ស្បែក៖ ការប្រើប្រាស់ផលិតផលខាត់ស្បែកច្រើនដងពេកក្នុងមួយសប្តាហ៍ដើម្បីកម្ចាត់កោសិកាស្បែកងាប់លើខ្លួន អាចធ្វើឲ្យស្បែកខ្មៅទៅវិញ ជាពិសេសស្បែកក្លៀក ៤. ស្លៀកសម្លៀកបំពាក់រលុង៖ ការស្លៀកសម្លៀកបំពាក់ដែលរឹបតឹងខ្លាំងពេកអាចធ្វើឲ្យមានការកកិតដល់ស្បែក។ រូបមន្តធម្មជាតិសម្រាប់ស្បែកក្លៀកស្អាត កុំឲ្យភាពខ្មៅនៃស្បែកក្លៀកកាន់តែបង្កការរំខាន អ្នកក៏អាចបន្ថែមការអនុវត្តជាមួយរូបមន្តធម្មជាតិខ្លះៗ ដើម្បីបង្កើនល្បឿននូវការប្រែជាសស្អាតឲ្យបានកាន់តែឆាប់ ដោយអ្នកអាចជ្រើសរើសវិធីសាស្រ្តណាមួយដូចខាងក្រោម៖ • ដំឡូង៖ អ្នកអាចកិនដំឡូងហើយច្របាច់យកទឹកចេញ រួចយកល្បាយដែលស្ងួតនោះទៅបិតលើក្លៀករបស់អ្នករយៈពេល ១០នាទី សឹមលាងចេញជាមួយទឹកត្រជាក់ • ត្រសក់៖ ចិតផ្លែត្រសក់ជាចំណិតក្រាស់ៗ ហើយយកវាមកដុសនៅទីតាំងដែលខ្មៅ ១០នាទី រួចលាងទឹកចេញជាការស្រេច • ក្រូចឆ្មារ៖ កាត់ចំណិតក្រូចឆ្មារក្រាស់ៗ រួចដុសទៅលើស្បែកក្លៀក។ បន្ទាប់ពីរយៈពេល ១០នាទី អ្នកអាចលាងទឹកត្រជាក់ចេញ រួចជូតស្បែកក្លៀកឲ្យស្ងួតហើយប្រសិនជាអាចអ្នកគួរប្រើផលិតផលផ្ដល់សំណើមតាមក្រោយ • ប្រេងដូង៖ អ្នកគ្រាន់តែធ្វើការម៉ាស្សាស្បែកក្លៀកជាមួយប្រេងដូង ២ ទៅ៣ដំណក់ឲ្យបាន ១៥នាទី បន្ទាប់មកអ្នកត្រូវលាងសម្អាតជាមួយសាប៊ូដែលមានជាតិកាត់តិចដោយប្រើទឹកក្ដៅឧណ្ហៗ។ ការផ្លាស់ប្តូរទម្លាប់ដែលខុស និងព្យាយាមអនុវត្តវិធីសាស្រ្តណាមួយខាងលើឲ្យបានញឹកញាប់ អាចជាទុនមួយសម្រាប់កែប្រែស្ថានភាពស្បែកក្លៀករបស់អ្នកឲ្យត្រលប់មកវិញ ដែលមិនត្រឹមតែជាផ្នែកមួយនៃសម្រស់នោះទេ ថែមទាំងអាចផ្ដល់ទំនុកចិត្តដល់អ្នកបានទៀតផង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្ទើរតែគ្រប់មធ្យោបាយពន្យារកំណើតទាំងអស់តែងតែបង្កឲ្យមានផលរំខានបន្តិចបន្តួចដែលអាចប្រែប្រួលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។ ករណីខាងក្រោមបានរៀបរាប់ពីផលរំខាននៃការដាក់កងក្នុងដើមដៃដែលអ្នកគួរដឹង។ សំណួរ៖ បងស្រីខ្ញុំមានអាយុ ៣៧ឆ្នាំ ភេទស្រី ទម្ងន់ ៥៦គីឡូក្រាម មុខរបរជាស្រ្តីមេផ្ទះ។ គាត់បានដាក់កងនៅក្នុងដើមដៃ បានរយៈពេលប្រហែលកន្លះខែមក ស្រាប់តែមានអាការៈធ្លាក់ឈាមមកតិចៗរហូត ហើយរដូវរបស់គាត់ក៏មកមិនទៀងទាត់ដូចមុនដែរ ជួនកាលមួយខែមកម្តង ឬមួយខែមក ៣ ទៅ៤ដងក៏មាន។ ខ្ញុំចង់សួរថា តើអាការៈនេះបណ្តាលមកពីបញ្ហាអ្វីទៅ? ហើយបង្កគ្រោះថ្នាក់ដល់សុខភាពដែរឬទេ? ចម្លើយ៖ ការហូរឈាមតិចៗ (អាចធ្លាក់នៅចន្លោះវដ្តរដូវ) គឺជាផលរំខានដែលតែងកើតមានឡើងជាញឹកញាប់ចំពោះស្ត្រីដែលកំពុងប្រើប្រាស់វិធីសាស្ត្រពន្យារកំណើតដោយដាក់កងក្នុងដើមដៃ។ ក្នុងចំណោមស្រ្តី ១០នាក់ មានស្រ្តីម្នាក់ដែលនឹងអាចបញ្ឈប់ការប្រើប្រាស់វិធីសាស្រ្តនេះវិញ ដោយសារការហូរឈាមមិនប្រក្រតី ប៉ុន្តែមិនមែនគ្រប់ស្រ្តីទាំងអស់សុទ្ធតែមានបញ្ហានេះទេ ហើយស្ត្រីភាគច្រើនដែលមានបញ្ហានេះនឹងបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានខែក្រោយ។ តាមពិត ការហូរឈាមតិចៗបន្ទាប់ពីបានដាក់កងនៅដៃលើកដំបូងមិនបង្កជាគ្រោះថ្នាក់ ឬជាបញ្ហាដែលគួរឲ្យព្រួយបារម្ភនោះទេ ប៉ុន្តែប្រសិនបើបងស្រីរបស់អ្នកយល់ថា វាពិតជារំខានខ្លាំងសម្រាប់គាត់នោះការដាក់កងក្នុងដើមដៃមិនមែនជាជម្រើសរបស់គាត់ឡើយ។ គាត់អាចពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីស្វែងរកវិធីសាស្ត្រសមស្របដទៃទៀត។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តី Women-Baby’s Center Anna អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលសថាម ប្រូ​ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ធ្លាប់មានការណែនាំជាច្រើនរួចមកហើយពីប្រភេទអាហារ និងលំហាត់ប្រាណដែលអ្នកគួរធ្វើអំឡុងពេលមករដូវ។ ស្របពេលដែលអ្នកកំពុងតែអនុវត្តទៅតាមការណែនាំទាំងអស់នោះ អ្នកក៏គួរស្វែងយល់ផងដែរពីការចៀសវាងមួយចំនួន រួមបញ្ចូលទាំងរបបអាហារ និងលំហាត់ប្រាណផងដែរ។ ចង់ដឹងថាគួរចៀសវាងទៅលើអ្វីខ្លះ អត្ថបទខាងក្រោមអាចជាការបកស្រាយសម្រាប់អ្នកអំឡុងពេលមករដូវម្ដងៗ។ អាហារដែលស្រ្តីមិនគួរទទួលទានអំឡុងពេលមករដូវ ប្រភេទអាហារកែច្នៃ អាហារប្រភេទនេះជាជម្រើសមួយដែលងាយស្រួលនិងឆាប់រហ័ស ប៉ុន្តែវាអាចធ្វើឲ្យអាការៈរបស់អ្នកកាន់តែយ៉ាប់ទៅបាន។ ជាក់ស្ដែងអាហារកំប៉ុង ឬនំចំណិតដំឡូងកំប៉ុងដែលមានផ្ទុកសារធាតុសូដ្យូមក្នុងបរិមាណច្រើន សុទ្ធតែជាប្រភេទអាហារដែលអាចបណ្តាលឲ្យស្ត្រីជួបបញ្ហាមិនស្រួល ឈឺចុកចាប់ ធុំក្លិន ហើមពោះពិសេសអាចឲ្យលំហូរឈាមមិនបានល្អផងដែរ។ អាហារមានជាតិស្ករ នំខេក ស្ករគ្រាប់ អាហារសម្រន់ និងបណ្តាអាហារផ្អែមដទៃទៀតជាជម្រើសដែលគ្មានគុណប្រយោជន៍ចំពោះសុខភាពនិងមិនគួរទទួលទានជាពិសេសអំឡុងពេលមករដូវ និងនៅពេលដែលអ្នកមិនចង់ធាត់។ ម្យ៉ាងទៀតអាហារទាំងនេះ អាចបណ្តាលឲ្យការឈឺចាប់អំឡុងពេលមករដូវកាន់តែអាក្រក់។ ក្នុងករណីនេះដែរ សុភាពនារីទាំងឡាយដែលចង់ទទួលទានរបស់ផ្អែមៗក្រៅពីអាហារសម្រន់ ឬនំទាំងនោះ អ្នកអាចជ្រើសរើសអាហារ និងផ្លែឈើមួយចំនួនជំនួសវិញដូចជា ឪឡឹក ស្វាយទុំ ចេកទុំ និងផ្លែល្ហុងជាដើម។ អាហារហឹរ អ្នកគួរចៀសវាងអាហារដែលមានជាតិហឹរជាដាច់ខាតប្រសិនឈាមរដូវមានលក្ខណៈច្រើន អស់កម្លាំងខ្លាំង និងឈឺចុកចាប់ ពីព្រោះជាតិហឹរក្នុងអាហារនឹងកាន់តែធ្វើឲ្យមានខ្យល់ក្នុងពោះ និងហើមពោះទៅវិញ។ យ៉ាងណាមិញចំពោះអ្នកដែលមានវដ្ដរដូវធម្មតា អាចបន្តការញ៉ាំអាហារហឹរបាន ប៉ុន្តែត្រូវស្ថិតក្នុងកម្រិតសមស្របដែលមិនប៉ះពាល់ដល់សុខភាពក្រពះ។ ពិសាគ្រឿងស្រវឹង សម្ពាធឈាម អំឡុងពេលមករដូវនឹងមានការថយចុះដែលជាហេតុធ្វើឲ្យផលរំខាននៃគ្រឿងស្រវឹងកាន់តែមានឥទ្ធិពលអាក្រក់មកលើខ្លួនរបស់អ្នក។ ជាក់ស្ដែង ថាមពលរាងកាយរបស់អ្នកនឹងបន្តចុះខ្សោយប្រសិនអ្នកពិសាគ្រឿងស្រវឹងក្នុងពេលជាមួយគ្នានៃវដ្តរដូវ។ ម៉្យាងទៀត សារធាតុអាល់កុលក៏អាចធ្វើឲ្យកើនឡើងនៃលំហូរឈាមដែលធ្វើឲ្យអ្នកបាត់បង់ឈាមកាន់តែច្រើន។ ជាតិកាហ្វេអុីន អ្នកត្រូវចៀសវាងការទទួលទានជាតិកាហ្វេអុីន និងផលិតផលដូចជាសូកូឡា សូដា តែ និងកាហ្វេនៅក្នុងអំឡុងពេលមានរដូវ ព្រោះជាតិកាហ្វេអុីនអាចបង្រួមសរសៃឈាម និងនាំឲ្យខ្សោះជាតិទឹក ដែលអាចបណ្តាលឲ្យមានបញ្ហាឈឺក្បាល ស្លេកស្លាំង អស់កម្លាំង និងការថប់អារម្មណ៍ទៀតផង។ លំហាត់ប្រាណដែលស្រ្តីមិនគួរធ្វើអំឡុងពេលមករដូវ មិនប្រាកដថាលំហាត់ប្រាណទំាងអស់សុទ្ធសឹងតែល្អនោះទេអំឡុងពេលមករដូវ  តែវាក៏អាចផ្តល់ផលរំខានទៅដល់អ្នកវិញផងដែរ ជាពិសេសប្រភេទលំហាត់ប្រាណដូចជា៖ លំហាត់ប្រាណដែលប្រើកម្លាំងខ្លាំង ឬរយៈពេលយូរ ការធ្វើលំហាត់ប្រាណដោយប្រើកម្លាំងខ្លាំង ឬរយៈពេលយូរអាចធ្វើឲ្យប៉ះពាល់ដល់រាងកាយរបស់អ្នកអំឡុងពេលមករដូវ។ នេះបើយោងតាមការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងកាសែត Journal of Physiotherapy and Physical Rehabilitation បានបង្ហាញថាការធ្វើលំហាត់ប្រាណខ្លាំងក្លារយៈពេល ៦០នាទីក្នុងអំឡុងពេលមករដូវនោះ  វាអាចមានផលវិបាកកាន់តែខ្លាំងដល់សុខភាព ហើយការឈឺចាប់និងហូរឈាមក៏កើតមានកាន់តែខ្លាំងផងដែរ។ កីឡាយោគៈបែបដាំក្បាលចុះក្រោម (Inversion-type poses) កីឡាយោគៈបែបនេះត្រូវបានណែនាំឲ្យចៀសវាងដោយសារវាជាប្រភេទកាយវិការដែលមានលក្ខណៈប្រឆាំងទៅនឹងលំហូរឈាមរបស់វដ្តរដូវ ដែលអាចរំខាន ឬបញ្ឈប់លំហូរឈាម ថែមទាំងអាចប៉ះពាល់ដល់មុខងារបន្តពូជទៀតផង។ បន្ថែមពីនោះ ស្បូន របស់អ្នកនឹងស្ថិតនៅទីតាំងបញ្រ្ចាស់ ដែលបណ្តាលឲ្យចរន្តឈាមរត់ទៅកាន់ស្បូនមិនអាចប្រព្រឹត្តទៅបានល្អ។ ការលើកទម្ងន់ ឬធ្វើការធ្ងន់ ការបញ្ចេញកម្លាំងច្រើននៅក្នុងអំឡុងពេលមករដូវអាចធ្វើឲ្យមានផលប៉ះពាល់កាន់តែខ្លាំងសម្រាប់សុខភាព ព្រោះរាងកាយមិនអាចធន់នឹងការធ្វើសកម្មភាពធ្ងន់បានឡើយ។ ដូច្នោះហើយ អ្នកគួរតែរក្សាតុល្យភាពនៃការងារនិងយកពេលសម្រាកឲ្យបានច្រើន។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រាជធានីភ្នំពេញថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរពេទ្យសំរាកព្យាបាល កម្ពុជាបានប្រារព្ធខួប ៥ឆ្នាំរបស់ខ្លួនក្នុងដំណើរការជាមន្ទីរសម្រាកព្យាបាលដែលផ្តល់ប្រឹក្សា និងការព្យាបាល ការលំបាកក្នុងការមានកូន រោគស្រ្តីនិងសម្ភព។ យ៉ាងណាមិញ ក្នុងរយៈពេល ៥ឆ្នាំនេះ មន្ទីរសំរាកព្យាបាល កម្ពុជា បានផ្តល់ដំណោះស្រាយវេជ្ជសាស្រ្តដល់គូស្វាមីភរិយា និងគ្រួសារដែលធ្លាប់តែអស់សង្ឃឹម បាក់ទឹកចិត្តដោយសារតែជំងឺលំបាកមានកូនឲ្យមានឱកាសបានជួបពិគ្រោះ និងព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសរបស់ខ្លួន។ ដោយឡែក យោងតាមសិ្ថតិជាង ៦០ភាគរយនៃអ្នកជំងឺដែលបានសម្រេចក្តីប្រាថ្នាមានភាពកក់ក្តៅក្នុងគ្រួសារ និងសុភមង្គលពេញលេញ បន្ទាប់ពីមានបុត្រធីតាដូចបំណង។ នាឱកាសនេះផងដែរ គណៈគ្រប់គ្រងរបស់មន្ទីរសំរាកព្យាបាល កម្ពុជា បានបញ្ជាក់បន្ថែមថាលទ្ធផលដែលយើងសម្រេចបានស្មើប្រទេសជឿនលឿនព្រោះដោយសារមានការគាំទ្រ លើកទឹកចិត្ត និងជឿជាក់ពីសំណាក់ប្រជាជនខ្មែរ ហើយក្រុមវេជ្ជបណ្ឌិតឯកទេស និងបុគ្គលិកគ្រប់ផ្នែកប្រកាន់នូវគោលការណ៍ចំនួន ៥រួមមាន៖ ការគោរពឲ្យតម្លៃគ្នាទាំងបុគ្គលិកនិងអ្នកជំងឺ ការព្យាបាលប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ការទទួលខុសត្រូវខាងបច្ចេកទេសវេជ្ជសាស្រ្ត សុចរិតភាពក្នុងវិជ្ជាជីវសុខាភិបាល និងការសហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ។ បន្ថែមពីនេះគណៈគ្រប់គ្រងក៏បានបន្តថ្លែងអំណរគុណដល់អ្នកជំងឺដែលបានជ្រើសរើសផ្តល់ទំនុកចិត្តដល់មន្ទីរសំរាកព្យាបាល កម្ពុជា ព្រមទាំងបានកោតសរសើរដល់បុគ្គលិកទាំងអស់ដែលបានបំពេញតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។ សូមបញ្ជាក់ថា មន្ទីរសំរាកព្យាបាល កម្ពុជា ធ្លាប់ទទួលបានពានរង្វាន់ជាមន្ទីរពេទ្យដែលមានគុណភាពល្អបំផុតពីសមាគមវេជ្ជសាស្រ្តអឺរ៉ុបនៅទីក្រុង លូហ្សឺន ប្រទេសស្វីស កាលពីឆ្នាំ២០១៧។ ជាក់ស្តែង នៅខែសីហាថ្មីៗនេះដែរ មន្ទីរសំរាកព្យាបាល កម្ពុជា ក៏បានទទួលពានរង្វាន់សេវាកម្មមន្ទីរពេទ្យឆ្នើមនិងឈានមុខពីសហព័ន្ធពាណិជ្ជកម្មពិភពលោកដែលមានទីតាំងនៅសហរដ្ឋអាមេរិក។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្ទើរតែគ្រប់គ្នា សុទ្ធតែធ្លាប់ឆ្លងកាត់ការឈឺចាប់ដោយសារបញ្ហាឈឺក្បាល ប៉ុន្តែតើការឈឺចាប់ក្បាលនេះ ជារឿងធម្មតាដោយសារតែអ្នកមានបញ្ហាស្មុគស្មាញច្រើន ឬអាចបង្កមកពីជំងឺផ្សេងទៀតដែលទាមទារឲ្យមានការព្យាបាលឲ្យបានត្រឹមត្រូវ? អាការៈឈឺក្បាលមានច្រើនប្រភេទ ដូចជា៖ ១ ការឈឺក្បាលកើតលើអ្នកដែលមិនមានទម្លាប់ឈឺក្បាលពីមុនមក • ករណីឈឺក្បាលខ្លាំងភ្លាមៗ អាចគិតដល់មុនគេគឺជំងឺហូរឈាមក្នុងស្រោមខួរ ជំងឺកកឈាមក្នុងសរសៃឈាមវ៉ែនខួរក្បាល និងការរហែកសរសៃឈាមអាទែរ។ • ករណីឈឺក្បាលខ្លាំងឡើងៗតាមដំណាក់កាល o ប្រសិនបើកើតឡើងច្រើនម៉ោង៖ ហើយមានក្តៅខ្លួន អាចជាជំងឺរលាកស្រោមខួរ o ប្រសិនបើកើតឡើងច្រើនថ្ងៃ៖ - ការឈឺក្បាលសាយពេញក្បាល ឈឺជាប់រហូតហើយធ្ងន់ធ្ងរ អាចមកពីការឡើងសម្ពាធក្នុងខួរក្បាល។ ករណីនេះគ្រូពេទ្យនឹងធ្វើការស្កែនខួរក្បាលដើម្បីអាចបែងចែកថាជាជំងឺកកឈាមក្នុងស្រោមខួរក្បាលរ៉ាំរ៉ៃ អាប់សែខួរក្បាល ឬជំងឺទឹកដក់ក្នុងខួរក្បាលពាក់កណ្តាលស្រួចស្រាវ (Hydrocéphalie subaiguë)។ ប៉ុន្តែបើលទ្ធផលស្កែនធម្មតា នោះអាចជាជំងឺរលាកខួរក្បាលពាក់កណ្តាលស្រួចស្រាវ (Méningites subaiguës) - ក្រៅពីនេះ អាចជាជំងឺកកឈាមក្នុងសរសៃវ៉ែនរបស់ខួរក្បាល ការឈឺក្បាលដែលមកពីប្រើថ្នាំប្រភេទដេរីវេរបស់ពួកនីត្រេ ឬថ្នាំពង្រីកសរសៃឈាមឬអាចមកពីឡើងសម្ពាធឈាមខ្លាំងភ្លាមៗនិងធ្ងន់ធ្ងរ o ប្រសិនបើកើតលើមនុស្សចាស់៖ គួរគិតដល់ជំងឺ Maladie de Horton។ ២ ការឈឺក្បាលកើតលើអ្នកឧស្សាហ៍ឈឺក្បាល • ករណីឈឺក្បាលមានលាយជាមួយនឹងក្អួត ឬចង្អោរ ឈឺពេលឮសំឡេងខ្លាំង ឬចាំងពន្លឺខ្លាំង អាចជាជំងឺប្រកាំង • ករណីឈឺតែក្បាលគ្មានរោគសញ្ញាផ្សេងទៀត អាចជាការឈឺក្បាលដោយសារភាពតានតឹង • ករណីឈឺក្បាលខាងក្រោយកន្លែងសម្បូរសរសៃប្រសាទញាណ អាចជាជំងឺឈឺសរសៃប្រសាទ (Névralgies) • ករណីឈឺក្បាលជាមួយនឹងការហូរទឹកភ្នែក និងហូរសម្បោរជាដើម អាចជាជំងឺសង្កត់លើសរសៃប្រសាទ Trijumeau ដោយសារតែការរីកប៉ោងរបស់សរសៃឈាមនៅជុំវិញវា (Algie vasculaire de la face) ឬជំងឺHémicrânie paroxystique chronique។ ៣ ការឈឺក្បាលតាមកាលៈទេសៈ • ការឈឺក្បាលដោយសារការហាត់ប្រាណខ្លាំងពេក • ការឈឺក្បាលដោយសារប៉ះអាកាសធាតុត្រជាក់ • ការឈឺក្បាលដោយសារការក្អក។ ៤ ការឈឺក្បាលដោយសារសរីរាង្គផ្សេងៗ • ការឈឺក្បាលរួមជាមួយនឹងការឈឺនៅត្រង់ប្រហោងឆ្អឹងដោយធ្វើការស្ទាប អាចជា ជំងឺរលាកប្រហោងឆ្អឹងស្រួចស្រាវ • ការឈឺក្បាលនៅត្រង់ភ្នែក ឬខាងក្រោយភ្នែកអាចជា ជំងឺទឹកដក់ក្នុងភ្នែក • ការឈឺក្បាលរួមជាមួយនឹងការឈឺនៅមុខ អាចជា ជំងឺធ្មេញ • ការឈឺក្បាលរួមជាមួយនឹងមានការឈឺចាប់នៅពេលធ្វើចលនាថ្គាម អាចជា បញ្ហាមុខងាររបស់សន្លាក់ឆ្អឹងថ្គាម។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម​ ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺរាកជាបញ្ហាសាមញ្ញដែលតែងតែជួបលើកុមារអាយុក្រោម ៥ឆ្នាំ។ នៅប្រទេសកំពុងអភិវឌ្ឍ បើជំងឺរាកកើតឡើងញឹកញាប់នោះវានឹងជាកត្តាដែលនាំទៅរកអាការៈធ្ងន់ធ្ងរដូចជា កង្វះជាតិទឹក កង្វះអាហារូបត្ថម្ភ និងកង្វះអេឡិចត្រូលីតជាដើម។ ដូច្នេះថាតើអ្វីទៅជាជំងឺរាក? អត្ថបទខាងក្រោមនេះនឹងបង្ហាញពីចំណេះដឹង ការព្យាបាល និងសញ្ញាគ្រោះថ្នាក់ដែលម្តាយគួរដឹងពេលកូនតូចរបស់គាត់មានជំងឺរាក។ អំពីជំងឺរាក អង្គការសុខភាពពិភពលោកហៅកាត់ថា “WHO” បានឲ្យនិយមន័យថាជំងឺរាក គឺជាការបន្ទោបង់ដែលមានលាមកលាយទឹក ឬសុទ្ធតែទឹកយ៉ាងតិច បីដងក្នុងមួយថ្ងៃ ខុសពីធម្មតា។ ជំងឺរាកតាមសញ្ញាគ្លីនិកត្រូវបានចែកចេញជា ៤សណ្ឋាន៖ ១ រាកសុទ្ធតែទឹក ស្រួចស្រាវ (Acute watery diarrhea)៖ រាករយៈពេលខ្លី តិចជាងពីរសប្តាហ៍។ គ្រោះថ្នាក់សំខាន់ គឺការបាត់បង់ជាតិទឹក។ ២ រាកមានលាយឈាម ស្រួចស្រាវ (Acute bloody​diarrhea)៖ ហៅថា រាកមួល (Dysentery)។ គ្រោះថ្នាក់សំខាន់គឺការបង្ករោគក្នុងឈាមនិងកង្វះអាហារូបត្ថម្ភ។ ៣ រាករ៉ាំរ៉ៃ (Persistent diarrhea)៖ គឺរាកចាប់ពី ១៤ថ្ងៃឡើងទៅ។ គ្រោះថ្នាក់សំខាន់គឺ កង្វះអាហារូបត្ថម្ភ និងការបង្ករោគក្រៅពោះវៀនធ្ងន់ធ្ងរ។ ៤ រាកដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ៖ គ្រោះថ្នាក់គឺ ការបង្ករោគធ្ងន់ធ្ងរ ការបាត់បង់ជាតិទឹកកង្វះវីតាមីន និងសារធាតុរ៉ែ។ តើអ្វីទៅជាកត្តាបង្កឲ្យមានជំងឺរាក? ជំងឺរាកលើកុមារតែងបង្កមកពីមូលហេតុជាច្រើនមានដូចជា៖ • បរិភោគអាហារដែលមានជាតិស្ករខ្ពស់ ដូចជាផឹកទឹកក្រូចជាដើម • ការបង្ករោគដោយបាក់តេរី វីរុស ឬប៉ារ៉ាស៊ីត • មានប្រតិកម្មជាមួយអាហារ ឬទឹកដោះគោ • មានប្រតិកម្មជាមួយថ្នាំ • ជំងឺទាក់ទងតួនាទីរបស់ពោះវៀន ដូចជា បណ្តុំរោគសញ្ញានៃការរលាកពោះវៀន • លទ្ធផលនៃការវះកាត់លើក្រពះ ឬថង់ទឹកប្រម៉ាត់។ សញ្ញា និងរោគសញ្ញានៃជំងឺរាក រោគសញ្ញាខាងក្រោមជាសញ្ញាដែលតែងតែជួបពេលកុមាររាក។ ដោយហេតុថារាងកាយ និងប្រព័ន្ធភាពស៊ាំមនុស្សម្នាក់ៗមិនដូចគ្នា ដូច្នេះអាការៈដែលស្តែងចេញមកអាចខុសគ្នាពីក្មេងម្នាក់ទៅក្មេងម្នាក់ទៀត។ ក្មេងខ្លះអាចមានអាការៈរមួលពោះដំបូង ទើបរាកពី៣ ទៅ៥ថ្ងៃ។ រោគសញ្ញាទាំងនោះមានដូចជា៖ • ក្តៅខ្លួន • មិនញ៉ាំអាហារ • ចង្អោរ ឬក្អួត • ថយចុះគីឡូ • កង្វះជាតិទឹក • ហើមពោះ • លាមកមានឈាម • ហៀរលាមកមកក្រៅ។ ការព្យាបាលជំងឺរាក បើកុមារមិនមានសញ្ញាដូចខាងក្រោមទេ គាត់អាចព្យាបាលនៅផ្ទះបានដែលសញ្ញាទាំងនោះមានដូចជា៖ • ឡេះឡះ/រញ៉ាំរញ៉ូវ • សន្លឹម ឬបាត់ស្មារតី • មិនអាចផឹក ឬមិនអាចបៅបាន ឬផឹកបានតិចតួចដោយពិបាក • ស្រេកទឹកខ្លាំង និងផឹកត្រហេបត្រហប • ភ្នែកខូង • ផ្នត់ស្បែកពោះដែលច្បិចរលាយឺតឬយឺតណាស់។ បើសង្ស័យ ឬមិនច្បាស់ពីអាការៈខាងលើ ម្តាយត្រូវនាំកូនមកមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យថាតើគួរតែគេងពេទ្យ ឬព្យាបាលនៅផ្ទះ។ ម៉្យាងទៀតម្តាយត្រូវយល់ពីវិធី ៣ យ៉ាងនៃការព្យាបាលនៅផ្ទះ៖ ១ ផ្តល់ជាតិទឹកបន្ថែម ឲ្យបានច្រើនតាមតែកូនអាចផឹកបាន • បើកូននៅបៅដោះ ម្តាយត្រូវបំបៅឲ្យបានញឹកញាប់ និងឲ្យបានយូរពេលបំបៅម្តងៗ។ • បើកូនបៅទឹកដោះម្តាយសុទ្ធ ត្រូវឲ្យទឹកអូរ៉ាលីត្រ ឬទឹកស្អាតបន្ថែមលើការបំបៅដោះ។ ក្រោយបាត់រាក ចាប់ផ្តើមបំបៅទារកដោយទឹកដោះម្តាយសុទ្ធបន្ត។ • បើកូនមិនបៅទឹកដោះសុទ្ធទេ អាចផ្តល់ជាតិទឹកណាមួយ៖ ទឹកអូរ៉ាលីត្រ ជាតិទឹកប្រភពពីអាហារ (ទឹកសម្ល ទឹកបបរ…) និងទឹកស្អាត។ បរិមាណអូរ៉ាលីត្រដែលត្រូវបន្ថែមលើជាតិទឹកដែលទទួលទានជាធម្មតា៖ • អាយុក្រោម ២ឆ្នាំ៖ ៥០-១០០ មិល្លីលីត្ររាល់ក្រោយបន្ទោបង់ម្តងៗ • អាយុ ២ឆ្នាំឡើងទៅ៖ ១០០-២០០ មិល្លីលីត្ររាល់ក្រោយបន្ទោបង់ម្តងៗ • ផ្តល់ទឹកអូរ៉ាលីត្រឲ្យកុមារបន្តិចម្តងៗ ញឹកញាប់ដោយប្រើពែង • បើកុមារក្អួត ត្រូវបង្អង់១០នាទី រួចទើបបន្តផ្តល់ជាថ្មី តែដោយយឺតៗជាងមុន • បន្តផ្តល់ជាតិទឹកបន្ថែម រហូតដល់កុមារលែងរាក។ បន្ថែមពីនោះ គួរផ្តល់បន្ថែមជាតិស័ង្កសី ដោយសារវាមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺរាក រយៈពេលនៃជំងឺរាក និងកាត់បន្ថយការកើតមានជំងឺរាកលើកក្រោយៗទៀត។ ថ្នាំគ្រាប់ជាតិស័ង្កសីត្រូវបានប្រើដូចខាងក្រោម៖ • ទារកអាយុក្រោម ៦ខែ ឲ្យកន្លះគ្រាប់ (១០មិលី្លក្រាម) ក្នុង ១ថ្ងៃសម្រាប់រយៈពេល ១០-១៤ថ្ងៃ • កុមារអាយុចាប់ពី ៦ខែ ឲ្យ១គ្រាប់ (២០មិលី្លក្រាម) ក្នុង១ថ្ងៃសម្រាប់រយៈពេល ១០-១៤ថ្ងៃ។ ២ បន្តការផ្តល់អាហារ • ផ្តល់អាហារឲ្យបានគ្រប់គ្រាន់ និងមានសុវត្ថិភាព • បន្តបំបៅដោះកូន បើកូននៅបៅដោះ។ ៣ ចំណុចដែលម្តាយត្រូវដឹងថាពេលណាគួរត្រឡប់មកមន្ទីរពេទ្យវិញ • រាកកាន់តែធ្ងន់ធ្ងរជាងមុន • ក្អួតញឹកញាប់ • ស្រេកទឹកខ្លាំង • ហូប ឬផឹកមិនបាន • ក្តៅខ្លួន • មានឈាមក្នុងលាមក • រាកមិនធូរស្រាលក្នុងរយៈពេល៣ថ្ងៃ។ តើត្រូវធ្វើដូចម្តេចដើម្បីបង្ការជំងឺរាកកុំឲ្យកើតជាថ្មីម្តងទៀត? • ប្រើប្រាស់ទឹកស្អាតសម្រាប់ផឹក និងធ្វើម្ហូបអាហារ • ត្រូវលាងដៃបន្ទាប់ពីបត់ជើង បន្ទាប់ពីលាងគូទឲ្យកូនរួច បន្ទាប់ពីចោលលាមកក្មេងមុនពេលរៀបចំអាហារ និងមុនពេលបរិភោគអាហារ • មិនត្រូវបរិភោគអាហារឆៅ លើកលែងតែបន្លែឬផ្លែឈើដែលមិនខូច និងដែលបានចិតសម្បកហើយបរិភោគភ្លាម • បរិភោគអាហារដែលបានចម្អិនល្អ • លាង និងជូតឲ្យស្ងួតរាល់សម្ភារៈផ្ទះបាយដែលបានប្រើរួច • ការពារម្ហូបអាហារកុំឲ្យរុយរោម • បន្ទោបង់តែក្នុងបង្គន់អនាម័យ • លាមកក្មេងតូចៗត្រូវយកទៅចោលក្នុងបង្គន់ឬកប់ចោលភ្លាមៗបន្ទាប់ពីបន្ទោបង់រួច • ត្រូវបំបៅកូនដោយទឹកដោះម្តាយទាំងស្រុងនៅអាយុ៦ខែដំបូង ហើយគប្បីបន្តបំបៅដោះកូនរហូតដល់អាយុ២ឆ្នាំ។ ជំងឺរាក ជាឃាតករលាក់មុខធ្វើឲ្យកុមារឈឺ និងស្លាប់នៅក្នុងបណ្តាប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍ។ សូមម្តាយគ្រប់រូប កុំឲ្យកូនផឹកថ្នាំ ឬថ្នាំផ្សះផ្តេសផ្តាស់ព្រោះថាជំងឺរាកមិនមែនសុទ្ធតែបង្ករោគដោយបាក់តេរីនោះឡើយ ហើយម៉្យាងទៀតវាអាចធ្វើឲ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរ និងអាចធ្វើឲ្យហួសពេល ឬយឺតយ៉ាវក្នុងការព្យាបាល។ ជំងឺរាកជាជំងឺសាមញ្ញ និងងាយកើតលើកូនជាទីស្រលាញ់របស់ម្តាយគ្រប់រូប ហើយជំងឺនេះនឹងមិនមានផលប៉ះពាល់ដល់អាយុជីវិតទេ ប្រសិនបើអ្នកជំងឺទទួលបានការព្យាបាលទាន់ពេលនិងមានប្រសិទ្ធភាព។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១​ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺបម្រុងក្រឡាភ្លើង និងក្រឡាភ្លើង ជាជំងឺមួយដែលអាចកើតមានលើស្រ្តីមានផ្ទៃពោះចាប់ពី ២០សប្ដាហ៍ឡើងទៅ។ ស្រ្តីភាគច្រើនពុំបានដឹងច្បាស់ពីអាការៈនៃជំងឺនេះឡើយទើបធ្វើឲ្យពួកគាត់មានការធ្វេសប្រហែសបណ្ដោយឲ្យមានសភាពធ្ងន់ធ្ងរដែលស្ទើរតែហួសពេលក្នុងការព្យាបាលនិងមានគ្រោះថ្នាក់ដល់ជីវិត។ ដូចនេះហើយបានជាអត្រាស្លាប់របស់ស្រ្តីនៅប្រទេសកម្ពុជាដោយសារជំងឺនេះនៅតែឈរនៅលំដាប់ទី ២ បន្ទាប់ពីការធ្លាក់ឈាមក្រោយសម្រាល ដែលជំងឺនេះយើងអាចទប់ស្កាត់ និងការពារបានពីដំបូង។ និយមន័យ បម្រុងក្រឡាភ្លើង និងក្រឡាភ្លើង ជាជំងឺមួយដែលកើតមានពេលដែលស្រ្តីមានផ្ទៃពោះចាប់ពី ២០សប្តាហ៍ឡើងទៅដែលមានសញ្ញាចម្បងរួមមាន ហើម លើសសម្ពាធឈាម ទឹកនោមប្រៃ និងមានសញ្ញារួមផ្សំដូចជា ឈឺក្បាល វិលមុខនិងចុកចុងដង្ហើមជាដើម...។ មូលហេតុចម្បង និងកត្តាប្រឈម មូលហេតុចម្បងនៃជំងឺនេះគឺបណ្តាលមកពីភាពមិនប្រក្រតីនៃប្រព័ន្ធឈាមរត់នៅក្នុងស្បូននិងសុក និងមានកត្តាប្រឈមសំខាន់ដែលធ្វើឲ្យមានជំងឺនេះកើតឡើងរួមមាន៖ • ស្រ្តីកូនដំបូងវ័យក្មេង • ស្រ្តីមានគភ៌ហើយមានអាយុច្រើន • ស្រ្តីដែលមានផ្ទៃពោះធំពេក (ដូចជាកូនភ្លោះគភ៌ទឹកភ្លោះច្រើន គភ៌ដែលមានកូនថ្លោសពេក) • ស្រ្តីធាត់ពេក • ស្រ្តីដែលធ្លាប់មានជំងឺលើសសម្ពាធឈាម ឬជំងឺតម្រងនោម • ស្រ្តីដែលប្តូរដៃគូរួមភេទច្រើន ចំណែកកត្តាដែលជំរុញឲ្យមានជំងឺបំរុងក្រឡាភ្លើងនេះរួមមាន៖ • អាកាសធាតុត្រជាក់ពេក • ការហូបអាហារមិនគ្រប់គ្រាន់ • ការបាក់កម្លាំងកាយ និងកម្លាំងចិត្ត...។   រោគសញ្ញា ដំបូងស្រ្តីតែងតែមានអារម្មណ៍មិនសុខស្រួលក្នុងខ្លួនដូចជា រសេះរសោះ គេងមិនលក់ ហើមជើង ឈឺក្បាល វិលមុខតិចតួច ដែលធ្វើឲ្យស្រ្តីភាគច្រើនយល់ថាខ្លួនមិនមានបញ្ហាអ្វីទេ ព្រោះការមានផ្ទៃពោះច្រើនជួបបញ្ហាបែបនេះជាពិសេសគឺការហើម (ដែលចាស់ៗតែងនិយាយតៗគ្នាថា ហើម៣ដងកើតហើយ)។ ជាក់ស្តែង រោគសញ្ញាដែលបញ្ជាក់ថាស្រ្តីមានអាការៈមានដូចជា៖ • ហើម • លើសសម្ពាធឈាម (140/90mmHg) • ទឹកនោមប្រៃ • ឈឺក្បាល • វិលមុខ • ស្រវាំងភ្នែក  ឬងងឹតភ្នែកបណ្តោះអាសន្នក្នុងករណីធ្ងន់ធ្ងរ • ហត់ • ចុកចុងដង្ហើម • Transaminaseកើនឡើង ប្លាកែតកើនឡើង ហេម៉ូក្លូប៊ីនកើនឡើង Uremie កើនឡើង Creatinemie កើនឡើង។ ការព្យាបាល ក្នុងករណីធ្ងន់ធ្ងរ ការព្យាបាលត្រូវមាន៣ដំណាក់កាល៖ • ការថែទាំ • ការប្រើប្រាស់ថ្នាំទប់ស្កាត់ការប្រកាច់(MgSO4) និងថ្នាំបញ្ចុះសម្ពាធឈាម (Hydralazine...) • ចាំបាច់ត្រូវបញ្ចប់គភ៌ដើម្បីបំបាត់មូលហេតុរបស់វា។ ការតាមដាន និងការគិតទុកមុន ជាទូទៅ គ្រប់ស្រ្តីដែលមានបញ្ហាបែបនេះទោះបីធ្ងន់ឬស្រាល ត្រូវតែសម្រាកក្នុងមន្ទីរពេទ្យដើម្បីថែទាំ និងតាមដានសុខភាពពីសំណាក់បុគ្គលិកពេទ្យដោយគេត្រូវតាមដានសញ្ញាជីវិតជាប្រចាំ ទឹកនោមប្រៃ និងទារកក្នុងផ្ទៃ។ ប្រសិនបើក្នុងករណីបម្រុងក្រឡាភ្លើងស្រ្តីនឹងបានជាសះស្បើយក្រោយពីបញ្ចប់គភ៌ ដោយពុំមានផលវិបាកអ្វីទាំងអស់។ សម្ពាធឈាមអាចចុះមកធម្មតាវិញ ក្រោយរយៈពេល៦សប្តាហ៍ និងទឹកនោមប្រៃអាចបាត់ក្នុងរយៈពេល ៦សប្តាហ៍ផងដែរ។ ផលវិបាក ក្នុងករណីដែលពុំបានដឹង និងស្រាវជ្រាវរករោគសញ្ញាឲ្យទាន់ពេលវេលាស្រ្តីនឹងធ្លាក់ចូលក្នុងសភាពធ្ងន់ធ្ងរដែលមានផលវិបាកធ្ងន់ធ្ងរទាំងទារកក្នុងផ្ទៃនិងម្តាយដូចជា៖ ១. ចំពោះម្តាយ • ដាច់សរសៃឈាមខួរក្បាល • ងងឹតភ្នែក • ហើមសួតស្រួចស្រាវ • HELLP Syndrome (ខាន់លឿង….) ឬបែកថ្លើម • ខ្សោយតម្រងនោមធ្ងន់ធ្ងរ • របេះសុកមុនពេលកំណត់។ ២.ចំពោះទារកក្នុងផ្ទៃ • ទារកលូតលាស់មិនប្រក្រតី • ទម្ងន់តូចជាងអាយុនៃគភ៌ • ខ្សោយប្រាជ្ញាស្មារតី • ស្លាប់ក្នុងពោះ • សម្រាលមិនគ្រប់ខែ។ វិធីសាស្រ្តការពារ ចំពោះស្រ្តីដែលមានប្រវត្តិធ្លាប់ឡើងសម្ពាធឈាមនិងបញ្ហាតម្រងនោម សូមពិសាកាល់ស្យូមឲ្យបានរាល់ថ្ងៃ និងថ្នាំអាស្ពីរីន ៨០មិល្លីក្រាម ១ថ្ងៃ ១គ្រាប់ចាប់ផ្តើមពីពេលមានគភ៌ភា្លម ឬមុនពេលមានគភ៌ (ត្រូវទៅពិគ្រោះប្រឹក្សាជាមួយគ្រូពេទ្យឯកទេសខាងសម្ភព)។ លើសពីនេះ អ្នកអាចអនុវត្តវិធីសាស្រ្តប្រចាំថ្ងៃដោយ៖ • ញ៉ាំទឹកឲ្យបានច្រើនតាមដែលអាចធ្វើបាន • ហូបចំណីអាហារដែលសម្បូរជីវជាតិល្អ • សម្រាកផ្អៀងមកខាងឆ្វេងឲ្យបានច្រើន • សម្រាកការងារធ្ងន់ៗ និងការងារដែលអាចប៉ះ   ពាល់ដល់អារម្មណ៍ • សម្រាកឲ្យបានគ្រប់គ្រាន់ • ធ្វើលំហាត់ប្រាណជាប្រចាំ • ប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យ និងពិនិត្យភ្លាមក្នុងករណីដែលមានភាពមិនប្រក្រតីនៅក្នុងខ្លួន។ គ្រប់ស្រ្តីដែលមានផ្ទៃពោះទាំងអស់ត្រូវតែមកពិនិត្យផ្ទៃពោះជាប្រចាំតាមការណាត់របស់គ្រូពេទ្យដែលយ៉ាងតិចណាស់ ៤ដងក្នុងអំឡុងពេលមានផ្ទៃពោះដើម្បីតាមដានរករោគសញ្ញាដែលកើតមានដែលពុំមានសញ្ញាប្រមានមុនហើយស្ត្រីមិនបានដឹងខ្លួន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា ជាអនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងជាប្រធានក្រុមគ្រូបង្គោល សង្គ្រោះបន្ទាន់ផ្នែកសម្ភពមូលដ្ឋាន អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម​ ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ផែនការហាត់ប្រាណបានធ្វើរួចរាល់ហើយ តើអ្វីដែលត្រូវធ្វើតទៀតសម្រាប់ការសម្រកទម្ងន់? ជាក់ស្ដែងទម្លាប់ប្រចាំថ្ងៃ និងរបបអាហារក៏ជាកាតព្វកិច្ចដែលអ្នកត្រូវកំណត់ និងអនុវត្តជារៀងរាល់ថ្ងៃផងដែរក្រៅពីការធ្វើលំហាត់ប្រាណ។ ខាងក្រោមនេះជាការណែនាំនូវវិធីសាស្រ្តខ្លះៗ បូករួមទាំងរបបអាហារ និងទម្លាប់នៃការរស់នៅ ដែលជាគន្លឹះសម្រាប់អ្នកដែលមានបំណងចង់ទទួលបានរាងកាយដែលស្រឡូនស្អាតឡើងវិញ៖ ញ៉ាំអាហារយឺតៗ  ល្បឿននៃការញ៉ាំអាហារ ក៏អាចរារាំងដល់គោលដៅសម្រកទម្ងន់របស់អ្នកផងដែរ។ ជាក់ស្ដែង ការទំពាអាហារឲ្យបានល្អ និងញ៉ាំក្នុងកម្រិតយឺតល្មម អាចផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខួរក្បាលបញ្ជូនព័ត៌មានប្រាប់អ្នកពីការឆ្អែត។ ដំណើរការនេះ អាចធ្វើឲ្យអ្នកកាត់បន្ថយការញ៉ាំអាហារច្រើនដង និងច្រើនហួសប្រមាណ។ មិនថា អ្នកឃ្លានប៉ុណ្ណានោះទេព្យាយាមទំពាអាហារមួយម៉ាត់ៗរបស់អ្នកឲ្យបានយ៉ាងហោចណាស់ ១០វិនាទី។ ជ្រើសរើសអាហារប្រូតេអុីន ប្រូតេអុីនគឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហារដែលចាំបាច់សម្រាប់ការលូតលាស់និងជួយរំលាយអាហារប្រកបដោយប្រសិទ្ធភាព។ ប្រូតេអុីនអាចបង្កើនអារម្មណ៍ឆ្អែតនិងពន្យារពេលឃ្លាន។ ការសិក្សាតូចមួយលើស្ត្រីវ័យក្មេង បានរកឃើញថាការញ៉ាំទឹកដោះគោមានជាតិប្រូតេអុីនខ្ពស់ (ជាអាហារសម្រន់នៅពេលរសៀល) បានកាត់បន្ថយភាពឃ្លាន និងកម្រិតកាល់ឡូរីនៅពេលទទួលទានអាហារពេលក្រោយ។ វិធីសាមញ្ញក្នុងការបង្កើនបរិមាណប្រូតេអុីននៅក្នុងរបបអាហាររួមមានការបន្ថែមគ្រាប់ធញ្ញជាតិ ស៊ុតសាច់មាន់ និងត្រី នៅក្នុងផែនការចំណីអាហារ។ ទទួលទានអាហារមានជាតិសរសៃ ប្រភេទអាហារដែលសម្បូរទៅដោយជាតិសរសៃដូចជា គ្រាប់ធញ្ញជាតិ អង្ករសម្រូប បន្លែនិងផ្លែឈើអាចជួយបង្កើនភាពឆ្អែតឲ្យនៅបានយូរ។ លើសពីនេះវាមានតួនាទីបង្កើនការស្រូបយកសារធាតុចិញ្ចឹម និងការពារពីការទល់លាមកផងដែរ។ តាមការសិក្សាក៏បានណែនាំឲ្យមានការញ៉ាំជាតិសរសៃឲ្យបានច្រើនសម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់ ជាពិសេសជាតិសរសៃម៉្យាងឈ្មោះថា Viscous ដែលអាចរកបាននៅក្នុងប្រភេទអាហារដូចជា សណ្ដែក គ្រាប់ធញ្ញជាតិ ទំពាំងបារាំង ឬផ្លែក្រូចជាដើម។ ជាក់ស្ដែង ជាតិសរសៃបែបនេះបានប្រែក្លាយទៅជាទម្រង់ជែលនៅពេលប៉ះជាមួយទឹកដែលមានសមត្ថភាពជំរុញការស្រូបយកជីវជាតិ និងធ្វើឲ្យអ្នកឆ្អែតបានយូរ។ ញ៉ាំទឹកឲ្យបានទៀងទាត់ ការទទួលទានទឹកអាចជួយអ្នកពីការញ៉ាំច្រើន និងស្រកទម្ងន់ប្រសិនអ្នកមានទម្លាប់ញ៉ាំទឹកមុនពេលបរិភោគអាហារម្ដងៗ។ ការសិក្សាលើមនុស្សពេញវ័យបានបង្ហាញថាការញ៉ាំទឹកកន្លះលីត្រ មុនញ៉ាំអាហារ៣០នាទី អាចជួយបន្ថយការឃ្លាន និងធ្វើឲ្យការស្រូបយកកាល់ឡូរីស្ថិតនៅកម្រិតទាប។ ជាក់ស្ដែងប្រសិនអ្នកមានទម្លាប់ញ៉ាំទឹកមុនពេលអាហារមានឱកាសស្រកទម្ងន់ក្នុងកម្រិត ៤៤% នៅ ១២សប្តាហ៍បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានញ៉ាំទឹក។ ក្រៅពីនោះ អ្នកក៏គួរកាត់បន្ថយការញ៉ាំភេសជ្ជៈមានជាតិកាល់ឡូរីខ្ពស់ តែជំនួសដោយទឹកធម្មតាវិញទើបជាការប្រសើរ។ គេងឲ្យបានគ្រប់គ្រាន់ ការគេងស្កប់ស្កល់ បានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់គោលដៅសម្រកទម្ងន់របស់អ្នក។ ផ្ទុយទៅវិញប្រសិនអ្នកមិនបានគេងគ្រប់គ្រាន់ នោះវាអាចប៉ះពាល់ទៅដល់មុខងារអ័រម៉ូនសម្រាប់រក្សាតុល្យភាពរបបអាហារ ដូចជា Leptin (អ័រម៉ូនកំណត់ការឆ្អែត) និងGhrelin (អ័រម៉ូនធ្វើឲ្យឃ្លាន)។ នៅពេលមុខងាររបស់អ័រម៉ូនទាំងពីរប្រែប្រួលនោះវាអាចធ្វើឲ្យអ្នកកាន់តែឃ្លាន និងមានទំនោរញ៉ាំអាហារដែលគ្មានជីវជាតិត្រឹមត្រូវ។ សូមសាកល្បងបិទគ្រឿងអេឡិចត្រូនិចមួយម៉ោងមុនពេលចូលគេង និងបង្កើតទម្លាប់នៃការគេង និងភ្ញាក់នៅម៉ោងណាមួយជាទៀងទាត់។ រក្សាសុខភាពផ្លូវចិត្ត ជាការពិត ការសម្រកទម្ងន់ក៏ប្រាស្រ័យទាក់ទងទៅលើសុខភាពផ្លូវចិត្តផងដែរ។ ការបរាជ័យពីអតីតកាលភាពតានតឹងនៅក្នុងផ្ទះ ឬកន្លែងធ្វើការ របៀបរស់នៅផ្សេងទៀត ឬបញ្ហាផ្លូវចិត្ត សុទ្ធតែជាការបិទផ្លូវនៅលើដំណើរការក្នុងការសម្រកទម្ងន់។ មុនពេលចាប់ផ្ដើមដំណើរការសម្រកទម្ងន់សូមចំណាយពេលក្នុងការគិតគូរពិចារណា កាត់បន្ថយភាពតានតឹង និងព្យាយាមសម្រេចឲ្យបាននូវរូបរាងកាយដែលអ្នករំពឹងទុកចង់បាន។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​​ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សុខភាពរបស់ស្រ្តីទូទៅ ពិសេសស្រ្តីក្រោយសម្រាលអាចនឹងមានសភាពទ្រុឌទ្រោមនិងប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលជាហេតុទាមទារឲ្យមានការគិតគូរយ៉ាងដិតដល់និងច្បាស់លាស់បំផុតមុនពេលស្រ្តីអាចទទួលបានការព្យាបាលបញ្ហាសុខភាពផ្សេងទៀត។ ចុះចំណែកសុខភាពមាត់ធ្មេញវិញទាមទារឲ្យមានការប្រុងប្រយ័ត្នដែរឬទេ? ករណីខាងក្រោមអាចជាការបកស្រាយសម្រាប់គ្រប់ស្រ្តីទាំងអស់ដែលទើបនឹងសម្រាលបុត្ររួច។ សំណួរ៖ ខ្ញុំមានអាយុ ៣៥ឆ្នាំ ភេទស្រី កម្ពស់១ម៉ែត្រ៥៨ ទម្ងន់៥១គីឡូក្រាម ជាស្រ្តីមេផ្ទះ។ ខ្ញុំបានសម្រាលកូនជាងមួយអាទិត្យហើយ ប៉ុន្មានថ្ងៃនេះហាក់ដូចជាមានអារម្មណ៍ថាឈឺធ្មេញថ្គាមម្ខាងដែលធ្លាប់មានបញ្ហាដង្កូវស៊ីពីមុនមក។ តើក្រោយសម្រាលរយៈពេលប៉ុន្មានខែទើបខ្ញុំអាចធ្វើធ្មេញបាន? ចម្លើយ៖ មិនមានផលប៉ះពាល់ណាមួយទាក់ទងរវាងការព្យាបាលធ្មេញទៅនឹងរយៈពេលដែលប្អូនទើបនឹងសម្រាលកូនហើយនោះទេ ប៉ុន្តែការប្រើប្រាស់ថ្នាំលេបក្រោយពេលព្យាបាលធ្មេញគឺមានប្រភេទថ្នាំមួយចំនួនអាចចេញតាមទឹកដោះ និងទៅដល់ទារកបាននៅពេលបំបៅ។ បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា និងជាសាស្រ្តាចារ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣​ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្របពេលការប្រើប្រាស់អុីនធើណែត និងបណ្ដាញសង្គមហ្វេសប៊ុកនាពេលបច្ចុប្បន្នកាន់តែកើនឡើងយ៉ាងគំហុកគេសង្កេតឃើញមានការផ្សព្វផ្សាយនូវព័ត៌មាន សេវាកម្ម និងតម្រូវការជាច្រើនតាមរយៈការផ្សាយផ្ទាល់ចេញពីគេហទំព័រផ្សេងៗគ្នា។ ជាក់ស្ដែងដោយសារភាពទំនើបកម្មនេះហើយបានជួយសម្រួលឲ្យមានភាពងាយស្រួលក្នុងជីវភាពរស់នៅ និងចំណេញពេលវេលាបានច្រើនក្នុងការទទួលបានព័ត៌មានថ្មីៗ និងកាន់តែឆាប់រហ័ស។ ដោយឡែក សម្រាប់ផ្នែកចំណេះដឹងសុខភាពក៏កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជនជាច្រើនផងដែរ ដោយគេសង្កេតឃើញមានការចែករំលែកអត្ថបទសុខភាព និងគន្លឹះសុខភាពប្លែកៗជារៀងរាល់ថ្ងៃ។ ដូច្នេះដើម្បីដើរឲ្យទាន់សម័យកាល និងអាចបំពេញតម្រូវការផ្នែកសុខាភិបាលឲ្យកាន់តែទូលំទូលាយ ក្រុមហ៊ុន ហេលស៍ថាម ខប បានផ្ដួចផ្ដើម និងរៀបចំកម្មវិធី Live show មួយឈ្មោះថា “តោះនិយាយពីសុខភាព ឬ Healthtime Talk” រដូវកាលទីមួយដែលចាប់ផ្ដើមនៅខែតុលា ឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ ២០២០ ក្នុងគោលបំណងចង់ពង្រឹង បង្កើនការចូលរួម និងផ្ដល់ការអប់រំផ្នែកសុខភាពពីសំណាក់អ្នកឯកទេសសុខាភិបាលទៅកាន់សាធារណជន និងបណ្តាអ្នកលេងហ្វេសប៊ុកទាំងអស់។ “តោះនិយាយពីសុខភាព ឬ Healthtime Talk” ជាកម្មវិធីផ្សាយផ្ទាល់ចេញពីទំព័រហ្វេសប៊ុក Healthogo មានរយៈពេល ៦០នាទីដែលនឹងរៀបចំឡើង ៣ដងក្នុងមួយខែ ដោយធ្វើឡើងជារៀងរាល់ថ្ងៃសុក្រនៃសប្ដាហ៍ទី១ ទី២ និងទី៤។ ជាក់ស្ដែង ក្នុងកម្មវិធីរាល់សប្ដាហ៍ទី ១នឹងពាំនាំនូវកិច្ចពិភាក្សាអំពីបញ្ហាសុខភាពយ៉ាងស៊ីជម្រៅ និងផ្តោតលើហានិភ័យប្រឈមទៅនឹងជំងឺ ដោយមានការចូលរួមបកស្រាយពីសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសទៅតាមប្រធានបទនីមួយៗ។  សម្រាប់រាល់សប្ដាហ៍ទី ២ គឺជាកម្មវិធីឆ្លើយសំណួរទាក់ទងនឹងប្រធានបន្តពីសប្តាហន៍ទី១ ដើម្បីបើកឱកាសដល់អ្នកចូលរួមបានយល់កាន់តែច្បាស់អំពីប្រធានបទ និងឈ្នះរង្វាន់តាមរយៈការឆ្លើយសំណួរ។ ។ ចំណែក កម្មវិធីផ្សាយផ្ទាល់នៅរាល់សប្ដាហ៍ទី ៤ គឺជាកិច្ចពិភាក្សាស្ដីពីគន្លឹះសុខភាពដែលផ្តោតលើ ការបរិភោគ លំហាត់ប្រាណ និងការរស់នៅប្រចាំថ្ងៃ សម្រាប់ការពារខ្លួនពីជំងឺនានា ដោយមានការចូលរួមបកស្រាយពីអ្នកជំនាញសុខភាព រួមទាំងសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសទៅតាមប្រធានបទនីមួយៗផងដែរ។។ ជារួម បន្ទាប់ពីទស្សនាកម្មវិធីផ្សាយផ្ទាល់ “តោះនិយាយពីសុខភាព ឬ Healthtime Talk” នឹងផ្ដល់ជូនអត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកទស្សនា ក៏ដូចជាសាធារណជនទាំងអស់រួមមាន ការសិក្សាស្វែងយល់ពីបញ្ហា និងគន្លឹះសុខភាពយ៉ាងសម្បូរបែប ការទទួលបានឱកាសក្នុងការសាកសួរពីបញ្ហាសុខភាពទៅកាន់វេជ្ជបណ្ឌិតឯកទេស និងអ្នកជំនាញសុខភាពដោយផ្ទាល់ និងភ្លាមៗ ជាពិសេសគឺការបង្កើនការទំនាក់ទំនងរវាងអ្នកទស្សនា ក៏ដូចជាអ្នកជំនាញសុខភាពទាំងអស់កាន់តែប្រសើរឡើងតាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ ក៏ដូចជាមន្ទិលសង្ស័យនានាទាក់ទងនឹងសុខភាព និងការរស់នៅតែម្តង។ ក្នុងនោះ កម្មវិធីរបស់យើងទទួលបានការគាំទ្រពីសំណាក់ផលិតផលស្ករបៀម កុកស៊ីល ផលិតផល CoPlaster និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយ៍ ខេមបូឌា គាំទ្រការស្រលាញ់សុខភាព និងក្រុមហ៊ុនស្ថាប័នពាក់ព័ន្ធនឹងសុខភាព សុខមាលភាពផ្សេងទៀតផងដែរ។ គួរបញ្ជាក់ដែរថាក្នុងរដូវកាលទីមួយនេះ ការផ្សាយផ្ទាល់នឹងធ្វើឡើងពាក់ព័ន្ធទៅនឹងសុខភាពម្ដាយ និងទារក សុខភាពស្រ្តីនិងសុខភាពផ្នែកបេះដូងដោយមានការចូលរួមពីសំណាក់វាគ្មិនដែលជាសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសដ៏មានបទពិសោធន៍ទៅតាមជំងឺនីមួយៗដូចជា៖ • វេជ្ជបណ្ឌិត ហេង វីរដ្ឋ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និង ជំងឺទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត • លោកស្រីវេជ្ជបណ្ឌិត យង់ ម៉ាលីសាដែត វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យកាល់ម៉ែត • សាស្ត្រាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត • លោកវេជ្ជបណ្ឌិត គុជ គីមសួរ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត • វេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត • លោកស្រីវេជ្ជបណ្ឌិត មិន សេងលាប បណ្ឌិតឯកទេស ជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត • លោកស្រីវេជ្ជបណ្ឌិត វន ម៉ាលីស វេជ្ជបណ្ឌិតឯកទេស ជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត ។ ក្រៅពីនោះ ក៏នៅមានការចូលរួមពីសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសផ្សេងទៀតសម្រាប់កម្មវិធីផ្សាយផ្ទាល់ជាបន្តបន្ទាប់ផងដែរ។  បានទាំងចំណេះដឹង បទពិសោធន៍ ព្រមទាំងមានឱកាសបានសាកល្បងការយល់ដឹង និងទទួលបានកាដូទៀត ដូចនេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណានៅរៀងរាល់ថ្ងៃសុក្រ សប្តាហ៍ទី១ ទី២ និងទី៤ នៅលើទំព័រហ្វេសប៊ុក Healthogo នៅវេលាម៉ោង ១២:៣០ នាទី ដល់ម៉ោង ០១:៣០ រសៀល។ សម្រាប់ព័ត៌មានបន្ថែម និងសម្រាប់ការផ្សព្វផ្សាយអាចទាក់ទងតាមរយៈ៖ 077 888 076/ 010 381 103 ឬ clinic.community@time-media.com។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top