
- Nov 15, 2017 |
- 7 years ago |
- 4.4K views
ស្បែកប្រេងលែងជាកង្វល់ !
មិនថាយ៉ាងណាបញ្ហាមុខខ្លាញ់រងើមនៅតែធ្វើឲ្យមនុស្សជាច្រើនពិបាកចិត្តមិនតិចទេសំខាន់ពេលកាន់តែពិបាកចិត្តមុខក៏កាន់តែខ្លាញ់ថែមទៀត ហេតុអ្វី? ហើយគួរធ្វើដូចម្តេចទៅ?ស្បែកមុខប្រេងជាបញ្ហាមួយដែលអាចកើតមានលើមនុស្សគ្រប់វ័យជាពិសេសវ័យជំទង់។វាអាចបង្កបញ្ហាលើផ្ទៃមុខដូចជាមុនជាំនិងបញ្ហាផ្សេងៗទៀតជាច្រើនបើទោះបីជាប្រេងនៅលើស្បែកមាននាទីជួយការពារស្បែក ផ្តល់សំណើម និងប្រឆាំងជាមួយភាពចាស់តាមវ័យក៏ដោយ។ បើដូច្នេះតាមដានជាមួយហេលស៍ថាមអំពីដំណោះស្រាយប្រកបដោយភាពវៃឆ្លាតទៅលើស្បែកមុខប្រេងរបស់អ្នក។ ផ្លាស់ប្តូររាល់ទម្លាប់មិនល្អប្រចាំថ្ងៃដែលជាកត្តាជំរុញឲ្យស្បែកមុខឡើងប្រេង៖ •គេងឲ្យបានគ្រប់គ្រាន់ ព្រោះថាប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់នោះនឹងធ្វើឲ្យអ្នកឆាប់អស់កម្លាំង និងក្លាយជាមូលហេតុនៃការបញ្ចេញប្រេងលើស្បែកកើនឡើង។ •កាត់បន្ថយស្រេ្តសព្រោះកាលណាស្ត្រេសរាងកាយអ្នកនឹងបង្កើនអ័រម៉ូនអង់ដ្រូសែនដែលជាមូលហេតុចម្បងបង្កឲ្យស្បែកបញ្ចេញប្រេងច្រើនជាងធម្មតា។ •ជ្រើសរើសផលិតផលថែរក្សាស្បែកឲ្យបានត្រឹមត្រូវ និងស័ក្តិសមជាមួយស្បែកមុខរបស់អ្នក ។ •លាងសម្អាតមុខ២ទៅ៣ដងក្នុងមួយថ្ងៃចៀសវាងលាងញឹកញាប់ពេកធ្វើឲ្យស្បែកស្ងួតខ្លាំងនិងជាហេតុផលធ្វើឲ្យស្បែករឹតតែបញ្ចេញប្រេងច្រើនជាងធម្មតា។ •បន្ថយការបរិភោគប្រៃ អាហារដែលសម្បូរដោយខ្លាញ់ ស្ករ តែចាស់ កាហ្វេបារី ភេសជ្ជៈដែលមានអាល់កុលច្រើនពេកនិងប្រភេទអាហារកំប៉ុងហើយប្តូរមកបរិភោគប្រភេទបន្លែពណ៌បៃតងទឹកផ្លែឈើស្រស់ៗនិងរក្សាការញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់៨កែវក្នុងមួយថ្ងៃ។ •កាត់បន្ថយពីការប៉ះពាល់ផ្ទាល់នៃស្បែកពីពន្លឺព្រះអាទិត្យដោយសារតែពន្លឺព្រះអាទិត្យអាចធ្វើឲ្យស្បែកអ្នកស្ងួតដែលជំរុញឲ្យក្រពេខ្លាញ់បង្កើនការផលិតកាន់តែច្រើន។ •ប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស ពីការបញ្ឈប់ ឬប្តូរការប្រើថ្នាំពន្យារកំណើត និងប្រភេទថ្នាំបង្កើនការបញ្ចេញអ័រម៉ូនមួយចំនួន ព្រោះថាថ្នាំទាំងនោះធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក និងបង្កើនការផលិតខ្លាញ់ទ្វេដង។ ក្រៅពីការផ្លាស់ប្តូរទម្លាប់ទាំងនេះ លោកអ្នកគួរធ្វើការថែរក្សាស្បែកមុខដោយវិធីធម្មជាតិ ដើម្បីឲ្យអ្នកទទួលបានលទ្ធផលកាន់តែប្រសើរ៖ •ប្រទាលកន្ទុយក្រពើ៖ កាត់ប្រទាលកន្ទុយក្រពើជាពីររួចចៀរយកផ្នែកសម្បកចេញ បន្ទាប់មកយកសាច់ប្រទាលបិតលើផ្ទៃមុខ ទុកឲ្យស្ងួតប្រហែល១០ទៅ១៥នាទីសឹមលាងសម្អាតចេញជាមួយទឹកស្អាត។លោកអ្នកអាចអនុវត្តវិធីនេះ១ទៅ២ដងក្នុងមួយថ្ងអាចជួយរក្សាជាតិទឹក និងផ្តល់សំណើមលើផ្ទៃមុខនិងបន្ថយការផលិតប្រេងលើស្បែក។ •យ៉ាអួ៖ មិនត្រឹមតែសម្រាប់ញ៉ាំលោកអ្នកអាចប្រើយ៉ាអួលាបឲ្យសព្វលើផ្ទៃមុខទុកចោលប្រហែល១៥នាទីបន្ទាប់មកលាងជាមួយនឹងទឹកស្អាតដែលលោកអ្នកអាចអនុវត្តបានម្តងក្នុងមួយថ្ងៃដើម្បីសម្រួលការផលិតប្រេងលើស្បែក។ •ត្រសក់៖ ចិតត្រសក់ជាចំណិតស្តើងៗហើយបិតលើផ្ទៃមុខរបស់អ្នកទុកចោលមួយយប់រួចលាងសម្អាតដោយទឹកក្តៅឧណ្ហៗនៅពេល ព្រឹកបន្ទាប់ ជារៀងរាល់ថ្ងៃ អាចបន្ថយការផលិតខ្លាញ់ដោយប្រសិទ្ធភាព។ ដល់ពេលហើយដែលអ្នកត្រូវផ្លាស់ប្តូរទម្លាប់អាក្រក់ៗទាំងនោះចោលហើយបង្កើនការថែរក្សាបន្ថែមអញ្ចឹងទោះមុខខ្លាញ់រងើមប៉ុណ្ណាក៏គ្មានបញ្ហាទៀតដែរ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share