
- Nov 06, 2017 |
- 7 years ago |
- 29.3K views
និយមន័យនៃភាពស្រស់ស្អាតរបស់ មាន សូនីតា
នរណាៗក៏ចង់ឲ្យខ្លួនឯងមានភាពស្រស់ស្អាតដែរ តែមិនប្រាកដថាគ្រប់គ្នាសុទ្ធតែដឹងពីវិធីដែលធ្វើឲ្យខ្លួនឯងស្រស់ស្អាត ហើយស័ក្តិសមនឹងរូបរាង ក៏ដូចជាអ្វីដែលខ្លួនឯងមាននោះទេ ដូចនឹងអ្វីដែលសិល្បការិនីដ៏ស្រស់ស្អាត និងមានប្រជាប្រិយភាពជាមួយនឹងសម្រស់គួរឲ្យចង់គយគន់ សមសួននឹងរូបរាងស្រឡូនគួរឲ្យស្រលាញ់ ដែលត្រូវបានមហាជន ជាពិសេសប្រជាជនកម្ពុជាយើងស្គាល់ថាជា«រាជនីក្រមាខ្មែរ» បានលើកឡើងថា «ភាពស្រស់ស្អាត ជាកាដូពីធម្មជាតិសម្រាប់គ្រប់គ្នាទាំងប្រុស និងស្រី ហើយវាក៏ជាប្រយោជន៍មួយ ដែលនរណាៗក៏ចង់បាន ចង់មើល ហើយវាសំដៅលើសុខភាពល្អទាំងក្នុងទាំងក្រៅ ដោយហេតុថា បើមិនមានសុខភាពខាងក្នុងល្អទេ អ្វីដែលបង្ហាញនៅខាងក្រៅក៏មិនអាចស្រស់ស្អាតបានដែរ ហើយសត្រូវនៃភាពស្រស់ស្អាត គឺជាជំងឺ»។ ជាអតីតជ័យលាភី Freshie Girl មួយរូប និងជាអ្នកផ្តួចផ្តើមចលនា«ស្រលាញ់» កញ្ញា មាន សូនីតា ក៏បានផ្តល់កិត្តិយសធ្វើការចែករំលែកនូវគន្លឹះនៃការថែរក្សាសម្ផស្សរបស់កញ្ញាផ្ទាល់រួមមាន ទម្លាប់រស់នៅប្រចាំថ្ងៃ ការតុបតែងខ្លួន និងកត្តាផ្សេងៗផងដែរ… សំណួរ ៖ អំពីទម្លាប់រស់នៅប្រចាំថ្ងៃ តើមានអ្វីខ្លះជាពិសេសដែលសូនីតាតែងតែធ្វើ ដើម្បីរក្សាសម្ផស្សឲ្យនៅតែស្រស់ស្អាតបែបនេះ? សូនីតា ៖ រាល់ពេលចេញទៅខាងក្រៅ គឺមិនអាចភ្លេចបានឡើយនូវគ្រីមការពារកម្តៅថ្ងៃដែលត្រូវនឹងសភាពស្បែកមុខជាប្រចាំ និងពាក់វ៉ែនតា ដើម្បីការពារសុខភាពភ្នែក ក្នុងករណីដែលមិនមានមួក។ ចំណែកឯពេលយប់វិញ ក្រោយពីលាងសម្អាតមុខ និងទុកមុខឲ្យទំនេរដោយឲ្យអុកហ្ស៊ីសែនចេញចូលហើយ ខ្ញុំតែងតែលាបសេរ៉ូមដែលជាសារធាតុចិញ្ចឹម ដើម្បីឲ្យវាជ្រាបចូលទៅធ្វើឲ្យស្បែកមុខល្អឡើងវិញ ព្រមទាំងបិទម៉ាស់ ដើម្បីកម្ចាត់កោសិកាចាស់ៗ ឬស្រ្កាប់ ដើម្បីសម្អាតផ្ទៃមុខផងដែរ។ សំណួរ ៖ សម្រាប់ការថែរក្សាសម្ផស្សវិញ រវាងផលិតផលគ្រឿងសម្អាង និងរូបមន្តតាមបែបធម្មជាតិ តើសូនីតាចូលចិត្តមួយណាជាង? ហេតុអ្វី? សូនីតា ៖ បើមានពេលគ្រប់គ្រាន់ រូបមន្តតាមបែបធម្មជាតិប្រាកដជាជម្រើសរបស់ខ្ញុំ បើទោះជាមិនទទួលបានលទ្ធផលភ្លាមៗក៏ដោយ ព្រោះវាមិនជំរុញវ័យ និងមិនឲ្យសភាពស្បែកមានភាពជ្រីវជ្រួញ ឬឆាប់ចាស់លឿន។ អ្វីដែលអាចធ្វើបាននៅផ្ទះគឺ យកពងមាន់ ឬប្រទាលកន្ទុយក្រពើស្រស់មកលាបលើមុខ ឬទឹកឃ្មុំលាយជាមួយស្ករស ឬក្រូចឆ្មារ ដើម្បីកម្ចាត់កោសិកាចាស់ៗចោល។ សំណួរ ៖ តើមានអាហារអ្វីជាពិសេស ដែលសូនីតាតែងតែញ៉ាំ ឬចៀសវាងឬទេ? សូនីតា ៖ របបអាហារពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ព្រោះថាអ្វីដែលយើងញ៉ាំចូលទៅ វានឹងទៅចិញ្ចឹមសារពាង្គកាយរបស់យើងទាំងមូល ជាក់ស្តែងណាស់ គឺពី៦០ ទៅ៧០% ដែលនឹងមានឥទ្ធិពលលើសុខភាពស្បែក។ សម្រាប់ខ្ញុំ ពេលព្រលឹម ខ្ញុំតែងញ៉ាំទឹកផ្លែឈើ ព្រោះវាច្រើនចូលមកក្នុងស្បែកយើងបានល្អ នៅពេលយើងមិនទាន់ញ៉ាំអី។ ពេលថ្ងៃ គឺឧស្សាហ៍ញ៉ាំត្រី និងប្រើប្រេងអូលីវជំនួសប្រេងឆាក្នុងការចម្អិនអាហារ លុះដល់ពេលល្ងាច អាហារដែលខ្ញុំញ៉ាំ មានតែត្រី ឬបន្លែជាលក្ខណៈសាឡាដ។ ក្រៅពីអាហារ ទឹកពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះវានឹងជ្រាបចូលគ្រប់កោសិកានៃសារពាង្គកាយរបស់យើង។ ខ្ញុំឧស្សាហ៍ញ៉ាំកាហ្វេដែលធ្វើឲ្យបាត់បង់ជាតិទឹកច្រើន ហេតុនេះហើយ ខ្ញុំត្រូវការទឹកបន្ថែម ដើម្បីឲ្យស្បែកមើលទៅថ្លា ដោយចាំបាច់ត្រូវជ្រើសរើសទឹកដែលល្អសម្រាប់សុខភាពរាងកាយ។ សំណួរ ៖ ចំពោះភេសជ្ជៈ តើកញ្ញាតែងតែញ៉ាំអ្វី ឬចៀសវាងអ្វីជាពិសេសដែរឬទេ? សូនីតា ៖ ខ្ញុំមិនសូវញ៉ាំភេសជ្ជៈកំប៉ុងនោះទេ ហើយញ៉ាំទឹកធម្មជាតិជាប្រចាំរួមមាន ទឹកប្រទាលកន្ទុយក្រពើ ក្រូចច្របាច់ ទឹកការ៉ុត ទឹកប៉ោម ដែលធ្វើដោយខ្លួនឯង(ដោយផ្លាស់ប្តូរប្រភេទផ្លែឈើជាញឹកញាប់) លើកលែងតែពេលខ្លះ ហត់អស់កម្លាំង ឬមិនអាចចៀសវាងបាន។ សំណួរ ៖ តើ «ការហាត់ប្រាណ» មានទំនាក់ទំនងជាមួយនឹង«សម្ផស្ស»ដែរឬទេ? ហើយតើកញ្ញា ចូលចិត្តហាត់ប្រាណប្រភេទណាដែរ? ហេតុអ្វី? សូនីតា ៖ ការហាត់ប្រាណ គឺល្អសម្រាប់ទាំងសុខភាព និងសម្រស់ ព្រោះពេលដែលយើងធ្វើការពីលើក្បាលដល់ចុងជើង នោះស្បែកយើងនឹងរឹងមាំ ហើយសាច់ក៏មិនយារ បូករួមនឹងការទទួលទានអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៀតនោះ សុខភាពនឹងរឹងមាំ ហើយសម្រស់ក៏ស្រស់ស្អាតព្រមគ្នាតែម្តង។ អ្នកហាត់ប្រាណមានភាពរឹងមាំ និងស្វាហាប់ជាង ស្បែកមិនជ្រួញ ឬយារ និងអាចបញ្ចេញស្រ្តេស ហើយពេលដែលប្រើកម្លាំងចេញញើស គឺវាល្អសម្រាប់សុខភាពចិត្ត និងកាយ ព្រមទាំងសម្រស់។ សម្រាប់អ្នកចាប់ផ្តើមដំបូង អាចសាកល្បងជាមួយប្រភេទលំហាត់ប្រាណមួយចំនួនសិន ដើម្បីឲ្យដឹងថាខ្លួនឯងចូលចិត្តអ្វី?ហើយអ្វីដែលស័ក្តិសមនឹងអ្នក? ព្រោះថាយើងម្នាក់ៗសុទ្ធតែមានចំណូលចិត្ត និងតម្រូវការផ្សេងៗពីគ្នា ហើយបើសិនជាអាច គួរតែធ្វើការឆ្លាស់គ្នា ដើម្បីចៀសវាងភាពធុញទ្រាន់។ បើសិនជាធុញ ហើយប្រាកដជាខ្ជិល ហើយក៏មិនចង់ហាត់ ចុងបញ្ចប់ គឺមិនហាត់តែម្តង។ យ៉ាងណាមិញ លំហាត់ប្រាណប្រភេទណាក៏ល្អសម្រាប់សុខភាពដែរឲ្យតែហាត់តាមក្បួនបានត្រឹមត្រូវ។ អ្វីដែលខ្ញុំចូលចិត្តជាងគេ គឺ«យោគៈ (Yoga)» ព្រោះភាពយឺតរបស់វាធ្វើឲ្យកាន់តែអស់កម្លាំង ហើយដៃជើងប្រែជារឹងមាំ ចេះប្រើកម្លាំង ហើយសាច់ដុំក៏លែងទន់ខ្សោយ ព្រមទាំងអាចបញ្ចេញស្រ្តេស និងភាពនឿយហត់ ក៏ដូចជាសម្ពាធការងារពេញមួយថ្ងៃផងដែរ។ សំណួរ ៖ តើមនុស្សម្នាក់គួរតែស្រលាញ់ និងពេញចិត្តនូវអ្វី(សម្ផស្ស)ដែលខ្លួនមានស្រាប់ ឬគួរតែប្រើប្រាស់អ្វីបន្ថែម ដើម្បីកែច្នៃ និងបង្កើននូវភាពទាក់ទាញរបស់ខ្លួន? សូនីតា ៖ អ្នកខ្លះមិនបានស្រលាញ់នូវអ្វីដែលខ្លួនមាននោះទេ ហើយអ្នកខ្លះស្អាតពីធម្មជាតិ អ្នកខ្លះស្អាតបែបកែច្នៃ តែទាំងនោះសុទ្ធតែជាជម្រើសរបស់មនុស្សម្នាក់ៗ។ អ្វីដែលសំខាន់ គឺត្រូវសួរខ្លួនឯងថា«តើអ្នកគិតថា ខ្លួនឯងស្អាតពេលណា? ហើយស្អាតត្រង់ចំណុចណា?» ព្រោះពេលដែលអាចឆ្លើយសំណួរនេះបាន គឺអ្នកប្រាកដជាទុកចិត្តខ្លួនឯង និងមានភាពជឿជាក់លើខ្លួនឯង។ សំណួរ ៖ បន្ថែមពីលើទម្លាប់រស់នៅប្រចាំថ្ងៃ សម្រាប់Trendសម័យថ្មីនេះ ដើម្បីឲ្យមានភាពស្រស់ស្អាត តើសូនីតាយល់ថា ការតុបតែងខ្លួនបែបណាទើបទាន់សម័យ? ហើយស័ក្តិសមបំផុតសម្រាប់យុវវ័យ? សូនីតា ៖ អ្នកដែលអានច្រើន ចេះច្រើន ឃើញច្រើន និងអាចបង្កើនចំណេះក្នុងតុបតែងខ្លួនឲ្យសមស្របនឹងកាលៈទេសៈ ប៉ុន្តែ ទោះជាមនុស្សម្នាក់នោះមានភាពប៉ិនប្រសប់ក្នុងការតុបតែងខ្លួនកម្រិតណាក៏ដោយ ក៏គេនៅតែត្រូវចេះសង្កេតមើលពិភពលោកខាងក្រៅថា គេដើរដល់ណាហើយដែរ? យ៉ាងណាមិញ គួរកុំឲ្យហួសនូវអ្វីដែលជាខ្លួនឯង ហើយត្រូវរំលឹក និងសួរខ្លួនឯងជានិច្ចថា «ធ្វើតាមគេហ្នឹងសមដូចគេដែរអត់?» សំណួរ ៖ តើសូនីតាមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់មិត្តអ្នកអាន ជាពិសេសអ្នកដែលចង់បានសម្រស់ស្រស់ស្អាតដូចជាកញ្ញា ដែរឬទេ? សូនីតា ៖ និយាយរួមទៅ អ្នកគ្រប់គ្នាជាអ្នកទទួលខុសត្រូវលើសុខភាព ក៏ដូចជាភាពស្រស់ស្អាតរបស់ខ្លួនអ្នក អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ ខ្លួនអ្នកផ្ទាល់នឹងជាអ្នកទទួលលទ្ធផល។ ហេតុដូចនេះហើយ មិនថាអានច្រើនមើលច្រើនប៉ុណ្ណា ក៏ត្រូវអនុវត្តច្រើនជាមួយនឹងការខំប្រឹង ហើយចាំមើលលទ្ធផល។ ជាក់ស្តែង នាងខ្ញុំតែងតែគិតថាចំណេះដឹងសុខភាព និងសម្រស់ពិតជាសំខាន់ ហើយប្រភពមួយដែលគួរឲ្យទុកចិត្តនោះ គឺ Healthogo App ។ ចំពោះអ្នកដែលស្រលាញ់ខ្លួនឯងទាំងអស់គ្នា «សូមធ្វើអ្វីដើម្បីខ្លួនឯង ព្រោះថាមិនមានអ្នកណាធ្វើវា ដើម្បីអ្នកនោះទេ…ហើយក៏សង្ឃឹមថា នេះអាចជាសារដាស់តឿនដល់អ្នកមិនបានមើលថែសម្រស់ខ្លួនឯង ឬមើលដែរ តែមើលក្នុងន័យផ្សេង សូមឲ្យមានសុខភាពល្អទាំងក្នុង និងខាងក្រៅគ្រប់ៗគ្នា!!!» បើមានចម្ងល់អ្វីបន្ថែម អាចcommentនៅក្រោមអត្ថបទនេះផ្ទាល់ ហើយនាងខ្ញុំរីករាយនឹងធ្វើការឆ្លើយតប ក៏ដូចជាចែករំលែកបន្ថែមទៀត…. ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share