- Sep 21, 2019 |
- 6 years ago |
- 17.2K views
កូនតូចរបស់អ្នកមានបញ្ហារាកមែនទេ?
ជំងឺរាកជាបញ្ហាសាមញ្ញដែលតែងតែជួបលើកុមារអាយុក្រោម ៥ឆ្នាំ។ នៅប្រទេសកំពុងអភិវឌ្ឍ បើជំងឺរាកកើតឡើងញឹកញាប់នោះវានឹងជាកត្តាដែលនាំទៅរកអាការៈធ្ងន់ធ្ងរដូចជា កង្វះជាតិទឹក កង្វះអាហារូបត្ថម្ភ និងកង្វះអេឡិចត្រូលីតជាដើម។ ដូច្នេះថាតើអ្វីទៅជាជំងឺរាក? អត្ថបទខាងក្រោមនេះនឹងបង្ហាញពីចំណេះដឹង ការព្យាបាល និងសញ្ញាគ្រោះថ្នាក់ដែលម្តាយគួរដឹងពេលកូនតូចរបស់គាត់មានជំងឺរាក។ អំពីជំងឺរាក អង្គការសុខភាពពិភពលោកហៅកាត់ថា “WHO” បានឲ្យនិយមន័យថាជំងឺរាក គឺជាការបន្ទោបង់ដែលមានលាមកលាយទឹក ឬសុទ្ធតែទឹកយ៉ាងតិច បីដងក្នុងមួយថ្ងៃ ខុសពីធម្មតា។ ជំងឺរាកតាមសញ្ញាគ្លីនិកត្រូវបានចែកចេញជា ៤សណ្ឋាន៖ ១ រាកសុទ្ធតែទឹក ស្រួចស្រាវ (Acute watery diarrhea)៖ រាករយៈពេលខ្លី តិចជាងពីរសប្តាហ៍។ គ្រោះថ្នាក់សំខាន់ គឺការបាត់បង់ជាតិទឹក។ ២ រាកមានលាយឈាម ស្រួចស្រាវ (Acute bloodydiarrhea)៖ ហៅថា រាកមួល (Dysentery)។ គ្រោះថ្នាក់សំខាន់គឺការបង្ករោគក្នុងឈាមនិងកង្វះអាហារូបត្ថម្ភ។ ៣ រាករ៉ាំរ៉ៃ (Persistent diarrhea)៖ គឺរាកចាប់ពី ១៤ថ្ងៃឡើងទៅ។ គ្រោះថ្នាក់សំខាន់គឺ កង្វះអាហារូបត្ថម្ភ និងការបង្ករោគក្រៅពោះវៀនធ្ងន់ធ្ងរ។ ៤ រាកដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ៖ គ្រោះថ្នាក់គឺ ការបង្ករោគធ្ងន់ធ្ងរ ការបាត់បង់ជាតិទឹកកង្វះវីតាមីន និងសារធាតុរ៉ែ។ តើអ្វីទៅជាកត្តាបង្កឲ្យមានជំងឺរាក? ជំងឺរាកលើកុមារតែងបង្កមកពីមូលហេតុជាច្រើនមានដូចជា៖ • បរិភោគអាហារដែលមានជាតិស្ករខ្ពស់ ដូចជាផឹកទឹកក្រូចជាដើម • ការបង្ករោគដោយបាក់តេរី វីរុស ឬប៉ារ៉ាស៊ីត • មានប្រតិកម្មជាមួយអាហារ ឬទឹកដោះគោ • មានប្រតិកម្មជាមួយថ្នាំ • ជំងឺទាក់ទងតួនាទីរបស់ពោះវៀន ដូចជា បណ្តុំរោគសញ្ញានៃការរលាកពោះវៀន • លទ្ធផលនៃការវះកាត់លើក្រពះ ឬថង់ទឹកប្រម៉ាត់។ សញ្ញា និងរោគសញ្ញានៃជំងឺរាក រោគសញ្ញាខាងក្រោមជាសញ្ញាដែលតែងតែជួបពេលកុមាររាក។ ដោយហេតុថារាងកាយ និងប្រព័ន្ធភាពស៊ាំមនុស្សម្នាក់ៗមិនដូចគ្នា ដូច្នេះអាការៈដែលស្តែងចេញមកអាចខុសគ្នាពីក្មេងម្នាក់ទៅក្មេងម្នាក់ទៀត។ ក្មេងខ្លះអាចមានអាការៈរមួលពោះដំបូង ទើបរាកពី៣ ទៅ៥ថ្ងៃ។ រោគសញ្ញាទាំងនោះមានដូចជា៖ • ក្តៅខ្លួន • មិនញ៉ាំអាហារ • ចង្អោរ ឬក្អួត • ថយចុះគីឡូ • កង្វះជាតិទឹក • ហើមពោះ • លាមកមានឈាម • ហៀរលាមកមកក្រៅ។ ការព្យាបាលជំងឺរាក បើកុមារមិនមានសញ្ញាដូចខាងក្រោមទេ គាត់អាចព្យាបាលនៅផ្ទះបានដែលសញ្ញាទាំងនោះមានដូចជា៖ • ឡេះឡះ/រញ៉ាំរញ៉ូវ • សន្លឹម ឬបាត់ស្មារតី • មិនអាចផឹក ឬមិនអាចបៅបាន ឬផឹកបានតិចតួចដោយពិបាក • ស្រេកទឹកខ្លាំង និងផឹកត្រហេបត្រហប • ភ្នែកខូង • ផ្នត់ស្បែកពោះដែលច្បិចរលាយឺតឬយឺតណាស់។ បើសង្ស័យ ឬមិនច្បាស់ពីអាការៈខាងលើ ម្តាយត្រូវនាំកូនមកមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យថាតើគួរតែគេងពេទ្យ ឬព្យាបាលនៅផ្ទះ។ ម៉្យាងទៀតម្តាយត្រូវយល់ពីវិធី ៣ យ៉ាងនៃការព្យាបាលនៅផ្ទះ៖ ១ ផ្តល់ជាតិទឹកបន្ថែម ឲ្យបានច្រើនតាមតែកូនអាចផឹកបាន • បើកូននៅបៅដោះ ម្តាយត្រូវបំបៅឲ្យបានញឹកញាប់ និងឲ្យបានយូរពេលបំបៅម្តងៗ។ • បើកូនបៅទឹកដោះម្តាយសុទ្ធ ត្រូវឲ្យទឹកអូរ៉ាលីត្រ ឬទឹកស្អាតបន្ថែមលើការបំបៅដោះ។ ក្រោយបាត់រាក ចាប់ផ្តើមបំបៅទារកដោយទឹកដោះម្តាយសុទ្ធបន្ត។ • បើកូនមិនបៅទឹកដោះសុទ្ធទេ អាចផ្តល់ជាតិទឹកណាមួយ៖ ទឹកអូរ៉ាលីត្រ ជាតិទឹកប្រភពពីអាហារ (ទឹកសម្ល ទឹកបបរ…) និងទឹកស្អាត។ បរិមាណអូរ៉ាលីត្រដែលត្រូវបន្ថែមលើជាតិទឹកដែលទទួលទានជាធម្មតា៖ • អាយុក្រោម ២ឆ្នាំ៖ ៥០-១០០ មិល្លីលីត្ររាល់ក្រោយបន្ទោបង់ម្តងៗ • អាយុ ២ឆ្នាំឡើងទៅ៖ ១០០-២០០ មិល្លីលីត្ររាល់ក្រោយបន្ទោបង់ម្តងៗ • ផ្តល់ទឹកអូរ៉ាលីត្រឲ្យកុមារបន្តិចម្តងៗ ញឹកញាប់ដោយប្រើពែង • បើកុមារក្អួត ត្រូវបង្អង់១០នាទី រួចទើបបន្តផ្តល់ជាថ្មី តែដោយយឺតៗជាងមុន • បន្តផ្តល់ជាតិទឹកបន្ថែម រហូតដល់កុមារលែងរាក។ បន្ថែមពីនោះ គួរផ្តល់បន្ថែមជាតិស័ង្កសី ដោយសារវាមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺរាក រយៈពេលនៃជំងឺរាក និងកាត់បន្ថយការកើតមានជំងឺរាកលើកក្រោយៗទៀត។ ថ្នាំគ្រាប់ជាតិស័ង្កសីត្រូវបានប្រើដូចខាងក្រោម៖ • ទារកអាយុក្រោម ៦ខែ ឲ្យកន្លះគ្រាប់ (១០មិលី្លក្រាម) ក្នុង ១ថ្ងៃសម្រាប់រយៈពេល ១០-១៤ថ្ងៃ • កុមារអាយុចាប់ពី ៦ខែ ឲ្យ១គ្រាប់ (២០មិលី្លក្រាម) ក្នុង១ថ្ងៃសម្រាប់រយៈពេល ១០-១៤ថ្ងៃ។ ២ បន្តការផ្តល់អាហារ • ផ្តល់អាហារឲ្យបានគ្រប់គ្រាន់ និងមានសុវត្ថិភាព • បន្តបំបៅដោះកូន បើកូននៅបៅដោះ។ ៣ ចំណុចដែលម្តាយត្រូវដឹងថាពេលណាគួរត្រឡប់មកមន្ទីរពេទ្យវិញ • រាកកាន់តែធ្ងន់ធ្ងរជាងមុន • ក្អួតញឹកញាប់ • ស្រេកទឹកខ្លាំង • ហូប ឬផឹកមិនបាន • ក្តៅខ្លួន • មានឈាមក្នុងលាមក • រាកមិនធូរស្រាលក្នុងរយៈពេល៣ថ្ងៃ។ តើត្រូវធ្វើដូចម្តេចដើម្បីបង្ការជំងឺរាកកុំឲ្យកើតជាថ្មីម្តងទៀត? • ប្រើប្រាស់ទឹកស្អាតសម្រាប់ផឹក និងធ្វើម្ហូបអាហារ • ត្រូវលាងដៃបន្ទាប់ពីបត់ជើង បន្ទាប់ពីលាងគូទឲ្យកូនរួច បន្ទាប់ពីចោលលាមកក្មេងមុនពេលរៀបចំអាហារ និងមុនពេលបរិភោគអាហារ • មិនត្រូវបរិភោគអាហារឆៅ លើកលែងតែបន្លែឬផ្លែឈើដែលមិនខូច និងដែលបានចិតសម្បកហើយបរិភោគភ្លាម • បរិភោគអាហារដែលបានចម្អិនល្អ • លាង និងជូតឲ្យស្ងួតរាល់សម្ភារៈផ្ទះបាយដែលបានប្រើរួច • ការពារម្ហូបអាហារកុំឲ្យរុយរោម • បន្ទោបង់តែក្នុងបង្គន់អនាម័យ • លាមកក្មេងតូចៗត្រូវយកទៅចោលក្នុងបង្គន់ឬកប់ចោលភ្លាមៗបន្ទាប់ពីបន្ទោបង់រួច • ត្រូវបំបៅកូនដោយទឹកដោះម្តាយទាំងស្រុងនៅអាយុ៦ខែដំបូង ហើយគប្បីបន្តបំបៅដោះកូនរហូតដល់អាយុ២ឆ្នាំ។ ជំងឺរាក ជាឃាតករលាក់មុខធ្វើឲ្យកុមារឈឺ និងស្លាប់នៅក្នុងបណ្តាប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍ។ សូមម្តាយគ្រប់រូប កុំឲ្យកូនផឹកថ្នាំ ឬថ្នាំផ្សះផ្តេសផ្តាស់ព្រោះថាជំងឺរាកមិនមែនសុទ្ធតែបង្ករោគដោយបាក់តេរីនោះឡើយ ហើយម៉្យាងទៀតវាអាចធ្វើឲ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរ និងអាចធ្វើឲ្យហួសពេល ឬយឺតយ៉ាវក្នុងការព្យាបាល។ ជំងឺរាកជាជំងឺសាមញ្ញ និងងាយកើតលើកូនជាទីស្រលាញ់របស់ម្តាយគ្រប់រូប ហើយជំងឺនេះនឹងមិនមានផលប៉ះពាល់ដល់អាយុជីវិតទេ ប្រសិនបើអ្នកជំងឺទទួលបានការព្យាបាលទាន់ពេលនិងមានប្រសិទ្ធភាព។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share
