- Jul 12, 2019 |
- 6 years ago |
- 6.1K views
កាន់តែច្បាស់ពីបញ្ហាមុននៅលើស្បែក
មុនត្រូវបានគេកត់សម្គាល់ឃើញជាញឹកញាប់នៅលើផ្ទៃមុខ ខ្នង ទ្រូង ជុំវិញបបូរមាត់និងគូទជាដើម។ តើបញ្ហាស្បែកមុខមានមុនកើតឡើងដោយសារអ្វី? តើយើងអាចទប់ស្កាត់ការលេចចេញឡើងនូវបញ្ហាមុនបានទេ? បើកើតហើយតើអាចធ្វើការព្យាបាលឲ្យបាត់វិញបានទេ? មុនមានច្រើនប្រភេទដែលក្នុងនោះផងដែរ យើងចែកចេញជា ២ក្រុមគឺមុនអត់រលាក (Retentional Acne) និងមុនរលាក ( Inflammatory Acne)៖ • មុនអត់រលាក (Retentional Acne) រួមមាន៖ មុនក្បាលខ្មៅ (Blackhead) និងមុនកប់ (Whitehead) • មុនរលាក (Inflammatory Acne) មាន៖ មុនសាច់ (Papule) មុនខ្ទុះ (Pustules) និងមុនគ្រាប់ (Kystes)។ អ្វីជាមូលហេតុពីក្រោយការកើតមុននៅលើស្បែក? ជាក់ស្តែង មូលហេតុដែលបង្កឲ្យកើតមុននៅលើស្បែកបណ្តាលមកពីវិបត្តិនៃក្រពេញ Sebaceous ដែលកើតឡើងដោយសារធាតុកខ្វក់ ឬមេរោគ ការកើនឡើងនៃអ័រម៉ូនអឺស្រ្តូហ្សែន បញ្ហាស្ត្រេស ភាពតានតឹង និងកោសិកាស្បែកចាស់ៗសុទ្ធសឹងតែជាកត្តាបង្កឲ្យស្ទះរន្ធញើស និងគល់រោមដែលបណ្តាលឲ្យសែ្បកពិសេសផ្ទៃមុខរបស់អ្នកលេចឡើងនូវបញ្ហាមុន។ ក្រៅពីមូលហេតុខាងលើបញ្ហាមុនអាចមានកត្តាប្រឈមផ្សេងទៀតដូចជា៖ • អ្នកដែលមានស្បែកមានជាតិខ្លាញ់ ឬសម្បូរប្រេង • ការគេងមិនបានគ្រប់គ្រាន់ • ការញ៉ាំទឹក • ការមិនបានហាត់ប្រាណដើម្បីឲ្យក្រពេញញើសដំណើរការបានល្អ • ការមិនទម្លាប់សម្អាតស្បែកឲ្យបានទៀងទាត់។ ស្បែកមានមុនផ្តល់ផលវិបាកដូចម្តេច? ស្បែកដែលមានបញ្ហាមុន ឬផលវិបាកដែលបន្សល់ទុកក្រោយពេលកើតមុនគឺ៖ • ធ្វើឲ្យស្បែកមានលក្ខណៈខុសធម្មតា • បន្សល់ទុកស្នាម និងផ្លែសាច់ • ស្បែកក្រហមខុសធម្មតា • ងាយអាល្លែកហ្ស៊ីជាមួយប្រតិកម្មខាងក្រៅ • ឆាប់ចាស់ជ្រីវជ្រួញជាងវ័យ។ល។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ការធ្វើរោគវិនិច្ឆ័យទៅលើអ្នកដែលមានបញ្ហាស្បែកមានមុនគឺត្រូវធ្វើឡើងអាស្រ័យលើសញ្ញាគ្លីនិកមួយចំនួន។ គ្រប់លក្ខខណ្ឌនៃបញ្ហាមុន គួរតែទទួលការព្យាបាលស្របទៅតាមសភាពធ្ងន់ធ្ងរ ឬស្រាលរបស់មុន។ ប្រសិនបើមិនទាន់មានបញ្ហាខ្លាំងនោះទេ អ្នកត្រូវបានណែនាំឲ្យទទួលទានទឹកឲ្យបានច្រើន ពិសេសហាត់ប្រាណឲ្យបានទៀងទាត់។ ករណីបញ្ហាមុនមានលក្ខណៈច្រើនអ្នកត្រូវធ្វើការព្យាបាលដោយការប្រើប្រាស់ថ្នាំលាប ថ្នាំលេប ឬរហូតដល់ថ្នាំចាក់ទៅតាមកម្រិតរបស់អ្នកជំងឺដែលការព្យាបាលនេះធ្វើឡើងជាមួយអ្នកជំនាញឬគ្រូពេទ្យឯកទេសសើស្បែកឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។ វិធីសាស្រ្តការពារខ្លួនពីបញ្ហាមុន • ត្រូវញ៉ាំទឹកឲ្យបានច្រើន • ហាត់ប្រាណឲ្យបានទៀងទាត់ • ចៀសវាងការសម្អាតជាមួយសាប៊ូ ឬសារធាតុកាត់ច្រើនហួសហេតុ • លាងសម្អាត និងរក្សាអនាម័យផ្នែកដែលកើតមុនឲ្យបានល្អ • ចៀសវាងការប្រើប្រាស់ផលិតផលណាដែលនាំឲ្យស្បែករលាក (Cosmetics) • ការពារស្បែកពីពន្លឺព្រះអាទិត្យ • ចៀសវាងការប៉ះពាល់ ឬប្រើក្រចកកេះលើផ្នែកដែលមានមុន ព្រោះវាបណ្តាលឲ្យមានស្នាម។ មិនថាអ្នកមានបញ្ហាមុន ឬអ្នកជំងឺស្បែកទូទៅនោះទេឲ្យតែពាក់ព័ន្ធនឹងស្បែកចាំបាច់គួរព្យាយាមថែរក្សាស្បែកឲ្យបានល្អ ហើយចៀសវាងការប្រើប្រាស់ផលិតផលមិនត្រូវនឹងស្បែកមុខ និងគ្មានប្រភពច្បាស់លាស់ព្រោះវាអាចមានលាយសារធាតុដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពស្បែកនៅថ្ងៃក្រោយ។ ចំពោះអ្នកដែលមានបញ្ហាស្បែកដូចជា កើតមុន ជាំមុខ ឬបញ្ហាផ្សេងៗទៀត គួរតែពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញសើស្បែកដើម្បីទទួលបានការព្យាបាលត្រឹមត្រូវទៅតាមប្រភេទស្បែកនិងទាន់ពេលវេលា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត អៀវ មករា ប្រធានបន្ទប់ពិគ្រោះ និងព្យាបាលជំងឺMedical Derma (MD) អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share
