Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ថ្ងៃមុន មាននិស្សិតពេទ្យមួយរូបបានចេញផ្សាយនូវ«បទចម្រៀងអង្រួនបេះដូងនិស្សិតពេទ្យ (Vol I)» (បើមិនទាន់អានទេ អាចចុចអាន ត្រង់នេះ បាន) !!! ក្រុមការងារ ក៏បានប្រមូលនូវមតិយោបល់ និងពាក្យណែនាំខ្លះៗរបស់ប្រិយមិត្តអ្នកអាន ជាពិសេសនិស្សិតពេទ្យដទៃទៀត ហើយចងក្រងជាវ៉ុលថ្មីនេះ... ចង់ដឹងថា វ៉ុលនេះ មានអ្វីប្លែកខ្លះ? ហើយអង្រួនបេះដូងដល់កម្រិតណានោះ? តោះ! អានខាងក្រោមជាមួយគ្នា… 1.ដាក់ Braceបេះដូង 2.មាន You, Meលែងត្រូវការ Ibuprofen 3.ជួសឈាម ជំពាក់ស្នេហ៍ 4.មានវ៉ាក់សាំងណាចាក់ឲ្យឈប់នឹកគេ? 5.សារភាពស្នេហ៍តាមវេជ្ជបញ្ជាបេះដូង 6.ត្រូវការអ្នកវាស់ចង្វាក់បេះដូង 7.ស្នេហាអូន/បង មិន resistance 8.ស្រលាញ់មនុស្សម្នាក់ មិនគិតពីក្រុមឈាម 9.ច្រណែនអ្នកថែបេះដូងYou មិនមែន Me 10.ពេលស្តារ មានគេនៅក្បែរ សែនកក់ក្តៅ 11.អូន/បង ជាVidalរបស់បង/អូន 12.ជួបស្នេហ៍ពេលរៀន Botanique 13.បានមើលត្រឹម Anatomy បង 14.ឃើញអូន/បង បង/អូនចង់លេប Para(cetamol) 15.You are my Ibu បើមានអ្វីចង់ចែករំលែកបន្ថែម អាចcommentខាងក្រោមនេះបាន បើបានច្រើន ក្រុមការងារនឹងចងក្រងជាវ៉ុលបន្ទាប់ផងដែរ…ហើយបើមានអ្នកចាប់អារម្មណ៍ចង់សរសេរជាបទចម្រៀងមែនទែននោះ កុំភ្លេចប្រាប់ដល់ក្រុមការងារឲ្យបានដឹងផង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការចិញ្ចឹមបីបាច់ថែរក្សាកូន ជាកាតព្វកិច្ចដ៏ធំ និងចាំបាច់របស់មាតាបិតាគ្រប់រូប ហើយលោកអ្នកក៏ត្រូវតែប្រាកដថាអ្នកនឹងអាចមើលថែទាំពួកគេបានល្អ ឲ្យមានសុខភាពល្អ និងរឹងមាំ ទើបអាចចៀសឆ្ងាយអំពីបញ្ហាសុខភាព ក៏ដូចជាជំងឺផ្សេងៗ។ តើអ្នកដឹងទេថា…ការផ្តល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណ ក៏ដូចជាបំពេញសកម្មភាពមួយចំនួនរយៈពេលប្រមាណ៦០នាទីក្នុងមួយថ្ងៃ ដល់កូនៗរបស់អ្នក គឺអាចការពារពួកគេពីបញ្ហាលើសទម្ងន់ ជំងឺទឹកនោមផ្អែម និងជំងឺរ៉ាំរ៉ៃមួយចំនួនផងដែរ?   បើសិនជាអាច លោកអ្នកអាចសាកល្បងនូវទង្វើ ក៏ដូចជាសកម្មភាពខាងក្រោមនេះ ដើម្បីភាពរឹងមាំ នៃសុខភាព និងជីវិតរបស់កូនជាទីស្រឡាញ់របស់អ្នក…   បង្កើតនូវទម្លាប់ធ្វើអ្វីដែលសកម្ម ត្រឹមតែ៦០នាទី ក្នុងរយៈពេល២៤ម៉ោង (មួយថ្ងៃ)ក៏ល្មមគ្រប់គ្រាន់សម្រាប់ឲ្យអ្នក និងកូនរបស់អ្នកបំពេញនូវសកម្មភាពខ្លះដែលបង្កនូវភាពសកម្មនៅក្នុងក្រុមគ្រួសារ។ ក្នុងនោះ អ្នកអាចសាកល្បងនូវហ្គេមមួយចំនួនដូចខាងក្រោម ៖ - បោះប៉េងប៉ោងលេងទៅវិញទៅមក - ផ្លុំពពុះសាប៊ូ ដែលអាចឲ្យកូនរបស់អ្នករត់ចាប់លេង - លេងបាល់ទាត់ ឬលេងបោះបាល់ - ដើរកម្សាន្តនៅសួនច្បារ ឬទីធ្លាណាមួយ។ លើកទឹកចិត្តពួកគេក្នុងការបំពេញសកម្មភាព មានវិធីជាច្រើនដែលអ្នកអាចធ្វើបាន ដើម្បីបង្ហាញអំពីការផ្តល់កម្លាំងចិត្តដល់ពួកគេក្នុងការបំពេញសកម្មភាពដែលជួយឲ្យសុខភាពរឹងមាំ។ ជាក់ស្តែងបន្ថែមពីលើការចុះឈ្មោះឲ្យពួកគេក្នុងក្លឹបកីឡា ឬថ្នាក់រៀនអ្វីនោះ អ្នកក៏គួរតែចំណាយពេលខ្លះទៅចូលរួមមើលពួកគេ ឬលើកទឹកចិត្តពេលមានការប្រកួតមិនថាមិត្តភាព ឬប្រកួតដណ្តើមពានរង្វាន់ក្តី។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចគាំទ្រដល់ពួកគេ ដោយការត្រៀមនូវសម្លៀកបំពាក់ត្រឹមត្រូវសមស្របទៅនឹងសកម្មភាព ឬធ្វើការរៀបចំអាហារ ឬភេសជ្ជៈដែលជួយទ្រទ្រង់ដល់សកម្មភាពទាំងនោះផងដែរ។ កាត់បន្ថយ ឬកម្រិតពេលសម្លឹងអេក្រង់ ពេលសម្លឹងអេក្រង់ ជាពិសេសការមើលទូរទស្សន៍និងលេងអុីនធើណែត សុទ្ធតែបង្អាក់ពួកគេពីការធ្វើសកម្មភាព ហេតុនេះហើយ អ្នកត្រូវតែមានការដាក់កម្រិត និងកំណត់ពេលវេលា (អ្នកជំនាញណែនាំថា គួរតែចំណាយពេលតិចជាង២ម៉ោង សម្រាប់កុមារដែលមានអាយុ២ឆ្នាំ ឬលើសពីនេះ)ដែលពួកគេគួរតែចំណាយក្នុងការសម្លឹងមើលអេក្រង់។ បើសិនជាអាច អ្នកគួរតែចៀសវាងការដាក់ទូរទស្សន៍ ឬកុំព្យូទ័រនៅក្នុងបន្ទប់របស់ពួកគេហើយដាក់នៅបន្ទប់ទទួលភ្ញៀវ ឬ កន្លែងណាដែលអ្នកអាចឃ្លាំមើលពួកគេបាន។ បន្ថែមពីលើនេះ អ្នកក៏គួរតែមានគម្រោងក្នុងការធ្វើសកម្មភាពផ្សេងៗដើម្បីជំនួសឲ្យការចំណាយពេលអង្គុយចុច និងសម្លឹងមើលតែអេក្រង់។   បង្កើតទម្លាប់ក្នុងការរៀបចំអាហារដែលល្អសម្រាប់សុខភាព វាអាចជាទង្វើតូចតាចដែលអ្នកធ្វើជាប្រចាំក្នុងការរៀបចំម្ហូបអាហារសម្រាប់ក្រុមគ្រួសារ ក្នុងនោះមានដូចជា ការចម្អិនអាហារដោយប្រើប្រេងអូលីវជំនួសឲ្យប៊័រ  ការកាត់បន្ថយការទទួលទានអាហារដែលមានជាតិផ្អែមជាពិសេសនៅពេលយប់ ជំនួសឲ្យការរៀបចំនូវភេសជ្ជៈកំប៉ុង អ្នកគួររៀបចំទឹកធម្មតា ទឹកដោះគោមានជាតិខ្លាញ់ទាប(Low-fat milk) ទឹកផ្លែឈើស្រស់ និងប្រើប្រាស់បន្លែក្នុងអាហារឲ្យបានច្រើន។ល។ ប្រុងប្រយ័ត្នជាមួយរបៀបរបបក្នុងការទុកដាក់អាហារ អ្នកប្រហែលជាមិនចាប់អារម្មណ៍ទេថា ទម្លាប់មួយចំនួនជាពិសេសការទុកដាក់ចំណីអាហារនៅក្នុងផ្ទះរបស់អ្នកក៏មានឥទ្ធិពលលើសុខភាពរបស់ពួកគេដែរ។ ជាក់ស្តែង ជាជាងការដាក់នូវប្រអប់នំ ឬចំណីកញ្ចប់ អ្នកគួរត្រៀមនូវផ្លែឈើ ឬអាហារដែលចម្អិននៅផ្ទះសម្រាប់ពួកគេវិញ។ គន្លឹះមួយទៀត គឺការប្រើប្រាស់ចានដែលមានទំហំតូចល្មមនិងប្រើជាប្រចាំ ដើម្បីកម្រិតនូវបរិមាណនៃការទទួលទានរបស់ពួកគេ។   ធ្វើជាគំរូដល់កូនរបស់អ្នក ដូចដែលដឹងស្រាប់ហើយថា លោកអ្នកជាគំរូទីមួយ និងជិតស្និទ្ធជាងគេសម្រាប់បុត្រធីតារបស់អ្នក ហេតុនេះហើយ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នូវទម្លាប់ល្អអ្វីនោះ ពួកគេក៏នឹងងាយអនុវត្តតាមផងដែរ។ ជាឧទាហរណ៍ អ្នកអាចមានទម្លាប់ក្នុងការចាត់ទុកសុខភាពជាអាទិភាព តាមរយៈសកម្មភាពប្រចាំថ្ងៃនៅចំពោះមុខពួកគេ ហើយពន្យល់ប្រាប់ ក៏ដូចជារំលឹកជារឿយៗអំពីអត្ថប្រយោជន៍របស់វា។ ថ្វីត្បិតថា វាត្រូវការពេលវេលាខ្លះក៏ដោយ ពួកគេនឹងសង្កេតឃើញ និងអនុវត្តតាមបន្តិចម្តងៗជាមិនខាន។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

កញ្ចក់ភ្នែកជាស្រទាប់ការពារភ្នែកមួយដ៏ល្អ ជួយការពារពីភាពកខ្វក់ មេរោគ និងការប៉ះទង្គិចពីវត្ថុផ្សេងៗ ព្រមទាំងមានតួនាទីសំខាន់ក្នុងគំហើញ។ ករណីកញ្ចក់ភ្នែកមានបញ្ហា វាអាចធ្វើឲ្យមានស្នាមជាប់កញ្ចក់ភ្នែក ជាហេតុឲ្យប៉ះពាល់គំហើញ។ តាមបច្ចេកវិទ្យាជឿនលឿនថ្មីៗនេះ ទើបមានការបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតតាមលក្ខណៈ 3D Printing ដែលអាចជំនួសកញ្ចក់ភ្នែកចាស់ដែលខូចបាន។បច្ចេកវិទ្យា 3D Printing ធ្លាប់បានយកមកប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រផងដែរដោយបង្កើតឧបករណ៍សិប្បនិម្មិតសម្រាប់ជំនួយដល់អ្នកពិការផលិតទម្រង់កាយវិភាគវិទ្យា (Ana-tomical Model) ជំនួយបន្ថែមសម្រាប់ការសិក្សារបស់និស្សិតវេជ្ជសាស្ត្រ ហើយក៏កំពុងសិក្សាបង្កើតសរីរាង្គខាងក្នុងជាច្រើន ចំាបាច់សម្រាប់តម្រូវការរបស់មនុស្ស ដោយហេតុថា ការបរិច្ចាគសរីរាង្គមានចំនួនកំណត់ក្នុងពេលបច្ចុប្បន្ន។  កញ្ចក់ភ្នែកសិប្បនិម្មិតត្រូវបានផលិតដោយក្រុមអ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ Newcastle ប្រទេសអង់គ្លេស។ ការផលិតនេះ ចាត់ទុកថាជាសមិទ្ធិផលដ៏ល្អមួយក្នុងន័យធ្វើឲ្យមានការអភិវឌ្ឍកាន់តែប្រសើរឡើងនាពេលអនាគត។សព្វថ្ងៃ មានចំនួន ការបរិច្ចាគកញ្ចក់ភ្នែកតិចតួចដែលអាចធ្វើការប្តូរបាន មិនតែប៉ុណ្ណោះ មានប្រជាជនប្រហែល ១០លាននាក់ក្នុងពិភពលោកចាំបាច់ត្រូវការវះកាត់ដើម្បីការពារកញ្ចក់ភ្នែកពីការខ្វាក់ដោយសារបញ្ហាដូចជា ជំងឺ Trachoma និងការឆ្លងមេរោគផ្សេងៗ។ លើសពីនេះទៅទៀត មានប្រជាជនចំនួនប្រហែល ៥លាននាក់ជួបបញ្ហាខ្វាក់ភ្នែកដោយសារមានស្នាមនៅកញ្ចក់ភ្នែក ដោយពីការរលាក ការប៉ះទង្គិច និងជំងឺភ្នែកជាច្រើន។  នៅក្នុងការស្រាវជ្រាវមួយ ផ្សាយចេញនៅក្នុង Exprimental Eye Research បានឲ្យឃើញថារបៀបបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតដោយយក Stromal cell របស់អ្នកបរិច្ចាគកញ្ចក់ភ្នែកដែលនៅល្អ ទៅលាយជាមួយនឹង Alginate និង Collagen  ដើម្បីបង្កើតជាសូលុយស្យុងដែលអាចបោះពុម្ពបាន ហៅថា Bio-Ink។ ការប្រើប្រាស់ 3D Bio-Printing ដែលមានតម្លៃមិនសូវថ្លៃ អាចមានសមត្ថភាព បង្កើតកញ្ចក់ភ្នែកសិប្បនិម្មិត ដូចទៅនឹងកញ្ចក់ភ្នែកពិតរបស់មនុស្ស ព្រមទាំងប្រើប្រាស់រយៈពេលខ្លី ត្រឹមតែ ១០នាទីប៉ុណ្ណោះ។  សាស្រ្តាចារ្យ Che Connon ផ្នែកវិស្វកម្មជាលិកានៃសាកលវិទ្យាល័យ Newcastle ប្រទេសអង់គ្លេស បានលើកឡើងថា មានក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនទូទាំងពិភពលោកដែលស្រាវជ្រាវអំពី Bio-Ink ដើម្បីចង់ឲ្យការបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតនេះបានជោគជ័យ។ ការប្រើប្រាស់ Alginate និងCollagen របស់គាត់ អាចធ្វើឲ្យកោសិកានៅរស់បាន ស្របពេលបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតដែលតម្រូវតាមទំហំកញ្ចក់ភ្នែករបស់អ្នកជំងឺ។ អ្នកវិទ្យាសាស្ត្រ និងក្រុមនិស្សិតផ្នែក Genetic Medicine  នៃសាកលវិទ្យាល័យ Newcastle បានបញ្ជាក់ថា ការបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតតាម 3D Bio-Printing ពិតជាអាចទៅរួច ព្រមទាំងតម្រូវចំភាពលម្អិតនៃកញ្ចក់ភ្នែករបស់អ្នកជំងឺផងដែរ។  សាស្រ្តាចារ្យ Che Connon បន្ថែមទៀតថា ការសិក្សារបស់គាត់នេះកំពុងសិ្ថតក្នុងការធ្វើតេស្តបន្ថែមទៀត ហើយប្រហែលជាច្រើនឆ្នាំទៅអនាគតនឹងអាចមានការប្រើប្រាស់កញ្ចក់ភ្នែកសិប្បនិម្មិតនេះ ដើម្បីផ្លាស់ប្តូរឲ្យអ្នកជំងឺផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

និយមន័យ ដំបៅក្រពះ និងពោះវៀនតូចជាប់ក្រពះ (Ulcèregastro duodénal: UGD) ជាដំបៅស៊ីរូងទៅលើភ្នាសរបស់ក្រពះ ឬក៏ពោះវៀនតូចជាប់ក្រពះ (Couche muqueuse Couche musculeuse)។ ដំបៅទាំងនេះអាចកើតចំពោះមនុស្សគ្រប់វ័យ ដែលអាយុភាគច្រើន គឺចាប់ពី៤០ឆ្នាំឡើងទៅ ជាពិសេសកើតលើបុរសច្រើនជាងស្ត្រី (3M/1F)។ កត្តាបង្កហេតុ ជាទូទៅ ជំងឺនេះមានមូលហេតុចម្បង៥ រួមមាន៖ 1.     ការបង្កដោយមេរោគក្រពះ (Helicobacter pylori : HP) 2.     ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ប្រភេទ AINS ៨-២០% 3.     បញ្ហាស្ត្រេស (កំពុងតែជជែកគ្នានៅឡើយរវាងគ្រូពេទ្យឯកទេស និងគ្រូពេទ្យឯកទេស) 4.     ការមានទម្លាប់ជក់បារីជាប្រចាំ 5.     ការផឹកស្រា ឬប្រភេទអាល់កុលកម្រិតខ្ពស់ញឹកញាប់។   រោគសញ្ញា ភាគច្រើននៃអ្នកជំងឺដំបៅក្រពះ និងពោះវៀនតូចជាប់ក្រពះ លេចចេញសញ្ញាដូចជា ការឈឺចុកចាប់នៅត្រង់ចុងដង្ហើម ឬផ្នែកខាងក្រោមឆ្អឹងជំនីស្តាំ ជួនកាល សាយដល់ក្រោយខ្នង ឬ ស្មាក្នុងកម្រិតតិច ឫ ខ្លាំងមានលក្ខណៈដូចជា អួលៗ រមួល ឬតឹងពោះ ជួនកាល ធ្ងន់ធ្ងរខ្លាំងបន្ទោបង់អាចមានលាមកពណ៌ខ្មៅ។ ការធ្វើរោគវិនិច្ឆ័យ អ្នកជំងឺត្រូវបានសាកសួរ និងពិនិត្យលើដំបៅក្រពះបង្ហាញថា មានសញ្ញាច្បាស់លាស់ (៥០%) គឺជាការឈឺចុកចាប់របៀបជារមួលនៅតំបន់ចុងដង្ហើម មានលក្ខណៈរ៉ាំរ៉ៃ កើតរាល់ពេលមុនការហូបបាយ ហើយធូរស្រាល បន្ទាប់ពីបរិភោគអាហាររួច។ លើសពីនេះ ដើម្បីបញ្ជាក់រោគវិនិច្ឆ័យឲ្យកាន់តែច្បាស់ អ្នកជំងឺនឹងតម្រូវឲ្យធ្វើការឆ្លុះក្រពះ និងពោះវៀនតូចជាប់ក្រពះ (Fibroscopie Œso Gastro Duodenale: FOGD) ហើយច្រឹបយកសាច់ក្រពះ ទៅវិភាគ។   ផលវិបាកនៃជំងឺ ករណីមិនទទួលបានការព្យាបាលទាន់ពេលវេលា អ្នកជំងឺអាចជួបនឹងផលវិបាកដូចជា៖ • ការហូរឈាមចេញពីដំបៅ ដែលបណ្តាលឲ្យមានការក្អួតឈាម ឬលាមកពណ៌ខ្មៅ • ការធ្លាយក្រពះ ឬពោះវៀនតូចជាប់ក្រពះ • ការស្ទះចំណីអាហារបញ្ជូនពីក្រពះទៅពោះវៀនតូចជាប់នឹងក្រពះ • បង្កឲ្យទៅជាដំបៅមហារីក។   ការព្យាបាល ចំពោះការព្យាបាលអ្នកជំងឺដំបៅក្រពះ ត្រូវប្រើថ្នាំលេបរយៈពេល ១ខែទៅ២ខែ ព្រមទាំងបរិភោគអាហារមានអនាម័យ ទៀងទាត់ពេលវេលា ចៀសវាងការប្រើថ្នាំផ្តេសផ្តាសដោយពុំបានពិគ្រោះជាមួយគ្រូពេទ្យ។ ការព្យាបាលដោយការវះកាត់ នឹងធ្វើឡើងចំពោះភាពធ្ងន់ធ្ងរនៃដំបៅខ្លាំងពេក ដូចជាការធ្លាយ ការស្ទះ ឬក៏មហារីកក្រពះជាដើម។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត អ៊ុក សារ៉ម ឯកទេសថ្លើម ក្រពះ ពោះវៀន និងមានតួនាទីជាអនុប្រធាន Département ផ្នែកវេជ្ជសាស្ត្រទូទៅ នៃមន្ទីរពេទ្យព្រះកុសុមៈ  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការប្រើប្រាស់ឱសថសម្រាប់បំបាត់ជំងឺរាកអាចធ្វើទៅបាន និងមានប្រសិទ្ធភាព ប្រសិនបានដឹងពីមូលហេតុដែលបង្កឲ្យមានជំងឺនោះឡើង យ៉ាងណាមិញ ត្រូវប្រុងប្រយ័ត្នដោយសារការសន្និដ្ឋានអាចមានភាពមិនត្រឹមត្រូវ។ គួរដឹងអ្វីខ្លះ ពីជំងឺរាក? ជំងឺរាកស្រួចស្រាវ អាចកើតមានឡើងភ្លាមៗ ដែលឱសថការីអាចធ្វើការព្យាបាលបាន ចំណែក ចំពោះជំងឺរាកដែលអូសបន្លាយច្រើនជាង  ៤សប្តាហ៍ អាចចាត់ចូលជាជំងឺរាករ៉ាំរ៉ៃ បង្កឡើងដោយមូលហេតុច្រើនរួមបញ្ចូលគ្នា   នាំឲ្យការព្យាបាលក៏ត្រូវប្រព្រឹត្តឡើងទៅតាមស្ថានភាពនីមួយៗ ជាមួយនឹងការប្រើប្រាស់ឱសថខុសៗគ្នាផងដែរ។ ឱសថមួយចំនួនទៀតក៏អាចបណ្តាលឲ្យមានជំងឺរាកផងដែរដូចជា៖ •Colchicine •Digitaline •ឱសថពាសក្រពះ (Pansements digestifs) ក្នុងកម្រិតខ្ពស់ •Benfluorex •ថ្នាំផ្សះ។ ភាគច្រើននៃជំងឺរាកស្រួចស្រាវចំពោះមនុស្សពេញវ័យបណ្តាលមកពីការចម្លងដោយពពួកវីរុស Rotavirus និងពពួក Colibacilles Salmonelles Staphylocoques ចំណែកក្នុងករណីកម្រអាចបណ្តាលមកពី Shigelles ដែលការឆ្លងមានលក្ខណៈពេញមួយគ្រួសារ ឬចម្លងតាមភោជនីយដ្ឋាន។ បន្ថែមពីនោះ ជំងឺរាកក៏អាចលេចឡើង បន្ទាប់ពីមានដំណើរកម្សាន្តទៅកាន់ប្រទេសដែលមានបញ្ហាខ្វះខាតអនាម័យផងដែរ។ អ្វីគួរណែនាំ? ការតមអាហារហាក់ដូចជាគ្មានប្រសិទ្ធភាពក្នុងការធ្វើឲ្យរោគសញ្ញាធូរស្បើយនោះទេ   ដោយឡែក អ្នកត្រូវឲ្យអ្នកជំងឺបន្តញ៉ាំទឹកឲ្យបានច្រើន ដើម្បីបង្ការការបាត់បង់ជាតិទឹក  មានដូចជា  ទឹកឆ្អិនធម្មតា ទឹកតែ ទឹកដែលចម្រាញ់ពីបន្លែនានា (ដែលមានរួមបញ្ចូលនូវទឹក និងសារធាតុរ៉ែ) ឬកូកាកូឡា ដែលធ្វើការយ៉ាងល្អសម្រាប់ប្រឆាំងនឹងអាការៈរាក។ សម្រាប់ការណែនាំផ្សេងទៀតអាចមានដូចជា៖ • អាចប្រើប្រាស់ឱសថពពួក Lopéramide ដែលមានសមត្ថភាពទៅបន្ថយលំហូរនៃចលនាពោះវៀនដែលមានឈ្មោះដូចជា Lodiarid (Clément), Imossel (JP Martin), Dyspagon (Pirre Fabre) ឬ Peracel (Monot)។ សម្រាប់ការប្រើប្រាស់ គឺអាចលេប ២គ្រាប់ក្នុងមួយថ្ងៃ ហាមលើសពី ៦គ្រាប់ក្នុងមួយថ្ងៃ ប៉ុន្តែ ឱសថនេះមិនអាចប្រើប្រាស់ចំពោះកុមារអាយុក្រោម ៨ឆ្នាំ និងស្រ្តីមានផ្ទៃពោះទេ។ • ក្នុងករណីអ្នកដឹងពីមូលហេតុពិតប្រាកដក្នុងការបង្កជាបញ្ហារាកនេះ ថាទាក់ទងនឹងបាក់តេរី​អាចណែនាំឲ្យប្រើប្រាស់ឱសថអង់ទីប៊ីយ៉ូទិកពពួក Nifuroxazide ដែលអាចមានឈ្មោះ Bifix (Roche-Nicholas)។ សម្រាប់ការប្រើប្រាស់គឺអាចលេប ៤គ្រាប់ក្នុងមួយថ្ងៃ ដែលប្រើតែក្នុងរយៈពេល៣ថ្ងៃ។ ប្រភពយោង៖ Le vademecum de la médication officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ជំងឺអុតស្វាយកើតមាននៅលើអ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ មិនមានអង់ទីក័រការពារពីម្តាយឬមិនបានចាក់វ៉ាក់សាំងការពារ។ គេច្រើនសង្កេតឃើញជំងឺនេះ កើតច្រើនលើកុមារមានអាយុចន្លោះពី ៦ខែដល់១៥ឆ្នាំ។ សំណួរ ៖ កូនប្រុសនាងខ្ញុំអាយុ ៥ឆ្នាំ ប៉ុន្មានថ្ងៃនេះ កូនខ្ញុំមានចេញអុតស្វាយស្ទើរពេញខ្លួន។ នាងខ្ញុំចង់សួរគ្រូពេទ្យថាតើជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតឬទេ? ហើយធ្វើយ៉ាងណាទៅទើបឆាប់ជាទៅវិញ? ចម្លើយ ៖ ជំងឺអុតស្វាយមាន៥ ប្រភេទ ហើយក៏អាចបង្ការ និងព្យាបាលបានដែរ។ ចំពោះជំងឺអុតស្វាយ អាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតបានតាមរយៈទឹករងៃ។ ជំងឺនេះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រោះវាកើតជាដំបៅធំៗ និងគ្រប់កន្លែង ជាពិសេសកើតមានលើភ្នែក បំពង់ក ក្នុងត្រចៀក និងលើប្រដាប់ភេទជាដើម ហើយបន្សល់ជាស្នាមធំៗ។  គួរបញ្ជាក់ផងដែរថា ជំងឺអុតស្វាយអាចកើតលើសពីម្តងចំពោះមនុស្សម្នាក់ ហេតុនេះការចាក់វ៉ាក់សាំងការពារបានចំពោះអ្នកធ្លាប់កើតប្រភេទអុតស្វាយកម្រិតស្រាល។ ពេលកូនមានជំងឺនេះ គួរតែបញ្ជូនកុមារ ទៅមន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ដើម្បីព្យាបាល និងគួរតែលុបបំបាត់គំនិតដែលថាពេល មានជំងឺអុតស្វាយ មិនបាច់ទៅជួបគ្រូពេទ្យជំនាញគ្រាន់តែទុកឲ្យអ្នកជំងឺ ងូតទឹក និងមិនបាច់មានការព្យាបាលនោះ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ជា គឹមហោ ឯកទេសរោគកុមារ នាយករងប្រតិបត្តិមន្ទីរពេទ្យចំការមន និងជាប្រធានគ្លីនិកពេជ្រស័ក្តិសិទ្ធិ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជាធម្មតា នៅពេលដែលអ្នកមានស្រទាប់ខាងក្រោមភ្នែកខ្មៅ ពេលនោះអ្នកជុំវិញប្រាកដជាសួរថា “តើអ្នកគេងមិនគ្រប់គ្រាន់មែនទេ?” ឬក៏មិត្តភក្តិចំអន់ថា អ្នកមានទឹកមុខអាក្រក់មើលជាដើម។ ការស្តាប់លឺពាក្យសម្តីទាំងនោះ ពិតជាធ្វើឲ្យអ្នកអាក់អន់ស្រពន់ចិត្ត និងមិនពេញចិត្តចំពោះរូបសម្ផស្សរបស់អ្នកជាមិនខាន ដូច្នេះ វាពិតជាមានសារសំខាន់ក្នុងការរកមូលហេតុដែលធ្វើឲ្យស្រទាប់ខាងក្រោមភ្នែកខ្មៅ ហើយរកវិធីការពារនូវបញ្ហាចោទឡើងទាំងនោះ។ ក្រៅពីហេតុផលថាអ្នកគេងមិនបានគ្រប់គ្រាន់ និងការសេពគ្រឿងស្រវឹង នៅមានកត្តាផ្សេងៗដទៃទៀតដូចជា៖ កត្តាហ្សែន ៖ មនុស្សមួយចំនួនមានស្រទាប់ខាងក្រោមភ្នែកខ្មៅតាំងពីកុមារភាព ដែលអាចជាលក្ខណៈតំណពូជ។ចំពោះមនុស្សមួយចំនួនស្រទាប់ភ្នែកខ្មៅនោះនឹងបាត់ទៅវិញ នៅពេលពួកគេធំពេញវ័យ តែអ្នកខ្លះវិញមានជាប់រហូតពេញមួយជីវិត។ ប្រសិនបើអ្នកសង្កេតឃើញថាប្រវត្តិគ្រួសារមានបញ្ហានេះដូច្នេះ វាប្រហែលជាហេតុផលមួយសមស្របក្នុងការធ្វើឲ្យស្រទាប់ភ្នែកខ្មៅ។ ការតឹងច្រមុះ ៖ អាចធ្វើឲ្យសរសៃឈាមនៅតំបន់ជុំវិញភ្នែករីក ដែលជាមូលហេតុធ្វើឲ្យមានសភាពខ្មៅ។ ប្រសិនបើអ្នកផ្តាសាយ ឬមានបញ្ហាឆ្លងនៅប្រព័ន្ធដង្ហើម នោះអ្នកអាចមានស្រទាប់ភ្នែកខ្មៅនោះកើតឡើង។ ពណ៍ស្បែកមានសភាពមិនប្រក្រតី ៖ ស្បែកដែលនៅជុំវិញភ្នែករបស់អ្នកស្តើងជាងនៅកន្លែងផ្សេងៗ ដូច្នេះ ងាយនឹងមើលឃើញសរសៃឈាមណាស់ ហើយការបែងចែកសារធាតុមេឡានីនដែលជាសារធាតុផ្តល់ពណ៍ដល់រាងកាយអាចបង្កឲ្យលេចឡើងនូវស្រទាប់ភ្នែកខ្មៅនោះផងដែរ។ ពន្លឺព្រះអាទិត្យ ៖ ជាការពិត កម្តៅព្រះអាទិត្យបង្កឲ្យខ្លួនប្រាណយើងបង្កើតសារធាតុមេឡានីនកាន់តែច្រើន ដែលជាមូលហេតុធ្វើឲ្យស្រទាប់ខាងក្រោមភ្នែកកាន់តែខ្មៅ។ របៀបរស់នៅ ៖ ការជក់បារី ពិសាស្រា ផឹកកាហ្វេ ឬប្រើប្រាស់ថ្នាំ កុំឲ្យងងុយគេងអាចធ្វើឲ្យអ្នកគេងមិនបានគ្រប់គ្រាន់ក៏ជាមូលហេតុមួយក្នុងចំណោមកត្តាផ្សេងដែរ។ អាយុ ៖ នៅពេលដែលលោកអ្នកកាន់តែមានអាយុជ្រេទៅៗ នោះលោកអ្នកនឹងបាត់បង់សារធាតុខ្លាញ់ និងខូឡាជែននៅជុំវិញភ្នែក គួបផ្សំនឹងស្បែកស្តើងផងនោះ អាចបង្កើនភាពលេចឡើងនូវស្រទាប់ពណ៍ខ្មៅក្រោមភ្នែកកាន់តែច្បាស់។ ការបរិភោគអំបិលច្រើន ៖ បរិភោគអំបិលច្រើន ឬសូដ្យូមអាចបង្កឲ្យមានការរក្សាទុកសារធាតុរាវច្រើននៅក្នុងខ្លួន ជាពិសេសនៅម្តុំភ្នែក ហើយធ្វើឲ្យភ្នែកខ្មៅ។  ដូច្នេះ ដើម្បីចៀសវាសនូវបញ្ហាស្រទាប់ភ្នែកខ្មៅទាំងនោះ វិធីសាស្រ្តដែលល្អបំផុត គឺដឹងពីមូលហេតុ និងកត្តាទាក់ទងផ្សេងៗដែលបង្កឲ្យបញ្ហាទាំងនោះកើតមានឡើង។ ជាក់ស្តែង បើអ្នកគិតថាមូលហេតុមកពីអ្នកមិនបានគេងគ្រប់គ្រាន់ ដូច្នេះ អ្នកគួរតែគេងឲ្យបានច្រើនជាងនេះ។ បើសិនមកពីកម្តៅព្រះអាទិត្យ ដូចនេះ ត្រូវរកវិធីផ្សេងៗឲ្យនៅឆ្ងាយពីពន្លឺព្រះអាទិត្យជាដើម ហើយអាចប្រើប្រាស់ផលិតផលមានប្រសិទ្ធភាពឲ្យបានត្រឹមត្រូវ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

និយមន័យ ជំងឺរលាកផ្លូវប្រព័ន្ធទឹកនោម គឺជាការបង្ករោគតាមផ្លូវប្រព័ន្ធទឹកនោម រួមមានតម្រងនោម បំពង់បង្ហូរនោម ប្លោកនោម បង្ហួរនោម និងក្រពេញប្រូស្តាត(បុរស) ដែលភាគច្រើនកើតក្នុងប្លោកនោមជាសរីរាង្គផ្ទុកទឹកនោម។ វាជាប្រភេទជំងឺឆ្លងកើតច្រើនជាងគេ ជួរទី២ នៃជំងឺឆ្លងផ្សេងទៀត ហើយស្ត្រីមានច្រើនជាងបុរស ១០ដងដោយសារតែកាយវិភាគវិទ្យា(Anatomy)។ ចំពោះអ្នកជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រងជាតិស្ករឱ្យបានត្រឹមត្រូវ អាចមានហានិភ័យទ្វេដងក្នុងការឆ្លងមេរោគតាមផ្លូវប្រព័ន្ធទឹកនោម។  មូលហេតុ និងកត្តាប្រឈម •កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ និងមិនបានគ្រប់គ្រងត្រឹមត្រូវល្អ •ស្ករនៅក្នុងទឹកនោមជួយជំរុញការលូតលាស់របស់បាក់តេរី •ប្លោកនោមមិនបានបញ្ចេញទឹកនោមចោលទាំងស្រុងដោយសារប្រព័ន្ធសរសៃប្រសាទត្រូវបានប៉ះពាល់ •ភាគច្រើនជាស្ត្រីព្រោះបង្ហួរនោមមានលក្ខណៈកាយវិភាគវិទ្យាត្រង់ និងខ្លី ដែលជាកត្តាបង្កើនការចម្លងមេរោគ ឬបាក់តេរី •មានជំងឺទឹកនោមផ្អែមលើសពី១០ឆ្នាំ •មានផលវិបាកជំងឺទឹកនោមផ្អែមរួចជាស្រេចដែលប៉ះពាល់តម្រងនោម ឬសរសៃឈាម   •អ្នកជំងឺធ្លាប់មានការឆ្លងមេរោគលើផ្លូវប្រព័ន្ធទឹកនោមក្នុងឆ្នាំមុនហើយវាក៏មានហានិភ័យខ្ពស់នៃការកើតឡើងម្តងទៀត។ តើពេលណាលោកអ្នកត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត? ដើម្បីជៀសវាងការឆ្លងមេរោគលើផ្លូវប្រព័ន្ធទឹកនោមសូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើរោគសញ្ញាមួយឬច្រើនកើតឡើងដូចខាងក្រោម: •ក្ដៅខ្លួន ឬញាក់ •នោមញឹកញាប់  •នោមរអាក់រអួល  •នោមមានអាការៈក្រហាយ ឬឈឺ •ទឹកនោមមានកករ ពណ៌ស្រអាប់ ឬមានឈាម  •ទឹកនោមមានក្លិនមិនល្អ  •ឈឺពោះនៅពេលនោម ជាពិសេសនៅលើថ្ងាស់(ផ្នែកខាងក្រោមនៃពោះ) ឬឈឺចង្កេះ ការធ្វើរោគវិនិច្ឆ័យ វេជ្ជបណ្ឌិតនឹងធ្វើការស្នើសុំធ្វើតេស្តទឹកនោមរបស់លោកអ្នក ដើម្បីស្វែងរកមេរោគប្រភេទបាក់តេរី។ តេស្តផ្សេងទៀតអាចប្រើផងដែរដូចជា អេកូពោះ MRI និង ស៊ីធីស្កែន(CT scan) ជាពិសេសប្រសិនបើលោកអ្នកនៅតែមានការរលាកផ្លូវប្រព័ន្ធទឹកនោម។ ការព្យាបាល ប្រសិនបើតេស្តទឹកនោមមានសញ្ញាឆ្លងប្រភេទបាក់តេរី នោះវេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាថ្នាំផ្សះអង់ទីប៊ីយ៉ូទិច ដែលជាធម្មតាសម្រាប់ញ៉ាំពី ៥ ទៅ ៧ ថ្ងៃ (ប៉ុន្តែវាអាចប្រើរយៈពេលវែង បើជំងឺឆ្លងនេះមានសភាពធ្ងន់ធ្ងរ)។ ជាមួយគ្នានេះប្រភេទថ្នាំដែលជួយបន្ថយភាពឈឺចាប់ និងក្រហាយត្រូវបានគេប្រើប្រាស់ផងដែរ។ វិធីការពារ •ព្យាយាមគ្រប់គ្រងជាតិស្ករក្នុងឈាមអោយបានល្អនៅក្នុងកម្រិតគោលដៅ •រក្សាអនាម័យផ្ទាល់ខ្លួនដោយលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ •លាង ឬជូតសំអាតពីមុខទៅក្រោយ បន្ទាប់ពីបន្ទោរបង់ •កុំដំអក់យូរទៅនោម(បើឈឺនោម) •ផឹកទឹកអោយបានគ្រប់គ្រាន់ •បត់ជើងតូចបនា្ទប់ពីមានការរួមភេទដើម្បីបញ្ចេញចោលមេរោគ •បញ្ឈប់ការជក់បារី ម្យ៉ាងទៀតមានការសិក្សាមួយចំនួនទៅលើទឹកផ្លែឈើហ្គេនបឺរី Cranberry បានបញ្ជាក់ថា អាចប្រើក្នុងការព្យាបាល ឬការពារជំងឺឆ្លងតាមផ្លូវប្រព័ន្ធទឹកនោម។ សូមផឹកទឹកផ្លែឈើហ្គេនបឺរី ដែលមានជាតិស្ករតិច ឬផឹកគ្រាប់ថ្នាំហ្គេនបឺរីជំនួយ៕ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ទោះបីជាការប្រើប្រាស់ឱសថជាអ័រម៉ូនជំនួស (HRT)នៅតែចាត់ទុកថាជាការការពារ ក៏ដូចជាការព្យាបាលសម្រាប់បន្ធូរបន្ថយអាការៈរបស់ស្ត្រីអស់រដូវមកដល់បច្ចុប្បន្ន តែសារធាតុធម្មជាតិជាច្រើនត្រូវបាននាំមកដោយការស្រាវជ្រាវថ្មីៗជាមួយនឹងការពេញនិយមប្រើប្រាស់យ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ សារធាតុធម្មជាតិទាំងនោះភាគច្រើនមានតម្លៃថ្លៃ និងមានប្រសិទ្ធភាពខុសប្លែកពីគ្នា ដូចនេះមានតែសារធាតុមួយចំនួនតូចប៉ុណ្ណោះត្រូវបានបង្ហាញអំពីអត្ថប្រយោជន៍ទៅលើសុខភាពយ៉ាងជោគជ័យ ដែលក្នុងនោះរួមមានទាំងសារធាតុ Isoflavones ពីសណ្តែកសៀងផងដែរ។ តើ Isoflavones របស់សណ្តែកសៀងជាអ្វី? Isoflavones ត្រូវបានចាត់ទុកថាជាអ័រម៉ូនអឺស្ត្រូសែនរបស់រុក្ខជាតិ ដោយសារវាមានរចនាសម្ព័ន្ធប្រហែលនឹងអឺស្ត្រូសែនដែលមានក្នុងខ្លួនមនុស្ស ក៏ប៉ុន្តែ វាមិនផ្តល់ជាផលរំខានដូចជាអ័រម៉ូនឡើយ ដោយសារសមត្ថភាពក្នុងការជ្រើសរើសជាលិកាភ្ជាប់របស់វា។ តើ Isoflavonesមានអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះស្ត្រីអស់រដូវ? 1.អាការៈក្តៅក្រហល់ក្រហាយ ភាពក្តៅស្អុះស្អាប់ និងបែកញើសពេលយប់ គឺជាសញ្ញារំខានបំផុតដែលធ្វើឲ្យស្ត្រីអស់រដូវភាគច្រើនត្រូវសម្រេចចិត្តទទួលយកការព្យាបាល។ ការថយចុះនៃអាការៈនេះ ត្រូវបានសង្កេតឃើញចំពោះស្ត្រីដែលមានរបបអាហារសម្បូរដោយ Isoflavones ពីសណ្តែកសៀង។ ភស្តុតាងជាច្រើនពីការសិក្សាបានបញ្ជាក់អំពីប្រសិទ្ធភាពរបស់Isoflavonesក្នុងការការពារអាការៈក្តៅក្នុងខ្លួននេះតាំងពីអំឡុងពេលត្រៀមអស់រដូវផងដែរ។ការប្រើប្រាស់ក្នុងកម្រិត ៤០ ទៅ ៨០ មីលីក្រាមនៃ Isoflavones ក្នុងមួយថ្ងៃត្រូវបានចាត់ទុកថាជាកម្រិតសមរម្យ។ 2.ជំងឺពុកឆ្អឹង ជំងឺពុកឆ្អឹង គឺជាមូលហេតុចម្បងគេនៃអាការៈស្ពឹកស្រពន់ និងឈឺចុករួយនៅតាមសន្លាក់ ជាពិសេសគឺជង្គង់ចំពោះស្ត្រីអស់រដូវ។ ការព្យាបាលជាច្រើនលើបញ្ហានេះរួមទាំងការវះកាត់ផងដែរពុំអាចជំនួសរបបអាហារដែលត្រឹមត្រូវ និងការរក្សាសន្ទស្សន៍ម៉ាស់របស់រាងកាយ (BMI) ឲ្យស្ថិតក្នុងកម្រិតធម្មតាបានឡើយ។ ដូចនេះហើយទើប Isoflavones ត្រូវបានចាត់ទុកជាវិធីការពារជំងឺពុកឆ្អឹងដ៏សំខាន់ចំពោះស្ត្រីអស់រដូវ។ 3.បញ្ហាមេតាបូលិក និងសន្ទស្សន៍ម៉ាស់របស់រាងកាយ (BMI) ភស្តុតាងពីការសិក្សាថ្មីៗបានបង្ហាញថា បញ្ហាលើសទម្ងន់ និងបណ្តុំរោគសញ្ញាមេតាបូលិកដែលអាចកើតមានចំពោះស្ត្រីអស់រដូវរហូតដល់ ៣ដងលើសពីស្ត្រីធម្មតា អាចធ្វើឲ្យមានភាពកាន់តែធ្ងន់ធ្ងរនៃជំងឺលើសជាតិខ្លាញ់ក្នុងឈាម ភាពធន់នឹងអាំងស៊ុយលីន លើសសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺបេះដូង។ តាមរយៈការសិក្សា សកម្មភាពនៃ Isoflavones ប្រឆាំងទៅនឹងការរលាកដែលអាចបង្កជាជំងឺបេះដូងត្រូវបានបង្ហាញឡើង។ 4.ជំងឺមហារីក អឺស្ត្រូសែនពីរុក្ខជាតិ ដូចជា Isoflavones នេះត្រូវបានចាត់ទុកថាមានអត្ថប្រយោជន៍ខ្ពស់ចំពោះការការពារជំងឺមហារីក ដោយសារវាជាភ្នាក់ងារដែលអាចមានសកម្មភាពលុះត្រាមានការរីកលូតលាស់នៃកោសិកាមហារីក ការទប់នៃ Tyrosine kinase  សកម្មភាពនៃ DNA topoisomerase  ការទប់ដំណើរការរាតត្បាតនៃសរសៃឈាមចិញ្ចឹមកោសិកាមហារីក ក៏ដូចជាឥទ្ធិពលប្រឆាំងទៅនឹងអុកស៊ីតកម្ម ដែលសុទ្ធតែឆ្លើយតបនឹងកោសិកាមហារីក។ 5.បន្លាស់ប្តូរនៃស្បែក ភាពផ្លាស់ប្តូរនៃស្បែកអាស្រ័យនឹងអាយុរួមមានដូចជាការថយចុះនៃកម្រាស់ស្បែក ភាពស្ងួតនៃស្បែក ភាពជ្រីវជ្រួញ និងការកើននៃការរាតត្បាតនៃដំបៅជាដើម។ កាន់តែអាក្រក់នោះគឺ ភាពអស់រដូវធ្វើឲ្យដំណើរការបន្លាស់ប្តូរនេះកើតមានកាន់តែរហ័សដោយសារកង្វះអ័រម៉ូនអឺស្ត្រូសែន។Genistein គឺជា Isoflavones នៅក្នុងសណ្តែកសៀងដែលទើបនឹងត្រូវបានដឹងថាជាភ្នាក់ងារធម្មជាតិដែលដើរតួក្នុងការការពារការប្រែប្រួលរបស់ស្បែកក្នុងវ័យអស់រដូវ ក៏ដូចជាចំពោះអ្នកដែលវះកាត់អូវែ ដោយមិននាំមកជាមួយនូវផល-រំខានដូចនឹងអឺស្ត្រូសែនជំនួសឡើយ។ 6.ជំងឺបាក់ទឹកចិត្ត ជំងឺបាក់ទឹកចិត្ត ត្រូវបានដឹងថាជាបញ្ហាសុខភាពមួយក្នុងចំណោម១១ ដែលកើតមានច្រើនបំផុតចំពោះស្រ្តីអស់រដូវ ហើយវាជាបញ្ហាចម្បងមួយដែលប៉ះពាល់ដល់គុណភាពនៃការរស់នៅ និងបង្កើនការប្រឈមនឹងបញ្ហាសុខភាពផ្សេងៗ ក៏ដូចជាការស្លាប់ ដែលទាក់ទងនឹងជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺសរសៃឈាមបេះដូង និងជំងឺមហារីកជាដើម។ Isoflavones គឺជាសារធាតុដែលត្រូវបានផ្តោតយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងឥទ្ធិពលប្រឆាំងការធ្លាក់ទឹកចិត្តរបស់វាជាពិសេសប្រសិនបើប្រើរួមជាមួយឱសថ Sertraline ឬ Fluoxetine។ 7.ភ្នាសរំអិលនៃទ្វារមាស ភ្នាសនៃទ្វារមាស និងស្បែក នឹងបាត់បង់សំណើមទៅតាមអាយុ ពិសេសនៅវ័យអស់រដូវ ដោយវាប្រែទៅជាស្ងួត ហើយឆាប់ប្រតិកម្មជាមួយនឹងការរលាក និងប្រឈមនឹងការរួមត្បៀតនៃទ្វារមាសផងដែរ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា អាចជួយបង្កើនតុល្យភាពនៃកោសិកា និងសម្រួលដល់បញ្ហារួមនៃទ្វារមាស។ ដោយឡែក ពុំមានការបង្ហាញណាមួយអំពីផលមិនល្អទៅលើការបញ្ចេញអ័រម៉ូនស្ត្រី ឬក៏មុខងារថ្លើម និងក្រលៀនឡើយ។ Isoflavones ពីសណ្តែកសៀងគឺជាសារធាតុចិញ្ចឹមដែលផ្តល់នូវប្រសិទ្ធភាពដ៏ប្រសើរជាងគេក្នុងការប្រើប្រាស់ឆ្លាស់ជាមួយការព្យាបាលដោយឱសថអ័រម៉ូនចំពោះស្ត្រីអស់រដូវ។ ស្របជាមួយនឹងការព្យាបាលជំងឺជាក់លាក់មួយចំនួន ការប្រើប្រាស់ Isoflavones ក៏ចាំបាច់ក្នុងការជួយជំរុញគុណភាពជីវិតរបស់ស្ត្រីអស់រដូវផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

Share

ការពុលអាហារ ដែលប្រជាជនមួយចំនួននិយមហៅថា ការទាស់ចំណី ឬពុលចំណី គឺជាការទទួលទានអាហារដែលមានប្រឡាក់ដោយមេរោគ មិនស្អាត ហើយបង្កឲ្យទៅជាការក្អួត រាករូស ឬចុកពោះក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយ។ ចំពោះបញ្ហានេះ ពុំមានការសិក្សាណាមួយជាក់លាក់អំពីកម្រិតនៃការកើតឡើងនៅឡើយទេ ប៉ុន្តែក្នុងការអនុវត្តវិជ្ជាជីវៈពេទ្យបច្ចុប្បន្ន ឃើញថាវាប្រឈមជារៀងរាល់ថ្ងៃ។ ជាក់ស្តែងប្រភេទអាហារដែលប្រឈមជាមួយការពុលជាងគេ គឺប្រភេទអាហារតាមដងផ្លូវ ខ្វះនូវអនាម័យ មិនមានការការពារត្រឹមត្រូវពីធូលីដី និងប្រភេទអាហារដែលមិនបានសម្អាតជាដើម។   បុគ្គលងាយប្រឈមជាមួយការពុលអាហារជាងគេ គឺអ្នកដែលរស់នៅប្រមូលផ្តុំគ្នា ពិសេសកម្មករ កម្មការនីរោងចក្រ មនុស្សវ័យចំណាស់ និងក្មេងតូចៗ ដែលប្រព័ន្ធភាពស៊ាំការពារខ្លួនមានកម្រិត។ មួយវិញទៀត គឺអ្នកមានជំងឺប្រចាំកាយមួយចំនួន ដូចជាទឹកនោមផ្អែម ក្រិនថ្លើម ឬអ្នកជំងឺអេដស៍ធ្ងន់ធ្ងរព្រោះប្រព័ន្ធការពារខ្លួនរបស់ពួកគាត់ខ្សោយស្រាប់។   រោគសញ្ញា និងយន្តការនៃការពុលអាហារ ភាគច្រើនរោគសញ្ញាដែលស្តែងឡើងពីការពុលអាហារត្រូវបានបែងចែកជា២ប្រភេទ៖ • Cholera Syndromes ឬ Watery Diarrhea ៖ ជាអាការៈរាកសុទ្ធតែទឹកច្រើនៗតែម្តង • Dysenteric Syndromes ៖ ជាអាការៈរាកតិចៗ តែមានលាយសម្បោរ និងលាយឈាម។   លើសពីនេះ អ្នកជំងឺអាចមានអាការៈចុកពោះ និងក្អួត ចង្អោរ ជាដើម។   នៅពេលអ្នកជំងឺញ៉ាំចំណីអាហារដែលមានប្រឡាក់ដោយមេរោគចូល ដែលមេរោគមួយចំនួនមានសកម្មភាពបញ្ចេញជាតិពុលចូលទៅក្នុងពោះវៀនហើយបណ្តាលឲ្យរាកជាទឹក។ រីឯមេរោគមួយចំនួនទៀត មានសមត្ថភាពឲ្យមានរបួសនៅពោះវៀនជាហេតុបង្កឲ្យទៅជាការរាក មានលាយសម្បោរឬលាយឈាម។   ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ជាទូទៅ ការធ្វើរោគវិនិច្ឆ័យនៃការពុលអាហារ ពឹងផ្អែកទៅលើរោគសញ្ញាដែលអ្នកជំងឺបានរៀបរាប់ខាងលើ និងការសាកសួររបស់គ្រូពេទ្យពីព័ត៌មានទាក់ទងនឹងការទទួលទានអាហារដែលខ្វះអនាម័យ។   ចំពោះការព្យាបាលមិនមានការពិបាកនោះទេ ករណីស្រាល មិនមានភាពធ្ងន់ធ្ងរ អ្នកជំងឺអាចត្រឹមសម្រាកនៅផ្ទះ និងប្រើប្រាស់ប្រភេទថ្នាំ ដែលអាចទិញនៅតាមឱសថស្ថានដោយមិនចាំបាច់មានវេជ្ជបញ្ជាដូចជា Spasfon ឬ Smecta និងបន្ថែមការញ៉ាំទឹកឲ្យបានច្រើន ឬញ៉ាំទឹកអូរ៉ាលីត្រ ដើម្បីបង្គ្រប់ជាតិទឹកនៅក្នុងខ្លួនតាមការណែនាំរបស់ឱសថការី។ ករណីធ្ងន់ធ្ងរ អ្នកជំងឺខ្សោះជាតិទឹកខ្លាំងភ្លាមៗ ឬការប្រើប្រាស់ថ្នាំដូចជម្រាបជូនខាងលើពុំមានប្រសិទ្ធភាព ចាំបាច់ត្រូវមកជួបជាមួយគ្រូពេទ្យជាបន្ទាន់ព្រោះអ្នកជំងឺត្រូវការការផ្តល់ជាតិទឹកបន្ថែមដោយការដាក់សេរ៉ូម ឬប្រើប្រាស់ថ្នាំសម្លាប់មេរោគបន្ថែមពីគ្រូពេទ្យ។   ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា នោះអាការៈរាកអាចឲ្យទៅជាការខ្សោះជាតិទឹកធ្ងន់ធ្ងរ រហូតដល់ Shock និងមួយវិញទៀត អាចរហូតដល់មានការបង្ករោគធ្ងន់ធ្ងរនៅពោះវៀន។   វិធីសាស្ត្រការពារខ្លួន ដើម្បីចៀសវាងការពុលអាហារ ត្រូវផ្តោតសំខាន់លើ២ចំណុច៖ • ការធ្វើញ៉ាំខ្លួនឯង និងការធ្វើលក់ឲ្យគេញ៉ាំ៖ រក្សាអនាម័យ លាងសម្អាតដៃជាប្រចាំ ពិសេសត្រូវសម្អាតដៃមុននឹងចម្អិនអាហារជានិច្ច។ ចំពោះសាច់បន្លែ ត្រូវលាងសម្អាតឲ្យស្អាតមុនចម្អិន និងរក្សាម្ហូបអាហារកុំឲ្យមានធូលីដីហុយចូល ឬរុយរោមជាដើម។ • អ្នកញ៉ាំ៖ ត្រូវមានអនាម័យលាងដៃឲ្យស្អាតមុននឹងទទួលទានអាហារ ប្រសិនទទួលទានអាហារនៅខាងក្រៅ ត្រូវមើលថាអាហារនោះត្រូវបានរក្សាទុកក្នុងស្ថានភាពមួយសមរម្យឬអត់ គ្មានធូលីដីហុយចូល និងមានការថែរក្សាបានត្រឹមត្រូវជាដើម។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សាន់ ចាន់ណា ឯកទេស ក្រពះ ពោះវៀន ថ្លើម នៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

“តើអ្នកមិនពេញចិត្តធ្មេញធម្មជាតិរបស់អ្នកត្រង់ណា ?” ជាសំណួរដំបូងដែលទន្តបណ្ឌិតនឹងសួរទៅកាន់អ្នកដែលចង់ទទួលយកការពត់តម្រង់ធ្មេញ។   ជាមួយនឹងការរីកចម្រើននៃបច្ចេកទេសក្នុងការពត់ធ្មេញនៅកម្ពុជា បច្ចេកទេសនេះបានទទួលការគាំទ្រយ៉ាងខ្លាំង ជាពិសេសពីសំណាក់យុវវ័យដែលចង់ទទួលបានទំនុកចិត្តលើខ្លួនឯង និងបង្កើនគុណភាពក្នុងការរស់នៅតាមរយៈគុណសម្បត្តិនៃបច្ចេកទេសពត់ធ្មេញរួមមាន លើកសម្រស់មាត់ធ្មេញឲ្យស្រស់ស្អាត ការទទួលបានងុាំទំពាល្អ ភាពងាយស្រួលក្នុងការសម្អាត ក៏ដូចជាបង្កើនសុខភាពមាត់ធ្មេញឲ្យបានកាន់តែប្រសើរផងដែរ។តាមរយៈភាពនិយមនេះ មានសំណួរមួយចំនួនអំពីការពត់ធ្មេញ ត្រូវបានចោទសួរឡើងជាពិសេសដោយអ្នកដែលមានបំណងចង់ពត់តម្រង់ធ្មេញដែលបង្ហាញដូចខាងក្រោម។ ១.    តើការពត់តម្រង់ធ្មេញសំដៅទៅលើអ្វី? ទិសដៅរួមនៃការពត់តម្រង់ធ្មេញ គឺធ្វើយ៉ាងណាឲ្យធ្មេញដែលអ្នកជំងឺមិនពេញចិត្តដោយសារវាមិនស្អាត មិនត្រង់ជួរ វៀច ជំពឹស ឬប៉ោងចេញមកក្រៅត្រឡប់មកស្អាត ត្រង់ជួរ មាត់ធ្មេញមានសុខភាពល្អ និងមានងុាំទំពាល្អឡើងវិញទៅតាមបច្ចេកទេសទន្តសាស្ត្រ។ ២.    តើការពត់ធ្មេញមានប៉ុន្មានប្រភេទ និងគួរជ្រើសរើសដូចម្តេច? ការពត់ធ្មេញមានច្រើនប្រភេទ ក្នុងនោះការពត់ធ្មេញដោយដាក់ Brace រួមមានដូចជា ដែកធម្មតា សេរ៉ាមិក ផ្លាស្ទិក ជាដើម។ ការជ្រើសរើសគឺអាស្រ័យទៅតាមការចង់បានរបស់បុគ្គលម្នាក់ៗ សោភ័ណភាព តម្លៃ និងពេលខ្លះគឺអាស្រ័យនឹងករណីរបស់បុគ្គលផ្ទាល់ផងដែរ។ ៣.    តើអ្នកណាខ្លះអាចទទួលយកការពត់ធ្មេញបាន? មនុស្សគ្រប់វ័យសុទ្ធតែអាចទទួលយកការពត់ធ្មេញបាន ទោះជាគាត់អាយុច្រើនរហូតដល់ ៥០ ឬ៦០ ឆ្នាំហើយក៏ដោយ ឲ្យតែគាត់មានសុខភាពមាត់ធ្មេញល្អ តែពុំមានការពេញចិត្តនឹងធ្មេញធម្មជាតិរបស់គាត់ ឬមានការលំបាកណាមួយដោយសារតែបញ្ហាធ្មេញមិនត្រង់ជួររបស់គាត់។ ៤.    តើការពត់ធ្មេញមានប៉ុន្មានដំណាក់កាល? និងចំណាយពេលប៉ុន្មាន? វិធីសាស្ត្រនៃការពត់ធ្មេញចែកចេញជា ៣ ដំណាក់កាល៖ • ទី១ គឺ Levelling & Alignment ៖ ជាដំណាក់កាលដាក់ Braces ដើម្បីធ្វើឲ្យធ្មេញត្រង់ជួរ • ទី២ គឺ Mechanism ៖ ជាដំណាក់កាលធ្វើឲ្យធ្មេញសមស្របតាមទិសដៅដែលចង់បានដូចជា ការទាញធ្មេញឲ្យចូលគ្នា ទាញធ្មេញឲ្យត្រង់តាម Midline ឬទាញធ្មេញដែលប៉ោងឲ្យចូលក្នុងវិញជាដើម។ • ទី៣ គឺ Final ៖ ជាដំណាក់កាលដោះ Braces ចេញ និងដាក់ Retainer ដើម្បីការពារធ្មេញ។ រយៈពេលនៃការពត់ធ្មេញ គឺពិបាកនឹងកំណត់ឲ្យបានច្បាស់លាស់ណាស់ ដោយសារវាអាស្រ័យផងដែរនឹងករណីនីមួយៗ ការថែទាំ ការណាត់ជួបព្រមទាំងការសហការរបស់អ្នកជំងឺ និងទន្តបណ្ឌិតផ្ទាល់តែម្តង ដែលរយៈពេលសរុបអាចប្រែប្រួលពី ៨ខែ ទៅ ២ឆ្នាំ ឬលើសពីនេះ។ ៥.    តើផលលំបាកនៃការពត់ធ្មេញមានអ្វីខ្លះ? ជាទូទៅ ការពត់ធ្មេញមិនផ្តល់ជាផលលំបាកច្រើនគួរឲ្យកត់សម្គាល់នោះទេ តែយើងអាចសង្កេតឃើញបញ្ហាមួយចំនួនតូចដូចជា  ការមានអារម្មណ៍ឈឺឬមិនស្រួលនៅពេលដាក់ Braces ពិបាកទំពា(១ ទៅ ២ សប្តាហ៍ដំបូង) និងការពិបាកធ្វើអនាម័យមាត់ធ្មេញជាងធម្មតាបន្តិច។ ដោយឡែកជាទូទៅ ដរាបណាអ្នកជំងឺអនុវត្តតាមការណែនាំរបស់ទន្តបណ្ឌិតឲ្យបានត្រឹមត្រូវ និងមានការតាំងចិត្តនោះបញ្ហាខាងលើក៏នឹងមិនចោទជាផលលំបាកខ្លាំងដល់ពួកគេដែរ។ ម្យ៉ាងទៀត អ្នកជំងឺទទួលការពត់ធ្មេញមិនបាច់បារម្ភអំពីការបរិភោគឡើយដោយពួកគេអាចបរិភោគបានធម្មតា តែយកល្អគួរទំពាយឺតៗដើម្បីចៀសវាងការរបូត Bracesពត់ធ្មេញ។ ៦.    តើដំណើរការពត់ធ្មេញអាចផ្តល់ផលវិបាកឬទេ? ផលវិបាកអាចកើតមាន ប្រសិនបើអ្នកជំងឺពុំមានការសហការបានល្អ ដោយគាត់មិនថែទាំ សម្អាតមាត់ធ្មេញបានត្រឹមត្រូវតាមការណែនាំ និងមិនណាត់ជួបជាមួយទន្តបណ្ឌិតបានទៀងទាត់ ដែលវាអាចបង្កជាដង្កូវស៊ីធ្មេញ ឬកាន់តែធ្ងន់ធ្ងរគឺបញ្ហាអញ្ចាញ ឬដំណើរការកាន់តែចំណាយពេលយូរ។ ក្នុងករណីនេះ ទន្តបណ្ឌិតអាចនឹងធ្វើការបញ្ឈប់ដំណើរការពត់ធ្មេញតែម្តង។ រីឯផលវិបាកទៅថ្ងៃមុខក៏ពុំមានជាបញ្ហាអ្វីកើតឡើងផងដែរ ប្រសិនបើដំណើរការនេះគឺធ្វើឡើងដោយទន្តបណ្ឌិតដែលមានជំនាញត្រឹមត្រូវ និងមានការសហការគ្នាបានល្អជាមួយអ្នកជំងឺទាំងអំឡុងពេល និងក្រោយពេលពត់ធ្មេញ។ ៧.    តើការថែទាំអំឡុងពេលពត់ធ្មេញមានអ្វីខ្លះ? • ការដុសធ្មេញមួយថ្ងៃ ៣ ទៅ ៤ដង ទៅតាមរបៀបណែនាំដោយទន្តបណ្ឌិត ដោយប្រើប្រាស់ប្រភេទច្រាស់ឲ្យបានសមស្រប • ប្រើប្រាស់ខ្សែទាក់សម្អាតនៅចន្លោះធ្មេញ • ណាត់ជួបជាមួយទន្តបណ្ឌិតរៀងរាល់ ៣ ទៅ៤សប្តាហ៍ម្តង។ ៨.    តើអ្នកជំងឺគួរធ្វើការសហការយ៉ាងដូចម្តេចជាមួយនឹងទន្តពេទ្យក្នុងដំណើរការពត់ធ្មេញ? មុនពេលពត់ធ្មេញ ទន្តពេទ្យនឹងធ្វើការពិភាក្សាជាមួយអ្នកជំងឺជាមុន អំពីទិសដៅនៃការពត់ធ្មេញ (អ្វីដែលអ្នកជំងឺចង់កែតម្រូវលើធ្មេញធម្មជាតិ) ណែនាំដំណាក់កាលនៃការពត់ធ្មេញ  លក្ខខណ្ឌក្នុងការសហការរវាងអ្នកជំងឺ ដូចជាការថែទាំ ការណាត់ជួប និងការអនុញ្ញាតដែលចាំបាច់ផ្សេងៗ(ឧ. ពេលខ្លះតម្រូវឲ្យដកធ្មេញ ១ ឬ២ចេញដើម្បីអាចតម្រង់ធ្មេញ) ព្រមទាំងបង្ហាញពីឧទាហរណ៍នៃលទ្ធផលដែលប្រហែលនឹងករណីរបស់អ្នកជំងឺផ្ទាល់ផងដែរ។ ប្រសិនបើអ្នកចង់ទទួលបានការពត់ធ្មេញ ការស្វែងរកទន្តបណ្ឌិតដែលមានជំនាញត្រឹមត្រូវ និងមានបទពិសោធន៍ ជាមួយបរិក្ខារសមស្រប គឺពិតជាសំខាន់ ដើម្បីចៀសវាងលទ្ធផលខុសទិសដៅ ឬប៉ះពាល់ដល់អនាគត ពីព្រោះដំណើរការនេះក៏ទាមទារឲ្យមានការសហការគ្នារយៈពេលយូរផងដែរ។ បកស្រាយដោយ ៖ ទន្តបណ្ឌិត គង់ គាំង ឯកទេសពត់តម្រង់ធ្មេញ និងជាប្រធានបច្ចេកទេសនៃមន្ទីរព្យាបាលមាត់ធ្មេញ សុខជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share
Top