
- Jun 29, 2018 |
- 7 years ago |
- 12.4K views
ការពុលអាហារអាចធ្វើឲ្យមនុស្សស្លាប់បានទេ?
ការពុលអាហារ ដែលប្រជាជនមួយចំនួននិយមហៅថា ការទាស់ចំណី ឬពុលចំណី គឺជាការទទួលទានអាហារដែលមានប្រឡាក់ដោយមេរោគ មិនស្អាត ហើយបង្កឲ្យទៅជាការក្អួត រាករូស ឬចុកពោះក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយ។ ចំពោះបញ្ហានេះ ពុំមានការសិក្សាណាមួយជាក់លាក់អំពីកម្រិតនៃការកើតឡើងនៅឡើយទេ ប៉ុន្តែក្នុងការអនុវត្តវិជ្ជាជីវៈពេទ្យបច្ចុប្បន្ន ឃើញថាវាប្រឈមជារៀងរាល់ថ្ងៃ។ ជាក់ស្តែងប្រភេទអាហារដែលប្រឈមជាមួយការពុលជាងគេ គឺប្រភេទអាហារតាមដងផ្លូវ ខ្វះនូវអនាម័យ មិនមានការការពារត្រឹមត្រូវពីធូលីដី និងប្រភេទអាហារដែលមិនបានសម្អាតជាដើម។ បុគ្គលងាយប្រឈមជាមួយការពុលអាហារជាងគេ គឺអ្នកដែលរស់នៅប្រមូលផ្តុំគ្នា ពិសេសកម្មករ កម្មការនីរោងចក្រ មនុស្សវ័យចំណាស់ និងក្មេងតូចៗ ដែលប្រព័ន្ធភាពស៊ាំការពារខ្លួនមានកម្រិត។ មួយវិញទៀត គឺអ្នកមានជំងឺប្រចាំកាយមួយចំនួន ដូចជាទឹកនោមផ្អែម ក្រិនថ្លើម ឬអ្នកជំងឺអេដស៍ធ្ងន់ធ្ងរព្រោះប្រព័ន្ធការពារខ្លួនរបស់ពួកគាត់ខ្សោយស្រាប់។ រោគសញ្ញា និងយន្តការនៃការពុលអាហារ ភាគច្រើនរោគសញ្ញាដែលស្តែងឡើងពីការពុលអាហារត្រូវបានបែងចែកជា២ប្រភេទ៖ • Cholera Syndromes ឬ Watery Diarrhea ៖ ជាអាការៈរាកសុទ្ធតែទឹកច្រើនៗតែម្តង • Dysenteric Syndromes ៖ ជាអាការៈរាកតិចៗ តែមានលាយសម្បោរ និងលាយឈាម។ លើសពីនេះ អ្នកជំងឺអាចមានអាការៈចុកពោះ និងក្អួត ចង្អោរ ជាដើម។ នៅពេលអ្នកជំងឺញ៉ាំចំណីអាហារដែលមានប្រឡាក់ដោយមេរោគចូល ដែលមេរោគមួយចំនួនមានសកម្មភាពបញ្ចេញជាតិពុលចូលទៅក្នុងពោះវៀនហើយបណ្តាលឲ្យរាកជាទឹក។ រីឯមេរោគមួយចំនួនទៀត មានសមត្ថភាពឲ្យមានរបួសនៅពោះវៀនជាហេតុបង្កឲ្យទៅជាការរាក មានលាយសម្បោរឬលាយឈាម។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ជាទូទៅ ការធ្វើរោគវិនិច្ឆ័យនៃការពុលអាហារ ពឹងផ្អែកទៅលើរោគសញ្ញាដែលអ្នកជំងឺបានរៀបរាប់ខាងលើ និងការសាកសួររបស់គ្រូពេទ្យពីព័ត៌មានទាក់ទងនឹងការទទួលទានអាហារដែលខ្វះអនាម័យ។ ចំពោះការព្យាបាលមិនមានការពិបាកនោះទេ ករណីស្រាល មិនមានភាពធ្ងន់ធ្ងរ អ្នកជំងឺអាចត្រឹមសម្រាកនៅផ្ទះ និងប្រើប្រាស់ប្រភេទថ្នាំ ដែលអាចទិញនៅតាមឱសថស្ថានដោយមិនចាំបាច់មានវេជ្ជបញ្ជាដូចជា Spasfon ឬ Smecta និងបន្ថែមការញ៉ាំទឹកឲ្យបានច្រើន ឬញ៉ាំទឹកអូរ៉ាលីត្រ ដើម្បីបង្គ្រប់ជាតិទឹកនៅក្នុងខ្លួនតាមការណែនាំរបស់ឱសថការី។ ករណីធ្ងន់ធ្ងរ អ្នកជំងឺខ្សោះជាតិទឹកខ្លាំងភ្លាមៗ ឬការប្រើប្រាស់ថ្នាំដូចជម្រាបជូនខាងលើពុំមានប្រសិទ្ធភាព ចាំបាច់ត្រូវមកជួបជាមួយគ្រូពេទ្យជាបន្ទាន់ព្រោះអ្នកជំងឺត្រូវការការផ្តល់ជាតិទឹកបន្ថែមដោយការដាក់សេរ៉ូម ឬប្រើប្រាស់ថ្នាំសម្លាប់មេរោគបន្ថែមពីគ្រូពេទ្យ។ ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា នោះអាការៈរាកអាចឲ្យទៅជាការខ្សោះជាតិទឹកធ្ងន់ធ្ងរ រហូតដល់ Shock និងមួយវិញទៀត អាចរហូតដល់មានការបង្ករោគធ្ងន់ធ្ងរនៅពោះវៀន។ វិធីសាស្ត្រការពារខ្លួន ដើម្បីចៀសវាងការពុលអាហារ ត្រូវផ្តោតសំខាន់លើ២ចំណុច៖ • ការធ្វើញ៉ាំខ្លួនឯង និងការធ្វើលក់ឲ្យគេញ៉ាំ៖ រក្សាអនាម័យ លាងសម្អាតដៃជាប្រចាំ ពិសេសត្រូវសម្អាតដៃមុននឹងចម្អិនអាហារជានិច្ច។ ចំពោះសាច់បន្លែ ត្រូវលាងសម្អាតឲ្យស្អាតមុនចម្អិន និងរក្សាម្ហូបអាហារកុំឲ្យមានធូលីដីហុយចូល ឬរុយរោមជាដើម។ • អ្នកញ៉ាំ៖ ត្រូវមានអនាម័យលាងដៃឲ្យស្អាតមុននឹងទទួលទានអាហារ ប្រសិនទទួលទានអាហារនៅខាងក្រៅ ត្រូវមើលថាអាហារនោះត្រូវបានរក្សាទុកក្នុងស្ថានភាពមួយសមរម្យឬអត់ គ្មានធូលីដីហុយចូល និងមានការថែរក្សាបានត្រឹមត្រូវជាដើម។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សាន់ ចាន់ណា ឯកទេស ក្រពះ ពោះវៀន ថ្លើម នៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share