ឱសថបូរាណឈ្មោះ Ceng Fui Yen ដែលមានសណ្ឋានបែបនេះ ជាឱសថក្លែងក្លាយ!!!


ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលបានធ្វើការវិភាគគុណភាពឱសថបូរាណឈ្មោះ Ceng Fui Yen Box/ 1 Bottle/ 30 Capsules ផលិតដោយគ្រឹះស្ថានផលិតឱសថឈ្មោះ WELIP (M) SHD BHD, Malaysia មានផ្ទុកសារធាតុឱសថសម័យឈ្មោះ Cyproheptadine hydrochloride និង Dexamethasone។ យោងតាមច្បាប់ស្តីពី
វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ផលិតផលឱសថបូរាណនេះចាត់ទុកជា ឱសថក្លែងក្លាយ។ ផលិតផលឱសថបូរាណក្លែងក្លាយខាងលើនេះ ត្រូវបាននាំចូលមកព្រះរាជាណាចក្រកម្ពុជាដោយគ្មានប្រភពច្បាស់លាស់ ហើយចែកចាយ តាំងលក់តាមបណ្តាឱសថស្ថានរង និងអគារលក់ឱសថបូរាណទូទាំងរាជធានីខេត្តដូច្នេះក្រសួងសុខាភិបាលតម្រូវឲ្យនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនិងអាជ្ញាធរពាក់ព័ន្ធ មន្ទីរសុខាភិបាលរាជធានីខេត្ត ត្រូវធ្វើការប្រមូលត្រឡប់មកវិញនូវផលិតផលឱសថបូរាណក្លែងក្លាយឈ្មោះ Ceng Fui Yen ខាងលើគ្រប់ប្រភេទ គ្រប់ពណ៌ គ្រប់ឡូតិ៍ពីបណ្តាឱសថស្ថានរង និងអគារលក់ឱសថបូរាណមកកម្ទេចចោលជាបន្ទាន់។
ក្រោយពីប្រកាសព័ត៌មានចេញជាផ្លូវការរួចហើយមន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថក្រសួងសុខាភិបាលត្រូវចុះធ្វើការតាមដាន និងត្រួតពិនិត្យ និងប្រមូលនូវឱសថបូរាណក្លែងក្លាយខាងលើនៅតាមបណ្តាឱសថស្ថានរង និងអគារលក់ឱសថបូរាណទាំងអស់ដើម្បីកម្ទេចចោល។ ប្រសិនបើក្រុមហ៊ុនឱសថស្ថានរង ឬអគារលក់ឱសថបូរាណណាមួយមិនបានប្រមូលចេញ ហើយនៅតែបន្តនាំចូលដាក់តាំងលក់ ឬចែកចាយផលិតផលឱសថបូរាណក្លែងក្លាយឈ្មោះ Ceng Fui Yen ដែលផលិតដោយគ្រឹះស្ថានផលិតឱសថឈ្មោះ WELIP (M) SHD BHD, Malaysia បន្តទៀតនឹងត្រូវទទួលទោសបញ្ញត្តិទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ។
ក្នុងករណីបានជួបប្រទះ ឬកំពុងប្រើប្រាស់ លក់ចែកចាយនូវផលិតផលឱសថបូរាណក្លែងក្លាយខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល
តាមរយៈទូរស័ព្ទលេខ៖
០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៥៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

