ខ្លីៗ ដែលអ្នកតែងយល់ច្រឡំពីសុខភាព
ជំនឿមួយចំនួន ដែលមនុស្សភាគច្រើនសឹងតែជឿថា គឺការពិត ដោយសារការដឹងតៗគ្នា ឬធ្វើតាមគ្នារហូតមកតែមិនប្រាកដថាជំនឿទាំងនោះសុទ្ធតែត្រឹមត្រូវ និងគួរឲ្យជឿជាក់នោះទេ។ ដូច្នេះ ហេលស៍ថាមសូមលើកយកការបកស្រាយខ្លះៗមកជូនលោកអ្នកដូចខាងក្រោម៖
ការញុំាការ៉ុតអាចជួយបង្កើនគំហើញរបស់អ្នក?
ការពិត៖ ការ៉ុតជាប្រភេទបន្លែដែលសម្បូរវីតាមីនអេ ( Vitamin A) ច្រើនជាងគេ ដែលវីតាមីននេះ គឺសំខាន់សម្រាប់ភ្នែករបស់អ្នក ប៉ុន្តែអ្នកក៏អាចរកប្រភពវីតាមីនអេពីបន្លែផ្សេងៗទៀតបានដែរដូចជាដំឡូងផ្អែម ផ្លែប៉េស(Apricot)ជាដើម។ តែសំខាន់អ្នកក៏ត្រូវបរិភោគវីតាមីនផ្សេងៗទៀតដើម្បីឲ្យមានលំនឹងផងដែរ។
គំហើញមិនល្អ (ម៉្ញូប) ជាជំងឺតំណពូជ?
ការពិត៖ យោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិត ប៉ោក ធន ជំនឿនេះអាចត្រឹមត្រូវដល់ទៅ៩០% ពីព្រោះតាមការស្រាវជ្រាវគេអាចសន្និដ្ឋានថាបណ្តាលមកពីតំណពូជ ឬហ្សែន តែមិនទាន់ដឹងថាក្រូម៉ូសូមមួយណាប្រាកដទេ។ ត្រង់នេះសូមបញ្ជាក់ថាករណីនេះមិនសំដៅដល់ឪពុកម្តាយដែលម៉្ញូបនឹងធ្វើឲ្យកូនម៉្ញូបទេហើយពេលខ្លះឪពុកម្តាយមិនម៉្ញូបក៏អាចមានកូនម៉្ញូបដែរ ពេលខ្លះក៏អាចបណ្តាលមកពីជីដូនជីតាផងដែរ។
(Credit to Dr. Pok Torn)
ពណ៌បៃតងអាចឲ្យគំហើញកាន់តែល្អ?
ការពិត៖ ការសំឡឹងមើលពណ៌ស្រស់ៗ និងភ្លឺពេកអាចធ្វើឲ្យភ្នែកអ្នកឆាប់នឿយហត់ តែចំពោះពណ៌បៃតងអាចស្រូបនូវកាំរស្មីUV នៃពន្លឺដែលបញ្ចេញថាមពលខ្លាំង មិនតែប៉ុណ្ណោះវាអាចជួយកាត់បន្ថយនូវឥទ្ធិពលពន្លឺទាំងនោះ ថែមទាំងជួយលុបបំបាត់ភាពនឿយហត់របស់ភ្នែកទៀតផង តែមិនមែនជួយឲ្យគំហើញកាន់តែល្អនោះទេ។ ការសំឡឹងមើលទេសភាពពណ៌បៃតងកាន់តែឆ្ងាយធ្វើឲ្យភ្នែកអ្នកកាន់តែមានផាសុកភាព។
ហាត់ប្រាណពេលព្រឹកល្អជាងពេលល្ងាច?
ការពិត៖ ការទៅហាត់ប្រាណពេលព្រឹក ឬល្ងាចគឺអាស្រ័យលើពេលវេលាថាតើយើងទំនេរពេលណា។ ប៉ុន្តែយល់ល្អគឺពេលល្ងាចព្រោះភាគច្រើនយើងត្រូវធ្វើការរកស៊ី រៀនសូត្រ មិនមានពេលគ្រប់គ្រាន់ធ្វើលំហាត់ប្រាណនៅពេលព្រឹកដូច្នេះពេលល្ងាចជាពេលដែលល្អបំផុត។
(Credit to Pro-Fitness)
ពាក់វ៉ែនតាកាន់តែឡើងដឺក្រេ?
ការពិត៖ វ៉ែនតាមាននាទីជួយឲ្យអ្នកមើលឃើញកាន់តែច្បាស់ ដូច្នេះអ្នកតែងតែចង់ពាក់គ្រប់ពេលវេលាជ ដើម្បីផ្តល់ភាពងាយស្រួល តែប្រសិនបើអ្នកមិនបានពាក់វ៉ែនតាស្របពេលខំប្រឹងប្រើភ្នែកមើលអ្វីមួយខ្លាំងពេក នោះអ្នកនឹងអាចមានហានិភ័យធ្វើឲ្យដឺក្រេភ្នែកកាន់តែអាក្រក់ឡើង។
ប្រើលេនអាចឲ្យខូចភ្នែក?
ការពិត៖ ការពាក់លេនគឺមានសុវត្ថិភាពគ្រប់គ្រាន់ ប៉ុន្តែការពាក់មិនបានត្រឹមត្រូវទេទើបធ្វើឲ្យខូចភ្នែកដូចជា ការពាក់យូរពេក មិនមានអនាម័យក្នុងការពាក់ និងរបៀបទុកដាក់មិនបានត្រឹមត្រូវតាមក្បួនខ្នាត។
©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ