
[មានវីដេអូ] តើគួររៀនបន្តឯកទេសអ្វី?



ចំពោះនិស្សិតវេជ្ជសាស្ត្រ <<តើគួររៀនបន្តឯកទេសអ្វី?>> ពិតជាសំណួរសំខាន់ និងត្រូវចំណាយពេលយូរបន្តិចដើម្បីឆ្លើយនូវសំណួរនេះ។ ហេតុនេះ ហើយនាថ្ងៃទី ១៧ ខែវិច្ឆិកានេះ ក្រុមការងារ ហេលស៍ថាម ប្រូ បានបង្កើត កម្មវិធី Medicine Talk ក្រោមចំណងជើងថា “និយាយជាមួយសិស្សច្បង ពីដំណើរជីវិតជានិស្សិតវេជ្ជសាស្ត្រឯកទេស”
កម្មវិធី Medicine Talk បង្កើតឡើងក្នុងគោលបំណងធំចំនួន ២៖ ការជួយតម្រង់ទិសដល់សិស្សប្អូន អាចតៀមខ្លួនដើម្បីជ្រើសរើសឯកទេសមួយ និងសាងទំនាក់ទំនងរវាងសិស្សច្បង និងសិស្សប្អូនក្នុងផ្នែកវេជ្ជសាស្ត្រ។
គួរបញ្ជាក់ផងដែរថា កម្មវិធី Medicine Talk ប្រព្រឹត្តិទៅ នៅសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ពេញមួយព្រឹកចាប់ពី ម៉ោង ៨ព្រឹក ដល់ម៉ោង១២រសៀល ដោយមានការសហការឧបត្ថម្ភពីផលិតផល Coxil និងមានការចូលរួមពីសំណាក់និស្សិតវេជ្ជសាស្រ្ត ចំនួនប្រមាណ៦០នាក់ ដែលមកពីគ្រឹះស្ថានសិក្សាផ្សេងៗដូចជា សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យ អន្តរជាតិ និងវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ជាដើម។
Medicinie Talk ប្រព្រឹត្តិទៅយ៉ាងរលូនក្រោមសកម្មភាព ចំនួន២សំខាន់ៗ៖
១. ការចែករំលែកបទពិសោធន៍ពីសិស្សច្បងចំនួន១០រូប ដែលមានឯកទេសផ្សេងៗគ្នា ទាក់ទងនឹងចំណុចសំខាន់ៗមួយចំនួនដើម្បីយកពិចារណា ក្នុងការសម្រេចចិត្តជ្រើសរើសឯកទេសមួយដែលសាកសមនឹងខ្លួនឯងពិតប្រាកដ ការត្រៀមខ្លួនដើម្បីប្រលងជាប់ឯកទេសនោះ។
២. ការជួបពិភាក្សាផ្ទាល់ជាមួយសិស្សច្បង ដែលសិស្សប្អូនមានឱកាសសាកសួរបន្ថែមលើឯកទេសដែលស្ថិតក្នុងក្តីស្រមៃរបស់ពួកគេ ជាពិសេសលើចំណុចគួរធ្វើ និងមិនគួរធ្វើអំឡុងពេលជានិស្សិតឯកទេស។
សិស្សច្បងបានចែករំលែកបទពិសោធន៍ល្អៗជាច្រើន និងបន្សល់ទុកនូវសំនួរមួយចំនួនដើម្បីឲ្យសិស្សប្អូនយកទៅពិចារណា៖ “តើជីវិតបែបណា ដែលយើងបានទៅថ្ងៃអនាគត?” “តើការងារប្រភេទណា ដែលយើងចង់ធ្វើ?”។ នៅមានចំណុចសំខាន់ៗជាច្រើនទៀត ចំពោះអ្នកមិនបានចូលរួមកម្មវិធី Medicine Talk លើកនេះ អាចរងចាំមើលវីដេអូសង្ខេបអំពីកម្មវិធីបន្ថែមទៀត ក្នុងទំព័រហេ្វសបុករបស់ Healthtime Pro។
ដើម្បីទទួលបានព័ត៌មានបន្ថែម សម្រាប់វគ្គសិក្សាដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខទៀត សូមតាមដានក្នុង Healthtime Pro
អូ!!! វីដេអូខាងក្រោមនេះ ជាចំណាប់អារម្មណ៍និស្សិតចំពោះកម្មវិធី Medicine Talk តោះស្តាប់ពួកគាត់ទាំងអស់គ្នា...
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ