-
Apr 20, 2018
|
-
6 ឆ្នាំមុន
|
-
9.4K មើល
ការហូរឈាមច្រមុះ គឺជាបញ្ហាសុខភាពមួយ ដែលភាគច្រើនកើតនៅលើបុគ្គលដែលមានអាយុចន្លោះពី២ទៅ១០ និង ៥០ទៅ៨០ឆ្នាំ។ ជាសំណាងល្អ បញ្ហានេះច្រើនមានលក្ខណៈមិនធ្ងន់ធ្ងរ និងបាត់ទៅវិញឯកឯង ប៉ុន្តែ ពេលខ្លះវាអាចកើតឡើងមានជាញឹកញាប់។ ការហូរឈាមច្រមុះបង្កឡើងដោយមូលហេតុជាច្រើនដែលក្នុងនោះក៏មានជំងឺលើសសម្ពាធឈាមផងដែរ។ ប្រភពនៃការហូរឈាមច្រមុះមាន២ គឺ ៩០%មកពី little area ដែលនៅផ្នែកខាងមុខនៃច្រមុះ ឯ១០% ទៀតមកពីផ្នែកខាងក្រោមនៃច្រមុះ។ ការហូរឈាមច្រមុះកើតឡើងដោយសារការខូចខាតទៅលើសរសៃឈាមនៅស្រទាប់ភ្នាសជាលិកានៃច្រមុះ ឬឈាមកំណកឈាម។
មូលហេតុនៃការហូរឈាមច្រមុះមាន ៖
-ការប៉ះទង្គិច ៖ រួមមានការកេះច្រមុះ ការប៉ះទង្គិចមុខ មានការបង្ករោគនៅច្រមុះ ឬរន្ធឆ្អឹងច្រមុះ ឬវៀចសន្ទះច្រមុះ
-បរិស្ថាន ៖ ដូចជាអាកាសធាតុក្ដៅស្ងួត ឬការស្រូបចូលខ្យល់ស្ងួតរយៈពេលយូរ
-ការបង្កដោយបុគ្គលិកសុខាភិបាល ៖ ដូចជាការដាក់សុកក្រពះ ឬការដាក់សុង intubation តាមច្រមុះ
-ឱសថ ៖ ដូចជាការលាក corticosteroids and antihistamines ឬថ្នាំបង្ការឈាមកក (Aspirin, Warfarin, Platelet inhibitors)
-បញ្ហាកំណកឈាម ៖ មានដូចជាបញ្ហាកំណកឈាមពីកំណើត អណ្ដើករីក ប្លាកែតចុះទាប ជំងឺប្លាកែត ជំងឺថ្លើម ខ្សោយតម្រងនោម ការពិសាគ្រឿងស្រវឹងច្រើន ឬអ្នកជំងឺអេដស៍
-បញ្ហាសរសៃឈាម ៖ សរសៃឈាមរឹង ក្រិនដុំសាច់ ការរីកប៉ោងនៃសរសៃឈាម ការវៀចឆ្អឹងសន្ទុះច្រមុះ
-ជំងឺលើសសម្ពាធឈាម ៖ ការលើសសម្ពាធឈាមរយៈពេលយូរអាចធ្វើឲ្យមានការផុយស្រួយនៃសរសៃឈាម ។
ការហូរឈាមច្រមុះច្រើនកើតមាននៅលើច្រមុះម្ខាងតែប៉ុណ្ណោះ។ ប្រសិនជាការហូរឈាមនេះខ្លាំងនោះ ឈាមអាចនឹងច្រានចូលទៅម្ខាងទៀតធ្វើឲ្យមានការហូរឈាមមកទាំងសងខាងនៃរន្ធច្រមុះ។ ឈាមនេះក៏អាចហូរចូលទៅក្នុងក្រពះ នាំឲ្យមានឈាមនៅក្នុងកំហាក ឬក៏ក្អួតឈាមផែរ។
ការគ្រប់គ្រងបញ្ហាហូរឈាមច្រមុះអាចចាប់ផ្ដើមដំបូងដោយជួយសង្គ្រោះភ្លាមៗ ប្រសិនបើមានសញ្ញានៃការខ្វះឈាម។ បន្ទាប់មក ស្វែងរកកន្លែងដែលហូរឈាម ឃាត់ឈាម និងព្យាបាលមូលហេតុនៃការហូរឈាមនេះ។ ការឃាត់ឈាមមិនហូរ អ្នកអាចធ្វើបានតាមរយៈការស្អំទឹកកក ឬការសង្កត់ច្រមុះ។ ប្រសិនបើបរាជ័យ អ្នកអាចទៅមន្ទីរពេទ្យ ដើម្បីដុតកន្លែងហូរឈាម ហើយបើឈាមនៅតែបន្តហូរ អ្នកអាចញាត់ស្បៃរុំរបួស ដើម្បីឃាត់ឈាម។ វិធីសាស្ត្រចុងក្រោយ គឺការចងសរសៃឈាម។
ការស្លាប់ដោយសារការហូរឈាមច្រមុះជាករណីកម្រ ហើយជាទូទៅតែងតែមកពីការហូរឈាមច្រើនពេកនាំឲ្យមានកង្វះឈាម។ ការការពារបញ្ហាហូរឈាមច្រមុះនេះអាចធ្វើបានតាមរយៈ៖
-ការប្រើប្រាស់ស្ព្រៃយ៍បាញ់ឲ្យមានសំណើម
-ការកណ្ដាស់ដោយមាត់ចំហ
-ចៀសវាងការលូកកេះច្រមុះ
-ចៀសវាងអាហារហិល
-ចៀសវាងការងូតទឹកក្ដៅ
-ចៀសវាងឱសថ Aspirin និងNSAIDs ផ្សេងទៀត។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក