- Dec 07, 2018 |
- 5 ឆ្នាំមុន |
- 9.9K មើល
នរណាខ្លះអាចប្រឈមនឹងមហារីកពោះវៀនធំ?
ជំងឺមហារីកពោះវៀនធំ សំដៅទៅលើដុំសាច់កាច ឬដុំសាច់មហារីក ដែលកើតនៅលើពោះវៀនធំផ្ទាល់។ យោងទៅតាមទិន្នន័យរបស់ Globocan ២០១៥ នៅទ្វីបអាស៊ីមានអ្នកជំងឺមហារីកពោះវៀនធំចំនួន ៦១ ២២៨នាក់ដែលជាករណីថ្មីហើយក្នុងនោះភាគច្រើនមានវ័យលើសពី ៦៥ឆ្នាំ។ តាមការសិក្សាបង្ហាញថា ប្រហែលត្រឹមតែ ២%ទៅ៥% ដែលមហារីកពោះវៀនធំបង្កឡើងដោយហ្សែនពីជំនាន់មួយមកជំនាន់មួយទៀត។ ផ្អែកទៅលើការសិក្សារបស់អង្គការសុខភាពពិភពលោកក្នុងឆ្នាំ ២០១៤ បានឲ្យដឹងថាពេលនោះប្រទេសកម្ពុជាយើងមានចំនួនប្រជាជនសរុប១៤ ៨៦៥ ០០០នាក់ ក្នុងនោះចំនួនអ្នកជំងឺមហា-រីកពោះវៀនធំ មានការកើតឡើងច្រើនគួរឲ្យកត់សម្គាល់ដែលបុរសមានចំនួន ៤៤៥ករណីថ្មី និងស្ត្រីមានចំនួន ៣៩៤ករណីថ្មី។ គេសង្កេតឃើញថា អត្រាមរណភាពក្នុងចំណោមជំងឺមហារីកគ្រប់ប្រភេទទាំងអស់ជំងឺមហារីកពោះវៀនធំមានរហូតដល់ ៥% ចំពោះបុរសនិយាយរួមច្រើនជាងនារី។ មូលហេតុ និងកត្តាប្រឈម • ការពិសាបារីច្រើន • ការពិសាស្រាច្រើន • កត្តាតំណពូជ • កត្តាលើសទម្ងន់ • អ្នកជំងឺទឹកនោមផ្អែម • អ្នកជំងឺរលាកពោះវៀនរ៉ាំរ៉ៃ • អ្នកដែលពុំធ្វើលំហាត់ប្រាណ។ រោគសញ្ញា អាការៈនៃជំងឺមហារីកពោះវៀនធំដែលច្រើនជួបប្រទះញឹកញាប់រួមមាន៖ • រាក និងទល់លាមករ៉ាំរ៉ៃ • ឈឺចាប់ក្នុងពោះរយៈពេលយូរ • ស្ថានភាពលាមកមានភាពមិនប្រក្រតី • បត់ជើងធំមានលាយឈាមក្នុងលាមក • មានហូរឈាមតាមផ្លូវលាមក។ យន្តការ ដោយសារមានបម្រែបម្រួលនៃហ្សែនទើបបណ្តាលឲ្យមានការខូចដល់កោសិការបស់ពោះវៀនធំ ហើយនេះជាកត្តាបង្កើតឡើងនូវដំបៅមហារីក។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យទៅលើជំងឺមហារីកពោះវៀនធំគឺផ្អែកទៅលើកត្តា៣យ៉ាង៖ • ការពិនិត្យលាមក ដោយបច្ចេកទេស FOBT(Faecal Occult Blood Test)៖ ដោយយកលាមកទៅពិនិត្យ ដោយមីក្រូទស្សន៍ នៅក្នុងមន្ទីរពិសោធន៍ ដើម្បីរកមើលគ្រាប់ឈាមក្រហម។ ក្នុងករណីឃើញមានគ្រាប់ឈាមក្រហម អ្នកជំងឺរូបនោះនឹងត្រូវតម្រូវឲ្យធ្វើការពិនិត្យម្យ៉ាងទៀតហៅថា ការពិនិត្យឆ្លុះពោះវៀនធំ Colonoscopy។ • ការពិនិត្យឆ្លុះពោះវៀនធំ Colonoscopy៖ ជាការពិនិត្យដោយប្រើម៉ាស៊ីនអង់ដូស្កូប (Endoscope) រកមើលដុំសាច់ក្នុងពោះវៀនធំ។ ដុំសាច់នោះនឹងត្រូវបានកាត់ ឬច្រឹបដើម្បីយកទៅវិភាគនៅមន្ទីរពិសោធន៍មួយទៀត ដែលមានឈ្មោះថា មន្ទីរពិសោធន៍វិភាគកោសិកា (Histopathology Laboratory)។ • ការវិភាគកោសិកា Histopathology៖ ជាការពិនិត្យទៅលើកោសិកា ដើម្បីកំណត់ថាជា សាច់ធម្មតា សាច់ស្លូត ឬសាច់កាច(មហារីក)។ ការព្យាបាលត្រឹមត្រូវ ជំងឺមហារីកពោះវៀនធំត្រូវធ្វើការព្យាបាលទៅតាមដំណាក់កាល ដោយអាស្រ័យទៅនឹងស្ថានភាពអ្នកជំងឺ និងដុំសាច់មហារីក ដែលរួមមាន ២របៀប៖ • ការព្យាបាលនៅនឹងកន្លែង (local treatment)៖ ការវះកាត់ដែលធ្វើឡើងក្នុងករណីដុំតូច និងមិនទាន់រាលដាលទៅកន្លែងផ្សេងទៀត។ • ការព្យាបាលជារួម (systemic treatment)៖ការប្រើថ្នាំគីមី ដោយចាក់បញ្ចូលតាមសរសៃឈាម ឬដោយត្រូវពិសាថ្នាំគ្រាប់ ធ្វើឡើងក្នុងករណីដុំសាច់មហារីក រាលដាលទៅកាន់សរីរាង្គផ្សេងទៀត ឬដុំសាច់មានលក្ខណៈធំខ្លាំងពេក។ អ្នកជំងឺមួយចំនួនអាចទទួលយកការព្យាបាលបានទាំងពីររបៀប តែអ្នកជំងឺមួយចំនួនទៀតមិនអាចទទួលយកការព្យាបាលបានគ្រប់របៀបនោះទេ។ ផលវិបាក • ព្យាបាលដោយវះកាត់ អាចមានការឈឺចាប់ត្រង់មុខរបួស ការហូរឈាមច្រើនពេលកំពុងវះកាត់ អាចមានមេរោគចូលក្នុងខ្លួន។ល។ • ព្យាបាលដោយថ្នាំគីមី អាចមានដូចជា ក្អួតចង្អោរ មិនឃ្លានអាហារ ក្តៅខ្លួន (ដោយមានមេរោគចូលក្នុងខ្លួន ពេលគ្រាប់ឈាមសថយចុះច្រើន) ស្លេកស្លាំង អស់កម្លាំង ញ័រទ្រូង វិលមុខ (ពេលមានគ្រាប់ឈាមក្រហមថយចុះច្រើន) មានហូរឈាមតាមអញ្ចាញធ្មេញ តាមស្បែក ឬកន្លែងផ្សេងទៀត (ពេលប្លាកែតថយចុះច្រើន) និងអាចស្ពឹកដៃជើង។ល។ បើករណីអ្នកជំងឺមកព្យាបាលទាន់ពេលវេលា នោះការព្យាបាលនឹងទទួលបានលទ្ធផលល្អច្រើន ព្រោះដុំមហារីកមិនទាន់មានការវិវឌ្ឍធំឡើង ឬរីករាលដាលទៅដល់សរីរាង្គផ្សេងទៀតទេ និងមិនបង្កឲ្យមានផលលំបាកច្រើន មានភាពងាយស្រួលក្នុងការព្យាបាល និងចំណាយកម្រៃតិច។ ម៉្យាងវិញទៀត ជំងឺនេះមិនត្រឹមតែយាយីចំពោះអ្នកជំងឺម្នាក់ប៉ុណ្ណោះទេ តែវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ បើអ្នកមាននូវរោគសញ្ញាដូចបានរៀបរាប់ខាងលើចាំបាច់ត្រូវទៅពិនិត្យ និងព្យាបាល ជាមួយគ្រូពេទ្យជំនាញ ឲ្យបានលឿនបំផុតដែលអាចធ្វើទៅបាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ហេង វីរដ្ឋឯកទេសជំងឺមហារីកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានបន្ទប់ពិគ្រោះ និងព្យាបាលជំងឺវេជ្ជបណ្ឌិត ហេង វីរដ្ឋ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក