- Mar 31, 2018 |
- 6 ឆ្នាំមុន |
- 6.6K មើល
តើបញ្ហាណាខ្លះត្រូវបានចាត់ទុកជាការបាត់បង់សមត្ថភាពផ្លូវភេទ?
ការបាត់បង់សមត្ថភាពផ្លូវភេទ គឺប៉ះពាល់ខ្លាំងទៅលើការបន្តពូជរបស់បុរស ហើយក៏ជះឥទ្ធិពលខ្លាំងដល់សុភមង្គលគ្រួសារផងដែរ។ ដូច្នេះ ការយល់ច្បាស់ពីការបាត់សមត្ថភាពនេះ ក៏ជារឿងចាំបាច់ផងដែរសម្រាប់បុរសគ្រប់រូប ជាពិសេសអ្នកដែលកំពុងប្រឈមនឹងវិបត្តិនេះ។ បញ្ហាដែលបុរសជួបញឹកញាប់ក្នុងការបាត់បង់សមត្ថភាពផ្លូវភេទ គឺទាក់ទងនឹងការបញ្ចេញទឹកកាមការឡើងរឹងនៃលិង្គ និងចំណង់ផ្លូវភេទធ្លាក់ចុះ។ 1. បញ្ហាបញ្ចេញទឹកកាម លក្ខខណ្ឌដែលបង្ហាញថា ការបញ្ចេញទឹកកាមរបស់អ្នកមានបញ្ហា អាចមានដូចជា៖ •ឆាប់ចេញទឹកកាម •យូរចេញទឹកកាម •ច្រាល់ទឹកកាមត្រឡប់ទៅថង់ស្តុកវិញ។ ការឆាប់ចេញទឹកកាម ការសិក្សាជាច្រើនបានបង្ហាញឲ្យឃើញថា ការធ្លាក់ចុះនៃសេរ៉ូតូនីនដែលជាសារធាតុគីមីនៅក្នុងខ្លួននឹងមានឥទ្ធិពលលើអារម្មណ៍របស់មនុស្ស បានដើរតួសំខាន់ក្នុងការធ្វើឲ្យឆាប់បញ្ចេញទឹកកាមរបស់បុរស។ ឱសថមួយចំនួនរួមបញ្ចូលទាំងឱសថបំបាត់ការធ្លាក់ទឹកចិត្តមួយចំនួន អាចប៉ះពាល់ដល់ការបញ្ចេញទឹកកាមនេះផងដែរ ព្រោះតែការខូចខាតសរសៃប្រសាទទៅខាងក្រោយ ឬនៅខួរឆ្អឹងខ្នង។ ការយូរចេញទឹកកាម ការពន្យឺតការបញ្ចេញទឹកកាម អាចទាក់ទងទៅនឹងបញ្ហាសុខភាពរយៈពេលវែង ផលរំខានរបស់ឱសថមួយចំនួន ការញៀនស្រា ឬឆ្លងកាត់ការវះកាត់។ បញ្ហាបញ្ចេញទឹកកាមយឺតនេះ ក៏អាចទាក់ទងផងដែរពីការថប់បារម្ភ ស្ត្រេស ឬបញ្ហាទំនាក់ទំនង។ ការច្រាល់ទឹកកាមត្រឡប់ទៅថង់ស្តុកវិញ ការច្រាល់ទឹកកាមត្រឡប់ទៅថង់ស្តុកវិញ កើតឡើងញឹកញាប់ចំពោះបុរសដែលមានជំងឺទឹកនោមផ្អែមហើយខូចខាតដល់សរសៃប្រសាទ។ បញ្ហាទាំងនេះទាក់ទងនឹងសរសៃប្រសាទនៅនឹងប្លោកនោមនិងប្លោកនោម ធ្វើឲ្យការបញ្ចេញទឹកកាមហូរបញ្ច្រាស់មកវិញ។ សម្រាប់មនុស្សប្រុសដែលមិនមានបញ្ហាទឹកនោមផ្អែម ការច្រាល់បកក្រោយវិញរបស់ទឹកកាមអាចបណ្តាលមកពីផលរំខានរបស់ឱសថមួយចំនួន ឬកើតឡើងក្រោយទទួលការវះកាត់ប្លោកនោមឬក្រពេញប្រូស្តាត។ 2. ការពិបាកធ្វើឲ្យលិង្គឡើងរឹង ការពិបាកធ្វើឲ្យលិង្គឡើងរឹងនៅពេលរួមភេទ អាចបណ្តាលមកពី •ជំងឺដែលទាក់ទងនឹងលំហូរឈាម ដូចជាជំងឺរឹងសរសៃឈាមអាក់ទែ •ជំងឺនៅនឹងសរសៃប្រសាទ •បញ្ហាស្ត្រេស ជម្លោះស្នេហា បញ្ហាធ្លាក់ទឹកចិត្ត និងបញ្ហាព្រួយបារម្ភ •គ្រោះថ្នាក់ត្រង់លិង្គ •ជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម •ទម្លាប់មិនល្អដល់សុខភាព ដូចជាជក់បារី ផឹកស្រា ញ៉ាំច្រើន និងមិនធ្វើលំហាត់ប្រាណ។ 3. ការថយចុះចំណង់ផ្លូវភេទ ការថយចុះចំណង់ផ្លូវភេទ ជាទូទៅភ្ជាប់ជាមួយនឹងកម្រិតទាបនៃអ័រម៉ូនតេស្តូស្តេរ៉ូនរបស់បុរស។ តេស្តូស្តេរ៉ូន ធ្វើឲ្យមានអារម្មណ៍ផ្លូវភេទ បង្កើតទឹកកាម លូតលាស់សាច់ដុំ សក់ និងឆ្អឹង។ ការធ្លាក់ចុះតេស្តូស្តេរ៉ូនក្នុងកម្រិតទាប អាចប៉ះពាល់ដល់រាងកាយ និងអារម្មណ៍របស់មនុស្សប្រុស។ ការថយចុះនៃចំណង់ផ្លូវភេទ ក៏អាចទាក់ទងទៅនឹងបញ្ហាបាក់ទឹកចិត្ត ការព្រួយបារម្ភ ឬបញ្ហាទំនាក់ទំនង។ ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងឱសថមួយចំនួនទៀតដូចជាឱសថប្រឆាំងបញ្ហាធ្លាក់ទឹកចិត្ត ក៏ចូលរួមចំណែកក្នុងការធ្វើឲ្យចំណង់ផ្លូវភេទថយចុះដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក