-
Sep 21, 2019
|
-
5 ឆ្នាំមុន
|
-
13.6K មើល
ជំងឺរាកជាបញ្ហាសាមញ្ញដែលតែងតែជួបលើកុមារអាយុក្រោម ៥ឆ្នាំ។ នៅប្រទេសកំពុងអភិវឌ្ឍ បើជំងឺរាកកើតឡើងញឹកញាប់នោះវានឹងជាកត្តាដែលនាំទៅរកអាការៈធ្ងន់ធ្ងរដូចជា កង្វះជាតិទឹក កង្វះអាហារូបត្ថម្ភ និងកង្វះអេឡិចត្រូលីតជាដើម។ ដូច្នេះថាតើអ្វីទៅជាជំងឺរាក? អត្ថបទខាងក្រោមនេះនឹងបង្ហាញពីចំណេះដឹង ការព្យាបាល និងសញ្ញាគ្រោះថ្នាក់ដែលម្តាយគួរដឹងពេលកូនតូចរបស់គាត់មានជំងឺរាក។
អំពីជំងឺរាក
អង្គការសុខភាពពិភពលោកហៅកាត់ថា “WHO” បានឲ្យនិយមន័យថាជំងឺរាក គឺជាការបន្ទោបង់ដែលមានលាមកលាយទឹក ឬសុទ្ធតែទឹកយ៉ាងតិច បីដងក្នុងមួយថ្ងៃ ខុសពីធម្មតា។ ជំងឺរាកតាមសញ្ញាគ្លីនិកត្រូវបានចែកចេញជា ៤សណ្ឋាន៖
១ រាកសុទ្ធតែទឹក ស្រួចស្រាវ (Acute watery diarrhea)៖ រាករយៈពេលខ្លី តិចជាងពីរសប្តាហ៍។ គ្រោះថ្នាក់សំខាន់ គឺការបាត់បង់ជាតិទឹក។
២ រាកមានលាយឈាម ស្រួចស្រាវ (Acute bloodydiarrhea)៖ ហៅថា រាកមួល (Dysentery)។ គ្រោះថ្នាក់សំខាន់គឺការបង្ករោគក្នុងឈាមនិងកង្វះអាហារូបត្ថម្ភ។
៣ រាករ៉ាំរ៉ៃ (Persistent diarrhea)៖ គឺរាកចាប់ពី ១៤ថ្ងៃឡើងទៅ។ គ្រោះថ្នាក់សំខាន់គឺ កង្វះអាហារូបត្ថម្ភ និងការបង្ករោគក្រៅពោះវៀនធ្ងន់ធ្ងរ។
៤ រាកដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ៖ គ្រោះថ្នាក់គឺ ការបង្ករោគធ្ងន់ធ្ងរ ការបាត់បង់ជាតិទឹកកង្វះវីតាមីន និងសារធាតុរ៉ែ។
តើអ្វីទៅជាកត្តាបង្កឲ្យមានជំងឺរាក?
ជំងឺរាកលើកុមារតែងបង្កមកពីមូលហេតុជាច្រើនមានដូចជា៖
• បរិភោគអាហារដែលមានជាតិស្ករខ្ពស់ ដូចជាផឹកទឹកក្រូចជាដើម
• ការបង្ករោគដោយបាក់តេរី វីរុស ឬប៉ារ៉ាស៊ីត
• មានប្រតិកម្មជាមួយអាហារ ឬទឹកដោះគោ
• មានប្រតិកម្មជាមួយថ្នាំ
• ជំងឺទាក់ទងតួនាទីរបស់ពោះវៀន ដូចជា បណ្តុំរោគសញ្ញានៃការរលាកពោះវៀន
• លទ្ធផលនៃការវះកាត់លើក្រពះ ឬថង់ទឹកប្រម៉ាត់។
សញ្ញា និងរោគសញ្ញានៃជំងឺរាក
រោគសញ្ញាខាងក្រោមជាសញ្ញាដែលតែងតែជួបពេលកុមាររាក។ ដោយហេតុថារាងកាយ និងប្រព័ន្ធភាពស៊ាំមនុស្សម្នាក់ៗមិនដូចគ្នា ដូច្នេះអាការៈដែលស្តែងចេញមកអាចខុសគ្នាពីក្មេងម្នាក់ទៅក្មេងម្នាក់ទៀត។ ក្មេងខ្លះអាចមានអាការៈរមួលពោះដំបូង ទើបរាកពី៣ ទៅ៥ថ្ងៃ។ រោគសញ្ញាទាំងនោះមានដូចជា៖
• ក្តៅខ្លួន
• មិនញ៉ាំអាហារ
• ចង្អោរ ឬក្អួត
• ថយចុះគីឡូ
• កង្វះជាតិទឹក
• ហើមពោះ
• លាមកមានឈាម
• ហៀរលាមកមកក្រៅ។
ការព្យាបាលជំងឺរាក
បើកុមារមិនមានសញ្ញាដូចខាងក្រោមទេ គាត់អាចព្យាបាលនៅផ្ទះបានដែលសញ្ញាទាំងនោះមានដូចជា៖
• ឡេះឡះ/រញ៉ាំរញ៉ូវ
• សន្លឹម ឬបាត់ស្មារតី
• មិនអាចផឹក ឬមិនអាចបៅបាន ឬផឹកបានតិចតួចដោយពិបាក
• ស្រេកទឹកខ្លាំង និងផឹកត្រហេបត្រហប
• ភ្នែកខូង
• ផ្នត់ស្បែកពោះដែលច្បិចរលាយឺតឬយឺតណាស់។
បើសង្ស័យ ឬមិនច្បាស់ពីអាការៈខាងលើ ម្តាយត្រូវនាំកូនមកមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យថាតើគួរតែគេងពេទ្យ ឬព្យាបាលនៅផ្ទះ។ ម៉្យាងទៀតម្តាយត្រូវយល់ពីវិធី ៣ យ៉ាងនៃការព្យាបាលនៅផ្ទះ៖
១ ផ្តល់ជាតិទឹកបន្ថែម ឲ្យបានច្រើនតាមតែកូនអាចផឹកបាន
• បើកូននៅបៅដោះ ម្តាយត្រូវបំបៅឲ្យបានញឹកញាប់ និងឲ្យបានយូរពេលបំបៅម្តងៗ។
• បើកូនបៅទឹកដោះម្តាយសុទ្ធ ត្រូវឲ្យទឹកអូរ៉ាលីត្រ ឬទឹកស្អាតបន្ថែមលើការបំបៅដោះ។ ក្រោយបាត់រាក ចាប់ផ្តើមបំបៅទារកដោយទឹកដោះម្តាយសុទ្ធបន្ត។
• បើកូនមិនបៅទឹកដោះសុទ្ធទេ អាចផ្តល់ជាតិទឹកណាមួយ៖ ទឹកអូរ៉ាលីត្រ ជាតិទឹកប្រភពពីអាហារ (ទឹកសម្ល ទឹកបបរ…) និងទឹកស្អាត។
បរិមាណអូរ៉ាលីត្រដែលត្រូវបន្ថែមលើជាតិទឹកដែលទទួលទានជាធម្មតា៖
• អាយុក្រោម ២ឆ្នាំ៖ ៥០-១០០ មិល្លីលីត្ររាល់ក្រោយបន្ទោបង់ម្តងៗ
• អាយុ ២ឆ្នាំឡើងទៅ៖ ១០០-២០០ មិល្លីលីត្ររាល់ក្រោយបន្ទោបង់ម្តងៗ
• ផ្តល់ទឹកអូរ៉ាលីត្រឲ្យកុមារបន្តិចម្តងៗ ញឹកញាប់ដោយប្រើពែង
• បើកុមារក្អួត ត្រូវបង្អង់១០នាទី រួចទើបបន្តផ្តល់ជាថ្មី តែដោយយឺតៗជាងមុន
• បន្តផ្តល់ជាតិទឹកបន្ថែម រហូតដល់កុមារលែងរាក។
បន្ថែមពីនោះ គួរផ្តល់បន្ថែមជាតិស័ង្កសី ដោយសារវាមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺរាក រយៈពេលនៃជំងឺរាក និងកាត់បន្ថយការកើតមានជំងឺរាកលើកក្រោយៗទៀត។ ថ្នាំគ្រាប់ជាតិស័ង្កសីត្រូវបានប្រើដូចខាងក្រោម៖
• ទារកអាយុក្រោម ៦ខែ ឲ្យកន្លះគ្រាប់ (១០មិលី្លក្រាម) ក្នុង ១ថ្ងៃសម្រាប់រយៈពេល ១០-១៤ថ្ងៃ
• កុមារអាយុចាប់ពី ៦ខែ ឲ្យ១គ្រាប់ (២០មិលី្លក្រាម) ក្នុង១ថ្ងៃសម្រាប់រយៈពេល ១០-១៤ថ្ងៃ។
២ បន្តការផ្តល់អាហារ
• ផ្តល់អាហារឲ្យបានគ្រប់គ្រាន់ និងមានសុវត្ថិភាព
• បន្តបំបៅដោះកូន បើកូននៅបៅដោះ។
៣ ចំណុចដែលម្តាយត្រូវដឹងថាពេលណាគួរត្រឡប់មកមន្ទីរពេទ្យវិញ
• រាកកាន់តែធ្ងន់ធ្ងរជាងមុន
• ក្អួតញឹកញាប់
• ស្រេកទឹកខ្លាំង
• ហូប ឬផឹកមិនបាន
• ក្តៅខ្លួន
• មានឈាមក្នុងលាមក
• រាកមិនធូរស្រាលក្នុងរយៈពេល៣ថ្ងៃ។
តើត្រូវធ្វើដូចម្តេចដើម្បីបង្ការជំងឺរាកកុំឲ្យកើតជាថ្មីម្តងទៀត?
• ប្រើប្រាស់ទឹកស្អាតសម្រាប់ផឹក និងធ្វើម្ហូបអាហារ
• ត្រូវលាងដៃបន្ទាប់ពីបត់ជើង បន្ទាប់ពីលាងគូទឲ្យកូនរួច បន្ទាប់ពីចោលលាមកក្មេងមុនពេលរៀបចំអាហារ និងមុនពេលបរិភោគអាហារ
• មិនត្រូវបរិភោគអាហារឆៅ លើកលែងតែបន្លែឬផ្លែឈើដែលមិនខូច និងដែលបានចិតសម្បកហើយបរិភោគភ្លាម
• បរិភោគអាហារដែលបានចម្អិនល្អ
• លាង និងជូតឲ្យស្ងួតរាល់សម្ភារៈផ្ទះបាយដែលបានប្រើរួច
• ការពារម្ហូបអាហារកុំឲ្យរុយរោម
• បន្ទោបង់តែក្នុងបង្គន់អនាម័យ
• លាមកក្មេងតូចៗត្រូវយកទៅចោលក្នុងបង្គន់ឬកប់ចោលភ្លាមៗបន្ទាប់ពីបន្ទោបង់រួច
• ត្រូវបំបៅកូនដោយទឹកដោះម្តាយទាំងស្រុងនៅអាយុ៦ខែដំបូង ហើយគប្បីបន្តបំបៅដោះកូនរហូតដល់អាយុ២ឆ្នាំ។
ជំងឺរាក ជាឃាតករលាក់មុខធ្វើឲ្យកុមារឈឺ និងស្លាប់នៅក្នុងបណ្តាប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍ។ សូមម្តាយគ្រប់រូប កុំឲ្យកូនផឹកថ្នាំ ឬថ្នាំផ្សះផ្តេសផ្តាស់ព្រោះថាជំងឺរាកមិនមែនសុទ្ធតែបង្ករោគដោយបាក់តេរីនោះឡើយ ហើយម៉្យាងទៀតវាអាចធ្វើឲ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរ និងអាចធ្វើឲ្យហួសពេល ឬយឺតយ៉ាវក្នុងការព្យាបាល។ ជំងឺរាកជាជំងឺសាមញ្ញ និងងាយកើតលើកូនជាទីស្រលាញ់របស់ម្តាយគ្រប់រូប ហើយជំងឺនេះនឹងមិនមានផលប៉ះពាល់ដល់អាយុជីវិតទេ ប្រសិនបើអ្នកជំងឺទទួលបានការព្យាបាលទាន់ពេលនិងមានប្រសិទ្ធភាព។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក