-
May 12, 2018
|
-
6 ឆ្នាំមុន
|
-
40.4K មើល
ជំងឺគ្រុនឈាម ជាទូទៅត្រូវបានដឹងថាជាជំងឺដែលងាយនឹងរងគ្រោះទៅលើកុមារ ក៏ប៉ុន្តែជំងឺនេះក៏អាចកើតមានចំពោះមនុស្សពេញវ័យ ឬមនុស្សធំផងដែរ។ជំងឺគ្រុនឈាមហាក់បីដូចជាលែងក្លាយទៅជាប្រធានបទក្តៅជាយូរមកហើយក្រោយពីមានយុទ្ធនាការប្រឆាំងនឹងជំងឺនេះជាច្រើនកន្លងមកពីសំណាក់ក្រសួងសុខាភិបាល ក៏ប៉ុន្តែជំងឺនេះនៅតែមិនអាចធ្វេសប្រហែសបានឡើយ ត្បិតតែក្នុងពេលបច្ចុប្បន្ននេះករណីជំងឺគ្រុនឈាមដែលកើតឡើងនៅតែមានច្រើន។ ជាក់ស្តែង នៅមន្ទីរពេទ្យកាល់ម៉ែតផ្ទាល់ ស្ថិតក្រោមការតាមដានរយៈពេល ៦ខែចុងក្រោយនេះ (ចាប់ពីខែតុលាឆ្នាំ២០១៧ ដល់ខែមីនាឆ្នាំ២០១៨) មានចំនួនសរុបប្រហែលជាង ១៦៥ ករណីសង្ស័យជាជំងឺគ្រុនឈាមកើតឡើងចំពោះមនុស្សពេញវ័យ។ ក្នុងចំណោមនោះ ករណីដែលផ្ទៀងផ្ទាត់ដោយតេស្ត Serology NS1 ផ្តល់លទ្ធផលវិជ្ជមានមានលើសពី១០០ករណីរីឯករណីផ្សេងទៀតផ្តល់លទ្ធផលអវិជ្ជមានក្នុងតេស្ត Serology NS1 ប៉ុន្តែមានការលេចឡើងនូវសញ្ញាគ្លីនិកសង្ស័យមួយចំនួន ដែលពុំមែនមានន័យថាអ្នកជំងឺមិនមានជំងឺគ្រុនឈាមឡើយ។
និយមន័យនៃជំងឺគ្រុនឈាម
ជំងឺគ្រុនឈាមចំពោះមនុស្សធំ មិនខុសពីជំងឺគ្រុនឈាមកើតលើកុមារឡើយ ដោយវាកើតឡើងពីការខាំរបស់មូសខ្លាញី Aedes ដែលមានមេរោគ Flavirvirusបញ្ចូលទៅក្នុងខ្លួនរបស់មនុស្ស និងធ្វើឲ្យមនុស្សឈឺ។ជំងឺនេះត្រូវបានហៅថាជំងឺគ្រុនឈាមដោយសារតែវាអាចផ្តល់ជារោគសញ្ញាគ្រុនក្តៅ និងការហូរឈាម។
ប្រភេទនៃជំងឺគ្រុនឈាមដែលកើតលើមនុស្សពេញវ័យ
គ្រុនឈាមត្រូវបានបែងចែកចេញជាបីប្រភេទផ្សេងៗគ្នា Dengue Fever, Dengue Hemorrhagic Fever និង Dengue Shock Syndrome។ ជាទូទៅមនុស្សធំច្រើនតែមានទំនោរនឹងកើតមានជំងឺគ្រុនឈាមកម្រិត Dengue Fever ច្រើនជាង Dengue Hemorrhagic Fever ផ្ទុយពីកុមារដែលច្រើនតែកើត Dengue Hemorrhagic Fever ច្រើនជាង Dengue Fever ប៉ុន្តែប្រសិនបើមនុស្សធំមាន Dengue Hemorrhagic Fever វិញនោះស្ថានភាពនឹងអាក្រក់ជាងការដែលកើតលើកុមារ។
យន្តការនៃជំងឺគ្រុនឈាម
មេរោគគ្រុនឈាមនឹងត្រូវបានចម្លងទៅកាន់មនុស្សក្រោយពីមូសខ្លាញី Aedes ខាំ ដែលដំបូងមេរោគនេះគឺនៅក្រោមស្បែកប៉ុណ្ណោះ ប៉ុន្តែភ្នាក់ងារបង្ហាញអង់ទីហ្សែនរបស់ខ្លួនយើង ដែលជាពពួក Antigen-presenting cells (APCs)ជាអ្នកចាប់យកមេរោគនេះទៅទីកន្លែងផ្សេងៗ ហើយនាំយករហូតដល់ក្នុងសរសៃឈាមដើម្បីឲ្យរាងកាយផលិតជាអង់ទីករកម្ចាត់មេរោគទាំងនេះ។ស្របពេលជាមួយគ្នានេះដែរ សរីរាង្គរបស់អ្នកជំងឺក៏បានបញ្ចេញនូវពពួកសារធាតុគីមីមួយចំនួនក្នុងរាងកាយរបស់យើងគឺពពួក ProinflammatoryដូចជាពពួកInterleukins និងCytokines មួយចំនួន ដែលសារធាតុទាំងនោះអាចទៅបំផ្លាញសរសៃឈាមរបស់អ្នកជំងឺហើយអាចបង្កឲ្យមានការហូរឈាម។ គួរបញ្ជាក់ថា កម្រិតនៃជំងឺគ្រុនឈាម ក៏ត្រូវបានសម្គាល់ដោយចលនការ Proinflammation នេះផ្ទាល់ផងដែរ ហើយកម្រិតនីមួយៗកើតឡើងអាស្រ័យនឹងការឆ្លើយតបនៃរាងកាយរបស់មនុស្សម្នាក់ៗ។ ចំណែកពពួក Antigens (NS1) របស់មេរោគនឹងបាត់ពីក្នុងឈាមរបស់អ្នកជំងឺទៅវិញនៅចន្លោះថ្ងៃទី៣ ឬទី៤បន្ទាប់ពីចាប់ផ្តើមមានការក្តៅខ្លួន។
កត្តាប្រឈម
ដូចគ្នាផងដែរ កត្តាប្រឈមនៃជំងឺគ្រុនឈាមចំពោះមនុស្សធំគឺ ពុំមានមូលហេតុដែលពិសេសជាងករណីកើតលើកុមារឡើយ មានន័យថា មិនថាអ្នកមានជំងឺទឹកនោមផ្អែម លើសឈាម ឬអ្នកពិសាស្រាច្រើន ក្មេង ឬចាស់នោះឡើយ គឺសុទ្ធតែអាចប្រឈមនឹងជំងឺនេះបានដូចគ្នាឲ្យតែគាត់ត្រូវបានមូសខ្លាញីខាំ (ជាពិសេសការស្ថិតនៅទីកន្លែងងងឹតក្នុងពេលថ្ងៃ)។
រោគសញ្ញា
ចំពោះមនុស្សធំដែលច្រើនមានជំងឺគ្រុនឈាមអាចចេញជារោគសញ្ញាដូចជា៖
•កម្រិត Dengue Fever (DF)៖ ក្តៅខ្លួន (កើតមានសឹងមនុស្សគ្រប់គ្នា) ឈឺក្បាល ក្អួត ចង្អោរ និងការឈឺសាច់ដុំឬឈឺចុកចាប់នៅក្នុងសន្លាក់ហើយពេលខ្លះអាចលេចចេញជាកន្ទួលក្រហមនៅលើស្បែក។
•កម្រិត Dengue Hemorrhagic Fever (DHF)៖ រោគសញ្ញានៃការហូរឈាម ឬហៅថាPlasma leakage syndrome។ ការហូរឈាមអាចមានជាការហូរឈាមធ្ងន់ធ្ងរ និងហូរឈាមតិចតួច ដែលក្នុងនោះករណីហូរឈាមតិចតួចមានដូចជាការហូរឈាមក្រោមស្បែក (purpura or petechiae)ដែលច្រើនកើតមាននៅលើដៃនិងជើង ឬហូរឈាមអញ្ចាញធ្មេញនៅពេលដុសធ្មេញ ឬខ្លះហូរឈាមច្រមុះជាដើម។ រីឯការដែលហូរឈាមខ្លាំង អាចមានជាការហូរឈាមតាមប្រព័ន្ធរំលាយអាហារ (ការក្អួតឈាមឬការបត់ជើងចេញឈាម) ហើយដែលករណីខ្លះធ្ងន់ធ្ងររហូតដល់ត្រូវការការបញ្ចូលឈាមទៀតផង។
•កម្រិតធ្ងន់ធ្ងរ Dengue Shock Syndrome(DSS)៖ អាចនឹងមានការធ្លាក់ចុះនៃសម្ពាធឈាមជីពចរដើរញាប់ ដែលជាទូទៅបណ្តាលមកពីអ្នកជំងឺបាត់បង់គ្រាប់ឈាម និងប្លាស្មា ដោយសារការខូចខាតនៃសរសៃឈាម។ ជាធម្មតាជញ្ជាំងសរសៃឈាមទប់មិនឲ្យមានការហូរចេញនៃប្លាស្មាពីសរសៃឈាមឡើយ តែកាលណាមានមេរោគគ្រុនឈាម វាអាចទៅបង្កើតជាបណ្តុំអង់ទីករអង់ទីហ្សែនដែលនាំឲ្យមានការបញ្ចេញសារធាតុProinflammatory ទៅបំផ្លាញស្រទាប់សរសៃឈាម ធ្វើឲ្យមានការហូរឈាម រួចក៏បង្កឲ្យមានការធ្លាក់ទាបនៃបរិមាណឈាម ដែលហៅថា Hypovolemic shock។ កម្រិតទី៣ នៃជំងឺគ្រុនឈាមនេះគឺជាកម្រិតធ្ងន់ធ្ងរដែលទាមទារឲ្យមានការព្យាបាលកម្រិតសង្គ្រោះបន្ទាន់ (ICU)។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យចំពោះជំងឺគ្រុនឈាមជាដំណាក់កាលដ៏សំខាន់បំផុតសម្រាប់គ្រូពេទ្យក្នុងការសន្និដ្ឋានអំពីជំងឺ ក្នុងនោះការធ្វើរោគវិនិច្ឆ័យរួមមាន៖
1. ការធ្វើរោគវិនិច្ឆ័យលើរោគសញ្ញាគ្លីនិក៖
មេរោគគ្រុនឈាមគឺប្រភេទជាវីរុស ដែលអាចស្តែងជារោគសញ្ញាប្រហាក់ប្រហែលទៅនឹងការចម្លងរោគដោយពពួកវីរុសដទៃទៀតដូចជាជំងឺផ្តាសាយជាដើមដែលអាចមានរោគសញ្ញាដូចជាការក្តៅខ្លួន ឈឺសាច់ដុំ ក្អួតចង្អោរ ឈឺក្បាល(តែគ្រុនឈាមនឹងពុំមានអាការៈហៀរសម្បោរឡើយ) រួមនឹងសញ្ញាមួយចំនួនទៀតដូចជាការឡើងកន្ទួលក្រហមលើស្បែក និងការហូរឈាមតិចឬច្រើនផងដែរ។ ក្នុងនោះការធ្វើតេស្តនៅលើស្បែកដែលត្រូវបានគេស្គាល់ថាTourniquet Test ដោយក្រុមគ្រូពេទ្យ ក៏អាចដាក់ឲ្យមានការសង្ស័យផងដែរចំពោះជំងឺគ្រុនឈាមនេះបើសិនជាតេស្តនេះបង្ហាញលទ្ធផលវិជ្ជមាន។
2. ការមើលឈាម (Hemogramme ឬ Full Blood Count (FBC)៖
ជាការរាប់គ្រាប់ឈាម ស ក្រហម និងប្លាកែត ដែលអាចជាសញ្ញានៃការវាយលុកដោយមេរោគគ្រុនឈាមបើ៖
- មានការធ្លាក់ចុះនៃប្លាកែត (តែជំងឺឆ្លងបង្កដោយវីរុស និងបាក់តេរីមួយចំនួនក៏បង្កឲ្យមានការធ្លាក់ចុះនៃប្លាកែតផងដែរ)
- មានការកើនឡើងនៃ Hematocrit (កំហាប់ឈាមខាប់) ដោយសារមេរោគគ្រុនឈាមអាចបង្កឲ្យមានការហូរចេញនៃប្លាស្មា ដែលធ្វើឲ្យបាត់បង់បរិមាណទឹករបស់ឈាមដែលស្ថិតនៅក្នុងសរសៃឈាម
- មានការថយចុះ ឬមានការកើនឡើងបន្តិចបន្តួច របស់គ្រាប់ឈាមស។
3. តេស្តឈាមរកអង់ទីហ្សែន (Serology NS1)៖
ជាការវាស់បរិមាណ អង់ទីហ្សែន NS1 នៅក្នុងឈាមរបស់អ្នកជំងឺ។ ក៏ប៉ុន្តែ ចំពោះតេស្តនេះផ្ទាល់ពុំអាចបង្ហាញលទ្ធផលទេប្រសិនបើអ្នកជំងឺចេញរោគសញ្ញាបាន ៤ ឬ ៥ថ្ងៃ រួចមកហើយនោះ ដោយសារតែ អង់ទីហ្សែនដែលបញ្ចេញដោយមេរោគបានបាត់ទៅវិញទៅហើយ។
4. តេស្តឈាមរកអង់ទីករ (Serology antibod)៖
ក្នុងករណីដែលអ្នកជំងឺបានចេញរោគសញ្ញាលើសពី៤ ទៅ ៥ថ្ងៃមកហើយ តាមរយៈតេស្តនេះ គ្រូពេទ្យនឹងតាមដានរកមើលអង់ទីករIgM ឬ IgG ដែលមិនបាត់ទៅវិញទោះអង់ទីហ្សែនរបស់មេរោគបានបាត់ទៅហើយក៏ដោយ។
5. តេស្ត PCR Virus (Polymerase chain reaction)៖
ជាការពិនិត្យឈាមរកមើល DNAរបស់វីរុសផ្ទាល់តែម្តង។ ដោយឡែក តេស្តនេះគឺមានតម្លៃថ្លៃ ហើយដែលគេនឹងមិនប្រើប្រាស់សម្រាប់ធ្វើរោគវិនិច្ឆ័យជាទូទៅឡើយ។
6. តេស្តផ្សេងៗទៀត ៖
គួរឲ្យដឹងផងដែរថា តេស្តមួយបែបទៀត ដែលហៅថាតេស្តរហ័ស (Rapid test) គឺជាតេស្តទាក់ទងនឹងការរកមើលពពួកមេរោគគ្រុនឈាមនៅក្នុងឈាមរបស់អ្នកជំងឺដែលតេស្តប្រភេទនេះអាចបង្ហាញលទ្ធផលឆាប់រហ័សនឹងមិនមានទាមទារឲ្យមានមន្ទីរពិសោធន៍ទំនើបឡើយ តែផលវិបាកដ៏ធំរបស់តេស្តប្រភេទនេះគឺការដែលអាចមានលទ្ធផលវិជ្ជមានច្រឡំដោយសារវាអាចមាន Cross reactionជាមួយនឹងប្រភេទមេរោគដទៃទៀតនាំឲ្យមានការធ្វើរោគវិនិច្ឆ័យខុស។ តេស្តនេះត្រូវបានប្រើប្រាស់សម្រាប់ករណីដែលយើងសង្ស័យភ្លាមៗប៉ុណ្ណោះប៉ុន្តែមិនអាចយកមកផ្ទៀងផ្ទាត់សម្រាប់សន្មតជំងឺឡើយ។ ដូចនេះ ជម្រើសនៃការធ្វើរោគវិនិច្ឆ័យនឹងជ្រើសរើសទៅតាមស្ថានភាព និងលទ្ធភាពដែលអាចធ្វើបាន។ ទោះយ៉ាងណា តេស្តដែលអាចកំណត់រោគវិនិច្ឆ័យបានច្បាស់ហើយមានភាពលម្អៀងតិចនោះគឺមានតែ Serology NS1,Serology Antibody និង PCR ប៉ុណ្ណោះ។
ការព្យាបាលជំងឺគ្រុនឈាម
មកដល់បច្ចុប្បន្នពុំមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺគ្រុនឈាមឡើយនៅទូទាំងសកលលោកដូចនេះការព្យាបាលរបស់វាគឺអាស្រ័យនឹងរោគសញ្ញាដែលស្តែងចេញ។
- ករណីអ្នកជំងឺមាន Dengue Fever ដែលមិនបណ្តាលឲ្យមានការហូរឈាមខ្លាំងទេនោះគាត់ក៏មិនតម្រូវឲ្យសម្រាកព្យាបាលនៅពេទ្យ ឬបញ្ចូលសេរ៉ូមឡើយ គឺគ្រាន់តែសម្រាកនៅផ្ទះ និងផឹកទឹកឲ្យបានច្រើនប៉ុណ្ណោះ (មេរោគអាចធ្វើឲ្យឈាមចេញពីសរសៃឈាម នាំឲ្យខ្វះជាតិទឹកក្នុងឈាម)។
- ករណីអ្នកជំងឺមាន Dengue Hemorrhagic Fever ដែលអាចបង្កឲ្យមានការថយចុះនៃប្លាកែត នោះអ្នកជំងឺអាចនឹងត្រូវការការចាក់បញ្ចូលឈាម។ ប៉ុន្តែ គ្រូពេទ្យនឹងសាកល្បងធ្វើការបញ្ចូលសូលុយស្យុងមួយចំនួនជាមុនដូចជាColloid ឬករណីខ្លះ គេបញ្ចូលតែ ប្លាកែត ប៉ុណ្ណោះ ហើយបើសិនជាលទ្ធផលល្អគេនឹងមិនធ្វើការបញ្ចូលឈាមឡើយ។
សរុបមក ការព្យាបាលចំពោះជំងឺគ្រុនឈាមគឺមានការខុសគ្នាទៅតាមករណីនីមួយៗ ដែលនឹងត្រូវសម្រេចចិត្តដោយគ្រូពេទ្យក្រោយពីធ្វើការវិនិច្ឆ័យយ៉ាងល្អិតល្អន់ទៅលើស្ថានភាពរបស់អ្នកជំងឺ ឯការបញ្ចូលឈាមនឹងធ្វើទៅតាមក្រឹត្យក្រមដែលបានកំណត់ត្រឹមត្រូវដើម្បីចៀសវាងនូវផលវិបាកដោយសារការព្យាបាលទៅលើអ្នកជំងឺ។ម្យ៉ាងទៀត ជាទូទៅចំពោះមនុស្សធំដែលកើតមានជំងឺគ្រុនឈាមនឹងត្រូវបានណែនាំឲ្យចូលសម្រាកនៅមន្ទីរពេទ្យ ជាពិសេសគឺករណីមាន Dengue Hemorrhagic Fever (ដែលអាចចូលផ្នែកទូទៅ ឬផ្នែកសង្គ្រោះបន្ទាន់) ហើយក្នុងករណី Dengue Shock Syndrome គឺតម្រូវឲ្យចូលក្នុងផ្នែកសង្គ្រោះបន្ទាន់តែម្តង។
ទាក់ទងនឹងការតមចំណីអំឡុងពេលព្យាបាលក្នុងករណីជំងឺឆ្លងជាទូទៅដែលមិនថាជាជំងឺគ្រុនឈាម ឬគ្រុនពោះវៀន វាជាការយល់ច្រឡំមួយរបស់ប្រជាជនភាគច្រើន។ ក្នុងករណីនេះ គ្រូពេទ្យនឹងណែនាំឲ្យមានការពិសាអាហារមានជីវជាតិឲ្យបានច្រើន ដើម្បីបំប៉នដល់សរីរាង្គ និងជាពិសេសដល់ពពួកគ្រាប់ឈាមស ដែលជាអ្នកប្រឆាំងនឹងមេរោគក្នុងខ្លួនរបស់យើង។
ករណីត្រូវប្រុងប្រយ័ត្ន
ក្នុងករណីដែលមានរោគសញ្ញាក្តៅខ្លួន ហើយមានការសង្ស័យថាអាចជាជំងឺគ្រុនឈាម និងមុនពេលធ្វើរោគវិនិច្ឆ័យច្បាស់លាស់នោះ អ្នកជំងឺគួរចៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង ក្នុងនោះរួមមានពពួក NSAIDs និងអាស្ពីរីនជាដើម ពីព្រោះឱសថអាស្ពីរីនមានមុខងារទប់មិនឲ្យប្លាកែតចាប់ជាប់គ្នា ដែលអំណោយផលដល់រោគសញ្ញានៃការហូរឈាម ជាហេតុអាចបង្កឲ្យមានការគ្រោះថ្នាក់ខ្លាំងក្នុងករណីដែលមានជំងឺគ្រុនឈាម។ ដូចគ្នាផងដែរ ពពួក NSAIDs ក៏អាចបង្កការគ្រោះថ្នាក់ដោយការហូរឈាមនេះផងដែរ។ ចំពោះការប្រើប្រាស់ថ្នាំពពួក ប៉ារ៉ាសេតាម៉ុល ក៏គួរតែមានការប្រុងប្រយ័ត្នផងដែរ ដោយមិនគួរប្រើប្រាស់ឲ្យលើសពីកម្រិតនៃការប្រើប្រាស់ឡើយ។ ម្យ៉ាងទៀត អ្នកជំងឺក៏ត្រូវប្រយ័ត្នប្រយែងចំពោះកត្តាដែលបណ្តាលឲ្យមានការហូរឈាមដូចជាការដួល បុកទង្គិច និងកោសខ្យល់ជាដើម ទោះបីក្នុងកម្រិតស្រាលក៏ដោយដោយសារមេរោគគ្រុនឈាមអាចបំផ្លាញសរសៃឈាម និងប្លាកែតស្រាប់ធ្វើឲ្យងាយទទួលរងការប៉ះទង្គិចជាងធម្មតា (គ្រោះថ្នាក់បំផុតប្រសិនបើវាបង្កឲ្យមានការហូរឈាមនៅខាងក្នុង)។
ការការពារជំងឺគ្រុនឈាម
ការពារជំងឺគ្រុនឈាមសម្រាប់មនុស្សធំមិនខុសពីកុមារឡើយ គឺតម្រូវឲ្យធ្វើការស្លៀកពាក់ជិតៗ និងបើអាចគឺសម្លៀកបំពាក់ដែលមានពណ៌ចាំងៗឬពណ៌ស្រស់ ហើយគួរព្យាយាមកុំស្ថិតនៅទីកន្លែងងងឹត ការលាបផលិតផលការពារមូសនៅលើស្បែក និងការគេងក្នុងមុងជាដើម ដែលនេះជាការការពារបុគ្គល។ រីឯការការពារជារួម គឺការបំបាត់ទឹកថ្លុក ប្រើថ្នាំអាល់បែតក្នុងពាង កម្ទេចសម្បកកង់និងសម្ភារៈដែលអាចដក់ទឹកបាន។ចំពោះការការពារដោយវ៉ាក់សាំង គឺកំពុងតែស្ថិតនៅក្នុងការពិភាក្សាគ្នាក្នុងចំណោមអង្គការសុខភាពពិភពលោកនៅឡើយ ហើយក៏នៅមិនទាន់មានការប្រើប្រាស់ទូលំទូលាយក្នុងពិភពលោកដែរបើទោះបីជាវ៉ាក់សាំងរបស់ជំងឺគ្រុនឈាមនេះត្រូវបានផលិត និងចរាចរណ៍តាំងពីឆ្នាំ ២០១៦មកម្ល៉េះក៏ដោយ។
ផលវិបាកនៃជំងឺគ្រុនឈាម
ផលវិបាកនៃគ្រុនឈាមគឺ ការហូរឈាម ឬឈានដល់មាន Shock Syndrome (ការធ្លាក់ទាបនៃសម្ពាធឈាម) ដែលអាចគ្រោះថ្នាក់ដល់ជីវិត។ អាចមានការប៉ះពាល់ដោយកម្រផងដែរ ទៅលើសរីរាង្គថ្លើមដោយសារមេរោគគ្រុនឈាមនេះ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងររហូតប៉ះពាល់ដល់អាយុជីវិត (Fulminant hepatic failure)។ជារួមមក លោកវេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ បានក្រើនរំលឹកម្តងទៀត ចំពោះអ្នកជំងឺដែលសង្ស័យថាមានជំងឺគ្រុនឈាម ជាពិសេសពេលក្តៅខ្លួននៅអំឡុងពេលខែវស្សា ត្រូវចៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង មុនពេលដឹងមូលហេតុច្បាស់លាស់ ព្រមទាំងរួសរាន់ទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ឬមន្ទីរពេទ្យធំដែលមានលទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យបានរហ័ស។ លោកក៏បានលើកទឹកចិត្តផងដែរដល់ក្រុមគ្រូពេទ្យឲ្យបន្តធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ (តាមរយៈការវិភាគរោគសញ្ញាគ្លីនិក និងការវិភាគទៅលើលទ្ធផលឈាម អេម៉ូក្រាម ដែលសុទ្ធតែអាចធ្វើទៅបានស្ទើរតែនៅគ្រប់កន្លែងទាំងអស់) ដើម្បីចៀសវាងក្នុងការបណ្តោយឲ្យជំងឺនេះវិវឌ្ឍទៅរកស្ថានភាពដែលធ្ងន់ និងផ្តល់ការព្យាបាលដែលសមស្របទៅនឹងករណីរបស់អ្នកជំងឺ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ ឯកទេសវេជ្ជសាស្រ្តទូទៅ (Internal Medicine) និងជំងឺឆ្លង នៃមន្ទីរពេទ្យកាល់ម៉ែត
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក