- Aug 27, 2019 |
- 5 ឆ្នាំមុន |
- 2.9K មើល
អ្វីគួរដឹងបន្ថែមពីអាការៈផ្ដាសាយរបស់អ្នក?
អ្នកអានមួយចំនួនប្រាកដជាបានដឹងរួចមកហើយពីលក្ខណៈទូទៅ និងរោគសញ្ញានានានៃជំងឺផ្ដាសាយ តាមរយៈការចេញផ្សាយរបស់ ហេលស៍ថាមនៅខែមុន។ ជាថ្មីម្ដងទៀតដើម្បីបង្កើនការយល់ដឹងពីជំងឺផ្ដាសាយឲ្យបានកាន់តែច្បាស់ និងចំណុចផ្សេងទៀតដែលអ្នកមិនធ្លាប់បានដឹងពីមុននោះអត្ថបទខាងក្រោមអាចជាបកស្រាយបន្ថែមសម្រាប់អ្នក។ ផ្ដាសាយត្រូវបានគេទទួលស្គាល់ថាជាការចម្លងសាមញ្ញទៅលើច្រមុះ និងបំពង់កដែលបង្កឡើងពីវីរុសជាង ២០០ប្រភេទខុសៗគ្នា។ ភាគច្រើនក្នុងករណីជំងឺផ្ដាសាយក្នុងកម្រិត ១០ ទៅ ៤០ភាគរយ ត្រូវបានបង្កឡើងដោយមេរោគមួយប្រភេទហៅថា Rhinovirus។ ចំណែក រោគសញ្ញានៃជំងឺផ្ដាសាយតែងស្ដែងចេញនៅរយៈពេល ២ទៅ៣ថ្ងៃបន្ទាប់ពីការឆ្លងរោគ ហើយអ្នកជំងឺមានហានិភ័យខ្ពស់ក្នុងការចម្លងទៅកាន់មនុស្សម្នាក់ទៀតនៅថ្ងៃទី៣ ឬទី៤បន្ទាប់ពីរោគសញ្ញាលេចឡើង។ បើទោះបី ជំងឺផ្ដាសាយអាចធូរស្រាលក្នុងរយៈពេល ១ អាទិត្យ តែក្នុងករណីខ្លះក៏អាចកើនដល់ ២អាទិត្យ។ ភាពញឹកញាប់នៃការឆ្លងជំងឺផ្ដាសាយ មនុស្សពេញវ័យជាមធ្យមអាចមានជំងឺផ្ដាសាយ ២ ទៅ៤ដងក្នុងមួយឆ្នាំ ជាពិសេសសង្កេតឃើញកើតមានញឹកញាប់ទៅលើស្រ្តីដែលស្ថិតក្នុងវ័យចន្លោះ ២០ ទៅ ៣០ឆ្នាំ និងមានចំនួនច្រើនជាងការឆ្លងទៅលើបុរស។ ចំណែកបុគ្គលដែលមានវ័យច្រើនជាង ៦០ឆ្នាំ មានហានិភ័យទាបក្នុងការឆ្លងមេរោគផ្ដាសាយ។ ជាទូទៅ ជំងឺផ្ដាសាយងាយចម្លងពីមនុស្សម្នាក់ ទៅកាន់ម្នាក់ទៀតនៅក្នុងរដូវភ្លៀង ធ្លាក់ខ្យល់ ឬរងាចំណែកការឆ្លងតាមរដូវកាលអាចកើតមានឡើងផងដែរ ដូចជាកម្មវិធីដែលមានការប្រមូលផ្ដុំមនុស្សច្រើន ឬការចាប់ផ្ដើមបវេសនកាលថ្មីក្នុងការសិក្សារបស់កុមារពីព្រោះវាជាឱកាសបង្កើនការឆ្លងវីរុសផ្ដាសាយបានយ៉ាងងាយ។ កត្តាធ្វើឲ្យងាយចម្លងមេរោគផ្ដាសាយ ជាទូទៅ វីរុសផ្តាសាយអាចឆ្លងចូលក្នុងខ្លួនរបស់អ្នកតាមរយៈមាត់ ភ្នែក ឬច្រមុះ។ វាក៏អាចរីករាលដាលផងដែរតាមរយៈការប៉ះពាល់ផ្ទាល់ជាច្រើនរួមមាន៖ • ការប្រើប្រាស់ក្រដាសជូតមាត់មិនត្រឹមត្រូវ៖ ការទុកក្រដាសជូតមាត់ក្នុងហោប៉ៅរបស់អ្នកសម្រាប់ប្រើប្រាស់ឡើងវិញជារឿងដែលគួរឲ្យចៀសវាង។ អ្នកគួរបោះចោលក្រដាសជូតមាត់ភ្លាមៗបន្ទាប់ពីការប្រើប្រាស់រួច ដោយសារមេរោគបានតោងលើក្រដាសនោះនៅពេលប្រើប្រាស់លើកទីមួយរួចមកហើយ • ការប៉ះពាល់វត្ថុណាមួយ៖ ប្រសិនបើអ្នកបានដឹងពីចំនួនវីរុសដែលមាននៅក្នុងបរិយាកាស នោះអ្នកប្រហែលជាត្រូវមានការប្រុងប្រយ័ត្នជាងមុនលើអ្វីដែលអ្នកបានប៉ះពាល់។ ជាក់ស្ដែង ប្រសិនបើអ្នកត្រូវប៉ះពាល់លើបង្កាន់ដៃជណ្តើរសាធារណៈ ចូរគ្របដៃរបស់អ្នកជាមួយនឹងក្រណាត់ ឬដៃអាវរបស់អ្នកដើម្បីរារាំងវីរុសពីការឆ្លងដោយផ្ទាល់លើស្បែករបស់អ្នក • ការចែករំលែក៖ ចៀសវាងការប្រើប្រាស់វត្ថុ ឬឧបករណ៍ណាមួយដូចជានៅសាលា ឬកន្លែងធ្វើការ ដោយគ្មានការប្រុងប្រយ័ត្ន ជាពិសេសការប្រើប្រាស់បន្ទាប់ពីបុគ្គលដែលកំពុងមានជំងឺ • ការមិនលាងសម្អាតដៃឲ្យបានទៀងទាត់៖ ជាទម្លាប់ដែលធ្វើឲ្យវីរុសផ្ដាសាយងាយឆ្លងចូលក្នុងខ្លួនអ្នកយ៉ាងងាយស្រួល។ អ្នកគួរលាងដៃឲ្យបានញឹកញាប់ដើម្បីបញ្ឈប់មេរោគឲ្យបានលឿនមុនឆ្លងចូលតាមច្រមុះ និងមាត់របស់អ្នក • រស់នៅមិនស្អាត និងគ្មានផាសុកភាព៖ អ្នកគួរបោសជូតសមា្អតផ្ទះ តុការងារ និងនៅតាមទីធ្លាជាពិសេសនៅពេលអ្នកណាម្នាក់ឈឺ។ បន្ថែមពីនោះគួររស់នៅជាមួយផាសុកភាពដោយកំណត់ការគេងឲ្យបានគ្រប់គ្រាន់ ពិសាអាហារមានជីវជាតិ ញ៉ាំទឹកឲ្យបានញឹកញាប់ និងគ្រប់គ្រងភាពតានតឹង • មិនធ្វើលំហាត់ប្រាណ៖ ជាទូទៅសកម្មភាពហាត់ប្រាណឲ្យបានជាប្រចាំអាចជួយលើកកម្ពស់សុខភាពទូទៅ និងសុខុមាលភាពរបស់មនុស្សនិងកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួន • មិនចាក់វ៉ាក់សាំង៖ ដោយហេតុថាជំងឺផ្ដាសាយអាចការពារបានតាមរយៈការចាក់វ៉ាក់សាំង ដូច្នេះអ្នកគួរទទួលបានការចាក់វ៉ាក់សាំងតាមការណែនាំរបស់វេជ្ជបណ្ឌិត។ ភាពធ្ងន់ធ្ងរនៃជំងឺផ្ដាសាយ បើទោះបីជំងឺផ្ដាសាយងាយនឹងធូរស្រាលក្នុងរយៈពេលខ្លីណាមួយ ប៉ុន្តែក្នុងករណីមេរោគមានសមត្ថភាពអាចរាលដាលទៅកាន់រាងកាយផ្សេងទៀតនោះវាអាចបង្កជាជំងឺផ្សេងដូចជា រលាកច្រមុះ ការឆ្លងរោគនៅត្រចៀក ឬរលាកទងសួតជាដើម។ ផលវិបាកនៃជំងឺខាងលើអាចឲ្យមានអាការៈក្អកជាប់លាប់ជាប្រចាំនិងអាចប្រែប្រួលកាន់តែធ្ងន់ធ្ងរបើទោះបីជំងឺផ្ដាសាយបានជាសះស្បើយរួចទៅហើយ។ ជាក់ស្ដែង ប្រសិនស្ថានភាពជំងឺបានប្រែប្រួលនោះការព្យាបាលក៏ត្រូវការប្រើប្រាស់ឱសថច្រើន និងចំណាយរយៈពេលយូរដូច្នេះអ្នកត្រូវស្វែងរកការពិគ្រោះ និងព្យាបាលឲ្យបានទាន់ពេលវេលាក្នុងករណីអ្នកសង្កេតឃើញអាការៈផ្ដាសាយអូសបន្លាយច្រើនជាង ១០ថ្ងៃ ហើយមានរួមបញ្ចូលនូវរោគសញ្ញាផ្សេងទៀតដូចជា៖ • កម្ដៅខ្លួនកើនខ្លាំងលើសពី ៣៧ អង្សា ជាពិសេសលើកុមារ • សម្បោរពណ៌លឿង ឬបៃតង • ឈឺបំពង់ក ឬពិបាកដកដង្ហើម។ល។ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក