Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មិនតិចឆ្នាំដូចមុខវិជ្ជាផ្សេងឯណា…ប៉ុន្តែ បទពិសោធន៍ដែលរៀនប៉ុន្មានឆ្នាំនេះ ក៏មានរឿងរ៉ាវជាច្រើនដែលបានឆ្លងកាត់ ហើយក៏បានបង្កើតនូវអនុស្សាវរីយ៍មិនតិចនោះទេជាមួយមនុស្សដែលធ្លាប់ស្គាល់មួយក្រុមដែលហៅថា«មិត្តរួមថ្នាក់» ហើយអ្នកខ្លះក៏បានស្គាល់ ទាក់ទង និងរាប់អានដល់«មិត្តរួម/ខុសជំនាន់» ទៀត ហើយក៏មានការងារ និងលក្ខខណ្ឌជាច្រើនដែលត្រូវបំពេញជាមួយបុគ្គលិកសិក្សារួមមានទាំងសាស្រ្តាចារ្យផងដែរ។  គិតរាប់បញ្ចូលទាំងកម្មវិធីសិក្សា សម្ពាធ ពេលវេលា មិត្តភាព កម្រិតលំបាកនៃមេរៀន ភាពមមាញឹក និងកត្តាផ្សេងៗទៀតជាច្រើន សម្រាប់អ្នកផ្ទាល់ តើឆ្នាំមួយណាដែលផ្តល់នូវភាពរីករាយដល់អ្នកជាងគេ? ហើយឆ្នាំណាដែលពិបាកជាងគេ? ហេតុអ្វីដែរ?  ម្នាក់ៗប្រាកដជាមានចម្លើយនៅក្នុងចិត្តរៀងខ្លួនហើយ ខាងក្រោមនេះ ជាការចែករំលែកពីនិស្សិតផ្នែកសុខាភិបាលដែលបានផ្តល់ពេលវេលា និងកិច្ចសហការក្នុងការផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងក្រុមការងារ…ចង់ដឹងថា ពួកគាត់ជានរណាខ្លះ? ហើយមានការយល់ឃើញយ៉ាងណាខ្លះ? តាមដានអានឲ្យដល់ចប់ជាមួយគ្នា… ធៀប សុជាតិ និស្សិតឆ្នាំទី៥(ជំនាន់ទី៣៧) ផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និយាយទៅ ឆ្នាំណាក៏សប្បាយដែរ តែលក្ខណៈថាសប្បាយផង ពិបាកផង ព្រោះគិតថាឆ្នាំណាក៏ដូចជាឆ្នាំណាដែរ សុទ្ធតែមានរឿងសប្បាយ និងរឿងត្រូវកើតទុក្ខដូចគ្នា។ ឆ្នាំដែលពិបាកជាងគេ អាចថាឆ្នាំទី៥ ព្រោះថាត្រូវចុះស្តារផង ហើយត្រូវរៀនផង (បើតាមដែលសង្កេតមើលទៅ ក៏ជាឆ្នាំដែលគេស្រកគីឡូច្រើនជាងគេផងដែរ ព្រោះតែហត់ពេក)។ ខ្ញុំយល់ថា ក៏ជាឆ្នាំដែលរៀនមិនសូវចេះជាងគេដែរ តែអាចជាការពិតសម្រាប់តែខ្ញុំម្នាក់ក៏ថាបាន។ សេង រស្មី និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បើនិយាយទៅ ឆ្នាំដែលសប្បាយជាងគេ គឺជាឆ្នាំទី១ ព្រោះថាយើងមានមោទនភាពចំពោះភាពជោគជ័យរបស់យើងជាបេក្ខជនជ័យលាភីមួយរូបក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ដែលបានប្រលងចូលរៀននៅសាលាពេទ្យ និងជាពេលវេលាដំបូងដែលយើងឈានជើង ដើម្បីសម្រេចក្តីស្រមៃរបស់យើង។  ដូចគ្នាដែរ ឆ្នាំទី១នេះក៏ជាឆ្នាំដែលលំបាកជាងគេដែរ ព្រោះជាវេលាដំបូងដែលយើងសិក្សាពីមូលដ្ឋានគ្រឹះសម្រាប់មុខវិជ្ជាពេទ្យ ព្រមទាំងចាប់ផ្តើមរៀនភាសាបារាំងថែមទៀត ដែលយើងមិនធ្លាប់បានរៀនពីមុនសោះ។ លឹម ប៉ោហ្វុង និស្សិតផ្នែកទន្តវទនសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រាប់ខ្ញុំ គ្រប់ឆ្នាំសិក្សាទាំងអស់សុទ្ធតែមានភាពសប្បាយរីករាយ និងការប្រកួតប្រជែងដូចគ្នា។ ប៉ុន្តែ ឆ្នាំដែលពិបាកជាងគេបង្អស់ គួរតែជាឆ្នាំទី៧ដែលជាឆ្នាំចុងក្រោយ។ ក្នុងឆ្នាំនេះ និស្សិតជាច្រើនក៏បានរកឃើញកន្លែងចុះកម្មសិក្សានៅតាមគ្លីនិកធ្មេញរួចហើយ តែក៏ជាឆ្នាំដែលត្រូវបំពេញការងារនូវគ្លីនិកនៃសាកលវិទ្យាល័យ និងមន្ទីរពេទ្យរដ្ឋផងដែរ។ ហេតុដូចនេះហើយ គឺមានការទាមទារឲ្យមានភាពវៃឆ្លាតក្នុងការគ្រប់គ្រងពេលវេលា ដើម្បីធានាឲ្យបាននូវតុល្យភាពរវាងលក្ខខណ្ឌការងារសាលា និងការចុះកម្មសិក្សាផ្ទាល់ខ្លួន។ លីម ចាន់បូរ៉ាម៉ី ឱសថការីឧត្តម ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអន្តរជាតិ IU នៅ ខែ៤ ឆ្នាំ ២០១៧ថ្មីៗនេះ ឆ្នាំដែលសប្បាយជាងគេ គឺឆ្នាំទី១ ដោយសារអ្វីៗទាំងឡាយ គឺថ្មីទាំងអស់ រួមទាំងមិត្តភក្តិ មេរៀនដែលត្រូវរៀន និង ឧបករណ៍បច្ចេកទេសជាច្រើន ដែលមិនដែលជួបប្រទះពីមុនមក ធ្វើឲ្យមានការចង់ចេះចង់ដឹងពីអ្វីដែលនៅជុំវិញខ្លួន។ ឆ្នាំទី៥ជាឆ្នាំពិបាកជាងគេ ដោយសារត្រូវត្រៀមប្រលងចេញ មានសម្ពាធពីការសិក្សា ហើយត្រូវបញ្ចប់កម្មសិក្សា។ បន្ថែមលើនេះទៀត គឺត្រូវរៀបចំផ្លូវអនាគតខ្លួនឯង ដូចជាចូលបម្រើការងារនៅគ្រឹះស្ថាននានា ឬ បន្តការសិក្សាទៅក្រៅប្រទេស។ ដូចនេះ ឆ្នាំទី៥ ពិបាកបំផុតសម្រាប់ខ្ញុំ។ ហេង សុវណ្ណឫទ្ធិ និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ ជំនាន់ទី៤១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំដែលសប្បាយជាងគេនោះគឺឆ្នាំទី៤ ហេតុផលនោះ គឺវាជាឆ្នាំដំបូងដែលខ្ញុំចាប់ផ្ដើមការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យ និងបានជួបផ្ទាល់ជាមួយអ្នកជំងឺ។  រីឯឆ្នាំដែលខ្ញុំគិតថាពិបាកជាងគេនោះគឺឆ្នាំទី៦ ព្រោះវាគឺជាឆ្នាំដែលខ្ញុំនឹងចូលរៀនក្នុងពេលឆាប់ៗនេះ ហើយឆ្នាំសិក្សានេះ គឺមានមុខវិជ្ជាថ្មីៗជាច្រើន និងមេរៀនជាច្រើនដែលត្រូវរៀន។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺវាក៏ជាឆ្នាំមួយសម្រាប់ការត្រៀមប្រលងចូលរៀនថ្នាក់ឯកទេសផងដែរ។ តាំង រ៉ូស្សាទេវី  អតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧) ហើយសព្វថ្ងៃនេះកំពុងបម្រើការងារនៅមណ្ឌលវេជ្ជសាស្ត្រសហគមន៍ (Comunity medical center) ឆ្នាំដែលសប្បាយជាងគេសម្រាប់ខ្ញុំ គឺឆ្នាំទី១ការសិក្សាមិនសូវជារវល់ មួយថ្ងៃរៀនត្រឹមតែ២ទៅ៣ម៉ោងប៉ុណ្ណោះ។  ឆ្នាំដែលពិបាកគឺឆ្នាំទី៥ ព្រោះជាឆ្នាំបញ្ចាប់មានការប្រលងច្រើន  ប្រលង២ឆមាស បន្ទាប់មកត្រូវប្រលងចេញ និងត្រូវគិតពីគោលដៅបន្តទៀតថាគួរធ្វើអ្វី។ សំ សុវត្ថឌី និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវះកាត់មាត់ ធ្មេញ (Master of Oral and Maxillofacial Surgery) នៅមហាវិទ្យាល័យទន្តសាស្ត្រ នៃសាកលវិទ្យាល័យមហិដុល ទីក្រុងបាងកក ប្រទេសថៃ ចំពោះពេលវេលាដែលបានឆ្លងកាត់មកតាំងពីឆ្នាំទី1ដល់ឆ្នាំទី 7 គឺមានតែឆ្នាំទី 7ទេដែរជាឆ្នាំដែររីករាយផង និងពិបាកជាងគេផង។ សប្បាយ ព្រោះយើងបានជួបអនុវត្តផ្ទាល់លើជាមួយអ្នកជំងឺ ជិតបានសម្រេចនូវក្តីស្រមៃដោយបានទទួលងារពេញសិទ្ធិជា«ទន្តបណ្ឌិត»។ ហើយអ្វីដែលពិបាកនោះ គឺយើងត្រូវប្រឈមមុខនឹងការធ្វើនិក្ខេបបទ ការធ្វើការអនុវត្តផ្ទាល់ពេញម៉ោង និងការត្រៀមប្រលងចេញ និងប្រលងថ្នាក់ជាតិ។ វ៉ាន់ គឹមរួន ឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital) សម្រាប់ខ្ញុំ គ្រប់ឆ្នាំ គឺសប្បាយទាំងអស់ ព្រោះខ្ញុំពិតជារីករាយក្នុងការរៀនពីអ្វីដែលថ្មីពីមួយឆ្នាំ ទៅឆ្នាំមួយទៀត  ប៉ុន្តែឆ្នាំទី៤ និង ទី៥មានការលំបាកច្រើន ព្រោះមុខវិជ្ជាមានសំខាន់ៗច្រើន ហើយឆ្នាំទី៥ជាឆ្នាំចុងក្រោយ ដូច្នេះ ខ្ញុំត្រូវត្រៀមខ្លួនឲ្យបានល្អបំផុតក្នុងការប្រទ្បងប្រកបដោយភាពជោគជ័យ។ ប៊ុន ច័ន្ទវិចិត្រ និស្សិតឆ្នាំទី៤នៃសាកកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកទេសផ្នែកទន្តវទនសាស្ត្រ ឆ្នាំដែលសប្បាយជាងគេ គឺឆ្នាំទី១ ព្រោះជាឆ្នាំដំបូង ហើយមេរៀនដែលត្រូវរៀនក៏មិនទាន់ជ្រៅ។ ម្យ៉ាងទៀត ក៏មិនសូវខ្វល់ខ្វាយ និងមានសម្ពាធខ្លាំង ជាពិសេស គឺមិនទាន់ផ្តោតលើការអនុវត្ត។ ចំណែកឆ្នាំដែលពិបាកជាងគេ គឺប្រហែលជាឆ្នាំទី៧  ព្រោះមានកាតព្វកិច្ចជាច្រើនត្រូវបំពេញ ដូចជាត្រូវប្រលងចេញ ចុះបំពេញការងារនៅគ្លីនិកដើម្បីបំពេញនូវលក្ខខណ្ឌគ្រប់គ្រាន់ ទើបអាចប្រលងថ្នាក់ជាតិបាន ធ្វើនិក្ខេបបទ ធ្វើការស្រាវជ្រាវ ហើយអ្នកខ្លះក្រោយពីប្រលងថ្នាក់ជាតិចប់ ក៏ត្រូវប្រលងក្របខណ្ឌទៀត។ Photo Credit : Theap Socheat ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជាឱកាសដែលមានតែម្តងក្នុងមួយឆាកជីវិតសម្រាប់និស្សិតគ្រប់រូប ហើយនេះក៏ជាលើកដំបូងគេបង្អស់ផងដែរសម្រាប់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលថ្នាក់វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងគ្រប់ជំនាញ ដែលមានឱកាសចូលរួមក្នុងពិធីប្រគល់សញ្ញាបត្ររបស់ខ្លួន។ គ្រាន់តែបានទទួលដំណឹងនេះ ម្នាក់ៗប្រាកដជាមានអារម្មណ៍រំភើបខ្លាំងជាមិនខាន…រហូតដល់ពេលនេះ មិនប្រាកដថាអស់ចំហាយរំភើបឬនៅផង? ថ្ងៃពិសេសក៏ខិតជិតមកដល់ហើយ តើបានត្រៀមអ្វីខ្លះហើយ? ហើយមានដឹងឬទេថាគួរតែត្រៀមអ្វីខ្លះសម្រាប់ឱកាសពិសេសមួយនេះ? តោះ! ដើម្បីជាគន្លឹះខ្លះៗ សម្រាប់និស្សិតដែលបានចុះឈ្មោះរួចរាល់សម្រាប់ពិធីដ៏កម្រមួយនេះ ខ្ញុំក៏សូមនាំមកជូននូវចំណុចខ្លះដែលអ្នកគួរយល់ដឹង និងត្រៀម ដែលរួមមានដូចខាងក្រោម៖ សម្លៀកបំពាក់(សមរម្យ) -បុរស ៖ ខោជើងវែងពណ៌ខៀវទឹកប៊ិច ឬខ្មៅ អាវសឺមីដៃវែងពណ៌ស ពាក់ក្រវ៉ាតក -នារី ៖ សំពត់ហូល ឬផាមួង អាវប៉ាក់ពណ៌ស -ហាមដាច់ខាតស្លៀកខោខូយប៊យ និងអាវយឺត ឬអាវក្រឡេក្រឡាចូលរួមពិធី ជម្រាបដំណឹងដល់មនុស្សសំខាន់ ជាពិសេស គឺអ្នកមានគុណទាំងពីររូប ហើយបើសិនជាអាច គួរតែមានមិត្តភក្តិ សាច់ញាតិបងប្អូន មិត្តរួមការងារខ្លះមកអបអរសាទរ (តែបើសិនជាមិនអាចទេ ការជួបជុំមិត្តរួមថ្នាក់ ថតរូបលេងជាមួយគ្នា ក៏សប្បាយម្យ៉ាងដែរ…កុំតូចចិត្តអីណា៎…) ព្រោះថាឆ្លងកាត់ពេលវេលាពិសេស ជាមួយមនុស្សពិសេស អារម្មណ៍រឹតតែពិសេស។ បញ្ជាក់ ៖ កុំភ្លេចបែងចែកពេលវេលាឲ្យអ្នកមកអបអរឲ្យបានស្មើគ្នា (គ្រាន់តែដើម្បីបង្ការបញ្ហាមានអ្នកអន់ចិត្ត) មធ្យោបាយធ្វើដំណើរ ព្រឹកព្រលឹមបែបហ្នឹង ប្រហែលជាពិបាកបន្តិច តែយ៉ាងណាក៏តែមួយថ្ងៃហ្នឹងដែរ។ បើជិះមកដោយខ្លួនឯង សូមមានការប្រុងប្រយ័ត្នផងណា ព្រោះមេឃអាចនៅរាងងងឹតនៅឡើយ។ សម្រាប់អ្នកដែលមានគេជូនមក កុំភ្លេចដាស់គេផង ក្រែងលោថារួចរាល់តែម្នាក់ឯង តែអ្នកជូននៅមិនទាន់ហើយ ក៏អាចនឹងមកដល់កន្លែងពិធីយឺតដែរ។ អាវពេទ្យ (អាវប៊្លូ) ដោយសារតែមិនមានឯកសណ្ឋានបញ្ចប់ការសិក្សា(ឈុតខ្មោចឆៅ) ដូចគេ តែយើងក៏អាចមានភាពប្លែកពីគេជាមួយនឹងការពាក់អាវពេទ្យដែរ ហើយក៏មានស៊ុមសម្រាប់ដាក់សញ្ញាបត្រដែលស្រស់ស្អាត និងប្លែកពីគេផងដែរ (លក្ខណៈថា…ចេញមកដឹងតែនិស្សិតពេទ្យបញ្ចប់ការសិក្សាហ្មងហា៎)។ ប្រហែលមានអ្នកខ្លះមិនទាន់បានថតរូបឡូយៗ អ៊ែមៗជាមួយនឹងអាវហ្នឹងទេ បើទោះជាពាក់រាល់ថ្ងៃហើយក៏ដោយ ហេតុនេះហើយ ថ្ងៃហ្នឹង លេងម៉ាអស់ដៃហ្មងទៅ… ញ៉ាំអាហារទ្រាប់ពោះ ដោយសារតែអាចនឹងត្រូវអង្គុយចូលរួមពិធីរាងយូរបន្តិច ដោយត្រូវមកដល់តាំងពីព្រលឹមបែបនេះ អ្នកគួរតែញ៉ាំអាហារខ្លះ (មិនបានច្រើនក៏តិចល្មមទប់កុំឲ្យសន្លប់) ដើម្បីកុំឲ្យមានបញ្ហាសុខភាពផ្សេងៗ លែងបានសប្បាយបណ្តោយ… ភេសជ្ជៈ បើភេសជ្ជៈកែវខ្លះ អាចនឹងត្រូវបានហាមឃាត់មិនឲ្យយកចូល តែយ៉ាងណាក៏ត្រូវប្រាកដថាមានទឹកសុទ្ធ ឬភេសជ្ជៈដបផ្សេងៗដែលអាចទទួលទានបាន ក្នុងអំឡុងពេលចូលរួមកម្មវិធី (បើអត់មានអីញ៉ាំ យ៉ាងហោចណាស់ក៏គួរតែមានទឹកញ៉ាំដែរ)។ លុយកាក់ ពេលចប់កម្មវិធី ប្រាកដជាត្រូវជួបជុំគ្នាញ៉ាំអីជាមួយនឹងមិត្តរួមថ្នាក់ សាស្រ្តាចារ្យ សិស្សច្បង សិស្សប្អូន មិត្តរួម និងខុសជំនាន់ ហើយ ដូចនេះហើយ កុំភ្លេចត្រៀមលុយទៅផង(មានអ្នកខ្លះមិនមែន១តង់ទេ គឺមានតង់ទី១ តង់ទី២ ឬក៏ឈានចូលដល់តង់ទី៣ទៀតផង) ស្ទីលថតរូប មិនងាយណាបានថតរូបជុំគ្នា ជាមួយនឹងសម្លៀកបំពាក់ស្រស់ស្អាតស្រដៀងៗគ្នា ក្នុងឱកាសកម្រចឹងនោះ…មិនថាមើលតាមgoogle, facebook ឬតាមអ្វីនោះទេ ត្រូវតែប្រាកដថាមានរូបថតដែលស្អាត ប្លែក និងពិសេស ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ថ្ងៃហ្នឹង ត្រៀមអ្នកថតរូប តាមពិត Selfieក៏បាន…តែប្រសិនបើចង់បានរូបថតកាលីបប្លែកៗ គួរតែមាននរណាម្នាក់ត្រៀមថតរូបឲ្យ បើបានអ្នកprofessionalក៏កាន់តែអ៊ែម ដែលយើងឃើញមានក្រុមខ្លះបានធ្វើការទិញជាកញ្ចប់សម្រាប់ថតរូបតែម្តង។ តែបើអត់ទេ មានត្រឹមមិត្តភក្តិ សាច់ញាតិបងប្អូនណាម្នាក់ ឬមនុស្សពិសេស មកជួយថតឲ្យក៏បានដែរ។ កុំភ្លេចទៅដល់កន្លែងប្រារព្ធពិធីនៅវេលាម៉ោង៦:០០ព្រឹកណា៎… សង្ឃឹមថានឹងមានពេលវេលាដ៏មានអត្ថន័យ និងមិនងាយនឹងបំភ្លេចបាននេះដោយរីករាយណា៎!!! ប្រសិនបើមានគំនិតអ្វីបន្ថែម​ សូមជួយណែនាំផង.... ក៏លឺផងដែរថា...នឹងមានCampaignពិសេស នៅលើហ្វេសប៊ុកផេក Healthtime Pro កុំភ្លេចតាមដានជាមួយគ្នា.... Photo Credit : ទំព័រហ្វេសប៊ុក UHS

ចែករំលែក

នេះជាការបោះពុម្ពលើកទី៦ ក្រោមការរៀបរៀងដោយអ្នកនិពន្ធ៣រូបរួមមាន Alison Blenkinsopp, Paul Paxton និង John Blenkinsopp។ លក្ខណៈពិសេសដែលខុសប្លែកពីការបោះពុម្ពលើកមុន ក្រោមការកែសម្រួលតាមរយៈមតិយោបល់ដែលផ្តល់ជូនពីអ្នកប្រើប្រាស់ និងអ្នកអានជាពិសេសឱសថការី គឺមានការផ្លាស់ប្តូរពីឱសថប្រភេទ Prescription-only medicine (POM) ឬ ឱសថត្រូវការវេជ្ជបញ្ជាពីគ្រូពេទ្យ មកជាប្រភេទ Pharmacy (P) ឬឱសថនៅឱសថស្ថាន (ឱសថដែលអាចទិញបាននៅឱសថស្ថានដោយមិនត្រូវការវេជ្ជបញ្ជា) ព្រមទាំងចំណុចថ្មីៗជាច្រើនដែលសុទ្ធតែមានគុណប្រយោជន៍ត្រូវបានដាក់បញ្ចូល។ គួរបញ្ជាក់ផងដែរថា ទិន្នន័យ និងចំណេះដឹងដែលមានបង្ហាញជូននៅក្នុងសៀវភៅនេះ គឺសុទ្ធតែផ្អែកលើភស្តុតាងជាក់ស្តែង រួមមានពីឯកសារស្រាវជ្រាវដែលត្រូវបានត្រួតពិនិត្យ និងចុះផ្សាយត្រឹមត្រូវ ដែលមិត្តអ្នកអានជាពិសេសឱសថការីអាចទុកចិត្តបាន។ ឯកសារជាភាសាអង់គ្លេសមួយនេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ និងពិសេសសម្រាប់ជូនដល់ការអនុវត្តផ្ទាល់របស់ឱសថការីក្នុងការផ្តល់ជូននូវឱសថដល់អ្នកជំងឺ ក៏ដូចជាមគ្គទេសក៍ក្នុងការឆ្លើយតបទៅនឹងសំណួរ និងចម្ងល់ផ្សេងៗរបស់ពួកគាត់ ដើម្បីបន្ថែមទៅលើអ្វីដែលអ្នកបានសិក្សានៅក្នុងសៀវភៅសិក្សានៅក្នុងសាកលវិទ្យាល័យ។ អ្វីដែលរឹតតែពិសេសនោះ គឺការបង្ហាញយ៉ាងច្បាស់លាស់នូវចំណុចសំខាន់ដែលគួរយល់ដឹងទៅតាមប្រភេទជំងឺ និងបញ្ហាសុខភាពដែលងាយកើតមានផ្សេងៗ រួមមាន ចំណុចដែលត្រូវដឹងពីអ្នកជំងឺ ប្រភេទឱសថដែលគួរផ្តល់ជូនទៅតាមប្រភេទ និងសភាពអ្នកជំងឺ សំណួរដែលអ្នកជំងឺអាចនឹងសាកសួរ ករណីសិក្សាដែលអាចនឹងកើតមានចំពោះបញ្ហាសុខភាពខ្លះៗ ។ល។ សង្ឃឹមថា ឯកសារជាភាសាអង់គ្លេសដែលអាចទាយយកបានដោយមិនគិតថ្លៃនេះ នឹងអាចជាប្រយោជន៍ដល់ការបំពេញការងាររបស់ឱសថការីគ្រប់រូប បន្ថែមពីលើចំណេះដឹងជាទ្រឹស្តី និងការអនុវត្តនៅក្នុងកម្មវិធីសិក្សាកន្លងមក… សូមធ្វើការទាញយកតាមរយៈ Symptoms in the Pharmacy  ប្រភព ៖ Sinet Sem  មិត្តៗឱសថការីក៏គួរតែទាញយកឯកសារនេះផងដែរ មគ្គុទ្ទេសក៍ប្រើប្រាស់ឱសថ

ចែករំលែក

ខ្ញុំបាទឈ្មោះ លឹម ប៉ោហ្វុង ជានិស្សិតផ្នែកទន្តវទនសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មូលហេតុនៃការជ្រើសរើសផ្នែកទន្តសាស្រ្ត ខ្ញុំចាប់អារម្មណ៍នឹងវិស័យទន្តសាស្រ្តនេះតាំងពីនៅក្មេងមកម្ល៉េះ ព្រោះខ្ញុំគិតថា ក្នុងនាមទន្តពេទ្យមួយរូប គឺខ្ញុំអាចមានសមត្ថភាពក្នុងការជួយឲ្យមានភាពប្រសើរឡើងនៃសុខភាព និងជីវិតនៃប្រជាជន។ មូលហេតុមួយទៀតដែលជំរុញឲ្យខ្ញុំជ្រើសរើសមុខវិជ្ជានេះ ដោយសារតែឳពុករបស់ខ្ញុំក៏ជាទន្តពេទ្យមួយរូបផងដែរ ហើយខ្ញុំក៏តែងតែចាត់ទុកគាត់ជាបុគ្គលគំរូមួយរូប។ ចំណែកឳពុកម្តាយរបស់ខ្ញុំក៏តែងតែរំលឹកប្រាប់ជារឿយៗផងដែរថា ត្រូវតែព្យាបាល និងយកចិត្តទុកដាក់ថែទាំសុខភាពរបស់អ្នកជំងឺណាក៏ដោយឲ្យដូចជាសមាជិកគ្រួសាររបស់ខ្លួនជាមួយនឹងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ហើយអ្វីដែលនឹងទទួលបានវិញ គឺកិត្តិនាមដ៏ល្អ ភាពរីករាយ ឬស្កប់ស្កល់នូវការបំពេញតម្រូវការ និងស្នាមញញឹមរបស់អ្នកជំងឺ។ ចំណាប់អារម្មណ៍ចំពោះវិស័យទន្តសាស្រ្ត សម្រាប់រូបខ្ញុំផ្ទាល់ គឺមិនដែលគិតថាស្តាយក្រោយចំពោះការជ្រើសរើសមុខវិជ្ជាមួយនេះឡើយ ហើយក៏មិនដែលគិតថាដល់ជម្រើសផ្សេងក្រៅពីនេះឡើយ។ ក្រោយពីបានចូលសិក្សាហើយ ក៏រឹតតែចាប់អារម្មណ៍ចំពោះវាកាន់តែខ្លាំងឡើង គឺវាលើសពីវិទ្យាសាស្រ្តវេជ្ជសាស្រ្ត។ «វិស័យទន្តសាស្រ្ត ជាការរួមបញ្ចូលគ្នានៃសិល្បៈ  វិស្វកម្ម និងវិទ្យាសាស្រ្តវេជ្ជសាស្រ្ត»។ ជាទន្តពេទ្យមួយរូប គឺអាចជួយដល់អ្នកជំងឺដែលត្រូវការព្យាបាល ជាក់ស្តែង យើងអាចធ្វើការផ្លាស់ប្តូរស្នាមញញឹម និងមុខងានៃការទំពារ ដែលស្មើនឹងជួយឲ្យពួកគាត់មានភាពប្រសើរឡើងទាំងគុណភាពជីវិត និងទំនុកចិត្ត។ វិស័យមួយនេះប្រៀបបានជាសិល្បៈដោយសារតែវាត្រូវការនូវជំនាញធ្វើដោយដៃ ចំណេះដឹង និងការយកចិត្តទុកដាក់លើភាពលម្អិត ដើម្បីធ្វើការព្យាបាលប្រកបដោយប្រសិទ្ធភាព ជាឧទាហរណ៍ ការប៉ះបិទធ្មេញជាដើម។  លក្ខណៈពិសេស លក្ខណៈពិសេសនៃវិស័យទន្តសាស្រ្ត គឺឱកាសនៃការព្យាបាលអ្នកជំងឺ ស្វែងយល់ពីបញ្ហា និងការត្អូញត្អែរនៃសុខភាពមាត់ធ្មេញរបស់ពួកគាត់ ហើយធ្វើការបំពេញតម្រូវការតាមរយៈជំនាញរបស់យើង។ អ្វីដែលសំខាន់ គឺនៅក្នុងអំឡុងពេលនៃការព្យាបាល យើងមានឱកាសបានស្វែងយល់ពីគ្នាកាន់តែច្រើន ហើយក៏ជាទូទៅរាប់អានគ្នាប្រៀបបាននឹងក្រុមគ្រួសារដែរ។  ចំណុចដែលល្អប្រសើរមួយទៀត គឺឱកាសក្នុងការចូលរួមសិក្ខាសាលា និងកម្មវិធីនៅក្រៅប្រទេស ដែលអាចឲ្យយើងសិក្សារៀនសូត្រពីមុខវិជ្ជា និងជំនាញមួយនេះបន្ថែម ក៏ដូចជាពង្រីកនូវបណ្តាញទំនាក់ទំនងជាមួយនឹងសិស្សនិស្សិតអន្តរជាតិ តាមរយៈការចូលរួមកម្មវិធីផ្លាស់ប្តូរនិស្សិត និងកម្មវិធីផ្សេងៗដែលត្រូវបានរៀបចំឡើងដោយសមាគមនិស្សិតផងដែរ។ បើមានឱកាសរើសម្តងទៀត ខ្ញុំបា្រកដជារើសមុខវិជ្ជាមួយនេះដដែល ព្រោះថាខ្ញុំរីករាយនឹងទទួលយកការប្រកួតប្រជែង និងជំនះនូវរាល់ឧបសគ្គផ្សេងៗក្នុងពេលសិក្សាផ្នែកមួយនេះ ហើយវាការពិតដែលថា ឆ្លងកាត់ការលំបាកកាន់តែខ្លាំង ភាពរីករាយនៅពីក្រោយនោះរឹតតែអស្ចារ្យ។ ភាពលំបាកក្នុងការសិក្សា ឧបសគ្គជាចម្បងគេសម្រាប់ខ្ញុំ គឺការផ្លាស់ប្តូរប្រព័ន្ធសិក្សាពីប្រទេសក្រៅមកប្រទេសកម្ពុជា(ខ្ញុំបញ្ចប់កម្រិតមធ្យមសិក្សាទុតិយភូមិនៅប្រទេសកាណាដា) ហើយកម្រិតភាសាខ្មែរនៅពេលនោះ គឺពិតជាទាបខ្លាំងណាស់។ ជាក់ស្តែង កម្មវិធីសិក្សានៅឆ្នាំទី១ គឺជាភាសាខ្មែរ និងបារាំង ដែលពិតជាលំបាកសម្រាប់ខ្ញុំ ប៉ុន្តែដើម្បីជំនះវាបាន ខ្ញុំបានព្យាយាមទន្ទេញ និងយល់នូវមេរៀន ព្រមទាំអនុវត្តដោយការសរសេរច្រើនដងនៅលើក្រដាសរហូតដល់ទាល់តែចាំ។ ក៏សូមអរគុណដល់លោកតាដែលបានបង្រៀននូវភាសាបារាំងដល់ខ្ញុំ ហើយក៏ជាសំណាងដែលភាសានេះមានលក្ខណៈស្រដៀងនឹងភាសាអង់គ្លេស ទើបកម្រិតនៃភាពលំបាកមិនសូវជាខ្ពស់។ ទម្រាំតែបានស៊ាំនឹងកម្មវិធីសិក្សា គឺដល់ឆ្នាំទី៣ដែរ ហើយជាលទ្ធផលនៃការខិតខំប្រឹងប្រែង ខ្ញុំក៏បានជាប់ជានិស្សិតឆ្នើមពីឆ្នាំទី៣ដល់ឆ្នាំទី៥ផងដែរ។ ការសិក្សាផ្នែកទន្តសាស្រ្ត មិនខុសពីមុខវិជ្ជាផ្សេងនោះទេ គឺសុទ្ធតែមានការលំបាកដូចគ្នា។ ដើម្បីទទួលបានលទ្ធផលល្អ និស្សិតមិនគួរបិទនូវផ្លូវចំណេះដឹងរបស់ខ្លួនត្រឹមតែការសិក្សានៅសាកលវិទ្យាល័យឡើយ គឺត្រូវតែបន្តរៀនសូត្រ និងអភិវឌ្ឍខ្លួនទៅមុខជានិច្ចតាមរយៈការធ្វើការស្រាវជ្រាវ ដើម្បីពង្រីកនូវការយល់ដឹងរបស់ខ្លួន។ នៅពេលឡើងដល់ឆ្នាំបន្តបន្ទាប់ ចំណេះដឹង និងការហ្វឹកហាត់ផ្សេងៗនឹងត្រូវបានប្រើប្រាស់ និងអនុវត្តផ្ទាល់នៅលើអ្នកជំងឺ។ វាប្រៀបបាននឹងវដ្តមួយដែលនឹងបន្តសម្លឹងមើល(អង្កេត) រៀនសូត្រ អនុវត្ត និងពិនិត្យមើលលទ្ធផលនៃការងារ ហើយសិក្សាពីកំហុស ហើយបន្តអនុវត្តជំនាញបន្ថែមទៀត ដែលនេះជាមូលហេតុដែលត្រូវបានគេហៅថា«Dental practitioner» ជាអ្នកដែលរៀន និងអនុវត្តជាបន្តបន្ទាប់។ គន្លឹះនៃការសិក្សា សម្រាប់គន្លឹះសិក្សាផ្ទាល់ខ្លួនរបស់ខ្ញុំ គឺរៀងរាល់ពេលដែលមានចម្ងល់អ្វីទាក់ទិននឹងមេរៀន ខ្ញុំនឹងព្យាយាមធ្វើការស្វែងរកនូវការពន្យល់បកស្រាយនៅលើប្រព័ន្ធអ៊ីនធឺណែត។ ខ្ញុំតែងតែដាក់កំហិតឲ្យខ្លួនឯង អានយ៉ាងតិចឲ្យបាន១ម៉ោងក្នុងមួយយប់ មិនថាជាសៀវភៅវិទ្យាសាស្រ្ត សៀវភៅមេរៀន ឬសៀវភៅផ្សេងៗទាក់ទិននឹងការគ្រប់គ្រងអាជីវកម្ម ឬភាពជាអ្នកដឹកនាំឡើយ។ យ៉ាងណាមិញ ការសិក្សាជាក្រុមក៏ជាថាមពលមួយជំរុញលទ្ធផលនៃការសិក្សាផ្នែកនេះឲ្យល្អប្រសើរដែរ តាមរយៈការរៀនបន្ថែមពីគ្នាទៅវិញទៅមក។ អ្វីដែលនិស្សិតទន្តសាស្រ្តគួរធ្វើ ៖ -ខំប្រឹងសិក្សា និងមានផ្នត់គំនិត និងអាកប្បកិរិយាបែបវិជ្ជមាន -កំណត់នូវផែនការ និងថ្ងៃកំណត់សម្រាប់ការស្វ័យសិក្សា ៖ ការកំណត់នូវពេលកំណត់ នឹងជាផ្នែកមួយនៃការជំរុញទឹកចិត្តសិក្សា ព្រោះយើងនឹងគិតថា មិនមានពេលច្រើននៅសល់នោះទេ ហើយជាលទ្ធផលនឹងមិនពន្យារ ឬយកលេសធ្វើការងារផ្សេងនោះដែរ -មិនគួរប្រញាប់រកប្រាក់ចំណូលពេកនោះទេ ៖ ជាក់ស្តែងណាស់ និស្សិតខ្លះហាក់ដូចជាប្រញាប់បើកដំណើរការគ្លីនិកនៅឆ្នាំទី៤ ឬទី៥ ហើយមិនសូវយកចិត្តទុកដាក់នឹងការសិក្សា។ ក្នុងរយៈពេលនោះ យើងនៅមានកង្វះខាតបទពិសោធន៍ និងការហ្វឹកហាត់នៅឡើយ ហេតុនេះហើយវាជាការល្អ ប្រសិនបើយើងមិនទាន់ចាប់ផ្តើមអនុវត្តលើអ្នកជំងឺ។ ជំនួសឲ្យការបើកគ្លីនិក ប្រហែលជាអាចធ្វើការជំនួយការ ឬចុះកម្មសិក្សានៅគ្លីនិកណាដែលអ្នកស្គាល់ ដើម្បីបានស្វែងយល់ និងទទួលបានបទពិសោធន៍បន្ថែម។ ម្យ៉ាងទៀត ការឆាប់បើកគ្លីនិកអាចនឹងជះផលអវិជ្ជាមានលើលទ្ធផលសិក្សារបស់អ្នកទៀតផង។ -មានផ្នត់គំនិតបែបវិជ្ជមាន ៖ ការគិតបែបនេះ នឹងជួយឲ្យអ្នកបង្កើតទំនាក់ទំនងល្អជាមួយនឹងមិត្តរួមថ្នាក់ ព្រោះវាពិតជាការសំខាន់ដែលត្រូវរៀនពីគ្នា។ ការងារក្នុងវិស័យទន្តសាស្រ្តពិតជាត្រូវការស្មារតីជាក្រុម និងការសហការគ្នា។ -ពង្រឹងជំនាញទន់បន្ថែមពីលើជំនាញរឹងដែលបានសិក្សាពីសាស្រ្តាចារ្យ និងកម្មវិធីផ្សេងៗ -មិនត្រូវមានភាពក្រអើតក្រទម ៖ ជាពិសេសចំពោះមិត្តរួមថ្នាក់ និងមិត្តរួមវិជ្ជាជីវៈសុខាភិបាល ដូចជាក្នុងវិស័យវេជ្ជសាស្រ្ត ឱសថសាស្រ្តជាដើម ព្រោះថាយើងទាំងអស់គ្នាសុទ្ធតែជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាអ្នកបម្រើសេវាសុខភាពជូនដល់ប្រជាជនយើង។ ថ្វីត្បិតថា យើងមានតួនាទី និងភារកិច្ចខុសគ្នាក៏ដោយ ក៏យើងត្រូវមានការគោរពគ្នាទៅវិញទៅមកដើម្បីជាការរួមចំណែកអភិវឌ្ឍសុខាភិបាលនៅក្នុងប្រទេសយើង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ ទើបតែត្រូវបានបញ្ចប់ ហើយក៏ជារយៈពេលដែលសិស្សបានប្រលងហើយត្រៀមរង់ចាំមើលលទ្ធផលនៃការប្រលងរបស់ខ្លួនដែរ។ ប្រាកដណាស់ ក្នុងចំណោមបេក្ខភាពដែលបានប្រលងក្នុងឆ្នាំនេះ នឹងមានបេក្ខភាពមួយចំនួនដែលស្រលាញ់ និងមានបំណងចូលសិក្សាផ្នែកសុខាភិបាល ជាពិសេស គឺក្លាយជានិស្សិតមួយរូបនៃសាកលវិទ្យាសាស្រ្តសុខាភិបាល ហើយប្រាកដជាកំពុងទន្ទឹងរង់ចាំទទួលព័ត៌មានផ្សេងៗនៃការសិក្សា ក៏ដូចជាប្រលងចូលសិក្សានៅសាកលវិទ្យាល័យក្នុងក្តីស្រមៃរបស់ខ្លួនដែរ។  ដើម្បីជាការលើកទឹកចិត្តដល់សិស្សដែលបានបញ្ចប់ការប្រលងរបស់ខ្លួនថ្មីៗនេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក៏បានដាក់បង្ហោះនូវវីដេអូ តែមានអត្ថន័យនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលមានបង្ហាញនូវពាក្យជូនពរដល់បេក្ខភាពប្រលង ព្រមទាំងសារខ្លីតែខ្លឹមនៃការរង់ចាំទទួលស្វាគមន៍និស្សិតជំនាន់ថ្មីមកកាន់សាកលវិទ្យាល័យផងដែរ។  អ្វីដែលពិសេសជាងគេនោះ គឺឃ្លាចុងក្រោយគេបង្អស់ ដែលបង្កប់នូវភាពផ្អែមល្អែម «ពីអនាគតសាកលវិទ្យាល័យរបស់អ្នក»… ប្រភព ៖ ទំព័រហ្វេសប៊ុក University of Health Sciences ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នាងខ្ញុំឈ្មោះ តាំង រ៉ូស្សាទេវី  ជាអតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧) ហើយសព្វថ្ងៃនេះកំពុងបម្រើការងារ មណ្ឌលវេជ្ជសាស្ត្រសហគមន៍ (Comunity medical center) ពីដំបូង ខ្ញុំមិនដែលមានបំណងចង់សិក្សាមុខវិជ្ជាពេទ្យនេះឡើយ តែដោយសារកត្តាគ្រួសារ និងលោកគ្រូអ្នកគ្រូ ដែលតែងតែផ្តល់នូវការជំរុញលើកទឹកចិត្តឲ្យជ្រើសយកមុខវិជ្ជានេះ ទើបខ្ញុំព្យាយាមដោយប្រាប់ខ្លួនឯងថា ត្រូវជំនះនូវរាល់បញ្ហាដែលគេគ្រប់គ្នាតែងនិយាយថាពិបាកនោះ។ ក្រោយមក ខ្ញុំក៏បានសម្រេចចិត្តដាក់ស្នើសុំអាហារូបករណ៍ដោយមានចិត្តចង់ដឹងចង់លឺដោយខ្លួនឯងផ្ទាល់ថា តើការសិក្សាមុខវិជ្ជានេះលំបាកបែបណាខ្លះ ? ហើយក៏បានទទួលអាហារូបករណ៍ដូចក្តីប្រាថ្នា… ក្រោយពេលដែលបានចូលរៀន ខ្ញុំពិតជាធ្លាប់បានគិតថា ខ្ញុំបានរើសមុខវិជ្ជាខុសដោយសារតែការសិក្សាមានភាពមមមាញឹក និងរវល់ជាខ្លាំង មិនត្រឹមតែមិនសូវបានចូលរួមសកម្មភាពសង្គមប៉ុណ្ណោះទេ ថែមទាំងត្រូវចំណាយពេលវេលា កម្លាំងកាយ និងកម្លាំងចិត្តជាច្រើនទៀតផង។ ទោះជាយ៉ាងណា ក៏ខ្ញុំមិនដែលមានអារម្មណ៍ថា ចង់បោះបង់ការសិក្សានោះចោលទេ ដោយសារតែឆ្នាំទី២ និងទី៣ គឺជាឆ្នាំដែលមានការចុះធ្វើការអនុវត្តផ្ទាល់ឲ្យស្របនឹងទ្រឹស្ដីដែលបានសិក្សាកន្លងមក  ហើយក៏ជាវេលាដែលធ្វើឲ្យខ្ញុំយល់ និងចាប់ផ្ដើមបណ្ដុះចិត្តស្រលាញ់ទៅលើមុខវិជ្ជានេះផងដែរ។ ផលលំបាក និងឧបសគ្គ ដែលបានជួបកំឡុងពេលសិក្សា គឺ៖ -ដោយសារតែខ្ញុំសិក្សាពីរមុខវិជ្ជាក្នុងពេលតែមួយ ដូច្នេះ មិនសូវផ្តោតលើការសិក្សាខ្លាំង ហើយពេលខ្លះត្រូវទទួលការប្រលងពីរមុខវិជ្ចាដំណាលគ្នា -កម្រិតភាសានៅមានកម្រិត ទើបត្រូវការសិក្សាបន្ថែម -ហត់នឿយ អស់កម្លាំង ហើយក៏គ្មានពេលសម្រាកឲ្យបានគ្រប់គ្រាន់  -មេរៀនពិបាកយល់ -ត្រូវទន្ទេញមេរៀន  និងពាក្យបច្ចេកទេស ជាច្រើន  -ការងារសាលាច្រើន។ ដំណោះស្រាយចំពោះបញ្ហាដែលជួបប្រទះ ៖  -ពង្រឹងភាសាឲ្យបានច្រើន  -សង្ខេបមេរៀនដែលបានរៀនរួច -ត្រូវកំណត់ពេលគេងឲ្យបានមុនម៉ោង១២  -បែងចែកពេលវេលានៃការសិក្សាឲ្យបានត្រឹមត្រូវ -ការរៀនជាក្រុមក៏ជាចំណែកមួយជួយឲ្យការសិក្សារីកចម្រើនដែរ។ ទង្វើដែលនិស្សិតពេទ្យគួរធ្វើ  -មានការតាំងចិត្តខ្ពស់ មិនងាយបោះបង់ចោលការសិក្សា -ត្រូវព្យាយាមសិក្សាស្វែងយល់បន្ថែមខ្លួនឯងឲ្យកាន់តែច្បាស់  -ត្រូវមានភាពច្បាស់លាស់ក្នុងការព្យាបាល -ត្រូវមានក្រមសីលធម៌ក្នុងនាមជាពេទ្យមួយរូប។            ទង្វើដែលនិស្សិតពេទ្យមិនគួរធ្វើ -មិនត្រូវយកចំណេះដឹងក្លែងក្លាយទៅជួយសង្គ្រោះអ្នកជំងឺ -មិនត្រូវមើលងាយ ឬមិនផ្ដល់តម្លៃឲ្យអ្នកជំងឺ -មិនត្រូវប្រើពាក្យមិនគប្បីទៅកាន់អ្នកជំងឺ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

វាជារឿងពិតមួយដែលថា «និស្សិតពេទ្យមិនដែលគិតថាខ្លួនឯងអាចក្លាយជាសហគ្រិនមួយរូបឡើយ»ហើយដើម្បីឆ្លើយតបនឹងផ្នត់គំនិតនេះ ជោគជ័យនៃម្ចាស់ពាន់រង្វាន់សហគ្រិនវ័យក្មេងឆ្នើមមួយរូបក្នុងឆ្នាំ២០១៧នេះ គឺ លោកទន្តបណ្ឌិត ទិត ហុងយឺ នាយកមន្ទីរពេទ្យ ទន្តសាស្ត្ររំចង់ ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់។ គួរបញ្ជាក់ផងដែរថា លោកទន្តបណ្ឌិតបានបញ្ចប់ការសិក្សាផ្នែកទន្តបណ្ឌិតក្នុងឆ្នាំ១៩៩៥នៃមហាវិទ្យាល័យទន្តវទនសាស្ត្រ និងបានបន្តការសិក្សាផ្នែកដាំបង្គោលធ្មេញ និងបញ្ចប់ថ្នាក់អនុបណ្ឌិតជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Frankfurt ក្នុងប្រទេសអាឡឺម៉ង់ (២០១៤)។    ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយរូប លោកបានមើលឃើញពីចន្លោះខ្វះខាតតាំងពីពេលទើបចាប់ផ្តើមរួចទៅហើយ ជាក់ស្តែងណាស់ អុ្នកជំងឺមិនត្រូវការតែសេវាថែទាំ ឬព្យាបាលបែបបច្ចេកទេសនោះទេ ពួកគាត់ត្រូវការនូវអារម្មណ៍មួយពេញលេញតាមរយៈការបំពេញសេវាកម្មផ្សេងៗបន្ថែម។  ហេតុដូចនេះ លោកបានធ្វើការវិវឌ្ឍខ្លួន ពីអ្នកបច្ចេកទេសទៅជាសហគ្រិនដែលមានភាពជោគជ័យម្នាក់ក្នុងវិស័យសុខាភិបាល ជាពិសេសផ្នែកទន្តសាស្រ្តផ្ទាល់ ដោយលោកបានធ្វើឲ្យរំចង់មានភាពរីកលូតលាស់ទាំងគុណភាពនៃការព្យាបាល ក៏ដូចជាសេវាកម្មដោយមានការគាំទ្រពីសំណាក់ប្រជាជនទាំងក្នុង និងក្រៅប្រទេស។   សម្រាប់និស្សិតពេទ្យដែលមានបំណងបង្កើតនូវស្ថាប័នផ្តល់សេវាសុខភាពឯកជនមួយដែលមានសក្តានុពលនៅថ្ងៃអនាគត តើពួកគេគួរតែត្រៀមនូវអ្វីខ្លះ?    ខិតខំសិក្សាមុខវិជ្ជាដែលជាជំនាញរបស់ខ្លួន  ការសិក្សាក្នុងវិស័យសុខាភិបាល មិនមែនជារឿងងាយស្រួលដូចជាជំនាញដទៃទៀតនោះទេ គឺវាទាមទារឲ្យ និស្សិតយកចិត្តទុកដាក់ខ្ពស់ មានការតាំងចិត្ត និងការខិតខំស្រាវជ្រាវរបកគំហើញថ្មីៗពីជំនាញរបស់ខ្លួន ហើយការសិក្សាទ្រឹស្តីត្រូវដើរស្របគ្នានឹងការអនុវត្តជាក់ស្តែង។ ទាំងនេះក៏ជាគ្រឹះនៃការកសាងអាជីវកម្មផងដែរ ដូច្នេះត្រូវតែធ្វើវាឲ្យរឹងមាំ។   ការប្រើពេលវេលាឲ្យមានតម្លៃលើការសិក្សាជំនាញ ការទាញយកពេលវេលាមកប្រើប្រាស់ឲ្យបានត្រឹមត្រូវ ការហ្វឹកហាត់បន្ថែមលើចំណេះជំនាញឯកទេស និងមិនត្រូវបណ្តែតបណ្តោយពេលវេលាឲ្យកន្លងហួសនោះទេ។ បន្ថែមពីនោះផងដែរ ប្អូនៗមិនគួរបណ្តែតបណ្តោយសុខភាពថមថយឡើយ ដូចជាការឧស្សាហ៍ទទួលទានជាតិអាល់កុលច្រើន ការបរិភោគអាហារមិនបានត្រឹមត្រូវជាដើម។    ការរៀនភាសាបរទេសបន្ថែម មិនថាជាភាសាបារាំង ឬក៏អង់គ្លេសនោះទេ គឺសុទ្ធតែមានប្រយោជន៍ដល់ការសិក្សាជំនាញមួយនេះ ដោយហេតុថារាល់មេរៀនមានភាសាបរទេសស្ទើរគ្រប់ផ្នែក។ ម្យ៉ាងវិញទៀត ការចេះភាសាច្បាស់អាចឲ្យយើងមានសមត្ថភាពគ្រប់គ្រាន់ស្រាវជ្រាវអត្ថបទជំនាញខ្លួនដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាជាឱកាសទទួលបានការសិក្សាបន្តនៅក្រៅប្រទេស ដោយធ្វើឡើងតាមការប្រលងជាភាសាបរទេស។   ចៀសវាងការបើកអាជីវកម្មផ្ទាល់ខ្លួនក្រោយបញ្ចប់ការសិក្សាភ្លាមៗ ទ្រឹស្តី និងបទពិសោធន៍ដែលទទួលបានពីការសិក្សា គឺមិនទាន់គ្រប់គ្រាន់នោះទេ ហើយនិស្សិតទើបបញ្ចប់ការសិក្សាថ្មីៗក៏មិនទាន់មានភាពឯករាជ្យលើការងារបច្ចេកទេសដែរ។ ដូច្នេះហើយ ការទទួលយកបទពិសោធន៍បន្ថែមតាមរយៈការងារនៅស្ថាប័នណាមួយជាជម្រើសដ៏ល្អ(អាចមានរយៈពេល២ ទៅ៥ឆ្នាំ) ដើម្បីឲ្យខ្លួនឯងបានយល់ដឹងពីដំណើរប្រតិបត្តិការនៃអាជីវកម្មមួយជាពិសេសនៅត្រង់ប្រតិបត្តិការប្រចាំថ្ងៃរួមមានចំណាយ ចំណូល និងកត្តាផ្សេងៗទៀត។    សម្រាប់អ្នកដែលបានត្រៀមខ្លួនរួចរាល់វិញ តើរំចង់ មានគន្លឹះអ្វីពិសេសចង់ចែករំលែកជូនដល់ពួកគាត់ដែរឬទេ? ការចាប់ផ្តើមអាជីវកម្មពិតជាសំខាន់ ហើយក៏មិនមានភាពងាយស្រួលនោះដែរ ជាពិសេសសម្រាប់វិស័យសុខាភិបាលដែលទាមទារឲ្យមានការទទួលបានទំនុកចិត្តពីអ្នកជំងឺ ប៉ុន្តែជាមួយនឹងគន្លឹះ២ខាងក្រោមនេះ ៖  ១ ទិញយកបេះដូងនៃអតិថិជន ៖ បង្កើនទំនុកចិត្តដល់អតិថិជនដោយបម្រើសេវាកម្មស្របតាមតម្រូវការរបស់ពួកគាត់ ហើយការដែលធ្វើបែបនេះបាន អតិថិជនប្រៀបបាននឹងបងប្អូន ឬមិត្តភក្តិដែលរាប់អានគ្នាច្រើនឆ្នាំ ដែលតែងតែនឹកឃើញដល់គ្នាជានិច្ច។ ២ ស្មារតីបំពេញការងារជាក្រុម ៖ ក្រៅពីខ្លួនអ្នកផ្ទាល់ធ្វើការដុសខាត់នូវចំណេះដឹង និងជំនាញរបស់ខ្លួនហើយ បុគ្គលិកគ្រប់រូបគ្រប់ជាន់ថ្នាក់គួរតែបម្រើការងារដោយដើរសំដៅលើលើទស្សនវិស័យ និងគោលដៅរួម ជាមួយនឹងមានភាពរឹងមាំ ទំនុកចិត្ត និងជំនឿជាក់ ព្រមទាំងឲ្យតម្លៃគ្នាទៅវិញទៅមក។ ជាក់ស្តែងណាស់ រំចង់បានប្រមូលផ្តុំនូវក្រុមការងារដែលមានស្មារតីជាក្រុមសហការគ្នាបំពេញនូវតម្រូវការរបស់អតិថិជន។   លោកទន្តបណ្ឌិតក៏បានបន្ថែមនូវអនុសាសន៍ដែរថា «ការសិក្សាគឺមិនមានទីបញ្ចប់នោះទេ មិនថាក្នុងរូបភាពផ្សេងៗជាការអានសៀវភៅ ស្រាវជ្រាវឯកសារ ចូលរួមវគ្គសិក្សាខ្លី ឬកម្មវិធីសិក្ខាសាលានានា សុទ្ធសឹងតែជាចំណេះបន្ថែម សុទ្ធតែជួយជំរុញដល់ការអភិវឌ្ឍលក្ខណៈជាបុគ្គល ដើម្បីជាប្រយោជន៍នៃសហគមន៍ និងប្រទេសជាតិទាំងមូល»។ ជាក់ស្តែង រំចង់ក៏មាននូវមានក្លឹបសិក្សាជារៀងរាល់សប្តាហ៍ ដែលគ្រូពេទ្យទាំងអស់ធ្វើការប្រជុំពិភាក្សា និងចូលរួមចែករំលែកបទពិសោធន៍ ឬចំណេះដឹងថ្មីៗ ពីគ្នាទៅវិញទៅមកផងដែរ។    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ជាការពិតណាស់រៀនពេទ្យតែមួយមុខគឺរវល់ខ្លាំងណាស់ ចុះមានពេលឯណាទៅគិតពីរឿងដទៃទៀតនោះ ខំរៀនតែពេទ្យឲ្យពូកែទៅបានហើយ។ តើអ្នកធ្លាប់បានគិតពីពាក្យមួយឃ្លានេះដែរឬទេ? នៅក្នុងសម័យកាលនេះបើសិនជាអ្នកចេះតែមួយជំនាញនោះអ្នកប្រហែលជាមានការលំបាកបន្តិចហើយដើម្បីចូលចុះជាមួយអ្នកដទៃក្នុងសង្គម។ ប្រាកដជាមានអ្នកអានមួយចំនួនមិនយល់ស្របជាមួយនឹងការនិយាយបែបនេះទេ។ ប៉ុន្តែបើអ្នកជានិស្សិតពេទ្យ ហើយចង់ធ្វើខ្លួនឲ្យបានកាន់តែប្រសើរជាងនេះទៅទៀត អ្នកគួរតែអភិវឌ្ឍនូវជំនាញរាងជាអក្សរ T (T-shaped skills)។ តើអ្វីទៅជា T-shaped skills?    T-shaped skills គឺសំដៅលើជំនាញ២ដែលរួមមាន ជំនាញឯកទេស (Specialization skill) និងជំនាញទូទៅ (Generalization skill)។ នៅត្រង់ចំណុចនេះមានន័យថា ជួរឈរនៃអក្សរ T គឺសំដៅលើជំនាញឯកទេសពោលគឺការរៀនពេទ្យនេះតែម្ដង យើងត្រូវខិតខំប្រឹងប្រែងសម្រួចនូវជំនាញមួយនេះឲ្យបានច្បាស់ ព្រោះថាវាគឺជាជំនាញគោលរបស់យើង។ រីឯជួរដេកនៃអក្សរ T សំដៅលើជំនាញទូទៅគឺការរៀនសូត្រស្រូបយកនូវចំណេះដឹងទូទៅឲ្យបានច្រើន។ ចំពោះអត្ថបទនេះ យើងនឹងផ្តោតសំខាន់តែទៅលើជំនាញទូទៅទេ។ ខាងក្រោមនេះគឺជាការរៀបរាប់បន្ថែមទាក់ទងនឹងជំនាញទូទៅ ហើយយើងត្រូវធ្វើដូចមេ្តចខ្លះទើបអាចធ្វើពង្រឹងនូវជំនាញមួយនេះបាន។ 1. ការចូលរួមក្នុងសកម្មភាពសង្គម៖ និស្សិតពេទ្យយើងមួយចំនួនធំពុំសូវមានការចូលរួមក្នុងសកម្មភាពសង្គមនោះទេ ព្រោះពួកគេមិនចង់ចំណាយពេលវេលារបស់ពួកគេទៅធ្វើអ្វីក្រៅពីខិតខំរៀនពេទ្យទេ។ ផ្ទុយទៅវិញ ការចូលរួមនៅក្នុងសកម្មភាពសង្គមផ្សេងៗបានផ្ដល់ជាផលប្រយោជន៍ជាច្រើនដល់យើង។ ក្រៅពីជំនាញដែលអ្នកបានរៀននៅសាលា អ្នកអាចអនុវត្តផ្ទាល់នូវជំនាញផ្សេងៗដូចជាជំនាញក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ ការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍ និងការចាប់យកឱកាសផ្សេងៗ។ អ្នកគួរតែចូលរួមក្នុងកម្មវិធីផ្សេងៗ ឬការធ្វើការងារស្ម័គ្រចិត្តមួយចំនួនដើម្បីស្គាល់មនុស្សឲ្យបានច្រើន បង្កើនទំនាក់ទំនង និងប្រមូលយកនូវបទពិសោធន៍ជីវិតក៏ដូចជាចំណេះដឹងផ្សេងៗជាច្រើនទៀត។ 2. ការអាន៖ និស្សិតពេទ្យយើងមួយចំនួនដូចជាមានភាពស្មោះស្ម័គ្រខ្លាំងជាមួយសៀវភៅពេទ្យ ពួកគេពុំដែលចំណាយពេលខ្លះដើម្បីអានសៀវភៅផ្សេងក្រៅពីសៀវភៅពេទ្យឡើយ។ តើមាននិស្សិតពេទ្យប៉ុន្មានភាគរយដែលអានសៀវភៅក្រៅពីសៀវភៅពេទ្យ? អ្នកគួរតែចំណាយពេលវេលាមួយចំនួនដើម្បីអាននូវអត្ថបទផ្សេងៗ ចំណេះដឹងទូទៅ ព័ត៌មានក្នុងនិងក្រៅប្រទេស និងសៀវភៅអភិវឌ្ឍខ្លួនឯង (Self-improvement books) មួយចំនួន ដើម្បីពង្រឹងនូវចំណេះដឹងទូទៅ និងជំនាញទន់ (Soft Skill) របស់អ្នក។ ឧទាហរណ៍ តើអ្នកធ្លាប់អង្គុយជុំគ្នាជាមួយមិត្តភក្តិរបស់អ្នកហើយពួកគេចាប់ផ្តើមជជែកពីនេះពីនោះមិនចេះចប់ រីឯអ្នកវិញបានត្រឹមអង្គុយចាំស្ដាប់ពួកគេនិយាយគ្នាដោយមិនបានបញ្ចេញយោបល់សូម្បីតែមួយម៉ាត់ទេ? មូលហេតុនោះគឺអ្នកមិនចេះអ្វីក្រៅពីពេទ្យឡើយ ហើយពួកគេក៏មិនងាយប្តូរប្រធានបទទៅជជែកពីពេទ្យដែរ ព្រោះថាពួកគេពុំមានចំណេះដឹងអំពីពេទ្យនោះទេ។ ដូច្នេះក្នុងករណីនេះអាចសបញ្ជាក់បានថាចំណេះដឹងទូទៅក៏បានដើរតួនាទីយ៉ាងសំខាន់សម្រាប់និស្សិតពេទ្យដែរ។ សរុបមកវិញ វាគឺជាការល្អមួយដែលអ្នកអាចផ្តោតអារម្មណ៍ខិតខំរៀននូវមុខវិជ្ជាពេទ្យនេះឲ្យបានពូកែ ក៏ប៉ុន្តែអ្នកក៏មិនគួរមើលរំលងហើយមិនយកពេលវេលាខ្លះដើម្បីទទួលយកការយល់ដឹងអំពីបញ្ហាក្រៅពីពេទ្យដែរ។     

ចែករំលែក

ក្នុងនាមជាគ្រូពេទ្យ អ្នកនឹងជួបអ្នកជំងឺជាច្រើនហើយពួកគេសុទ្ធតែមានលក្ខណៈខុសៗគ្នា ប៉ុន្តែអ្វីដែលអ្នកចាំបាច់ត្រូវតែធ្វើនោះគឺរក្សាឲ្យបាននូវទំនាក់ទំនងល្អរវាងគ្រូពេទ្យ និងអ្នកជំងឺ។ ខាងក្រោមនេះ គឺជាប្រភេទនៃអ្នកជំងឺ និងវិធីសាស្ត្រមួយចំនួនដែលអ្នកគួរតែស្វែងយល់ ដើម្បីដោះស្រាយជាមួយពួកគេ។   ១· អ្នកជំងឺដែលរួសរាយ៖ ជាទូទៅ អ្នកជំងឺប្រភេទនេះមានភាពងាយស្រួលក្នុងការថែទាំ។ អ្នកជំងឺភាគច្រើនស្ថិតនៅក្នុងប្រភេទនេះ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមានបញ្ហាមួយចំនួនដែលអាចនឹងកើតមាន។ អ្នកត្រូវតែប្រុងប្រយ័ត្នហើយមិនត្រូវធ្វើតាមចិត្តរបស់ពួកគេពេកទេ ព្រោះថាវាអាចកាត់បន្ថយនូវគោលដៅក្នុងការព្យាបាលរបស់អ្នក។ អ្នកប្រហែលជាចង់បាននូវការធានា និងភាពសុទិដ្ឋិនិយមជាជាងកាលដែលអ្នកអនុវត្តនូវភាពប្រាកដនិយម។ បន្ថែមពីនេះទៅទៀត អ្នកប្រហែលជាត្រូវបានល្បូងឲ្យធ្វើតាមសំណូមពរនានាដែលមិនមែនជាប្រយោជន៍សម្រាប់ការថែទាំសុខភាពដ៏ល្អ។ ២· អ្នកជំងឺដែលក្លាហាន៖ អ្នកជំងឺប្រភេទនេះមានស្មារតីមុតមាំ ចិត្តរឹងប៉ឹង ចេះទទួលយកការពិត និងមានការយល់ដឹងនៅពេលប្រឈមនឹងស្ថានភាពលំបាក។ យើងកោតសរសើរយ៉ាងជ្រាលជ្រៅដល់អ្នកជំងឺទាំងនេះហើយសង្ឃឹមថាយើងអាចប្រមូលផ្ដុំនូវស្មារតីដូចជាពួកគេដែរ នៅពេលដែលយើងត្រូវការវា។ ៣· អ្នកជំងឺ ឬក្រុមគ្រួសារអ្នកជំងឺដែលមានភាពក្រោធខឹង៖ ពួកគេអាចធ្វើឲ្យយើងខឹង និងមានប្រតិកម្មតបទៅនឹងកំហឹងរបស់យើង។ ការឆ្លើយតបទៅនឹងកំហឹងតែងតែធ្វើឲ្យបញ្ហាកាន់តែអាក្រក់ឡើងសម្រាប់អ្នក និងអ្នកជំងឺ។ អ្នកគួរតែព្យាយាមស្វែងយល់ពីភាពខឹងច្រឡោតរបស់អ្នកជំងឺ និងព្យាយាមនៅខាងពួកគេក្នុងការជួយដោះស្រាយនូវប្រភពនៃបញ្ហាទាំងនោះ ប្រសិនបើវាសមហេតុសមផលក្នុងការធ្វើដូច្នេះមែន។ អ្នកគួរតែឲ្យពួកគេបញ្ចេញនូវការយល់ឃើញរបស់ពួកគេ បន្ទាប់មកព្យាយាមដោះស្រាយនូវបញ្ហាទាំងនោះភ្លាមៗ។ ប្រសិនបើអ្នកមិនអាចដោះស្រាយបញ្ហានោះបានទេអ្នកគួរតែព្យាយាមពន្យល់នូវមូលហេតុដែលនាំឲ្យមានបញ្ហាទាំងនោះកើតឡើងឲ្យបានសមរម្យ។ ឧទាហរណ៍ដោយបង្ហាញពីវិធីសាស្ត្រក្នុងការព្យាបាល ឬវិធីកាត់បន្ថយហានិភ័យជាដើម។ អ្នកត្រូវចងចាំថាភាពខឹងច្រឡោតអាចជាវិធីសាស្ត្រក្នុងការការពាររបស់អ្នកជំងឺពីអារម្មណ៍ដូចជាការភ័យខ្លាចការថប់អារម្មណ៍ ឬការធ្លាក់ទឹកចិត្តជាដើម។ កំហឹងក៏អាចជាការព្យាយាមបង្គាប់ឲ្យអ្នកដទៃធ្វើអ្វីមួយដែលជាធម្មតាពួកគេមិនអាចធ្វើបាន។ ប្រសិនបើអ្នកជាប់គាំងក្នុងការដោះស្រាយបញ្ហា ឬអ្នកមានអារម្មណ៍ថាអ្នកកំពុងតែអស់ម្ចាស់ការលើខ្លួនឯងហើយនោះ អ្នកគួរតែព្យាយាមសម្រួលអារម្មណ៍ខ្លួនឯង និងកែតម្រូវស្ថានភាពនោះ។ ជាទូទៅ ប្រសិនបើអ្នកអាចគ្រប់គ្រងខ្លួនឯងបាន ហើយព្យាយាមផ្ដល់នូវការព្រួយបារម្ភចំពោះសុខុមាលភាពរបស់អ្នកជំងឺនោះបញ្ហានឹងត្រូវបានដោះស្រាយ។ ៤· អ្នកជំងឺដែលចូលចិត្តទាមទារ៖ ពួកគេទាមទារឲ្យមានការយកចិត្តទុកដាក់ច្រើន ហើយទទូចឲ្យអ្នកធ្វើនេះ ធ្វើនោះដែលពុំចាំបាច់ ឬធ្វើរឿងមួយចំនួនដែលពួកគេអាចធ្វើបានដោយខ្លួនឯង។ ពេលខ្លះអ្នកត្រូវតែកំណត់នូវព្រំដែនការងាររបស់អ្នកចំពោះអ្វីដែលអ្នកអាចធ្វើ និងអ្វីដែលអ្នកមិនអាចធ្វើបានសម្រាប់ពួកគេ។ ៥· អ្នកជំងឺញៀនថ្នាំ៖ អ្នកជំងឺប្រភេទនេះ ពេលខ្លះពិតជាពិបាកក្នុងការកត់សម្គាល់ណាស់។ សញ្ញាណមួយចំនួនដែលយើងគួរតែពិចារណានោះ គឺការទាមទារជាប់ជានិច្ចនូវថ្នាំ Opioids (សារធាតុញៀនម្យ៉ាងដែលប្រើ ដើម្បីបំបាត់ការឈឺចាប់) ក្នុងកម្រិតមួយខ្ពស់ដែលមិនសមស្របនឹងរោគសញ្ញារបស់ពួកគេ។ ពួកគេគឺមានសភាពល្អនៅពេលដំបូង ប៉ុន្តែប្រសិនបើអ្នកបន្ថយនូវបរិមាណថ្នាំរបស់ពួកគេនោះ ពួកគេអាចខឹងនឹងអ្នក ឬព្យាយាមបញ្ចុះបញ្ចូលអ្នក។ វាជាការសំខាន់ក្នុងការរក្សានូវគោលជំហររបស់អ្នកក្នុងនាមជាគ្រូពេទ្យ ហើយត្រូវលើកទឹកចិត្តឲ្យពួកគេទទួលយកការប្រឹក្សាសម្រាប់ការញៀនថ្នាំរបស់ពួកគេ។ ៦· អ្នកជំងឺដែលចូលចិត្តដឹកនាំ៖ ពួកគេចូលចិត្តឲ្យអ្វីៗស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ហើយពួកគេនឹងប្រាប់អ្នកនូវអ្វីដែលពួកគេមិនចង់បាន និងបដិសេធចំពោះអ្នកដោយគ្មានការស្ទាក់ស្ទើរឡើយ ប្រសិនបើពួកគេមិនចូលចិត្តអ្វីដែលអ្នកកំពុងនិយាយឬកំពុងធ្វើ ឬអ្វីដែលពួកគេបានធ្វើ ឬពួកគេមិនធ្វើតាមដំបូន្មានរបស់អ្នកតែម្ដង។ ៧· អ្នកជំងឺដែលដឹងនូវអ្វីៗទាំងអស់៖ អ្នកជំងឺប្រភេទនេះមានទំនោរជឿជាក់ថាពួកគេមានចំណេះដឹងច្រើនអំពីវិជ្ជាវេជ្ជសាស្ត្រនេះ ហើយ រឿងខ្លះពួកគេយល់ថាពួកគេចេះស្មើ ឬចេះច្រើនជាងអ្នកទៅទៀត។ ចំណេះដឹងរបស់ពួកគេអាចនឹងមានកម្រិត ប៉ុន្តែពួកគេជារឿយៗ មិនមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការវិភាគឲ្យបានត្រឹមត្រូវទេ។ ពួកគេចូលចិត្តអានអត្ថបទទាក់ទងនឹងវេជ្ជសាស្ត្រនៅក្នុងកាសែត ឬតាមរយៈអ៊ីនធើណែត ហើយអ្នកអាចនឹងទទួលបាននូវចំណេះដឹងថ្មីៗពីពួកគេវិញក៏ថាបានដែរ។ ដូច្នេះអ្នកត្រូវមានភាពអត់ធ្មត់បន្តិច និងយល់ពីពួកគេហើយមិនត្រូវព្យាយាមប្រកួតប្រជែងជាមួយពួកគេឡើយ។​ ៨· អ្នកជំងឺដែលមិនសហការជាមួយគ្រូពេទ្យ៖ ពួកគេអាចនឹងមិនពេញចិត្ត ព្រោះថាពួកគេហាក់បីដូចជាមិនចង់ធ្វើតាមការព្យាបាល ឬវេជ្ជបញ្ជារបស់អ្នក ហើយបន្តការត្អូញត្អែរអំពីរោគសញ្ញាដែលនាំឲ្យពួកគេមកជួបអ្នកពីដំបូង។ ឧទាហរណ៍ អ្នកជក់បារីដែលមានបញ្ហា សួតធ្ងន់ធ្ងរ គាត់នៅតែជក់បារីបើទោះបីជាអ្នកបានឲ្យដំបូន្មានគាត់ឲ្យឈប់ជក់ក៏ដោយ ឬអ្នកជំងឺលើសសម្ពាធឈាមដែលមិនព្រមញ៉ាំ ថ្នាំ ហើយថែមទាំងមិនព្រមមកជួបអ្នក ដើម្បីតាមដានស្ថានភាពជំងឺរបស់ពួកគេជាដើម។ ប៉ុន្តែពេលខ្លះអ្នកអាចនឹងស្វែងយល់ពីមូល ហេតុទាំងនោះដែលមានដូចជា ពួកគេមិនយល់ពីសារៈសំខាន់នៃការព្យាបាល ឬករណីខ្លះពួកគេពុំមានលទ្ធភាពទិញថ្នាំញ៉ាំហើយពួកគេ មានភាពអៀនខ្មាសនឹងឲ្យអ្នកបានដឹងពីរឿងនេះ។ ៩· អ្នកជំងឺដែលមានបញ្ហាថប់អារម្មណ៍៖ ពួកគេត្រូវការពេលវេលាបន្តិច ហើយតែងតែទាមទារនូវការលើកទឹកចិត្ត និងបញ្ជាក់ម្ដងហើយម្ដងទៀត។ ជាងនេះទៅទៀតនោះ គឺចំពោះអ្នកជំងឺ Hypochondria (អ្នកជំងឺថប់អារម្មណ៍ធ្ងន់ធ្ងរឬអ្នកជំងឺដែលមានការព្រួយបារម្ភជ្រុលហើយខ្លាចថាជំងឺរបស់គាត់ចេះតែវិវឌ្ឍទៅជាធ្ងន់ធ្ងរ) ពួកគេអាចនឹងទៅកាន់ផ្នែកសង្គ្រោះបន្ទាន់រាល់ពេលដែលគាត់គ្រាន់តែឈឺខ្នង ឬមានការព្រួយបារម្ភថាតម្រងនោមរបស់គាត់លែងដំណើរការ ឬពួកគាត់ភ័យថាគាត់មានជំងឺមហារីកជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ វាមានហានិភ័យខ្លាំង ប្រសិនបើអ្នកធ្វើរោគវិនិច្ឆ័យខុសចំពោះអ្នកជំងឺនេះព្រោះថាពេលខ្លះអ្នកបានបញ្ជាក់ពួកគេពីរោគសញ្ញាមួយដែលអាចជាសញ្ញាណនៃអ្វីមួយដែលធ្ងន់ធ្ងរ។ អ្នកត្រូវចងចាំថា ពួកគេក៏អាចឈឺដែរ។ ១០· អ្នកជំងឺដែលមានបញ្ហាផ្លូវចិត្ត៖ អ្នកជំងឺប្រភេទនេះច្រើនមានភាពច្របូកច្របល់ក្នុងចិត្ត។ រោគសញ្ញារបស់ពួកគេ គឺពិតប្រាកដមែន តែការធ្វើរោគវិនិច្ឆ័យមិនសមហេតុផល។ អ្នកមានការព្រួយបារម្ភថាអ្នកប្រហែលជាកំពុងភ្លេចនូវអ្វីម្យ៉ាង ហើយអ្នកជំងឺក៏ជឿថាមានអ្វីមួយមិនប្រក្រតី។ នៅពេលដែលការវាយតម្លៃចេញមកបានបង្ហាញថា អ្វីគ្រប់យ៉ាងគឺប្រក្រតីហើយអ្នកព្យាយាមបញ្ចុះបញ្ចូលអ្នកជំងឺថា បញ្ហាអាចមានជាប់ពាក់ព័ន្ធនឹងការស្ត្រេស ប៉ុន្តែពួកគេតែងតែមិនសប្បាយចិត្ត និងអស់ជំនឿ។ ពេលខ្លះពួកគេគិតថាអ្នកមិនយល់ពីពួកគេ ឬមិនបានយកចិត្តទុកដាក់លើពួកគេ។ ១១· អ្នកជំងឺដែលមានបញ្ហាធ្លាក់ទឹកចិត្ត៖ អ្នកខ្លះដឹងថាពួកគេមានជំងឺធ្លាក់ទឹកចិត្តហើយពួកគេអាចនឹងប្រាប់អ្នកនូវបញ្ហានេះប៉ុន្តែមានអ្នកខ្លះទៀតនឹងមករកអ្នកជាមួយនឹងរោគសញ្ញាដូចជាល្ហិតល្ហៃអស់កម្លាំង មិនងងុយគេងនៅពេលយប់ និងហត់នឿយនៅពេលថ្ងៃ ឬបាត់បង់ចំណាប់អារម្មណ៍ទៅលើវត្ថុ ឬរឿងផ្សេងៗ។ ពួកគេអាចគិតថាការធ្លាក់ទឹកចិត្ត គឺជាសញ្ញានៃភាពអន់ខ្សោយ។ វាពិតជាមានសារៈសំខាន់ក្នុងស្វែងរកថាពួកគេមានគំនិតគិតចង់ធ្វើអត្តឃាតខ្លួនឯងឬអត់ តែបើពួកគេធ្វើដូច្នេះមែននោះ អ្នកគួរតែបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យនៅឯផ្នែកវិលកវិជ្ជា។ ១២· អ្នកជំងឺដែលវង្វេង ឬវិកលចរិក៖ ពួកគេទាមទារឲ្យមានការអត់ធ្មត់ខ្លាំង ជាពិសេសនៅពេលដែលពួកគេសួរសំណួរដូចៗគ្នា ឬនិយាយប្រាប់ពីរឿងដដែលៗជាច្រើនលើកច្រើនសារ។ ពេលខ្លះវាពិបាកក្នុងការគ្រប់គ្រងនៅពេលដែលអាការៈរបស់ពួកគេកើតឡើងម្ដងៗសភាពបែបនេះកើតឡើងជារឿយៗ ព្រោះថាពួកគេភ័យខ្លាច និងមានអារម្មណ៍ថាពួកគេបានបាត់បង់ការគ្រប់គ្រងខ្លួនឯង។ ពួកគេជាញឹកញាប់មិនយល់ពីតម្រូវការសម្រាប់ការធ្វើតេស្ត ឬវិធីសាស្ត្រក្នុងការព្យាបាលឡើយ ដូច្នេះ អ្នកប្រហែលជាត្រូវពន្យល់ និងបកស្រាយឡើងវិញជាច្រើនសារ។ ជាការពិតណាស់ ក្នុងស្ថានភាពដូចនេះ ក្រុមគ្រួសារគួរតែចូលរួមក្នុងការសម្រេចចិត្តផ្សេងៗ។ ១៣· អ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃ ហើយគ្មានវីធីព្យាបាល៖ ពួកគេ គឺជាអ្នកជំងឺមួយប្រភេទដែលយើងច្រើនតែជួបប្រទះជាញឹកញាប់ និងមានការលំបាកក្នុងការប្រឈមនឹងពួកគេ។ សូមប្រយ័ត្នចំពោះហានិភ័យដែលមានចំពោះអ្នក និងអ្នកជំងឺ។ អ្នកជំងឺមានហានិភ័យក្នុងការប្រើប្រាស់ថ្នាំលើសចំណុះ ហើយអាចស្លាប់ដោយចៃដន្យចំពោះស្ថានភាពមិនប្រក្រតីណាមួយ។ រីឯគ្រូពេទ្យវិញក៏មានគ្រោះថ្នាក់ទាំងផ្នែកវិជ្ជាជីវៈ និងផ្លូវច្បាប់។ អាជ្ញាប័ណ្ឌអាចត្រូវបានដកហូតហើយបាត់បង់អាជីពដោយសារតែបំណងចង់ជួយអ្នកជំងឺដែលមានរងការឈឺចាប់ខ្លាំង។ ហេតុផលទាំងនេះហើយ ដែលគ្រូពេទ្យជាច្រើនចៀសវាងអ្នកជំងឺប្រភេទនេះឲ្យបានច្រើនតាមដែលអាចធ្វើបានដែលជាអកុសលពួកគេភាគច្រើនត្រូវបានទទួលរងការឈឺចាប់ខ្លាំង ពិការភាព និងមុខងារនៃសារពាង្គកាយលែងដំណើរការដោយសារតែការព្យាបាលមិនបានគ្រប់គ្រាន់។ ១៤· អ្នកជំងឺដែលនឹងស្លាប់៖ ពេលខ្លះយើងមានការលំបាកក្នុងការមើលថែពួកគេ ព្រោះថាភាពក្រៀមក្រំបានរុំព័ទ្ធជីវិតរបស់ពួកគេហើយពេលខ្លះទៀតសេចក្ដីក្រៀមក្រំនោះក៏អាចនឹងដិតជាប់នៅនឹងអារម្មណ៍របស់អ្នក។ មានគ្រូពេទ្យមួយចំនួនបានដកខ្លួនចេញពីអ្នកជំងឺទាំងនេះ ព្រោះជំងឺរបស់ពួកគេបានបង្ខំឲ្យពួកគេទទួលស្គាល់នូវសេចក្ដីស្លាប់របស់ពួកគេ ឬពួកគេគិតថាគ្មានអ្វីដែលពួកគេអាចធ្វើបានទៀតទេ ពួកគេមិនដឹងថាគួរតែនិយាយអ្វី ឬពួកគេភ័យខ្លាចថាពួកគេអាចនឹងនិយាយខុស។ ទោះបីជាយ៉ាងណាក៏ដោយនេះគឺជាពេលវេលាដែលអ្នកជំងឺត្រូវការអ្នកបំផុត។ ពួកគេត្រូវការភាពស្មោះត្រង់ មេត្តាករុណា និងការពន្យល់ពីអ្វីដែលកំពុងកើតឡើង និងហេតុអ្វីបានជាវាកើតឡើង។ ពួកគេក៏ត្រូវតែដឹងថាអ្នកនឹងមិនអនុញ្ញាតឲ្យពួកគេរងទុក្ខដោយមិនចាំបាច់ឡើយ។ ថ្វីត្បិតតែវាជាការសោកសៅក៏ដោយ ប៉ុន្តែវាគឺជាបទពិសោធន៍ដ៏មានតម្លៃមួយ ប្រសិនបើអ្នកអាចផ្តល់ការលួងលោមលើកទឹកចិត្តដល់អ្នកជំងឺនិងក្រុមគ្រួសារនៅក្នុងគ្រាដែលពួកគេត្រូវការជំនួយដ៏អស្ចារ្យពីអ្នក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

សូមបង្ហាញមិនចំពោះ លោកគ្រូពេទ្យម្នាក់ មានរូបរាងខ្ពស់ មាឌដំបង សម្បុរសណ្តែកបាយ សក់ស្កូវមួយៗ អាយុប្រហែលខ្ទង់សែក្រាស់​ និយាយសំលេងស្រាលបន្តិច តែប្រកបដោយសីលធម៌​។​ ​ ​​តាម​ដែរបានដឹងលោកគ្រូធ្វើការនៅមន្ទីរពេទ្យរដ្ឋ និងទទួលពិគ្រោះជំងឺក្នុងគ្លីនិកផ្ទាល់ ក្រៅពីម៉ោងធ្វើការរដ្ឋផងដែរ។ លោកគ្រូជាមនុស្សមានរបៀប (ខ្ញុំដឹងតាមរយៈការរៀបចំក្នុងបន្ទប់ពិនិត្យក្នុងគ្លីនិករបស់គាត់) ហើយអ្វីដែលខ្ញុំបានឃើញបន្ថែមទៀតនោះគឺ រូបតំណាងប្រទេសនីមួយៗ លើជញ្ជាំងទូទឹកកករបស់គាត់ ដែលគាត់បានអញ្ជើញទៅធ្វើកម្មសិក្សា និងប្រជុំនានា ដោយមានមិនតិចជាង ២០ប្រទេសឡើយ។ វេជ្ជបណ្ឌិតមួយរូបដែលបានសិក្សាមិនក្រោមរយៈពេល ១០ឆ្នាំ និងសិក្សាស្រាវជ្រាវពីវិទ្យាសាស្រ្តថ្មីជារៀងរាល់ថ្ងៃ ដែលគ្រាន់តែឃើញឯកសារលើតុក៏បានដឹង។ បញ្ចប់ការពិពណ៌នាពី ចំណុចដែលខ្ញុំបានមើលឃើញត្រឹមនេះ ចំណុចដែលចាក់ដល់បេះដូងរបស់ខ្ញុំនោះ គឺទឹកចិត្តរបស់គាត់ក្នុងនាមជាវេជ្ជបណ្ឌិតមួយរូប ដែលមានគោលជំឈររបស់ខ្លួនគឺខិតខំព្យាបាលអ្នកជំងឺឲ្យជាសះស្បើយ និងលើក្រមសីលធម៌ជាធំ​ពេលខ្លះមិនយកតម្លៃសេវាកម្មលើការពិគ្រោះជំងឺ ពេលខ្លះទៀតក៏សឹងតែមិនយកតម្លៃលើការព្យាបាល ចំពោះអ្នកជំងឺមកពីខេត្តដែលមានជីវភាពមិនធូរធារ។ ក្រៅពីការងាររដ្ឋ និងឯកជនដ៏មមារញឹក លោកគ្រូធ្វើការក្នុងសមាគមគ្រូពេទ្យជាច្រើនដែរ ដែលបញ្ជាក់ពីការចូលរួមចំណែកក្នុងសង្គម ដើម្បីលើកស្ទួយវិស័យសុខាភិបាល ក្នុងប្រទេសផងដែរ។ អ្វីដែរដឹងនោះគឺលោកគ្រូមិនសូវមានពេលទំនេរច្រើនទេ សម្រង់សំដីរបស់លោកគ្រូ គ្រាន់តែមើលមុខគ្រូក៏អាចដឹង ។  ក្រៅពីនេះទៀតនោះ លោកតែងតែចូលរួមចែករំលែកចំណេះដឹងពីសុខភាព ក្នុងកម្មវិធីទូរទស្សន៍ ក៏ដូចជាអត្ថបទក្នុងទស្សនាវត្តីសុខភាពផងដែរ ក៏ដូចជាបណ្តាញសង្គមនានា(លោកគ្រូថា ការចែករំលែកចំណេះដឹងតាមរយៈនេះគឺបានទៅដល់មនុស្សបានភាគច្រើន)។ ចំណុច​នេះគឺពិតជាកោតសរសើរដល់ទឹកចិត្តរបស់លោកគ្រូ ដែលមានឆន្ទះក្នុងការចែករំលែក ទោះជាចំណាយពេលច្រើនក្នុងការរៀបរៀងអត្ថបទមួយ ក៏ដូចជាការធ្វើបទបង្ហាញនីមួយៗ ដោយមិនគិតពីកំរៃ។ សរុបមក​ការរៀបរាប់ទាំងនេះមិនអាចបរិយាយពីភាពរំជួលចិត្តរបស់ខ្ញុំចំពោះទឹកចិត្តដ៏មោះមុតរបស់គ្រូបានឡើយ ដូចដែលលោកគ្រូបានលើកឡើងថា ។​ បញ្ជាក់៖ អ្វីដែលបានរៀបរាប់ខាងលើជាអ្វីដែលបានឃើញ និងជួបផ្ទាល់មិនមែនជាការប្រឌិតឡើយ។    

ចែករំលែក

និយមន័យ ជាបញ្ហាបេះដូងដ៏ធ្ងន់ធ្ងរមួយ ដែលកើតមានឡើងដោយសារទំនាក់ទំនងរវាងអ្នកជំងឺA និងB ដែលពេលខ្លះអាចបណ្តាលឲ្យបាត់បង់ជីវិតតែម្នាក់ ឬទាំងពីរនាក់តែម្តង អាស្រ័យលើភាពអត់ធន់ដែលពាក់ព័ន្ធ។ ប្រភេទ •ទំនាក់ទំនងពីភាគីតែម្ខាង •ទំនាក់ទំនងពីភាគីទាំងសងខាង អាយុ និងកតា្តប្រឈម ៖ ភាគច្រើនកើតមាននៅពេលពេញវ័យ ប៉ុន្តែការសិក្សាថ្មីនេះបានបង្ហាញថា វាអាចកើតមានចំពោះមនុស្សគ្រប់វ័យ រួមទាំងវ័យក្មេងផងដែរ។ ផលរំខាន៖ ខួរក្បាល និងបេះដូង  ដើមចម/ មូលហេតុ៖ •ពេលវេលាកន្លងផុតទៅ ៖ អាចមកពីការដែលនៅម្នាក់ឯងយូរពេក ការឃ្លាតឆ្ងាយពីគ្នាយូរពេក អារម្មណ៍ដែលខំលួចស្រលាញ់គេតែម្នាក់ឯងយូរពេក ក៏ដូចជាមូលហេតុផ្សេងៗជាច្រើនទៀត។ •បំណងចង់ឲ្យគេស្រលាញ់ ៖ ម្នាក់ៗពិតជាចង់ឲ្យខ្លួនឯងមានមនុស្សម្នាក់ដែលតែងតែស្រលាញ់ ចាំយកចិត្តទុកដាក់ និងមើលថែ។ •ទ្រព្យសម្បត្តិ ៖ ប្រាកដណាស់ប្រាក់កាសអាចជាមូលហេតុនៃរឿងរ៉ាវជាច្រើន ហើយរឹតតែមិនអាចប្រកែកបានត្រង់ថា «លុយអាចទិញបានអ្វីគ្រប់យ៉ាង» ជាក់ស្តែងណាស់ ស្នេហាខ្លះបែកបាក់គ្នាមិនមែនព្រោះតែអស់ចិត្តស្រលាញ់នោះទេ គឺព្រោះតែអំណាចទឹកប្រាក់ •កាយសម្បត្តិ ៖ «កុំវាយតម្លៃមនុស្សតែសម្បកក្រៅ» តែនរណាក៏ចាប់អារម្មណ៍ស្រីស្អាតប្រុសស្អាតដែរ រឿងសម្ផស្សនេះមួយ បំផ្លាញបេះដូងមនុស្សអស់មិនតិចនោះទេ។ រោគសញ្ញា •មានអារម្មណ៍ថាមានសម្ពាធ និងថប់អារម្មណ៍ •គេងមិនបានយូរ •គេងមិនសូវលក់ •ស្រមើស្រមៃច្រើន •បេះដូងលោតញាប់ខុសធម្មតា •វក់នឹងទូរស័ព្ទ •បាត់បង់ការផ្តោតអារម្មណ៍ វិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងតាមដាន •កំណត់ហេតុ  •អាល់ប៊ុមរូបថត និងចម្រៀង  •សៀវភៅសរសេរ ឬសៀវភៅអាន  •ទូរស័ព្ទ (មានប្រសិទ្ធភាពបំផុត) ការបង្ការ និងការព្យាបាល •មិនទាន់មានវិធីបង្ការនោះទេ ជាពិសេសចំពោះការវាយប្រហារលើកដំបូង លក្ខណៈស្នេហាផ្លេកបន្ទោរ •វិធីព្យាបាលដែលមានប្រសិទ្ធភាពបំផុត គឺ «ចំណងអាពាហ៍ពិពាហ៍» និង «ចំណងស្នេហ៍ស្មោះសរ»  © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ការប្រកបវិជ្ជាជីវៈសុខាភិបាលអាចនឹងមានភាពលំបាកបន្តិច ព្រោះហាក់ដូចជាងាយនឹងទទួលរងការវាយតម្លៃរបស់សាធារណជន...ក៏ប៉ុន្តែ មិនប្រាកដថាជារឿងដែលយើងគ្រប់គ្នាគួរចៀសវាងនោះទេ...បន្ទាប់ពីឆ្លងកាត់ដំណាក់កាលក្លាយជានិស្សិតផ្នែកសុខាភិបាលមួយរូបហើយ  (ប្រសិនបើចង់ដឹងថា ពេលរៀនពេទ្យ ធ្វើម៉េចទើបបានជោគជ័យ អាចអានត្រង់នេះបាន ចង់រៀនពេទ្យឲ្យជោគជ័យ កុំឲ្យអត់១០ចំណុចហ្នឹងហា៎... គឺនឹងត្រូវចូលបម្រើការក្នុងវិស័យនេះហើយ តើអ្នកដឹងទេថា អ្នកត្រូវត្រៀមខ្លួនរបៀបណាខ្លះ? ឬក៏...គួរតែមានលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីទទួលបានជោគជ័យក្នុងវិស័យមួយនេះ?   ស្វែងយល់ពីចំណុចខាងក្រោមនេះជាមួយគ្នា...ហើយវិភាគមើល ថាតើខ្លួនអ្នកមានប៉ុន្មានចំណុចហើយ? នៅខ្វះអ្វីខ្លះទៀត? ១. មានទម្លាប់ក្នុងការអាន ៖ ជារៀងរាល់ថ្ងៃមានការសិក្សាទាក់ទងអំពីវេជ្ជសាស្ដ្រថ្មីៗ ជំងឺថ្មីៗ ឱសថថ្មីៗ ។ល។ ដូច្នេះហើយប្រសិនបើអ្នកចង់ក្លាយជាវេជ្ជបណ្ឌិតដែលជោគជ័យម្នាក់ អ្នកគួរតែអានបន្ថែមឲ្យបានច្រើនជារៀងរាល់ថ្ងៃ។ ២. ចេះដាក់ខ្លួន ៖ ចូរគោរពអ្នកដទៃ...បើទោះបីជាអ្នកជាមនុស្សល្អឥតខ្ចោះដែលស្អប់គ្រូពេទ្យណាដែលមានអំណួតក៏ដោយ ហើយទោះបីអ្នកជាវេជ្ជបណ្ឌិតវ័យក្មេងដែលពូកែយ៉ាងណា ក៏មិនប្រាកដថាអ្នកដឹងនូវអ្វីៗគ្រប់យ៉ាងនោះទេ ៣. មានគោលជំហរ «លុយមិនមែនជាអ្វីៗគ្រប់យ៉ាងទេ» ៖ ត្រូវតែចងចាំជានិច្ចថា អ្នក គឺជាវេជ្ជបណ្ឌិតមួយរូប ហើយកាតព្វកិច្ចរបស់អ្នក គឺមិនមែនជាការងារធម្មតាមួយនោះទេ ព្រោះថា...អ្នកកំពុងតែបំពេញការងារទាក់ទិននឹងការព្យាបាល និងជួយសង្រ្គោះជីវិតរបស់មនុស្ស។ ៤. មានមហិច្ឆតា ៖ មហិច្ឆតារបស់មនុស្សម្នាក់ៗ គឺពុំមានដែនកំណត់នោះទេ ហើយអ្នកក៏គួរតែកុំបោះបង់ចោលមហិច្ឆតារបស់អ្នកឲ្យសោះ ដើម្បីបន្តភាពជោគជ័យរបស់អ្នក។ ៥. មានភាពល្អិតល្អន់ ៖ មិនថាបំពេញកិច្ចការអ្វីនោះ អ្នកត្រូវតែយកចិត្តទុកដាក់ចំពោះព័ត៌មានទាំងអស់ឲ្យបានល្អិតល្អន់ ជាក់ស្តែង អ្នកអាចធ្វើរោគវិនិច្ឆ័យលើជំងឺណាមួយបាន ក៏ដោយសារតែផ្អែកលើទិន្នន័យ ឬរោគសញ្ញាណាមួយដែលត្រូវបានពិនិត្យឃើញ។ ៦. ប្រកាន់ខ្ជាប់នូវភាពមានទំនួលខុសត្រូវ ៖ ត្រូវចាំជានិច្ចថា អ្នកត្រូវមានទំនួលខុសលើរាល់សកម្មភាព ក៏ដូចជាទង្វើទាំងអស់ដែលអ្នកបានធ្វើ គឺ ត្រូវប្រឈមមុខនឹងលទ្ធផលនៃទង្វើរបស់ខ្លួនមិនថាក្នុងពេលណា ឬកាលៈទេសៈណានោះទេ។ ៧. មានជំនាញទំនាក់ទំនង ៖ ប្រសិនបើអ្នកមានពេលទំនេរ អ្នកគួរតែចំណាយពេលខ្លះសិក្សាជំនាញទំនាក់ទំនងនេះ ដោយហេតុថាតួនាទីមួយរបស់អ្នក គឺជាអ្នកផ្ដល់ដំណឹងល្អ ឬអាក្រក់ ក៏ដូចជាអ្នកផ្ដល់ដំបូន្មានទៅកាន់អ្នកជំងឺក្នុងអាកប្បកិរិយាមួយដ៏សមរម្យ។ និយាយរូមទៅ ធ្វើយ៉ាងណាឲ្យទំនាក់ទំនងរវាងអ្នក និងអ្នកប្រើប្រាស់សេវាសុខភាពរបស់អ្នកមានភាពជិតស្និទ្ធ និងប្រកបដោយទំនុកចិត្ត។ ៨. មានសិល្បៈក្នុងការគ្រប់គ្រងពេលវេលា ៖ តុល្យភាពត្រូវតែមានរវាងពេលវេលាផ្ទាល់ខ្លួន ពេលវេលាសម្រាប់ការងារ និងក្រុមគ្រួសាររបស់អ្នក ។ កុំភ្លេចណាថា...អ្នកមិនមែនជាគ្រឿងយន្តទេ...ចូរធ្វើជីវិតរបស់អ្នកឲ្យសប្បាយរីករាយដូចជាអ្នកប្រកបវិជ្ជាជីវៈដែរ។ ៩. មានភាពអំណត់អត់ធ្មត់ ៖ កុំប្រញាប់...យឺតៗចុះ ឲ្យតែដល់គោលដៅ...ប្រសិនបើអ្នកជាវេជ្ជបណ្ឌិតដ៏ល្អម្នាក់មែនពិត កេរ្ដិ៍ឈ្មោះល្បីល្បាញ  និងភាពជោគជ័យក៏គង់តែនឹងរកមកអ្នកជាមិនខាន (តែត្រូវតែខំប្រឹងបំពេញកាតព្វកិច្ចរបស់អ្នកឲ្យអស់ពីលទ្ធភាពផង)។ ១០. មានសិល្បៈក្នុងការចែករំលែក ៖ មិនថាជាចំណេះដឹង ឬក៏បទពិសោធន៍ទាក់ទង និងមិនទាក់ទងនឹងជំនាញនោះទេ គឺគួរតែត្រូវបានចែករំលែកទៅកាន់សាធារណជន និងអ្នកដែលស្ថិតនៅក្នុងវិស័យដូចគ្នា។  (លោកអ្នកក៏អាចចាប់ផ្តើមថ្ងៃនេះផងដែរ បង្កើតអត្ថបទផ្ទាល់ខ្លួន) ១១. បើកចិត្តឲ្យទូលាយ ៖ ទោះបីជាមានមតិរិះគន់បែបណា គឺត្រូវតែហ៊ានទទួលស្គាល់ការពិត និងបើកចិត្តឲ្យបានទូលាយ ដើម្បីធ្វើការកែតម្រូវ និងអភិវឌ្ឍខ្លួនឲ្យល្អប្រសើរឡើង។ ប្រភព ៖ https://www.meddybear.net/10-tips-successful-doctor/ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top