Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល (stroke) ដែលជាមូលហេតុនៃការស្លាប់ចម្បងមួយទូទាំងពិភពលោក ត្រូវបានរកឃើញថា អាចកាត់បន្ថយ តាមរយៈការបរិភោគអាហារគ្មានអាស៊ីតខ្លាញ់ trans   ដែលមានក្នុងអាហារប្រចាំថ្ងៃជាច្រើនប្រភេទរបស់យើង។ គេហទំព័រល្បីៗជាច្រើនដូចជា Pharmacorama, Yale,New York Times ព្រមទាំងគេហទំព័ររបស់សមាគមជំងឺបេះដូងរបស់អាមេរិក ជាដើម បានលើកឡើងអំពីការសិក្សាមួយទើបនឹងត្រូវបានចុះផ្សាយនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៧ ដោយ  JAMA Cardiology អំពីការថយចុះ នៃការប្រឈមទៅនឹងជំងឺគាំងបេះដូង   និងដាច់សរសៃឈាមខួរក្បាល យ៉ាងគួរឲ្យកត់សម្គាល់ (៦.២ %) ត្រឹមរយៈពេលប្រហែល ៣ឆ្នាំប៉ុណ្ណោះ ចំពោះប្រជាជន​ នៅក្នុងតំបន់ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់នូវអាស៊ីតខ្លាញ់ (Trans- fatty acid) នៅក្នុងអាហារ បើប្រៀបនឹងតំបន់មិនមាន ការហាមឃាត់។ រំលឹកឡើងវិញអំពីឥទ្ធិពលអាក្រក់របស់អាស៊ីតខ្លាញ់ស្រឡាយ trans អាស៊ីតខ្លាញ់ដែលស្ថិតក្នុងស្រឡាយ trans ត្រូវបានបង្ហាញជាយូរមកហើយថា មានឥទ្ធិពលអាក្រក់មកលើសុខភាព  ដែលជាញឹកញាប់វាត្រូវបានអ្នកជំនាញផ្នែកសុខភាពណែនាំឲ្យមានការចៀសវាង  ឬយ៉ាងហោចណាស់ កាត់បន្ថយ កម្រិតប្រើប្រាស់របស់វា។ លទ្ធផលនៃការសិក្សាបានស្តែងឲ្យឃើញពីទំនាក់ទំនងកាន់តែច្បាស់នៃការកើនឡើងនូវហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមប្រភេទ 2  ដោយការបរិភោគអាស៊ីតខ្លាញ់ trans ជាមួយនឹងការពន្យល់អំពីការបង្កឲ្យកើនឡើង នៃសារធាតុខ្លាញ់អាក្រក់ (LDL) និងថយចុះវិញនៃខ្លាញ់ល្អ (HDL)។ ការជួបយ៉ាងញឹកញាប់នៃវត្តមានអាស៊ីតខ្លាញ់ស្រឡាយ trans ក្នុងអាហារចំពោះប្រភពពីធម្មជាតិរបស់វា ជាទូទៅឃើញមាននៅក្នុងសាច់គោ ទឹកដោះគោ និងផលិតផលពីទឹកដោះគោ ព្រមទាំងគ្រាប់រុក្ខជាតិមួយចំនួន (ផ្កាឈូករ័ត្ន អូលីវជាដើម)។ ក្រៅពីនេះ សារធាតុអាស៊ីតខ្លាញ់នេះ ត្រូវបានសំយោគឡើង ផងដែរ ហើយច្រើនរកឃើញនៅក្នុង ភីហ្សា សូកូឡា មុខម្ហូបចៀន បំពង ដុត អាហារដែលបានរៀបចំហើយស្រេច ព្រមទាំងប្រេងបន្លែ ដែលឆ្លងកាត់ការកែច្នៃ និងប័រ (ចម្រាញ់ពីខ្លាញ់សត្វ) ជាដើម។ ដោយឡែក ភាពពេញនិយមក្នុងប្រើប្រាស់របស់វានៅក្នុងឧស្សាហកម្មអាហារ គឺទាក់ទងនឹងសមត្ថភាពជួយបង្កើនរសជាតិ ការប្រើប្រាស់បានច្រើនដង តម្លៃថោក ងាយស្រួលប្រើ ធន់នឹងសីតុណ្ហភាព និងមិនងាយខូច។ ការកាត់បន្ថយកត្តាហានិភ័យដោយសារអាស៊ីតខ្លាញ់ស្រឡាយ trans យោងតាមសមាគមបេះដូងអាមេរិក អាហារប្រចាំថ្ងៃរបស់អ្នកគួរតែមានអាស៊ីតខ្លាញ់ trans តិចជាង 1%  ដែលទាមទារឲ្យអ្នកមានការប្រុងប្រយ័ត្នលើរបបអាហាររបស់អ្នកក្នុងរូបភាពមួយចំនួនដូចជា៖ • ពិនិត្យមើលស្លាកអាហារ និងចៀសវាងផលិតផលមានវត្តមានអាស៊ីតខ្លាញ់ trans៖   នៅសហរដ្ឋអាមេរិក   ផលិតផលដែលមានកម្រិតសារធាតុនេះ តិចជាង ០.៥ក្រាមនៃបរិមាណសម្រាប់ការបរិភោគម្តង នឹងត្រូវបានបង្ហាញជាតួលេខ ០ក្រាមនៅលើស្លាក។ ថ្វីត្បិតវាមានបរិមាណតិច តែករណីអ្នកប្រើផលិតផល ច្រើនមុខ ដែលមានសារធាតុនេះ ក៏អាចឲ្យអ្នកងាយនឹងប្រឈមជាមួយ ផលប៉ះពាល់ផងដែរ។ ម្យ៉ាងទៀត ជំនួសឲ្យការប្រើឈ្មោះ Trans fatty acid នៅលើស្លាក អ្នកក៏នឹងជួបស្លាកដែលមានដាក់ “partially hydrogenated oils” ផងដែរ។ • ប្រើប្រេងរុក្ខជាតិធម្មជាតិដែលមិនបានចម្រាញ់៖ ទោះជាពុំទាន់មានការបញ្ជាក់ច្បាស់លាស់ថា អាស៊ីតខ្លាញ់ធម្មជាតិ មានឥទ្ធិពលអាក្រក់ដូចគ្នា នឹងអាស៊ីតខ្លាញ់ ដែលត្រូវបានសំយោគឡើង ក៏វាត្រូវបានណែនាំដោយអ្នកជំនាញសុខភាពជាច្រើន ជំនួសឲ្យប្រេងបន្លែ ដែលមានអាស៊ីតខ្លាញ់ ក្រោមទម្រង់ សំយោគដែរ។ • កាត់បន្ថយអាហារដែលអាចមានសារធាតុអាស៊ីតខ្លាញ់នេះ៖  អាហារដែលបានរៀបចំហើយជាស្រេច  (សូម្បីតែបន្លែ ផ្លែឈើ)  នំដូណាត់ នំស្រួយ នំដុត នំខេក អាហារចៀន បំពងជាដើម។ • ការអនុវត្តបម្រាមក្នុងការប្រើប្រាស់អាស៊ីតខ្លាញ់ស្រឡាយ trans៖ នៅសហរដ្ឋអាមេរិក រដ្ឋមួយចំនួនបានអនុវត្តបម្រាមក្នុងការប្រើប្រាស់សារធាតុនេះ រួចមកហើយ។ ការិយាល័យសុវត្ថិភាពចំណីអាហារ និងថ្នាំ (FDA) របស់អាមេរិក ក៏បានលើកឡើងអំពីគម្រោងក្នុងការហាមឃាត់ការប្រើប្រាស់សារធាតុនោះ ក្នុងអាហារនៅក្នុងឆ្នាំ 2018 ខាងមុខនេះផងដែរ។ ស្របនឹងគម្រោងនេះ មានសំណួរមួយត្រូវបានចោទឡើងថា តើបណ្តារដ្ឋដទៃ  ព្រមទាំងប្រទេសនានាគួរអនុវត្តច្បាប់ប្រឆាំងនឹងការប្រើប្រាស់អាស៊ីតខ្លាញ់ trans នៅក្នុងអាហារដែរឬទេ?   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

លោកអ្នកកំពុងតែមិនពេញចិត្តជាមួយនឹងបបូរមាត់ខ្មៅ ស្ងួត គ្រើមរបស់អ្នកមែនទេ? ទោះបីអ្នកព្យាយាមប្រើក្រែមពណ៌ស្រស់ៗ ដើម្បីបិទបាំង យ៉ាងណាក៏ដោយ វានៅតែជាបញ្ហាចម្បងរបស់អ្នក ព្រោះថាក្រែមទាំងនោះមិនអាចបិទបាំងបានជារៀងរហូតនោះទេ។ ហេលស៍ថាម នឹងលើកឡើងពីវិធីសាស្ត្រធម្មជាតិងាយៗ ដើម្បីបញ្ចប់កង្វល់នៃបបូរមាត់ខ្មៅរបស់អ្នក ដូចខាងក្រោម៖ ទឹកក្រូចឆ្មារ៖ ក្រូចឆ្មារត្រូវបានដឹងថា មានលក្ខណសម្បត្តិជាថ្នាំធម្មជាតិដ៏ស័កិ្តសិទិ្ធ ហេតុនេះ វាជាឱសថធម្មជាតិនៅផ្ទះដ៏មានប្រសិទ្ធភាពមួយជួយឲ្យបបូរមាត់ខ្មៅ របស់អ្នក មានពន្លឺភ្លឺឡើងវិញ។ មិនតែប៉ុណ្ណោះ វាថែមទាំងអាចកម្ចាត់ចេញនូវ ចំនុចខ្មៅៗដែលមានលើបបូរមាត់ ក៏ដូចជាស្បែករបស់អ្នកបានដែរ។ លោកអ្នក គ្រាន់តែច្របាច់យកទឹក  រួចប្រើវាលាបលើបបូរមាត់របស់អ្នករៀងរាល់យប់ មុនពេលចូលគេង នោះអ្នកនឹងទទួលបានបបូរមាត់រលោង រួមជាមួយពណ៌ស៊ីជំពូ ប្រកបដោយភាពទាក់ទាញ។ ទឹកឃ្មុំ៖ ទឹកឃ្មុំក៏ជាថ្មាំធម្មជាតិមួយប្រភេទនៅផ្ទះដែរ ដែលអាចព្យាបាលបបូរមាត់ខ្មៅបាន ដោយសារវ័យកាន់តែចាស់ និងកត្តាខាងក្រៅមួយចំនួន។ លោកអ្នក អាចអនុវត្តដោយលាបទឹកឃ្មុំនៅលើបបូរមាត់អ្នករៀងរាល់យប់ ហើយទុកវាឲ្យស្ងួតពេញមួយយប់តែម្តង វាមិនត្រឹមតែធ្វើឲ្យបបូរមាត់អ្នកភ្លឺនោះទេ ថែមទាំង ជួយឲ្យទន់ទៀតផង។ ទឹកត្រសក់៖ វាមានផ្ទុកដោយសារធាតុធម្មជាតិ ជួយឲ្យបបូរមាត់ភ្លឺរលោង ផ្តល់ភាពសម្រាក និងជួយចិញ្ចឹមស្បែកបបូរមាត់របស់អ្នកទៀតផង។ អ្នកគ្រាន់តែយក ត្រសក់ចិត ហើយកិន ឬក្រឡុកឲ្យក្លាយជាទឹក បន្ទាប់មកយកសំឡីមូលៗ ជ្រលក់លាបលើបបូរមាត់ ទុករយៈពេល២០នាទី ទៅ៣០នាទី សឹមលាងជាមួយនឹង ទឹកស្អាត ដោយលោកអ្នកអាចអនុវត្តម្តងក្នុងមួយថ្ងៃ។ ប្រេងអូលីវ៖ ក្នុងប្រេងអូលីវមានផ្ទុកនូវសារធាតុរ៉ែសំខាន់ៗ វីតាមីន និងសារធាតុបំប៉នផ្សេងៗជាច្រើន ដូចនេះ កាលណាលាបប្រេងអូលីវនៅពេលយប់ នឹងជួយបន្ទន់ស្បែកបបូរមាត់ និងជួយឲ្យភ្លឺរលោង។ ប្រេងដូង៖ ប្រេងដូងមានផ្ទុកនូវអាស៊ីតខ្លាញ់ដែលជួយឲ្យបបូរមាត់មានសុខភាពល្អ ផ្តល់សំណើម និងធ្វើឲ្យបបូរមាត់របស់អ្នកឡើងពណ៌ស៊ីជំពូស្រស់ថ្លា។ គួរបញ្ជាក់ថា លោកអ្នកអាចលាបប្រេងដូងតាមតម្រូវការ ទាំងនៅពេលថ្ងៃ និងពេលយប់។ ប្រទាលកន្ទុយក្រពើ៖ ក្នុងប្រទាលកន្ទុយក្រពើមានជាតិ Flavonoid ឬហៅថា Aloesin ដែលសមាសភាគនេះ អាចរារាំងដំណើរការផលិតជាតិពណ៌ របស់ស្បែក ជាហេតុធ្វើឲ្យបបូរមាត់អ្នកឡើងភ្លឺ។ លោកអ្នកគ្រាន់តែលាបប្រទាលកន្ទុយក្រពើលើបបូរមាត់របស់អ្នកទុកឲ្យស្ងួត រួចលាងសម្អាត​ ជាមួយនឹង ទឹកក្តៅឧណ្ហៗ ដោយអនុវត្តម្តងក្នុងមួយថ្ងៃ នោះអ្នកនឹងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ 6 ជម្រើសខាងលើនឹងធ្វើឲ្យក្តីប្រាថ្នានៃបបូរមាត់ស៊ីជំពូរបស់អ្នកក្លាយជាការពិត បើអញ្ចឹង សូមកុំចាំដល់ស្អែកណា… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជំងឺមហារីកភាគច្រើន  កើតឡើងចំពោះមនុស្សដែលមានវ័យចំណាស់ មិនថាបុរស ឬស្រ្តីនោះទេ ចំណែកស្រ្តីដែលស្ថិតក្នុងវ័យអស់រដូវមានអត្រាប្រឈមទៅនឹង ជំងឺមហារីកខ្ពស់ជាង  ៣ដង  បើប្រៀបធៀបចំពោះស្រ្តីដែលពុំទាន់អស់រដូវ។  ជាទូទៅជំងឺមហារីក  អាចនឹងកើតមានឡើងក្នុងអត្រា ៦០% ចំពោះស្រ្តី ក្នុងចន្លោះ អាយុ ៤៨ឆ្នាំ ដល់ ៥១ឆ្នាំ ដែលជាទូទៅ សភាពជំងឺអាចស្តែងចេញជាដំណាក់កាលដំបូងដោយមិនបញ្ចេញជារោគសញ្ញាគួរឲ្យកត់សម្គាល់នោះទេ ហើយអត្រានោះ នឹងកើនឡើងប្រសិនបើអាយុរស់មធ្យមរបស់ស្រ្តីកាន់តែវែង (អាចមានអាយុដល់ទៅ ៧៥ឆ្នាំ ជាមធ្យម)។ តើប្រភេទជំងឺមហារីកណាខ្លះដែលកើតជាញឹកញាប់? ចំពោះស្រ្តីដែលឈានចូលដល់វ័យក្រោយអស់រដូវ អាចនឹងមានការប្រឈមទៅនឹងជំងឺមហារីកជាញឹកញាប់ដូចជា៖ • មហារីកមាត់ស្បូន៖ មិនមែនជាជំងឺតពូជ តែវាបង្កឡើងដោយវីរុសប្រភេទ Human Papillomavirus (HPV) ដែលហែ្សនរបស់មេរោគ បានទៅភ្ជាប់ខ្លួនជាមួយហ្សែនមាននៅក្នុងកោសិកាមាត់ស្បូន ជាលទ្ធផលវាបង្កើតបានជាហែ្សនថ្មីមិនធ្លាប់មានពីមុនមកនៅក្នុងខ្លួនរបស់យើង ហើយអាចបញ្ចេញប្រូតេអ៊ីន E6 និងE7 ដែលជាភ្នាក់ងារយ៉ាងសំខាន់ក្នុងការបង្ករោគជាជំងឺមហារីក។ • មហារីកសុដន់៖ ជាជំងឺមហារីកដែលកើតមានឡើងដោយមានការប្រែប្រួលនៃហែ្សនពីរប្រភេទគឺ BRCA1 និងBRCA2 កាលណាស្រ្តីមានផ្ទុកនូវ​ ហែ្សនប្រភេទនេះ បង្កឲ្យមានហានិភ័យក្នុងការចម្លងទៅដល់កូន។ យ៉ាងណាមិញ គ្រប់បុគ្គលទាំងអស់ មិនសុទ្ធតែត្រូវឆ្លងជំងឺមហារីកសុដន់ពីម្តាយនោះទេ តែក្នុងករណីនេះ ពួកគេមានអត្រាដែលអាចកើត ខ្ពស់ជាងអ្នកដែលពុំមានប្រវត្តិកើតមហារីកសុដន់។ • ក្រៅពីជំងឺមហារីកទាំងពីរខាងលើ ស្រ្តីវ័យក្រោយអស់រដូវក៏អាចប្រឈមទៅនឹងជំងឺមហារីកផ្សេងទៀតដូចជា មហារីកក្រពះ  ពោះវៀនធំ ខួរក្បាល ឈាម ឬមហារីកឆ្អឹង  ដែលវានឹងអាចកើតឡើងជាទូទៅដូចទៅនឹងបុរសដែរ។ តើមានកត្តាអ្វីខ្លះបង្កជាជំងឺមហារីក? ក្នុងសម័យបច្ចុប្បន្ន អ្នកវិទ្យាសាស្រ្តពុំទាន់កំណត់ឲ្យបានច្បាស់ពីមូលហេតុពិតប្រាកដនៃការបង្កជាជំងឺមហារីកនោះទេ តែគេអាចឃើញមានកត្តាមួយចំនួន ដូចជា៖ • ស្រ្តីក្នុងវ័យអស់រដូវ តែងមានបញ្ហាលើផ្លូវចិត្តដែលបង្កជា ស្ត្រេស។​ វាជាដើមចមមួយបង្កឲ្យហែ្សនក្នុងណៃ្វយ៉ូនៃកោសិកាមានការប្រែប្រួលប ង្កើតបានជាហែ្សនថ្មី ដែលអាចផលិតប្រូតេអ៊ីនជាភ្នាក់ងារនៃជំងឺមហារីក។​ យ៉ាងណាមិញ ការផលិតនូវហែ្សនដែលផ្លាស់ប្តូរនោះ គឺទាមទាររយៈពេលយូរ យ៉ាងហោចណាស់ ១៥ ទៅ ២០ឆ្នាំ។ • ចំពោះស្រ្តីដែលឆាប់មានរដូវ និងយូរក្នុងការអស់រដូវ ជាលក្ខខណ្ឌមួយដែលស្រ្តីអាចនឹងមានហានិភ័យខ្ពស់កើតមានជំងឺមហារីក ដោយសារស្រ្តីក្នុងលក្ខខណ្ឌ បែបនេះ ស្ថិតនៅក្រោមឥទ្ធិពលនៃអ័រម៉ូន Estrogen រយៈពេលយូរ។ • ជំងឺមហារីកអាចបង្កផងដែរ ពីពពួកបាក់តេរី វីរុសផ្សេងៗមួយចំនួន ក៏ដូចជាប៉ារ៉ាស៊ីតដែលមានក្នុងខ្ចៅ ខ្យង លៀសជាដើម។ • សារធាតុក្នុងបរិស្ថានជុំវិញ និងខ្យល់បរិយាកាស ដូចជាផ្សែងឡាន ម៉ូតូ សារធាតុរ៉ែដែលមានសារធាតុវិទ្យុសកម្ម និងពន្លឺព្រះអាទិត្យ ក៏ចូលរួមចំណែក បង្កឲ្យមានជំងឺមហារីកមួយចំនួនផ្សេងទៀតផងដែរ។   វិធីសាស្រ្តការពារ កាត់បន្ថយការកើតមហារីក • វិធីសាស្រ្តដោយឡែក៖ ចំពោះស្រ្តីមិនទាន់មានគ្រួសារ គួរធ្វើការចាក់វ៉ាក់សាំង ចំពោះប្រភេទមហារីកដែលអាចធ្វើទៅបាន ដូចជាមហារីកមាត់ស្បូនជាដើម។ ចំពោះស្រ្តីក្នុងវ័យអស់រដូវ ត្រូវពិនិត្យតាមដាន និងរកមើលសញ្ញាដំបូងនៃជំងឺមហារីក (Early detection) ដូចជា ការរកមើលកោសិកា មហារីកមាត់ស្បូន រយៈពេល ១ ឬ២ឆ្នាំម្តង និងការពិនិត្យសុដន់តាមវិធីសាស្រ្ត mammography រហូតដល់អាយុ ៧២ឆ្នាំ។ • វិធីសាស្រ្តជារួម៖ កាត់បន្ថយបញ្ហាស្ត្រេស  ដោយចំណាយពេលវេលាសម្រាប់លំហែកាយ និងអារម្មណ៍ តាមរយៈការធ្វើលំហាត់ប្រាណបែបរាំ ឬយោគៈ គួរដើរឲ្យបាន ២០,០០០ជំហាន ក្នុងមួយសប្តាហ៍ កាត់បន្ថយការហូបអំបិល ខ្លាញ់ និងរក្សាទម្ងន់ឲ្យមានស្ថេរភាព។ បកស្រាយដោយ៖ សាស្ត្រាចារ្យ អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ការឃាត់ឃាំងកុមារក្នុងការទទួលបាននូវចំណីអាហារ នៅពេលពួកគេមានបញ្ហាលើសទម្ងន់មិនមែនជាវិធីសាស្រ្តត្រឹមត្រូវនោះទេ ដោយអ្នកត្រូវ យល់ថាការបង្អត់អាហារអាចអនុវត្តបានតែចំពោះបុគ្គលដែលពេញវ័យតែប៉ុណ្ណោះ។ កុមារ ជាវ័យដែលគួរទទួលបាននូវរបបអាហារដែលមានជីវជាតិ និងក្នុងកម្រិតមួយដែលគ្រប់គ្រាន់សម្រាប់សុខភាព ក៏ដូចជាការលូតលាស់បានល្អ ចំណែកបញ្ហានៃការលើសទម្ងន់ ភាគច្រើនបណ្តាលមកពីភាពមិនស្មើគ្នារវាងការបញ្ចូលថាមពល (ញ៉ាំអាហារ) និងការបញ្ចេញថាមពល (ធ្វើចលនា ឬលំហាត់ប្រាណរបស់កុមារ)។ ដូច្នេះ វិធានការដោះស្រាយការលើសទម្ងន់ គួរតែធ្វើឡើងដោយសុវត្ថិភាព មិនមែនដោយការបង្អត់អាហារនោះទេ ដែលចំណុចខាងក្រោមអាចជាការណែនាំដ៏ល្អសម្រាប់អាណាព្យាបាលទាំងអស់។ 1.  កំណត់តម្រូវការកាឡូរី៖ កម្រិតកាឡូរី​ប្រចាំថ្ងៃរបស់កុមារអាចប្រែប្រួលពីចន្លោះ ១,០០០ ទៅ២,០០០ កាឡូរី សម្រាប់កុមារ​ដែលមានអាយុចន្លោះ ៣ ទៅ ១៣ឆ្នាំ។ បើទោះបីកុមារមានបញ្ហាលើសទម្ងន់ ពួកគេនៅតែអាចទទួលបានចំនួនកាឡូរីគ្រប់គ្រាន់ក្នុងវ័យនីមួយៗ គ្រាន់តែទាមទារឲ្យមានការ ធ្វើចលនា នៃរាងកាយឲ្យបានច្រើន ដើម្បីអាចប្រើប្រាស់នូវថាមពលដែលបានបញ្ចូលពីចំណីអាហារទាំងនោះ។ 2.  ចាប់ផ្តើមដោយជំហានតូច៖ ផ្តាច់ចំណី មិនត្រូវបានណែនាំនោះទេ អ្នកគួរចាប់ផ្តើមកែប្រែបន្តិចម្តងៗរហូតដល់ក្លាយជាទម្លាប់ តួយ៉ាងដូចជា៖ •   ផ្តល់ទឹកដោះគោ ឬភេសជ្ជៈដែលមិន​មានជាតិធាត់ (nonfat) ជំនួសពីផលិតផល​ដែលមានជាតិស្ករ។ •   អាហារពេលព្រឹកត្រូវតែមានជីវជាតិគ្រប់គ្រាន់​​ ដោយអ្នកអាចរៀបចំជាពពួកគ្រាប់ធញ្ញជាតិ ព្រោះអាហារប្រភេទនេះអាចឲ្យកុមា ​ញ៉ាំឆាប់ឆ្អែត ក្នុងនោះបន្លែ និងផ្លែឈើក៏មិន​គួរមើលរំលងសម្រាប់ជារបបអាហារប្រចាំ​ថ្ងៃផងដែរ។ •   កាត់បន្ថយការញ៉ាំអាហារខាងក្រៅ ជាពិសេសប្រភេទ Fast Food។ 3.  ធ្វើចលនារាងកាយ៖ កុមារគ្រប់រូបគួរចំណាយពេលសម្រាប់ការធ្វើចលនា ដើម្បីបញ្ចេញថាមពល យ៉ាងហោចណាស់​ ៦០នាទីជារៀងរាល់ថ្ងៃ ដែលការធ្វើចលនានោះអាច​រួមបញ្ចូលដូចជា៖ •  ដើរកំសាន្ត ឬជិះកង់ជាមួយគ្រួសារ •  ការហែលទឹក រាំ ឬរត់នៅតាមសួនកុមារ​ជាដើម •  ឲ្យកុមារចំណាយពេល និងធ្វើសកម្មភាពនៅខាងក្រៅ ជាជាងបណ្តោយឲ្យពួកគេមើលទូរទស្សន៍ ឬប្រើប្រាស់គ្រឿងអេឡិចត្រូនិច។ 4.  ធ្វើជាគំរូល្អ៖ មិនគួរចាត់វិធានចំពោះ កូនរបស់អ្នកតែម្នាក់នោះទេ ក្រុមគ្រួសារ ទាំងមូលរួមទាំងអ្នកផ្ទាល់ក៏គួរតែចាប់ផ្តើមអនុវត្តនូវគម្រោងអាហារ និងការថែរក្សា សុខភាពរាងកាយ ដែលនេះជាគំរូយ៉ាងល្អសម្រាប់ឲ្យកុមារអនុវត្តតាម និងអាចបណ្តុះទម្លាប់របស់ពួកគេ។ 5.  រក្សាភាពអត់ធ្មត់៖ ការចាប់ផ្តើមដំបូងតែងតែមានភាព តឹងតែង កុមារអាចនឹងមិនព្រម​ទទួល ឬរឹងទទឹង តែយ៉ាងណាមិញ ​អ្នកត្រូវមានភាពអត់ធ្មត់ បន្តផ្តល់ឲ្យកុមារនូវទម្លាប់ ថ្មីនោះជារៀងរាល់ថ្ងៃ ដោយសារការសិក្សាបានបង្ហាញថា វាត្រូវការពេលវេលាខ្លះសម្រាប់ឲ្យកុមារអាចទទួលយក និងសម្របខ្លួន បានជាមួយនឹងអ្វីដែលថ្មី។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ស្ត្រី ជាពិសេសនៅជុំវិញវ័យអស់រដូវរបស់ពួកគេ ជាធម្មតាតែងសង្កេតឃើញនូវការផ្លាស់ប្តូរជាច្រើន ដែលក្នុងនោះការឡើងទម្ងន់ជាបញ្ហាដែលគួរឲ្យ បារម្ភមួយ ស្របពេលដែលស្ត្រីកំពុងស្ថិតក្នុងដំណាក់កាលដែលងាយនឹងរងឥទ្ធិពលលើបញ្ហាសុខភាពនានា។ បាតុភូតធម្មជាតិមួយចំនួនដែលកើតមាននៅជុំវិញវ័យអស់រដូវ និងកើនឡើងជាបន្តបន្ទាប់ទៅតាម អាយុ ត្រូវបានបង្ហាញថាជាមូលហេតុនៃ ការឡើងទម្ងន់របស់ស្ត្រី ដែលក្នុងនោះរួមមាន៖ • ការថយចុះនូវល្បឿនក្នុងការធ្វើមេតាបូលីសដែលធ្វើឲ្យការដុតបំផ្លាញកាឡូរីថយចុះ • ការប្រែប្រួលនូវដំណើរអ័រម៉ូន ដែលអាចបង្កើននូវការស្តុកទុកនៃសារធាតុខ្លាញ់ • ការបាត់បង់នូវជាលិកាសាច់ដុំ ដែលធ្វើឲ្យបន្ថយការធ្វើសកម្មភាព និងការហាត់ប្រាណ • ការសម្រាកមិនបានស្រួល ដោយសាររោគសញ្ញានៃការអស់រដូវដូចជាភាពក្តៅ និងបែកញើសពេលយប់ជាដើម ដែលមានទំនាក់ទំនងនឹងការឡើងទម្ងន់ • ការកើនឡើងនៃការប្រើប្រាស់មិនបាននៃអាំងស៊ុយលីនក្នុងខ្លួន ដែលធ្វើឲ្យជាតិស្ករមិនត្រូវបានប្រើប្រាស់ និងស្តុកទុកធ្វើឲ្យឡើងទម្ងន់។ ទម្ងន់ដែលលើសរបស់ស្ត្រីអាចផ្តល់នូវផលអវិជ្ជមាន ដែលជះឥទ្ធិពលលើគុណភាពជីវិតរបស់ពួកគេបន្ថែមទៀតដោយក្នុងនោះរួមមានផងដែរ នូវជំងឺរ៉ាំរ៉ៃដូចជា ជំងឺសរសៃឈាមបេះដូង និងទឹកនោមផ្អែម ជាដើម។ ដើម្បីបញ្ចៀសនូវរាល់បញ្ហាទាំងនេះ ការបន្ថយ ក៏ដូចជាគ្រប់គ្រងទម្ងន់តាមរយៈ ការផ្លាស់ប្តូរនូវបែបបទ ក្នុងការរស់នៅពិតជាចូលរួមចំណែក យ៉ាងចាំបាច់។ 1. របបអាហារ ការគ្រប់គ្រងទម្ងន់ ពឹងផ្អែកលើការគ្រប់គ្រងរបបអាហារដល់ទៅជាង ៨០%។ មិនខុសពីអាហារសុខភាពដទៃ តុល្យភាពនៃអាហារគួរតែមានរួមបញ្ចូល នូវអាហារសរសៃ បន្លែផ្លែឈើស្រស់ និងអាហារដែលជាប្រភពនប្រូតេអុីនជាដើម។ គួរបញ្ជាក់ថា ថ្វីត្បិតការកាត់បន្ថយអាហារសម្បូរ កាឡូរីអាចជួយ ក្នុងការ សម្រក ទម្ងន់ ក៏ប៉ុន្តែករណីដែលអ្នកកាត់បន្ថយអាហារទាំងនេះខ្លាំងពេកនោះ អ្នកបែរជាប្រឈមនឹងការកើនទម្ងន់ទៅវិញដោយសារ តែការបាត់បង់ នូវការកសាងសាច់ដុំ និងការកាត់បន្ថយមេតាបូលីស។ 2. សកម្មភាពប្រចាំថ្ងៃ គួរចងចាំថា អាការៈរំខានដែលកើតឡើងនៅពេលអស់រដូវអាចធ្វើឲ្យស្ត្រីផ្ទាល់មិនចង់ធ្វើសកម្មភាព ឬជំរុញខ្លួនឯងឲ្យធ្វើលំហាត់ប្រាណ ក៏ប៉ុន្តែ ការរក្សាភាពសកម្មនៅក្នុងវ័យនេះ ពិតជាអាចជួយឲ្យពួកគេទប់ទល់នឹងអាការៈទាំងនេះបាន និងផ្តល់នូវអារម្មណ៍កាន់តែប្រសើរទៅវិញបន្ទាប់ពីបាន ធ្វើវា។ ការដើរ រត់ត្រឹកៗ ជិះកង់ ហែលទឹក ឡើងចុះជណ្តើរ និងរាំជាដើម ជាសកម្មភាព ក៏ដូចជាលំហាត់ប្រាណដែលធ្វើឲ្យមានការប្រើប្រាស់អុកស៊ីហ្សែន បានល្អ ហើយវាក៏ជំរុញផងដែរនូវការដុតបំផ្លាញកាឡូរីក្នុងចំនួនដ៏ច្រើន។ សកម្មភាពនេះ មិនត្រឹមអាចការពារពីការឡើងទម្ងន់  តែក៏កាត់បន្ថយ ការប្រឈម នឹងជំងឺបេះដូងដែលកើតមានជាញឹកញាប់ចំពោះស្ត្រីផងដែរ។ 3. លំហាត់ប្រាណដ៏សម្បូរបែប ការហ្វឹកហាត់ដែលជួយដល់ការកសាងសាច់ដុំ ការហាត់ប្រាណបែបទាញ លំហាត់ប្រាណរក្សាលំនឹង និងចលនាយោគៈ សមាធិព្រមទាំងលំហាត់ប្រាណ បែបសម្រាកផ្សេងទៀត គួរតែត្រូវបាន រួមបញ្ចូលក្នុងកាលវិភាគហាត់ប្រាណរបស់ស្ត្រីអស់រដូវ ដោយសារវាសុទ្ធសឹងតែមានអត្ថប្រយោជន៍ចំពោះស្រ្តី ក្នុងការកាត់បន្ថយការប្រឈមនឹងបញ្ហាសុខភាពទាំងរាងកាយ និងផ្លូវចិត្តដែលអាចនឹងកើតមានឡើងនៅអំឡុងវ័យអស់រដូវ។ 4. បង្កើនគុណភាពក្នុងការរស់នៅ • សម្រាកឲ្យបានគ្រប់គ្រាន់ និងពេញលេញ៖ ការសម្រាកគ្រប់គ្រាន់ធ្វើឲ្យអ្នកអាចចៀសវាងនូវការកើននៃអ័រម៉ូនដែលជំរុញឲ្យឃ្លាន និងកើនទម្ងន់។ ដោយឡែក ដើម្បីសម្រាកលក់ស្រួល ស្ត្រីត្រូវកាត់បន្ថយការរំខានការសម្រាកដោយអាការៈនៃការអស់រដូវដោយ ការស្លៀកសម្លៀកបំពាក់ស្តើង ការរក្សាជាតិទឹកក្នុងខ្លួន កន្លែងគេងមានផាសុកភាព សីតុណ្ហភាពបន្ទប់សមស្រប និងគន្លឹះផ្សេងៗទៀតដែលណែនាំដោយអ្នកជំនាញ។ • រក្សាទំនាក់ទំនងសង្គម៖ មិនថាទំនាក់ទំនងក្នុងគ្រួសារ មិត្តភក្តិ អ្នកជិតខាង ឬសហគមន៍ និងការស្គាល់មនុស្សថ្មីៗ អាចជួយឲ្យស្ត្រីរក្សានូវ ការធ្វើសកម្មភាព មានភាពរីករាយ កាត់បន្ថយភាពធុញថប់ និងស្ត្រេស ដើម្បីការពារការកើនទម្ងន់។ • ទៅជួបពិភាក្សាជាមួយអ្នកជំនាញ៖ ដំបូន្មានល្អៗសម្រាប់ការរស់នៅ ក៏ដូចជាការរក្សាទម្ងន់ពីអ្នកជំនាញ ជួយឲ្យអ្នកទប់ទល់នឹងបញ្ហានានា ដែលអាចកើតឡើងប្រកបដោយប្រសិទ្ធភាព។ ដូចនេះ ចំពោះស្ត្រីទាំងអស់ ការចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅឲ្យបានកាន់តែឆាប់ គឺកាន់តែល្អ ដើម្បីចៀសផុតពីបញ្ហាកើនទម្ងន់ដ៏ពេញនិយម ក៏ដូចជាកាត់បន្ថយរោគសញ្ញារំខានផ្សេងៗនៃការអស់រដូវ និងឆ្លងកាត់ជីវិតក្នុងដំណាក់កាលថ្មីនេះ ប្រកបដោយភាពរីករាយ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ការរក្សារបបអាហារឲ្យបានត្រឹមត្រូវអំឡុងពេលមានផ្ទៃពោះគឺជារឿងសំខាន់។ ក្នុងអំឡុងពេលនេះ រាងកាយរបស់ស្ត្រីត្រូវការអាហារូបត្ថម្ភបន្ថែម ជាពិសេសពពួកវីតាមីន និងសារធាតុរ៉ែជាដើម។ ជាការពិត នៅអំឡុងត្រីមាសទី ២ និងទី៣ ស្រ្តីត្រូវការថាមពលបន្ថែមរហូតដល់៣៥០ ទៅ ៥០០ កាឡូរីក្នុងមួយថ្ងៃ ដែលនេះអាចធ្វើឲ្យស្រ្តីបរិភោគច្រើនលើសកម្រិត។  ការបរិភោគលើស ឬខ្វះសារធាតុចិញ្ចឹមសុទ្ធតែអាចជះឥទ្ធិពលអវិជ្ជមានដល់ ការលូតលាស់របស់ទារក។ លើសពីនេះ ការបរិភោគលើសតម្រូវការ ក៏បង្កជាផលវិបាកដល់មាតាដូចជា ការលើសទម្ងន់ ការកើតមានជំងឺទឹកនោមផ្អែម ដែលវាបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរនៅពេលសម្រាល។ ផ្ទុយទៅវិញ ការបរិភោគអាហារឲ្យបានសមស្រប នឹងធានាដល់សុខភាពមាតា និងទារក។ ខាងក្រោមនេះជាអាហារ ១៣ប្រភេទដែលស្រ្តីមានផ្ទៃពោះគួរបរិភោគ ដើម្បីទទួលបានសុខភាពល្អទាំងម្តាយនិងទារក៖ 1 ពពួកសណ្តែក៖ វាជាប្រភពអាហារដ៏សំខាន់ ព្រោះវាសម្បូរវីតាមីន B9 ,ហ្វាយប័រ (Fiber) និងសារធាតុចិញ្ចឹមជាច្រើនទៀត។ វីតាមីន B9 ជួយដល់ការលូតលាស់ ប្រព័ន្ធប្រសាទរបស់ទារក។ កង្វះវីតាមីនB9អាចធ្វើឲ្យទារកងាយឆ្លងជំងឺនៅពេលក្រោយ។ 2 ស៊ុត៖ ស៊ុតសម្បូរសារធាតុចិញ្ចឹមច្រើនប្រភេទ។ ការបរិភោគស៊ុតជាជម្រើសមួយដ៏ប្រសើរក្នុងការបង្កើនសារធាតុចិញ្ចឹមដល់រាងកាយ។ លើសពីនេះ ស៊ុតមានផ្ទុក សារធាតុ choline ដែលជាសារធាតុចាំបាច់សម្រាប់ការលូតលាស់របស់ខួរក្បាល។  3 Broccoli និងបន្លែបៃតង៖ Broccoli និងបន្លែបៃតងសម្បូរ សារធាតុចិញ្ចឹមដែលស្រ្តីមានផ្ទៃពោះត្រូវការ។ វាក៏សម្បូរនូវពពួក Antioxidant ដែលជួយឲ្យសម្រស់ក្មេងជាងវ័យ និង ការពារពីជំងឺមួយចំនួន។  សារធាតុ Fiber ដែលវាផ្ទុកជួយបង្ការនិងការពារអាការៈទល់លាមកផងដែរ។ 4 សាច់គ្មានខ្លាញ់៖ សាច់គ្មានខ្លាញ់ជាប្រភពប្រូតេអុីនដ៏សម្បូរបែប។ សាច់ ជ្រូក និងសាច់គោសម្បូរជាតិដែក, choline និង vitamin B ដែលជាសារធាតុចាំបាច់សម្រាប់ ស្ត្រីមានផ្ទៃពោះ។ 5 សាច់ត្រី Salmon៖ សាច់ត្រីនេះសម្បូរ omega-3, EPA និង DHA ដែលសុទ្ធតែមានសារប្រយោជន៍ដល់ការលូត-លាស់ខួរក្បាល និងភ្នែក។ វាក៏ជាប្រភពនៃវីតាមីនDផងដែរ។ 6 គ្រាប់ធញ្ញជាតិ៖ ពួកវាសម្បូរដោយ Fiber  និងវីតាមីន ដែលសុទ្ធតែល្អសម្រាប់ស្ត្រីមានផ្ទៃពោះ។ 7 ដំឡូងជ្វា៖ វាជាប្រភពនៃ Beta-carotene ដែលរាងកាយនឹងបំលែងទៅជា វីតាមីន A ។ វីតាមីននេះជួយដល់ការលូតលាស់កោសិកា របស់ទារក។ 8 ទឹក៖ ទឹក ជួយបង្កើនបរិមាណឈាម នៅពេលមានផ្ទៃពោះ។ ខ្វះជាតិទឹកអាចធ្វើឲ្យទល់លាមក និងរលាកតម្រងនោម។ ស្រ្តីគប្បីពិសាទឹកឲ្យបានច្រើន ក្នុងអំឡុងពេលនេះ យ៉ាងតិចឲ្យបាន ២លីត្រក្នុងមួយថ្ងៃ។ 9 ប្រេងថ្លើមត្រី៖ ប្រេងប្រភេទនេះ សម្បូរ Omega-3, Vitamin D និងVitamin A។ ជាទូទៅវាល្អសម្រាប់អ្នកដែលមិនពិសាគ្រឿងសមុទ្រ។ 10 ផលិតផលទឹកដោះគោ៖ ផលិតផលទឹកដោះគោ ជាពិសេសយ៉ាអួ គឺជាជម្រើសដ៏ល្អសម្រាប់ស្រ្តីមានផ្ទៃពោះ។ វាសម្បូរប្រូតេអុីន និងកាល់ស្យូម។ សារធាតុប្រូប្យូទិកក្នុងយ៉ាអួ ក៏ជួយកាត់បន្ថយបញ្ហាមួយចំនួនដូចជា កាត់បន្ថយឱកាសកើតទឹកនោមផ្អែម ការពារការរលាកប្រដាប់ភេទ និង ប្រតិកម្មអាល្លែកហ្ស៊ី។ 11 ផ្លែប៊័រ៖ ផ្លែនេះសម្បូរ Monounsaturated fatty acid, Fiber ,Folate និង Potassium។ វាជួយកាត់បន្ថយអាការៈស្ពឹកស្រពន់ជើងដែលច្រើនជួបប្រទះនៅ ពេលមានផ្ទៃពោះ។ 12 ផ្លែប័ររី៖ វា ជាផ្លែឈើដែលសម្បូរជាតិទឹក vitamin C, Fiber និងសារធាតុ Antioxidant។ បរិភោគផ្លែនេះនៅពេលមានផ្ទៃពោះ ជួយបង្កើនសារធាតុចិញ្ចឹម និងជាតិទឹកក្នុងរាងកាយ។ 13 ដំណាប់ផ្លែឈើ៖ វាមានប្រយោជន៍ចំពោះស្រ្តីមានផ្ទៃពោះ ដោយសារវាសម្បូរសារធាតុចិញ្ចឹម។ វាមានទំហំតូចធ្វើឲ្យបរិភោគបានច្រើន ជួយឲ្យទទួលបានសារធាតុ ចិញ្ចឹមច្រើន។ តែមិនត្រូវបរិភោគច្រើនពេកទេ ព្រោះវាមានជាតិស្ករខ្ពស់។ ចែករំលែកដោយ ៖ ឱសថការីឧត្តម ចាប ច័ន្ទរតនា អ្នកត្រួតពិនិត្យគុណភាពឱសថនៃសហគ្រាសផលិតឱសថ ជា ចំណាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។    

ចែករំលែក

ផ្លែឈើម្យ៉ាងដែលត្រូវបានគេស្គាល់ថាមានរសជាតិជូរតិចៗ តែផ្អែមជាប់មាត់ពេលអ្នកបរិភោគរួច ហើយមានសាច់ខាងក្នុងពណ៌ស ខាប់អន្ធិលនោះគឺ ផ្លែទៀប។ ផ្លែទៀបនេះទទួលបានការពេញចិត្តនៅប្រទេសហ្វីលីពីនក្នុង ការកម្ចាត់ពពួក​ប៉ារ៉ាស៊ីត។ ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ វាក៏ផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពលោកអ្នកដែរ ព្រោះវាសម្បូរនូវវីតាមីន សារធាតុរ៉ែជាដើម។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីសារសំខាន់ដែលនឹកស្មានមិនដល់ មានដូចខាងក្រោម៖ ការពារជើងរមួល៖ លោកអ្នកដែលខ្វះប៉ូតាស្យូមតែងតែជួបអាការៈរមួលក្រពើ ដូច្នេះផ្លែទៀបគឺជាជម្រើសល្អបំផុតព្រោះវាសម្បូរប៉ូតាស្យូមច្រើន។ ធ្វើឲ្យឆ្អឹងមានសុខភាពល្អ៖ ដោយសារផ្លែទៀបមានផ្ទុកនូវកាល់ស្យូម ទង់ដែង ស័ង្កសី វីតាមីនដេ ម៉ាញេស្យូម និងម៉ង់កាណែស។ ការពារការទល់លាមក៖ ផ្លែទៀបសម្បូរជាតិ fiber ដែលវាអាចសម្រួលដល់ចលនារបស់ពោះវៀនធំ និងអាចការពារជំងឺមហារីកពោះវៀនទៀតផង។ ការពារជំងឺប្រកាំង៖ សារធាតុរីបូហ្រ្វាវីន (Riboflavin) ដែលមាននៅក្នុងផ្លែទៀបត្រូវបានគេរកឃើញថាអាចការពាររោគប្រកាំងបាន។ ការពារភាពតានតឹងសម្រាប់ស្រ្តីមានផ្ទៃពោះ៖ ផ្លៃទៀបសម្បូរសារធាតុ folate ដែលជាសារធាតុចាំបាច់ ខ្លាំងសម្រាប់ស្ត្រីមានគភ៌។ ប្រសិនបើស្រ្តី មិនទទួលទាន folate ឲ្យបានគ្រប់គ្រាន់ទេនោះងាយនឹងបង្ក បញ្ហាដល់ទារកក្នុងផ្ទៃដែលអាច ឈានដល់រំលូតកូន។ ការពារការហើមពោះ៖ ស្រ្តីមួយចំនួនតែងតែជួបអាការៈហើមពោះ ដូច្នេះផ្លែទៀបជាជម្រើសដ៏ល្អបំផុត ដូចបានរៀបរាប់ខាងលើវាមានផ្ទុកនូវម៉ាញេស្យូមដែលអាចបន្ថយអាការៈទាំងនេះបាន។ ការពារខ្វះគោលិកាឈាមក្រហម៖ លោកអ្នក ដែលខ្វះគោលិកាឈាមក្រហម តែងមានភាពស្លេកស្លាំង និងងាយឈឺ។ ដូចនេះជាតិដែក ដែលមានក្នុងផ្លែទៀបអាចជួយលោកអ្នកពីបញ្ហានេះបាន។ បង្កើនថាមពល៖ ប្រសិនបើលោកអ្នកចង់បង្កើនថាមពលរាងកាយ សារធាតុ Thiamin ត្រូវបានគេស្គាល់ថាជួយបង្កើតថាមពល ហើយវាសម្បូរនៅក្នុងផ្លែទៀប។ ផ្លែទៀបមិនមែនជាប្រភេទផ្លែឈើដែលពិបាកស្វែងរកនោះទេ ដែលអ្នកអាចរកទិញបាននៅតាមទីផ្សារ ឬផ្សារទំនើបជាដើម។ មិនត្រឹមតែមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ តែថែមទាំងផ្តល់គុណប្រយោជន៍ច្រើនទៀតផង ដូច្នេះលោកអ្នកគួរតែងាកមកបរិភោគផ្លែឈើដែលអាចថែរក្សាសុខភាពរបស់លោកអ្នកបាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ការបោះបង់ទម្លាប់អាក្រក់អាចជាការពិបាក ហើយវាកាន់តែពិបាកក្នុងការបំបាត់ចោលនូវទម្លាប់ដែលយើងគិតថាវាមានប្រយោជន៍សម្រាប់យើង ប៉ុន្តែ​ ផ្ទុយទៅវិញ វាបែរជាអាចបំផ្លាញរាងកាយរបស់យើងសោះ។ ខាងក្រោមនេះ គឺជាទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអាចបង្កជាទុក្ខទោសដល់សុខភាពយើង ជាជាងការធ្វើឲ្យយើងមានសុខភាពល្អ។ ការព្យាយាមបញ្ឈប់ ឬទប់ការកណ្ដាស់របស់អ្នក នៅពេលដែលយើងព្យាយាមបិទមាត់ និងបិទច្រមុះរបស់យើង ដើម្បីបញ្ចៀសការកណ្ដាស់នោះ វាអាចបង្កើនសម្ពាធយ៉ាងខ្លាំងនៅក្នុងក្បាលរបស់យើង។ លំហូរឈាមទៅកាន់ខួរក្បាលរបស់យើងត្រូវបានរំខាន ហើយវាបានសង្កត់ទៅលើសរសៃឈាម និងជាលិកាប្រសាទរបស់យើង។ ជាលទ្ធផល វាអាចធ្វើឲ្យមាន ការឈឺក្បាល ការខូចខាតដល់សរសៃឈាម និងមានបញ្ហានៃការស្ដាប់ជាដើម។ ដូច្នេះអ្នកមិនគួរព្យាយាមទប់ការកណ្ដាស់របស់អ្នកទេ។​   ការប្រើប្រាស់ទឹកអប់ សារធាតុសំយោគជាច្រើនត្រូវបានគេប្រើក្នុងការផលិតទឹកអប់ ដើម្បីឲ្យវាមានក្លិនក្រអូបខ្លាំង និងមានតម្លៃថោកជាងប្រេងធម្មជាតិ។ សារធាតុទាំងនោះ អាចបណ្ដាលឲ្យយើងវិលមុខ ចង្អោរ និងងងុយគេង។ លើសពីនេះទៅទៀត វាក៏អាចធ្វើឲ្យយើងក្រហាយភ្នែក រលាកបំពង់ក និងពេលខ្លះ អាចធ្វើឲ្យមានឡើងរោល នៅលើស្បែកផងដែរ។ វាគឺជាគំនិតល្អមួយក្នុងការប្ដូរពីការប្រើទឹកអប់ មកប្រើប្រេងក្រអូបវិញ ឬក៏អ្នកគួរតែប្រើវាក្នុងបន្ទប់ដែលមានខ្យល់ចេញចូលល្អ។   ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនរបស់អ្នក នៅមុនពេលដែលអ្នកចូលគេង ពន្លឺដែលចេញពីអេក្រង់ទូរស័ព្ទអាចបញ្ឈប់ការផលិតអ័រម៉ូន Melatonin បាន។ អរម៉ូន Melatonin មាននាទីក្នុងការគ្រប់គ្រងការគេង និងការភ្ញាក់របស់យើង។ ប្រសិនបើកម្រិតនៃអរម៉ូននេះទាប វាអាចបណ្ដាលឲ្យមានជំងឺធ្លាក់ទឹកចិត្ត ជំងឺមហារីក ជំងឺធាត់ ជំងឺបេះដូង និងប្រព័ន្ធភាពស៊ាំ ចុះអន់ខ្សោយ។ ដូច្នេះ ការចូលគេងឲ្យបានឆាប់ គឺជាជម្រើសដ៏ល្អមួយសម្រាប់សុខភាពរបស់អ្នក។   ការរក្សាទុកអាហារក្នុងប្រអប់ប្លាស្ទិក ប្រអប់ប្លាស្ទិកជាច្រើនមានផ្ទុកសារធាតុគីមីមួយចំនួនដូចជា Phthalate និងBisphenolដែលសារធាតុទាំងនេះ ជួយធ្វើឲ្យប្រអប់ មានសភាពជាប់ធន់។ ប្រសិនបើអ្នករក្សាទុកអាហារក្នុងប្រអប់ប្លាស្ទិកក្នុងរយៈពេលយូរ សារធាតុទាំងនោះអាចជ្រាបចូលទៅក្នុងចំណីអាហាររបស់អ្នក ហើយវាអាចធ្វើឲ្យមានការប៉ះពាល់ដល់ប្រព័ន្ធអង់ដូគ្រីន។ ជាការល្អ អ្នកគួរតែរក្សាទុកអាហាររបស់អ្នកនៅក្នុងប្រអប់ដែលធ្វើពីកែវ ដែកអ៊ីណុក ឬសម្ភារៈសេរ៉ាមិច ជាដើម។ ដូចគ្នានេះដែរ អ្នកគួរតែយកចិត្តទុកដាក់ចំពោះនិមិត្តសញ្ញាខាងលើ ព្រោះថាវាផ្ដល់នូវព័ត៌មានដែលមានប្រយោជន៍អំពីរបៀបប្រើប្រអប់ទាំងនោះ។   ការដុសធ្មេញភ្លាមៗ បន្ទាប់ពីទទួលទានអាហារ ទន្តពេទ្យបានណែនាំថា អ្នកគួរតែធ្វើការដុសធ្មេញរបស់អ្នក បន្ទាប់ពីការទទួលទានអាហាររបស់អ្នកបាន យ៉ាងតិច៣០នាទី។ ប្រសិនបើអាច មួយម៉ោងក្រោយ ពីការទទួលទានអាហារ គឺរឹតតែល្អ។ ចំណីអាហារ និងភេសជ្ជៈ ជាពិសេសអាហារដែលសម្បូរជាតិអាស៊ីតខ្ពស់ អាចប៉ះពាល់ដល់សារធាតុស្រោបនៅលើធ្មេញ (Enamel) ក៏ដូចជាស្រទាប់ដែលនៅពីក្រោមសារធាតុនោះ (Dentin)។ ចលនានៃច្រាសដុសធ្មេញរបស់អ្នក អាចរុញច្រានជាតិអាស៊ីត ចូលកាន់តែជ្រៅ និងកាន់តែជិតទៅនឹង Dentin។ ការធ្វើដូច្នេះ អាចធ្វើឲ្យអ្នកមានសភាពស្រៀវធ្មេញ និងបំផ្លាញស្រទាប់ Enamel។   ការប្រើប្រាស់សាប៊ូប្រឆាំងបាក់តេរី (Antibacterial soap) ញឹកញាប់ មានបាក់តេរីដែលមានប្រយោជន៍ជាច្រើន ដែលរស់នៅលើផ្ទៃនៃស្បែករបស់យើង ហើយពួកវាមាននាទីក្នុងការការពាររាងកាយយើង។ ប្រសិនបើយើង ប្រើសាប៊ូប្រឆាំងបាក់តេរីញឹកញាប់ពេក យើងនឹងអាចសម្លាប់មេរោគនៅលើដៃរបស់យើង ប៉ុន្តែ ការធ្វើដូចនេះ អាចបង្កើតជាឱកាសដល់ពពួកបាក់តេរីអាក្រក់ ចូលទៅក្នុងរាងកាយរបស់យើងវិញ។ អ្នកឯកទេសផ្នែកជំងឺស្បែកបានណែនាំឲ្យប្រើសាប៊ូប្រឆាំងបាក់តេរីនេះ តែក្នុងករណីយើងមានដាច់រលាត់ស្បែកប៉ុណ្ណោះ។ អ្នកមិនគួរលាងដៃជាមួយសាប៊ូប្រភេទនេះ លើសពីពីរដងក្នុងមួយសប្ដាហ៍ឡើយ។   ការស្លៀកខោខាវប៊យរឹបៗ ទោះបីជាវាមានភាពទាន់សម័យក៏ដោយ ប៉ុន្តែការស្លៀកខោខាវប៊យរឹប អាចសង្កត់ជាប់ទៅលើស្បែក​ និងផ្នែកចុងសរសៃប្រសាទរបស់អ្នក។ វាអាចបណ្ដាលឲ្យយើងមានអារម្មណ៍មិនស្រួលជាប់ជានិច្ច ហើយវាអាចធ្វើឲ្យមានបញ្ហាប្រព័ន្ធសរសៃប្រសាទ។ បន្ថែមពីនេះទៅទៀត ការកាត់បន្ថយ លំហូរនៃខ្យល់ចេញចូល ក្នុងជើងរបស់អ្នក អាចបណ្ដាលឲ្យអ្នកមានសភាពស្កៀប រមាស់ និងទីបំផុត វាធ្វើឲ្យជើងរបស់អ្នកស្ពឹក។   ការទទួលទានទឹកផ្លែឈើដែលទើបតែធ្វើថ្មីៗ មានមនុស្សតិចណាស់ដែលបានដឹងថាការទទួលទានទឹកផ្លែឈើធ្វើភ្លាមៗ អាចផ្ដល់ផលប្រយោជន៍ល្អតែមួយចំនួនតូចប៉ុណ្ណោះ ដល់សុខភាព។ ចំពោះជំងឺមួយចំនួន ទឹកផ្លែឈើថែមទាំងអាចបង្កគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដល់រាងកាយរបស់អ្នក។ ឧទាហរណ៍ ទឹកទំពាំងបាយជូរ គឺមិនត្រូវបានណែនាំ ឲ្យអ្នកដែលមានបញ្ហាលើសទម្ងន់ និងអ្នកជំងឺទឹកនោមផ្អែមទទួលទាននោះទេ។ លើសពីនេះទៅទៀត ទឹកផ្លែឈើ គឺជាសមាសធាតុអាល្លែកហ្ស៊ីខ្លាំង។ អ្នកគួរតែមានភាពប្រុងប្រយ័ត្នខ្ពស់នៅពេលដែលអ្នកឲ្យកូនទទួលទានទឹកផ្លែឈើ ឬអ្នកគួរតែឲ្យកូនរបស់អ្នកទទួលទានតែបន្តិចបន្តួចបានហើយ និងប្រសិនបើអាច អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញមុនពេលឲ្យពួកគេទទួលទាន។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

Aspirin ជាប្រភេទថ្នាំ ដែលអាចបំបាត់ការឈឺចាប់ និងកាត់បន្ថយការប្រឈមទៅនឹងជំងឺនានា ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង ជាដើម។ អ្នកអាចរកទិញថ្នាំ Aspirin នេះនៅតាមបណ្តាឱសថស្ថាននានា នៅទូទាំងប្រទេសកម្ពុជា។   យ៉ាងណាមិញ អ្នកគួរមានការប្រុងប្រយ័ត្នក្នុងការទទួលទាន ហើយបើយកល្អ អ្នកគួរតែសាកសួរឱសថការី ឬគ្រូពេទ្យរបស់អ្នក មុននឹងញ៉ាំ ពីព្រោះ ការប្រើប្រាស់លើសកម្រិត ឬខុសគោលដៅ វាអាចបង្កផលវិបាកច្រើនយ៉ាង ចំពោះសុខភាពទូទៅរបស់អ្នក។   ការប្រើថ្នាំនេះក្នុងកម្រិតមួយខ្ពស់​ អាចបំបាត់ការឈឺចាប់នានា កាត់បន្ថយការហើម និងព្យាបាលជំងឺគ្រុនក្តៅ។ ប៉ុន្តែផ្ទុយទៅវិញ វាអាចនឹងប៉ះពាល់ដល់សរីរាង្គ និងសុខភាពទាំងមូលរបស់អ្នក។   សម្រាប់អ្នកជំងឺសរសៃឈាម គ្រូពេទ្យប្រហែលជាណែនាំឲ្យអ្នក ទទួលទានថ្នាំ Aspirin ក្នុងកម្រិតមួយទាប ដើម្បីកាត់បន្ថយការប្រឈមទៅនឹងជំងឺ ទាំងនេះ។   ផលវិបាកនៃការប្រើប្រាស់ថ្នាំ Aspirinមានដូចជា ៖ · ប្រឈមទៅនឹងជំងឺក្រពះ-ពោះវៀនធ្ងន់ធ្ងរ ដូចជា ជំងឺរលាកក្រពះ ដំបៅក្រពះ ចុកឆ្អល់ក្នុងពោះ និងក្អួតចង្អោរញឹកញាប់ · មានបញ្ហាតម្រងនោម ដូចជាខ្សោយតម្រងនោមជាដើម · វិបត្តិក្នុងការរំលាយអាហារ · ប្រឈមទៅនឹងជំងឺសរសៃឈាម ដូចជាស្លេកស្លាំង និងបាត់បង់គ្រាប់ឈាមក្រហមជាដើម · មានជំងឺសរសៃឈាមបេះដូង · បញ្ហាប្រព័ន្ធសរសៃប្រសាទ ដែលអាចធ្វើឲ្យអ្នកវិលមុខ ធីងធោង ឈឺក្បាល ពិបាកដកដង្ហើម និងសន្លប់ជាដើម · បញ្ហាប្រព័ន្ធដកដង្ហើម ដូចជា ដកដង្ហើមញាប់ ឬយឺតខុសធម្មតា · ងាយនឹងអាល្លែកហ្ស៊ី ដូចជា មានជំងឺភ្នែកក្រហម ជំងឺរលាកច្រមុះ រមាស់ស្បែក និងប្រទាលត្រអាកជាដើម · ផលវិបាកតិចតួច ដែលកើតឡើងញឹកញាប់ ដូចជា ការវិលមុខ ក្បាល ឈឺក្រពះ ស្ងួតមាត់ គេងមិនលក់ ខ្សោយកម្លាំង និងអន្ទះអន្ទែងក្នុងអារម្មណ៍ជាដើម · បញ្ហាស្បែក · ប្រឈមទៅនឹងជំងឺមហារីក · ការហូរឈាមនៅក្នុងរាងកាយ គឺជាផលវិបាកដែលគេជួបប្រទះញឹកញាប់៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

សព្វថ្ងៃ បញ្ហាស្ងួតភ្នែក បានក្លាយជារោគសញ្ញាដែលកើតញឹកញាប់ ចំពោះយុវវ័យ និងអ្នកជំងឺមួយចំនួន ដែលបានប្រើប្រាស់ទូរស័ព្ទ អាយផែត កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកច្រើនលើសកម្រិត នេះបើតាមការសិក្សាថ្មីមួយបង្ហាញ។   វេជ្ជបណ្ឌិត Amber GaumeGiannoniអ្នកជំនាញផ្នែកចក្ខុសាស្រ្ត មកពីសាកលវិទ្យា Houston បានមានប្រសាសន៍ឲ្យដឹងថា «កូនក្មេង និងមនុស្សវ័យជំទង់ ដែលប្រឹងសំឡឹងមើលលើកញ្ចក់ឧបករណ៍អេឡិចត្រូនិក ទំនងជាធ្មេច ឬបិទភ្នែកតិចបំផុត ដែលជាហេតុនាំឲ្យភ្នែករបស់ពួកមានបញ្ហា ជាពិសេស គឺបញ្ហាភ្នែកស្ងួតនេះតែម្តង»។   តើអ្នកដឹងទេថា ការបិទ ឬធ្មេចភ្នែកនេះមានប្រយោជន៍អ្វីខ្លះ? ការបិទ ឬធ្មេចភ្នែក អាចជួយរំញោចដល់ក្រពេញ ដើម្បីផ្តល់សំណើមនៅក្នុងភ្នែក។ ការសិក្សានេះក៏បានបង្ហាញផងដែរថា កូនក្មេង និងមនុស្សវ័យជំទង់ ច្រើនតែសំឡឹងកញ្ចក់ឧបករណ៍អេឡិចត្រូនិកនានា ច្រើនជាង ៦ ម៉ោងក្នុងមួយថ្ងៃ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន Xinhua។   វេជ្ជបណ្ឌិត Giannoniបានណែនាំថា ឪពុកម្តាយគ្រប់រូប គួរតែកំណត់ពេលវេលាមើលទូរស័ព្ទ អាយផែត ឬទូរទស្សន៍របស់កូនៗ។ ម៉្យាងទៀត ពួកគាត់ក៏ត្រូវតាមដាន និងកត់សម្គាល់ជាពិសេសទៅលើសុខភាពភ្នែករបស់កូនៗ ដូចជាការធ្មេចភ្នែក ការញីភ្នែក និងបញ្ហាភ្នែកក្រហមជាដើម។ គាត់ក៏បានបន្ថែមទៀតថា មនុស្សគ្រប់គ្នាគួរតែអនុវត្តវិធានការ ២០-២០-២០ ដែលមានន័យថា សម្រាកភ្នែក ២០ វិនាទី ក្នុងរយៈពេល ២០ នាទីម្តង បន្ទាប់ពីធ្វើការ ហើយសំលឹងឲ្យបាន ២០ ហ្វីត (ប្រហែលជា ៦ ម៉ែត្រ) ទៅកន្លែងផ្សេង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

មនុស្សយើងសព្វថ្ងៃនេះ គ្មាននរណាចេញទៅក្រៅផ្ទដោយមិនយកទូរស័ព្ទតាមខ្លួននោះទេ ហើយតើអ្នកស្រមៃទៅមើលថា បើគ្មានទូរស័ព្ទមួយថ្ងៃ តើអ្នកនឹងក្លាយ ទៅជា​យ៉ាងណា? ប៉ុន្តែ តើអ្នកបានដឹងទេថា ទូរស័ព្ទមិនមានសុវត្ថិភាពចំពោះអ្នក ដូចដែលអ្នកគិតនោះទេ ជាពិសេស ចំពោះបុរសភេទតែម្តង។   ការសិក្សាថ្មីមួយផ្សេងទៀតបានបញ្ជាក់ អ្នកមិនគួរដាក់ទូរស័ព្ទ នៅក្នុងហោប៉ៅខោ ឬហៅប៉ៅអាវយូរពេកនោះទេ ពីព្រោះ​ វាអាចបង្កជាផលវិបាកយ៉ាងច្រើន​ ចំពោះសុខភាពទូទៅរបស់អ្នករួមមាន៖ ១- ការដាក់ទូរស័ព្ទក្នុងហោប៉ៅខោ អាចធ្វើបុរសពិបាកក្នុងការមានកូន ២-ជាតិវិទ្យុសកម្មរបស់ទូរស័ព្ទ អាចកាត់បន្ថយបរិមាណ គុណភាព និងចលនារបស់មេជីវិតឈ្មោល ៣-វាក៏អាចធ្វើឲ្យបុរសប្រឈមទៅនឹងបញ្ហាផ្លូវភេទនានា ជាពិសេស ការងាប់លិង្គជាដើម ៤- វាក៏អាចធ្វើឲ្យអ្នកប្រឈមទៅនឹងជំងឺមហារីកផងដែរ ៥- ចំណុចមួយទៀត គឺទាក់ទងទៅនឹងសញ្ញាធម្មជាតិ ដែលមានន័យថា ពេលអ្នកកាន់ទូរស័ព្ទជាប់ខ្លួនរហូតបែបនេះ ទូរស័ព្ទនឹងបញ្ចេញជាតិវិទ្យុសកម្ម ហើយអាចស្រូបយកថាមពលរាងកាយរបស់អ្នក ហើយធ្វើឲ្យអ្នកឈឺដោយមិនដឹងមូលហេតុ។ ៦- ជាតិវិទ្យុសកម្ម និងរលកសញ្ញារបស់ទូរស័ព្ទ អាចសម្លាប់កោសិកាក្នុងរាងកាយរបស់អ្នកបាន។   ដូច្នេះ ចាប់ពីពេលនេះទៅ អ្នកគួរតែមានការប្រុងប្រយ័ត្ន ក្នុងការទុកដាក់ទូរស័ព្ទរបស់អ្នក ហើយកុំទុក ឬប្រើប្រាស់វាច្រើនពេក ប្រសិនបើមិនចាំបាច់..... ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

នៅពេលដែលអ្នកមើលទៅក្នុងភ្នែករបស់អ្នក អ្នកអាចនឹងកំពុងតែព្យាយាមពិនិត្យរកមើលថាភ្នែករបស់អ្នកមានឡើងក្រហម ដែលអាចបង្កឡើង ដោយអាឡែកហ្សី ឬប្រហែលជាបណ្ដាលមកពីការដើរលេងដល់យប់ជ្រៅ។ ប៉ុន្តែនៅពេលដែលគ្រូពេទ្យមើលទៅកាន់ភ្នែករបស់អ្នក ពួកគេ អាចមើលឃើញច្រើនជាងការឡើងក្រហមទៅទៀត។ ភ្នែកអាចត្រូវបានស្គាល់ថាជាបង្អួចទៅកាន់ព្រលឹង ប៉ុន្តែភ្នែកក៏ជាបង្អួចដ៏ច្បាស់មួយទៅកាន់សុខភាពរបស់អ្នកដែរ ហើយព័ត៌មានដែលភ្នែករបស់អ្នកអាចផ្ដល់ឲ្យគ្រូពេទ្យ គឺពិតជាអស្ចារ្យណាស់។ មានលក្ខខ័ណ្ឌមួយចំនួនដែលបង្កជារោគសញ្ញាពេញរាងកាយរបស់អ្នក ខ្លះចេញនៅលើស្បែក ខ្លះទៀតនៅក្នុងមាត់ និងខ្លះទៀតគឺនៅក្នុងក្រចកដៃ ប៉ុន្តែ ភ្នែកគឺជាចំណុចមួយដែលបង្ហាញអំពីបញ្ហាសុខភាពយ៉ាងច្បាស់លាស់មួយ។ លោកវេជ្ជបណ្ឌិត Charles P. Wilkinson គឺជាអ្នកឯកទេសផ្នែករ៉េទីន និងជាអ្នកនាំពាក្យរបស់វិទ្យាស្ថានចក្ខុសាស្ត្រនៃសហរដ្ឋអាមេរិកបានថ្លែងថា «ការពិនិត្យមើលភ្នែកគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ ព្រោះថាវាគឺជាកន្លែងតែមួយគត់ដែលអ្នកអាចមើលឃើញសរសៃឈាម និងសរសៃអុបទិកដែលវាគឺជាផ្នែកមួយនៃខួរក្បាល»។ ជាមួយនឹងការមើលឃើញដ៏ច្រើនវាមានលក្ខខ័ណ្ឌច្រើនជាង ៣០ត្រូវបានបង្ហាញពីរោគសញ្ញានៅក្នុងភ្នែក។ ដូច្នេះហើយបានជាអ្នកឯកទេសផ្នែកជំងឺភ្នែក និងអ្នកពិនិត្យភ្នែកគឺច្រើនតែជាអ្នកទីមួយដែលបានកត់សម្គាល់ពីបញ្ហាទាំងនោះ។ ខាងក្រោមនេះ គឺជាភាពមិនប្រក្រតីមួយចំនួនដែលបង្ហាញក្នុងភ្នែករបស់អ្នក ហើយពេលខ្លះវាមានន័យថាអ្នកកំពុងតែប្រឈមនឹងបញ្ហាធ្ងន់ធ្ងរមួយហើយ។ 1. ស្នាមក្រហមដែលបង្កដោយការហូរឈាមកនៅក្នុងភ្នែក វាអាចជាសញ្ញានៃជំងឺទឹកនោមផ្អែម៖ វាគឺជាជំងឺដ៏គួរឲ្យភ័យខ្លាចមួយដែល CDC បានព្យាករណ៍ទុកថាមាន ៤០%នៃប្រជាជនអាមេរិកនឹងកើតជំងឺនេះ។ ប្រសិនបើជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ពេកសរសៃឈាមចាប់ផ្ដើមស្ទះហើយហើម។ វាអាចបណ្ដាលឲ្យមានការបែកសរសៃឈាមតូចៗក្នុងស្រទាប់រ៉េទីន ហើយធ្វើឲ្យមានការហូរឈាម។ ប្រសិនបើគ្មានការព្យាបាលទេ វាអាចនាំឲ្យមានការខូចខាតនូវគំហើញឬពិការភ្នែកតែម្ដង។ 2. ភ្នែកឡើងក្រហមក៏អាចបណ្ដាលមកពីបញ្ហាដទៃទៀត ចាប់ពីការក្អកខ្លាំងរហូតដល់មានរោគសញ្ញាក្រហមភ្នែក ឬអាចមានការឆ្លងមេរោគផ្សិតជាដើម។ 3. រមាស់ ហើម ក្រហមភ្នែកគឺជារោគសញ្ញាទូទៅដែលជារឿយៗកើតមានលើអ្នកជំងឺអាឡែកហ្សី ហើយវាច្រើនតែបង្កឡើងដោយលំអងផ្កា ធូលី ឬរោមសត្វចិញ្ចឹម។ ថ្នាំដាក់ភ្នែកអាចជួយបាន ប្រសិនបើវាមានសារធាតុ Antihistamines ប៉ុន្តែមានថ្នាំដាក់ភ្នែកមួយចំនួនធ្វើឲ្យភ្នែកស្ងួត ដែលអាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។  4. ភ្នែកស្ងួត គឺជាផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់កុំព្យូទ័រ និងថ្នាំមួយចំនួនដូចជា ថ្នាំងងុយដេក ថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំប្រឆាំងជំងឺថប់បារម្ភជាដើម។ ជំងឺដែលបង្កឡើងដោយប្រព័ន្ធភាពស៊ាំក៏អាចបង្កឲ្យមានអាការៈស្ងួតភ្នែកនេះដែរ ជាពិសេសនោះគឺ Sjögren's syndrome ដែលវាទៅបំផ្លាញក្រពេញបញ្ចេញជាតិសំណើម ហើយវាច្រើនកើតលើស្រ្តីដែលមានវ័យចំណាស់។ 5. មនុស្សភាគច្រើនបាត់បង់សមត្ថភាពក្នុងការមើលអ្វីដែលជិតៗ នៅពេលដែលពួកគេចាស់ទៅដូចជាការមើលមីនុយអាហារនៅក្នុងភោជនីយដ្ឋានជាដើម ប៉ុន្តែការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្ត (Antidepressant) ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន (Antihistamines­) និងថ្នាំបញ្ចុះទឹកនោម (Diuretics) អាចបង្កឲ្យមានលក្ខខ័ណ្ឌដែលគេហៅថា ការម៉្ញូបជិត (Presbyopia)។   6. ការមើលឃើញមិនច្បាស់អាចបណ្ដាលមកពីបញ្ហាជាច្រើន ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺលើសសម្ពាធឈាមរួចមកហើយនោះ វាអាចជាសញ្ញាមួយដែលប្រាប់ឲ្យអ្នកទៅជួបគ្រូពេទ្យជាបន្ទាន់។ នៅពេលដែលគំហើញរបស់អ្នកប្រែជាស្រអាប់មិនច្បាស់ដោយសារតែផលប៉ះពាល់នៃការលើសសម្ពាធឈាម អ្នកត្រូវតែទទួលយកការព្យាបាលជាបន្ទាន់ ព្រោះថាអ្នកអាចប្រឈមនឹងការពិការភ្នែក និងបញ្ហាសុខភាពជាច្រើនទៀត។ 7. ការមើលឃើញចំណុច ឬពន្លឺភ្លាមៗអាចជាសញ្ញានៃការរហែកស្រទាប់រ៉េទីន។ អ្នកខ្លះធ្លាប់មានបទពិសោធន៍នឹងរោគសញ្ញាទាំងនេះដោយរួម​ជាមួយការឈឺក្បាលខ្លាំង ឬនៅពេលដែលពួកគេមានវ័យចាស់ទៅ។ ប៉ុន្តែការកើនឡើងនៃទំហំ និងចំនួននៃចំណុច ឬពន្លឺដែលអ្នកបានឃើញ គឺបង្កដោយការរហែកស្រទាប់រ៉េទីន ហើយអ្នកជំងឺប្រភេទត្រូវទទួលការព្យាបាលជាបន្ទាន់។ បើក្នុងករណីដែលមើលទៅឃើញពន្លឺហើយមានស្រមោលឬបាត់បង់គំហើញនៅខាងៗនោះ វាអាចបញ្ជាក់់ថាអ្នកមានដាច់ស្រទាប់រ៉េទីនហើយ។ 8. គ្រូពេទ្យខាងភ្នែកអាចជាអ្នកទីមួយដែលរកឃើញជំងឺមហារីកមួយចំនួន។ គ្រូពេទ្យភ្នែកអាចពិនិត្យរកមើលជំងឺមហារីកស្បែកប្រភេទ Melanoma ដែលជាប្រភេទមហារីកស្បែកដ៏កម្រមួយ ប៉ុន្តែជាធម្មតាយើងមិនអាចរកឃើញដោយការមើលកញ្ចក់ទេ។ លោកវេជ្ជបណ្ឌិត Wilkinson បាននិយាយថា ប្រសិនបើការបង្កដោយមូលហេតុផ្សេងទៀត ដែលមាននាំឲ្យសម្ពាធ ឬការឈឺចាប់នៅក្នុងភ្នែកគឺត្រូវបានទាត់ចោលនោះ គ្រូពេទ្យភ្នែកនឹងធ្វើការពិនិត្យស្វែងរកមើលថាតើវាអាចបណ្ដាលមកពីដុំសាច់ខួរក្បាល ឬយ៉ាងណា។ 9. កូលេស្តេរ៉ូលខ្ពស់អាចបង្កឲ្យមានរង្វង់ពណ៌សវិវឌ្ឍជុំវិញភ្នែក និងអាចនាំឲ្យមានដុំពកពណ៌លឿងលេចឡើងនៅលើត្របកភ្នែក។ អ្នកជំងឺដែលមានវ័យចំណាស់ក៏អាចមានការវិវឌ្ឍរង្វង់ពណ៌សស្រដៀងគ្នានេះដែរ ប៉ុន្តែក្នុងករណីខ្លះ វាអាចជាសញ្ញាដែលបញ្ជាក់ថាអ្នកគួរតែទៅឲ្យគ្រូពេទ្យពិនិត្យមើលបរិមាណកូលេស្តេរ៉ូលរបស់អ្នក។   លោក McGrann បាននិយាយថា ជំងឺមួយចំនួនធំបានឲ្យជារោគសញ្ញានៅក្នុងភ្នែក ដូច្នេះការទៅពិនិត្យមើលភ្នែកជារៀងរាល់ឆ្នាំ គឺមានសារៈសំខាន់ណាស់ ហើយវាចាំបាច់ណាស់សម្រាប់អ្នកដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក
Top