
- May 11, 2017 |
- 8 ឆ្នាំមុន |
- 2.3K មើល
ងាយៗដែលបុគ្គលិកការិយាល័យគួរដឹង
អ្នកធ្វើការនៅការិយាល័យមួយចំនួនជារឿយៗតែងចំណាយពេលវេលាជាច្រើនម៉ោងមិនសម្រាក ដើម្បីធ្វើការឲ្យឆាប់ចប់ ទោះបីជាពេលខ្លះឈឺចង្កេះ ឈឺក្បាលជាដើម ហើយអ្វីដែលកាន់តែសោកស្តាយទៀតនោះ លទ្ធផលការងារដូចជាមិនសូវគាប់ចិត្ត។ តាមពិតទៅប្រសិនបើអ្នកយល់ដឹងពីគន្លឹះមួយចំនួនដែលមិនត្រឹមតែជួយសម្រួលដល់អាការៈមិនល្អពេលកំពុងធ្វើការប៉ុណ្ណោះទេ តែថាមិនត្រូវថែមទាំងទទួលបានលទ្ធផលល្អថែមទៀតផង។ ដូច្នេះ Health Time Pubសូមលើកយកចំណុចខ្លះៗមកបង្ហាញដែលអ្នកធ្វើការក្នុងការិយាល័យទាំងអស់គួរតែយល់ដឹង៖ • ឧស្សាហ៍ធ្វើចលនា អង្គុយធ្វើការយូរទៅសាច់ដុំភ្នែក និងដៃក៏នឿយហត់ មិនស្វាហាប់ទៅតាមហ្នឹងដែរ ហើយអង្គុយក៏មិនស្រួល ថែមទាំងរួយក រួយខ្នងទៀត ដូច្នេះតើគួរធ្វើដូចម្តេច ដើម្បីធ្វើឲ្យធូរស្រាល? អ្នកធ្វើការគួរតែសម្រាកដោយងើបឈរបន្តិច ពត់ខ្លួនទៅឆ្វេងស្តាំ ឬដើរទៅក្រៅដើម្បីទទួលយកនូវអារម្មណ៍ថ្មីមកធ្វើការបន្ត។ • សម្រាក ប្រសិនបើអ្នកមានអារម្មណ៍ថារាងរឹង ឬ ឈឺចង្កេះពេលកំពុងធ្វើការ អ្នកអាចសម្រាក រួចដើរជុំវិញការិយាល័យក្នុងរយៈពេល ១០ ទៅ២០នាទី ព្រោះការធ្វើបែបនេះអាចជួយសម្រួលឆ្អឹង និងសរសៃបានមួយផ្នែកបន្ថែមពីនេះអ្នកក៏ប្រហែលជាអាចនឹកគិតឃើញគំនិតថ្មីក៏ថាបាន។ • ឧស្សាហ៍ក្រោកឈរ ការអង្គុយយូរពេកធ្វើឲ្យរបត់ឈាមរត់មិនល្អ មានអាការៈឈឺក្បាលហេតុដូចនេះ អ្នកគួរតែឧស្សាហ៍ក្រោកឈរធ្វើចលនាយ៉ាងហោចណាស់រាល់៣០នាទីម្តង។ ដើម្បីកុំឲ្យអ្នកភ្លេច អ្នកគប្បីកំណត់នាទីក្នុងទូរស័ព្ទដៃដើម្បីទុកជាការក្រើនរំលឹក។ • សឺរេកុំព្យូទ័រឲ្យស្មើនឹងភ្នែក ដើម្បីទទួលបានភាពងាយស្រួល ដោយមិនចាំបាច់ឱន ឬងើយពេលកំពុងធ្វើការ អ្នកគួរតែធ្វើយ៉ាងណាដាក់កុំព្យូទ័រពីមុខឲ្យស្មើកម្រិតភ្នែកហើយដាក់ចម្ងាយប្រវែងដៃរបស់អ្នក ដើម្បីចៀសវាងសម្លឹងយូរទៅស្រវាំង និងនឿយហត់។ • អង្គុយត្រង់ខ្លួន មនុស្សមួយចំនួនតែងអង្គុយខ្នងមិនត្រង់ពេលធ្វើការ ជាហេតុនាំឲ្យពួកគាត់ឆាប់រួយចង្កេះដូច្នេះអ្នកគួរតែអង្គុយធ្វើយ៉ាងណាឲ្យខ្នងត្រង់ ឬ ជ្រើសរើសប្រភេទកៅអីមានទ្រនាប់សម្រាប់ទ្រខ្នង។ ធ្វើបែបនេះអាចឲ្យអ្នកធ្វើការផ្ចង់អារម្មណ៍បានយូរ មិនបាច់ខ្វល់រឿងឈឺចង្កេះ។ • ទុកតែរបស់ចាំបាច់ ដើម្បីរក្សាបរិយាកាសធ្វើការបានល្អ ចៀសវាងភាពរញ៉េរញ៉ៃពេលធ្វើការ អ្នកគួរតែទុកឯកសារ និងរបស់ប្រើប្រាស់ដែលចាំបាច់នៅជិតខ្លួន ឬលើតុបានហើយ។ អ្នកមិនគួរទុករបស់ច្រើនដែលមិនត្រូវការនៅក្បែរខ្លួននោះទេ ព្រោះអាចធ្វើជ្រុះនេះ ជ្រុះនោះ មានអារម្មណ៍ឆេវឆាវ ពិបាកធ្វើការ។ ចលនាងាយៗលំហាត់ប្រាណពោះ ១.ការលើកជើង នរណានិយាយថាអ្នកត្រូវតែអង្គុយជាប់នឹងកៅអីដោយមិនគួរធ្វើសកម្មភាពអ្វីទាំងអស់? លំហាត់ប្រាណមួយនេះអាចជួយសម្រកក្បាលពោះ និងជួយឲ្យចង្កេះរាងតូចបាន ដោយអ្នកគ្រាន់តែអង្គុយលើកៅអី ហើយលើកជើងឡើងលើម្តងម្ខាងៗក្នុងរយៈពេលមួយសមស្របតាមដែលអ្នកអាចធ្វើបាន។ ២.ការពត់ខ្លួនស្របពេលអង្គុយ អ្នកត្រូវអង្គុយនៅចុងកៅអី ហើយទប់ខ្លួនឲ្យជាប់ ដោយបញ្ឈរខ្នងឲ្យត្រង់ រួចងាកមកខាងឆ្វេង រួចងាកខាងស្តាំឲ្យអស់ ហើយរក្សាសកម្មភាពនេះក្នុងរយៈពេល៥វិនាទី។ អ្នកអាចអនុវត្តបែបនេះពី៥ទៅ៦ដងតាមចិត្តរបស់អ្នក។ ចលនាលំហាត់ប្រាណកដៃ និងម្រាមដៃ ធ្វើការងារជាមួយនឹងកុំព្យូទ័រយូរពេកធ្វើឲ្យកដៃ និងម្រាមដៃដូចជាចុកខ្លាំង ហេតុដូចនេះ អ្នកគួរតែហាត់ពត់ដៃ បន្តិចបន្តួចជាមួយសកម្មភាពខាងក្រោម៖ ១.ពត់បាតដៃ អ្នកអាចឈរ ឬអង្គុយក៏បាន ប្រសិនបើអ្នកអង្គុយ ត្រូវបញ្ឈរខ្នងឲ្យត្រង់ ពន្លាតដៃឲ្យអស់យកដៃស្តាំទាញម្រាមដៃ និងបាតដៃខាងឆ្វេងមកក្រោយ ហើយរក្សាសកម្មភាពនេះក្នុងរយៈពេល ៣០វិនាទី រួចផ្លាស់ប្តូរដៃ។ អ្នកអាចអនុវត្តសកម្មភាពនេះ ៥ ទៅ ៦ដង ដើម្បីទទួលបានលទ្ធផលពីការស្ពឹក។ ២. សង្កត់កំភួនដៃចូលគ្នា អង្គុយឲ្យត្រង់ ហើយផ្គុំដៃចូលគ្នាពីមុខទ្រូង ដោយឲ្យកែងដៃឡើងលើបន្តិច បន្ទាប់មកពត់ទៅខាងឆ្វេង ហើយពត់មកខាងស្តាំវិញដោយអនុវត្តក្នុងរយៈពេល១០វិនាទី រួចចាប់ផ្តើមឡើងវិញ។ អ្នកអាចអនុវត្តច្រើនដងដើម្បីជួយសម្រួលស្មា និងកំភួនដៃ។ ឆ្លៀតបាន គួរតែឆ្លៀតខ្លះ…កុំឲ្យសម្ពាធផ្លូវកាយ បន្ថែមពីលើសម្ពាធការងារ ហើយនាំឲ្យបាត់បង់នូវប្រសិទ្ធភាពការងារអី… ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក