- Dec 27, 2017 |
- 6 ឆ្នាំមុន |
- 3.7K មើល
ស្វែងយល់អំពីជាតិខ្លាញ់! (ខ្លាញ់ក្នុងសរសៃឈាម? ខ្លាញ់រុំថ្លើម? ខ្លាញ់ល្អ? ខ្លាញ់អាក្រក់?)
កូឡេស្តេរ៉ុល គឺជាសារធាតុខ្លាញ់មួយប្រភេទ (Lipoprotein) ដែលមាននៅក្នុងខ្លួនរបស់យើងរាល់គ្នា។ វាជាធាតុផ្សំរវាងខ្លាញ់ (Fat)និងប្រូតេអ៊ីន (Protein)។ និយាយឲ្យងាយយល់គឺសារធាតុខ្លាញ់ (Fat) មិនអាចនៅស្មើសាច់ក្នុងឈាមបានទេបើមិនមានជាតិប្រូតេអ៊ីន (protein)រុំព័ទ្ធពីក្រៅ។វាប្រៀបដូចជាភ្នាក់ងារដឹកជញ្ជូនជាតិខ្លាញ់ទៅកន្លែងនានាក្នុងសារពាង្គកាយខ្លួនយើង។ ខ្លួនប្រាណរបស់យើងអាចផលិតកូឡេស្តេរ៉ុលខ្លួនឯងបានមួយចំនួនដោយមួយចំនួនទៀតត្រូវបានផលិតចេញពីចំណីអាហារដែលយើងបរិភោគ។ ចំណីអាហារទាំងនោះមានដូចជា ពពួកសាច់សត្វទឹកដោះគោ ស៊ុត ខ្លាញ់សត្វ និងប្រេងរុក្ខជាតិ។ នៅក្នុងខ្លួនមនុស្សផងដែរកូឡេស្តេរ៉ុលត្រូវបានដឹកជញ្ជូនទៅប្រើប្រាស់តាមរយៈជាតិប្រូតេអ៊ីនដើម្បីយកទៅប្រើប្រាស់តាមសរីរាង្គនានា។ អ្វីទៅជាកូឡេស្តេរ៉ុលអាក្រក់? កូឡេស្តេរ៉ុលអាក្រក់ ឬពាក្យបច្ចេកទេសហៅថា Low density lipoprote(LDLcholesterol or “bad cholesterol”) គឺជាពពួកកូឡេស្តេរ៉ុលដែលចល័តនៅក្នុងសរសៃឈាមរបស់យើង។ វាមានតួនាទីដឹកនាំសារធាតុខ្លាញ់ទៅឲ្យកោសិកាផ្សេងប្រើប្រាស់ក៏ប៉ុន្តែគុណវិបត្តិរបស់វាគឺវាទៅកកជាប់នៅតាមសរសៃ ឈាមដែលជាហេតុបង្កឲ្យសរសៃឈាមទាំងអស់នោះឡើងរឹង(Atheros-clerosis)និងកកស្ទះមិនអាចឲ្យចរន្តឈាមរត់បានស្រួល។ការស្ទះសរសៃឈាមជាមូលហេតុចម្បងដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជំងឺបេះដូងនិងសរសៃឈាមចម្បងៗមួយចំនួន ដូចជា៖ •ជំងឺសរសៃឈាមបេះដូង(Coronary artery disease)ដែលអាចបង្កឲ្យមានបញ្ហាគាំងបេះដូង •ជំងឺសរសៃឈាមខួរក្បាល (Cerebral vascular disease) ដែលបង្កឲ្យមានបញ្ហាកង្វះឈាមចិញ្ចឹមកោសិកាខួរក្បាល (Ischemic stroke) ឬមានការដាច់សរសៃឈាមក្នុងខួរក្បាល (Hemorrhagic stroke)។ អ្វីទៅជាកូឡេស្តេរ៉ុលល្អ? កូឡេស្តេរ៉ុលល្អ ឬក៏ភាសាបច្ចេកទេស High density lipoprotein(HDL-cholesterol or “Good cholesterol”)។ កូឡេស្តេរ៉ុលល្អមានតួនាទីយ៉ាងសំខាន់នៅក្នុងការសម្អាតជាតិខ្លាញ់ពីសរសៃឈាមរបស់មនុស្សដោយវាជាអ្នកបោស សម្អាតខ្លាញ់អាក្រក់ដែលវាស្អិតជាប់នឹងសរសៃឈាមជញ្ជូនទៅកាន់ថ្លើមវិញ ដើម្បីផលិតទៅជាសារធាតុខ្លាញ់ដទៃ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ត។ អ្វីទៅជា ទ្រីគ្លីសេរីដ? ទ្រីគ្លីសេរីដ(Triglyceride)គឺជាបណ្តុំនៃសារធាតុខ្លាញ់(Fat)សុទ្ធដែលអណ្តែតនៅក្នុងសរសៃឈាមរបស់យើង។ ទ្រីគ្លីសេរីដដែលច្រើនលើសលប់ វានឹងត្រូវបានយកទៅស្តុកទៅក្នុងជាលិកាខ្លាញ់(Adipose tissue)ដែលមាននៅលើរាងកាយរបស់យើង។ ឧទាហរណ៍ ៖ ដូចជាជាលិកាខ្លាញ់នៅតាមដងខ្លួន ដែលមានក្បាលពោះជាដើម និងប្រសិនបើវាកើនការស្តុកជាតិខ្លាញ់ក្នុងថ្លើមច្រើន បង្កឲ្យមានបញ្ហា Steatosis ដែលប្រជាជនខ្មែរយើងភាគច្រើនស្គាល់ជាខ្លាញ់រុំថ្លើម។ ដូចគ្នាទៅនឹងកូឡេស្តេរ៉ុលអាក្រក់ផងដែរ ការកើនឡើងលើសម្រិតនៃចំនួនទ្រីគ្លីសេរីដវាបង្កឲ្យមានវិបត្តិបញ្ហាសរសៃឈាម និងបេះដូងផងដែរ៕ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែមនៃមន្ទីរពេទ្យព្រះកុសមៈ និងជាវេជ្ជបណ្ឌិតប្រចាំ-ការនៃ Diabetes Care Center ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក