Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ពីពិពណ៌រូបភាព សតិ, រៀនជំនួញបណ្តើរ គូររូបបណ្តើរ, សេចក្តីសំខាន់របស់សិល្បៈ និងសតិមនុស្ស និងរឿងផ្សេងៗទៀត… កនសិរីសុភ័គ ដែលមានឈ្មោះក្រៅហៅថា ទីល ជាសិល្បករវ័យក្មេង ដែលធ្លាប់បានតាំងពិពណ៌គំនូររបស់គាត់ បានធ្វើការបង្កើតភាពយន្តជីវចល និងជាផ្នែកមួយនៃក្រុមសិល្បករដែលមានឈ្មោះថា ខ្ជិលផងដែរ។ អំពី ការគូរគំនូរជីវចលឲ្យបទ Hell ច្រៀងដោយ Sophia Kao … ទីល៖ «សួស្តី បើនិយាយទៅ វីដេអូចម្រៀង  ហ្នឹងគឺខ្ញុំធ្វើតែឯង ប្រហែលជា ៦ ខែ ព្រោះវាច្រើនទាំងការរៀបឈុត និងអ្វីផ្សេងៗទៀត។ ខ្ញុំធ្វើវាទាំងអស់ ដោយខ្លួនឯង ដោយមិនបាន feedback អ្វីពីគេទេ គឺខ្ញុំ ដាក់អារម្មណ៍ជាមួយបទចម្រៀង ហើយចាប់ផ្តើមគូរតែម្តង។ ពេលខ្លះដើម្បីឲ្យបានគំនូរជីវចលរយៈពេលតែ ១០ វិនាទី ប៉ុណ្ណោះ ត្រូវការរយៈពេលគូរអស់ ៥ ទៅ ៦ ម៉ោងក៏មានដែរ ដោយសារ ខ្ញុំគូរគ្រប់សន្លឹក (frame by frame)។  វាអត់មាន ទម្រង់ឆ្អឹង (bone structure) អី ដែលយើងអាចទាញឲ្យវាមានចលនាបាននោះទេ។ បើនិយាយពីគំនិតវិញ ខ្ញុំរកបានខ្លះពី Tumblr ខ្លះ ពី Pinterest ព្រោះវ៉ិបសាយទាំងនេះ វាជាកន្លែងដែលខ្ញុំ ស្វែងរកគំនិត និងការលើកទឹកចិត្ត។ ហើយម៉្យាងវិញទៀត ខ្ញុំយកគំនិតពីបទ ក៏ដូចជារឿងផ្ទាល់ខ្លួនខ្ញុំផងដែរ។» អំពី ការរៀនគូរផ្នែកសិល្បៈ និងរៀនគូរឌីជីថល… ទីល៖ «អត់ដែលធ្លាប់បានរៀនសោះតែម្តង។ គ្រាន់តែថាខ្លួនឯងចូលចិត្តគូរលេង និងចូលចិត្តមើលតុក្កតាតាំងពីតូចមក។ ក៏ចេះតែចាប់យកទម្លាប់ហ្នឹងរហូតមក។ ខ្ញុំគូរតាំងពីតូច តែចាប់ផ្តើមខ្លាំងពេលថ្នាក់ទី ៨ ។ ពេលនោះ ដោយសារខ្ញុំមើលរឿង Naruto ដែលបានជម្រុញទឹកចិត្តឲ្យខ្ញុំចាប់ផ្តើមគូរខ្លាំងជាងមុន។ ក្រោយមក ខ្ញុំក៏ចាប់ផ្តើមអភិវឌ្ឍន៍ស្ទីលគំនូររបស់ខ្ញុំឲ្យចេញពីស្ទីលគំនូរជីវចលជប៉ុនឲ្យក្លាយទៅជាស្ទីលផ្ទាល់ខ្លួន។ បើនិយាយពីការរៀនវិញ  ភាគច្រើន ខ្ញុំអត់ដែលសូវរៀនតាម YouTube ទេ ព្រោះមានអារម្មណ៍ថា យើងតាមគេ មានរបៀបច្រើនពេក។ ខ្ញុំតែងគូរតាមអ្វីដែលខ្ញុំមើលឃើញ និងគិតឃើញ។ មិនអញ្ចឹងទេ គឺគូរតាមរូបយោងទៅវិញ។ និយាយទៅ គឺខ្ញុំរៀនពីកំហុសខ្លួនរហូត។ បើខ្ញុំគូរមើលទៅមិនទំនង ខ្ញុំសាកដាក់ធ្វើបែបផ្សេង ដើម្បីឲ្យវាមើលមកសមវិញ។ មួយទៀត ខ្ញុំរៀនច្រើនពីមិត្តភក្តិជុំវិញខ្លួន ដែលគាត់គូររូបដែរ ដូចប៉ែន ឧត្តមជាដើម។ ពេលហ្នឹង ពួកខ្ញុំទើបចាប់ផ្តើមដូចគ្នា ដូច្នេះ យើងជួយមើលគ្នាទៅវិញទៅមក ហើយរៀនពីគ្នាទៅវិញទៅមកផងដែរ។ បើនិយាយពីការរៀនគូរឌីជីថលវិញ ខ្ញុំក៏រៀនតាមរយៈកំហុសខ្លួនផងដែរ តែម្តងនេះ ខ្ញុំរៀនពី YouTube ច្រើន ព្រោះពីដំបូង ខ្ញុំមិនសូវចេះប្រើ Photoshop ទេ  អញ្ចឹងត្រូវរៀនថា យើងត្រូវរៀបចំជក់យ៉ាងម៉េច ដោយសារវាខុសពីពេលយើងគូរដោយដៃ ដោយប្រើប្រាស់ខ្មៅដៃជាដើម។ » វប្បធម៌៖ «ទីលទើបបានថតរូបបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មជាមួយ រិន តារា Photography ហេតុអ្វីបានជាមិនបានរៀនផ្នែកសិល្បៈ តែរៀនផ្នែកពាណិជ្ជកម្មទៅវិញ?» ទីល៖ «ដោយសារប៉ាម៉ាក់គាត់មិនសូវពេញចិត្ត ការងារខាងគូរនោះទេ។ គាត់គិតថា វាមិនមានប្រាក់ចំនូលស្ថិតស្ថេរ។ ធម្មតា ចាស់ៗចង់ឲ្យយើងមានអនាគតភ្លឺស្វាង ដូច្នេះ គាត់ឲ្យទៅរៀនផ្នែកសហគ្រិនភាពទៅវិញ។ ខ្ញុំអត់សូវសប្បាយចិត្តដែរ ប៉ុន្តែក៏រៀនតាមគាត់ ព្រោះយើងក៏អត់មានជម្រើសដែរ។ តាមពិតទៅ ពេលរឿនទើបដឹងថាចំនេះដឹងពីផ្នែកទាំងពីរនេះជួយច្រើនមែនទែន។ ការគូររូបជួយឲ្យខ្ញុំបាត់ស្ត្រេសពីរៀន។ រីឯការរៀនផ្នែកសហគ្រិនភាពជួយឲ្យខ្ញុំទំនាក់ទំនងល្អជាងមុន។  មនុស្សខ្ញុំកាលមុនមិនចូលចិត្តនិយាយស្តី មិនសូវចេះខាងទំនាក់ទំនងនោះទេ។ ប៉ុន្តែពេលខ្ញុំចូលរៀនខាងផ្នែកហ្នឹង ខ្ញុំចេះច្រើនមែនទែន។តួយ៉ាង ពេលខ្ញុំចេញទៅក្រៅ ទៅជួបនិយាយពីខាងការងារគំនូរជាដើម វាជួយខ្ញុំ ហើយខ្ញុំចេះនិយាយច្រើនជាងមុន និងចេះខាងតម្លៃការងារជាដើម។» រូបភាពទី២ ខាងលើ គឺ ពី អ្នកថតរូបតារា ទីល និងក្រុមខ្ជិល… នៅមានរូបឡូយៗទៀត ចូលមើលទីនេះ អំពីការចាត់ចែងពេលវេលាដើម្បីការរៀន និងការគូរ … ទីល៖ «ពេលខ្ញុំរៀន ខ្ញុំទុកការគូរជាការលំហែកាយ និងអារម្មណ៍ ព្រោះបើយើងឲ្យតម្លៃវាច្រើនពេក នោះវានឹងដាក់សម្ពាធលើយើងទៅវិញទេ។ ខ្ញុំចាត់ទុកការគូរជាការបន្ធូរអារម្មណ៍របស់ខ្ញុំវិញ ដើម្បីកុំឲ្យខ្ញុំធុញទ្រាន់នឹងអាហ្នឹងទៀត។ ដូច្នេះវាទាំងពីរអាចដើរទន្ទឹមគ្នាបាន តាមរបៀបនេះឯង។ » វប្បធម៌៖ «អាន ចនផននិយាយថា៖ «យើងមានមន្ទីរពេទ្យដើម្បីជួយព្យាបាលមនុស្ស តែកម្ពុជាត្រូវការសិល្បៈដើម្បីឲ្យមនុស្សមានអត្តសញ្ញាណ មានឧត្តមភាព សន្តិភាព និងសាមគ្គីភាព។ » ការតាំងពិពណ៌ «សតិ» ដែលនិយាយពីជម្ងឺផ្លូវចិត្តផ្សេងៗ។ ពេលខ្ញុំមើលជុំវិញខ្លួន ខ្ញុំចាប់អារម្មណ៍ថា ចាស់ៗ មានជម្ងឺទាំងនេះដែរ តែគាត់អត់ទទួលស្គាល់នោះទេ។ គាត់សុខចិត្តលាក់បាំងពីក្រុមគ្រួសារ ហើយចុងក្រោយពេលគាត់មានបញ្ហាកាន់តែខ្លាំង គាត់ទៅជាធ្វើអ្វីផ្សេង ដូចជាជះកំហឹងមកគ្រួសារ ឬផឹកស្រាផឹកអីទៅវិញ។ ខ្ញុំក៏សួរខ្លួនឯងថា ហេតុអ្វីបានជាយើងត្រូវលាក់រឿងទាំងនេះ? ណាមួយ នៅកម្ពុជា ក៏មិនសូវមានអ្នកយល់ដឹងពីរឿងនេះច្រើនដែរ។ អ្នកខ្លះគាត់ពិបាកចិត្តតែមួយភ្លែត ក៏នាំគ្នាបង្ហោះក្នុងហ្វេសប៊ុកថាខ្លួនមានជម្ងឺបាក់ទឹកចិត្ត។ ខ្ញុំមិនមែនថាគាត់អត់មានជម្ងឺនេះទេ តែពេលខ្លះគាត់គួរដឹងពីអត្ថន័យវាឲ្យច្បាស់សិន មុនពេលគាត់និយាយអញ្ចឹង ដោយសារវាមិនមែនជារឿងលេងសើចនោះទេ។ ខ្ញុំមិនចង់ឲ្យមនុស្សគិតថា មានជម្ងឺទាំងនេះវាឡូយ ក៏និយាយតាមគ្នានោះទេ។ ម៉្យាងវិញទៀត មិត្តភក្តិជិតស្និទ្ធិខ្ញុំ និងខ្លួនខ្ញុំផ្ទាល់តែម្តង ក៏មានជម្ងឺទាំងនេះតែម្តង។ ឧទាហរណ៍ដូចរឿង ជម្ងឺភ័យតក់ស្លុត (anxiety) ។ ខ្ញុំមានមិត្តម្នាក់ដែលស្គាល់គ្នាជាង ១៥ ឆ្នាំហើយដែល គាត់មានជម្ងឺនេះ ដល់ថ្នាក់ ពេលខ្លះសូម្បីតែខ្ញុំក៏គាត់លែងចង់ជួបដែរ។ គាត់ខ្លាចបំផុតគឺបរាជ័យ ហើយគាត់ចាប់ផ្តើមមានជម្ងឺនេះពេលគាត់ប្រឡងធ្លាក់ចូលសាលាពេទ្យ។ ពេលនោះ គាត់ចាប់ផ្តើមមានអារម្មណ៍តូចចិត្ត ហើយគិតថា ម៉ាក់គាត់មិនពេញចិត្តគាត់ជាដើម។ ខ្ញុំគូររូបនេះដើម្បីគាត់ ដោយសារខ្ញុំបាននៅទីនោះ ហើយខ្ញុំបានឃើញពេលដែលគាត់ទទួលអារម្មណ៍ទាំងអស់នេះ។» អំពីសិល្បៈ និងការព្យាបាលជម្ងឺផ្លូវចិត្ត… ទីល៖ «ពេលដែលខ្ញុំបាក់ទឹកចិត្តខ្លាំងមែនទែន ខ្ញុំអរគុណដល់ពួកម៉ាកជិតស្និទ្ធិរបស់ខ្ញុំ ដែលពួកគាត់តែងនៅកំដរខ្ញុំជានិច្ច។ ប៉ុន្តែខ្ញុំចេញរួចពីជម្ងឺនេះដោយសារខ្លួនឯងដែរ។ ខ្ញុំគិតថា ពេលខ្លះវាផ្អែកលើខ្លួនយើងដែរ។ បើយើងទន់តាមវា នោះយើងប្រាកដជាធ្លាក់ជ្រៅហើយ! យើងត្រូវជម្នះ ថាបើយើងចេញពីអាហ្នឹងរួច យើងមានអ្វីច្រើនទៀតដែលយើងអាចចែករំលែក ដែលយើងអាចធ្វើ និងជួយដល់សង្គមបាន។ ហេតុអ្វីបានជាយើងត្រូវឈប់ត្រឹមហ្នឹង? ពេលខ្ញុំពិបាកចិត្តខ្លាំងមែនទែនហ្នឹង ខ្ញុំខំប្រឹងជម្រុញឲ្យខ្លួនចេញទៅក្រៅ ទោះបីជាទៅតែម្នាក់ឯងក៏ដោយ ក៏ត្រូវទៅដែរ ដើម្បីឲ្យឃើញគេឃើញឯងជាដើម។ ហើយមួយវិញទៀត គឺការគូររូប។ ពេលខ្លះបើសិនជាខ្ញុំមិនបានធ្វើអ្វី មិនបានចេញក្រៅជាដើម ខ្ញុំនៅក្នុងបន្ទប់គូររូបឲ្យបានច្រើន។ វាជួយខ្ញុំ ហាក់ដូចជាវាព្យាបាលខ្ញុំអញ្ចឹង។» សៀវភៅដែលអ្នកចូលចិត្ត ព្រះអង្គម្ចាស់តូច (The Little Prince) ភាពយន្តដែលអ្នកចូលចិត្ត ភាពយន្តពី ស្ទូឌីយ៉ូ ជីប្ល៊ី (Studio Ghibli) [មិនដឹងចាប់ផ្តើមពីណាទៅមែនទេ? អានអត្ថបទខ្លីនេះ ដែលក្នុងនោះយើងបានជ្រើសរើសរឿបពីជីប៊្លី បីរឿងដែលអ្នកគួរមើល!] សិល្បករដែលអ្នកចូលចិត្ត ស៊ីស៊ីល អេកនីស (Agnes Cecile) និងមិត្តភក្តិគំនូរខ្មែរទាំងអស់ កន្លែងដែលចូលចិត្តធ្វើការ ហាងកាហ្វេស្ងាត់ៗដូចជា ប៊ូដាផេស ជាដើម សម្រាប់ការស្តាប់ ៖ សូមចុច ត្រង់នេះ អត្ថបទដោយ ៖  Sokcheng Seang -------------------------- វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com Facebook : វប្បធម៌ - Wapatoa

ចែករំលែក

យល់អារម្មណ៍អ្នកពេលនេះ...ក៏ធ្លាប់ឆ្លងកាត់ដូចគ្នា... មានពេលខ្លះ...យើងក៏ហត់នឿយ បាត់បង់ទាំងកម្លាំងចិត្ត ស្របពេលដែលកម្លាំងកាយចុះខ្សោយ មានរឿងរ៉ាវខ្លះមិនចង់ទទួលស្គាល់ក៏មិនអាចដែរ ព្រោះថា...ទេវតាគិតមិនដូចយើងគិតនោះទេ... មិនថាមនុស្សម្នាក់ជានរណា? ធ្វើការងារអ្វី? គឺសុទ្ធតែឆ្លងកាត់ពេលនេះដូចគ្នា គ្រាន់តែ...វិធីប្រឈម និងដោះស្រាយនឹងវា មានខុសៗគ្នា ក៏ដឹងថា...ពេលនេះ មិនចង់ធ្វើអ្វី មិនចង់គិតអ្វី មិនចង់ទៅណា ងាកទៅណាក៏មានអារម្មណ៍ថាងងឹតស្លុប ពន្លឺបន្តិចបន្តួចក៏លែងមើលឃើញ... លក្ខណៈថា...លែងមានរសជាតិជីវិត ហើយផ្លូវដើរក៏ត្រូវបានរាំងស្ទះទៀត ក៏ចង់ចែករំលែកប្រាប់ដល់អ្នកដទៃ តែក៏មិនដឹងប្រាប់នរណា មិនដឹងថាគួរចាប់ផ្តើមពីណាទៅ? គួរប្រាប់ឬទេ? បើប្រាប់ទៅ គេនឹងជួយអ្វីបានអត់? គេគ្រាន់តែស្តាប់? គេនឹងប្រឹក្សា? គេនឹងសើចចំអក? ដល់ពេលគិតដល់ហ្នឹង ក៏រឹតតែវល់វល់ទៀត... ដឹងទេ??? អ្វីដែលអ្នកត្រូវការបំផុត ក្នុងកាលៈទេសៈបែបនេះ??? គឺ...«ពាក្យសម្តីលើកទឹកចិត្ត និងសកម្មភាពរំសាយកង្វល់» មិនមែនជាការអង្គុយស្មុគ ឲ្យគំនាបផ្លូវចិត្តចាប់ទាញអ្នកឲ្យរឹតតែលង់ជ្រៅនោះទេ កុំគិតច្រើនថា...បើធ្វើទៅនឹងប្រសើរឬអត់? សំខាន់...មិនសាកមិនដឹង មិនចាំបាច់មានមនុស្សច្រើន គ្រាន់តែម្នាក់ក៏គ្រប់គ្រាន់ហើយ(ករណីពិបាករកមនុស្សដែលទុកចិត្ត) រឿងក្នុងចិត្តដែលកប់ទុកនឹងមិនផ្តល់ផលវិជ្ជមានអ្វីដល់អ្នកឡើយ តិចតួច ឬច្រើនក្តី ត្រូវចែករំលែកវាប្រាប់គេ កុំសួរថា...«ដើម្បីអ្វី?» គឺ ដើម្បីបន្ធូរសម្ពាធផ្លូវចិត្តហ្នឹងហើយ... តែបើមិនចង់បង្ហាញពីភាពទន់ខ្សោយ ឬវិបត្តិផ្លូវចិត្តហ្នឹងទេ... មានវិធីមួយទៀត...តែអាស្រ័យលើអ្នកទាំងស្រុងហើយ ថាតើ មានឆន្ទៈងើបចេញពីសំណាញ់ងងឹតនៃភាពស្មុគស្មាញនេះខ្លាំងប៉ុណ្ណា បើថាងើបរួច...សួរខ្លួនឯងថា« មានសកម្មភាពអ្វីខ្លះដែលគ្រាន់តែគិតដល់ ក៏ធ្វើឲ្យចង្វាក់បេះដូងលោតញាប់ខុសពីធម្មតា?» អាចជារាំ? ច្រៀង? ហាត់កីឡា? ដើរលេង? ស្រែក? អង្គុយស្តាប់ភ្លេង? ឆ្លើយចេញហើយ...យល់ល្អ កុំទៅតែម្នាក់ឯងអី!! (ខ្លាចលោស្ថានភាពកាន់តែអាក្រក់) បបួលគេឯងទៅជាមួយផងទៅ... មានមនុស្សខ្លះក៏មិនចង់នៅម្នាក់ឯងដែរ ចឹងមនុស្សពីរនាក់មិនចង់ឯកានៅជាមួយគ្នា ក៏បានជាមនុស្សច្រើនគ្នាហើយ... ជាថ្មីម្តងទៀត...ខ្លួនឯង ដើម្បីខ្លួនឯង!!! កុំឲ្យឧបសគ្គជីវិតយកឈ្នះអ្នកបានអី... ស៊ូស៊ូណា៎!!!

ចែករំលែក

ពេលមានអារម្មណ៍ថានៅលើលោកនេះ ខ្លួនឯងទុកក៏មិនចំណេញ ដកចេញក៏មិនខាត អាចសាកល្បងវិធីទាំងនេះបាន…តែ…ជំហានដំបូង នោះគឺសូមគ្រប់គ្រងខ្លួនឯងឲ្យបានល្អ សូមយកឈ្នះលើខ្លួនអ្នកឲ្យបាន!!! បើមិនដូច្នោះទេ ទោះបីវិធីសាស្រ្តល្អឥតខ្ចោះបែបណា ធ្លាក់ពីលើមេឃមក ឬត្រូវបានណែនាំដោយអ្នកជំនាញខ្លាំងប៉ុណ្ណា បើចិត្តអ្នកមិនព្រមទទួលយកផងនោះ អ្វីៗក៏នឹងមិនបង្កើតផលចំណេញ ហើយក៏គ្មានអ្វីដែលនឹងអាចប្រសើរឡើងដែរ… ខាងក្រោមនេះ អាចជាវិធីខ្លះដែលអាចជួយអ្នកដែលកំពុងតែធ្លាក់ទឹកចិត្ត ឬលែងមានអារម្មណ៍រីករាយនឹងឆាកជីវិតរបស់ខ្លួនបាន… ១ ចូលគេង ហើយគិតថាថ្ងៃថ្មីនឹងល្អប្រសើរជាងនេះ     ប្រហែលជាពិបាកនឹងគេងលក់   ព្រោះតែចិត្តមិនស្ងប់ ប៉ុន្តែអ្នកអាចនឹងសាកល្បងធ្វើការសមាធិឬគ្រាន់តែព្យាយាមបញ្ឈប់ការគិតមួយរយៈដោយផ្តោតលើការដកដង្ហើមចេញចូល ហើយបិទភ្នែក និងផ្តេកខ្លួនគេង។ ជួនកាល អ្នកប្រហែលជាកំពុងតែយំ បើមិនអាចឈប់យំបានទេ អាចយំរហូតដល់គេងលក់ក៏បាន ហើយត្រូវចាំថា ថ្ងៃស្អែកជាថ្ងៃថ្មី ដែលនឹងល្អប្រសើរជាងនេះ។ ២ និយាយប្រាប់រឿងរ៉ាវក្នុងចិត្តទៅកាន់នរណាម្នាក់ដែលជិតស្និទ្ធ និងទុកចិត្តជាងគេ មិនថាជាក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ណាម្នាក់ឡើយ កុំមានអារម្មណ៍ថាខ្លួនឯងនាំរឿងស្មុគស្មាញ ឬបន្ទុកដល់ពួកគាត់ឡើយសុំពេលគាត់ប៉ុន្មាននាទីដើម្បីនិយាយរៀបរាប់រឿងក្នុងចិត្តដល់ពួកគាត់ ដើម្បីឲ្យបានធូរខ្លះ ព្រោះថាការលាក់ទុកអ្វីដែលមាននៅក្នុងចិត្តទាំងនោះ មិនប្រាកដថាជួយអ្វីអ្នកបានឡើយ។ ៣ អានសៀវភៅ ឬស្តាប់ធម៌អប់រំផ្លូវចិត្ត មានសៀវភៅ និងធម៌ ក៏ដូចជាការនិយាយខ្លះពិតជាអាចជួយដល់ការគិត និងសុខភាពផ្លូវចិត្ត ដរាបណាអ្នកបើកចិត្តឲ្យទូលាយក្នុងការទទួលស្តាប់ អាន និងដឹងឮនូវរឿងរ៉ាវទាំងនោះ។ ៤ រំលឹកអំពីស្នាដៃ និងរឿងអស្ចារ្យដែលបានធ្វើកន្លងមក ជាទូទៅ ពេលដែលធ្លាក់ទឹកចិត្ត អារម្មណ៍អវិជ្ជមានតែងតែកើតមានជានិច្ច ហើយក៏ជាពេលដែលអ្នកចាប់ផ្តើមស្តីបន្ទោសដល់ខ្លួនឯងផងដែរ ហេតុនេះហើយ វានឹងជាការប្រសើរប្រសិនបើអ្នករំលឹកអំពីសមិទ្ធផលល្អៗដែលអ្នកធ្លាប់បានធ្វើក៏ដូចជាទទួលកន្លងមក ដើម្បីផ្តល់នូវថាមពលនៃមោទនភាព និងភាពវិជ្ជមានចំពោះខ្លួនអ្នកឡើងវិញ។ ៥ មើលរឿងកំប្លែង ឬធ្វើអ្វីដែលសប្បាយៗ មិនមែនកើតទុក្ខហើយក៏ស្តាប់បទចម្រៀងកម្សត់ទៀតនោះទេ  បើទោះជាមិនអាចជួយឲ្យបានធូរស្រាលខ្លះ ឬច្រើនក៏ដោយ ក៏វិធីនេះនឹងមិនធ្វើឲ្យអ្នកកាន់តែពិបាកចិត្តជាងមុនដែរ។ សាកល្បងចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងបរិយាកាសរីករាយ ជាពិសេសគឺសកម្មភាពដែលជាចំណង់ចំណូលចិត្តរបស់អ្នក សកម្មភាពដែលតែងតែធ្វើឲ្យមានស្នាមញញឹមជាប្រចាំ។ ៦ ទុកឲ្យពេលវេលាជាអ្នកស្រាយបញ្ហាផ្លូវចិត្តនេះ រឿងខ្លះ មិនប្រាកដថាបង្ខំចិត្តឲ្យទទួលយកបានងាយៗនោះទេ មានរឿងជាច្រើនដែលត្រូវការពេលវេលាជាអ្នកជួយសម្រួល។ ដូចនេះហើយ វានឹងជាការប្រសើរ បើសិនជាអ្នកអាចទុកពេលខ្លះដល់ខ្លួនឯង ទម្រាំដល់ពេលមួយដែលអ្នកអាចប្រឈមនឹងការពិតទាំងនោះ។ ៧ ទៅទីកន្លែងដែលខ្លួនឯងប្រាថា្ន និយាយពីចំណុចនេះ អ្នកខ្លះក៏មានលទ្ធភាពអាចទៅបានពិតមែន តែអ្នកខ្លះវិញក៏ហាក់ដូចជាមិនអាច តែកុំឲ្យវាក្លាយជាបញ្ហាស្មុគស្មាញមួយទៀតអី។ គិតពីកន្លែងណាដែលអាចទៅដល់ ឬគ្រាន់តែនៅកន្លែងណាមួយជាមួយមនុស្សយល់ចិត្តចំណាយពេលខ្លះព្រលែងចោលនូវរាល់ទុក្ខសោកក្នុងចិត្តគ្រប់យ៉ាងក៏បាន។      ៨ ធ្វើអ្វីដែលខ្លួនតែងតែប្រាថ្នាចង់ធ្វើ ឬចង់ឲ្យកើតមាន ប្រហែលជាអ្នកទើបតែបរាជ័យ ឬខកខានឱកាសណាមួយទើបធ្វើឲ្យចិត្តមិនស្ងប់ពេលនេះ កុំបណ្តោយឲ្យចិត្ត និងការគិតស្ថិតនៅលើវាទៀត ព្រោះអតីតកាលបានកន្លងហួសទៅហើយ រីឯអនាគតក៏នៅមិនទាន់មកដល់ដែរ ហេតុនេះហើយ ប្រើប្រាស់បច្ចុប្បន្នកាលនេះឲ្យមានតម្លៃ និងល្អប្រសើរដោយផ្តោតលើក្តីស្រមៃ ឬគោលដៅខ្លីណាមួយសិន ហើយរីករាយជាមួយនឹងការធ្វើដំណើរឈានទៅរកវា។ សូមធ្វើតាមអ្វីដែលអ្នកគិតថាត្រូវ និងមានប្រយោជន៍សម្រាប់អ្នក…សំខាន់ខ្លួនអ្នក យកឈ្នះលើខ្លួនឯង…តស៊ូបន្ត ដើម្បីជីវិតខ្លួនឯង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

Sleep Paralysis ជាអារម្មណ៍មួយដែលអ្នកភ្ញាក់ដឹងខ្លួនធម្មតា តែមិនអាចកម្រើក ឬនិយាយបាន។ វាច្រើនកើតមានឡើងនៅពេល គេងលក់ ឬភ្ញាក់ដឹងខ្លួន ហើយមានអារម្មណ៍ថប់ ឬមានសម្ពាធនៅតំបន់ទ្រូង ហើយហេតុការណ៍នេះកើតមានតែប៉ុន្មានវិនាទី  ឬប៉ុន្មាននាទីប៉ុណ្ណោះ។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ភាពធុញថប់ ការប៉ះទង្គិចផ្លូវអារម្មណ៍ ទុក្ខព្រួយ កង្វល់ អាចជាហេតុធ្វើឲ្យមានការកើនឡើងនូវ Sleep Paralysis នេះ។ ជាក់ស្តែង បញ្ហានេះកើតមាននៅពេលអ្នកភ្ញាក់មុនពេល Rem cycle (Rapid eyes movement) បញ្ចប់ ដែល Rem គឺជាដំណាក់កាលនៃការគេង ដែលខួរក្បាលរបស់អ្នកមានសកម្មភាពខ្លាំង។ ក្នុងអំឡុងពេល Rem សាច់ដុំរបស់អ្នកត្រូវបានផ្អាក ជាហេតុធ្វើឲ្យមានការបញ្ឈប់ការសុបិន និងធ្វើឲ្យអ្នកមានអារម្មណ៍ឈឺចាប់។ មនុស្សភាគច្រើនមានអារម្មណ៍រវើរវាយក្នុងអំឡុងពេល Sleep Paralysis មិនតែប៉ុណ្ណោះ ប្រសិនបើវាកើតឡើងដោយសារតែខួរក្បាលកំពុងយល់សប្តិ អ្នកនឹងអាចឃើញអ្វីដែលចម្លែក ឬការមើលឃើញខុសប្រក្រតី ហើយការរវើរវាយទាំងនោះ ស្ថិតក្នុងរូបភាពខុសៗគ្នា ហើយមួយក្នុងចំណោមនោះ ហៅថា បាតុភូតនៃការរំខាន ។ ប្រភេទនៃការរវើរវាយមួយផ្សេងទៀត ហៅថា បាតុភូតនៃការភ័យព្រួយ ដែលជាអារម្មណ៍នៃការប៉ះទង្គិច ឬការថប់ដង្ហើម ។ មនុស្សប្រមាណ ៧.៦ % នៃចំនួន ប្រជាជនទូទៅ ជួបបញ្ហា Sleep Paralysis នេះ ហើយមានការកើនឡើងរហូតដល់២៨% ជួបវិបត្តិនៃការរំខានក្នុងអំឡុងពេលគេងផងដែរ។ មិនតែប៉ុណ្ណោះ មានប្រជាជន លើស៣៤% ដែលជួបប្រទះនូវ ភាពទុក្ខព្រួយ និងកង្វល់។ បញ្ហានេះកើតឡើងនៅចន្លោះអាយុ ១០ ទៅ ២៥ឆ្នាំ ក្នុងនោះសេនេទិច អាចដើរតួនាទីសំខាន់ហើយជាធម្មតាផ្សារភ្ជាប់នឹង Nacolepsy (អ្នកដែលងាយគេងលក់ បើទោះជាស្ថិតក្នុង ស្ថានភាពណាក៏ដោយ)។ មួយវិញទៀត  ឥរិយាបថនៃការគេងក៏អាចបង្កឲ្យមានជំងឺនេះដែរដូចជា ការគេងផ្ងារ កង្វះនៃការគេង និងការគេងមិនទៀងទាត់ រួមទាំងការប្រើប្រាស់ថ្នាំមួយចំនួន។ Sleep Paralysis គ្មានការព្យាបាលជាក់លាក់ទេ ដូចនេះ អ្នកជំងឺគួរគប្បីយល់ដឹងពីតិចនិកនៃការគេងឲ្យបានត្រឹមត្រូវ បង្កើនការគេងឲ្យបានច្រើន (៦ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ) ទម្លាប់ចូលគេងឲ្យបានទៀងទាត់ ធ្វើការព្យាបាលនៅពេលមាន ជំងឺទាក់ទងនឹងការគេង ឬជំងឺដែលធ្វើឲ្យគេងមិនលក់ តែក្នុងករណីធ្ងន់ធ្ងរមួយចំនួន អាចតម្រូវឲ្យប្រើថ្នាំបំបាត់ស្ត្រេស ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កាលពីថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨ ពីម៉ោង៧:០០ ព្រឹក ដល់ម៉ោង១១:០០ព្រឹក នៅឯអគារ Raintree មានការចូលរួមពីសំណាក់អ្នកស្រលាញ់ និងព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តជាច្រើនរូបបានចូលរួមក្នុងកម្មវិធី «MIND : ភាពរឹងមាំនៃសុខភាពផ្លូវចិត្ត» ដែលត្រូវបានរៀបចំឡើងដោយ Healthogo ក្រោមកិច្ចសហការរៀបចំ និងឧបត្ថម្ភដោយ Anakot Asia, Angkor Yoga Center, Raintree, Manulife, ផលិតផលខូ-ផ្លាស់ស្ទ័រ (Co-plaster) និងមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ។  គួរបញ្ជាក់ផងដែរថា កម្មវិធី«MIND : ភាពរឹងមាំនៃសុខភាពផ្លូវចិត្ត» បាននាំមកជូននូវសកម្មភាពផ្សេងៗដែលជួយពង្រឹងដល់សុខភាពផ្លូវចិត្តរបស់អ្នកចូលរួមរួមមាន ការធ្វើយោគៈ ការធ្វើសមាធិ ការស្តាប់បាថកាថា និងការប្រឹក្សាអំពីបញ្ហាសុខភាពផ្លូវចិត្តជាមួយនឹងវេជ្ជបណ្ឌិតឯកទេស។ ក្រោយពីការប្រកាសបើកកម្មវិធីដោយលោកនាយកប្រតិបត្តិនៃក្រុមហ៊ុនហេលស៍ថាមខប អ្នកចូលរួមទាំងអស់ក៏បានចាប់ផ្តើមនូវចលនាយោគៈក្រោមការបង្ហាត់បង្ហាញយ៉ាងច្បាស់លាស់ដោយលោក យាន់ វណ្ណៈ នាយកប្រតិបត្តិនៃ Angkor Yoga Center មុននឹងទទួលទានអាហារសម្រន់ដែលក្រុមការងារបានរៀបចំជូន។ បន្ទាប់ពីបំពេញថាមពលដោយអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ហើយ លោក នឺម ឈុន្នី នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដុះបណ្ដាល ANAKOT Asia Academy ក៏បានចាប់ផ្តើមនូវវគ្គសមាធិជាមួយនឹងការសម្របសម្រួលប្រកបដោយជំនាញ និងភាពក្បោះក្បាយ ដោយតម្រូវឲ្យអ្នកចូលរួមអនុវត្តតាមដោយចិត្តស្ងប់ និងកាត់ផ្តាច់ខ្លួនពីរឿងរ៉ាងខាងក្រៅផ្សេងៗមួយរយៈ។ ក្រោយមក លោកវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ ក៏បានចូលរួមចែករំលែកអំពីបញ្ហាសុខភាពផ្លូវចិត្តដែលសាធារណជនគួរយល់ដឹង និងប្រុងប្រយ័ត្ន មុននឹងឈានចូលវគ្គថ្លែងបាឋកថាដោយព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមដែលមានបញ្ហាទាក់ទិននិងសុខភាពផ្លូវចិត្តក៏បានជួបប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតឯកទេស ដើម្បីស្រាយចម្ងល់ដែលខ្លួនមានផងដែរ។ ជាចំណែកមួយក្នុងការលើកកម្ពស់ភាពរឹងមាំនៃសុខភាពផ្លូវចិត្តនៃសាធារណជន កម្មវិធីនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានមតិយោបល់វិជ្ជមានជាច្រើនអំពីសំណាក់អ្នកចូលរួមកម្មវិធី… Healthogo ក៏សន្យាថានឹងរៀបចំនូវកម្មវិធីជាបន្តបន្ទាប់ទៀត ដើម្បីជួយលើកកម្ពស់សុខភាពផ្លូវកាយ និងចិត្តនៃប្រជាជនកម្ពុជា…សូមធ្វើការតាមដាននៅលើទំព័រហ្វេសប៊ុក Healthogo  និងការផ្តល់ជូនដំណឹងនៅក្នុងAppផ្ទាល់ សម្រាប់កម្មវិធីលើកក្រោយទៀត… © 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សក់ជ្រុះ ជាបញ្ហាមួយដែលគ្រប់គ្នាតែងជួបប្រទះស្ទើរតែរៀងរាល់ថ្ងៃ ក្នុងនោះផងដែរ វាមានច្រើនប្រភេទ និងមានមូលហេតុផ្សេងៗពីគ្នា។ Trichotillomania ជាប្រភេទមួយនៃបញ្ហាសក់ជ្រុះ ដែល ហេលស៍ថាម បានលើកយកមកធ្វើបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ជំនាញសើស្បែក ព្រមទាំងជានាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា។ និយមន័យ Trichotillomania ជាប្រភេទជំងឺជ្រុះសក់ម៉្យាង ដែលបណ្តាលមកពីការមានទម្លាប់ដកសក់ខ្លួនឯងដោយការញៀន ហើយបន្តការដកសក់នេះជាប្រចាំ។ ចំណុចមួយទៀត អ្នកដែលមានបញ្ហានេះ អាចដោយសារគាត់មានបញ្ហាចិត្តសាស្ត្រ (mental health problem) ឬ វិបត្តិផ្លូវចិត្ត ហើយភាពតឹងតែងក្នុងអារម្មណ៍ក៏អាចឈានទៅរកការដកសក់ដោយមិនដឹងខ្លួនដែរ។ មូលហេតុ Trichotillomania មិនមែនជាជំងឺតពូជនោះទេ ហើយក៏មិនមានមូលហេតុច្បាស់លាស់ដែរ។ បើយោងតាមទ្រឹស្តី ដោយសារគាត់មានអារម្មណ៍តឹងតែង បញ្ហាផ្លូវចិត្ត ឬការប៉ះពាល់ទៅលើអារម្មណ៍ បណ្តាលឲ្យអ្នកជំងឺចេះតែដកសក់ និយាយរួមសក់ជ្រុះដោយដកខ្លួនឯង ជាលក្ខណៈញៀន និងទម្លាប់របស់គាត់ផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា ភាគរយនៃTrichotillomania ដែលគេតែងជួបប្រទះភាគច្រើន គឺទៅលើស្ត្រីជាងបុរស។ រោគសញ្ញា អ្នកអាចឃើញកន្លែងដែលមានរោមដូចជា នៅលើក្បាល ចិញ្ចើម រោមភ្នែកក្លៀក ដៃ ជើង ទ្រូង ឬសូម្បីតែរោមនៅតំបន់ភេទ រោមមុខ និងពុកមាត់ ទៅជាវាលនោះ សុទ្ធតែអាចហៅថាជំងឺTrichotillomaniaបានទាំងអស់។ គ្រាន់តែ ជាទូទៅគេសំដៅលើក្បាលខ្លាំងជាងគេប៉ុណ្ណោះ ព្រោះជាកន្លែងដែលគេមើលឃើញ។ រោគវិនិច្ឆ័យ គេមើលលើសញ្ញាជាលក្ខណៈផ្លូវចិត្ត(psycholo-gical symptoms) ការប៉ះពាល់ដល់អារម្មណ៍បុគ្គលនោះផ្ទាល់ ដែលធ្វើឲ្យ អ្នកជំងឺដកសក់ខ្លួនឯងជារឿយៗ។ ខណៈដែលគាត់មានបញ្ហាជ្រុះសក់នេះ គាត់មានអាការៈអៀនខ្មាស តែងតែបដិសេធក្នុងការចូលរួមសកម្មភាពសង្គមនានា  ព្រមទាំងចូលចិត្តលាក់ខ្លួននៅតែម្នាក់ឯង។ ការព្យាបាល ការជ្រុះសក់នេះកើតឡើងដោយសារទម្លាប់ ដូចនេះ ការព្យាបាល គឺត្រូវកែទម្លាប់របស់គាត់ ដែលការកែទម្លាប់នេះ ត្រូវមើលថាហេតុផលអ្វីដែលគាត់ចេះតែទាញសក់ខ្លួនឯង។ បើកាលណាគាត់មានបញ្ហាទាញសក់ដោយសារមានការតឹងតែងអារម្មណ៍ ខឹងមួរម៉ៅ ឬមានបញ្ហាទាក់ទងទៅនឹងផ្លូវចិត្តនោះ ការព្យាបាលគួរត្រូវបានណែនាំឲ្យទៅជួបជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកចិត្តសាស្ត្រ ដើម្បីផ្តល់ប្រឹក្សា ទាក់ទងនឹងការផ្លាស់ប្តូរការប្រព្រឹត្ត អប់រំឲ្យយល់ថាស្ថានភាពគាត់ប្រឈមនឹងការដែលសក់ជ្រុះខ្លាំងបើសិនជាមិនកែទម្លាប់។  វាអាចនឹងពិបាកក្នុងការព្យាបាល ដោយសារនេះជាលក្ខណៈញៀន ប៉ុន្តែអាចជួយបង្ការបានមួយផ្នែកទៀត ជាឧទាហរណ៍ប្រសិនបើអ្នកជំងឺឧស្សាហ៍ដក ឬទាញសក់ពេលធ្វើដំណើរ គួរឲ្យគាត់ពាក់មួក ឬកន្សែង រុំក្បាល រួមនឹងការលើកទឹកចិត្តគាត់ ព្រមទាំងមិនត្រូវស្តីបន្ទោសគាត់ទាក់ទងទៅនឹងបញ្ហានេះបញ្ហានោះទេ។ ផលវិបាក ប្រសិនបើគាត់មិនបានទទួលការព្យាបាលឲ្យបានទាន់ពេលវេលាទេនោះ  គឺប៉ះពាល់ដល់គុណភាពជីវិតរបស់ពួកគេ ដូចជាធ្វើឲ្យបុគ្គលនោះមិនអាចចូលរួមនៅក្នុងសង្គមមានភាពខ្មាស់អៀនខ្លួនឯង និងចូលចិត្តនៅដាច់ពីគេ។   មួយវិញទៀត អ្នកជំងឺអាចប្រឈមជាមួយនឹងការជ្រុះសក់អស់ដោយសារសក់គាត់ដុះមិនទាន់។ សារជូនមិត្តអ្នកអាន ជាចុងក្រោយ ក្នុងនាមជាគ្រូពេទ្យសើស្បែក បើប្រជាពលរដ្ឋយើងមានបញ្ហាជ្រុះសក់ ធ្វើយ៉ាងណាគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងស្បែកសិន ដើម្បីឲ្យគ្រូពេទ្យមើលថាពិតជាជំងឺTrichotillomaniaមែន ឬអត់ បន្ទាប់មកទើបវេជ្ជបណ្ឌិតនឹងណែនាំបន្តឲ្យទៅជួបគ្រូពេទ្យផ្នែកខាងចិត្តសាស្ត្រ បើអ្នកមានបញ្ហាតឹងតែងក្នុងអារម្មណ៍ ឧស្សាហ៍មួរម៉ៅ ខឹង និយាយរួមគឺ បញ្ហាផ្លូវចិត្តគួរទៅជួបគ្រូពេទ្យជំនាញផ្លូវចិត្តចៀសវាងការបន្តទម្លាប់នេះតទៀត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ពេលខ្លះមានអារម្មណ៍ថាហត់នឿយណាស់ stress ណាស់ តែក៏មិនប្រាកដច្បាស់ថា កម្រិតដែលខ្លួនឯងកំពុងតែប្រឈមហ្នឹង នឹងបង្កជាបញ្ហាអ្វីដែរឬអត់ដល់សុខភាពផ្លូវចិត្ត? ដោយសារតែម្នាក់ៗមានប្រតិកម្មទៅនឹង stress របស់ខ្លួនតាមវិធីផ្សេងៗពីគ្នា ហើយក៏មិនមានតេស្តណាមួយពិតប្រាកដដែលអាចបង្ហាញពីកម្រិតនៃstress របស់អ្នកបានជាក់លាក់នោះដែរ។ យ៉ាងណាមិញ សម្រាប់តេស្តខាងក្រោមនេះ គ្រាន់តែបង្ហាញលទ្ធផលជាទូទៅមួយតែប៉ុណ្ណោះ… សូមធ្វើការជ្រើសរើសរវាង “Yes” និង “No” សម្រាប់សកម្មភាពខាងក្រោមនេះ ហើយកុំភ្លេចធ្វើការឆ្លើយដោយភាពស្មោះត្រង់ណា៎… វិធីបូកពិន្ទុ ៖  សូមធ្វើការបូកសរុបពិន្ទុទៅតាមចម្លើយដែលអ្នកបានឆ្លើយតបដោយ ចម្លើយYes = ១ ពិន្ទុ No = ០ ពិន្ទុ  សរុប ៖ ____________ 1    ឧស្សាហ៍យកការងារមកធ្វើនៅផ្ទះ         2    មិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើការងារដែលត្រូវបំពេញ         3    ច្រានចោល ឬគេចវេសពីបញ្ហា ដោយសង្ឃឹមថាវានឹងកន្លងផុតទៅ         4    ធ្វើការដោយខ្លួនឯង ដើម្បីប្រាកដថាកិច្ចការត្រូវបានធ្វើយ៉ាងល្អ និងត្រឹមត្រូវ         5    មើលស្រាលពេលវេលាក្នុងការសម្រេចកិច្ចការ         6    មានអារម្មណ៍ថាមានកាលបរិច្ឆេទកំណត់នៃការងារច្រើន         7    ជំនឿចិត្តលើខ្លួនឯងជាក់ស្តែងមានតិចជាងអ្វីដែលរំពឹងទុក         8    មានអារម្មណ៍ថាខុសឆ្គង នៅពេលដែលសម្រាក ហើយមិនបានធ្វើអ្វីសោះ    9    តែងតែគិតដល់បញ្ហាផ្សេងៗ ទោះបីជាក្នុងពេលដែលត្រូវសម្រាកក៏ដោយ     10    នៅតែមានអារម្មណ៍ថាអស់កម្លាំង និងហត់នឿយ បើទោះជាបានគេងគ្រប់គ្រាន់ក៏ដោយ         11    ជាញឹកញាប់បញ្ចប់ឃ្លាដែលគេនិយាយ បើសិនជាមាននរណានិយាយយឺតៗមួយៗ         12    មានទម្លាប់ញ៉ាំ ដើរ និយាយ និងបើកបរលឿន 13    មានបម្រែបម្រួលទម្លាប់នៃការញ៉ាំ (ញ៉ាំតិច ឬច្រើនពេក) ជួនក៏មិនបានញ៉ាំអាហារ         14    ធុញទ្រាន់ និងមិនស្រណុកចិត្ត រាល់ពេលត្រូវរង់ចាំ         15    បើមានរឿងរ៉ាវ ឬនរណារំខានអ្វី ជាទូទៅមិនបញ្ចេញមកក្រៅនោះទេ 16    រាល់ពេលដែលលេងកីឡា ឬល្បែងអ្វីមួយ គឺតែងតែចង់យកឈ្នះលើគេជានិច្ច         17    ផ្លាស់ប្តូរអារម្មណ៍ញឹកញាប់ រារែកក្នុងការសម្រេចចិត្ត ប្រមូលផ្តុំអារម្មណ៍ ហើយខ្សោយការចងចាំ         18    មានទំនោរក្នុងការចាប់កំហុស និងរិះគន់អ្នកដទៃ ជាជាងលើកសរសើរ     19    ស្តាប់យោបល់អ្នកដទៃ បើទោះជាមានគំនិតផ្ទាល់ខ្លួនហើយក៏ដោយ         20    បាត់បង់ចំណង់ផ្លូវភេទ         21    មានទម្លាប់សង្គ្រឺតធ្មេញ         22    ឈឺចាប់សាច់ដុំ ជាពិសេសត្រង់ក ក្បាល ខ្នងផ្នែកក្រោម ស្មា         23    សមត្ថភាពបំពេញការងារហាក់ដូចជាទាបជាងមុន         24    ដូចជាចង់ទទួលទានជាតិអាល់កុល កាហ្វេអ៊ីន នីកូទីន និងគ្រឿងញៀនផ្សេងៗ         25    មានអារម្មណ៍ថាមិនមានពេលសម្រាប់ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត         លទ្ធផល ៖  -ពិន្ទុ តិចជាង ឬស្មើ ៤ ៖ អ្នកមិនមានការប្រឈមនឹងជំងឺទាក់ទិននឹង stress ឡើយ -ពិន្ទុ ៥-១៣ ៖ អ្នកមានការប្រឈមទៅនឹងជំងឺទាក់ទងនឹងstress ដែលប៉ះពាល់ដល់បញ្ហាផ្លូវចិត្ត ឬផ្លូវកាយ។ អ្នកគួរតែប្រឹក្សាជាមួយនឹងអ្នកជំនាញផ្លូវចិត្ត ដើម្បីស្វែងរកដើមហេតុពិតប្រាកដនៃបញ្ហានេះ។ -ពិន្ទុស្មើ ឬច្រើនជាង ១៤ ៖ អ្នកប្រឈមខ្លាំងមែនទែនទៅនឹងបញ្ហានេះ ហើយក៏បានបណ្តុះនូវឥរិយាបថមិនល្អដែរ។ អ្នកក៏ងាយប្រឈមនឹងជំងឺទាក់ទិននឹង stress ដែលរួមមានដូចជា ជំងឺទឹកនោមផ្អែម ប្រកាំង ឈឺខ្នង ឬចុករួយក សម្ពាធឈាមឡើងខ្ពស់ ជំងឺបេះដូង បញ្ហាផ្លុវចិត្ត(ជំងឺធ្លាក់ទឹកចិត្ត ថប់អារម្មណ៍…)។ អ្នកចាំបាច់ស្វែងរកគ្រូពេទ្យ ឬអ្នកជំនាញ ដើម្បីទទួលបានការប្រឹក្សា។  ប្រភព ៖  © International Stress Management Association UK – 2013  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កម្មវិធី «MIND : ភាពរឹងមាំនៃសុខភាពផ្លូវចិត្ត» នឹងត្រូវបានរៀបចំឡើងដោយ Healthogo ក្រោមកិច្ចសហការរៀបចំដោយ Anakot Asia, Angkor Yoga Center, Raintree, Manulife, ផលិតផលខូ-ផ្លាស់ស្ទ័រ (Co-plaster) និងមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ នឹងមានវត្តមាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ពីម៉ោង៧:០០ ព្រឹក ដល់ម៉ោង១១:០០ព្រឹក នៅឯអគារ Raintree ដែលនឹងជាកម្មវិធីមួយ ធ្វើការប្រមូលផ្តុំនូវអ្នកជំនាញទាក់ទិននឹងការលើកទឹកចិត្តដល់ខ្លួនឯង (self-motivation) ដើម្បីធ្វើការបង្ហាត់បង្ហាញដល់អ្នកចូលរួមអំពីលំហាត់ប្រាណ ក៏ដូចជាចលនា និងចំណេះដឹងដែលនាំឲ្យមានភាពរឹងមាំនៃសុខភាពផ្លូវចិត្ត ដោយនាំមកជូននូវសកម្មភាពផ្សេងៗដែលជួយពង្រឹងដល់សុខភាពផ្លូវចិត្តរបស់អ្នកចូលរួមរួមមាន ការធ្វើយោគៈ ការធ្វើសមាធិ ការស្តាប់បាឋកថា និងការប្រឹក្សាអំពីបញ្ហាសុខភាពផ្លូវចិត្តជាមួយនឹងវេជ្ជបណ្ឌិតឯកទេស។ «មានទ្រព្យ តែខ្វះការគ្រប់គ្រងចិត្ត ជីវិតមិនបានសុខនោះទេ» ជាសង្ឃដីកាដ៏មានអត្ថន័យ នៃព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព គង់នៅវត្តគល់ទទឹង និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា រីឯលោក នឺម ឈុន្នី នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដុះបណ្ដាល ANAKOT Asia Academy ជាស្ថាប័នបណ្តុះបណ្តាលដែលផ្តោតលើភាពជាអ្នកដឹកនាំ ដែលបញ្ជូលការរៀនសមាធិ និងហ្វឹកហាត់ផ្លូវចិត្ត ឬ Mind Fitness (Holistic) ក៏បានលើកឡើងផងដែរថា «មនុស្សសព្វថ្ងៃបានស្វែងយល់អំពីព័ត៌មានជាច្រើន រួមទាំងបច្ចេកវិទ្យាដ៏ទំនើប ក៏ប៉ុន្តែពុំបានចំណាយពេល ដើម្បីស្វែងយល់អំពីអ្វីដែលជាសេចក្តីសុខពីខាងក្នុងឡើយ ដោយយល់ថាសម្ភារៈដែលនៅជុំវិញខ្លួន ជាចំណែកនៃសេចក្តីសុខរបស់ខ្លួន តែការពិតវាជា សេចក្តីសុខរយៈពេលខ្លីប៉ុណ្ណោះ។ តាមរយៈការធ្វើសមាធិ វាធ្វើឲ្យយើងអាចយល់ពីសេចក្តីសុខពិតប្រាកដ ដែលចេញពីខ្លួនយើងបាន»។ ដើម្បីជាការរួមចំណែកក្នុងការលើកកម្ពស់ភាពរឹងមាំនៃសុខភាពផ្លូវចិត្ត ពួកគាត់ទាំងពីរ រួមជាមួយនឹង លោក យាន់ វណ្ណៈ នាយកប្រតិបត្តិនៃ Angkor Yoga Center ព្រមទាំងវេជ្ជបណ្ឌិតនៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ នឹងផ្តល់់កិត្តិយសចូលរួមជាវាគ្មិន និងអ្នកសម្របសម្រួលនៅក្នុងកម្មវិធីពិសេសនេះ។ កាលបរិច្ឆេទ ៖ ថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨ ពេលវេលា  ៖ ៧:០០-១១:០០ ព្រឹក ទីកន្លែង    ៖ អគារ Raintree Cambodia  តម្លៃ       ៖ ចូលរួមដោយឥតគិតថ្លៃ (តម្រូវឲ្យមានការចុះឈ្មោះជាមុន) សម្រាប់អ្នកដែលមានការយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តរបស់ខ្លួន មិនគួរឲ្យកម្មវិធីនេះរំលងផុតទៅឡើយ… ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ និងមានបំណងចូលរួមក្នុងកម្មវិធីនេះ សូមធ្វើការចុះឈ្មោះតាមរយៈ  http://bit.ly/2IzrnMY  សូមរួសរាន់ឡើង ព្រោះថាកន្លែងមានកំណត់!!! តោះ! ចូលរួម ដើម្បីចាប់ផ្ដើមថ្ងៃថ្មី ជាមួយនឹងសុខភាពផ្លូវចិត្តល្អប្រសើរ និងរឹងមាំទាំងអស់គ្នា… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

«សុខភាពរបស់បុគ្គលម្នាក់ៗ គឺមានទាំងសុខភាពផ្លូវកាយ និងចិត្ត  ហើយបើទោះជាមានទ្រព្យច្រើនយ៉ាងណាក៏ដោយ ប្រសិនបើបុគ្គលនោះមិនអាចគ្រប់គ្រងផ្លូវចិត្តរបស់ខ្លួនបានល្អនោះ   ជីវិតរបស់គេក៏មិនអាចមានសេចក្តីស្ងប់សុខដែរ ដូចនេះ ជីវិតម្នាក់ៗត្រូវតែមានទាំងទ្រព្យខាងក្រៅ និងទ្រព្យខាងក្នុង» ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព គង់នៅវត្តគល់ទទឹង និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ តាមការពិតទៅ វិធីក្នុងការធ្វើចិត្តឲ្យស្ងប់ ក៏ដូចជាការអប់រំផ្លូវចិត្តមានច្រើនបែបណាស់ ដែលក្នុងនោះរួមមានការធ្វើសមាធិ ដែលព្រះភិក្ខុបានផ្តល់និយមន័យថា «របៀបផ្គង ឬគ្រប់គ្រងចិត្តឲ្យនឹងនរនៅក្នុងអារម្មណ៍តែមួយ ធ្វើឲ្យចិត្តស្ថិតនៅរឿងអ្វីមួយបានយូរ ដោយមិនគិតដល់រឿងរ៉ាវផ្សេង»។ ព្រះភិក្ខុក៏បានមានសង្ឃដីកាបន្ថែមដែរថា របៀបនៃការធ្វើចិត្តឲ្យស្ងប់មានជាង៤០ ដែលក្នុងនោះរបៀបដែលត្រូវបានប្រើប្រាស់ច្រើនជាងគេ គឺ ការតាមដានខ្យល់ដង្ហើមចេញដង្ហើមចូល ការរៀនផ្សាយសេចក្តីស្រលាញ់ខ្លួនឯង និងអ្នកដទៃ ការយកពន្លឺ  ឬពណ៌ជានិម្មិត  ដែលសរបញ្ជាក់ថារបស់ខាងក្រៅដែលបានលើកឡើងខាងលើ(ដូចជាខ្យល់ ពន្លឺ និងពណ៌ជាដើម)ជាឧបករណ៍ឲ្យចិត្តតោងបានយូរ។ រយៈពេល ពេលវេលា និងទីកន្លែង ការអប់រំផ្លូវចិត្តតាមរយៈការធ្វើសមាធិនេះ គឺអាចធ្វើបានដោយមិនប្រកាន់ពេលវេលា និងទីកន្លែងនោះឡើយ តែអ្វីដែលសំខាន់នោះ គឺមានពេលវេលា និងទីកន្លែងសមរម្យ ដែលមិនមានសំឡេងរំខាន  ព្រោះវាអាចរំខានដល់អារម្មណ៍  និងជាហេតុបង្កឲ្យពិបាកក្នុងការផ្គងចិត្ត និងអារម្មណ៍។ រីឯការចម្រើនស្មារតី ចម្រើនសតិវិញ គឺអាចធ្វើនៅក្នុងទីអ៊ូអរក៏បានដែរ។ យ៉ាងណាមិញ ព្រះភិក្ខុគូ សុភាព បានលើកឡើងផងដែរថា បើសិនជាអាចគួរតែទម្លាប់ធ្វើសមាធិនៅមុនពេលចូលគេងឬពេលភ្ញាក់ពីគេង។ការអប់រំផ្លូវចិត្តប្រៀបបាននឹងការសន្សំលុយដែរប្រសិនបើបុគ្គលមួយរូបមិនសូវបានធ្វើទេ ចិត្តរបស់គាត់ក៏មិនសូវស្ងប់ដែរ ផ្ទុយទៅវិញ បើបុគ្គលនោះធ្វើជាប្រចាំ ចិត្តរបស់គាត់ក៏បានស្ងប់ទៅតាមហ្នឹងដែរ។ ជាក់ស្តែង អ្នកដែលមមាញឹកច្រើននឹងការសិក្សា ការងារ ឬជំនួញ ត្រូវការសមាធិច្រើន ព្រោះខួរក្បាលរបស់ពួកគេនឿយហត់ច្រើនឆាប់មួម៉ៅ ឆាប់ឆេវឆាវ ហេតុនេះហើយ ការចំណាយ១០-២០នាទី ក្នុង២៤ម៉ោង ដើម្បីសុខភាពផ្លូវចិត្ត គួរតែមិនត្រូវបានមើលរំលងឡើយ។ ចំណុចខ្លះៗដែលគួរធ្វើ និងមិនគួរធ្វើ ចំពោះកាយវិការ គឺត្រូវអង្គុយពែនភ្នែន ដោយដាក់ជើងស្តាំលើជើងឆ្វេង និងដៃស្តាំលើដៃឆ្វេង ព្រមទាំងអង្គុយដោយដាក់ខ្នងឲ្យត្រង់។ យ៉ាងណាមិញ អ្នកមិនត្រូវប្រឹងពេកនោះទេ ព្រោះវានឹងធ្វើឲ្យចិត្តមិនសូវស្ងប់ ហើយត្រូវផ្តោតលើដង្ហើមចេញដង្ហើមចូល ដោយចៀសវាងការគិតទៅលើរឿងផ្សេង។ អ្វីដែលសំខាន់នោះ គឺកុំប្រាថ្នាគិតថាចង់ឃើញទេវតា ឋានសួគ៌ ឬឋាននរក ទាំងនេះមិនមែនជាទិសដៅនៃការធ្វើសមាធិ ដើម្បីអប់រំផ្លូវចិត្តឡើយ។ សូមកុំគិត ឬបារម្ភថា សមាធិ មានផលអវិជ្ជមានចំពោះប្រព័ន្ធប្រសាទ គឺមានតែអ្នកដែលធ្វើខុស និងមានបំណងអាក្រក់ទេ ដែលអាចនាំឲ្យឆ្កួត។ និយាយឲ្យខ្លីទៅ គឺ«សមាធិមិននាំឲ្យឆ្កួត តែអ្នកធ្វើខុសទើបឆ្កួត»។ ទំនាក់ទំនងរវាងការធ្វើសមាធិ និងសុខភាពផ្លូវចិត្ត មានបុគ្គលខ្លះ គេងមិនលក់ព្រោះតែចិត្តមិនស្ងប់ និងមានការរវើរវាយច្រើន។ ប៉ុន្តែ បើគេអាចអប់រំផ្លូវចិត្តឲ្យរឹងមាំបាន នោះគេនឹងមិនរំជើបរំជួលខ្លាំង មិនសូវឆេវឆាវខ្លាំង ព្រមទាំងអាចសម្រេចចិត្តបានល្អ។ ទន្ទឹមនឹងគ្នានេះដែរ ការធ្វើសមាធិក៏អាចធ្វើឲ្យសុខភាពរាងកាយរឹងមាំ ដោយមិនងាយប្រឈមនឹងជំងឺផ្សេងៗដែរ។ជាការពិត សុខភាពផ្លូវចិត្តរបស់អ្នកមិនបានអប់រំចិត្តរបស់ខ្លួន គឺតែងតែមានចិត្តមិនស្ងប់ កើតទុក្ខមួម៉ៅ ស្មុគស្មាញ  មិនចេះគ្រប់គ្រងអារម្មណ៍ ស្តាយក្រោយ ក្តៅក្រហាយ រវើរវាយ ហើយគិតតែអំពីអតីតកាល និងអនាគត ដេកព្រួយដេកស្តាយ មិនចេះលះបង់ មិនចេះកាត់ ឡើយ។ ការអប់រំផ្លូវចិត្តដោយសមាធិសម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ (ធ្លាក់ទឹកចិត្តថប់បារម្ភ) សម្រាប់អ្នកដែលមានចិត្តហោះហើរ ចិត្តមិននៅក្រោមបង្គាប់ បើបណ្តោយ គឺអាចកើតជាជំងឺសរសៃប្រសាទ។ វិធីសាស្រ្តគឺមិនអាចកំណត់ជាក់លាក់ថាមួយណាល្អ មួយណាប្រសើរ និងស័ក្តិសមបំផុតនោះទេ លុះត្រាតែមានការស្វែងយល់ច្បាស់លាស់ពីប្រភេទនៃវិបត្តិផ្លូវចិត្តរបស់បុគ្គល និងធ្វើការពិភាក្សាផ្ទាល់ជាមុនសិន។ប៉ុន្តែជាទូទៅ អ្វីដែលអាចធ្វើបាន គឺ«មេត្តាភាវនាជាការចម្រើនមេត្តា ឬចិត្តស្រឡាញ់ » ដោយផ្សាយមេត្តា «សូមឲ្យខ្ញុំបានសុខ រួចផុតពីទុក្ខ»ដើម្បីឲ្យខ្លួនឯងរួចផុតពីទុក្ខសិន ដែលប្រៀបបាននឹងដកភ្លើងទុក្ខចេញពីចិត្តខ្លួន មុននឹងផ្សាយមេត្តាដល់អ្នកនៅជុំវិញខ្លួន។ ជាទូទៅ អ្នកមានវិបត្តិផ្លូវចិត្តតែងតែស្មុគស្មាញ និងប្រមូលផ្តុំនូវការគិតច្រើន ហើយការធ្វើមេត្តាភាវនានេះ នឹងអាចដកចេញបានខ្លះដែរ ដោយដាក់បញ្ចូលវិញនូវភាពត្រជាក់ត្រជុំ  ប៉ុន្តែវិធីសាស្រ្តនេះត្រូវការការបង្ហាត់បង្ហាញពីអ្នកជំនាញទើបអាចធ្វើបានប្រកបដោយប្រសិទ្ធភាព។ សារអំពីការថែទាំសុខភាពផ្លូវចិត្ត បើមានពេល គួរតែរៀនស្តាប់ការអប់រំផ្លូវចិត្តពីអ្នកជំនាញសុខភាពផ្លូវចិត្តមិនថាពីគ្រូពេទ្យ ឬព្រះសង្ឃឡើយ វានឹងប្រសើរដោយមានការរួមផ្សំរវាង «វិទ្យាសាស្រ្ត និងព្រះធម៌»។ បន្ថែមពីលើនេះ គួរតែឆ្លៀតពេលធ្វើការអប់រំផ្លូវចិត្តដោយធ្វើសមាធិនៅកន្លែងដែលមានអ្នកណែនាំត្រឹមត្រូវ។ គួរចាំផងដែរថា បញ្ហាផ្លូវចិត្ត នរណាក៏មានដែរ ហើយអ្វីដែលត្រូវការចាំបាច់ជាងគេ គឺជំនួយពីអ្នកនៅជុំវិញខ្លួន ជាពិសេសសមាជិកគ្រួសារ។ ក្នុងករណីដែលមានសមាជិកណាម្នាក់មានវិបត្តិផ្លូវចិត្ត មានភាពស្រងូតស្រងាត់ នៅម្នាក់ឯងក្រៀមក្រំ មិននិយាយស្តី សូមកុំស្តីបន្ទោសគាត់អី ត្រូវស្វែងយល់ និងផ្តល់កម្លាំងចិត្តដល់គាត់ ក៏ដូចជាព្យាយាមបន្ថយបន្ទុកពីការងារប្រចាំថ្ងៃ ស្តាប់ធម៌ ចូលរួមកម្មវិធីអប់រំចិត្ត។ល។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

    កាលពីមុន ការធ្វើសមាធិ ហាក់ដូចជាពុំមានការចាប់អារម្មណ៍ពីមនុស្សទូទៅឡើយដោយភាគច្រើនបានគិតថាការសមាធិគឺសម្រាប់តែ មនុស្សចាស់ ឬព្រះសង្ឃប៉ុណ្ណោះ តែបច្ចុប្បន្ន ការសមាធិ ហាក់ដូចជាបានក្លាយទៅជាចំណុចកណ្តាលនៃប្រធានបទដែលតែងតែត្រូវបានលើកយកមក និយាយ ក៏ដូចជាអនុវត្តជាញឹកញាប់នៅតាមព្រឹត្តិការណ៍ ព្រមទាំងវគ្គបណ្តុះបណ្តាលផ្សេងៗតាមសាលា និងស្ថាប័នការងារជាពិសេសក៏មានមនុស្ស មិនតិចហើយទេ ដែលបានចាប់យកការធ្វើសមាធិជាទម្លាប់មួយសម្រាប់ការរស់នៅទៀតផង។      “ជាការពិតណាស់ មនុស្សសព្វថ្ងៃបានស្វែងយល់អំពីព័ត៌មានជាច្រើន រួមទាំងបច្ចេកវិទ្យាដ៏ទំនើប ក៏ប៉ុន្តែពុំបានចំណាយពេលដើម្បី ស្វែងយល់អំពីអ្វីដែលជាសេចក្តីសុខពីខាងក្នុងឡើយ ដោយយល់ថាសម្ភារៈដែលនៅជុំវិញខ្លួន ជាចំណែកនៃសេចក្តីសុខរបស់ខ្លួន តែការពិតវាជា សេចក្តីសុខរយៈពេលខ្លីប៉ុណ្ណោះ។ តាមរយៈការធ្វើសមាធិ វាធ្វើឲ្យយើងអាចយល់ពីសេចក្តីសុខពិតប្រាកដ ដែលចេញពីខ្លួនយើងបាន។” នេះបើតាមលោក នឺម ឈុន្នី នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដុះបណ្ដាល ANAKOT Asia Academy ជាស្ថាប័នបណ្តុះបណ្តាលដែលផ្តោតលើភាពជាអ្នកដឹកនាំ ដែលបញ្ជូលការរៀនសមាធិ និងហ្វឹកហាត់ផ្លូវចិត្ត ឬ Mind Fitness (Holistic)។ លោក ឈុន្នី បាន បញ្ចប់ការសិក្សាពីសាលាពុទ្ធសាសនាអន្តរជាតិ ឈៀងម៉ៃ ផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនា  និងមនុស្សសាស្ត្រ ជាមួយនឹងបទពិសោធន៍ការងារជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ទាក់ទងនឹងការអភិវឌ្ឍ ធនធានមនុស្សតាមបែបព្រះពុទ្ធសាសនា ដែលរួមទាំងការបង្រៀនសមាធិផងដែរ ហើយលោកក៏បានចូលរួមចែករំលែកបន្តទៀតទាក់ទងនឹង ការធ្វើសមាធិ នេះដូចខាងក្រោម៖ ការសមាធិគឺជាអ្វី? សមាធិ ឬតាមភាសាបាលីហៅថា ភាវនា មានន័យថាការអភិវឌ្ឍផ្លូវចិត្ត ឬផ្នត់គំនិត ឬ ការតម្កល់ចិត្តអោយនឺង ការធ្វើចិត្តអោយត្រជាក់ ការធ្វើចិត្តស្ងប់ និងត្រូវបានចែកចេញជាពីរគឺ សមថកម្មដ្ឋាន និង វិប្បសនាកម្មដ្ឋាន ដែលសមថកម្មដ្ឋានគឺជាការហ្វឹកហាត់ចិត្តឲ្យស្ងប់ បង្កើនសន្តិភាពជាមួយខ្លួនឯង (របៀបគ្រប់គ្រងកំហឹង ឬចិត្ត) និងវិប្បសនាកម្មដ្ឋានគឺជាការរៀនដើម្បីបង្កើនបញ្ញាស្មារតី ពោលគឺ ដើម្បីកាត់ផ្តាច់នូវសេចក្តីទុក្ខ (ទោសៈ មោហៈ)។ តើការសមាធិមានសារប្រយោជន៍ដូចម្តេចខ្លះ? សមាធិពិតជាមានសារប្រយោជន៍ខ្លាំងណាស់ សមាធិគឺអាចជួយឲ្យយើងរស់នៅជាមួយខ្លួនឯង និងក្រុមគ្រួសារដោយមានក្តីសុខ កាត់បន្ថយភាពតានតឹង និងស្ត្រេសប្រចាំថ្ងៃ ហើយអាចរៀនគ្រប់គ្រងអារម្មណ៍នៅពេលមានកំហឹង និងបង្កើនសុខភាពផ្លូវចិត្ត។ ជាពិសេសសមាធិអាចជួយធ្វើឲ្យយើងមាន ទំនុកចិត្តលើអ្វីដែលយើងកំពុងធ្វើផងដែរតាមរយៈការផ្តោតអារម្មណ៍លើការដកដង្ហើមឲ្យបានត្រឹមត្រូវ។ ស្របជាមួយនឹងការបង្ហាញអំពីអត្ថប្រយោជន៍នៃ ការសមាធិ លោក ឈុន្នី ក៏បានចែករំលែកផងដែរអំពីបទពិសោធន៍នៃការប្រសើរឡើងនៃគុណភាពជីវិតរបស់លោកផ្ទាល់រហូតឈានដល់ការជាសះស្បើយ ពីជំងឺតាមរយៈការធ្វើសមាធិនេះ។ គួរបញ្ជាក់ថា លោកធ្លាប់មានជំងឺតម្រងនោមនិងបានទទួលការព្យាបាលរយៈពេលជាច្រើនឆ្នាំដែលឈានដល់ការទទួល ការវះកាត់ផងដែរ ក៏ប៉ុន្តែពុំទទួលបានលទ្ធផលល្អឡើយ។ រហូតដល់ឆ្នាំ ២០០៦ លោកបានទៅរៀនបន្តនៅប្រទេសថៃ ដែលជាពេលលោកបានអនុវត្ត ពិតប្រាកដលើការធ្វើសមាធិ និងក្រោយមកនៅចុងឆ្នាំ ២០០៧ ក្នុងព្រឹត្តិការណ៍មួយនៅប្រទេសថៃ លោកបានជំនះលើផលវិបាក និងភាពចុកចាប់នៃជំងឺ របស់លោកតាមរយៈការធ្វើការតាំងចិត្តសមាធិ រហូតអាចផ្តោតអារម្មណ៍ទៅលើប្រភពនៃភាពចុកចាប់ និងមានអារម្មណ៍ថាវាបានសាបរលាបទៅផងដែរ ហើយជាលទ្ធផលលោកក៏បានជាសះស្បើយរហូតដល់សព្វថ្ងៃ។ តែទោះយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថាទាំងនេះគ្រាន់តែជាអ្វីដែលបានកើតឡើង ចំពោះលោកប៉ុណ្ណោះ ដូចនេះលោកនឹងមិនអះអាងឡើយថារឿងនេះនឹងអាចកើតមានចំពោះមនុស្សគ្រប់គ្នា តែលោកនៅតែចាត់ទុកថា សមាធិជាផ្នែក មួយនៃជីវិតរបស់លោក និងចាប់ផ្តើមចែករំលែកអត្ថប្រយោជន៍នេះតាមរយៈការបង្រៀនសមាធិទៅកាន់មនុស្សកាន់តែច្រើនតាមដែលអាចធ្វើបាន។ តើគួរធ្វើដូចម្តេចសម្រាប់ការទើបនឹងចាប់ផ្តើមសមាធិ? ដើម្បីទទួលបានអត្ថប្រយោជន៍ពីការសមាធិ យើងគ្រាន់តែត្រូវចាប់ផ្តើមធ្វើការសមាធិ(ត្រឹមត្រូវ) និងបន្តិចម្តងៗដោយមិនដាក់ការរំពឹងទុក ឬគ្រាន់តែ គិតថាអនុវត្តជាទម្លាប់ដើម្បីប្រយោជន៍ប្រចាំថ្ងៃ ក្នុងរយៈពេលពី ១ ទៅ ៧សប្តាហ៍ រហូតក្លាយជាទម្លាប់ យើងនឹងអាចសង្កេតឃើញពីការផ្លាស់ប្តូរ ជាបន្តបន្ទាប់។  ជំហានដំបូង យើងត្រូវផ្តោតលើការដកដង្ហើមចេញចូល ដែលមានន័យថាយើងបានចាប់ផ្តើមរៀនផ្តោតអារម្មណ៍លើអ្វីមួយដោយតម្រូវឲ្យ យើងមានសតិ និងរឮកជារឿយៗលើអ្វីដែលនៅជុំវិញខ្លួនឯងបានដូចជាការដកដង្ហើម ការគិត ការដើរ ការនិយាយស្តី និងអ្វីផ្សេងៗដែលធ្វើឡើងដោយ ខ្លួនយើង ដើម្បីអាចឲ្យយើងគ្រប់គ្រងលើខ្លួនឯងបាន។ គួរបញ្ជាក់ថា ការធ្វើសមាធិដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព គឺមានការចាប់ផ្តើមពីសមថកម្មដ្ឋាន ដែលជាការរៀនតំកល់ចិត្តឲ្យ នឹងស្ងប់និងរឹងមាំ។ អ្នកអាចនឹងមានការគិតច្រើន ពិបាកក្នុងការផ្តោតក្នុងរយៈពេលដំបូង ប៉ុន្តែបន្តិចម្តងៗ អ្នកអាច សម្រួលការគិតឲ្យផ្តោតលើការដកដង្ហើម ឬលើអ្វីមួយបានកាន់តែល្អ។ បន្ទាប់ពីនោះ យើងអាចសួរការណែនាំពីរៀមច្បង ឬគ្រូដែលមានបទពិសោធន៏ ពីរបៀបដែលគួរអនុវត្តជំហានណាបន្តទៀត។ ក្រោយពេលដែលអ្នកបានយល់ដឹងអំពីការធ្វើសមាសមាធិ (បានត្រឹមត្រូវ) ហើយអ្នកអាចធ្វើការសមាធិនេះ ដោយខ្លួនឯងបានតាមរយៈការមើលសៀវភៅបន្ថែម និងអនុវត្តបន្តបាន។ ក្រោយពីរៀនអំពីសមថកម្មដ្ឋាន ដែលជាការគ្រប់គ្រងចិត្ត អ្នកអាចនឹងឈាន ដល់ជំហានបន្ទាប់គឺ វិប្បសនាកម្មដ្ឋាន ដែលជាការស្វែងយល់អំពីឬសគល់នៃបញ្ហាផ្លូវចិត្តដើម្បីអាចឈានដល់ការស្វែងរកដំណោះស្រាយបាន។ តើការសមាធិអាចនាំឲ្យមានផលវិបាកណាមួយដែរឬទេ? ក្នុងការធ្វើសមាធិពុំមានផលវិបាកអ្វីឡើយ រីឯការលើកឡើងថា ការចុករួយស្រពន់ដៃជើង ឬភាពធុញថប់នៅអំឡុងពេលសមាធិ ពុំមែនជាផលវិបាកពី ការសមាធិឡើយ វាជាផ្នែកមួយនៃការចុកចាប់ពីឥរិយាបទពីរូបរាងកាយរបស់យើង ដែលដូចនឹង ការដើរ ឈរ ឬអង្គុយរយៈពេលយូរដូច្នោះឯង ដែលផលវិបាកទាំងនេះ កើតឡើងទាល់តែការអនុវត្តសមាធិប្រព្រឹត្តទៅដោយមិនត្រឹមត្រូវ (មច្ឆាសមាធិដែលជាសមាធិដោយពុំមានគ្រូណែនាំត្រឹមត្រូវ ឬមិនទៅតាមអ្វីដែលព្រះសម្មាសម្ពុទ្ធបានបង្រៀន ពោលជាការស្រមើស្រមៃផ្តេសផ្តាស)។ ថ្វីត្បិតតែយើងអាចរៀនពីការសមាធិតាមរយៈការអានសៀវភៅ តែជាការល្អយើងគួរតែរៀនពីគ្រូបង្វឹក ឬរៀមច្បងជាមុនសិនដើម្បីចៀសផុតពីបញ្ហាមួយចំនួន ដែលជាក់ស្តែងមានមនុស្សមិនតិចទេដែលមាន ការរំពឹងទុកខ្ពស់ពេកលើការសមាធិនៅពេលដំបូងៗដោយគិតថាពួកគេនឹងទទួលបានសេចក្តីសុខផ្លូវចិត្តបានភ្លាមៗ។ ដើម្បីទទួលបានលទ្ធផល លើអ្វីក៏ដោយ រួមទាំងការសមាធិនេះផងដែរ ទាមទារឲ្យយើងមានឆន្ទះ ការប្តេជ្ញាចិត្ត និងពេលវេលាក្នុងការអង្កេតមើលលទ្ធផលបន្តិចម្តងៗ។ តើអ្នកណាខ្លះអាចធ្វើការសមាធិបាន? មនុស្សគ្រប់វ័យសុទ្ធតែអាចធ្វើសមាធិបាននៅគ្រប់ពេល និងកាលៈទេសៈ ប៉ុន្តែចំពោះអ្នកដែលកំពុងតានតឹងខ្លាំង ឬស្ត្រេសខ្លាំង យកល្អគួរតែកុំធ្វើ ការសមាធិ លុះត្រាតែមានគ្រូបង្ហាត់នៅជាមួយ ចៀសវាងការនៅម្នាក់ឯង ដែលអាចបង្កជាទុក្ខទោសទៅវិញ។ លក្ខខណ្ឌសម្រាប់ធ្វើការសមាធិបានល្អមានអ្វីខ្លះ? ដើម្បីធ្វើការសមាធិបានល្អ លក្ខខណ្ឌដំបូងគេគឺទីតាំងស្ងប់ស្ងាត់ល្មម និងចៀសវាងការស្លៀកពាក់តឹងពេកដែលពិបាកដល់ការធ្វើឥរិយាបថសមរម្យ ឬអ្នកអាចអង្គុយលើកៅអីជំនួសឲ្យការបត់ជើង ពែនភ្នែន។  រយៈពេលដែលល្អ គួរតែមួយថ្ងៃ ១០នាទី មុនពេលចូលគេង៥នាទី និងមុនពេលចេញ ទៅធ្វើការ ឬទៅរៀន៥នាទី ឬអាចចាប់ផ្តើមជាមួយការសមាធិត្រឹម ២ ទៅ ៣នាទីក្នុងពេលម្តងៗសិន តែត្រូវប្រាកដផងថាអ្នកបានរៀបចំខ្លួនទាំងកាយ និងចិត្តឲ្យបានរួចរាល់ និងមានពេលគ្រប់គ្រាន់មុនពេលសមាធិ។ តើយើងអាចរៀនពីការសមាធិនៅកន្លែងណាខ្លះ?  យើងអាចទទួលបានការបណ្តុះបណ្តាលទាក់ទងនឹងការធ្វើសមាធិ នៅកន្លែងមួយចំនួនដូចជានៅ បាត់ដំបង កំពង់ចាម និងភ្នំពេញ ដែលរួមមានដូចជា នៅ VIPASSA  ភូមិគ្រឹះអប់រំចិត្តផ្កាឈូក និងវត្តល័ង្ការជាដើម។ ជាក់ស្តែង នៅ VIPASSA ផ្ទាល់ តែងផ្តល់ថ្នាក់បង្រៀន ធម្មសិក្សា និងសមាធិដោយ ព្រះភិក្ខុ គូ សុភាព និង ខ្ញុំបាទ  ជារៀងរាល់ថ្ងៃច័ន្ទ ពីម៉ោង ៦ ដល់ ៧ កន្លះល្ងាច ដោយការចូលរួមគឺគ្រាន់តែបង់វិភាគទានចំនួន ១ ម៉ឺនរៀលសម្រាប់ថ្លៃ អាហារសម្រន់ និងទីកន្លែងតែប៉ុណ្ណោះ។     សរុបមកវិញ លោក ឈុន្នី បានលើកទឹកចិត្តដល់អ្នកដែលកំពុងអនុវត្តសមាធិហើយ ឲ្យគួរតែបន្តអនុវត្តឲ្យខ្ជាប់ខ្ជួន រីឯអ្នកដែលចង់ធ្វើ សមាធិ គួរតែចាប់ផ្តើមរៀន ព្រោះការធ្វើសមាធិជាផ្នែកមួយដែលជួយឲ្យជីវិតមានភាពរុងរឿង សេចក្តីសុខ សុភមង្គល និង សេចក្តីល្អចំពោះខ្លួនឯង សង្គម និងគ្រួសារ។ ក្រោយពីមានសេចក្តីសុខជាមួយនឹងខ្លួនឯងហើយ អ្នកក៏អាចចែករំលែកក្តីសុខនេះទៅកាន់អ្នកដទៃផងដែរ។ ការធ្វើសមាធិ កាន់តែច្រើន អ្នកក៏នឹងកើនបញ្ញា ព្រមទាំងអភិវឌ្ឍស្មារតី និងចិត្តគំនិតឲ្យដើរទាន់ការវិវឌ្ឍនៃបច្ចេកវិទ្យាផងដែរ។ បកស្រាយដោយ៖ លោក នឺម ឈុន្នី  នាយកប្រតិបត្តិនៃក្រុមហ៊ុន ANAKOT Asia Academy ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ធ្លាប់ទេ? មានអារម្មណ៍ថាខ្លួនឯងត្រូវបានគ្របដណ្តប់ដោយស្រមោលខ្មៅមួយ ក្នុងរយៈពេលមួយមិនខ្លី ហើយឲ្យតែនឹកឃើញដល់វាម្តងៗ ក៏សឹងតែនិយាយថា«បើសិនជាអាច គួរកុំស្គាល់គ្នាអី!!!» ធ្លាប់ទេ? មានអារម្មណ៍ថាអស់កម្លាំងណាស់ កាយក៏ទន់ខ្សោយ ចិត្តក៏លែងមានស្មារតីនឹងនរ អត្ថន័យជីវិតមិនដឹងថានៅទីណា? មានន័យយ៉ាងណា? ធ្លាប់ទេ? រស់មួយថ្ងៃដើម្បីតែមួយថ្ងៃ រហូតដល់ពេលខ្លះលែងចង់ឲ្យមានថ្ងៃស្អែក ក៏ព្រោះតែមិនចង់ឲ្យខ្លួនឯងជួបនឹងរឿងរ៉ាវផ្សេងទៀត… កាលនោះ…បើកុំតែរឹងមាំបន្តិច ប្រហែលជាមិនមានថ្ងៃបានមកសរសេររឿងរ៉ាវនេះសម្រាប់គ្រប់គ្នាអានឡើយ… ចាំបានថា…អារម្មណ៍ដែលស្រលាញ់ការងារជាងអ្វីទាំងអស់ ដោយចាត់ទុកថាជាចំណែកសំខាន់មួយនៃជីវិត ប្រែក្លាយជាអារម្មណ៍ដែលបំពេញការងារព្រោះវាជាកាតព្វកិច្ច…មានTo-do list ប៉ុណ្ណា ក៏ធ្វើតែប៉ុណ្ណឹង… ទម្លាប់ដែលចូលចិត្តនិយាយលេងសើចច្រើន នាំស្នាមញញឹមដល់អ្នកគ្រប់គ្នា នាំភាពវិជ្ជមានចូលក្នុងជីវិតអ្នកដទៃ ក៏ក្លាយជាអារម្មណ៍លែងចង់និយាយស្តី ត្អូញត្អែរតែរឿងអវិជ្ជមាន និងភាពស្មុគស្មាញដែលមាននៅក្នុងចិត្តប្រាប់គេឯង(សូមទោសពិតមែន ដល់អ្នកដែលត្រូវទ្រាំស្តាប់កាលហ្នឹង ប្រហែលជាធុញទ្រាន់ខ្លាំងហើយ) ដល់ម៉ោងញ៉ាំបាយ ក៏ញ៉ាំបានតែបន្តិច គេងក៏មិនលក់ មិនស្កប់ស្កល់ ជួនកាល ក៏មិនអាចបែងចែកបានរវាងការពិត និងរឿងដែលកើតឡើងក្នុងពេលយល់សប្តិ… ក្បាលវិញ…ឈឺប្រកាំងស្ទើររាល់ថ្ងៃ ជាពិសេសពេលយប់…ចូលគេង បើមិនបានយកដៃគោះ និងអង្អែលត្រង់កន្លែងដែលឈឺទេ គឺមិនបានគេងឡើយ… ក្នុងចិត្តវិញ? មិនដឹងគិតអ្វីខ្លះ ដឹងត្រឹមតែគ្រប់យ៉ាងជារឿងខ្មៅងងឹតនៃជីវិតនៅគ្រប់ផ្នែកទាំងអស់…ការងារ? ចាប់ផ្តើមគិតថា ខ្លួនឯងមិនបានការណ៍…ធ្វើអ្វីក៏នាំទុក្ខដល់គេ…ចង់ឈប់ខ្លាំងណាស់ ដើម្បីសម្រាលសម្ពាធពីមិត្តរួមការងារ…គ្រួសារ? មានរឿងរ៉ាវជាច្រើនដែលមានតែខ្ញុំដែលដឹង…ការសម្រេចចិត្តមួយនោះ មិនប្រាកដថាខុស ឬត្រូវនោះទេ ដឹងត្រឹមថា ពេលនោះ ចង់ត្រឡប់ក្រោយណាស់…មិត្តភាព? ពិបាកនិយាយណាស់…រាល់លើក តែងតែលើកទឹកចិត្តគេគ្រប់គ្នាដែលផុសអ្វីមិនសប្បាយចិត្ត តែដល់ពេលខ្លួនឯងវិញ មិនហ៊ានផុសទេ…សុខចិត្តយំម្នាក់ឯង ហើយក៏មិនសូវហ៊ានរំខានគេដែរ ព្រោះអារម្មណ៍មួយហ្នឹងកើតមានស្ទើររាល់ថ្ងៃទៅហើយ…នរណាទៅមានអារម្មណ៍លួងលោមយើងរាល់ថ្ងៃនោះ? គេក៏ចេះហត់ដែរ… ខ្ញុំជាខ្ញុំធម្មតា ចាប់ពីពេលភ្ញាក់ពីគេង រហូតដល់មុនចូលបន្ទប់គេង…គ្រាន់តែចូលក្នុងបន្ទប់ភ្លាម ស្រោមមុខនៃការញញឹមក៏ត្រូវបានដោះចេញ…អ្វីដែលមាន គឺទឹកភ្នែក និងការគិតដ៏ស្មុគស្មាញ ហើយទម្លាក់កំហុសលើខ្លួនឯងលើរឿងគ្រប់យ៉ាង…ធ្លាប់បានលឺច្រើនហើយរឿង«ធ្លាក់ទឹកចិត្ត»ហ្នឹង ក៏ធ្លាប់បានអានច្រើនដែរ ក៏ព្យាយាមអនុវត្តតាមវិធីខ្លះៗ…តែ…ហាក់ដូចជាមិនមានប្រសិទ្ធភាពសោះ ដោយសារតែខ្ញុំមិនទាន់ឈានបានជំហានទីមួយ… និយាយពាក្យក្នុងចិត្ត? ក៏បាននិយាយប្រាប់សឹងតែទាំងអស់ទៅកាន់មិត្តជិតស្និទ្ធមួយចំនួន តែក៏បានត្រឹមតែធូរមួយរយៈ...ថ្ងៃបន្ទាប់ ក៏ប្រែជាដូចដើមវិញ… ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត? ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់…ខ្ញុំស្រលាញ់ការសរសេរបំផុតហើយ រាល់លើក ឲ្យតែកាន់ប៊ិចសរសេរនូវសាច់រឿងដែលនឹកឃើញ គឺញញឹមឯង…តែកាលហ្នឹង អត់ទេ!!! មិនសូម្បីតែបន្តិច… ដើរលេង? ក៏បានដើរដែរ…ដើរកន្លែងមិនធ្លាប់ទៅទៀត តែសប្បាយបានតែពេលដើរហ្នឹង មកដល់ផ្ទះវិញ នៅដដែល… ស្តាប់ការអប់រំសុខភាពផ្លូវចិត្ត? បានព្យាយាមស្តាប់មុនពេលចូលគេងដែរ ទទួលស្គាល់ថាចិត្តបានស្ងប់ច្រើន ប៉ុន្តែការគិតនៅតែច្របូកច្របល់… នៅមានវិធីខ្លះទៀត ដែលបានសាកល្បងដែរ…តែជួយបានតែមួយភ្លែត… ក្រោយមក…ទើបដឹងថាមកពីអ្វី? ព្រោះតែខ្ញុំរំលងជំហានទីមួយ!!! គឺ…«ការយកឈ្នះលើចិត្តខ្លួនឯង» បើមិនឈ្នះខ្លួនឯងផង ធ្វើម៉េចឈ្នះស្រមោលខ្មៅនោះបាន? ចាំទេ? ដឹងហើយមែនទេ? ថា…ដរាបណា អ្នកអាចយកឈ្នះលើខ្លួនឯងបាន ទើបអាចយកឈ្នះលើអ្វីផ្សេងទៀតបាន… មិនមានអ្វីច្រើនទេ…គឺត្រឹមតែ…ដំបូង គ្រាន់តែទទួលស្គាល់ការពិតថា ខ្លួនឯងកំពុងតែស្ថិតក្នុងស្ថានភាពមួយដែលមិនអាចមាននរណាមកជួយសង្គ្រោះអ្នកបានឡើយ បើយើងមិនព្រមជួយខ្លួនឯងជាមុនសិន…ប្រាប់ខ្លួនឯងថា បើមិនងើបឈរឡើងទេ ភាពប្រសើរនឹងមិនមានឡើយ គឺមានតែស្ថានភាពអាក្រក់ជាងនេះ…និយាយទាល់តែខ្លួនឯងយល់ព្រមថា មិនថាវិធីដែលខ្លួនឯង ឬអ្នកដទៃជួយនោះទេ គឺត្រូវតែបើកចិត្តទទួលយក និងប្រឹងប្រែងជាមួយគ្នា…ស្ម័គ្រចិត្តជួយខ្លួនឯង រួមជាមួយនឹងការបើកចិត្តទទួលជំនួយពីអ្នកដទៃ ហើយក្រោកឈរឡើង បន្តដំណើរទៅមុខទៀត… ស្ថានភាពក៏ប្រសើរឡើងបន្តិចម្តងៗ…រឿងវិជ្ជមានក៏ចាប់ផ្តើមលុបលើភាពអវិជ្ជមានទាំងឡាយ…រហូតអាចក្លាយជាមនុស្សម្នាក់ដូចពីមុនវិញ…អរគុណមែនទែន!!! សម្រាប់អ្នកដែលទ្រាំស្តាប់រឿងខ្ញុំ និងមិនបោះបង់ខ្ញុំចោល ពេលនោះ… ហើយគ្រាន់ចង់ប្រាប់អ្នកដែលបានបន្តអានដល់ត្រង់នេះ ថា«សូមយកឈ្នះលើចិត្តខ្លួនឯងជាមុនសិន» ហើយកុំភ្លេចផងដែរថា«ជីវិតមិនមែនមានតែភាពស្រស់បំព្រងរហូតឯណា…» តែកុំស្រពោនយូរពេក…ធ្វើឲ្យជីវិតដែលមានតែមួយនេះ ពោរពេញដោយការចងចាំល្អៗ ទើបពេលយើងចាស់ទៅ មានអ្វីល្អៗច្រើនចែករំលែកដល់កូនចៅយើង 

ចែករំលែក
Top