Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មុខស្រស់ស្អាតមួយម៉ាត់ តើអ្នកមើលទៅលើអ្វីខ្លះ? ទម្រង់មុខ ឬផ្ទៃមុខ? បើសិនជាមិនច្បាស់ទេ មកមើលទាំងអស់គ្នា…ពេញវ័យពេលណា សម្រស់ក្លាយជាចំណុចចាប់អារម្មណ៍បំផុតសម្រាប់គ្រប់ស្រទាប់មនុស្ស។ សំខាន់ ត្រឹមតែមានទម្រង់មុខ និងស្បែកមុខស្រស់ស្អាត មិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូចនេះទើប យើងខ្ញុំសូមលើកយក ៥ចំណុចពិសេសដែលជាផ្នែកដ៏ទាក់ទាញសម្រាប់ផ្ទៃមុខរបស់អ្នក ដើម្បីឲ្យអ្នកយកចិត្តទុកដាក់លើគ្រប់ចំណុចទាំងនេះបានល្អផងដែរ។ ភ្នែក៖ ផ្នែកសំខាន់បំផុតនៅលើមុខ ហើយភ្នែកស្រស់ស្អាត គឺមើលទៅភ្លឺថ្លាព្រមទាំងមានស្បែកជុំវិញភ្នែកស្អាតមិនរូងខ្មៅ។ ដើម្បីបានបែបនេះអ្នកត្រូវផ្តល់ឲ្យភ្នែកនូវការសម្រាកគ្រប់គ្រាន់។ ប្រសិនការងាររបស់អ្នកតម្រូវឲ្យនៅមុខកុំព្យូទ័រជាប្រចាំ អ្នកត្រូវឧស្សាហ៍ងើបដើរចេញមើលអ្វីផ្សេងខ្លះ និងព្រិចភ្នែកឲ្យបានញឹក កុំឲ្យភ្នែកអ្នកឆាប់ស្ងួត។ គួរប្រើទឹកភ្នែកសិប្បនិមិ្មតជាប្រចាំនូវរាល់ពេលអ្នកមានអារម្មណ៍ថាស្ងួតភ្នែក និងដើម្បីលាងភ្នែកពីធូលីដី។  ពាក់វ៉ែនតាខ្មៅគ្រប់ពេលអ្នកចេញក្រៅ ព្រោះវាអាចជួយការពារពីកាំរស្មីUV និងកុំឲ្យស្បែកកន្ទុយភ្នែកឆាប់ជ្រួញផងដែរ។ ទំនេរៗ អ្នកអាចឆ្លៀតចិតត្រសក់ជាចំណិតស្តើងៗ បិតលើរង្វង់ភ្នែករយៈពេលត្រឹមតែ១០នាទី ដើម្បីផ្តល់សំណើមដល់ស្បែកជុំវិញភ្នែករបស់អ្នក និងជួយបំបាត់រង្វង់ភ្នែកខ្មៅបានយ៉ាងប្រសើរ។ ច្រមុះ៖ ច្រមុះដែលស្អាតគឺសំដៅដល់ច្រមុះមានរាងតូច និងស្រួចដែលភាគច្រើនអ្នកអាចផាត់មុខឲ្យចេញជារូបរាងដែលអ្នកចូលចិត្ត។ ប៉ុន្តែអ្វីដែលពិសេសនោះអ្នកអាចម៉ាស្សាដើម្បីបានរូបរាងច្រមុះដ៏តូចខ្ពស់នេះបានដោយគ្រាន់តែប្រើដៃទាំងពីររបស់អ្នកម៉ាស្សាថ្នមៗ ឬរុញទៅសងខាងច្រមុះរបស់អ្នកពីលើចុះក្រោម ម្តង៥នាទី ដោយអនុវត្តជារៀងរាល់ថ្ងៃប្រសើរបំផុតគឺនៅពេលព្រឹកព្រលឹម ក្នុងរយៈពេលត្រឹមតែ២ទៅ៣ខែអ្នកនឹងឃើញលទ្ធផលជាទីគាប់ចិត្ត។ ថ្ពាល់៖ ស្បែកថ្ពាល់ គឺជាផ្នែកសំខាន់បង្ហាញអំពីទិដ្ឋភាពនៃស្បែកទាំងមូលរបស់អ្នកមានន័យថាមើលតែស្បែកថ្ពាល់ក៏ដឹងថាស្បែកទាំងមូលរបស់អ្នកមានសុខភាពល្អកម្រិតណាដែរ។ ដើម្បីបានថ្ពាល់ស្រស់ថ្លាជាប្រចាំគួរលាបប្រទាលកន្ទុយក្រពើផ្ទាល់លើថ្ពាល់ ទុក៣០នាទី ជាប្រចាំនៅមុនពេលអ្នកងូតទឹកឬលាងសម្អាតមុខ ព្រោះវាជួយឲ្យថ្ពាល់អ្នកមើលទៅម៉ត់និងភ្លឺរលោង។ ត្រូវចៀសវាងទម្លាប់អាក្រក់ដែលអ្នកចូលគេងទាំងមិនលាងមុខ ដោយសារការទុកគ្រឿងសម្អាងនៅលើមុខយូរពេកធ្វើឲ្យស្បែកមុខឆាប់ចាស់ និងយារហើយយកល្អអ្នកគួរតែគេងផ្ងារជាជាងគេងចំហៀងឬផ្កាប់មុខ។ ម៉្យាងទៀតត្រូវលាបក្រែមផ្តល់សំណើមលើផ្ទៃមុខទាំងមូលជាប្រចាំបន្ទាប់ពីសម្អាតមុខរួច ហើយអ្នកក៏អាចម៉ាស្សាថ្ពាល់តាមចលនាជារង្វង់ទាញទៅសៀតផ្កា ព្រមទាំងទះថ្ពាល់តិចៗដើម្បីឲ្យវាមានភាពហាប់ណែនផងដែរ។ បបូរមាត់៖ បបូរមាត់ស្រស់ស្អាតអាចជាផ្នែកមួយដែលធ្វើឲ្យពាក្យពេចន៍អ្នកមានឥទ្ធិពល ដែលវាមើលទៅមិនស្លេក មិនខ្មៅ មិនស្ងួត ហើយក៏មិនប្រេះ។ ដោយសារតែស្បែកបបូរមាត់អ្នកជាប្រភេទស្បែកស្តើង ដែលទាមទារឲ្យអ្នកថែរក្សាជាប្រចាំ  ដោយជ្រើសរើសប្រេងលាបបបូរមាត់ប្រភេទគ្មានអាល់កុល។ រឹតតែទាក់ទាញ គឺជ្រើសរើសក្រែមឲ្យសមនឹងអ្នកដូចជា បើសរសៃឈាមកដៃអ្នកបង្ហាញពណ៌បៃតង អ្នកគួរលាបក្រែមពណ៌ក្រហមត្នោត ឬពណ៌ទឹកក្រូច តែបើសរសៃកដៃអ្នកពណ៌ខៀវវិញ អ្នកគួរលាបក្រែមពណ៌ផ្កាឈូក  ឬស្វាយ  ប៉ុន្តែអ្នកក៏អាចជ្រើសរើសឲ្យស្របនឹងកម្មវិធីដែលចូលរួម និងសម្លៀកបំពាក់ដែលអ្នកស្លៀកបានផងដែរ។ ធ្មេញ៖ ឲ្យតែពេលអ្នកសើច នោះវាក៏ជាពេលវេលាដែលអ្នកបញ្ចេញនូវសម្រស់ធ្មេញរបស់អ្នកដែរ ដូចនេះ វាអាចចាត់ទុកជាផ្នែកមួយដ៏ទាក់ទាញ មិនត្រឹមតែស ត្រង់ជួរ តែក៏ត្រូវមានសុខភាពល្អផងដែរ។ ដើម្បីឲ្យបានទាំងព្រមបែបនេះ អ្នកត្រូវចងចាំដំបូងគឺ ការសម្អាតដូចជាអ្នកត្រូវប្រាកដថាអ្នកបានដុសធ្មេញយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ ឬបន្ទាប់ពីញ៉ាំអាហាររួច ព្រមទាំងអាចប្រើអំបោះទាក់ធ្មេញ និងទឹកខ្ពុរមាត់បន្ថែមផងដែរដើម្បីសម្អាតបានកាន់តែស្អាត។  គួរមានទម្លាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងសម្អាតធ្មេញរបស់អ្នកយ៉ាងហោចណាស់ពី៦ខែ ឬ១ឆ្នាំម្តង។ ជំនួសប្រភេទអាហារ ឬភេសជ្ជៈផ្អែម មកជាតែព្រោះវាអាចកាត់បន្ថយការលូតលាស់របស់បាក់តេរីនៅក្នុងមាត់ និងបន្ថែមការញ៉ាំពពួកអាហារដែលសម្បូរដោយកាល់ស្យូម  ដោយសារវាមានអត្ថប្រយោជន៍ដល់ឆ្អឹង  រួមទាំងធ្វើឲ្យឆ្អឹងថ្គាមរឹងមាំផងដែរ។ បញ្ឈប់ការជក់បារីជាដាច់ខាត ព្រោះវាមិនត្រឹមតែបំផ្លាញធ្មេញរបស់អ្នកទេ ថែមទាំងបំផ្លាញសុខភាពមាត់របស់អ្នកទៀតផង។ លោកអ្នកក៏អាចបង្កើនសោភ័ណភាពធ្មេញរបស់អ្នកបាន ដោយការតម្រង់ធ្មេញ ដែលបច្ចុប្បន្ន វិធីនេះមានការពេញនិយម និងមានវិធីសាស្រ្តច្រើនទៅតាមគ្លីនិក ឬមន្ទីរពេទ្យធ្មេញនានា។  

ចែករំលែក

នាងខ្ញុំឈ្មោះ ក.ស.គ អាយុ២៣ឆ្នាំ ទម្ងន់៤៨ កម្ពស់១ម៉ែត្រ៥៦ ជានិស្សិត។ ខ្ញុំធ្លាប់ជ្រុះសក់ពីមុន តែក្រោយពេល ប្រើប្រាស់ថ្នាំនិងផលិតផលតាមការណែនាំរបស់គ្រូពេទ្យ បញ្ហានេះក៏បានស្បើយជាងមុន។ ប៉ុន្តែបច្ចុប្បន្ននេះ សក់របស់ខ្ញុំ ចាប់ផ្តើមជ្រុះច្រើនទៀតរហូតច្រើនជាង១០០សរសៃក្នុងមួយថ្ងៃ ហើយសមាជិកក្នុងគ្រួសារខ្ញុំសុទ្ធតែជ្រុះសក់។ តើបញ្ហាជ្រុះសក់នេះអាចព្យាបាលដូចម្តេច? តើកូឡាជែនមានប្រយោជន៍អ្វីសម្រាប់សុខភាពសក់? ចម្លើយ៖ ការជ្រុះសក់លើសពី 100 សរសៃក្នុង1ថ្ងៃនេះអាចចាត់ទុកជាបញ្ហាដែលត្រូវទទួលបានការព្យាបាលយ៉ាងត្រឹមត្រូវបំផុត និងឲ្យបានឆាប់រហ័ស។ រីឯបញ្ហាដែលសមាជិកទាំងអស់ក្នុងគ្រួសារសុទ្ធតែជ្រុះសក់អាចទាក់ទងនឹងតំណពូជ ឬជីវភាព និងការរស់នៅក្នុងគ្រួសារទាំងមូល ដែលតម្រូវឲ្យគ្រូពេទ្យ ត្រូវស្រាវជ្រាវពីបញ្ហានេះឲ្យបានច្បាស់លាស់ និងត្រូវព្យាបាលជាបន្ទាន់ទៅតាមមូលហេតុនៃការជ្រុះសក់។ ចំពោះសារធាតុ កូឡាជែន ជាប្រូតេអុីនដែលមាន២៥%នៃប្រូតេអុីនដែលស្រាប់នៅក្នុងខ្លួនរបស់យើងពីធម្មជាតិ ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាភាពហាប់ណែនរបស់ស្បែក ធ្វើឲ្យមានភាពស្រស់ស្អាតនិងរក្សាភាពក្រាស់របស់ស្បែក  ក៏ដូចជាចូលរួមក្នុងការលូតលាស់របស់សក់ផងដែរ។ ដោយឡែកបរិមាណរបស់កូឡាជែននឹងថយចុះទៅតាមអាយុ នាំឲ្យស្បែកមានភាពជ្រីវជ្រួញ បាត់បង់ភាពយឺត សក់ស្តើង សក់ស សក់លែងសូវដុះជាដើម។ ដូចនេះការប្រើប្រាស់កូឡាជែនពីខាងក្រៅតាមការលេបឬលាបអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ហើយចំពោះសក់ផ្ទាល់អាចមានដូចជា ចិញ្ចឹមគល់សក់ សរសៃសក់ក្រាស់ កាត់បន្ថយការជ្រុះសក់ ធ្វើឲ្យសក់ខ្មៅ កាត់បន្ថយសក់បែកចុង និងសក់មានសំណើម។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត យិន វុឌ្ឍី ម្ចាស់គ្លីនិកសើស្បែក ប៊ីស៊ី I (បឹងកេងកង) និង II (ទួលគោក)

ចែករំលែក

តើនរណាខ្លះនៅនិយមជាមួយនឹងការផាត់មុខក្រាស់ៗទៀត??? គ្រាន់តែទៅធ្វើការ ចូលរួមពិធីជប់លៀង ខួបកំណើត ឬជាការជួបជុំមិត្តភក្តិចាំបាច់អីត្រូវទៅឲ្យគេផាត់ដូចទៅលេងហ៊ីនោះ សាមញ្ញៗតែស្រស់ស្អាត ក៏ព្រោះថាគ្រប់គ្នាចូលចិត្តធម្មជាតិនោះអី... អ្វីជា Nude Makeup? Nude Makeup គឺជាការផាត់មុខស្រាលៗ ដែលមើលទៅសឹងតែមិនសម្គាល់ថាបានផាត់មុខ ហើយការផាត់មុខបែបនេះមិនត្រឹមតែចំណេញពេលវេលា  ថែមទាំងបង្កើនចំណាប់អារម្មណ៍ទៀតផង។ គួរតែផាត់នៅពេលណា? Nude Makeup គឺស័ក្តិសមចំពោះរាល់កម្មវិធី ព្រោះវាពេញនិយមសម្រាប់សម័យបច្ចុប្បន្ន ជាពិសេសសម្រាប់អ្នកធ្វើការ អ្នកចូលចិត្តផាត់មុខរាល់ពេលចេញទៅខាងក្រៅ ចូលរួមកម្មវិធីរាត្រីស្រមោលសឬការជួបជុំផ្សេងៗ ហើយក៏អាចផាត់ពេល first date Prom និងGirl night out ជាមួយនឹងមិត្តភក្តិបានផងដែរ។ តើគេផាត់ដោយរបៀបណា? គ្រាន់តែផាត់៣ចំណុច ដែលផ្តល់នូវភាពទាក់ទាញបំផុតនៅលើផ្ទៃមុខអ្នកដោយ៖ មុខ៖ ជាចំណុចដែលត្រូវចាប់ផ្តើម ដំបូងត្រូវផ្តល់សំណើមឲ្យផ្ទៃមុខរបស់អ្នកជាមុនសិន រួចប្រើប្រាស់ ប្រភេទម្សៅទ្រនាប់ដែលស្រដៀងទៅនឹងស្បែករបស់អ្នកជាងគេ ដោយធ្វើការលាបវាមិនច្រើនពេកក៏មិនតិចពេក តប់លើមុខឲ្យសព្វ និងអាចបង្ហួសបន្តិចដល់ផ្នែកកផងដែរ។ ចំណុចដែលគួរចាប់អារម្មណ៍ អ្នកអាចបន្ថែមម្សៅបន្តិចនៅគែមជុំវិញច្រមុះ និងផ្នែកខាងចុងភ្នែក ហើយប្រសិនបើអ្នកចង់បិទបាំង ស្លាកស្នាមលើមុខ អ្នកអាចតប់ម្សៅពណ៌លឿងស្រាលលើចំណុចទាំងនោះ។ ចំពោះថ្ពាល់ អ្នកអាចផាត់ ពណ៌ដែលស្រាលៗតិចៗ ឬមិនបាច់ផាត់ក៏បាន។ ភ្នែក៖ ជាផ្នែកបន្ទាប់ ហើយក៏ជាចំណុចដែលទាក់ទាញបំផុត ដូច្នេះ ការតុបតែងភ្នែកពិតជាមាន សារសំខាន់។ ចំពោះចិញ្ចើមគួរតែជ្រើសពណ៌រាងត្នោតដែលមើលទៅធម្មជាតិបំផុត បន្ទាប់មក ប្រើច្រាសដើម្បីសិតចិញ្ចើមក្រោយពីគូសរួច។ រីឯ eyelinerត្រូវគូសនៅផ្នែកខាងលើតូចល្មមពណ៌ត្នោត ខ្មៅ ឬអាចជាពណ៌ប្រផេះ។ បន្ទាប់មកអ្នកអាចផាត់ស្រមោលភ្នែកស្រាលៗ ដោយប្រើពណ៌ត្នោត ឬពណ៌ស្រដៀងនឹងស្បែករបស់អ្នក រួចក៏លាបម៉ាសការ៉ាតិចៗបន្ទាប់ពីពត់រោមភ្នែកហើយជាការស្រេច។ បបូរមាត់៖ គប្បីយកពណ៌ដែលស្រដៀងនឹងបបូរមាត់ស្រាប់ដដែល ឬអាចជាពណ៌ផ្កាឈូកស្រាល ហើយលាបក្រែមប្រភេទទឹករលោងៗពីលើតែម្តង ចៀសវាងជ្រើសរើសពណ៌ដិតខ្លាំងពេក។ ទាំងអស់ខាងលើនេះគ្រាន់តែជាគន្លឹះខ្លះៗតែប៉ុណ្ណោះ   អ្នកអាចបន្ថែមស្ទាយខ្លួនឯងតាមចិត្តរបស់អ្នក   ហើយក៏ដឹងថាកើតមកមានសម្រស់ពីធម្មជាតិស្រាប់ ចុះគ្រាន់តែបន្ថែមបន្តិច មានទៅទាស់អី… គឺឲ្យធម្មជាតិកាន់តែស្រស់ស្អាតហ្នឹង..  

ចែករំលែក

ការឡើងមុនជារឿងទូទៅរបស់យុវវ័យ តែពេលឡើងមុនម្ដងៗវាឈឺហើយខ្មាស់គេទៀត ក៏ព្រោះតែមើលទៅមិនស្អាតផូរផង់ដូចគេ។  ទាំងនេះជាកង្វល់របស់អ្នកមែនទេ? បើអញ្ជឹងចង់ដឹងពីរបៀបងាយៗដែលអាចជួយបំបាត់មុន ឬការពារមិនឲ្យឡើងមុនដែរឬអត់? តោះ! មកអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា ហេលស៍ថាម  មានអាថ៌កំបាំងខ្លះចង់ចែករំលែក... អាថ៌កំបាំងទី១៖  លំហាត់ប្រាណ មានដឹងឬអត់ថាការហាត់ប្រាណឲ្យបានទៀងទាត់អាចជួយកាត់បន្ថយការកើតមុនបានណា ព្រោះថានៅពេលដែលហាត់ប្រាណវានាំឲ្យមានការបញ្ចេញនូវសារធាតុម្យ៉ាងដែលអាចជួយកាត់បន្ថយស្រេ្តស  ក៏ដូចជាជួយកាត់បន្ថយការបញ្ចេញខ្លាញ់ទៅលើស្បែក   មិនតែប៉ុណ្ណោះនៅពេលដែលបែកញើសវាក៏ដូចជាធ្វើការលាងសម្អាតនូវកោសិកាស្បែកដែលងាប់ផងដែរ។ គួរព្យាយាមធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃដើម្បីបំបាត់មុនដែលមិនត្រឹមតែលើមុខទេនៅលើទ្រូងនិងខ្នងក៏បាត់ដែរ។         អាថ៌កំបាំងទី២៖ សម្អាតទូរស័ព្ទដៃ ទូរស័ព្ទទំនើបៗរបស់អ្នកក៏មានជាប់នូវសារធាតុកខ្វក់មួយចំនួនដែលយើងមើលមិនឃើញ ហើយវាក៏អាចធ្វើឲ្យយើងកើតមុនបានផងដែរនៅពេលដែលយកវាមកប្រើប្រាស់ដូច្នេះគួរធ្វើការជូតសម្អាតវាជាប្រចាំដើម្បីជម្រះនូវញើស  ម្សៅ ឬធូលីដែលស្អិតជាប់ទៅនឹងទូរស័ព្ទដែលអាចបង្កជាមេរោគ។   អាថ៌កំបាំងទី៣៖   ផ្លាស់ប្ដូរស្រោមខ្នើយ ការផ្លាស់ប្ដូរស្រោមខ្នើយឲ្យបានញឹកញាប់ វាមិនត្រឹមតែជាការថែរក្សាអនាម័យទូទៅនោះទេ តែវាក៏អាចជួយកាត់បន្ថយមុនដែរ។ ជាធម្មតាមនុស្សត្រូវការគេង៧ទៅ៨ម៉ោង នេះជាពេលវេលាមុខរបស់អ្នកត្រូវប៉ះនឹងខ្នើយហើយមិនត្រឹមតែមុខទេ  សក់និងស្បែកក៏ប៉ះដូចគ្នាដែរ ដែលធ្វើឲ្យមានជាប់ញើស ឬផលិតផលបំប៉នសក់ផ្សេងៗទៅនឹងខ្នើយហើយក្លាយជាមេរោគ ដូចនេះយើងត្រូវធ្វើការផ្លាស់ប្ដូរវា២ទៅ៣ថ្ងៃម្ដងដើម្បីកុំឲ្យកើតមុន។ អាថ៌កំបាំងទី៤៖  ទឹកកក សម្រាប់មុនណាដែលមិនទាន់ក្លាយជាខ្ទុះនៅលើស្បែក ការស្អំទឹកកកអាចនឹងជួយកាត់បន្ថយការហើម និងជួយផ្ចិតក្រពេញខ្លាញ់ឲ្យរួមតូចតាមរយៈបន្ថយនូវការបញ្ចេញជាតិខ្លាញ់លើផ្ទៃមុខ និងការយាយីពីបាក់តេរី។ យើងត្រូវយកក្រណាត់មករុំដុំទឹកកករួចយកវាដាក់ទៅដាក់លើកន្លែងដែលមានមុន២ទៅ៣វិនាទី ហើយធ្វើបែបនេះរាល់២ទៅ៣នាទីម្ដង អ្នកនឹងឃើញប្រសិទ្ធភាពក្នុងថ្ងៃទី១ឬទី២បន្ទាប់។ យ៉ាងម៉េចដែរ មានជាប់ចិត្តនឹងអាថ៌កំបាំងមួយណាទេ? បើជាប់ចិត្តហើយសូមព្យាយាមធ្វើវាឲ្យក្លាយជាទម្លាប់ដើម្បីទទួលបានស្បែកស្អាតនិងគ្មានមុនជារៀងរាល់ថ្ងៃ។

ចែករំលែក

តើប្រិយមិត្តអ្នកអានជាមិត្តនារីក៏ដូចជាសុភាពបុរសទាំងឡាយប្រាថ្នាចង់បានសក់ដែលរឹងមាំ ភ្លឺរលើបរលោង និងស្រស់ស្អាតដែរឬទេ? ប្រសិនបើចម្លើយរបស់អ្នក គឺយល់ព្រមនោះ អ្នកគួរតែមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសរសៃសក់របស់អ្នក។ អ្នកមិនត្រូវធ្វេសប្រហែសសូម្បីតែទង្វើប្រចាំថ្ងៃមួយចំនួន រួមមានទាំងការកក់សក់ ឬការធ្វើម៉ូតសក់ផ្សេងៗផងដែរ។ មានសកម្មភាពខ្លះបង្កភាពផលប៉ះពាល់ដល់សុខភាពសក់របស់អ្នក ដែលអ្នកអាចនឹងមិនដឹង ឬមិនចាប់អារម្មណ៍។ តាមដានជាមួយហេលស៍ថាមទាំងអស់គ្នា ដើម្បីចង់ដឹងថាតើមានចំណុចខុសឆ្គងអ្វី ដែលលោកអ្នកបានធ្វើដែរឬទេ? ១ មិនសិតសក់ មុនពេលកក់សក់   សក់របស់យើងខ្សោយជាងគេ ពេលដែលវាសើម ដោយសារតែពេលសក់សើម គឺងាយនឹងជំពាក់។ ហេតុនេះហើយ ដើម្បីចៀសវាងការប្រទាក់ឆ្វាក់សក់នោះ អ្នកគួរតែសិតសក់ជាមុនសិន។ ប្រសិនបើអ្នកចង់សិតសក់នៅពេលងូតទឹកនោះ អ្នកត្រូវប្រើប្រាស់សាប៊ូបន្ទន់សក់(conditioner) ហើយធ្វើការច្បូតសរសៃសក់ដោយប្រើម្រាមដៃសិន បន្ទាប់មកប្រើក្រាស់សិតសក់ដែលមានធ្មេញធំ មុននឹងធ្វើការលាងសំអាត។ ២ សិតតែផ្នែកចុងសក់ អ្នកប្រហែលជាលឺគេនិយាយថាការសិតសក់ច្រើនពេអាចនឹងបំផ្លាញសុខភាពសក់ ប៉ុន្តែជាតិប្រេងពីធម្មជាតិដែលនៅនឹងស្បែកក្បាលរបស់អ្នក ជាសាប៊ូបន្ទន់ដែលល្អជាងគេបំផុត។ ដូច្នេះហើយ អ្នកគួរប្រើប្រាស់ក្រាស់សិតសក់ដែលធ្មេញឈើ ធ្វើការសិតពីគល់សក់ដល់ផ្នែកខាងចុងសក់ ដើម្បីម៉ាស្សាស្បែកក្បាល ក៏ដូចជាសម្រួលដល់ដំណើររត់របស់ឈាម និងការលូតលាស់របស់សក់។ ៣ មិនសូវសម្អាតសក់ សក់ភាគច្រើននឹងភាពល្អប្រសើរអ្វីទេពីការសំអាតសក់ជារៀងរាល់ថ្ងៃ។ ការសម្អាតសក់ញឹកញាប់ និងខ្លាំងពេក នឹងជម្រះជាតិប្រេងដែលមានគុណប្រយោជន៍របស់ស្បែកក្បាលរបស់អ្នក ហើយធ្វើឲ្យសក់ស្រអាប់ និងមើលទៅមិនរស់រវើកដូចសក់ធម្មជាតិ។ ធ្វើការកក់ ឬលាងសម្អាតសក់ឲ្យបានញឹកញាប់ ប៉ុន្តែប្រសិនបើអ្នកមិនបានប្រើប្រាស់ផលិតផលថែរក្សាសក់ច្រើនពេកនោះទេ អ្នកអាចគ្រាន់តែលាងសក់ជាមួយនឹងទឹកធម្មតា ឬ ប្រើសាប៊ូអប់ធម្មតាក៏បាន។ ៤ កំហុសក្នុងការបន្ទន់សក់ អ្នកក៏ប្រហែលជាធ្លាប់លឺគេនិយាយថា ការបន្ទន់ផ្នែកខាងចុងសក់នឹងជួយការពារបង្ការភាពច្បត់ ប៉ុន្តែសម្រាប់មិត្តនារីដែលមានសក់ស្តើង គេគួរតែបន្ទន់សក់តាំងពីគល់ផងដែរ ព្រោះសក់របស់ពួកគេងាយប្រឈមនឹងការជ្រុះ ឬខូចទម្រង់ជាងគេ។ តែការបន្ទន់ជ្រុលពេក ក៏មិនជាទង្វើមួយល្អដែរ ដូច្នេះហើយ អ្នកគួរប្រើប្រាស់វាក្នុងបរិមាណមួយគ្រប់គ្រាន់បានហើយ។ អ្វីដែលអ្នកត្រូវចងចាំមួយទៀតនោះ គឺត្រូវតែលាងសម្អាតវារហូតដល់ជ្រះអស់ និង សាប៊ូអប់ឲ្យបានញឹកញាប់ផងដែរ។ ៥ ត្រដុស ឬជូតសក់ជាមួយនឹងកន្សែងខ្លាំងៗពេក ការត្រដុសសក់ខ្លាំងពេកជាមួយនឹងកន្សែង អាចនឹងធ្វើឲ្យស្បែកក្បាលឡើងគគ្រាត ហើយសក់ទៀតសោតក៏ស្រអាប់ រួញ ឬកណ្តាញ់ ហើយងាយនឹងជ្រុះក៏ដូចជាខូចខាត។ ហេតុនេះហើយ អ្នកគួរតែធ្វើការផ្តិតសក់តិចៗជាមួយនឹងកន្សែងហើយយកម្រាមដៃគ្រវីសរសៃសក់ថ្នមៗ។ បើទោះជាវាត្រូវការពេលយូរបានស្ងួត តែវានឹងពង្រឹងសុខភាពសក់របស់អ្នក។ ៦ មិនបានប្រើប្រាស់ផលិតផលការពារកម្តៅ យើងគ្រប់គ្នាសុទ្ធតែបានដឹងហើយថា កម្តៅជាកត្តាទីមួយដែលបង្កជាផលប៉ះពាល់ដល់សក់។ ប៉ុន្តែប្រសិនបើអ្នកមិនចង់រស់នៅដោយគ្មានការផ្លំសក់ ការរមូរសក់ ឬការកៀបបសក់ទេនោះ អ្នកចាំបាច់ត្រូវប្រើប្រាស់ផលិតផលការពារកម្តៅ ដើម្បីជារនាំងការពារសរសៃសក់ និងធ្វើឲ្យស្បែកក្បាលទន់ល្មើយ។ មុននឹងចាប់ទាញម៉ាស៊ីនមកផ្លំសក់ អ្នកគួរទុកពេលឲ្យសក់ប្រែជានៅសើមតិចៗសិន (ប្រើម្រាមដៃគ្រវីសក់តិចៗ ដើម្បីឲ្យឆាប់ស្ងួត) ហើយប្រើប្រាស់កម្រិតក្តៅល្មម(warm) ជាជាងការប្រើប្រាស់នៅកម្រិតក្តៅខ្លាំង(hot)។ ៧ ប្រើប្រាស់ម៉ាស៊ីនកៀប ទាំងសក់មិនទាន់ស្ងួតសព្វ សក់សើម និងម៉ាស៊ីនកៀបមិនត្រូវធាតុគ្នានោះទេ។ ម៉ាស៊ីនកៀបរួញ ឬកៀបត្រង់ នឹងបង្កើតកម្តៅដល់គល់នៃសរសៃសក់ ហើយធ្វើឲ្យវាចុះខ្សោយ ហើយងាយរងការខូចខាត។ សក់ត្រូវតែស្ងួតទាំងស្រុង មុននឹងប្រើប្រាស់ម៉ាស៊ីនកៀបផ្សេងៗ បើទោះជាអ្នករវល់យ៉ាងណាក៏ដោយ។ ៨ ប្រើប្រាស់ស្ព្រាយ៍បាញ់សក់ មុននឹងចាប់ម៉ូត តើលោកអ្នកធ្លាប់លឺសម្លេង«ឈីកឈីក» (ដូចពេលខ្លាញ់ស្រក់ចុះក្នុងភ្លើង ពេលអាំងសាច់) ដែរឬទេ? ជាតិអាល់កុលនៅក្នុងស្រ្ពាយ៍បាញ់សក់នឹងមានប្រតិកម្មដូចគ្នាជាមួយនឹងកម្តៅ។ ដូចនេះហើយ អ្នកត្រូវតែប្រើប្រាស់វា បន្ទាប់ពីកៀបសក់រួច។ ៩ ម៉ូតសក់ដែលត្រូវធ្វើការសាប់សក់ ដើម្បីកម្មវិធីជប់លៀងខ្លះ អ្នកប្រហែលជាធ្វើម៉ូតសក់ស្អាតៗប្លែកៗ ដែលតម្រូវឲ្យមានការសាប់សក់ ដើម្បីឲ្យមើលទៅប៉ោងស្អាត ឬក្រាស់។ ប៉ុន្តែការធ្វើបែបនេះញឹកញាប់ពេក  នឹងបំផ្លាញដល់ស្បែកក្បាលស្រទាប់ខាងលើ ហើយសក់ទៀតសោតក៏ប្រឈមនឹងការជ្រុះ និងខូចផងដែរ។ ១០ គិតថាអាចស្រោចស្រង់សក់ដែលបែកចុងបាន មិត្តនារីខ្លះប្រហែលជាគិតថាមានវិធីដែលអាចជួយស្រោចស្រង់សក់របស់ខ្លួនដែលបានបែកចុងរួចទៅហើយ តែវាមិនមែនជាការពិតទេ។ វិធីតែមួយគត់ដែលអាចដោះស្រាយបញ្ហានេះបាន គឺការបង្ការកុំឲ្យសក់របស់អ្នកបែកចុង តាមរយៈការចៀសវាងការកក់សក់ញឹកញាប់ពេក ការជូត ឬញីសក់ខ្លាំងៗពេក ប្រើប្រាស់ម៉ាស៊ីនកៀបមិនត្រឹមត្រូវ ជាដើម។ ម្យ៉ាងទៀតអ្នកក៏អាចធ្វើការកាត់សក់នោះចេញក៏បាន។ ដើម្បីបិទបាំងរូបភាពបែបចុងជាបណ្តោះអាសាន្ន អ្នកអាចប្រើប្រាស់ផលិតផលដែលមានផ្ទុកនូវក្រមួនឃ្មុំ ឬជាតិសេរ៉ូមដែលមានប្រេងargan ដើម្បីបន្ទន់សក់បែបចុងនោះ។

ចែករំលែក

មនុស្សយើងម្នាក់ៗ កើតមករមែងតែងតែមានរូបរាងកាយខុសប្លែកពីគ្នាដោយអ្នកខ្លះ មានមាឌធំហើយខ្លះទៀតមាឌតូច បើនិយាយអំពីពណ៌សម្បុរវិញ មានសម្បុរសណ្តែកបាយ ឬសម្បុរស ឬលឿង ឬក្រហមជួនកាលខ្មៅ។ យ៉ាងណាមិញ ពណ៌នៃធ្មេញក៏មិនខុសគ្នាផងដែរដោយអ្នកខ្លះមានធ្មេញប្រកបដោយពណ៌សស្អាត រីឯខ្លះវិញទៀតធ្មេញមានពណ៌លឿង ឬពណ៌លឿងត្នោត  ឬពណ៌លឿងក្រហម ឬពណ៌សប្រផេះជាដើម។ មុននឹងដឹងអំពីបុព្វហេតុនៃការប្រែពណ៌ធ្មេញ យើងត្រូវដឹងអំពីពណ៌ធ្មេញធម្មជាតិជាមុនសិន តាមធម្មតា ពណ៌នៃធ្មេញធម្មជាតិយើងមានការលេចចេញឡើងនូវពណ៌លឿងស្រាលតិចៗ ហើយអាចមានការវិវឌ្ឍក្លាយជាពណ៌លឿងក្នុងកម្រិតមួយខ្លាំងបាន ហើយមូលហេតុនៃការប្រែពណ៌នៃធ្មេញ មានមូលហេតុដូចជា៖ -ប្រភេទអាហារនិងភេសជ្ជៈ(Food& Beverages)៖ រាល់អាហារនិងភេសជ្ជៈទាំងឡាយណា ដែលមានពណ៌ដិតខ្លាំង ហើយមានផ្ទុកនូវកម្រិតជាតិអាស៊ីត។ ឧទាហរណ៍ ទឹកប៉េងបោះ(ទឹកជ្រលក់)ទឹកតែ ឬកាហ្វេ ជាដើម។ -ការប្រើប្រាស់ប្រភេទថ្នាំជក់ឬការជក់បារី(Tobacco use)៖ ការប្រែពណ៌ធ្មេញតាមរយៈការជក់បារី គឺធ្មេញមានពណ៌លឿង។ -ការប្រើប្រាស់ប្រភេទថ្នាំសម្រាប់ព្យាបាលជំងឺ(Medication)៖ ឧទាហរណ៍ស្ត្រីមានផ្ទៃពោះ ឬកុមារ ដែលស្ថិតក្នុងអាយុនៃការកកើតវិវត្តធ្មេញស្រុក បានកើតជំងឺ ហើយបានប្រើប្រាស់នូវប្រភេទថ្នាំតេត្រាស៊ីក្លីន(Tetracycline) សម្រាប់ព្យាបាល ពេលជំងឺបានជាសះស្បើយ     តែផលវិបាកនៃឱសថប្រភេទនេះ បានធ្វើអោយមានផលប៉ះពាល់ដល់ពណ៌របស់ធ្មេញ(ពណ៌លឿងដូចពណ៌នៃថ្នាំ)ដោយសារគាត់ពុំដឹង។ -ការប្រើប្រាស់លើសកំរិតនៃសារធាតុភ្លុយអរ(F-)(Excessive of F-use)៖ ឧទាហរណ៍ នៅលើផ្ទៃធ្មេញមានពណ៌អុជពណ៌សៗ ក្នុងកម្រិតស្រាល ឬធ្ងន់ គឺវាទាក់ទងនឹងបិរិមាណនៃការប្រើប្រាស់សារធាតុភ្លុយអរនោះ។ -អាយុ(Aging)៖   នៅពេលមនុស្សយើង មានអាយុកាន់តែច្រើនឡើងៗសំណឹកនៃធ្មេញក៏ស្ថិតនៅក្នុងកម្រិតមួយខ្ពស់ផងដែរ ការបាត់ស្រទាប់កាចាធ្មេញ(Enamel)ច្រើន ជាហេតុធ្វើឲ្យស្រទាប់ភ្លុកធ្មេញ(Dentin)លេចចេញឡើង ហើយធ្វើឲ្យពណ៌ធ្មេញមានពណ៌លឿង ដោយសារស្រទាប់នេះមានពណ៌លឿង។ -ដំណាក់ការកកើតធ្មេញ(Tooth Formation Defects) ៖ ចំពោះករណីនេះ វាអាចមានការប៉ះពាល់ដល់កាចាធ្មេញ(Amelogenesis imperfecta) និងភ្លុកធ្មេញ (Dentinogenesis imperfecta) ទាំងនេះមកពីសេនេទិច(តំណពូជ) ក៏ធ្វើឲ្យធ្មេញមានការប្រែពណ៌ផងដែរ។ បើសិនជាកើតមានលើកាចាធ្មេញ វាអាចមានពណ៌លឿង(Yellow) ឬពណ៌ត្នោត(Brown)  តែបើកើតលើភ្លុកធ្មេញវិញវាផ្តល់ពណ៌លឿងស្រាល(Yellowish) ឬពណ៌ខ្មៅប្រផេះ(Gray) ឬពណ៌ត្នោតបែកស្វាយ(Brownisd-violet)។ -ការខ្វះអនាម័យសុខភាពមាត់ធ្មេញ(Poor oral hygiene)៖ បើសិនជាការដុសសម្អាតធ្មេញពុំបានស្អាតល្អទេ ការជាប់ពណ៌កាន់ជាប់ទៅនឹងផ្ទៃធ្មេញ អាចបង្កឲ្យមានភាពប៉ះពាល់ដល់ពណ៌ធ្មេញ ដោយសារក្នុងប្រអប់មាត់មនុស្សយើងមានពពួកបាក់តេរី ដែលធ្វើឲ្យមានការកកើតនូវសមាសធាតុគីមីហើយសមាសធាតុមួយចំនួនអាចធ្វើឲ្យធ្មេញមានការប្រែពណ៌ផងដែរ។ -ធ្មេញពុក(Tooth Decay)៖ កាលណាធ្មេញត្រូវបានទទួលរងនូវរោគពុកធ្មេញ ធ្មេញនោះប្រាកដជាមានការប្រែពណ៌(ស្នាមពណ៌ខ្មៅ) កើតមាននៅលើផ្ទៃធ្មេញមួយផ្នែក ដែលអាចមានទំហំតូចឬក៏ធំតាមរយៈពេលនៃការទុកចោលឥតធ្វើការព្យាបាលបិទប៉ះ។ -ធ្មេញងាប់(Tooth died)៖ ក្នុងករណីនេះធ្មេញនឹងបាត់ពណ៌ធម្មជាតិរបស់ខ្លួនទាំងស្រុង ព្រមទាំងលេចចេញនូវពណ៌មួយផ្សេងទៀត(ជាពិសេសពណ៌ខ្មៅ) បើសិនជាមានការប្រៀបធៀបនឹងពណ៌នៃធ្មេញនៅក្បែរនឹងវា។ -ការបិទប៉ះធ្មេញដោយ (Silver amalgam )៖ ការបិទប៉ះប្រភេទនេះធ្វើឲ្យធ្មេញក្លាយជាមានពណ៌ខ្មៅ ដោយសារតែពណ៌នៃលោហធាតុរបស់សំលោហៈ។ មុននឹងបញ្ចប់នូវសំណេរនៃការសង្ខេបត្រួសៗ ខាងលើចំពោះការប្រែពណ៌ធ្មេញ ក្នុងនាមខ្ញុំបាទជាទន្តបណ្ឌិតព្យាបាលមាត់ធ្មេញ សូមជូនពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យទទួលបាននូវសុខភាពល្អគ្រប់ៗគ្នា ដូចពាក្យ ស្លោកមួយឃ្លាបានលើឡើងថា «សុខភាពប្រសើរជាងទ្រព្យ»។ ដូចនេះ ការពិនិត្យសុខភាពទូទៅឬសុខភាពមាត់ធ្មេញ ពីរដងឬមួយដងក្នុង១ឆ្នាំ ដើម្បីគេចផុតពីជំងឺរាតត្បាតផ្សេងៗ។ ដកស្រង់ចេញពីបទសម្ភាសន៍ជាមួយ ៖ លោកទន្តបណ្ឌិត សុខ ពិសៀង ដែលបម្រើការជាទន្តពេទ្យព្យាបាលសុខភាពមាត់ធ្មេញនៅ គ្លីនីកទន្តសាស្រ្តថបវ័ន្ត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ការតុបតែងមុខសម្រាប់មនុស្សស្រីគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីទទួលបាននូវភាពកាន់តែស្រស់ស្អាត និងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកនៅជុំវិញខ្លួន។ ផ្ទុយទៅវិញ មនុស្សស្រីមួយចំនួនបែរជាធ្វើការតុបតែងមុខខុសទំនងជាហេតុធ្វើឲ្យអ្នកដទៃមើលទៅបែរជាចាស់ជាងធម្មតា និងមិនសមរម្យ។ ដូចនេះ ដើម្បីចូលរួមចំណែកកែប្រែរូបសម្ផស្សឲ្យកាន់តែស្រស់ស្អាតបន្ទាប់ពីតុបតែងមុខយើង សូមលើកយកពីកំហុសឆ្គងមួយចំនួនដែលតែងតែកើតឡើងពេលតុបតែងមុខមកបង្ហាញដល់មិត្តស្រ្តីទាំងអស់គ្នា៖ ១.ការលាបម្សៅបិទបាំងស្នាមក្រាស់ពេក មនុស្សស្រីមួយចំនួនដើម្បីទទួលបាននូវភាពស្អាតប្លែកខុសពីធម្មតាបែរជាគិតថាការលាបម្សៅបិទបាំងស្នាមឲ្យក្រាស់អាចជួយលើកសម្រស់ផ្ទៃមុខបាន ប៉ុន្តែនេះជាកំហុសឆ្គងមួយទៅវិញ ប្រសិនបើលោកអ្នកជ្រើសរើសពណ៌មិនសមស្របនឹងស្បែក និងលាបក្រាស់ពេកនោះវានឹងបង្ហាញនូវស្នាមជ្រួញលើផ្ទៃមុខហើយមើលទៅកាន់តែចាស់។ ដូចនេះ អ្នកជំនាញនិយាយថាគួរតែជ្រើសរើសម្សៅប្រភេទទឹកដែលមានសារធាតុភ្លឺៗព្រោះពេលលាបទៅស្បែករបស់លោកអ្នកមើលទៅដូចធម្មជាតិ និងមានសុខភាពល្អ។ ២. ការលាបម៉ាស្ការាក្រាស់នៅរោមភ្នែកខាងក្រោម ប្រើប្រាស់ម៉ាស្ការាលាបទៅលើរោមភ្នែកផ្នែកខាងក្រោមជាពិសេសផ្នែកខាងចុងភ្នែកពិតជាធ្វើឲ្យលោកអ្នកមានភាពទាក់ទាញ។ ប៉ុនែ្តផ្ទុយទៅវិញ ប្រសិនបើអ្នកលាបក្រាស់ពេកនោះអ្នកនឹងអាចធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍ទៅលើស្នាមជ្រីវជ្រួញជុំវិញភ្នែកទៅវិញមិនថាស្នាមជ្រួញទាំងនោះមានបន្តិចបន្តួចក៏ដោយ។ ៣. ការជ្រើសរើសពណ៌ក្រែមលាបមាត់ គ្រាន់តែក្រែមលាបមាត់ក៏អាចធ្វើឲ្យអ្នកមានភាពស្រស់ស្អាតដែរ តែអ្នកត្រូវដឹងពីទម្រង់បបូរមាត់របស់អ្នកស័កិ្តសមនឹងពណ៌អ្វីជាមុនសិន។ បើមិនជាអ្នកមានទម្រង់បបូរមាត់រាងតូចរៀវ ដូច្នេះលោកអ្នកគួរចៀសវាងពណ៌ដិតខ្លាំងព្រោះពេលមើលទៅទម្រង់បបូរមាត់កាន់តែតូចហើយពេលខ្លះការគូសគែមបបូរមាត់ក៏អាចជួយអ្នកបានដែរ។ ៤. ការលាបស្រមោលភ្នែក លោកអ្នកមិនគួរលាបពណ៌ពេញត្របកភ្នែកទាំងស្រុងទេព្រោះការធ្វើបែបនេះនឹងឲ្យអ្នកមើលទៅកាន់តែចាស់។ អ្វីដែលត្រឹមត្រូវ លោកអ្នកគួរតែតប់ម្សៅពណ៌ស្រាលទៅផ្នែកខាងចុងភ្នែកបានហើយ។ ៥. ការគូសគំនូសភ្នែកខាងក្រោម ប្រើប្រាស់ខ្មៅដៃគំនូសភ្នែកពណ៌ខ្មៅគូសទៅលើភ្នែកផ្នែកខាងក្រោមដិតខ្លាំងពេក នឹងធ្វើឲ្យភ្នែកលោកអ្នកមើលទៅកាន់តែតូចជាងមុន។ ដូចនេះ លោកអ្នកគួរតែងាកមកជ្រើសរើសពណ៌ស្រាលជាងនេះបន្តិចនោះអ្នកនឹងទទួលបានភ្នែកធំដ៏ស្រស់ស្អាត។ ៦. ការផាត់ម្សៅពណ៌ក្រហមនៅថ្ពាល់ អ្នកគួរតែបោះបង់ម្សៅពណ៌ក្រម៉ៅៗទៅហើយគួរតែងាកមកប្រើពណ៌ស្រាលៗដូចជាពណ៌ផ្កាឈូកខ្ចីជាដើម ហើយគប្បីផាត់នៅផ្នែកខាងលើថ្ពាល់ មិនមែននៅចំកណ្តាលថ្ពាល់នោះទេ។ លើសពីនេះ អ្នកក៏អាចតប់ម្សៅពណ៌ក្រហមស្រាលៗនៅឆ្អឹងថ្ពាល់ខាងលើប៉ុន្តែកុំទៅជិតតំបន់ជុំវិញច្រមុះពេក។ ការធ្វើបែបនេះនឹងធ្វើឲ្យផ្ទៃមុខរបស់អ្នកក្មេងជាងវ័យ និងស្រស់បំព្រង។ ៧. គូសចិញ្ចើមក្រាស់់ពេក មនុស្សស្រីមួយចំនួនគូសចិញ្ចើមពណ៌ដិតខ្លាំង និងគូសធំជាងចិញ្ចើមធម្មជាតិធ្វើឲ្យមុខរបស់អ្នកមើលទៅមិនស្អាតបាត និងចាស់ ដូចនេះ យល់ល្អ អ្នកគួរតែជ្រើសរើសពណ៌ឲ្យស្រាលជាងចិញ្ចើមធម្មជាតិរបស់អ្នក។ ៨. ខ្មៅដៃគូសបបូរមាត់ ការប្រើប្រាស់ខ្មៅដៃគូសបបូរមាត់ពិតជាមានប្រយោជន៍ច្រើនក្នុងការតុបតែងមុខពីព្រោះវាអាចធ្វើឲ្យមាត់របស់អ្នកមានទម្រង់ស្អាត និងលេចធ្លោ តែទោះបីជាយ៉ាងណា អ្នកគួរតែប្រុងប្រយ័ត្នក្នុងការគូស ចូរកុំព្យាយាមគូសគែម ឬផ្នែកកណ្តាលនៃបបូរមាត់ឲ្យធំជាងបបូរមាត់ធម្មជាតិ បើមិនដូច្នោះទេអ្នកដទៃនឹងចាប់អារម្មណ៍ព្រមទាំងអាចមើលឃើញពុកមាត់អ្នកទៀតផង។ ៩. លាបម្សៅក្រាស់ពេក ម្សៅផាត់អាចបំពេញចន្លោះខ្វះខាតនៅលើផ្ទៃមុខបានប្រសិនបើអ្នកប្រើវាក្នុងបរិមាណសមស្រប ផ្ទុយទៅវិញ បើអ្នកលាបវាច្រើនហួសហេតុនោះ មុខអ្នកច្បាស់ជាមានបញ្ហាហេតុដូចនេះអ្នកគប្បីចៀសវាងផាត់ម្សៅខ្លាំងនៅជុំវិញភ្នែកព្រោះការធ្វើបែបនេះនឹងលេចចេញនូវស្នាមជ្រីវជ្រួញ និងធ្វើឲ្យផ្ទៃមុខមើលទៅមានសភាពស្ងួតផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

សព្វថ្ងៃនេះ បុគ្គលិកការិយាល័យភាគច្រើន ត្រូវការប្រើប្រាស់កុំព្យូទ័រជាប្រចាំ។ ការប្រើប្រាស់កុំព្យូទ័រច្រើនម៉ោងជារៀងរាល់ថ្ងៃ អាចបណ្តាលឲ្យភ្នែកឈឺ ឬអាចរបួសភ្នែក។ វាអាចបណ្តាលឲ្យភ្នែករបស់អ្នកមើលមិនច្បាស់ មានអារម្មណ៍ថាឈឺភ្នែក និងពិបាកក្នុងការសម្របទៅនឹងពន្លឺផ្សេងៗ។ ខាងក្រោមនេះគឺជាវិធីថែទាំភ្នែករបស់អ្នកពីរោគសញ្ញាទាំងនេះ៖ ១. ទុកពេលឲ្យភ្នែករបស់អ្នកសម្រាក អ្នកគួរតែក្រោកចេញពីតុធ្វើការរបស់អ្នក ដើម្បីសម្លឹងមើលអ្វីដែលនៅឆ្ងាយពីអ្នកប្រហែលជា ១០វិនាទី រហូតដល់ភ្នែករបស់អ្នកអាចមើលចំណុចនៅឆ្ងាយៗបាន និងឲ្យភ្នែកអ្នកសម្រាក។ ២. ធ្វើចលនាភ្នែក ប្រសិនបើអ្នកអង្គុយមុខកុំព្យូទ័ររយៈពេលវែង ហើយមិនមានពេលអាចដើរទៅណាបាន អ្នកអាចធ្វើចលនាភ្នែករបស់អ្នកទៅតាមទិសទ្រនិចនាឡិកា ធ្វើចលនាពីឆ្វេងទៅស្តាំ ពីលើចុះក្រោម។ ធ្វើបែបនេះ ៣ដងសម្រាប់ចលនានីមួយៗដើម្បីឲ្យភ្នែករបស់អ្នកសម្រាក។ ៣. រក្សាសំណើមភ្នែក មនុស្សភាគច្រើនដែលផ្តោតអារម្មណ៍ខ្លាំងទៅលើការងារ មិនសូវបានព្រិចភ្នែកញឹកញាប់ ទេដូចនេះធ្វើឲ្យភ្នែករបស់អ្នកស្ងួត។ អ្នកអាចធ្វើឲ្យភ្នែករបស់អ្នកមានសំណើមវិញដោយការព្រិចភ្នែកឲ្យបានញឹកញាប់ ឬអាចប្រើប្រាស់សូលុយស្យុងបន្តក់ភ្នែកដើម្បីផ្សើមភ្នែកអ្នក។ អ្នកត្រូវចងចាំថា រាល់ការប្រើប្រាស់ផលិតផលណាមួយត្រូវសុំការណែនាំពីវេជ្ជបណ្ឌិតជាមុនសិន។ ៤. ដកដង្ហើមឲ្យបានទៀងទាត់ នៅពេលដែលអ្នកផ្តោតអារម្មណ៍ខ្លាំងទៅលើអេក្រង់កុំព្យូទ័រ ធ្វើឲ្យដង្ហើមរបស់អ្នកធ្លាក់ចុះដោយមិនដឹងខ្លួន។ ដូចនេះ អ្នកត្រូវដកដង្ហើមឲ្យបានទៀងទាត់ ដើម្បីឲ្យលំហូរឈាមអ្នកបានល្អ។ ៥. ដាក់កុំព្យូទ័រនៅលើតុទាប ឬប្រើកុំព្យូទ័រដែលអាចចល័តបាន ដូចនេះភ្នែករបស់អ្នកអាចសម្លឹងចុះ ក្រោមនៅពេលធ្វើការសម្លឹងចុះក្រោម ជាមធ្យោបាយមួយដែលភ្នែករបស់អ្នកត្រូវបានគ្របដោយត្របកភ្នែកហើយព្រិចភ្នែកបានច្រើន និងចេញទឹកភ្នែកបានច្រើន។ ៦. កំណត់លើការប្រើប្រាស់contact lenses ប្រសិនបើអ្នកពាក់ contact lenses តែភ្នែករបស់អ្នកមិនសូវមានសំណើម អ្នកគួរតែប្តូរមកប្រើប្រាស់វ៉ែនតាធម្មតាជំនួសវិញ។ មនុស្សដែលប្រើប្រាស់កុំព្យូទ័ររយៈពេលវែង គួរធ្វើការត្រួតពិនិត្យភ្នែករៀងរាល់ ៦ខែម្តង។ ៧. បរិភោគអាហារដែលមានប្រយោជន៍សម្រាប់ភ្នែក អាហារដែលសម្បូរសារធាតុ DHA ដែលមានប្រយោជន៍សម្រាប់កែវភ្នែក និងការពារភ្នែកពីការខូចខាត ឬ ជំងឺភ្នែកឡើងបាយមានដូចជា ត្រីសមុទ្រ ការ៉ុត និងបន្លែបៃតង រួមបញ្ចូលទាំងគ្រាប់ធញ្ញជាតិដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយ ការខូចខាតកោសិកាភ្នែក និងធ្វើឲ្យសមត្ថភាពនៃការមើលកាន់តែប្រសើរ។ ៨. បរិភោគផ្លែឈើ និងបន្លែ ផ្លែឈើ និងបន្លែដែលសម្បូរវីតាមីន A វីតាមីនA ជួយឲ្យភ្នែកមានសុខភាពល្អ។ អាហារដែលសម្បូរវីតាមីនA រួមមាន ផ្លែស្វាយ ប៉េងប៉ោះ ឪឡឹក ការ៉ុត ល្ពៅ ដំឡូងជ្វា គ្រាប់ធញ្ញជាតិ ត្រីនិងស៊ុត។

ចែករំលែក

ដំបូន្មានជាច្រើនជុំវិញបញ្ហាស្បែកមុខរបស់អ្នក ប៉ុន្តែតើដំបូន្មានទាំងនោះគួរឲ្យទុកចិត្តដែរឬទេ?  តើអ្នកបានសាកល្បងហើយឬនៅ?   ខ្លាចទេក្នុងការសាកល្បង? ខ្លាចតែមិនអាចជួយបាន ថែមទាំងបង្កបញ្ហាបន្ថែមមែនទេ?   ហេតុនេះហើយ ទើបដំបូន្មានពីអ្នកជំនាញច្បាស់លាស់ក៏ដូចជាវេជ្ជបណ្ឌិតសើស្បែកផ្ទាល់ គឺជាអ្វីដែលអ្នកត្រូវការបំផុត ជាពិសេសគឺសម្រាប់បញ្ហាស្បែកមុខតែម្តង។ ពីលោកវេជ្ជបណ្ឌិត អែម សំអុល ឯកទេសផ្នែកជំងឺសើសែ្បក នៅគ្លីនិកសើស្បែក BC Skin Clinic and Laserដែលលោកបានបញ្ចប់ការសិក្សាថ្នាក់ជំនាញឯកទេសពីប្រទេសថៃតាមរយៈអាហារូបករណ៍របស់អង្គការចៃកា  ព្រមជាមួយនឹងបទពិសោធន៍ក្នុងការសិក្សាទៅលើជំនាញកែសម្ផស្សដោយគ្មានការឈឺចាប់ដែលហៅថា“ Noninvasive aesthetic medicine ” ពីប្រទេសសិង្ហបុរី និងជប៉ុន ដំបូន្មានជាច្រើនទៅលើបញ្ហាស្បែកមុខនឹងត្រូវបានបង្ហាញដូចខាង ក្រោម៖ ការកំណត់វិធីសាស្ត្រដោះស្រាយបញ្ហាស្បែកមុខ ​វិធីសាស្រ្តក្នុងការថែរក្សាស្បែកមុខត្រូវបានចែកចេញជា២របៀបធំៗគឺតាមបែបវេជ្ជសាស្រ្ដ  និងតាមបែបធម្មជាតិ  ដែលត្រូវបានធ្វើឡើងទៅតាមបញ្ហាមុខ និងប្រភេទស្បែកមុខ  ហើយខាងក្រោមនេះជាករណីខ្លះៗនៃបញ្ហាមុខ    រួមជាមួយនឹងវិធីសាស្ត្រដោះស្រាយជាក់លាក់របស់វា។ 1.ចំពោះស្បែកមុខដែលសម្បូរខ្លាញ់   ឬមុន  ( ភាគច្រើនកើតមានចំពោះយុវវ័យ ) •ការថែរក្សាតាមបែបធម្មជាតិត្រូវផ្អែកទៅលើកត្តាមួយចំនួនដូចជាចំណីអាហារ និងអនាម័យ ដោយត្រូវធ្វើការកាត់បន្ថយនូវការទទួលទានអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ ព្រោះ ខ្លាញ់ទាំងនោះនឹងត្រូវបានបញ្ជូនមកគល់រោមកាន់តែច្រើន ដែលបណ្ដាលឲ្យកើតមុន។ ក្រៅពីនោះ យើងត្រូវធ្វើការសម្អាតស្បែកមុខយ៉ាងហោចឲ្យបាន២ដងក្នុងមួយថ្ងៃដើម្បីជម្រះខ្លាញ់  ឬភាពកខ្វក់លើស្បែកមុខ   ចៀសវាងការកកើតមុនដែលបណ្ដាលមកពីការផលិតខ្លាញ់ច្រើន   ឬក៏បណ្ដាលមកពីការរលាកគល់រោមដែលនាំឲ្យមានជាមុនខ្ទុះ។ •បែរទៅរកការថែទាំតាមបែបវេជ្ជសាស្រ្ដវិញ បុគ្គលដែលមានស្បែកមុខខ្លាញ់ ឬកើតមុនអាចប្រើប្រាស់ផលិតផលថែរក្សាស្បែកមួយចំនួនដូចជាហ្វូមលាងសម្អាតមុខ រួមជាមួយនឹងថ្នាំលាបព្យាបានមុននិងបណ្ដុះកោសិកា ដែលស័ក្តិសមទៅនឹងប្រភេទស្បែកមុខរបស់ខ្លួន ក៏ដូចជាស្របទៅតាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញ ដើម្បីចៀសវាងការប្រើប្រាស់ផលិតផលខុសដែលនាំឲ្យកាន់តែធ្ងន់ធ្ងរ។    បន្ថែមពីលើការប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខនានា ការប្រើប្រាស់ម៉ាស៊ីន ឬការម៉ាស្សាទៅលើស្បែកមុខអាចបង្កើននូវប្រសិទ្ធភាពថែមមួយកម្រិតទៀត   ដោយការប្រើប្រាស់ត្រូវបានកំណត់អាស្រ័យទៅតាមប្រភេទនៃស្បែកនីមួយៗ។ 2.ស្បែកដែលមានបញ្ហាជាំ  ( អាចកើតមានលើមនុស្សគ្រប់វ័យ ) •ការថែទាំតាមបែបធម្មជាតិតម្រូវឲ្យអ្នកជំងឺត្រូវចៀសវាងពីការរងនូវកម្ដៅថ្ងៃតាមដែលអាចធ្វើទៅបាន ជាពិសេសនៅចន្លោះរវាងម៉ោង៩ព្រឹករហូតដល់ម៉ោង៤រសៀល  ព្រោះថាវាអាចធ្វើឲ្យស្បែកមានភាពខ្មៅស្រអាប់   ឬជាំបានដោយងាយ។ ត្រូវចងចាំថាកម្តៅថ្ងៃធ្វើឲ្យស្បែក ជាំ ឡើងអាចម៍រុយ  ឆាប់ចាស់និងជ្រីវជ្រួញ ។ •ការព្យាបាលតាមបែបវេជ្ជសាស្រ្ត ត្រូវលាបថ្នាំទៅលើស្បែកដែលជាំទៅតាមវេជ្ជបញ្ជា និងលាបឡេការពារកម្តៅថ្ងៃជាប្រចាំមុនពេលចេញត្រូវកម្តៅថ្ងៃ។ ដោយឡែក ការព្យាបាលមុខជាំមានការលំបាក ហើយត្រូវការពេលវេលាយូរ។ 3.ភាពជ្រីវជ្រួញ ឬយារធ្លាក់  ( កើតមានទៅលើមនុស្សវ័យកណ្តាល និងវ័យចំណាស់ ) ការថែទាំតាមបែបវេជ្ជសាស្រ្ដមួយចំនួនអាចនឹងត្រូវបានណែនាំដូចជា៖ -លាបឡេ  ឬក្រែមដែលផ្តល់សំណើម   និងបណ្តុះកោសិកាដល់ស្បែកជាប្រចាំ -ចាក់ Botox ដើម្បីបំបាត់ភាពជ្រីវជ្រួញនៅត្រង់ប្រជុំចិញ្ចើម ថ្ងាស និងជុំវិញរង្វង់ភ្នែក -ចាក់Fillerដើម្បីបំពេញកន្លែងដែលផត ឬខូង ជាពិសេសត្រង់ថ្ពាល់ - ចាក់វីតាមីនបំប៉នស្បែកមុខ និងក ( Meso-therapy)                                                                                                                                               therapy ) -ចាក់ថ្នាំរំលាយខ្លាញ់នៅក្បំក ។-ល-។ -ការទាញបន្តឹងស្បែកមុខដោយប្រើអំបោះរលាយ ឬអាចឈានទៅរកការវះកាត់ដើម្បីទាញបន្តឹងស្បែកមុខ។ ការថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ដមានផលប៉ះពាល់ដែរឬទេ? ហើយស្បែកប្រភេទណាដែលត្រូវបានហាមឃាត់មិនឲ្យប្រើ? មិនមានប្រភេទស្បែកណាមួយដែលត្រូវហាមប្រាមមិនឲ្យប្រើប្រាស់នោះទេ   ប៉ុន្តែរាល់ការជ្រើសយកវិធីសាស្ត្រណាមួយយកមកប្រើប្រាស់ត្រូវការការវិភាគ និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ពីគ្រូពេទ្យជំនាញជាមុនសិន។ ដោយឡែកចំពោះផលរំខានអាចកើតមានដោយកត្តា៣គឺ    កំហុសជំនាញវិជ្ជាជីវៈ ផលិតផលក្លែងក្លាយ និងកត្តាអ្នកជំងឺផ្ទាល់ដោយសរីរាង្គរបស់អ្នកជំងឺមិនអាចទទួលយកនូវថ្នាំដែលបានប្រើប្រាស់បើទោះបីជាបានធ្វើការពិនិត្យត្រឹមត្រូវក៏ដោយ។      នៅក្នុងករណីនេះគ្រូពេទ្យនឹងធ្វើការផ្លាស់ប្ដូរការព្យាបាល និងលុបបំបាត់ផលរំខានដល់អ្នកជំងឺទៅតាមស្ថានភាពជាក់ស្តែងដែលកើតមានឡើង។ ដំបូន្មានមួយទៀតរបស់លោកវេជ្ជបណ្ឌិតទាក់ទងនឹងបញ្ហាខាងលើគឺ ការបញ្ឈប់ការប្រើឡេលាយ ដោយងាកមកប្រើផលិតផលសុទ្ធដែលបានឆ្លងកាត់ការពិសោធន៍ត្រឹមត្រូវជំនួសវិញ ដោយសារឡេលាយទាំងនេះមិនត្រឹមតែបង្កផលប៉ះពាល់ដល់សុខភាពស្បែកប៉ុណ្ណោះទេ វាក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះវាអាចជ្រាបតាមស្បែកទៅបំផ្លាញសរីរាង្គខាងក្នុងដូចជាថ្លើម និងតម្រងនោមជាដើម។

ចែករំលែក

គ្រប់គ្នាជ្រុះសក់ជាប្រចាំ ខ្លះជ្រុះហើយដុះវិញជាធម្មតា ឬប្រើរយៈពេលយូរទើបដុះវិញតាមវដ្តនៃសក់ ប៉ុន្តែចុះបើសក់អ្នកជ្រុះហើយមិនដុះវិញនោះ តើអ្នកគួរធ្វើយ៉ាងណា? ចង់ដឹងច្បាស់ តាមដានការធ្វើបទសម្ភាសន៍របស់ហេលស៍ថាម លើប្រធានបទ «Cicatricial Alopecia» ជំងឺជ្រុះសក់ដែលមិនដុះវិញ ជាមួយលោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសខាងជំងឺសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ តើអ្វីទៅជាការជ្រុះសក់មិនដុះវិញ ឬ Cieatricial Alopecai? ការជ្រុះសក់មិនដុះវិញ ដែលភាសាអង់គ្លេសហៅថា Cicatricial  Alopecia ឬ scarring alopecia មកពីពាក្យ Cicatricial មានន័យថាផ្លែឬសម្លាក រីឯalopecia ជាការជ្រុះសក់។ ដូចនេះ Cicatricia Alopecia ជាជំងឺជ្រុះសក់មួយប្រភេទមានលក្ខណៈជាផ្លែឬសម្លាកនៅលើស្បែកក្បាល ផ្តើមចេញដោយការបំផ្លាញទៅលើគល់សក់ហើយជំនួសដោយជាលិកាសម្លាក ឬផ្លែដែលធ្វើឲ្យស្បែកក្បាលក្រិន ហើយសក់លែងដុះតែម្តង។ ជាទូទៅ  Cicatricial Alopecia ចែកចេញជាពីរទម្រង់ផ្សេងទៀត៖ •Primary Cicatricial Alopecia ជាការរលាកទៅលើគល់រោមតែម្តងសំដៅលើមូលហេតុណាក៏ដោយធ្វើឲ្យមានបញ្ហាលើគល់រោមផ្ទាល់។ •Secondary Cicatricial Alopecia មិនសំដៅលើគល់រោមប៉ុន្មាននោះទេ វាអាចមានដូចជាការរលាកភ្លើង ការប្រើកាំរស្មីលើមហារីក ដែលបណ្តាលឲ្យខូចស្បែកកន្លែងនោះ។ ចំពោះទម្រង់ Primary Cicatricial Alopecia ក៏មានបែងចែកជា ៣ប្រភេទទៀត ដោយពឹងផ្អែកលើការច្រឹបសាច់យកទៅមើល(Biopsy)៖ ⊕ ប្រភេទកោសិកា lymphocytes ជួបប្រទះច្រើនជាងគេ មាន៤ជំងឺ៖ •Discoid Lupus  Erythematosus  •Lichen Planopilaris ចែកចេញជាជំងឺ៣ទៀតគឺ Classic Lichen, Planopilaris  Frontal Fibrosing Alopecia និង Graham Little Syndrome •Classic Pseudopelade    •Central Centrifugal Alopecia ⊕ ប្រភេទកោសិកា Neutrophil មាន៣ជំងឺ៖ •Keratosis follicularis spinulosa decalvans •Folliculitis decalvans •Dissecting cellulitis  ⊕ ប្រភេទកោសិកាទាំងពីរ Lymphocyte និង Neutrophil ដែលហៅថា mixed មានជំងឺ៣សំខាន់គឺ៖ •Folliculitis keloidalis •Folliculitis necrotisan  •Erosive follicular dermatosis  តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យសក់ជ្រុះហើយមិនដុះឡើងវិញ? មូលហេតុដែលធ្វើឲ្យសក់ជ្រុះហើយមិនដុះវិញនេះមិនទាន់មានការសិក្សាណាមួយត្រូវបានបង្ហាញនៅឡើយទេគ្រាន់តែមានករណីសង្ស័យថាអាចបណ្តាលមកពីការថយចុះនូវអង់ស៊ីមម៉្យាងហៅថា Peroxisome Proliferator activated receptor Gama ដែលអង់ស៊ីមនេះជួយការពារកុំឲ្យខូចគល់សក់។ បើកាលណាអង់ស៊ីមមួយនេះថយចុះបង្កឲ្យក្រពេញខ្លាញ់បំបែកខ្លួនធ្វើមុខងារមិនបានល្អក្លាយទៅជាកកខ្លាញ់នាំឲ្យកោសិកា lymphocyte និង neutrophilមានប្រតិកម្មនៅកន្លែងនោះបណ្តាលឲ្យបំផ្លាញគល់រោម។ បញ្ហានេះហាក់ដូចជាគ្មានកត្តាជម្រុញអ្វីផ្សេងទៀតនោះទេ  ដូចបានបញ្ជាក់ខាងលើ ការជ្រុះសក់ក្នុងករណីនេះកើតលើប្រជាជនមានសុខភាពល្អលើជនជាតិអាមេរិកស្បែកខ្មៅ និងមានកើតច្រើនលើបុរសស្ត្រីនៅវ័យកណ្តាល។ តើរោគសញ្ញានៃជំងឺជ្រុះសក់មិនដុះវិញនេះស្តែងចេញដូចម្តេចខ្លះ? រោគសញ្ញាមានការស្តែងចេញខុសៗពីគ្នាទៅតាមប្រភេទជំងឺ ដូចជា ជំងឺលើកោសិកា Lymphocyte កោសិកាNeutrophil និងកោសិកាទាំងពីរចូលគ្នាតែម្តង។ ដំបូងអ្នកជំងឺអាចមានចេញជា រមាស់ ក្រហម ក្តៅអ្នកខ្លះមានវាលម្តុំៗ ទាល់តែច្រឹបស្បែកយកទៅពិនិត្យទើបដឹង រីឯអ្នកខ្លះទៀតមានការដូរពណ៌ស្បែកតែម្តង (depigmentation) អាចមានឡើងពណ៌ទៅជាខ្មៅជាដើម។ តើការធ្វើរោគវិនិច្ឆ័យជំងឺជ្រុះសក់ប្រភេទនេះមានវិធីណាខ្លះ? លោកអ្នកគួរធ្វើការណាត់ជួបគ្រូពេទ្យបើអ្នកមានសញ្ញារមាស់ ក្រហម ក្តៅ ទ្រាំមិនបាននោះគ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យដោយផ្អែកលើសញ្ញាគ្លីនិកបន្ទាប់មកទើបច្រឹបយកសាច់ទៅធ្វើវិភាគ ដើម្បីបែងចែកថាស្ថិតនៅក្នុងប្រភេទណាមួយ។ តើអាចព្យាបាលបានដោយវិធីណាខ្លះ? ការព្យាបាលអាចសង្ឃឹមបានជោគជ័យច្រើន បើធ្វើឡើងខណៈពេលវាស្ថិតក្នុងទម្រង់សកម្ម មានន័យថា នៅត្រង់គល់រោមមិនទាន់ត្រូវបានបំផ្លាញអស់។ ក្នុងនោះដែរ គេអាចប្រើពពួកថ្នាំប្រឆាំងការរលាកដូចជា di-hydrochloroquine ពពួក corticosteroid  ឬពពួកថ្នាំលេបតាមមាត់ cyclosporine  ដើម្បីទប់កុំឲ្យកោសិកាមានប្រតិកម្មខុស។ ម៉្យាងទៀត អាចប្រើថ្នាំលាបនៅហ្នឹងកន្លែង ប្រភេទ steroid ពពួក corticosteroid ពពួក immuno modulator ហៅថា TACROLIMUS។ ក្រៅពីនេះគេក៏មានព្យាបាលដោយចាក់ពពួក triamcinolone ក្នុងគោលការណ៍បំបាត់កុំឲ្យមានការបំផ្លាញនៅគល់រោមតាមរយៈតួនាទី២ យ៉ាងប្រឆាំងនឹងការរលាកផង និង ទប់កុំឲ្យកោសិកាមានប្រតិកម្មខុសផង។ បើអ្នកទុកបញ្ហាជ្រុះសក់នេះឲ្យហួសពេល ក្លាយជា ជាលិកាផ្លែ ឬ សម្លាក (scars tissue) ការព្យាបាលឲ្យសក់ដុះវិញមិនអាចធ្វើបាននោះទេ គ្រូពេទ្យអាចត្រឹមធ្វើការវះកាត់ ជំនូសដោយចិតសក់ពីម្តុំណាមួយមកដាក់ជំនួសបានមួយចំនួន ប៉ុន្តែការធ្វើបែបនេះបានចំពោះតែទំហំតូចៗប៉ុណ្ណោះ។ ករណីអ្នកជំងឺមិនទទូលការព្យាបាលឲ្យបានទាន់ពេលវេលាទេ នោះគាត់អាចនឹងប្រឈមជាមួយបញ្ហាទំពែកមួយជីវិតតែម្តង  ម៉្យាងវិញទៀតវាអាចប៉ះពាល់ខាងផ្លូវចិត្ត មានការរើសអើងពីសង្គមអាចឈានរហូតដល់អាចសម្លាប់ខ្លួនបានទៀតផង។ យោងតាមការរៀបរាប់ខាងលើដោយសារតែមូលហេតុរបស់វាយើងមិនអាចដឹងច្បាស់   ដូចនេះហើយយើងមិនអាចធ្វើការការពារបាននោះទេ ប៉ុន្តែបើដឹងបានទាន់ពេលវានឹងកាត់បន្ថយការជ្រុះកាន់តែប្រសើរ។ ប្រជាជនយើងជាទូទៅស្ថិតនៅអាយុកំពុងពេញវ័យទាំងស្ត្រីទាំងបុរស ប្រសិនបើមានបញ្ហាជ្រុះសក់ខុសធម្មតាជាពិសេសមានរមាស់ មានក្រហម មានបញ្ហាក្តៅក្បាល ឬមានហើម គួរមកជួបពិគ្រោះជាមួយគ្រូពេទ្យ ព្រោះកាលណាព្យាបាលបានទាន់ពេលវេលាអាចចៀសវាងនូវផលវិបាកទៅថ្ងៃក្រោយ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ កញ្ញា Pancake Khemanit រួមគ្នានឹងកញ្ញា Jannine Weigel ដែលជាតារាដ៏មានប្រជាប្រិយភាពនៅប្រទេសថៃ ត្រូវបានអញ្ជើញមកប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកម្មវិធីតន្រ្តីសប្បុរសធម៌ដំរីអង្គរ ហើយដូចដែលហេលស៍ថាមបានសន្យាPancake Khemanit អាយដល (Idol)ដ៏ស្រស់ស្អាត និងគួរឲ្យស្រឡាញ់របស់ប្រិយមិត្តជាច្រើន នៅពេលនេះបានចូលមកផ្តល់នូវភាពរីករាយដល់អ្នកទាំងអស់គ្នាតាមរយៈការចែករំលែកល្អៗទាក់ទងនឹងរបៀបរស់នៅតាមបែបជាតារាដ៏ល្បីឈ្មោះម្នាក់។ ចង់ដឹងយូរហើយមែនទេ? តើ ចេចេ Pancake មាន lifestyle យ៉ាងម៉េចទៅណ៎? តាមដានទាំងអស់គ្នា... តើ Lifestyle របស់ Pancake ផ្ទាល់សំដៅដល់អ្វី? ក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយរូប Lifestyle របស់ខ្ញុំដែលសំខាន់ជាងគេគឺ មានការគាំទ្រពីហ្វេន និងសេចក្តីស្រឡាញ់ពីក្រុមគ្រួសារ។ ដូចនេះការរស់នៅរបស់ខ្ញុំ គឺការប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឲ្យហ្វេន និងក្រុមគ្រួសាររបស់ខ្ញុំមានភាពសប្បាយរីករាយ។ Pancake ពេញចិត្តនឹង lifestyle របៀបនេះដែរឬទេ? ហេតុអ្វី? ចាស៎, ខ្ញុំពិតជាស្រលាញ់ Lifestyle របស់ខ្ញុំណាស់ ដោយសារខ្ញុំមានក្រុមគ្រួសារដ៏កក់ក្តៅមួយ មិនថាខ្ញុំធ្វើដំណើរទៅទីណា កន្លែងណា ពួកគាត់តែងតែនៅជិត មិនដែលឲ្យខ្ញុំមានអារម្មណ៍ឯកោនោះទេ ហើយខ្ញុំក៏សប្បាយចិត្តដែរ បើសិនជាហ្វេនទាំងអស់រីករាយ។ អ្វីទៅដែល Pancake ពេញចិត្តជាងគេសម្រាប់ Lifestyle នៅពេលនេះ? ខ្ញុំគិតថាខ្ញុំពេញចិត្តទាំងអស់មិនថា គ្រួសារ ការងារ ទំនាក់ទំនង សង្គម និងជាច្រើនទៀតពីព្រោះ Lifestyle របស់ខ្ញុំមាននូវគ្រប់យ៉ាងដែលខ្ញុំត្រូវការរួចហើយ ហើយប្រសិនឲ្យខ្ញុំជ្រើសរើសម្តងទៀត ខ្ញុំក៏នៅតែជ្រើសរើស Lifestyle មួយនេះ។ នៅពេលដែលមានភាពនឿយហត់ខ្លាំង តើ Pancake នឹងធ្វើអ្វីមុនគេ? រាល់ពេលដែលខ្ញុំនឿយហត់ខ្លាំង ខ្ញុំតែងរកពេលសម្រាកឲ្យបានច្រើន និងទទួលទានអាហារដែលផ្តល់នូវសុខភាពល្អ។ ទម្លាប់៣ដែល Pancake ចូលចិត្តធ្វើនៅពេលទំនេរ គឺជាអ្វីដែរ? ហាត់ប្រាណ ដំណើរកំសាន្ត និងញុំា។ ៣ យ៉ាងដែល Pancake យល់ថាមានប្រសិទ្ធភាពក្នុងការរក្សាបានរាងស្អាត និងសុខភាពល្អ គឺជា...? ស្រដៀងគ្នាដែរគឺ សម្រាក  ញុំាឲ្យត្រឹមត្រូវ និងធ្វើចិត្តឲ្យសប្បាយៗ។

ចែករំលែក

មុនក្បាលខ្មៅ គឺជាសត្រូវលេខ១ដែលញាំញីនៅលើផ្ទៃមុខរបស់យើងជាពិសេសគឺកើតនៅវ័យជំទង់នេះតែម្ដង។ តើធ្លាប់ដឹងទេថាហេតុអ្វីបានជាកើតមានជំងឺនេះ? សូមងាកមកស្ដាប់ប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត ឈិត គន្ធី អ្នកឯកទេសជំងឺសើស្បែកនៃកាដាវគ្លីនិកសើស្បែក និងឡេសឺរធ្វើការរៀបរាប់យ៉ាងក្បោះក្បាយ ទាក់ទិននឹងជំងឺមុនក្បាលខ្មៅនេះជាមួយ និងបទពិសោធន៍ក្នុងការសិក្សានៅតាមបណ្ដាប្រទេសមួយចំនួនស្ដីពីការថែទាំសុខភាពស្បែក និងការប្រើប្រាស់ឡេសឺរ។ ការយល់ដឹងពីប្រភេទនៃមុន មុនជាទូទៅ ត្រូវបានចែកចេញជា២ក្រុម គឺមុនដែលមានការរលាក និងគ្មានការរលាក។ មុនដែលមានការរលាកមានន័យថាមុខរបស់អ្នកជំងឺឡើងក្រហម មានអាការៈឈឺហើយមើលទៅមានកំណកខ្ទុះ ពណ៌លឿងនៅផ្នែកខាងលើនៃមុន ដែលមានប្រភេទដូចជា Acne Vulgaris, Acne Rosacea, Acne Conglobata  និង Acne Fulminans ។ រីឯមុនគ្មានការរលាកមានន័យថាមុខរបស់អ្នកជំងឺមិនមានការក្រហម ឈឺ ឬខ្ទុះអ្វីនោះទេ គ្រាន់តែមើលឃើញសភាពជាមុនកប់ មុនក្បាលខ្មៅ ឬមុនខ្សាច់ធម្មតា។ ប្រភេទដែលគួរឲ្យព្រួយបារម្ភជាងគេក្នុងចំណោមប្រភេទមុនដែលមានការរលាក គឺប្រភេទ Acne Conglobata និងប្រភេទ Acne Fulminans ដែលមុនប្រភេទនេះត្រូវបានគេហៅថា«Sever cystic acne» ដោយសារតែឈឺខ្លាំង និងមានលក្ខណៈជាខ្ទុះ នៅពេលជាសះស្បើយវា បន្សល់ទុកស្លាកស្នាមជាផ្លែដែលធ្វើឲ្យអ្នកជំងឺមានការព្រួយបារម្ភនៅថ្ងៃក្រោយ។ អ្វីទៅជាមុនក្បាលខ្មៅ? មុនក្បាលខ្មៅ ជាបញ្ហាស្បែកមួយប្រភេទដែលជាទូទៅកើតឡើងដោយសារតែមានវិបត្តិទៅលើក្រពេញប្រេងហើយវិបត្តិនេះមានន័យថាជាការស្ទះនៃក្រពេញប្រេងដែលបណ្ដាលឲ្យមានកន្ទួលនៅលើមុខស្ដែងចេញជាមុនក្បាលខ្មៅ ឬមុនខ្សាច់។ ភាគច្រើនយើងឃើញវាកើតមានឡើងនៅកៀនច្រមុះ នៅតាមចង្កា នៅលើថ្ពាល់ ឬក៏លើថ្ងាស។ ជាទូទៅ មុនក្បាលខ្មៅកើតទៅលើមនុស្សពេញវ័យដែលមនុស្សប្រុសចន្លោះពី១៤ឆ្នាំទៅ១៩ឆ្នាំ និងមនុស្សស្រីពី១០ឆ្នាំទៅ១៧ឆ្នាំតែក៏មានអ្នកខ្លះអាចឈានដល់អាយុ២០ឆ្នាំទៅ២១ឆ្នាំទើបកើតមានជំងឺនេះផងដែរ។ កត្តាដែលធ្វើឲ្យកើតមានមុនក្បាលខ្មៅ កត្តាដែលជម្រុញឲ្យកើតមានមុនក្បាលខ្មៅមាន៤កត្តាធំៗគឺ៖ •តំណពូជ៖ ឪពុក ឬម្ដាយដែលធ្លាប់មានជំងឺមុននេះពីមុនមកនាំឲ្យកូនរបស់ពួកគេងាយនឹងកើតមុនជាងមនុស្សធម្មតា។ •ការប្រែប្រួលនៃអ័រម៉ូន៖ ដោយសារតែពេលពេញវ័យមានបម្រែបម្រួលនៃអ័រម៉ូន Progesterone និង Estrogen ដែលវាភ្ញោចទៅលើក្រពេញប្រេងទាំងឡាយណាដែលមាននៅលើស្បែកឲ្យផលិតប្រេងលើសពីធម្មតាហើយនៅពេលដែលក្រពេញប្រេងនោះស្ទះនាំឲ្យកកជាកំណកមុន។ •ការតានតឹងអារម្មណ៍(Stress)៖ ដោយសារតែមានភាពតានតឹង គិតច្រើន គេងមិនលក់ ឬមានសម្ពាធណាមួយក៏ជាកត្តាជម្រុញឲ្យកើនមុនផងដែរ។ •កត្តារួមផ្សំ៖ កង្វះអនាម័យក្នុងការលាងមុខ ការជ្រើសរើសផលិតផលក្នុងការប្រើប្រាស់ ថ្នាំលាប ឬលេបទាំង ឡាយណាដែលធ្វើឲ្យស្ទះក្រពេញប្រេងសុទ្ធតែបណ្តាលឲ្យកើតមុនទាំងអស់។ ចំណីអាហារក៏ជាកត្តាជម្រុញមួយដែរ ប៉ុន្តែយើងមិនអាចកំណត់បានឡើយ គឺវាអាស្រ័យទៅលើបុគ្គលម្នាក់ៗ តែយើងសង្កេតឃើញអាហារមួយចំនួនដែលតែងតែធ្វើឲ្យកើតមុនដូចជាអាហារផ្អាប់ ស៊ុតគ្រឿងសមុទ្រ អាហារហឹរជាដើម។ វិធីសាស្រ្ដធ្វើរោគវិនិច្ឆ័យ     ការធ្វើរោគវិនិច្ឆ័យ គឺមើលទៅលើភាពមិនរលោងនៃផ្ទៃមុខស្ទាបទៅមានពកៗនៅលើផ្ទៃមុខតែវាមិនមែនបណ្ដាលមកពីការរលាកទេពេលមើលទៅរន្ធរោមឃើញមានពកៗ និងមានក្បាលពណ៌ខ្មៅ ហើយមុននេះមិនធំទេវាអាចមានទំហំប៉ុនរន្ធរោម ឬធំជាងនេះបន្តិច ដោយសារតែក្រពេញប្រេងស្ទះ រួមជាមួយនឹងបរិយាកាសខាងក្រៅដូចជាធូលី។ នៅពេលយើងខ្វះការលាងសម្អាតធ្វើឲ្យក្រពេញប្រេងមានអុកស៊ីតកម្មជាមួយកោសិកាស្បែកដែល ងាប់ដែលធ្វើឲ្យចេញជាមុនក្បាលខ្មៅ។ ផលវិបាកនៃការកើតមុន ជំងឺមុនមិនមានផលវិបាកអ្វីប៉ះពាល់ដល់ជីវិតអ្នកជំងឺទេតែអ្នកដែលមានមុន ហើយមិនបានទទួលការព្យាបាលត្រឹមត្រូវអាចជួបនូវបញ្ហាមួយ គឺមានបន្សល់ទុកនូវស្លាកស្នាមខ្លះៗលើផ្ទៃមុខ។ ស្លាកស្នាមនោះវារំខានដល់ជំនឿចិត្តដែលធ្វើឲ្យអ្នកជំងឺមិនហ៊ានប្រឈមមុខនឹងសង្គមដូចជា ទៅផ្សារ សាលារៀន ឬចូលរួមកម្មវិធីផ្សេងៗដោយសារតែខ្មាស់គេ ក៏អាចឈានទៅដល់ការកើតជំងឺផ្លូវចិត្ត ឬសម្លាប់ខ្លួន (ករណីនេះធ្លាប់កើតមានឡើងនៅប្រទេសដទៃប៉ុន្តែពុំទាន់ឃើញមាននៅកម្ពុជានៅឡើយទេ)។ វិធីសាស្រ្ដក្នុងការការពារ ដើម្បីចៀសឲ្យផុតពីជំងឺមុនក្បាលខ្មៅយើងត្រូវរកពីមូលហេតុវាជាមុនសិន។ ប្រសិនបើបណ្ដាលមកពីតំណពូជ គឺត្រូវទៅទទួលការព្យាបាល។ មួយវិញទៀត បើសិនជាមានបម្រែបម្រួលអ័រម៉ូនត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលយកដំបូន្មានក្នុងការគ្រប់គ្រងការប្រែប្រួលអ័រម៉ូននេះ ហើយត្រូវយល់ដឹងពីអនាម័យក្នុងការលុបលាងមុខ ត្រូវដឹងថាស្បែករបស់ខ្លួនជាប្រភេទខ្លាញ់ ស្ងួត ឬធម្មតាដើម្បីជ្រើសរើសផលិតផលប្រើប្រាស់ឲ្យត្រឹមត្រូវតាមប្រភេទស្បែក។ បើសិនជាអ្នកអាចកត់សម្គាល់ថាអាហារណាធ្វើឲ្យអ្នកឡើងមុន ត្រូវតែចៀសវាង។ ការព្យាបាល ចំពោះការព្យាបាលគឺយើងត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញឯកទេសផ្នែកសើស្បែកដែលគាត់អាចឲ្យជាហ្វូមលាងមុខទៅតាមប្រភេទស្បែករបស់យើងឲ្យជាប្រភេទថ្នាំលាបដែលមានជាពេលព្រឹក និងពេលយប់។ សព្វថ្ងៃនេះ មានបច្ចេកវិទ្យាទំនើបដោយមានការព្យាបាលមុនតាមការប្រើពន្លឺ ឬឡាស៊ែរ ហើយចំពោះមុនមួយចំនួនដែលពិបាកធ្វើការយកចេញ គឺមានម៉ាស៊ីនបូមសម្អាត ឬញេចយកចេញដោយមិនមានបន្សល់ទុកស្លាកស្នាម។   ជាចុងបញ្ចប់លោកស្រីវេជ្ជបណ្ឌិតសូមធ្វើការផ្ដាំផ្ញើដល់ប្រិយមិត្តហេលស៍ថាម និងប្រជាជនទាំងអស់ថាប្រសិនបើមានបញ្ហាមុន សូមកុំមានការព្រួយបារម្ភព្រោះបច្ចេកវិទ្យាវេជ្ជសាស្រ្ដ ឥឡូវនេះមានការរីកចម្រើន និងសូមស្វែងរកគ្រូពេទ្យជំនាញគាត់នឹងអាចជួយអ្នកឲ្យមានស្បែករលោងដូចធម្មតាវិញ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top