Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ភាពស្រស់ស្អាត នរណាៗក៏ចង់បានដែរ… គឺ ស្អាតអមជាមួយនឹងសុខភាពរឹងមាំនៃសរីរាង្គផ្សេងៗ ជាពិសេសអ្វីដែលងាយនឹងមើលឃើញ ឬត្រូវបានចាប់អារម្មណ៍មុនគេ រាល់ពេលដែលជួបគ្នាម្តងៗ។  ក្នុងនោះ សក់ក៏ជាចំណែកមួយផងដែរ ព្រោះថាមើលពីចម្ងាយបើទោះជាមិនទាន់ឃើញមុខច្បាស់   ក៏គេអាចមើលឃើញពីសណ្ឋាននៃសក់របស់យើងដែរ ហើយការដែលស្អាតមួយបែបមិនគ្រប់គ្រាន់នោះទេ  ព្រោះពេលមើលជិត  គេនឹងអាចឃើញពីរូបភាពកាន់តែច្បាស់នៃសុខភាពសក់ ដែលជាទូទៅមើលពីខាងក្រៅ ក៏អាចដឹងបានខ្លះៗ។   យ៉ាងណាមិញ សរសៃសក់ជារឿយៗត្រូវបានទទួលរងផលប៉ះពាល់ទៅនឹងកត្តាផ្សេងៗដូចជាកម្តៅព្រះអាទិត្យ ខ្យល់អាកាស ធូលីដី ទឹកភ្លៀង។ល។  ដែលអាចជាហេតុនាំឲ្យស្ងួត ប្រេះបែក និងមើលទៅមិនភ្លឺរលោង។ ប៉ុន្តែ…យើងគ្រប់គ្នាសុទ្ធតែអាចធ្វើឲ្យសក់របស់ខ្លួនឯងមានសុខភាពល្អ   ហើយមើលទៅរឹងមាំបានជាមួយនឹងគន្លឹះដែលត្រូវបានណែនាំរួមមានដូចខាងក្រោម ៖   ប្រុងប្រយ័ត្នចំពោះរបបអាហារ ស្ថានភាពសក់របស់អ្នក ក៏អាចបង្ហាញពីភាពប្រក្រតីនៅក្នុងរាងកាយ  និងរបបអាហារមិនត្រឹមត្រូវផងដែរ។ ប្រសិនបើអ្នកមិនបានបរិភោគសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេនោះ សរសៃសក់របស់អ្នកមើលទៅហាក់មិនមានជីវិតឡើយ (មិនភ្លឺរលោង មិនមានសំណើម...) ហើយជួនកាលក៏ជ្រុះទៀតផង។  អ្នកជំនាញផ្នែកសក់បានណែនាំឲ្យបរិភោគអាហារដែលសម្បូរដោយវីតាមីនA, C, E ជាតិដែក និង អូមេហ្គា៣ គឺសុទ្ធតែមានសារសំខាន់សម្រាប់ការថែរក្សាសុខភាពស្បែកក្បាលសរសៃសក់ឲ្យមានសុខភាពល្អ ទប់ស្កាត់ការខូចខាត ឬស្ងួតបែកចុង ហើយក៏អាចការពារពីសារធាតុពុលផ្សេងៗផងដែរ។   ការពារសរសៃសក់ ត្រៀមខ្លួនជានិច្ចសម្រាប់ការការពារសរសៃសក់របស់អ្នក រួមមានដូចជាពាក់មួក ឬប្រើប្រេងបន្ទន់ពេលត្រូវស្ថិតនៅក្រោមកម្តៅព្រះអាទិត្យខ្លាំងដើម្បីកុំឲ្យសក់រសាត់ ឬការពារកម្តៅថ្ងៃរាល់ពេលចេញទៅក្រៅ។ អ្នកក៏គួរចៀសវាងការចេញទៅក្រៅ ពេលមានខ្យល់ត្រជាក់ ឬភ្លៀងធ្លាក់ ទាំងសក់នៅសើម ព្រោះវាអាចនឹងធ្វើឲ្យសក់ស្រួយផុយ។ ចំណែកឯអ្នកហែលទឹកវិញ គួរតែពាក់មួកគ្របសក់ ឬប្រើប្រាស់ប្រេងការពារព្រោះអ្នកមិនដឹងថាមានសារធាតុអ្វីខ្លះនៅក្នុងអាងហែលទឹកឡើយ។   កាត់បន្ថយការរឹតសង្កត់ ការចងសក់ ឬលេងម៉ូតសក់ដែលតឹងរាល់ថ្ងៃ អាចនាំឲ្យសរសៃសក់ខូចបាន ជាពិសេសការក្រងសក់ ឬចងដោយប្រើកៅស៊ូរឹតខ្លាំង។ សម្រាប់អ្នកក្រង ឬចងសក់ជាប្រចាំ គួរតែផ្លាស់ប្តូរកន្លែងចង ដើម្បីកុំឲ្យសម្ពាធមានទៅលើតែកន្លែងដដែល និងជំនួសដោយការប្រើកៅស៊ូកង ឬរឹតគួរតែប្រើរបស់ផ្សេងដែលអាចចងបានដែរដូចជាបូក្រណាត់ ឬក្រណាត់សូត្រជាដើម។   កុំកក់សម្អាតសក់ញឹកញាប់ពេក ការកក់សក់រាល់ថ្ងៃ នាំឲ្យជាតិប្រេងពីធម្មជាតិនៅសរសៃសក់ថយចុះជាបន្តបន្ទាប់។ វានឹងជាការប្រសើរ ប្រសិនបើអ្នក កក់សក់ពី៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់ក្រែមបន្ទន់រាល់ពេលកក់។ សីតុណ្ហភាពទឹកគួរតែកុំក្តៅពេក ពីព្រោះវាធ្វើឲ្យមានការរលាកស្បែកក្បាល និងសក់ប្រែជារួញ។   ថ្នាក់ថ្នមសក់ជាប្រចាំ ថែទាំសរសៃសក់របស់អ្នកដោយយកចិត្តទុកដាក់ និងជាប្រចាំរាល់ពេលកក់សក់ ឬសិតសក់។ ជាក់ស្តែង សូមកុំប្រើកម្លាំងដៃធ្ងន់ៗ នាំឲ្យភាពរឹងមាំនៃសុខភាពសក់មានការថយចុះ ដូចនេះហើយ គួរកុំកេះខ្លាំងដល់លលាដ៍ក្បាលដោយគ្មានទិសដៅច្បាស់លាស់ គួរតែច្បូតតិចៗតាមទិសដៅតែមួយពីលើចុះក្រោម និងដូចគ្នាដែរចំពោះការជូតសក់ សូមប្រើក្រណាត់ច្បូតថ្នមៗ ជំនួសឲ្យការញីខ្លាំងៗ។   កាត់បន្ថយការលេងម៉ូតសក់ រាល់ពេលអ្នកកៀបសក់ម្តងៗ គឺប្រៀបដូចជាចម្អិនសក់ដែរ ហើយជាហេតុនាំឲ្យសក់បាត់បង់ភាពរឹងមាំ។   ហេតុនេះហើយអ្នកគួរព្យាយាមកំណត់ចំនួនដងនៃការផ្លុំ ឬការកៀបសក់របស់អ្នក ហើយវាជាការល្អ បើអ្នកផ្លុំសក់ដោយប្រើកម្លាំងខ្យល់ និងកម្តៅល្មមៗ និងកៀបសក់តែ២ដងក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់ផលិតផលការពារកម្តៅលើសក់ជានិច្ច។   ប្រើប្រាស់អាហារបំប៉នសក់ បន្ថែមពីលើការញ៉ាំអាហារត្រឹមត្រូវ និងមានទម្លាប់ល្អក្នុងការថែទាំសុខភាពសក់ជាប្រចាំហើយ អ្នកអាចជ្រើសរើសផលិតផលថែរក្សាសក់ដែលអាចចិញ្ចឹម និងបំប៉នសរសៃសក់របស់អ្នក។ ឧទាហរណ៍៖ប្រទាលកន្ទុយក្រពើ ប្រេងដូងជាដើម ដែលអាចផ្តល់សំណើមដល់សរសៃសក់បន្ថែមទៀត។   កាត់តម្រឹមសក់ឲ្យបានទៀងទាត់ អ្នកគួរតែធ្វើការកាត់សក់ដែលបែកចុង និងស្ងួតចេញឲ្យបានទៀងទាត់ ដើម្បីឲ្យសរសៃសក់អ្នកមើលទៅមានសភាពស្រស់ស្អាត និងមានសុខភាពល្អ ក៏ដូចជាប្រសើរជាងមុន ៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ការលូតលាស់មិនធម្មតានៃជាលិកាផ្នែកណាមួយលើស្បែក អាចជាសញ្ញានៃបញ្ហាជាច្រើន ដែលទាមទារឲ្យមានការពិនិត្យ និងវិភាគច្បាស់លាស់ពីគ្រូពេទ្យជំនាញ។ ដោយឡែក ករណីសិក្សាមួយ ត្រូវបានលើកឡើងពីការលេចចេញដុំពកលើស្បែកគួរឲ្យសង្ស័យខាងក្រោម៖ សំណួរ ៖ ខ្ញុំបាទរស់នៅភ្នំពេញ។ នៅប្រអប់ដៃស្ដាំរបស់ខ្ញុំមានឡើងដុំពកមួយទំហំជិតប៉ុនភ្នែកដៃ។ អាការៈនេះមានរយៈពេលយូរណាស់មកហើយ តែពុំមានការឈឺចាប់អ្វីឡើយ តើការចេញដុំពកបែបនេះបណ្ដាលមកពីអ្វី? តើគួរដោះស្រាយបែបណា? ចម្លើយ ៖ កាលណាដែលមានដុំពកដំបូង គ្រូពេទ្យត្រូវពិនិត្យមើលលើដុំនោះថា តើមានដុះរោម ឬអត់ មានពណ៌ដូចស្បែកធម្មតា ឬក្រហម ក្រម៉ៅជំហានបន្ទាប់ត្រូវមើលទៅលើទីតាំងនៃដុំ និងរកមើលថាតើវាមានចលនាដែរឬទេ។ ដោយសារតែប្អូនមិនបានមកពិនិត្យផ្ទាល់យើងមិនអាចសន្និដ្ឋានថាវាជាដុំអ្វីនោះទេ ហើយប្រសិនបើដុំនោះមានពណ៌ដូចស្បែកធម្មតា ស្ថិតនៅក្រោមស្បែក វាអាចជាដុំខ្លាញ់ (Lipoma) តែប្រសិនជាដុំនោះមានរោម និងមានប្រហោងតូចនៅខាងលើហើយចេះតែរីកធំទៅៗវាអាចជាគីសទៅវិញដែលហៅថា Epidermal cyst ឬក៏អាចជាដុំមួយប្រភេទទៀតហៅថា Xanthoma ដោយដុំនោះមានពណ៌លឿង។ ដោយហេតុតែដុំមានច្រើនប្រភេទ ដូចដែលបានរៀបរាប់ជូននេះ ទើបយើងពិបាកធ្វើការសន្និដ្ឋាន ដោយមិនបានពិនិត្យលើអ្នកជំងឺផ្ទាល់។ ហើយក្នុងករណីខ្លះត្រូវទាមទារឲ្យធ្វើអេកូ និង Biopsy ផងដោយយើងមិនអាចធ្វើការទាយវាដោយរូបរាងខាងក្រៅបាននោះទេដូចនេះប្អូនគួរតែមកជួបគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យឲ្យបានត្រឹមត្រូវ រួចធ្វើការពិចារណាទៅរកការវះកាត់ ឬអត់ បើក្នុងករណីដែលដុំនោះមិនមានការប្រែប្រួលទំហំ និងពុំមានការឈឺចាប់ ដុំនោះគេហៅថាដុំស្លូតដូចនេះបើវាមិនមានការរំខានដល់ការរស់នៅប្រចាំថ្ងៃយើងអាចទុកវាបានដោយពុំចាំបាច់វះយកចេញឡើយ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

កម្រិតអ័រម៉ូនក្នុងរាងកាយនឹងចាប់ផ្តើមប្រែប្រួល ស្របពេលដែលអាយុកាន់តែកើនឡើង ជាហេតុនាំឲ្យសភាពស្បែក ពិសេសស្បែកមុខចាប់ផ្តើមស្រអាប់ បាត់បង់សំណើម និងគ្រើម ប៉ុន្តែការការពារពីបញ្ហាទាំងនោះអាចធ្វើទៅបានដោយអ្នកអាចជ្រើសរើសមិនត្រឹមតែផលិតផលនៅលើទីផ្សារនោះទេ រួមទាំងវិធីសាស្រ្តបែបធម្មជាតិផងដែរ។ កុំរង់ចាំឲ្យសម្រស់បាត់បង់ទៅតាមអាយុ ដោយអ្នកគ្រាន់តែអនុវត្តតាមរូបមន្តធម្មជាតិ ៣យ៉ាងខាងក្រោម។   ម៉ាសទឹកក្រូចឆ្មារ ល្បាយផ្សំមាន៖ • ស៊ុតផ្នែកស មួយគ្រាប់ • ទឹកផ្លែទំពាំងបាយជូរស្រស់ ១ស្លាបព្រា • ទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រា • ទឹកដោះគោជូរ ២ស្លាបព្រា។ របៀបធ្វើ៖ • វាយផ្នែកសនៃស៊ុតនៅក្នុងចាន រហូតដល់ខាប់ • លាយល្បាយ ទឹកដោះគោជូរ ទឹកផ្លែទំពាំងបាយជូរ និងទឹកក្រូចឆ្មារបញ្ចូលគ្នា • យកល្បាយលាយឲ្យសព្វជាមួយស៊ុត រួចលាបវាទៅលើផ្ទៃមុខ ដែលបានសម្អាតហើយ • ទុកវាចោលរយៈពេល ១៥នាទី រួចលាងទឹក និងជូតមុខឲ្យស្អាត។ ទឹកក្រូចឆ្មារ និងផ្លែទំពាំងបាយជូរសម្បូរទៅដោយអាស៊ីតស៊ីទ្រិច ដែលវាជាសារធាតុធម្មជាតិមានមុខងារជួយកម្ចាត់មេរោគ និងប្រឆាំងនឹងអុកស៊ីដង់បានយ៉ាងល្អ។ វាជាល្បាយធ្វើឲ្យផ្ទៃមុខរលោង ស្បែកភ្លឺ ដែលស័ក្តិសមសម្រាប់អ្នកដែលមានស្បែកមុខខ្លាញ់។   ល្បាយខាត់ជាមួយប៉េងប៉ោះ ល្បាយផ្សំមាន៖ • ផ្លែប៉េងប៉ោះ ១ផ្លែ • ស្ករក្រហម ២ ស្លាបព្រា • ទឹកឃ្មុំ កន្លះ ស្លាបព្រា។ របៀបធ្វើ៖ កិនប៉េងប៉ោះនៅក្នុងចាន រួចលាយវាជាមួយស្ករក្រហម និងទឹកឃ្មុំ។ យកល្បាយទៅម៉ាស្សាថ្មមៗនៅលើផ្ទៃមុខ រួចទុកចោល ៥ នាទី បន្ទាប់មកលាងមុខ និងជូតឲ្យស្ងួត។សារធាតុ លីកូលីប៉ែន នៅក្នុងផ្លែប៉េងប៉ោះ មានសកម្មភាពប្រឆាំងអុកស៊ីតកម្ម ដែលប្រឆាំងជាមួយរ៉ាឌីកាល់សេរីចំណែកស្ករក្រហមមានតួនាទីអាចកម្ចាត់ចោលកោសិកាចាស់ៗនៅស្បែកមុខបានយ៉ាងប្រសើរ។   សម្អាតមុខជាមួយ ម្សៅដើមផ្កាច័ន្ទ (Cinnamon) ល្បាយផ្សំមាន៖ • ម្សៅដើមផ្កាច័ន្ទ កន្លះស្លាបព្រា • ម្សៅទឹកដោះគោ ២ ស្លាបព្រា • ទឹកតែស្លឹកផ្កាស្រស់ ១ ស្លាបព្រា • ទឹកឃ្មុំ ¼ ស្លាបព្រា។ របៀបធ្វើ៖ លាយគ្រឿងផ្សំខាងលើបញ្ចូលគ្នា ដោយកូរឲ្យបានជាល្បាយដែលទន់ៗ បន្ទាប់មកលាបនៅលើផ្ទៃមុខដែលមានសភាពសើម ដោយទុកចោលរយៈពេល ២ ទៅ ៣នាទី សឹមលាងទឹកចេញ រួចជូតមុខឲ្យស្អាត។ ការរួមបញ្ចូលគ្នានៃម្សៅទឹកដោះគោ និងទឹកតែស្លឹកផ្កា ផ្តល់ឲ្យនូវស្បែកដែលទន់ ចំណែកម្សៅដើមផ្កាច័ន្ទអាចទៅជួយភ្ញោចកោសិកាស្បែកមុខ។   ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ អ្នកក៏អាចសម្រេចបាននូវការថែរក្សាស្បែកមុខខ្លួនឯង ដោយគ្រាន់តែប្រើប្រាស់គ្រឿងផ្សំដែលអ្នកមានជាស្រេចនៅក្នុងផ្ទះ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើអ្នកធ្លាប់ដឹងឬទេថា មានវិធីងាយៗខ្លះដែលអ្នកអាចធ្វើបានជារៀងរាល់ថ្ងៃដោយមិនចំណាយប្រាក់ និងពេលវេលាច្រើននោះទេ តែក៏អាចបណ្តេញ ក៏ដូចជាបន្សាបនូវជាតិពុលពីក្នុងខ្លួនរបស់អ្នកបាន? ហើយវារឹតតែពិសេសទៀតនោះ គឺវាជាសកម្មភាពដែលយើងធ្វើជាប្រចាំ និងរៀងរាល់ថ្ងៃស្រាប់។ ប្រហែលជាអ្នកធ្លាប់ដឹងហើយថាទឹកបរិសុទ្ធតែម្យ៉ាងក៏មានគុណប្រយោជន៍ច្រើនចំពោះរាងកាយរបស់អ្នកដែរ ជាពិសេស គឺរក្សាជាតិទឹកនៅក្នុងខ្លួន និងចិញ្ចឹមសរីរាង្គសំខាន់ផ្សេងៗ។ ក្នុងពេលនេះ យើងខ្ញុំក៏សូមណែនាំនូវប្រភេទភេសជ្ជៈមួយចំនួនដែលមិនពិបាកក្នុងការរៀបចំនោះឡើយ តែក៏មាននូវប្រសិទ្ធភាពយ៉ាងពិសេសក្នុងការបន្សាបជាតិពុល និងខ្លះទៀតក៏អាចជួយអ្នកក្នុងការសម្រកទម្ងន់ផងដែរ… តោះ! តាមដាននូវរូបមន្តងាយៗដូចខាងក្រោមជាមួយគ្នា… ត្រសក់ និងក្រូចថ្លុង គ្រឿងផ្សំ ៖ ទឹក ត្រសក់ ក្រូចថ្លុង (ផ្លែតូចល្មម) ក្រូចឆ្មារ១ចំណិត និងស្លឹកជីអង្កាម វិធីធ្វើ ៖ ចិតត្រសក់ និងក្រូចថ្លុងជាចំណិតៗ ហើយលាយវាជាមួយនឹងគ្រឿងផ្សំផ្សេងទៀតចូលជាមួយគ្នា រួចដាក់ក្លាសេក្នុងទូទឹកកកឲ្យត្រជាក់។ វានឹងជាការប្រសើរ ប្រសិនបើអ្នកទទួលទានវា ៥ដងក្នុងមួយថ្ងៃ នោះអ្នកនឹងអាចបន្សាបជាតិពុលពីក្នុងខ្លួន និងសម្រកទម្ងន់បានទៀតផង។ ត្រសក់ និងក្រូចឆ្មារ គ្រឿងផ្សំ ៖ ទឹក ចំណិតត្រសក់ ចំណិតក្រូចឆ្មារ និងស្លឹកជីអង្កាម វិធីធ្វើ ៖ លាយគ្រឿងផ្សំទាំងអស់ចូលគ្នានៅក្នុងថូ ឬក្រឡមួយ ហើយដាក់ក្លាសេក្នុងទូទឹកកកឲ្យត្រជាក់មួយយប់។ វាមានប្រសិទ្ធភាពក្នុងការបង្កើននូវភាពខ្លាំងនៃប្រព័ន្ធភាពស៊ាំ ព្រមទាំងសម្អាតជាតិពុលចេញក្នុងខ្លួនរបស់អ្នក ដោយហេតុថាត្រសក់ គឺមានសារធាតុប្រឆាំងនឹងការរលាក និងរក្សាជាតិទឹកក្នុងខ្លួនប្រាណអ្នកផងដែរ។ ខ្ញី និងក្រូចឆ្មារ គ្រឿងផ្សំ ៖ ទឹក ខ្ញី(ឈូស) ក្រូចឆ្មារ(១ចំណិត និងទឹកក្រូចឆ្មារច្របាច់) វិធីធ្វើ ៖ លាយគ្រឿងផ្សំចូលគ្នា ហើយទទួលទានជាប្រចាំនៅពេលព្រឹក វាត្រូវបានណែនាំឲ្យទទួលទានពេលដែលពោះទទេ។ វាមិនត្រឹមតែមានប្រសិទ្ធភាពជាថ្នាំបំបាត់ការឈឺចាប់ប៉ុណ្ណោះទេ តែក៏ជួយបន្សាបជាតិពុលបានយ៉ាងល្អទៀតផង។ ស្ត្រូប៊ររី និងឃីវី គ្រឿងផ្សំ ៖ ទឹក ផ្លែស្ត្រូប៊ររី និងឃីវី ជីអង្កាម (ដើម្បីបន្ថែមរសជាតិ) វិធីធ្វើ ៖ ដាក់ចំណិតនៃផ្លែស្ត្រូប៊ររី និងឃីវី ចូលទៅក្នុងទឹក(កែវ ឬថូ) ហើយដាក់ចូលទៅក្នុងទូទឹកកកឲ្យត្រជាក់។ គួរបញ្ជាក់ផងដែរថា ឃីវីសម្បូរទៅដោយវីតាមីនA និងE ហើយផ្លែស្ត្រូប៊ររីក៏មានគុណប្រយោជន៍សម្រាប់សុខភាពស្បែក និងផ្ទុកនូវសារធាតុដែលប្រឆាំងនឹងភាពចាស់ទៀតផង។ ប្រទាលកន្ទុយក្រពើ និងក្រូចឆ្មារ គ្រឿងផ្សំ ៖ ទឹក១កែវ ជែលប្រទាល២ស្លាបព្រា ទឹកក្រូចឆ្មារ១ស្លាបព្រា វិធីធ្វើ ៖ ចិតសម្បកប្រទាលកន្ទុយក្រពើ ហើយចិតយកនូវជែលរបស់វាចេញ រួចយកមកលាយជាមួយនឹងទឹក និងទឹកក្រូចឆ្មារ ហើយដាក់វាទៅក្នុងម៉ាស៊ីនក្រឡុកប្រមាណជា១នាទី រួចដាក់ក្នុងទូទឹកកក ប្រសិនបើអ្នកចង់ញ៉ាំបែបត្រជាក់ៗ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ស្រែងជាជំងឺសើស្បែកមួយប្រភេទងាយឆ្លង ដែលបង្កដោយមេរោគផ្សិតឈ្មោះថា “ឌែម៉ាតូហ្វីត” (Dermatophyte)។ វាអាចកើតលើមនុស្សគ្រប់វ័យ នៅលើគ្រប់កន្លែងទាំងអស់នៃខ្លួនប្រាណ ជាពិសេសច្រើននៅត្រង់កន្លែងស្បែកផ្អឹបគ្នាមានលក្ខណៈបិទបាំង ឧស្សាហ៍បែកញើស សើម ហើយពុំសូវប៉ះនឹងពន្លឺថ្ងៃ ដូចជានៅតាមក្រលៀន ក្លៀក ចង្វែកគូថ ឬចន្លោះម្រាមដៃជើងជាដើម។ របៀបបង្ករោគ ជំងឺនេះបង្កដោយមេរោគ Trichophyton, Microsporum និង Epidermophyton តែមេរោគដែលច្រើនជួបជាងគេ នៅប្រទេសកម្ពុជាយើងគឺ Trichophyton។ មេរោគទាំងនេះឆ្លងនៅពេលដែលមាន ការប៉ះគ្នាផ្ទាល់រវាងស្បែក និងស្បែក ជាមួយនឹងមនុស្សឬសត្វដែលមានកើតជំងឺស្រែង។​ ​វាក៏អាចឆ្លងបានផងដែរ នៅពេលប្រើសម្ភារៈ ឧបករណ៍ប្រើប្រាស់ផ្សេងៗរួមគ្នាដែលមានផ្ទុកមេរោគដូចជា សម្លៀកបំពាក់ កន្សែង ក្រមា មួក ស្រោមជើង ស្រោមដៃ ស្បែកជើង។ ម្យ៉ាងទៀត វាអាចឆ្លងតាមរយៈការប៉ះផ្ទាល់ជាមួយធូលី ដែលមានផ្ទុកមេរោគនេះពិសេសច្រើនជួបប្រទះនៅប្រទេសមានអាកាសធាតុក្តៅហើយសើម។ រោគសញ្ញា រោគសញ្ញានៃជំងឺស្រែងសម្គាល់ដោយរមាស់មានរាងជារង្វង់ បន្ទះមូល ឬពងក្រពើ ដោយមានក្រមរស្រកាៗ ហើយគែមជុំវិញរាងខ្ពស់ និងក្រហមជាងផ្នែកកណ្ដាល ដែលមានលក្ខណៈដូចស្បែកធម្មតា ឬអាចមានក្រមរស្តើងតិចតួច។ ជួនកាល ពេលខ្លះដោយសារអ្នកជំងឺ បានប្រើប្រាស់ថ្នាំលាបផ្សេងៗ នាំឲ្យរូបរាងក៏មិនច្បាស់ អាចច្រឡំនឹងជំងឺសើស្បែកផ្សេងទៀត។ ការធ្វើរោគវិនិច្ឆ័យ គេអាចធ្វើរោគវិនិច្ឆ័យជំងឺស្រែងតាមរយៈ ៖ •មើលដោយភ្នែកផ្ទាល់ទៅតាមសញ្ញាដែលចេញលើស្បែក (គ្លីនិក) •កោសយកក្រមរដែលនៅគែមនោះយកទៅពិនិត្យ ក្នុងមីក្រូទស្សន៍ ដើម្បីវិភាគរកមើលមេរោគផ្សិត (KOH) •បណ្ដុះមេរោគដោយកោសក្រមរទៅបណ្ដុះរកមេរោគ (Culture)  •ច្រឹបយកស្បែកដែលសង្ស័យមានស្រែងនោះទៅវិភាគ (Skin Biopsy)។ ផលវិបាក ជំងឺស្រែង ជាជំងឺសើស្បែកឆ្លង មិនបង្កឲ្យមាន​គ្រោះថ្នាក់ទេ តែវាធ្វើឲ្យរំខានដល់ការរស់នៅ​របស់អ្នកជំងឺដូចជា រមាស់ អេះ នាំឲ្យដាច់​រលាត់​ស្បែកជាប់មេរោគ ហើយពេលដែលគាត់អេះកន្លែងផ្សេងទៀតនាំឲ្យឆ្លងមេរោគ។ លើសពីនេះទៅទៀត បើរួមផ្សំនឹងអ្នកមិនបានអនាម័យផងនោះ វាអាចមានបង្កបន្ថែមនូវមេរោគបាក់តេរីធ្វើឲ្យមានខ្ទុះ និងហើម ដែលទាមទារនូវការព្យាបាលត្រឹមត្រូវទើបអាចជាបាន។ ម្យ៉ាងទៀត បើសិនជំងឺនេះ កើតនៅលើក្រចក នាំឲ្យក្រចកខូចទ្រង់ទ្រាយ ហើយបើកើតមាននៅលើស្បែកក្បាល វាធ្វើឲ្យសក់ជ្រុះ។   ការព្យាបាល •ករណីកើតលើស្បែកតែមួយកន្លែងតិចតួច អាចប្រើថ្នាំប្រភេទជាក្រែមសម្លាប់ពពួកផ្សិតដូចជា Miconazole ឬ Clotrimazole ,Ketoconazole លាបលើស្បែកមានបញ្ហា ពីរដងក្នុង១ថ្ងៃរយៈពេល៣ ទៅ៤សប្តាហ៍។ បើការលាបថ្នាំមិនបានធូរស្រាល អ្នកជំងឺគួរទៅពិគ្រោះព្យាបាលជាមួយគ្រូពេទ្យជំនាញសើស្បែក។ •ប្រសិនបើកើតមាននៅច្រើនកន្លែង នោះការព្យាបាលទាមទារប្រើថ្នាំលេបទៅតាមកម្រិត និងតាមទីតាំងនៃជំងឺ ហើយអ្នកជំងឺគួរទៅពិនិត្យ និងព្យាបាលជំងឺជាមួយគ្រូពេទ្យជំនាញសើស្បែក។ វិធីសាស្រ្តការពារជំងឺ ត្រូវរក្សាអនាម័យខ្លួនប្រាណជាប្រចាំ ដោយងូត ទឹកសម្អាតខ្លួនជាមួយសាប៊ូ និងចៀសវាងឲ្យខ្លួនប្រាណនៅសើមយូរពេកក្រោយពីងូតទឹក ជាពិសេសហាមស្លៀកសម្លៀកបំពាក់សើមផ្អឹបជាប់ខ្លួនយូរពេក។ ប្រុងប្រយ័ត្នលើការប៉ះពាល់ ការប្រើប្រាស់សម្ភារៈរួមគ្នាជាមួយអ្នកកើតជំងឺស្រែងដោយផ្ទាល់ ព្រោះអាចឆ្លងមេរោគ។ ដំបូន្មានពីវេជ្ជបណ្ឌិតជំនាញ ចំពោះលោកអ្នកដែលកើតជំងឺស្រែង គួរអញ្ជើញជួបជាមួយគ្រូពេទ្យជំនាញផ្នែកជំងឺសើស្បែក ដើម្បីទទួលការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រទំនើប។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ដេង អង្គាបុស្ស ឯកទេសជំងឺសើស្បែក-កាមរោគ និងជានាយផ្នែករងជំងឺស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

គ្រប់គ្នាអាចនឹងធ្លាប់បានប្រើប្រាស់ ស្គាល់ ឬយ៉ាងហោចណាស់ ក៏ធ្លាប់ឮពីកូឡាជែនដែរ មែនទេ? ជាការពិតណាស់ កូឡាជែន ជាប្រភេទវីតាមីនសម្បូរបែបម៉្យាងនៅក្នុងរាងកាយរបស់មនុស្ស រួមមានក្នុងឆ្អឹង សាច់ដុំ ស្បែក និងសរសៃពួរ។ វាជាសារធាតុម៉្យាង ជួយទ្រទ្រង់រាងកាយ បង្កើតជាទម្រង់មួយ ដើម្បីបង្កើននូវភាពរឹងមាំ និងរចនាសម្ព័ន្ធ ពិសេសគុណសម្បត្តិទៅលើផ្នែកផ្សេងៗនៃរាងកាយរួមមាន៖ ១. បង្កើនភាពរឹងមាំ និងជួសជុលសក់ ស្បែក និងក្រចក ជ្រុះសក់ និងបញ្ហាស្បែកមួយចំនួន អាចភាគច្រើនបណ្តាលមកពីការមិនដំណើរការនៃមុខងារទីរ៉ូអ៊ីត ក៏ដូចជាដំណើរការធម្មតានៃភាពជ្រីវជ្រួញដែលតែងកើតមានឡើងតាមអាយុ។ វ័យកាន់តែចាស់ អ្នកប្រហែលសម្គាល់ថាស្បែករបស់អ្នកមានការថយចុះនូវភាពរលាស់នៃស្បែក ហើយវិវឌ្ឍទៅជាជ្រួញ។ មួយវិញទៀតអ្នកក៏អាចប្រហែលធា្លប់មានក្រចកឡើងអង្កាញ់ ឆ្នូត ឬក្រចកងាយបាក់ដែរ ហើយសក់របស់អ្នកក៏ប្រហែលជាអាចចាប់ផ្តើមស្តើង ស្ងួត និងមិនសូវត្រង់។ ទាំងនេះ ព្រោះតែការផលិតកូឡាជែនតាមធម្មជាតិត្រូវបានថយចុះតាមអាយុរបស់អ្នក។ ដូចនេះ ការបង្កើនបរិមាណកូឡាហ្សែន អាចជួយឲ្យស្បែកមានភាពរឹងមាំ និងទន់រលោងដោយសារវាមានលទ្ធភាពក្នុងការបង្កើតកោសិកាថ្មី និងការជួសជុលកោសិកាចាស់ៗ។ តាមការសិក្សាថ្មីៗ ក៏បានបង្ហាញថាអាហារបំប៉នកូឡាហ្សែនមានប្រសិទ្ធភាពប្រឆាំងនឹងការជ្រុះសក់ក្នុងករណីមួយចំនួន។ មនុស្សភាគច្រើនអាចនឹងមិនបានដឹងទេថា ការបន្ថែមការញ៉ាំកូឡាជែនក្នុងរបបអាហារ អាចជួយបន្ថយស្នាមសង្វារ ជួយបង្កើនការរក្សាសំណើម និងភាពរលាស់នៃស្បែក។   ២. គ្រប់គ្រងទម្ងន់ កូឡាជែនក៏អាចជួយគ្រប់គ្រងទម្ងន់របស់អ្នកបានយ៉ាងមានប្រសិទ្ធភាព ដែលមនុស្សមួយចំនួនប្រហែលមិនធ្លាប់បានដឹង។ ជាក់ស្តែង Glycine និង អាស៊ីតអាមីណេបង្កើតទម្រង់នៃសាច់ដុំ ដោយបម្លែងគ្លុយកូសទៅជាថាមពល។ ប្រភេទជាលិកាសាច់ដុំគ្មានខ្លាញ់ ផ្តល់ឲ្យមេតាបូលីសរបស់អ្នកកើនឡើង ដោយហេតុថាសាច់ដុំដុតបំផ្លាញកាឡូរីបន្ថែមជាជាងខ្លាញ់។ មានអំណះអំណាងខ្លះក៏បានបង្ហាញផងដែរថា កូឡាជែនអាចជួយកាត់បន្ថយចំណង់នៃការឃ្លានបន្ទាប់ពីអ្នកបន្ថែមរបបអាហារបានរហូតដល់២០%។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នៅពេលអ្នកឆ្លុះកញ្ចក់ម្តងៗ ចេះតែមានអារម្មណ៍ថាមុខស្ងួត ស្រអាប់ មិនស្រស់ស្រាយ ឬហាក់ដូចជាចាស់ជាងមុនមែនទេ?ប្រហែលជាដល់ពេលដែលអ្នកត្រូវបង្កើនសកម្មភាពបន្ថែមហើយ នោះគឺការម៉ាស្សាមុខ ព្រោះតែគុណសម្បត្តិទាំង៥ខាងក្រោម៖  1. បន្ថយភាពតានតឹង និងបង្កើនអារម្មណ៍ល្អ ការម៉ាស្សាមុខ ជាជម្រើសមួយដែលត្រូវបានណែនាំដោយអ្នកជំនាញ ដើម្បីបន្ថយនូវភាពតានតឹង។ ដោយឡែក រយៈពេលនៃការម៉ាស្សាមុខ គឺអាស្រ័យទៅតាមប្រភេទស្បែកនីមួយៗ សម្រាប់ស្បែកមុខខ្លាញ់ ល្អបំផុតក្រោម១០នាទី រីឯស្បែកមុខធម្មតា និងស្ងួត មិនត្រូវម៉ាស្សាលើសពី២០នាទីនោះទេ។ ការម៉ាស្សាមុខ អាចជួយកាត់បន្ថយភាពស្ត្រេស និងបង្កើនអារម្មណ៍ស្រស់ស្រាយ ទោះស្ថិតក្នុងវ័យណាក៏ដោយ។ យោងតាមការសិក្សាពីវិទ្យាស្ថានវិទ្យាសាស្ត្រមួយបង្ហាញថា ការម៉ាស្សាមុខបន្ថយការថប់បារម្ភ និងអាចកែលម្អអារម្មណ៍អវិជ្ជមានមួយចំនួន។ លើសពីនេះ ការធ្វើតេស្តចិត្តសាស្ត្រនៅឆ្នាំ២០០៨ ក្នុងរយៈពេល៤៥នាទីនៃការម៉ាស្សាមុខ បង្ហាញថាវាជួយកែលម្អទាំងអារម្មណ៍ និងកម្រិតនៃការថប់បារម្ភ។ ម៉្យាងទៀត ការសម្រាកក្នុងពេលម៉ាស្សាមុខ អាចចាត់ទុកជាពេលមួយដែលអ្នកអាចកាត់បន្ថយស្ត្រេសបានយ៉ាងមានប្រសិទ្ធភាព។ 2. បង្កើនលំហូរ និងជម្រាប ជាក់ស្តែង ការម៉ាស្សាជួយសម្រួលឲ្យសរសៃឈាមដំណើរការបានល្អ មិនថាជាការម៉ាស្សាដងខ្លួនទាំងមូល ឬម៉ាស្សាមុខ។ ដោយហេតុថា ការម៉ាស្សាជួយបង្កើនលំហូរនៃឈាម និងអុកស៊ីសែននៅលើផ្ទៃមុខ។ ចំណុចល្អបំផុតនៅលើមុខរបស់អ្នកដែលចាំបាច់ត្រូវការម៉ាស្សានោះគឺ នៅជុំវិញមាត់ ភ្នែក និងចិញ្ចើម។ ការម៉ាស្សាដែលគ្រាន់តែជាការភ្ញោចចរន្តឈាមនោះ អាចត្រឹមជាការអង្អែលថ្នមៗ និងលុញចុះឡើង នោះផ្ទៃមុខរបស់អ្នកមើលទៅមានសុខភាពល្អស្រស់ថ្លា។ មិនតែប៉ុណ្ណោះ វាអាចជួយបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ផលិតផលថែរក្សាសម្រស់ដទៃទៀតឲ្យជ្រាបចូលស្បែកងាយស្រួល។ ចាប់ផ្តើមដោយអ្នកគ្រាន់តែចំណាយពេលបន្តិចបន្តួចសម្រាប់ខ្លួនឯងនៅផ្ទះជារៀងរាល់យប់មុនពេលចូលគេង លាងសម្អាតមុខឲ្យស្អាត ប្រើសឺរ៉ូម និងក្រែមលាបស្បែកមុខ ហើយធ្វើការម៉ាស្សាថ្នមៗ ជាការស្រេច។ 3. ការពារភាពជ្រីវជ្រួញ ស្ត្រេសប្រចាំថ្ងៃញឹកញាប់ ជាលទ្ធផលនៃការកើនឡើងនូវភាពតានតឹងក្នុងសាច់ដុំ ពិសេសនៅលើផ្ទៃមុខ។ ការម៉ាស្សាមុខ ជួយឲ្យសាច់ដុំនៅទីតាំងទាំងនោះសម្រាក បន្ថយស្នាមដែលវាបានបង្កើតឡើង។ អ្នកអាចអនុវត្តជាមួយការផ្តល់សំណើម ក៏អាចជួយបន្ថយស្នាម និងភាពស្ងួតនៅលើស្បែកមុខបានផងដែរ។ នៅពេលសាច់ដុំមុខសម្រាក នោះជាលទ្ធផលអាចកាត់បន្ថយស្នាមជ្រីវជ្រួញរបស់អ្នកបាន។ វារឹតតែពិសេសសម្រាប់អ្នកដែលមានអាយុចាប់ពី៤០ឆ្នាំ ដែលស្បែករបស់ពួកគាត់ភាគច្រើនចាប់ផ្តើមបាត់បង់ភាពរលាស់ ហើយសាច់ដុំថយចុះនូវភាពរឹងមាំបន្តិចម្តងៗ។ 4. បន្ថយការស្ទះ ការព្យាបាលដោយការម៉ាស្សាអាចជួយបន្ថយសញ្ញាអាល្លែកហ្ស៊ី ដូចជាការស្ទះប្រហោងឆ្អឹងសងខាងច្រមុះ។ ការកើនឡើងស្លេស្មក្នុងប្រហោងឆ្អឹងសងខាងច្រមុះ អាចជាលទ្ធផលធ្វើឲ្យមានសម្ពាធ និងឈឺក្បាល។ ចំហាយទឹក និងការម៉ាស្សាថ្នមៗជួយដល់ចលនានៃការបញ្ចេញ សម្រួលកម្រិតការបង្ហូរ និងបន្ថយការកកស្ទះ។អ្នកអាចជួបពិភាក្សាជាមួយគ្រូពេទ្យប្រសិនបើអ្នកមានការស្ទះធ្ងន់ធ្ងររហូតដល់រលាកជាដើម។ 5. កម្ចាត់មុន ប្រេងនៅលើស្បែកមុខភាគច្រើនស្ទះតាមរន្ធរោមដែលវាអាចជាមូលហេតុមួយបង្កឲ្យកើតមុន។ប្រសិនបើអ្នកមានមុនលើស្បែកមុខ ការម៉ាស្សាមុខបន្ថយការកើនឡើងនៃការចេញមុន។ ម៉ាស្សាមុខបណ្តេញមុនដែលបណ្តាលមកពីប្រេង ថែមទាំងរក្សាឲ្យស្បែកមានផាសុកភាព។ ក្នុងពេលជាមួយគ្នានេះផងដែរ អ្នកនៅតែបន្តអនុវត្តរួមគ្នា ជាមួយនឹងការសម្អាតជាប្រចាំឲ្យបានទៀងទាត់។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្រចក ក៏ជាភ្នែកមួយសំខាន់ដែលបង្កប់នូវភាពទាក់ទាញដែរ ប្រសិនបើអ្នកមានរាងកាយស្អាតបាត ហើយតែក្រចកដៃ និងជើងគ្មានសម្រស់នោះ វាហាក់ដូចជាពន្លេចចេញនូវចន្លោះខ្វះខាតមួយ។ អ្នកមិនគួរមើលរំលងនូវចំណុចមិនប្រក្រតីមួយចំនួន ដែលកើតមានលើក្រចករបស់អ្នកឡើយ ប្រសិនបើអ្នកជួបប្រទះនឹងភាពដូចខាងក្រោមនេះ អ្នកត្រូវទទួលការប្រឹក្សាជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញផ្នែកស្បែក ៖  -ពណ៍ និងរូបរាងក្រចកមានការប្រែប្រួល ដូចជាការប្រែពណ៍ក្រចកទាំងមូល ឬកើតមានចំណុចខ្មៅនៅក្រោមក្រចក -ក្រចកឡើងស្ដើង ឬក្រាស់ខុសពីធម្មតា -ក្រចកបែកចេញពីស្បែកដែលនៅជុំវិញ -ឈាមចេញពីក្រចក -ស្បែកជុំវិញក្រចកឡើងហើម ឬមានការឈឺចាប់។ ចំពោះក្រចកដែលមានភាពប្រក្រតី អ្នកក៏គួរតែស្វែងយល់ពីទង្វើមួយចំនួន ដែលលោកអ្នកគួរប្រកាន់ភា្ជប់ និងចៀសវាងផងដែរ ដើម្បីថែរក្សាក្រចកឲ្យមានសភាពល្អជាប្រចាំ៖ ១. ទុកក្រចកឲ្យស្ងួត និងស្អាតជានិច្ច ការដែលក្រចកប៉ះទឹកច្រើន ហើយមានសំណើមនោះនឹងបណ្ដាលឲ្យបាត់តេរីលូតលាស់នៅក្រោមក្រចករបស់អ្នក ដូច្នេះហើយ ចូរប្រើស្រោមដៃពេលលាងចាន ឬបោកសម្លៀកបំពាក់។ ២. អនុវត្តអនាម័យក្រចក ប្រើកន្ត្រៃដែលគេប្រើសម្រាប់ការធ្វើក្រចក  កាត់តម្រឹមក្រចកឲ្យត្រង់ ហើយកាត់ឲ្យរាងកោងល្មម។ ៣. ប្រើផលិតផលផ្ដល់សំណើម  ពេលប្រើឡេលាបដៃ ត្រដុសវាចូលក្នុងក្រចកដៃ និងស្បែកចុងក្រចករបស់អ្នកផង ។ ៤. ប្រើប្រាស់ស្រទាប់ការពារ ប្រើប្រាស់ Nail Hardener ដើម្បីពង្រឹងក្រចកឲ្យរឹងមាំ។ ៥.ប្រើប្រាស់ Biotion ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា សារធាតុដែលមាននៅក្នុង Biotion អាចជួយពង្រឹងក្រចក ដែលទន់ និងផុយ។ ៦. ចៀសវាងការខាំក្រចក ឬទាញស្បែកចុងក្រចក មុខរបួស ឬរបកស្បែកបន្តិចបន្តួចនៅក្បែរក្រចកក៏បណ្ដាលឲ្យបាក់តេរី ឬផ្សិតចូលក្នុងក្រចក ហើយបង្កឲ្យមានការឆ្លងមេរោគផងដែរ។ ៧. ហាមដកក្រចក ដែលបាក់ ឬមានរបួសចេញ អ្នកអាចនឹងទាញដោយ ទាំងជាលិកាមានជីវិតមួយចំនួនទៅផង ដូចនេះហើយ កាត់វាម្ដងបន្តិចៗដោយប្រុងប្រយ័ត្នវិញ។ ៨.ហាមច្រានចោលនូវបញ្ហា ប្រសិនបើអ្នកមានបញ្ហាក្រចកដែលមើលទៅមិនអាចនឹងអាចបាត់ទៅដោយឯងៗនោះទេ អ្នកគួរទទួលការពិនិត្យជាមួយនឹងអ្នកជំនាញ។ ៩.ចៀសវាងប្រើប្រាស់ផលិតផលថែរក្សាក្រចកហួសកម្រិត ជាពិសេស កម្រិតការប្រើប្រាស់ថ្នាំលាបក្រចក។ នៅពេលដែលប្រិយមិត្តបានអាន និងស្វែងពីបញ្ហាក្រចកមិនប្រក្រតីនេះហើយ ហេលស៍ថាម សង្ឃឹមថា មិត្តអ្នកអាទាំងអស់នឹងបន្ថែមការយកចិត្តទុកដាក់ចំពោះបញ្ហានេះ ហើយសួមកុំគិតថាវាជារឿងតូចតាចនោះ ព្រោះថាយូរៗទៅ វាអាចនឹងបំផ្លាញជីវិតយើងបាន៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បុរសភាពច្រើនមិនបានចាប់អារម្មណ៍ទៅលើការកក់សក់ឡើយ ដោយគ្រាន់តែចាក់សាប៊ូលើក្បាល ហើយធ្វើការដុសចុះឡើង នឹងអាលចាក់ទឹកលាងជម្រុះចេញ។ និយាយរួមទៅ គឺធ្វើយ៉ាងណាឲ្យរួចពីដៃ។ តាមការពិតទៅ មិត្តបុរសគួរតែយល់ដឹងថាគុណប្រយោជន៍នៃការលាងសម្អាត ឬកក់សក់ជាមួយសាប៊ូនេះ គឺមានច្រើនលើសពីអ្វីដែលអ្នកអាចនឹងនឹកស្មានដល់ដែលរួមមានសម្អាតធូលី ជាតិប្រេង សារធាតុដែលថែរក្សាសុខភាពសក់ សម្អាតស្បែកក្បាល ជម្រុះចោលកោសិកាចាស់ៗលើស្បែកលលាដ៏ក្បាល។ល។ ទាំងនោះសុទ្ធតែជាមួយហេតុចម្បងនាំឲ្យសុខភាពស្បែកក្បាលរបស់អ្នក និងរឹងមាំ។ ១. ដំបូង អ្នកគួរមានសាប៊ូដែលត្រូវនឹងសភាពស្បែកក្បាលជាមុនសិន។ បើមានហើយតោះចាប់ផ្ដើមជាមួយគ្នា… ២. នៅពេលដែលងូតទឹក  អ្នកត្រូវពិនិត្យមើលថាទឹកក្ដៅល្មម (មិនក្ដៅខ្លាំងពេក) ឬនៅ? បើកកម្លាំងទឹកល្មមបានហើយ ដើម្បីកុំឲ្យខ្ជះខ្ជាយទឹកច្រើនពេក ហើយក៏ចៀសវាងការបាចសាចទៅផ្នែកផ្សេងៗផងដែរ ៣. ត្រូវធ្វើឲ្យសក់សើមជោគតែម្ដង  ៤. ដាក់សាប៊ូបន្តិចល្មម (ទំហំប្រហែលនឹងកាក់) នៅលើបាតដៃ បន្ទាប់មកដាក់វាទៅលើសក់។ ប្រសិនបើសក់របស់អ្នកមានប្រវែងវែង កុំប្រមូលផ្ដុំវាទៅលើក្បាលតែម្ដង។ អ្នកគួរប្រើម្រាមដៃធ្វើជាក្រាស់សិតបង្ហូសតាមសរសៃសក់ ដើម្បីចៀសវាងកុំឲ្យសក់ជំពាក់ចូលគ្នា ៥. ប្រើចុងម្រាមដៃរបស់អ្នកម៉ាស្សាជារង្វង់ពីផ្នែកខាងមុខនៃលលាដ៏ក្បាលចុះមកផ្នែកខាងក្រោយនៃក បន្ទាប់មក បង្ហូសតាមចំហៀងឡើងមកលើសៀតផ្កាវិញ។ ធ្វើបែបនេះប៉ុន្មាននាទី ដើម្បីរំញោច និងជម្រុះចោលនូវកោសិកាងាប់នៅលើស្បែកក្បាល ៦.លាងសម្អាតសក់ឲ្យបានសព្វ ហើយប្រសិនបើសក់របស់អ្នកវែង អ្នកអាចប្រើក្រាស់ដែលមានធ្មេញធំ សិតដើម្បីពន្លាសក់ដែលជំពាក់ចេញ  ៧. ប្រើសាប៊ូបន្ទន់សក់ក្នុងបរិមាណដូចគ្នាទៅនឹងសាប៊ូកក់ ហើយរក្សាវាទុកប្រមាណ២-៣នាទីសិន ៨. លាងសម្អាតសក់ជាមួយទឹកត្រជាក់ ហើយសឹមប្រើក្រាស់ធ្វើការសិតសក់ ៩. ប្រើក្រណាត់ស្អាត ជួតសក់ឲ្យស្ងួតដោយថ្នមៗ ចៀសវាងការជូតចុះឡើងៗ ឬជារង្វង់ ព្រោះវាអាចនឹងធ្វើឲ្យមានបញ្ហាដល់សក់។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បញ្ហាជំងឺអង្គែកើតមានច្រើននៅប្រទេសកម្ពុជាយើង ហើយវាស្ថិតនៅក្នុងជំងឺឈានមុខគេទាំង១០ដែលកើតចំពោះស្បែករបស់ប្រជាជនអាស៊ី។ អង្គែមិនមែនកើតតែលើសក់ក្បាលទេ តែវាកើតនៅគ្រប់កន្លែងមានមេរោគ ហើយក៏អាចកើតនៅលើស្បែកផងដែរ តែវាមានសភាពជាក្រម៉ដូ​ចស្បែកបែកស្រកា។ តាមពាក្យសាមញ្ញារបស់ប្រជាជន បញ្ហានេះគេហៅថា«អង្គែ» តែបើពាក្យបច្ចេកទេសគេហៅថា «Seborrheic dermatitis»អង្គែ ដែលកើតឡើងដោយសារការលើសជាតិប្រេង និងខ្លាញ់ច្រើនលើស្បែកក្បាលដែលនាំឲ្យរោកស្បែកក្បាល។​​ អង្គែគ្រាន់តែជាសញ្ញាជំងឺរលោកស្បែកស្រាលៗ។  អង្គែមានពីរប្រភេទផ្សេងគ្នា គឺអង្គែធម្មតា និងអង្គែដោយសារជំងឺ គឺកើតឡើងដោយសារស្ត្រេស គេងមិនលក់ ធុញថប់ក្នុងអារម្មណ៍ ផឹកស្រា និងមានសកម្មភាពផ្សេងទៀតដែលបណ្ដាលឲ្យស្បែកឡើងខ្លាញ់។ ការផ្អាប់ជាតិខ្លាញ់យូរនៅលើស្បែកក្បាលអាចឲ្យវារោលរលាកស្បែកក្បាលបាន។ ឯជំងឺមួយចំនួនទៀតក៏អាចបណ្ដាលឲ្យមានបញ្ហាអង្គែផងដែរដូចជា ជំងឺPsoriasis ឲ្យអង្គែដែលមានសភាពជាបន្ទះៗពណ៌ស ហើយក្រាស់។​​ ឯការព្យាបាលវិញ អ្នកខ្លះប្រើសាប៊ូថ្នាំបន្ថែមជាតិមានដូចជា សាប៊ូសម្រាប់ស្បែកអង្គែ សាប៊ូសម្រាប់ស្បែកប្រេង សាប៊ូសម្រាប់ស្បែកមានអង្គែក្រាស់ ឬសាប៊ូសម្រាប់ពង្រឹងគល់សក់អាចឲ្យបាត់អង្គែបាន តែបើមិនបាត់ គ្រូពេទ្យនឹងណែនាំឲ្យប្រើទឹកថ្នាំលាបសក់នៅកន្លែងដែលមានអង្គែ ប្រហែល១ទៅ២សប្ដាហ៍នឹងជា ។ យ៉ាងណាមិញ បញ្ហានេះងាយនឹងព្យាបាល តែវាក៏ងាយនឹងកើតមានវិញដែរ។  ដូចនេះ ដើម្បីបង្ការកុំឲ្យកើតមានអង្គែម្ដងទៀត អ្នកត្រូវគោរពតាមការណែនាំរបស់គ្រូពេទ្យពីប្រភេទសាប៊ូដែលត្រូវនឹងស្បែកក្បាលរបស់អ្នក ចៀសវាងផ្លាស់ប្ដូរសាប៊ូចង់បានក្លិនក្រអូប ឬចង់ប្ដូរពណ៍សក់តាមការកក់សាប៊ូ ដូចអ្នកមានសក់ក្បាលធម្មតា​។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតសូមជម្រាបដល់អ្នកដែលមានបញ្ហាជំងឺអង្គែនេះថា អ្នកជំងឺអាចធ្វើការជ្រើសរើសប្រភេទសាប៊ូដែលត្រូវនឹងស្បែកក្បាលរបស់ខ្លួនមកសាកល្បងជាមុនប៉ុន្តែប្រសិនបើមិនទទួលបានប្រសិទ្ធភាពពីការប្រើប្រាស់សាប៊ូទេ លោកអ្នកត្រូវមកជួបនឹងគ្រូពេទ្យសើស្បែកដែលលោកអ្នកទុកចិត្តបាន​ ដើម្បីធ្វើការពិនិត្យ និងរកមធ្យាបាយដោះស្រាយ។  ជាទូទៅ ករណីអង្គែធម្មតា​លោកអ្នកអាចប្រើត្រឹមសាប៊ូបានអាចព្យាបាលបញ្ហានេះបាន ប៉ុន្តែករណីអង្គែខ្លាំងក្លា គ្រូពេទ្យនឹងណែនាំឲ្យប្រើប្រាស់សាប៊ូបូកជាមួយថ្នាំទឹកលាបលើស្បែកក្បាល។ មួយវិញទៀត សូមចៀសវាងការប្រើប្រាស់ផលិតផលដែលលោកអ្នកមិនស្គាល់ច្បាស់លាស់ ឬប្រើតាមគ្នា ឬទទួលការព្យាបាលដោយគ្មានជំនាញ ព្រោះអាចឲ្យលោកខាតទាំងថវិកា និងពេលវេលា។  បកស្រាយដោយ ៖  លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ជាអនុប្រធានមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត នឹងជាប្រធានកាដាវ គ្លីនិកសើស្បែក និងឡេសឺរ (វេជ្ជបណ្ឌិត ចាន់ វិចិត្រ) ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មិត្តៗនារីភាគច្រើនប្រាកដជាមានភាពរីករាយ នៅរាល់ពេលដើរទិញផលិតផលថែរក្សាសម្រស់ ដើម្បីបង្កើនភាពស្រស់ស្អាត និងជំនឿចិត្តដល់ខ្លួនឯង ហើយអ្នកខ្លះក៏បានចាត់ទុកការដើរshoppingផលិតផលទាំងនោះ ជាឋានសួគ៌របស់សុភាពនារីទាំងឡាយទៀតផង។ ស្របពេលដែលមានភាពសម្បូរបែប និងទាន់សម័យនិយម ផលិតផលថែរក្សាសម្រស់ និងគ្រឿងសម្អាងក៏មានច្រើនម៉ាក   ច្រើនប្រភេទ និងច្រើនជម្រើសសម្រាប់ឲ្យអ្នកស្រឡាញ់សម្ផស្ស និងភាពស្រស់ស្អាត ធ្វើការជ្រើសរើស ក៏ដូចជាសាកល្បងប្រើប្រាស់។ ជាទូទៅ ប្រហែលជាមានអ្នកខ្លះមានការលំបាកក្នុងការជ្រើសរើសផលិតផលដោយហេតុថាមានជម្រើសច្រើន ដែលមានលក្ខណៈសម្បត្តិខុសៗពីគ្នា ហេតុនេះហើយ ទើបយើងខ្ញុំសូមនាំមកជូននូវគន្លឹះខាងក្រោមនេះដែលនឹងជួយសម្រួលដល់ដំណើរការទិញរបស់អ្នក… ស្វែងយល់តាមរយៈបុគ្គលិកផ្នែកលក់ បុគ្គលិកផ្នែកលក់ភាគច្រើនបានឆ្លងកាត់ការបណ្តុះបណ្តាល និងបង្ហាត់បង្ហាញច្រើនអំពីផលិតផលដែលខ្លួនត្រូវលក់ជូនដល់អតិថិជន ហើយពួកគាត់តែងតែរង់ចាំស្វាគមន៍ ប្រឹក្សា និងផ្តល់យោបល់ដល់លោកអ្នកជានិច្ច។ ដោយសារតែពួកគាត់ជាអ្នកជំនាញលើផលិតផលទាំងនោះស្រាប់លោកអ្នកគួរតែធ្វើការសាកសួរពួកគាត់ ដើម្បី ធ្វើការស្រាយនូវចម្ងល់ ក៏ដូចជាសំណួរទាំងឡាយដែលមានក្នុងចិត្តអំពីប្រភេទ ពណ៌ ឬគុណប្រយោជន៍នៃផលិតផលដែលស័ក្តិសមបំផុតសម្រាប់អ្នក។ នាំមិត្តភក្តិទៅជាមួយ ការដែលមានគ្នាទៅជាមួយនឹងជួយដល់អ្នកក្នុងការសម្រេចចិត្ត ប៉ុន្តែក៏ត្រូវប្រាកដផងដែរថា គេជាមនុស្សស្មោះត្រង់ និងមានចំណូលចិត្តក្នុងការប្រើប្រាស់គ្រឿងសម្អាងដូចជាអ្នកដែរ ទើបលទ្ធផលមិនសូវប្រឈមនឹងការខកចិត្ត។ ថ្វីត្បិតថា នៅកន្លែងលក់តែងតែមានបុគ្គលិកផ្នែកលក់ជាអ្នកប្រឹក្សាដូចដែលបានលើកឡើងខាងលើក៏ពិតមែន តែពួកគេមិនប្រាកដថាដឹងច្បាស់អំពីទម្លាប់ ចំណូលចិត្ត និងជាពិសេសលទ្ធភាពក្នុងការចំណាយរបស់អ្នកឡើយ។ មានមិត្តភក្តិនៅក្បែរ អ្នកអាចនឹងបានផលិតផលដែលស័ក្តិសមនឹងអ្នក ទាំងការប្រើប្រាស់ និងធនធាន។ ប្រើប្រាស់ស្មាតហ្វូន សម្រាប់ផលិតផលថ្មីដែលអ្នកមិនធ្លាប់ស្គាល់ ឬប្រើប្រាស់ពីមុនមក អ្នកអាចធ្វើការស្វែងរក «ការបញ្ចេញមតិយោបល់» នៅលើអ៊ីនធើណែត ដើម្បីឲ្យអ្នកអាចដឹងយ៉ាងរហ័សថាតើអ្នកធ្លាប់ប្រើប្រាស់កន្លងមកនិយាយបែបណាខ្លះអំពីផលិតផលទាំងនោះ? ស្របពេលជាមួយគ្នា អ្នកក៏អាចស្វែងរកផលិតផលនោះនៅហាងផ្សេងទៀត ក្រែងលោមានផលិតផលដូចគ្នាដាក់លក់នៅទីណាផ្សេងដែលមានតម្លៃទាបជាងនេះ ប៉ុន្តែសូមកុំភ្លេចថាការដែលបានឃើញ និងសាកផលិតផលដោយផ្ទាល់ ទើបអាចឲ្យអ្នកមានទំនុកចិត្តជាងការដែលគ្រាន់តែឃើញតម្លៃទាបមួយមុខនៅហាងផ្សេង។ យល់ដឹងពីសមាសធាតុដែលស្បែកអ្នកត្រូវការ ជាពិសេស គឺផលិតផលថែរក្សាស្បែក ដែលអ្នកគួរយល់ដឹងអំពីសមាសធាតុដែលស្បែករបស់អ្នកត្រូវការ។ អ្នកគួរតែធ្វើការសាកសួរ និងប្រឹក្សាយោបល់ជាមួយអ្នកជំនាញ ហើយធ្វើការកត់ចំណំាទុក ដើម្បីពិនិត្យមើលលើសមាសធាតុផ្សំដែលមាននៅក្នុងផលិតផលដែលអ្នកកំពុងជ្រើសរើស ឬអត់។ ចុះឈ្មោះជាអតិថិជនសមាជិក ផលិតផលភាគច្រើនតែងតែមានកម្មវិធីពិសេសសម្រាប់អតិថិជនប្រចាំរបស់ខ្លួន ជាពិសេសគឺកម្មវិធីទិញសន្សំពិន្ទុ។ បើសិនជាអ្នកតែងតែទិញផលិតផលណាមួយ ឬនៅកន្លែងណាមួយជាប្រចាំនោះ កុំភ្លេចចុះឈ្មោះជាសមាជិករបស់ពួកគេ ដើម្បីទទួលបានការផ្តល់ជូនពិសេស រួមមានការបញ្ចុះតម្លៃផលិតផល ការផ្តល់ជូនបន្ថែម ការផ្តល់កាដូពិសេស ឬការផ្តល់ជូននូវផលិតផលសម្រាប់សាក(sample)សម្រាប់ប្រើប្រាស់ជាដើម។ ស្នើសុំផលិតផលសម្រាប់សាក ការធ្វើបែបនេះនឹងធានានូវសុវត្ថិភាពសម្រាប់អ្នកដែលអាចឲ្យអ្នកដឹងជាមុនទេថាតើអ្នកអាចនឹងមានប្រតិកម្ម ឬអាល្លែកហ្ស៊ីនឹងផលិតផលនោះឬអត់ ក៏ដូចជាបានដឹងខ្លះៗថាតើ វាមានប្រសិទ្ធភាពដែរឬទេ? មុននឹងធ្វើការចំណាយប្រាក់ទៅលើវា ដែលអាចឲ្យចៀសវាងនូវការខាតបង់ទាំងប្រាក់កាស និងសុខភាពស្បែករបស់អ្នក។ ទៅទិញដោយមុខទទេ (មិនចាំបាច់ផាត់មុខ) ក្នុងករណីអ្នកត្រូវការគ្រឿងតុបតែងមុខជាលក្ខណៈឈុត ឬច្រើន ដើម្បីកុំឲ្យពិបាកក្នុងការលាងសម្អាត ឬតុបតែងបន្ថែមពីលើគ្រឿងសម្អាងដែលអ្នកតុបតែងស្រាប់ អ្នកគួរតែទៅទីនោះដោយមុខទទេ ដើម្បីមានឱកាសក្នុងការសាកល្បងនូវផលិតផលដែលអ្នកកំពុងត្រូវការផ្ទាល់តែម្តង ហើយអ្នកក៏អាចមើលដឹងភ្លាមៗថាតើវានឹងបង្ហាញចេញបែបណាដែរនៅលើមុខរបស់អ្នក។ យ៉ាងណាមិញ កុំភ្លេចប្រើប្រាស់ជក់ ឬប៉ុងផ្សេងពីគេ ដើម្បីបង្ការនូវការឆ្លងបាក់តេរី ឬបញ្ហាស្បែកផ្សេងៗ។ មានជំហរក្នុងចិត្តច្បាស់លាស់ថាខ្លួនឯង ត្រូវការអ្វីខ្លះ? មានផលិតផលខ្លះក៏អាចរកទិញបាននៅកន្លែងផ្សេង និងពេលក្រោយដែរ សូមកុំភ្លេចខ្លួន ដោយសារតែការឃើញមានច្រើននៅទីនោះស្រាប់ ហើយក៏ត្រូវចំណាយច្រើនទៅលើផលិតផលដែលមិនចាំបាច់។ វានឹងជាការប្រសើរ ប្រសិនបើអ្នកដឹងច្បាស់ក្នុងចិត្តថា តើអ្នកត្រូវការអ្វីខ្លះជាចាំបាច់ក្នុងពេលនេះ? ត្រូវប្រើប្រាស់អ្វីខ្លះជាប្រចាំ? ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អត្ថបទមួយនេះ ប្រហែលជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកដែលមានបញ្ហាភ្នែក ហើយត្រូវការពាក់វ៉ែនតា។ ចំណែកឯអ្នកចូលចិត្តពាក់យកស្តាយ ក៏អាចធ្វើតាមវិធីសាស្រ្តខាងក្រោមនេះបានផងដែរ ដើម្បីកាត់បន្ថយស្នាមជាំលើច្រមុះ ដោយសារតែវ៉ែនតា... ដូចលោកអ្នកបានដឹងហើយថា ការប្រើប្រាស់វ៉ែនតា ក្នុងរយៈពេលយូរពេក វានឹងធ្វើឲ្យមានស្នាមជាំ ឬស្នាមទ្រុតនៅលើច្រមុះរបស់អ្នក។ ក្នុងករណីខ្លះ វានឹងបាត់ទៅវិញ ប៉ុន្តែ ករណីខ្លះ វានឹងចេះតែធ្ងន់ធ្ងរទៅៗ រហូតដល់បង្កការឈឺចាប់ទៀតផង ជាពិសេស អ្នកដែលប្រើវ៉ែនតាធ្ងន់ៗ។ ដូច្នេះ អ្នកគួរតែប្រើប្រាស់វ៉ែនតាដែលស្តើង និងមានគុណភាពល្អ ដើម្បីកាត់បន្ថយទម្ងន់ ដែលនឹងសង្កត់លើច្រមុះរបស់អ្នក។ ដំណោះស្រាយតាមវិធីធម្មជាតិ៖ ១) ប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើ អាចជួយធ្វើឲ្យស្បែកម៉ដ្ឋ ទន់ និងមានសំណើម។ វាក៏អាចប្រឆាំងការរលាក ដែលបង្កឡើងដោយសារវ៉ែនតារបស់អ្នកផងដែរ។ អ្នកគ្រាន់តែយកសាច់ប្រទាលកន្ទុយក្រពើ មកលាបលើកន្លែងដែលមានបញ្ហា មុនពេលចូលគេង នោះវានឹងជួយព្យាបាលកោសិកា ព្រមទាំងធ្វើឲ្យស្បែកនៅទីនោះសស្អាតទៀតផង។ អ្នកក៏អាចលាបវាបន្ថែមនៅពេលថ្ងៃផងដែរ។ ២) ក្រូចឆ្មារ ក្រូចឆ្មារ មានផ្ទុកសារធាតុអាស៊ីតស៊ីទ្រិក ដែលអាចជួយឲ្យស្បែកស និងជួយកម្ចាត់កោសិកាងាប់ៗបានផងដែរ។ អ្នកអាចច្របាច់ក្រូចឆ្មារមួយផ្លែដាក់ក្នុងចាន រួចយកក្រណាត់ស្អាតមកជ្រលក់ រួចយកមកជូតកន្លែងដែលមានបញ្ហា។ អ្នកអាចធ្វើបែបនេះឲ្យបានញឹកញាប់ ដើម្បីកម្ចាត់ស្នាមខ្មៅ និងកោសិកាងាប់ៗនៅលើច្រមុះរបស់អ្នក។ ៣) ត្រសក់ ត្រសក់ ជារបស់ធម្មជាតិ ដែលអាចការពារច្រមុះរបស់អ្នក ពីបញ្ហាខាងលើនេះបាន។ ងាយៗ គឺអ្នកគ្រាន់តែចិតត្រសក់ជាបន្ទះៗ រួចមកបិទនៅច្រមុះ ឬពេញផ្ទៃមុខរបស់អ្នកក៏បាន។ ត្រសក់ នឹងជួយផ្តល់សំណើម កម្ចាត់ស្នាមជាំ និងសម្លាកបានទៀតផង។ ត្រសក់ ក៏ជួយឲ្យស្បែករបស់អ្នកមានសំណើម ទន់ និងម៉ដ្ឋរលោង។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top