
- May 20, 2017 |
- 8 ឆ្នាំមុន |
- 13.7K មើល
អាចម៍រុយ បង្ការគ្រាន់បើជាងព្យាបាល
ពាក្យថាអាចម៍រុយត្រូវបានយកមកប្រើប្រាស់សឹងតែគ្រប់ប្រភេទស្បែកដែលមាននូវចំណុចខ្មៅៗតូចៗនៅលើស្បែក ប៉ុន្តែបើតាមផ្នែកវេជ្ជសាស្រ្ត ចំណុចពណ៌ខ្មៅដែលយើងឃើញនោះមិនមែនជាប្រភេទតែមួយនោះទេ វាត្រូវបានឲ្យឈ្មោះផ្សេងៗគ្នាដោយពឹងផ្អែកទៅលើទំហំ និងរូបរាងរបស់វា។ អ្វីដែលយើងហៅថាអាចម៍រុយនោះត្រូវបានគេឲ្យឈ្មោះថា “Freckle” ទាំងនេះជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សឿ ច័ន្ទថន វេជ្ជបណ្ឌិតនៃ គ្លីនិកជាតិសើស្បែក និងកាមរោគ ដែលនឹងបកស្រាយជុំវិញបញ្ហានេះក្នុងអត្ថបទខាងក្រោម។ លក្ខណៈទូទៅនៃអាចម៍រុយ អាចម៍រុយជាចំណុចតូចៗដែលមានទំហំប្រហែល ៣ ម.ម ពណ៌ខ្មៅពណ៌ត្នោត ឬពណ៌ផ្សេងៗទៀតដែលមានផ្ទៃរាបស្មើស្ថិតនៅលើស្បែក។ ចំណុច តូចៗពណ៌ខ្មៅនេះអាចកើតមាននៅពាសពេញដងខ្លួន ហើយជាពិសេសនៅលើផ្ទៃមុខ។ បើយោងទៅតាមការសង្កេតផ្ទាល់របស់លោកវេជ្ជបណ្ឌិត បានឲ្យឃើញថាប្រជាជនកម្ពុជាក៏មានការជួបប្រទះនូវបញ្ហានេះច្រើនគួរសមដែរ ប៉ុន្តែមិនថាតែប្រជាជនកម្ពុជានោះទេ ជំងឺនេះក៏កើតមាន ច្រើនទៅលើប្រជាជនទូទាំងពិភពលោកផងដែរ។ កត្តាបង្កជំងឺ អាចម៍រុយបង្កឡើងដោយកត្តាចម្បង ២ សំខាន់ៗ ទី ១ គឺកត្តាតំណពូជ (gene) និងមួយវិញទៀតដោយសារតែការរងនូវពន្លឺថ្ងៃច្រើនដែល បណ្ដាលឲ្យបុគ្គលនោះកើតអាចម៍រុយ ហើយវាច្រើនឃើញមានកើតទៅលើមនុស្សដែលមានស្បែកស ចៀសជាងអ្នកដែលមានស្បែកខ្មៅ។ រោគវិនិច័្ឆយ ដោយសារតែមានសភាពស្រដៀងគ្នា ការធ្វើរោគវិនិច្ឆ័យនៃអាចម៍រុយ ត្រូវបានកំណត់ថាជាចំណុចខ្មៅមានទំហំពី ៣ ទៅ ៧ មម ហើយរាបស្មើ លើស្បែកដែលខុសពី: - ប្រជ្រុយ (nevus) - Lentigines - Seborrheic keratosis - Actinic keratosis ដែលប្រភេទជំងឺទាំងបួនខាងលើនេះជាចំណុចខ្មៅមានទំហំធំជាង ១០មម និងខ្ពស់ផុតពីស្បែកដែលជំងឺទាំងអស់នេះមិនត្រូវបាន រាប់ចូលថាជាប្រភេទនៃអាចម៍រុយនោះទេ។ ការព្យាបាល យើងអាចធ្វើការព្យាបាលដោយប្រើប្រាស់ថ្នាំបំបាត់ជាតិពណ៌នៅលើអាចម៍រុយ ដែលក្នុងនោះមានដូចជាពពួក៖ - Hydroquinone - Acetic Acid - Ascorbic Acid (ឬហៅថា Vitamin C) - Alphahydroxy Acid (AHA) ដោយការប្រើប្រាស់ថ្នាំទាំងអស់នេះគឺអាស្រ័យទៅលើប្រភេទស្បែក របស់អ្នកជំងឺដែលក្នុងករណីខ្លះ ការប្រើប្រាស់ថ្នាំអាចមានការប្រើប្រាស់ រួមបញ្ចូលគ្នា។ លើសពីនោះ អ្នកដែលកើតមានបញ្ហានេះក៏អាចទទួលយកការព្យាបាលដោយលាបនូវសារធាតុអាស៊ីតដែលមានកម្រិតខ្ពស់ដែលធ្វើឲ្យស្បែក ត្រង់កន្លែងនោះរបកចេញហៅថា “Chemical pill” ឬជ្រើសយកការព្យាបាលដោយ ឡាស៊ែរជា Pigment laser ដែលជាការបាញ់កាំរស្មី ទៅលើចំណុចដែលមានពណ៌ខ្មៅខុសពីធម្មតាដែលបង្កើតបានជាអាចម៍រុយនោះ។ ប៉ុន្តែ ទន្ទឹមនឹងវិធីសាស្រ្តក្នុងការព្យាបាលដែលបានលើកឡើង ខាងលើ វាពុំអាចធានាបានថានឹងជាសះស្បើយមួយរយភាគរយនោះទេ ហើយករណីខ្លះទៀតអ្នកជំងឺក៏អាចវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរដូចជាមាន ស្នាមពណ៌ខ្មៅឬពណ៌សឬអាចកើតជាផ្លែសាច់បន្ទាប់ពីទទួលការព្យាបាលក៏មាន។ វិធីបង្ការ យើងគួរជ្រើសយកវិធីបង្ការប្រសើរជាងការព្យាបាល ព្រោះថាការព្យាបាលត្រូវទាមទាររយៈពេលយូរ និងមានភាពលំបាកក្នុងការព្យាបាល។ ដូចនេះ ប្រសិនបើអ្នកប្រឈមក្នុងការកើតអាចម៍រុយជាលក្ខណៈតំណពូជ ត្រូវណែនាំឲ្យប្រើប្រាស់ឡេការពារកម្តៅថ្ងៃស្លៀកសម្លៀកបំពាក់ជិតៗ តាំងពីនៅកុមារភាព។ តែបើចំពោះអ្នកដែលប្រឈមទៅនឹងពន្លឺថ្ងៃច្រើនគឺត្រូវប្រើប្រាស់ឡេការពារកម្ដៅថ្ងៃឲ្យបានជាប់លាប់ ដោយមិនចាំបាច់ ប្រើតាំងតែពីក្មេងនោះទេ។ “ប្រសិនបើស្រឡាញ់សម្ផស្ស របស់ខ្លួនយើង គួរប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាប្រចាំ (sunscreen) ស្លៀកពាក់ឲ្យបានជិតដូចជាពាក់មួក ខោជើងវែង អាវដៃវែង ហើយប្រសិនបើអ្នកមានតំណពូជនៃជំងឺអាចម៍រុយនេះ ត្រូវតែធ្វើការប្រុងប្រយ័ត្នតាំងពីកុមារភាព។ ជាពិសេស ក្នុងករណីដែលចំណុចពណ៌ខ្មៅនោះមានការរមាស់ ឬឈឺចាប់ខុសពីធម្មតាត្រូវតែប្រញាប់មកពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាម ព្រោះវាអាចជា សញ្ញានៃជំងឺមហារីក” នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត សឿ ច័ន្ទថន ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក