- Feb 12, 2019 |
- 6 ឆ្នាំមុន |
- 4K មើល
កុំឲ្យការពុលឡានរំខានក្តីសុខនៃការធ្វើដំណើររបស់អ្នក...
ពុលឡានគ្មានថ្ងៃស្បើយ ចង់ក្អួតបន្តិច ចង្អោរបន្តិច ពិបាកទ្រាំក្នុងខ្លួនពេកពន់ ទំរាំដល់ទិសដៅម្តងៗសឹងតែវារចេញពីឡានអ្នកខ្លះក៏ប្រើថ្នាំជាប្រចាំពេលធ្វើដំណើរម្តងៗ រីឯអ្នកខ្លះទៀតទោះបីថ្នាំប្រភេទណាក៏នៅមិនអាចជួយបាន……… តាមពិតទៅអ្វីដែលអ្នកញ៉ាំជាកត្តាចម្បងមួយដែលជះឥទ្ធិពលដល់អ្នកក្នុងពេលនេះ ដូច្នេះប្រហែលជាគន្លឹះមួយចំនួនដូចខាងក្រោមអាចជួយលោកអ្នកបាន៖ * អាហារគួរទទួលទាន ការធ្វើដំណើរភាគច្រើនគឺតម្រូវឲ្យអ្នកអង្គុយយូរ និងមិនសូវមានចលនានោះទេ ដូច្នេះប្រភេទអាហារដែលអ្នកគួរបរិភោគត្រូវតែជាអាហារដែលផ្តល់ជាតិទឹកបានច្រើន ផ្តល់ថាមពលបានយូរ ស្រួលរំលាយ និងភ្ញោចប្រព័ន្ធភាពស៊ាំរបស់អ្នកឲ្យបានល្អ ក្នុងនោះមានដូចជា៖ មុនពេលចេញដំណើរ និងអំឡុងពេលធ្វើដំណើរ - ផ្លែក្រូច ផ្លែប៊ឺរី គីវី ឬទំពាំងបាយជូរជាប្រភេទផ្លែឈើសម្បូរដោយវីតាមីន C ជួយដល់ប្រព័ន្ធភាពស៊ាំការពាររាងកាយ - ត្រសក់ ស្ពៃ ឬស្ពៃក្តោប ការ៉ុតស្រស់ ស្រ្តូបឺរី ឪឡឹក និងម្នាស់ ដែលពោរពេញដោយជាតិទឹកយ៉ាងច្រើន - ដំឡូងជ្វា ឬដំឡូងលឿង ដែលមិនធ្វើឲ្យកម្រិតជាតិស្ករឡើងខ្ពស់ខ្លាំងក្នុងឈាម និងឲ្យអ្នកអាចឆ្អែតបានយូរ និងសម្បូរទៅដោយវីតាមីន A C B6 ម៉ាញ៉េស្យូម និងប៉ូតាស្យូម - ផ្លែប័រ ផ្ទុកនូវខ្លាញ់មិនឆ្អែត វីតាមីន E B ប៉ូតាស្យូម អាស៊ីតហ្វូលិក ដែលសុទ្ធជាសារធាតុមានប្រយោជន៍ចំពោះសុខភាពអ្នក - ក្រៅពីនេះក៏មានអាហារ និងភេសជ្ជៈផ្សេងទៀតដូចជា ប្រភេទផ្លែឈើស្ងួត តំណាប់ ទំពាំងបាយជូរគ្រាប់ធញ្ញជាតិ រួមមាន គ្រាប់អាល់ម៉ុន ឬគ្រាប់ស្វាយចន្ទី អង្ករសម្រូប បូករួមជាមួយការពិសាទឹកដោះគោ ទឹកដូង និងញ៉ាំទឹកឲ្យបានច្រើន។ បន្ទាប់ពីធ្វើដំណើរ - បរិភោគតែភេសជ្ជៈ និងអាហារក្តៅៗ ដែលចម្អិនបានល្អ និងមានអនាម័យព្រោះវាអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺទាំងឡាយដល់អ្នកបាន - បរិភោគអាហារ ភេសជ្ជៈដែលវេចខ្ចប់ និងបិទជិតល្អ ដែលលក្ខខណ្ឌនេះនឹងមិនបង្កឲ្យមានមេរោគ ឬការបំផ្លាញណាមួយធ្វើឲ្យខូចគុណភាពផលិតផលនិងប៉ះពាល់ដល់អ្នកនោះទេ - រក្សាអនាម័យស្អាតមុនបរិភោគអាហារ ជាអ្វីដែលអ្នកមិនត្រូវភ្លេចអំឡុងពេលនេះ ទាំងការលាងដៃឲ្យស្អាតមុនចាប់កាន់ចំណីអាហារ និងក្រោយបន្ទោបង់ - បន្ថែមពីនេះ អ្នកក៏គួរស្វែងរកភោជនីយដ្ឋាន ឬហាងអាហារណាដែលមានស្តង់ដា និងអនាម័យល្អផងដែរ។ * អាហារមិនគួរទទួលទាន មុនពេល អំឡុងពេល និងក្រោយពេលធ្វើដំណើររាងកាយរបស់អ្នកមានភាពប្រែប្រួល ពិសេសធ្វើឲ្យអ្នកពិបាកក្នុងការរំលាយអាហារ។ ការញ៉ាំអាហារច្រើនពេកនឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលអាចក្អួត ដូច្នេះ អ្នកចាំបាច់ត្រូវដឹងនូវប្រភេទអាហារដែលអ្នកគួរចៀសវាងដូចខាងក្រោម៖ មុនពេលចេញដំណើរ និងអំឡុងពេលធ្វើដំណើរ - ដំឡូងបំពង នំប៉័ង គ្រាប់ធញ្ញជាតិកំប៉ុងរសជាតិផ្អែមពេក ឬអាហារបំពង ដែលជាប្រភេទអាហារប្រៃ ឬអាហារកំប៉ុងសម្បូរសូដ្យូមអាចធ្វើឲ្យអ្នកខ្សោះជាតិទឹក និងហើមពោះ - សូដា កូកាកូឡា ភេសជ្ជៈសម្បូរហ្គាសនឹងបណ្តាលឲ្យអ្នកមានអារម្មណ៍ហើមពោះកាន់តែខ្លាំង - សណ្តែក ស្ថិតក្នុងប្រភេទអាហារដែលបណ្តាលឲ្យមានការបង្កើតជាឧស្ម័នក្នុងពោះ - កាហ្វេ អាចបណ្តាលឲ្យអ្នកមានអារម្មណ៍ធីងធោង ឈឺក្បាល បេះដូងលោតញាប់ ហើយឧស្សាហ៍បត់ជើងតូចដែលអាចនឹងធ្វើឲ្យអ្នកបាត់បង់ជាតិទឹកកាន់តែច្រើនពេលអ្នកធ្វើដំណើរ - ប្រភេទអាហារផ្សេងទៀតមានដូចជា ខ្ទឹមបារាំងស្រូវសាលី ប្រូខូលី ប៉ោម តែ និងស្រាក៏មិនគួរញ៉ាំដែរ។ បន្ទាប់ពីធ្វើដំណើរ - ទឹកមិនឆ្អិន ឬទឹកកក - បន្លែស្រស់ - ផ្លែឈើមិនបានលាងទឹក និងចិតសម្បកចេញ - អាហារតាមចិញ្ចើមផ្លូវជាដើម។ សង្ឃឹមថាការធ្វើដំណើររបស់អ្នកចាប់ពីពេលនេះនឹងកាន់តែរីករាយ រលូន មានសុវត្ថិភាព និងប្រកបដោយសុខភាពល្អ.... ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
