
- Sep 21, 2018 |
- 6 ឆ្នាំមុន |
- 4.9K មើល
ជម្រើស២យ៉ាង មានប្រសិទ្ធភាពសម្រាប់ការព្យាបាលអាការៈស្ត្រីវ័យអស់រដូវ
ការអស់រដូវ គឺជាដំណើរធម្មជាតិរបស់ស្ត្រីដែលអាចមានរយៈពេលជាច្រើនឆ្នាំ ដោយនាំមកជាមួយនូវអាការៈរំខានជាច្រើន ការផ្លាស់ប្តូរទាំងសរីរាង្គកាយ និងផ្លូវចិត្ត ក៏ដូចជាហានិភ័យនៃជំងឺមួយចំនួនផងដែរ។ នៅអំឡុងពេលនេះ ស្ត្រីអស់រដូវជាទូទៅអាចត្រូវបានទទួលការព្យាបាលដោយការប្រើប្រាស់ឱសថអ័រម៉ូនជំនួស ដោយក្នុងនោះរួមមានសារធាតុសកម្មជាអឺស្ត្រូសែន ឬការរួមបញ្ចូលនៃអឺស្ត្រូសែនជាមួយនឹងអ័រម៉ូនដទៃទៀត។ទោះជាការព្យាបាលដោយអ័រម៉ូននេះត្រូវបានធ្វើឡើងយ៉ាងទូលំទូលាយអស់រយៈពេលលើសពី ៧០ជាងឆ្នាំមកហើយក៏ដោយ ក៏ប៉ុន្តែស្របជាមួយនឹងប្រសិទ្ធភាពក្នុងការព្យាបាលរបស់វា ឥទ្ធិពលអវិជ្ជមានមួយចំនួនរបស់វាក៏ត្រូវបានសង្កេតឃើញផងដែរ ដោយក្នុងនោះរួមមានទាំងការផ្តល់ជាហានិភ័យនៃជំងឺមហារីកទៀតផង។ បច្ចុប្បន្នការព្យាបាលដោយសារធាតុចម្រាញ់ពីរុក្ខជាតិក្រោមទម្រង់ជា Isoflavones ត្រូវបានសង្កេតឃើញថាមានការនិយមប្រើប្រាស់សម្រាប់ឆ្លាស់ជាមួយការព្យាបាលដោយអ័រម៉ូនអឺស្ត្រូសែន ក្នុងការគ្រប់គ្រងរោគសញ្ញានៃការអស់រដូវរបស់ស្ត្រី។ នៅក្នុងអត្ថបទនេះ អ្នកទាំងអស់គ្នានឹងអាចធ្វើការស្វែងយល់បានកាន់តែច្បាស់អំពីការព្យាបាលទាំង ២យ៉ាងគឺ ការព្យាបាលដោយអឺស្ត្រូសែន និងការព្យាបាលដោយ Isoflavones ចំពោះស្ត្រីអស់រដូវ។ ការព្យាបាលដោយអឺស្ត្រូសែន (HRT) ដោយសារអាការៈរំខាននៃការអស់រដូវកើតមានឡើងពីការថយចុះនៃអ័រម៉ូនអឺស្ត្រូសែនដែលកើតមានទៅតាមអាយុ ដូចនេះ ការព្យាបាលដោយជំនួសមកវិញនូវអ័រម៉ូនសំយោគពីខាងក្រៅ គឺជាវិធីសាស្ត្រដែលសមស្របបំផុតសម្រាប់ស្ថានភាពនេះ។ ការព្យាបាលនេះត្រូវបានហៅកាត់ថា HRT (Hormone Replacement Therapy) ដែលក្នុងនោះរួមមានពីរប្រភេទគឺ អ័រម៉ូនអឺស្ត្រូសែនសុទ្ធ ឬតែឯង និងការរួមបញ្ចូលរវាងអឺស្ត្រូសែនជាមួយនឹងអ័រម៉ូនប្រូសេស្តេរ៉ូន។ HRT អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការព្យាបាលរួមមានដូចជា៖ • ការថយចុះនូវអាការៈរំខាននៃការអស់រដូវ • ការថយចុះនៃហានិភ័យទៅនឹងបញ្ហាបាក់បែកឆ្អឹងដោយជំងឺស្ពោតឆ្អឹង ជំងឺភ្លេចភ្លាំងនិងវង្វេងវង្វាន់ (Dementia) ព្រមទាំងមហារីកចុងពោះវៀនធំ • ភាពប្រសើរឡើងនៃប្រព័ន្ធសរសៃឈាមបេះដូង ជាមួយនឹងការថយចុះនៃជំងឺស្ទះសរសៃឈាមបេះដូង និងអត្រាការស្លាប់ដោយសារជំងឺពាក់ព័ន្ធនឹងសរសៃឈាមបេះដូង។ ទោះយ៉ាងណាក៏ដោយ HRT ក៏អាចនាំមកនូវផលប៉ះពាល់មួយចំនួនផងដែរជាឧទាហរណ៍ឱសថ HRT អាចធ្វើឲ្យការប្រឈមនឹងហានិភ័យនៃឈាមកកក្នុងសរសៃឈាមឡើងទ្វេដង ព្រមទាំងអាចជំរុញការលូតលាស់នៃកោសិកាសុដន់ត្រៀមមហារីក។ ក្រៅពីនោះ HRT ក៏ត្រូវបានដឹងថាអាចបង្កការប្រឈមនឹងជំងឺស្ទះសរសៃឈាមខួរក្បាល ព្រមទាំងជំងឺស្ទះសរសៃឈាមបេះដូងផងដែរ។ ការព្យាបាលដោយសារធាតុ Isoflavones Isoflavones គឺជាប្រភេទអឺស្ត្រូសែនរបស់រុក្ខជាតិ(Phytoestrogens) ដែលមានសកម្មភាពដូចនឹងអឺស្ត្រូសែនក្នុងរាងកាយរបស់យើង។ Isoflavones អាចភ្ជាប់ទៅនឹងសរីរាង្គទទួលរបស់អឺស្ត្រូសែន និងបញ្ចេញសកម្មភាពក្រោមទម្រង់២យ៉ាងគឺ សកម្មភាពអឺស្ត្រូសែន និងសកម្មភាពប្រឆាំងនឹងអឺស្ត្រូសែនដោយអាស្រ័យទៅលើស្ថានភាពអ័រម៉ូនរបស់បុគ្គល ដើម្បីបង្កើតបានជាតុល្យភាពជីវសាស្ត្រក្នុងរាងកាយ។ The North American Menopause Society បានផ្តល់ការណែនាំអំពី Isoflavones ចម្រាញ់ពីសណ្តែកសៀងដែលអាចប្រើប្រាស់ជាការព្យាបាលឆ្លាស់ជាមួយនឹងការព្យាបាលដោយអ័រម៉ូនអឺស្ត្រូសែនបានសម្រាប់អាការៈនៃការអស់រដូវកម្រិតស្រាល។ ស្ត្រីជាច្រើនបានរាយការណ៍អំពីប្រសិទ្ធភាពនៃ Isoflavones ក្នុងការបន្ថយអាការៈក្តៅក្រហល់ក្រហាយ និងបែកញើសពេលយប់ នៅពេលដែលពួកគេបរិភោគជាទៀងទាត់នូវអាហារជាសណ្តែកសៀង។ ក្រៅពីនោះ Isoflavones ក៏អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផងដែររួមមាន៖ • វាដើរតួយ៉ាងសំខាន់ក្នុងការការពារ ព្រមទាំងទ្រទ្រង់ឆ្អឹងឲ្យបានរឹងមាំ និងសុខភាពល្អ • វាជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារប្រព័ន្ធសរសៃឈាមបេះដូងពីអុកស៊ីតកម្មទៅលើ LDL (ខ្លាញ់អាក្រក់)ការប្រមូលផ្តុំនៃកូឡេស្តេរ៉ុលនៅក្នុងសរសៃឈាមអាទែរដោយបង្កើតជាបន្ទះស្រទាប់ខ្លាញ់ដែលអាចធ្វើឲ្យរាំងស្ទះលំហូរឈាម និងជាលទ្ធផលបង្កឲ្យមានបញ្ហារឹងសរសៃឈាម • វាអាចទប់ស្កាត់អង់ស៊ីមដែលជំរុញការលូតលាស់នៃដុំសាច់ ការពារការកើតឡើងនូវសរសៃឈាមដែលចិញ្ចឹមដុំសាច់មហារីក និងការពារការកើតឡើងនៃរ៉ាឌីកាល់សេរីដែលប៉ះពាល់លើកោសិកាធម្មតាព្រមទាំងបន្ថយអត្រាប្រឈមនឹងមហារីកសុដន់ដោយទប់ស្កាត់ឥទ្ធិពលអាក្រក់នៃអឺស្ត្រូសែនក្នុងរាងកាយក្នុងការបង្កជាជំងឺមហារីក • វាអាចកាត់បន្ថយអាការៈគេងមិនលក់ ដែលត្រូវបានបញ្ជាក់ដោយការអង្កេតការវិភាគលក្ខណៈ polysomnographic • វាអាចបង្កើនការសំយោគវីតាមីនដេ និងជំរុញការភ្ញោចការស្រូបយកកាល់ស្យូមទៅក្នុង ឆ្អឹង ព្រមទាំងរារាំងសកម្មភាពនៃការរសាត់ឆ្អឹងតាមរយៈការបន្ថយកោសិកា osteoclasts ដែលមានន័យថាបន្ថយការប្រឈមនឹងជំងឺពុកឆឹ្អងនៅវ័យអស់រដូវ • វាអាចបង្កើនកម្រាស់កោសិកា epidermal និង dermal ព្រមទាំងបង្កើតសន្ទស្សន៍ សរសៃឈាមតូចៗ បង្កើនបរិមាណកូឡាជែន និងកោសិកាយឺត ក៏ដូចជាសរសៃឈាមនៅស្រទាប់ dermal ផងដែរ ដែលមានន័យថា វាអាចជួយបន្ថយភាពជ្រីវជ្រួញនៅវ័យអស់រដូវ • វាអាចជំរុញការលូតលាស់នៃសរសៃសក់ និងការពារការជ្រុះសក់ ដោយបង្កើនការផលិតភ្នាក់ងារ insulin-like growth factor (IGF-I) នៅក្នុងរន្ធឫសសរសៃសក់ • ការសិក្សាមួយចំនួនបានបញ្ជាក់ផងដែរអំពីតួនាទីដ៏សំខាន់នៅក្នុងអាការៈស្ងួតទ្វារមាស ក្រោយពីអស់រដូវ • វាមាននាទីជួយដល់ការចងចាំ ការផ្ចង់អារម្មណ៍ មុខងារខួរក្បាលផ្នែកខាងមុខ ក៏ដូចជាមុខងារក្នុងការគិតផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក