
- Jul 09, 2018 |
- 7 ឆ្នាំមុន |
- 4K មើល
ការបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតលើកដំបូងតាមលក្ខណៈ 3D PRINTING
កញ្ចក់ភ្នែកជាស្រទាប់ការពារភ្នែកមួយដ៏ល្អ ជួយការពារពីភាពកខ្វក់ មេរោគ និងការប៉ះទង្គិចពីវត្ថុផ្សេងៗ ព្រមទាំងមានតួនាទីសំខាន់ក្នុងគំហើញ។ ករណីកញ្ចក់ភ្នែកមានបញ្ហា វាអាចធ្វើឲ្យមានស្នាមជាប់កញ្ចក់ភ្នែក ជាហេតុឲ្យប៉ះពាល់គំហើញ។ តាមបច្ចេកវិទ្យាជឿនលឿនថ្មីៗនេះ ទើបមានការបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតតាមលក្ខណៈ 3D Printing ដែលអាចជំនួសកញ្ចក់ភ្នែកចាស់ដែលខូចបាន។បច្ចេកវិទ្យា 3D Printing ធ្លាប់បានយកមកប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រផងដែរដោយបង្កើតឧបករណ៍សិប្បនិម្មិតសម្រាប់ជំនួយដល់អ្នកពិការផលិតទម្រង់កាយវិភាគវិទ្យា (Ana-tomical Model) ជំនួយបន្ថែមសម្រាប់ការសិក្សារបស់និស្សិតវេជ្ជសាស្ត្រ ហើយក៏កំពុងសិក្សាបង្កើតសរីរាង្គខាងក្នុងជាច្រើន ចំាបាច់សម្រាប់តម្រូវការរបស់មនុស្ស ដោយហេតុថា ការបរិច្ចាគសរីរាង្គមានចំនួនកំណត់ក្នុងពេលបច្ចុប្បន្ន។ កញ្ចក់ភ្នែកសិប្បនិម្មិតត្រូវបានផលិតដោយក្រុមអ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ Newcastle ប្រទេសអង់គ្លេស។ ការផលិតនេះ ចាត់ទុកថាជាសមិទ្ធិផលដ៏ល្អមួយក្នុងន័យធ្វើឲ្យមានការអភិវឌ្ឍកាន់តែប្រសើរឡើងនាពេលអនាគត។សព្វថ្ងៃ មានចំនួន ការបរិច្ចាគកញ្ចក់ភ្នែកតិចតួចដែលអាចធ្វើការប្តូរបាន មិនតែប៉ុណ្ណោះ មានប្រជាជនប្រហែល ១០លាននាក់ក្នុងពិភពលោកចាំបាច់ត្រូវការវះកាត់ដើម្បីការពារកញ្ចក់ភ្នែកពីការខ្វាក់ដោយសារបញ្ហាដូចជា ជំងឺ Trachoma និងការឆ្លងមេរោគផ្សេងៗ។ លើសពីនេះទៅទៀត មានប្រជាជនចំនួនប្រហែល ៥លាននាក់ជួបបញ្ហាខ្វាក់ភ្នែកដោយសារមានស្នាមនៅកញ្ចក់ភ្នែក ដោយពីការរលាក ការប៉ះទង្គិច និងជំងឺភ្នែកជាច្រើន។ នៅក្នុងការស្រាវជ្រាវមួយ ផ្សាយចេញនៅក្នុង Exprimental Eye Research បានឲ្យឃើញថារបៀបបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតដោយយក Stromal cell របស់អ្នកបរិច្ចាគកញ្ចក់ភ្នែកដែលនៅល្អ ទៅលាយជាមួយនឹង Alginate និង Collagen ដើម្បីបង្កើតជាសូលុយស្យុងដែលអាចបោះពុម្ពបាន ហៅថា Bio-Ink។ ការប្រើប្រាស់ 3D Bio-Printing ដែលមានតម្លៃមិនសូវថ្លៃ អាចមានសមត្ថភាព បង្កើតកញ្ចក់ភ្នែកសិប្បនិម្មិត ដូចទៅនឹងកញ្ចក់ភ្នែកពិតរបស់មនុស្ស ព្រមទាំងប្រើប្រាស់រយៈពេលខ្លី ត្រឹមតែ ១០នាទីប៉ុណ្ណោះ។ សាស្រ្តាចារ្យ Che Connon ផ្នែកវិស្វកម្មជាលិកានៃសាកលវិទ្យាល័យ Newcastle ប្រទេសអង់គ្លេស បានលើកឡើងថា មានក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនទូទាំងពិភពលោកដែលស្រាវជ្រាវអំពី Bio-Ink ដើម្បីចង់ឲ្យការបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតនេះបានជោគជ័យ។ ការប្រើប្រាស់ Alginate និងCollagen របស់គាត់ អាចធ្វើឲ្យកោសិកានៅរស់បាន ស្របពេលបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតដែលតម្រូវតាមទំហំកញ្ចក់ភ្នែករបស់អ្នកជំងឺ។ អ្នកវិទ្យាសាស្ត្រ និងក្រុមនិស្សិតផ្នែក Genetic Medicine នៃសាកលវិទ្យាល័យ Newcastle បានបញ្ជាក់ថា ការបង្កើតកញ្ចក់ភ្នែកសិប្បនិម្មិតតាម 3D Bio-Printing ពិតជាអាចទៅរួច ព្រមទាំងតម្រូវចំភាពលម្អិតនៃកញ្ចក់ភ្នែករបស់អ្នកជំងឺផងដែរ។ សាស្រ្តាចារ្យ Che Connon បន្ថែមទៀតថា ការសិក្សារបស់គាត់នេះកំពុងសិ្ថតក្នុងការធ្វើតេស្តបន្ថែមទៀត ហើយប្រហែលជាច្រើនឆ្នាំទៅអនាគតនឹងអាចមានការប្រើប្រាស់កញ្ចក់ភ្នែកសិប្បនិម្មិតនេះ ដើម្បីផ្លាស់ប្តូរឲ្យអ្នកជំងឺផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក