Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សៀមរាប ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានបើកសាខាថ្មីរបស់ខ្លួននៅខេត្តសៀមរាបនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។ ការអបអរជាពិសេសសម្រាប់ការសម្ពោធនេះរួមមានពិធីបើកសាខាដ៏អធិកអធមនៅពេលព្រឹក និងពិធីលៀងសាយភោជននៅបរិវេណប្រាសាទក្រវ៉ាន់ដ៏អស្ចារ្យនាពេលល្ងាច។ កម្មវិធីផ្លូវការ ដែលផ្តោតលើការប្តេជ្ញាជួយឲ្យប្រជាជនរស់នៅប្រកបដោយ «សុខភាព និងជីវិតកាន់តែប្រសើរ» សម្រាប់ខេត្តសៀមរាបនេះបានទទួលការចូលរួមជាអធិបតីពីឯកឧត្តម អុិន មាត្រា ប្រធាននាយកដ្ឋានធានារ៉ាប់រង និងសោធន ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងឥស្សរជន និងមន្ត្រីកិត្តិយសកម្ពុជាដទៃទៀតមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋាន។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្វឡើងយ៉ាងឱឡារិក ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម្ព័ន្ធ AIA Group Limited (“AIA” ឬ “អេ អាយ អេ”) ក្នុងនោះរួមមានលោក Ng Keng Hooi នាយកប្រតិបត្តិ និងប្រធាននៃសម្ព័ន្ធ អេ អាយ អេ និងលោក Tan Hak Leh ដែលជានាយកប្រតិបត្តិប្រចាំតំបន់។ តំណាងមកពីដៃគូអាជីវកម្មរបស់ អេ អាយ អេ ខេមបូឌា គឺធនាគារកម្ពុជាសាធារណៈ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក៏បានចូលរួមក្នុងពិធីនេះ រួមជាមួយទីប្រឹក្សាផែនការជីវិត អេ អាយ អេ ជាច្រើនរយនាក់ថែមទៀត។ លោក Ng Keng Hooi បានមានប្រសាសន៍ថា «ថ្ងៃនេះ គឺជាដំណើរឆ្ពោះទៅមុខយ៉ាងសំខាន់មួយ នៃភាពរីកចម្រើន និងភាពជោគជ័យរបស់ អេ អាយ អេនៅកម្ពុជា។ ការសម្ពោធសាខាខេត្តសៀមរាបរបស់យើងដែលធ្វើឡើងត្រឹមក្នុងរយៈពេលជាងពីរឆ្នាំបន្ទាប់ពីការបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសស្របពេលនឹងការអបអរខួប១០០ឆ្នាំរបស់សម្ព័ន្ធទាំងមូលដែរនោះ ធានាថាយើងមានមូលដ្ឋានរឹងមាំដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់ប្រជាជនកម្ពុជាកាន់តែច្រើនដើម្បីជួយឲ្យពួកគាត់រស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ រួមជាមួយគ្នានេះយើងក៏កំពុងតែជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញរបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឲ្យបានកាន់តែខ្លាំងថែមទៀត»។ ជាក់ស្តែងការបើកសម្ពោធសាខាថ្មីនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលក្រុមហ៊ុននេះធ្វើយុទ្ធនាការទីផ្សារពេញមួយខែ គឺ “យុទ្ធនាការសៀមរាបក្រហម” ដែលសំដៅដល់ពណ៌ និងស្លាកសញ្ញា របស់ អេ អាយ អេ។ យុទ្ធនាការនេះ បានចាប់ផ្តើមពីដើមខែនេះផ្ទាល់ដោយផ្តល់ជូនវត្ថុអនុស្សាវរីយជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន សហគ្រាសតូចៗ សិស្សានុសិស្ស និងសាធារណជនទូទាំងក្រុងសៀមរាប ដែលមានភ្ជាប់ជាមួយនឹងលិខិតអញ្ជើញមកធ្វើការពិនិត្យសុខភាពលើស្ថានភាពតម្រងនោម និងលំពែងដោយឥតគិតថ្លៃ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅសាខា អេ អាយ អេ ខេមបូឌា ប្រចាំសៀមរាប។ សកម្មភាពទាំងអស់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អេ អាយ អេ ក្នុងការជួយប្រជាជនថែរក្សាសុខភាព និងរស់នៅប្រកបដោយសុខភាពកាន់តែប្រសើរ»។ លោកស្រី Pauline Teoh អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌាបានមានប្រសាសន៍ថា «ការបើកសាខាខេត្តសៀមរាបរបស់យើង គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយទៀតនៅក្នុងបេសកកម្មរបស់យើងដើម្បីជួយប្រជាជនកម្ពុជាទាំងអស់ឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ សាខាថ្មីនេះនឹងជួយឲ្យយើងផ្តល់ការការពារឈានមុខគេលើទីផ្សារ ដោយផ្តោតលើសុខភាពនិងសុខុមាលភាពរបស់ប្រជាជនកាន់តែច្រើន និងបង្កើតការងារថ្មីៗជាច្រើននៅក្នុងខេត្តសៀមរាប និងតំបន់ជុំវិញ។ យើងជឿជាក់ថាការឈានជើងចូលខេត្តសៀមរាបរបស់យើង នឹងប្រែក្លាយទៅជាឥទ្ធិពលវិជ្ជមានជាច្រើនសម្រាប់ប្រជាជនលើដែនដីអច្ឆរិយនេះ»។ ជាផ្នែកមួយនៃការប្រារព្ធពិធីនេះ ភ្ញៀវកិត្តិយស និងឥស្សរជនជាច្រើនត្រូវបានអញ្ជើញឲ្យចូលរួមពិធីលៀងសាយភោជនជាពិសេសដែលធ្វើឡើងនៅប្រាសាទក្រវ៉ាន់ដ៏ល្អឯកក្នុងឧទ្យានប្រាសាទបុរាណអង្គរ ស្ថិតនៅខាងកើតនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ភ្ញៀវកិត្តិយសទាំងអស់បានរីករាយនឹងការសម្តែងរបាំបែបប្រពៃណីផ្សេងៗរបស់កម្ពុជា ការទទួលទានអាហារពេលល្ងាចដ៏អស្ចារ្យជាមួយនឹងតន្រ្តីប្រពៃណីខ្មែរ និងការសម្តែងរបាំអប្សរាជាការបញ្ចប់ពិធីសម្ពោធដ៏ឱឡារិកនេះ។   គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២០ តុលានេះ អេ អាយ អេ ខេមបូឌា បានផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃលើស្ថានភាពតម្រងនោម និងលំពែងដល់់ប្រជាជននៅខេត្តសៀមរាបជាង ១២១២នាក់៕ អំពី អេ អាយ អេ ខេមបូឌា អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម ដែលផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែងរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែងនិងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។ ទំនាក់ទំនងសារព័ត៌មាន ហាក់ បញ្ញារ័ត្ន ប្រធានផ្នែកទំនាក់ទំនងសាធារណៈ     អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក ០១៦ ៣៦៩ ១៥៥ Panharath.Hak@aia.com  2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១១ ខែតុលានេះ ក្រុមហ៊ុនខេមាគ្លូប៊ល បានប្រារព្ធពិធីអបអរសាទរសមិទ្ធិផល ៣ឆ្នាំនៃ មន្ទីរពហុព្យាបាលអន្តរជាតិខេមា និងបានប្រកាសពីផែនការពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈការចុះហត្ថលេខាជាផ្លូវការជាមួយនិងដៃគូវិនិយោគថ្មី អុី.អិម.អាយ.អេ (EMIA) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក៏ដូចជាដៃគូយុទ្ធសាស្រ្តនៅក្នុងស្រុក និងក្រៅប្រទេសមួយចំនួនទៀតក្នុងគោលដៅពង្រីកគុណភាព និងពង្រីកវិសាលភាពនៃសេវាពិគ្រោះ ស្រាវជ្រាវ វិភាគ ព្យាបាល និងថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា។  បើគិតចាប់ពីចុងឆ្នាំ ២០១៦ មកដល់ពេលនេះគឺមានរយៈពេល ៣ឆ្នាំហើយ ដែល មន្ទីរពហុព្យាបាលអន្តរជាតិខេមា ជាសាខាទី២ មានទីតាំងនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានដាក់ឲ្យដំណើរការជាផ្លូវការនិងបានសម្រេចបាននូវសម្មិទ្ធិផលជាច្រើនក្នុងការផ្ដល់សេវាកម្មវេជ្ជសាស្រ្តផ្នែកព្យាបាលរបួសនិងសង្រ្គោះបន្ទាន់ ផ្នែកសម្ភពនិងរោគស្រ្តី ផ្នែកជំងឺកុមារ ផ្នែកជំងឺទូទៅ ជំងឺឆ្លង និងជំងឺមិនឆ្លង (ដូចជាជំងឺទឹកនោមផ្អែម ជំងឺសួត ជំងឺបេះដូងនិងសរសៃឈាម ជំងឺមហារីក) ផ្នែកវះកាត់ ផ្នែកព្យាបាលជំងឺធ្ងន់ ផ្នែកស្ដារនិតិសម្បទាវេជ្ជសាស្រ្ត ផ្នែកពិនិត្យសុខភាព ផ្នែកថែទាំសុខភាពតាមផ្ទះ និងមណ្ឌលធ្វើរោគវិនិច្ឆ័យ ចូលរួមជួយលើកកម្ពស់គុណភាព និងស្ដង់ដាអនុវត្តឲ្យបានកាន់តែខ្ពស់ថែមមួយកម្រិតទៀតក្នុងការផ្ដល់សេវាថែទាំសុខភាពរបស់កម្ពុជាយើង។  លោកវេជ្ជបណ្ឌិត សោម លក្ខិណា និងលោកវេជ្ជបណ្ឌិត អ៊ុំ សុភាព ដែលជាសហស្ថាបនិកនៃ មន្ទីរពហុព្យាបាលអន្តរជាតិខេមា ទាំង ២សាខា បានរំលឹកឡើងវិញថា មន្ទីរពហុព្យាបាលទាំងពីរនេះត្រូវបានបង្កើតឡើងដោយសារតែលោកនិងមិត្តភក្តិមួយចំនួនតែងមានក្ដីស្រមៃចង់ឃើញសេវាថែទាំសុខភាពរបស់កម្ពុជា មានភាពរីកចម្រើន រឹងមាំ មានគុណភាព និងស្ដង់ដាខ្ពស់ដូចនៅក្នុងបណ្ដាប្រទេសមានការអភិវឌ្ឍនៅក្នុងតំបន់ និងក្នុងពិភពលោក។  នាឱកាសជាមួយគ្នានេះផងដែរ មន្ទីរពហុព្យាបាលក៏បានចុះហត្ថលេខាជាមួយដៃគូយុទ្ធសាស្រ្តជាបន្តបន្ទាប់នៅក្រោមសក្ខីភាពរបស់អ្នកដែលបានចូលរួមទាំងអស់។ ដោយនៅក្នុងនោះ លោក ម៉ៅ សាវិន តំណាងប្រចាំនៅកម្ពុជានៃដៃគូវិនិយោគថ្មី អុី.អិម.អាយ.អេ (EMIA) បានធ្វើការគាំទ្រយ៉ាងពេញទំហឹងនូវទស្សនវិស័យរបស់សហស្ថាបនិកក្រុមហ៊ុន ខេមាគ្លូប៊ល ហើយទុនវិនិយោគនេះនឹងជួយជំរុញឲ្យ ក្រុមហ៊ុនខេមាគ្លូប៊ល អាចពង្រីកសាខារបស់ខ្លួនទៅតាមតំបន់យុទ្ធសាស្រ្តថ្មីៗទៀតនៅក្នុងប្រទេសកម្ពុជា។  2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជាមួយនឹងការរីកចម្រើន និងទំនើបកម្មនៃសង្គមសព្វថ្ងៃមិនថានៅក្នុងវិស័យណាមួយនោះទេ គឺធ្វើឡើងក្នុងគោលបំណងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ដោយឡែកភាពងាយស្រួលនោះមួយផ្នែកពិតជាបានផ្ដល់ផលវិជ្ជមានពិតមែន ប៉ុន្តែមួយផ្នែកទៀតកំពុងតែបង្កជាវិបត្តិប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែង ប្រជាពលរដ្ឋពិសេសបុគ្គលមានវ័យចំណាស់ភាគច្រើន កំពុងប្រឈមទៅនឹងជំងឺរ៉ាំរ៉ៃមួយប្រភេទ ហៅថា ជំងឺលើសសម្ពាធឈាម ដែលបណ្តាលមកពីការអនុវត្តខុសក្នុងការរស់នៅប្រចាំថ្ងៃ បូករួមទាំងកត្តាចំណីអាហារ និងកង្វះលំហាត់ប្រាណ ឬចលនាផ្សេងៗជាដើម។  ដោយសង្កេតឃើញពីកំណើនឥតឈប់ឈរនៃអត្រាជំងឺលើសសម្ពាធឈាម មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី (SGMC) បានរៀបចំកម្មវិធីកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ “ការការពារ និងគ្រប់គ្រងជំងឺលើសសម្ពាធឈាម” ដែលបានប្រព្រឹត្តិនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីផ្ទាល់។ កិច្ចពិភាក្សាដ៏ស្និទ្ធស្នាល ចាប់ពីម៉ោង ១១ព្រឹក រហូតដល់ ១រសៀលនេះ មានការចូលរួមពីសំណាក់វេជ្ជបណ្ឌិតជាវាគ្មិន ៣រូប រូមមាន Dr. Mean Veasna, Dr. Yin Setheka និង Dr. Kuch Chhoamdalin និងបណ្ដាក្រុមអ្នកសារពត៌មានមកពីស្ថាប័ននានា ក្នុងមានគោលបំណងបញ្រ្ជាប និងផ្សព្វផ្សាយដល់សហគមន៍ឲ្យបានស៊ីជម្រៅពីលក្ខណៈនៃជំងឺលើសសម្ពាធឈាម កត្តាបង្ក រួមទាំងការការពារ និងគ្រប់គ្រងផងដែរ។  កិច្ចសំណេះសំណាលនេះ ធ្វើឡើងដោយចាប់ផ្ដើមពីការធ្វើបទបង្ហាញទៅលើជំងឺលើសសម្ពាធឈាម ពីសំណាក់ Dr. Mean Veasna ដែលលោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា “ជំងឺលើសសម្ពាធឈាមជាឃាតករសម្លាប់ប្រជាជនជារៀងរាល់ថ្ងៃ ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ហើយច្រើនកើតលើបុគ្គលដែលរស់នៅក្នុងទីក្រុងជាជាងនៅតាមជនបទ។ ស្ថិតក្នុងដំណាក់កាលដំបូង ជំងឺលើសសម្ពាធឈាមនៅមិនទាន់ចេញជារោគសញ្ញាជាក់លាក់ណាមួយនោះទេ ប៉ុន្តែអ្នកជំងឺអាចត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺលើសសម្ពាធឈាមតាមរយៈការវាស់សម្ពាធឈាមជាចៃដន្យនៅពេលពួកគាត់បានទៅពិនិត្យសុខភាព។” បន្ថែមពីនោះលោកវេជ្ជបណ្ឌិតក៏បានសង្កត់ធ្ងន់ទៅលើសារប្រយោជន៍នៃការធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័សតាមរយៈការបង្ហាញ និងពន្យល់ជាក់ស្ដែងពីវិធីសាស្រ្តវាស់សម្ពាធឈាមជាមួយម៉ាស៊ីនដែលធានាពីភាពជាក់លាក់នៃលទ្ធផលតម្លៃលេខរបស់សម្ពាធឈាម ក៏ដូចជាវិធីសាស្រ្តការពារ និងការគ្រប់គ្រងផងដែរ។ បន្តពីការធ្វើបទបង្ហាញ កិច្ចពិភាក្សាក៏បានបើកឱកាសដល់ក្រុមអ្នកសារពត៌មានធ្វើការសាក់សួរយ៉ាងលម្អិតបន្ថែមទាក់ទិនទៅនឹងប្រធានបទខាងលើ ដែលទទួលបានការបកស្រាយយ៉ាងច្បាស់លាស់ពីសំណាក់វេជ្ជបណ្ឌិតប្រចាំ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី (SGMC) ទាំង ៣រូប។  រយៈពេល ២ម៉ោងពេញនៃកិច្ចពិភាក្សានេះមានលក្ខណៈល្អប្រសើរ និងមានការចូលរួមចោទជាសំណួរយ៉ាងច្រើនលើសពីការរំពឹងទុក ហើយជាចុងបញ្ចប់នៃកម្មវិធី វេជ្ជបណ្ឌិតទាំង ៣រូប ក៏សូមធ្វើការផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់ឲ្យចាប់ផ្តើមរៀបចំផែនការថែរក្សាសុខភាពចាប់ពីថ្ងៃនេះតទៅដោយធ្វើការផ្លាស់ប្ដូររបៀបរបបរស់នៅជារៀងរាល់ថ្ងៃ ដោយងាកមករកការបរិភោគអាហារសុខភាព ការធ្វើលំហាត់ប្រាណរួមទាំងការពិនិត្យសុខភាពឲ្យបានជាទៀងទាត់តាមការណែនាំរបស់វេជ្ជបណ្ឌិត។   គួរបញ្ជាក់ផងដែរ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី (SGMC) បានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ និងត្រូវបានទទួលស្គាល់ពីក្រសួងសុខាភិបាល មន្ទីរពាណិជ្ជកម្ម ក៏ដូចជាក្រសួងសេដ្ឋកិច្ច ដែលផ្ដល់សេវាកម្មវេជ្ជសាស្រ្តពីសំណាក់វេជ្ជបណ្ឌិតមកពីប្រទេសសិង្ហបុរីផ្ទាល់ រួមទាំងវេជ្ជបណ្ឌិតជាដៃគូមកពីបណ្តាប្រទេសដទៃទៀត។  2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការវិលត្រឡប់មកវិញនៃទេសចរណ៍សុខភាព Healthtime Check-up Tour ក្រោមប្រធានបទថ្មី "Going Back to School" ដោយមានការសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងចូលរួមគាំទ្រដោយទឹកបរិសុទ្ធ Vital ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា ផលិតផលស្ករបៀម កុកស៊ីល ផលិតផល Co Plaster ក្រុមហ៊ុន Brainscan Cambodia និង Mega Wecare ដែលនឹងធ្វើឡើងក្នុងថ្ងៃច័ន្ទ ទី១៤ ខែតុលានេះ ក្នុងបរិវេណនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលហៅកាត់ថា CJCC ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ ចូលរួមដោយសេរី និងឥតគិតថ្លៃជាមួយនឹងទេសចរណ៍សុខភាព Healthtime ដោយទទួលបាននូវការពិគ្រោះយោបល់ និងពិនិត្យសុខភាពបឋមពីបណ្តាគ្លីនិក/មន្ទីរពេទ្យល្បីៗ និងពោរពេញដោយបទពិសោធន៍ ដូចជា គ្លីនិកឯកទេស អេគីប មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម គ្លីនិកឯកទេសភ្នែក ម៉េង រ័ត្ននីន និងគ្លីនិកស្បែក ប៊ីស៊ី ព្រមជាមួយការអប់រំណែនាំអំពីសុខភាព ការទស្សនាការតាំងបង្ហាញផលិតផលសុខភាពនានា ការចូលរួមសកម្មភាពកម្សាន្ត និងជាពិសេសគឺការចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈការបរិច្ចាគឈាមផងដែរ។ ដូចនេះ នៅចាំអីទៀត! ធ្វើការចុះឈ្មោះជាមុនតាមរយៈ https://forms.gle/5JDzTxJ1Rekf1io5A ឬទំនាក់ទំនងផ្ទាល់មកកាន់ ០៧៧ ៨៨៨ ០៧៥/ ០៦៩ ៨៨៨ ៩៥៩។

ចែករំលែក

“ខ្ញុំប្រហែលជាមិនត្រូវចំណាយប្រាក់ និងពេលវេលាច្រើនយ៉ាងនេះ ឬត្រូវឈឺ និងពិបាកក្នុងខ្លួនដល់ម្លឹង ឬត្រូវធ្វើឲ្យមនុស្សជាទីស្រឡាញ់បារម្ភដល់ថ្នាក់នេះ ឬសរុបមក អ្វីៗនឹងប្រសើរជាងនេះ ប្រសិនបើខ្ញុំបានដឹងមុនពីបញ្ហាសុខភាពរបស់ខ្ញុំ ឬបានមកជួបគ្រូពេទ្យឲ្យបានលឿនជាងនេះឬតាំងពីមិនទាន់មានរោគសញ្ញាណាមួយតែម្តង” យើងប្រហែលជានឹងស្តាយក្រោយបែបនេះប្រសិនបើយើងចាំរហូតដល់យើងឈឺថ្កាត់ ឬស្ថិតក្នុងសភាពធ្ងន់ធ្ងរទៅហើយទើបទៅជួបជាមួយគ្រូពេទ្យនោះ។ ជាទូទៅ មនុស្សភាគច្រើនមិនបានចាត់ទុកការត្រួតសុខភាពជាប្រចាំជាផ្នែកមួយនៃការរស់នៅឡើយអមជាមួយនឹងការមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍នៃការពិនិត្យសុខភាពផង យើងកាន់តែកម្រជួបករណីពិនិត្យសុខភាពនៅពេលដែលមិនទាន់ឈឺថ្កាត់ខ្លាំងណាស់ ជាពិសេសចំពោះអ្នកដែលស្ថិតក្នុងវ័យក្មេងនៅឡើយ ឬចន្លោះវ័យ ២០ ទៅ ៣៥ឆ្នាំតែម្តង។ ពិតណាស់ យើងម្នាក់ៗរមែងចង់រីកចម្រើន និងជោគជ័យមិនថាលើការសិក្សា និងអាជីពការងារ មុខរបររកស៊ីជាដើមដើម្បីតាមឲ្យទាន់ការរីកចម្រើននៃសង្គមដែលខ្លួនកំពុងរស់នៅ ដែលជាហេតុធ្វើឲ្យយើងរវល់មមាញឹកជាខ្លាំង និងមើលរំលងនូវបញ្ហាជាច្រើនរួមទាំងបញ្ហាសុខភាពផងដែរជាពិសេសនៅពេលដែលយើងគ្មានការរំខានអ្វីទាំងអស់ពីរោគសញ្ញា។ ម្យ៉ាង បើទោះជាយើងមានពេល ប្រហែលការពិនិត្យ ឬថែទាំសុខភាពមិនបានស្ថិតនៅលើបញ្ជី ឬ checklist របស់យើងដែរ ជំនួសមកវិញយើងនឹងអាចជ្រើសយកការចំណាយពេលលើការកម្សាន្ត ការទំនាក់ទំនងខាងក្រៅ ឬតាមបណ្តាញសង្គមច្រើនជាង។  ជាក់ស្តែង សកម្មភាព ឬទម្លាប់រស់នៅរបស់យើងភាគច្រើន រួមមានការរស់នៅក្នុងមជ្ឈដ្ឋានដែលមិនល្អបរិសុទ្ធ សារធាតុគីមីសារធាតុពុល ឬកខ្វក់ និងជាពិសេសការរស់នៅជាមួយនឹងភាពតានតឹង និងស្ត្រេស ការបរិភោគអាហារមិនសុវត្ថិភាព ការមិនហាត់ប្រាណបានទៀងទាត់ជាដើមហាក់ដូចជាមិនអំណោយផលដល់សុខភាពស្រាប់ទៅហើយ បូករួមជាមួយនឹង ការកើតមានឡើងនៃជំងឺថ្មីៗ និងកាចសាហាវជាច្រើន កត្តាទាំងអស់នេះកាន់តែធ្វើឲ្យយើងបង្កើនការប្រឈមទៅនឹងជំងឺជាច្រើនដោយមិនដឹងខ្លួន។ ដូចនេះ គួរតែដល់ពេលហើយដែលយើងទាំងអស់គ្នា ទាំងចាស់ និងក្មេង បុរស និងស្ត្រី គួរយកចិត្តទុកដាក់លើការតាមដាន និងថែទាំសុខភាព និងបញ្ជូលវាក្នុងកតាព្វកិច្ចដែលត្រូវតែធ្វើដើម្បីខ្លួនឯង និងក្រុមគ្រួសារ។  ប្រសិនបើអ្នកនៅតែមិនទាន់ប្រាកដចិត្ត ខាងក្រោមនេះជាមូលហេតុដែលអ្នកគួរចាប់ផ្តើមពិនិត្យសុខភាពឲ្យបានទៀងទាត់៖ 1. កាត់បន្ថយហានិភ័យនៃជំងឺកាចសាហាវ គួរឲ្យខ្លាចបំផុតនោះគឺ ជំងឺកាចសាហាវ និងរ៉ាំរ៉ៃជាច្រើន មិនបង្ហាញរោគសញ្ញាគួរឲ្យកត់សម្គាល់ណាមួយនៅដំណាក់កាលដំបូងៗឡើយ ដូចនេះមានតែការត្រួតពិនិត្យដោយបច្ចេកទេស និងវិនិច្ឆ័យដោយវេជ្ជបណ្ឌិតទេទើបអាចបញ្ចៀស ឬកាត់បន្ថយហានិភ័យដែលមើលមិនឃើញទាំងនោះបាន។ ដោយឡែក មានជំងឺមួយជាច្រើនផងដែរ ដែលមិនកើតឡើងក្នុងពេលតែយប់ឡើយ តែវាជាលទ្ធផលនៃសកម្មភាព ឬកត្តារស់នៅដែលធ្វើឡើងម្តងហើយម្តងទៀតរយៈពេលជាច្រើនឆ្នាំ ហើយកត្តាទាំងនោះអាចត្រូវបានអ្នកមើលរំលង ប៉ុន្តែអ្នកនឹងអាចរកវាឃើញហើយរកវិធានការបំបាត់វាចោលនៅពេលអ្នកបានពិគ្រោះ និងតាមដានជាមួយនឹងវេជ្ជបណ្ឌិត។ 2. បង្កើនឳកាសក្នុងការព្យាបាលជាសះស្បើយ ការតាមដានសុខភាពទៀងទាត់មិនត្រឹមជួយក្នុងការរកឃើញនូវកត្តាប្រឈមទាន់ពេលវេលា តែវាក៏បង្កើនឳកាសក្នុងការទទួលការព្យាបាលបានឆាប់រហ័ស និងទាន់ពេលវេលាដែលអាចជួយសង្គ្រោះអាយុជីវិតអ្នក ក្នុងករណីរកឃើញជំងឺនៅដំណាក់កាលដំបូងៗផងដែរ។  3. កាត់បន្ថយការចំណាយ សំដៅដល់ទាំងការចំណាយទាំងពេលវេលា ទាំងថវិការ កម្លាំងកាយ និងកម្លាំងចិត្តដែលអាចនឹងត្រូវកើនលើសពីទ្វេដងប្រសិនបើការរកឃើញជំងឺយឺតពេល ដែលការពិតវាគួរតែត្រូវបានរកឃើញតាំងពីដំបូង ឬសឹងតែតាំងពីយើងអាចទប់ស្កាត់មិនឲ្យវាកើតមានឡើងបាន។  4. ស្រាយចម្ងល់ និងការព្រួយបារម្ភលើសលប់ សម័យនេះ យើងសឹងតែអាចរក និងសួរគ្រប់យ៉ាងដោយគ្រាន់តែមានប្រព័ន្ធអុីនធឺណែត វាលឿន និងសម្បូរបែប ក៏ប៉ុន្តែវាក៏អាចធ្វើអ្នកកាន់តែភ័យខ្លាចនិងបារម្ភ ជាមួយនឹងលទ្ធផលជាច្រើនទៅវិញ។ ជាមួយនឹងចម្លើយជាច្រើន តើមួយណាជាចម្លើយរបស់យើងទៅ? នៅតែការទៅជួបពិគ្រោះផ្ទាល់ជាមួយគ្រូពេទ្យទើបយើងអាចបានចម្លើយ និងដឹងថាតើយើងត្រូវការដំណោះស្រាយឬទេ? ឬដំណោះស្រាយបែបណា? 5. ទទួលបានដំបូន្មានមិនត្រឹមតែទាក់ទងនឹងជំងឺ តែក៏រួមទាំងការរស់នៅផងដែរ នេះហើយជាមូលហេតុសាមញ្ញមួយដែលការទៅជួបជាពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតធ្វើឲ្យយើងចំណេញ។ ក្រៅពីស្រាយចម្ងល់ឬដោះស្រាយបញ្ហាសុខភាពហើយ យើងនៅអាចទទួលបានដំបូន្មានល្អៗ និងអាចទុកចិត្តបាន ជាពិសេសគឺត្រូវនឹងស្ថានភាពរបស់យើងផ្ទាល់ផងដែរ(ឧ គីឡូ មុខរបរ ជំងឺប្រចាំកាយ ប្រវត្តិគ្រួសារ ជាដើម)  មិនថាទាក់ទងនឹងការឡើងទម្ងន់ ការស្រកទម្ងន់ ការពិបាកគេង ការបរិភោគ ឬធ្វើលំហាត់ប្រាណ ការប្រើប្រាស់ឳសថជាដើម។ ដំបូន្មានផ្ទាល់ខ្លួនបែបនេះជាគុណតម្លៃដែលយើងមិនអាចរកបានទេតាមរយៈការអានអត្ថបទ ឬមើលវីដេអូអប់រំជារួម ឬស្វែងរកតាមអ៊ីនធឺណែត។  សរុបមក វាពិតជាមិនលឿនពេកទេ ក្នុងការតាមដានសុខភាព តាំងពីយើងនៅមានសុខភាពល្អ តែវាមានតែធ្វើឲ្យយើងចំណេញទាំងពេលបច្ចុប្បន្ន និងទៅអនាគត។  ប្រសិនបើអ្នកចង់ចាប់ផ្តើមទម្លាប់នឹងការទទួលការពិនិត្យសុខភាព កុំភ្លេចចូលរួមនៅក្នុងកម្មវិធី ទេសចរណ៍សុខភាពHealthtime Check-up Tour ដែលមានផ្តល់នូវការពិនិត្យសុខភាពបឋមចល័តដោយឥតគិតថ្លៃ ព្រមទាំងសកម្មភាពសុខភាពជាច្រើនទៀត។ ដើម្បីទទួលបានដំណឹងអំពីកម្មវិធីនៅលើកក្រោយ សូមតាមដាននៅលើទំព័រហ្វេសប៊ុក Healthogo, by Healthtime  កម្មវិធីបន្ទាប់នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩៖ ទេសចរណ៍សុខភាព Healthtime Check-up Tour "Going Back to School" 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

រាជធានីភ្នំពេញថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរពេទ្យសំរាកព្យាបាល កម្ពុជាបានប្រារព្ធខួប ៥ឆ្នាំរបស់ខ្លួនក្នុងដំណើរការជាមន្ទីរសម្រាកព្យាបាលដែលផ្តល់ប្រឹក្សា និងការព្យាបាល ការលំបាកក្នុងការមានកូន រោគស្រ្តីនិងសម្ភព។ យ៉ាងណាមិញ ក្នុងរយៈពេល ៥ឆ្នាំនេះ មន្ទីរសំរាកព្យាបាល កម្ពុជា បានផ្តល់ដំណោះស្រាយវេជ្ជសាស្រ្តដល់គូស្វាមីភរិយា និងគ្រួសារដែលធ្លាប់តែអស់សង្ឃឹម បាក់ទឹកចិត្តដោយសារតែជំងឺលំបាកមានកូនឲ្យមានឱកាសបានជួបពិគ្រោះ និងព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសរបស់ខ្លួន។ ដោយឡែក យោងតាមសិ្ថតិជាង ៦០ភាគរយនៃអ្នកជំងឺដែលបានសម្រេចក្តីប្រាថ្នាមានភាពកក់ក្តៅក្នុងគ្រួសារ និងសុភមង្គលពេញលេញ បន្ទាប់ពីមានបុត្រធីតាដូចបំណង។ នាឱកាសនេះផងដែរ គណៈគ្រប់គ្រងរបស់មន្ទីរសំរាកព្យាបាល កម្ពុជា បានបញ្ជាក់បន្ថែមថាលទ្ធផលដែលយើងសម្រេចបានស្មើប្រទេសជឿនលឿនព្រោះដោយសារមានការគាំទ្រ លើកទឹកចិត្ត និងជឿជាក់ពីសំណាក់ប្រជាជនខ្មែរ ហើយក្រុមវេជ្ជបណ្ឌិតឯកទេស និងបុគ្គលិកគ្រប់ផ្នែកប្រកាន់នូវគោលការណ៍ចំនួន ៥រួមមាន៖ ការគោរពឲ្យតម្លៃគ្នាទាំងបុគ្គលិកនិងអ្នកជំងឺ ការព្យាបាលប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ការទទួលខុសត្រូវខាងបច្ចេកទេសវេជ្ជសាស្រ្ត សុចរិតភាពក្នុងវិជ្ជាជីវសុខាភិបាល និងការសហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ។ បន្ថែមពីនេះគណៈគ្រប់គ្រងក៏បានបន្តថ្លែងអំណរគុណដល់អ្នកជំងឺដែលបានជ្រើសរើសផ្តល់ទំនុកចិត្តដល់មន្ទីរសំរាកព្យាបាល កម្ពុជា ព្រមទាំងបានកោតសរសើរដល់បុគ្គលិកទាំងអស់ដែលបានបំពេញតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។ សូមបញ្ជាក់ថា មន្ទីរសំរាកព្យាបាល កម្ពុជា ធ្លាប់ទទួលបានពានរង្វាន់ជាមន្ទីរពេទ្យដែលមានគុណភាពល្អបំផុតពីសមាគមវេជ្ជសាស្រ្តអឺរ៉ុបនៅទីក្រុង លូហ្សឺន ប្រទេសស្វីស កាលពីឆ្នាំ២០១៧។ ជាក់ស្តែង នៅខែសីហាថ្មីៗនេះដែរ មន្ទីរសំរាកព្យាបាល កម្ពុជា ក៏បានទទួលពានរង្វាន់សេវាកម្មមន្ទីរពេទ្យឆ្នើមនិងឈានមុខពីសហព័ន្ធពាណិជ្ជកម្មពិភពលោកដែលមានទីតាំងនៅសហរដ្ឋអាមេរិក។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ស្របពេលការប្រើប្រាស់អុីនធើណែត និងបណ្ដាញសង្គមហ្វេសប៊ុកនាពេលបច្ចុប្បន្នកាន់តែកើនឡើងយ៉ាងគំហុកគេសង្កេតឃើញមានការផ្សព្វផ្សាយនូវព័ត៌មាន សេវាកម្ម និងតម្រូវការជាច្រើនតាមរយៈការផ្សាយផ្ទាល់ចេញពីគេហទំព័រផ្សេងៗគ្នា។ ជាក់ស្ដែងដោយសារភាពទំនើបកម្មនេះហើយបានជួយសម្រួលឲ្យមានភាពងាយស្រួលក្នុងជីវភាពរស់នៅ និងចំណេញពេលវេលាបានច្រើនក្នុងការទទួលបានព័ត៌មានថ្មីៗ និងកាន់តែឆាប់រហ័ស។ ដោយឡែក សម្រាប់ផ្នែកចំណេះដឹងសុខភាពក៏កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជនជាច្រើនផងដែរ ដោយគេសង្កេតឃើញមានការចែករំលែកអត្ថបទសុខភាព និងគន្លឹះសុខភាពប្លែកៗជារៀងរាល់ថ្ងៃ។ ដូច្នេះដើម្បីដើរឲ្យទាន់សម័យកាល និងអាចបំពេញតម្រូវការផ្នែកសុខាភិបាលឲ្យកាន់តែទូលំទូលាយ ក្រុមហ៊ុន ហេលស៍ថាម ខប បានផ្ដួចផ្ដើម និងរៀបចំកម្មវិធី Live show មួយឈ្មោះថា “តោះនិយាយពីសុខភាព ឬ Healthtime Talk” រដូវកាលទីមួយដែលចាប់ផ្ដើមនៅខែតុលា ឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ ២០២០ ក្នុងគោលបំណងចង់ពង្រឹង បង្កើនការចូលរួម និងផ្ដល់ការអប់រំផ្នែកសុខភាពពីសំណាក់អ្នកឯកទេសសុខាភិបាលទៅកាន់សាធារណជន និងបណ្តាអ្នកលេងហ្វេសប៊ុកទាំងអស់។ “តោះនិយាយពីសុខភាព ឬ Healthtime Talk” ជាកម្មវិធីផ្សាយផ្ទាល់ចេញពីទំព័រហ្វេសប៊ុក Healthogo មានរយៈពេល ៦០នាទីដែលនឹងរៀបចំឡើង ៣ដងក្នុងមួយខែ ដោយធ្វើឡើងជារៀងរាល់ថ្ងៃសុក្រនៃសប្ដាហ៍ទី១ ទី២ និងទី៤។ ជាក់ស្ដែង ក្នុងកម្មវិធីរាល់សប្ដាហ៍ទី ១នឹងពាំនាំនូវកិច្ចពិភាក្សាអំពីបញ្ហាសុខភាពយ៉ាងស៊ីជម្រៅ និងផ្តោតលើហានិភ័យប្រឈមទៅនឹងជំងឺ ដោយមានការចូលរួមបកស្រាយពីសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសទៅតាមប្រធានបទនីមួយៗ។  សម្រាប់រាល់សប្ដាហ៍ទី ២ គឺជាកម្មវិធីឆ្លើយសំណួរទាក់ទងនឹងប្រធានបន្តពីសប្តាហន៍ទី១ ដើម្បីបើកឱកាសដល់អ្នកចូលរួមបានយល់កាន់តែច្បាស់អំពីប្រធានបទ និងឈ្នះរង្វាន់តាមរយៈការឆ្លើយសំណួរ។ ។ ចំណែក កម្មវិធីផ្សាយផ្ទាល់នៅរាល់សប្ដាហ៍ទី ៤ គឺជាកិច្ចពិភាក្សាស្ដីពីគន្លឹះសុខភាពដែលផ្តោតលើ ការបរិភោគ លំហាត់ប្រាណ និងការរស់នៅប្រចាំថ្ងៃ សម្រាប់ការពារខ្លួនពីជំងឺនានា ដោយមានការចូលរួមបកស្រាយពីអ្នកជំនាញសុខភាព រួមទាំងសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសទៅតាមប្រធានបទនីមួយៗផងដែរ។។ ជារួម បន្ទាប់ពីទស្សនាកម្មវិធីផ្សាយផ្ទាល់ “តោះនិយាយពីសុខភាព ឬ Healthtime Talk” នឹងផ្ដល់ជូនអត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកទស្សនា ក៏ដូចជាសាធារណជនទាំងអស់រួមមាន ការសិក្សាស្វែងយល់ពីបញ្ហា និងគន្លឹះសុខភាពយ៉ាងសម្បូរបែប ការទទួលបានឱកាសក្នុងការសាកសួរពីបញ្ហាសុខភាពទៅកាន់វេជ្ជបណ្ឌិតឯកទេស និងអ្នកជំនាញសុខភាពដោយផ្ទាល់ និងភ្លាមៗ ជាពិសេសគឺការបង្កើនការទំនាក់ទំនងរវាងអ្នកទស្សនា ក៏ដូចជាអ្នកជំនាញសុខភាពទាំងអស់កាន់តែប្រសើរឡើងតាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ ក៏ដូចជាមន្ទិលសង្ស័យនានាទាក់ទងនឹងសុខភាព និងការរស់នៅតែម្តង។ ក្នុងនោះ កម្មវិធីរបស់យើងទទួលបានការគាំទ្រពីសំណាក់ផលិតផលស្ករបៀម កុកស៊ីល ផលិតផល CoPlaster និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយ៍ ខេមបូឌា គាំទ្រការស្រលាញ់សុខភាព និងក្រុមហ៊ុនស្ថាប័នពាក់ព័ន្ធនឹងសុខភាព សុខមាលភាពផ្សេងទៀតផងដែរ។ គួរបញ្ជាក់ដែរថាក្នុងរដូវកាលទីមួយនេះ ការផ្សាយផ្ទាល់នឹងធ្វើឡើងពាក់ព័ន្ធទៅនឹងសុខភាពម្ដាយ និងទារក សុខភាពស្រ្តីនិងសុខភាពផ្នែកបេះដូងដោយមានការចូលរួមពីសំណាក់វាគ្មិនដែលជាសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសដ៏មានបទពិសោធន៍ទៅតាមជំងឺនីមួយៗដូចជា៖ • វេជ្ជបណ្ឌិត ហេង វីរដ្ឋ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និង ជំងឺទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត • លោកស្រីវេជ្ជបណ្ឌិត យង់ ម៉ាលីសាដែត វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យកាល់ម៉ែត • សាស្ត្រាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត • លោកវេជ្ជបណ្ឌិត គុជ គីមសួរ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត • វេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត • លោកស្រីវេជ្ជបណ្ឌិត មិន សេងលាប បណ្ឌិតឯកទេស ជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត • លោកស្រីវេជ្ជបណ្ឌិត វន ម៉ាលីស វេជ្ជបណ្ឌិតឯកទេស ជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត ។ ក្រៅពីនោះ ក៏នៅមានការចូលរួមពីសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសផ្សេងទៀតសម្រាប់កម្មវិធីផ្សាយផ្ទាល់ជាបន្តបន្ទាប់ផងដែរ។  បានទាំងចំណេះដឹង បទពិសោធន៍ ព្រមទាំងមានឱកាសបានសាកល្បងការយល់ដឹង និងទទួលបានកាដូទៀត ដូចនេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណានៅរៀងរាល់ថ្ងៃសុក្រ សប្តាហ៍ទី១ ទី២ និងទី៤ នៅលើទំព័រហ្វេសប៊ុក Healthogo នៅវេលាម៉ោង ១២:៣០ នាទី ដល់ម៉ោង ០១:៣០ រសៀល។ សម្រាប់ព័ត៌មានបន្ថែម និងសម្រាប់ការផ្សព្វផ្សាយអាចទាក់ទងតាមរយៈ៖ 077 888 076/ 010 381 103 ឬ clinic.community@time-media.com។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

រាជធានីភ្នំពេញ ថ្ងៃទី0៥ ខែកញ្ញា ឆ្នាំ២០១៩ – ដោយមានការរៀបចំពីសំណាក់លោក Anthony Tan នាយកប្រតិបត្តិនៃ DrMap កម្ពុជានៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី (SGMC) បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានជាផ្លូវការលើកដំបូងរបស់ខ្លួន ដែលរៀបចំធ្វើឡើងនៅឯមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងសុខុមាលភាពដ៏ទំនើបរបស់ខ្លួននៅឯ អាគារដឹប្រ៊ីដ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លោក Anthony Tan បានមានប្រសាសន៍ថា “គោលបំណងនៃកម្មវិធីសន្និសីទសារព័ត៌មានរបស់យើងនៅថ្ងៃនេះគឺដើម្បីបង្ហាញអំពីក្រុមវេជ្ជបណ្ឌិតដែលមានជំនាញឯកទេសពិសេសរបស់យើង និងជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីនឹងបើកដំណើរការនៅក្នុងពេលឆាប់ៗខាងមុខនេះ"។ ដោយមើលឃើញថា ទាំងប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាពីមុនតែងតែធ្វើដំណើរទៅក្រៅប្រទេសដើម្បីទៅទទួលសេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាព ប៉ុន្តែចាប់ពីពេលនេះពួកគាត់អាចទទួលបានសេវាកម្មប្រកបដោយគុណភាពកម្រិតដូចនៅក្នុងប្រទេសសិង្ហបុរីនៅក្នុងទីក្រុងភ្នំពេញតែម្ដង។ SGMC នឹងផ្ដល់នូវសេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាពគ្រប់ផ្នែក ដែលមានចាប់ពីសេវាកម្មវេជ្ជសាស្រ្តទូទៅ ពិនិត្យសុខភាពនិងការថតឆ្លុះធ្វើរោគវិនិច្ឆ័យ សេវាកម្មសុខភាពស្រ្តី ផ្នែកកែសម្ផស្ស ការវះកាត់ទូទៅ ការព្យាបាលដោយកាំរស្មីឡាស៊ែរ ការព្យាបាលដោយអុីយ៉ុងអវិជ្ជមាន និងកាំរស្មីអុីនហ្រ្វា (NIFI) ការព្យាបាលដោយប្រើកម្អែលខ្សាច់ភ្នំភ្លើង (Volcanic Sand Bath Therapy) ការព្យាបាលដោយផ្ដល់ជាតិទឹកសេរ៉ូម IV និងសេវាកម្មអាហារូបត្ថម្ភជាដើម។ គោលបំណងសំខាន់បំផុតរបស់យើង គឺដើម្បីផ្ដល់សេវាកម្មថែទាំវេជ្ជសាស្រ្តឈានមុខគេស្របទៅតាមស្តង់ដារឯកទេស និងទឹកចិត្តដ៏ល្អប្រពៃរបស់វេជ្ជបណ្ឌិតជំនាញឯកទេសសិង្ហបុរី និងកម្ពុជា ព្រមទាំងដើម្បីពាំនាំមកនូវសេវាកម្មសុខុមាលភាពវេជ្ជសាស្រ្តសិង្ហបុរីពេញលេញជូនដល់ប្រទេសកម្ពុជាផងដែរ។” វេជ្ជបណ្ឌិត Roy Koh Kiok Miang ដែលជាគ្រូពេទ្យឯកទេសផ្នែកវះកាត់ប្រព័ន្ធសរសៃប្រសាទ និងជាសមាជិកនៃគណៈកម្មាធិការវេជ្ជសាស្រ្តរបស់ SGMC ដែលគ្រប់គ្រងទៅលើផ្នែកក្រមសីលធម៌ និងបទដ្ឋានវេជ្ជសាស្រ្តបានគូសបញ្ជាក់ថា “ការផ្ដល់សេវាកម្មជូនអតិថិជនរបស់យើងនឹងជួយឲ្យពួកគាត់ទទួលបានសុខុមាលភាពដ៏ល្អមិនត្រឹមតែជាបុព្វសិទ្ធិមួយប៉ុណ្ណោះទេប៉ុន្តែក្រុមការងារទាំងអស់របស់យើងនៅ SGMC បានចាត់ទុកការផ្ដល់សេវាកម្មរបស់យើងជូនអតិថិជនជាទំនួលខុសត្រូវមួយផងដែរ”។  បន្ថែមពីនោះ ចំពោះសន្និសីទសារព័ត៌មាននេះក៏បានបង្ហាញពីព័ត៌មានពិសេសពាក់ព័ន្ធនឹងសារៈសំខាន់នៃការពិនិត្យជំងឺមហារីកស្បូនដោយវេជ្ជបណ្ឌិតក្នុងប្រទេស Setheka Yin និងការពន្យល់អំពីការព្យាបាលដោយផ្ដល់ជាតិទឹកសេរ៉ូម IV (hydration therapy) ព្រមទាំងអំពីអត្ថប្រយោជន៍នៃវិធីព្យាបាលនេះចំពោះសុខភាព និងសុខមាលភាពរយៈពេលវែងពីសំណាក់វេជ្ជបណ្ឌិតអន្តរជាតិរបស់យើងគឺ វេជ្ជបណ្ឌិត Jason Phan និងវេជ្ជបណ្ឌិត Alison Gordon មកពីសហរដ្ឋអាមេរិក។  ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះតទៅ SGMC នឹងបើកបម្រើសាធារណជនសម្រាប់សេវាកម្មវេជ្ជសាស្រ្តទូទៅ ការពិនិត្យសុខភាព និងសេវាថែទាំសុខភាពទូទៅ។ សេវាកម្មសុខុមាលភាពវេជ្ជសាស្រ្តបន្ថែមនឹងត្រូវធ្វើឡើងជាដំណាក់កាលដើម្បីធានាថា ការថែទាំអ្នកជំងឺទទួលបាននូវលទ្ធផលល្អប្រសើរ និងជាទីពេញចិត្ត។ នៅត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា កញ្ចប់សេវាកម្មសុខុមាលភាព និងសេវាកម្មព្យាបាលពេញលេញរបស់ SGMC នឹងមានផ្ដល់ជូនសម្រាប់សហគមន៍ទាំងមូលនៅក្នុងប្រទេសកម្ពុជា។ SGMC មានការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការកសាងគោលដៅនៃការរស់នៅប្រកបដោយសុខុមាលភាពដំបូងគេ និងល្អជាងគេនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ផ្នែកទំនាក់ទំនងសាធារណៈទៅវិញទៅមក hello@twowaypr.com, www.twowaypr.com                2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ       

ចែករំលែក

(រាជធានីភ្នំពេញ)៖ ក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ម.ក នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ កន្លងនេះ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តជាមួយគ្នាជាមួយក្រុមហ៊ុន ម៉េកស៍ អាយខន ម.ក ក្រុមហ៊ុន អូរ៉ូរ៉ា ឃែភីថល ម.ក និងក្រុមហ៊ុន ហ្វួរមី រ៉ូសហ្ស ម.ក សម្រាប់ការវិនិយោគរួមគ្នាលើសេវាកម្មសុខាភិបាល និងសេវាកម្មគ្រប់គ្រងអាជីវកម្មក្នុងទំហំទឹកប្រាក់ ៥.៦លានដុលា្លរសហរដ្ឋអាមេរិក។ ជាក់ស្តែង ពិធីចុះកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដាច់ដោយឡែកពីគ្នារវាងលោកជំទាវ សែ លីលី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ម.ក ជាមួយលោកស្រី អុិន ថៃរ៉ូហ្សាលីន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉េកស៍ អាយខន ម.ក លោកស្រីវេជ្ជបណ្ឌិត ឃួន លីដា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អូរ៉ូរ៉ា ឃែភីថល ម.ក និងលោក វ៉ាន ច័ន្ទដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្វួរមី រ៉ូសហ្ស ម.ក នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភោគីត្រា។ ក្នុងឱកាសនេះដែរ លោក Rory Cox នាយកវិនិយោគនៃក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ម.ក បានឲ្យដឹងថា ការបណ្តាក់ទុនរួមគ្នានេះគឺដើម្បីផ្តល់ឲ្យប្រទេសកម្ពុជានូវគោលដៅមួយធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ធប្រកបដោយភាពទាន់សម័យ។ យើងរីករាយក្នុងការបង្កើតទំនាក់ទំនងសហប្រតិបត្តិការឲ្យកាន់តែជិតសិ្នទ្ធថែមទៀត ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងដ៏ធំរបស់យើងគឺទីក្រុង អៃស៊ីធី។ លោកស្រី Lorencia Kumalasari នាយកប្រតិបត្តិក្រុមហ៊ុន ម៉េកស៍ អាយខន បានលើកឡើងថា ក្រុមហ៊ុន ម៉េកស៍ អាយខន ជាក្រុមហ៊ុនមេដែលបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធពីរក្នុងការផ្តល់សេវាកម្មផ្នែកទន្តសាស្រ្ត និងរោគសើស្បែក ដោយគោរពតាមបទដ្ឋាន ISO ត្រឹមត្រូវ។ ហើយនៅក្នុងឆ្នាំខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងបើកសាខា Jordan Petra Dental Clinic ចំនួន ៤ បន្ថែមទៀតដែលអាចធ្វើឲ្យអតិថិជនមានឱកាសទទួលបានការព្យាបាលប្រកបដោយវិជ្ជាជីវៈ ដោយសារតែមានវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ និងតម្លៃសមរម្យផងដែរ។ ក្នុងនោះដែរ លោកវេជ្ជបណ្ឌិត វ៉ាន សុខជា នាយកប្រតិបត្តិក្រុមហ៊ុន អូរ៉ូរ៉ា ឃែភីថល បានលើកឡើងផងដែរថា ក្រុមហ៊ុន អូរ៉ូរ៉ា ឃែភីថលជាក្រុមហ៊ុនមេដែលបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធពីរគឺ ក្រុមហ៊ុន Maxicare Pedaitric Clinic និងក្រុមហ៊ុន Bright Mind ដែលមានក្រុមគ្រូពេទ្យមានជំនាញច្បាស់លាស់ រួមជាមួយការបណ្តុះបណ្តាលខ្ពស់និងបញ្ចប់ការសិក្សាមកពីប្រទេសបារាំង អូស្ត្រាលី និងកូរ៉េ។ ក្រុមហ៊ុន Bright Mind ផ្តោតលើការពិនិត្យព្យាបាលកុមារជួបបញ្ហាជំងឺ Autism ដោយក្រុមជំនាញជាជនជាតិបរទេសហើយចំពោះគ្លីនិក Maxicare Pediatric មានបម្រើសេវាកម្ម ២៤ម៉ោងក្នុងមួយថ្ងៃ ដល់អតិថិជនផងដែរ។ ក្រុមហ៊ុន អូរ៉ូរ៉ា ឃែភីថល ក៏បានសម្រេចចិត្តចូលរួមជាដៃគូយុទ្ធសាស្ត្រដើម្បីផ្តល់សេវាកម្មថែទាំសុខភាពដល់អ្នករស់នៅក្នុងទីក្រុង អៃ ស៊ីធី ក៏ដូចជាប្រជាពលរដ្ឋនៅជុំវិញនោះផងដែរ។ លោក លីវ បូនីតូ នាយកប្រតិបត្តិក្រុមហ៊ុន ហ្វួរមី រ៉ូសហ្ស បានលើកឡើងដែរថា ដោយបានមើលឃើញនូវកំណើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយនិងលំហូរចូលជាវិជ្ជមាននៃវិនិយោគិនពីក្រៅប្រទេសមកក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ហ្វួរមី រ៉ូសហ្ស បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន ភ្នំពេញ លែន ឃែភីថល ក្នុងការផ្តល់សេវាកម្មសវនកម្ម គណនេយ្យ និងពន្ធដារ ដល់សហគ្រាសដែលនឹងមានវត្តមានក្នុងទីក្រុងដ៏មានសក្តានុពលមួយនេះនិងដើម្បីជួយសហគ្រាសគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព។ក្រុមហ៊ុនក៏ជា Xero Gold Partner ដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ Xero Accounting Software គឺជាកម្មវិធីគណនេយ្យ ដែលកំពុងទទួលបានចំណែកទីផ្សារធំៗនៅបរទេស និងទទួលបានការចាប់អារម្មណ៍នៅក្នុងប្រទេសកម្ពុជា។  សូមបញ្ជាក់ផងដែរថា ភាពជាដៃគូបែបនេះ នឹងជំរុញឲ្យមានរលកសហការជាដៃគូលក្ខណៈអន្តរជាតិបន្ថែមទៀត ក៏ដូចជាស្រូបទាញគម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យលំដាប់ពិភពលោកមកទីផ្សារកម្ពុជាផងដែរ។ ក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ម.ក គ្រោងនឹងរៀបចំឲ្យមានការចូលរួមបណ្តាក់ទុនជាបន្តបន្ទាប់ទៀតនៅឆ្នាំនេះផងដែរ។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នាថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន សារ៉ាយ៉ាកម្ពុជា ដែលជាក្រុមហ៊ុនមួយផ្តោតសំខាន់ទៅលើអនាម័យបានរៀបចំនូវសិក្ខាសាលាស្តីអំពី «វិធីសាស្រ្តលាងសម្អាតដៃដែលត្រឹមត្រូវដើម្បីកាត់បន្ថយការចម្លងមេរោគក្នុងមូលដ្ឋានវិស័យសុខាភិបាលនៅកម្ពុជា» នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានរយៈពេលមួយព្រឹក ដោយមានការចូលរួមពីសំណាក់ លោក Ryu Matsumoto នាយកគ្រប់គ្រងក្រុមហ៊ុន សារ៉ាយ៉ាកម្ពុជា លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត គ្រូពេទ្យ និងភ្ញៀវកិត្តិយសយ៉ាងច្រើនជាពិសេសវាគ្មិនដែលមានបទពិសោធន៍ដែលបានបកស្រាយពីរបៀបនៃការធ្វើអនាម័យដៃយ៉ាងត្រឹមត្រូវ ក៏ដូចជាផលប៉ះពាល់នៃកង្វះខាតនៃការធ្វើអនាម័យនេះ។ ដោយមើលឃើញពីកង្វះខាតនៃការធ្វើអនាម័យដៃរបស់ប្រជាពលរដ្ឋខ្មែរទើបក្រុមហ៊ុន សារ៉ាយ៉ា បានធ្វើការរិះរក និងលើកកម្ពស់នូវអនាម័យជុំវិញពិភពលោក ពិសេសផ្តោតសំខាន់ទៅលើអនាម័យផ្នែកវិស័យសុខាភិបាលតែម្តង។ នាឱកាសនេះដែរ លោក Ryu Matsumoto នាយកគ្រប់គ្រងក្រុមហ៊ុន សារ៉ាយ៉ាបានមានប្រសាសន៍ថា ក្រុមហ៊ុន សារ៉ាយ៉ា មានគោលដៅធ្វើយ៉ាងណាឲ្យអនាម័យលើពិភពលោក ពិសេសកម្ពុជាមានភាពប្រសើរឡើង ហើយដើម្បីសម្រេចបាននូវសមិទ្ធផលនេះ ក្រុមហ៊ុនសារ៉ាយ៉ាបានពង្រីក និងពង្រឹងដៃគូដល់ទៅ ២៥ប្រទេសសម្រាប់ផ្គត់ផ្គង់ផលិតផល។ ដោយឡែក កញ្ញា UMEZAWA បានលើកឡើងក្នុងបទបង្ហាញផងដែរថា ក្នុងឆ្នាំ២០១៥ មានអ្នកជំងឺ ៣២៦៣នាក់ ដែលចូលមន្ទីរពេទ្យក្នុងនោះមានអ្នកជំងឺ១០២នាក់ បានឆ្លងមេរោគ HAI (មេរោគដែលឆ្លងពេលនៅមន្ទីរពេទ្យ ដោយកង្វះអនាម័យដៃ)។ អត្រានៃការឆ្លង ៤.៦ ក្នុងចំណោមអ្នកជំងឺ ១០០០នាក់ក្នុងមួយថ្ងៃ ហើយចំពោះការព្យាបាល HAI គឺអ្នកជំងឺត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យរហូតដល់ ២៥ថ្ងៃ ខណៈដែលអ្នកមិនឆ្លងសម្រាកត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ។ កញ្ញាក៏បានបន្ថែមទៀតថា ក្នុងពិភពលោកនឹងមានអ្នកជំងឺស្លាប់ប្រមាណ ១០លាននាក់ នៅឆ្នាំ២០៥០ ដោយសារការឆ្លងជំងឺ HAI នេះ ហើយអត្រា GDP ក៏ធ្លាក់ចុះពី ២ភាគរយ ទៅ៣.៥ភាគរយ បើសិនគ្មានវិធានការចំពោះការធ្វើអនាម័យដៃឲ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន សារ៉ាយ៉ា ត្រូវបានបង្កើតឡើងនៅទីក្រុង Osaka ក្នុងឆ្នាំ១៩៥២ ដោយក្រុមហ៊ុនបានបង្កើតនូវសាប៊ូទឹកដើម្បីទប់ស្កាត់ការចម្លងរោគជាច្រើន ពិសេសក្រុមហ៊ុន សារ៉ាយ៉ា មានការរីកចម្រើន និងក្លាយជាក្រុមហ៊ុនលេខ១ នៅក្នុងវិស័យអនាម័យនៅប្រទេសជប៉ុនផងដែរ។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បើគិតទៅដល់អាហារសុខភាព ហើយជាពិសេសមិនមានការបន្ថែមប៊ីចេងទៀតនោះ ប្រាកដណាស់ ផាកកាហ្វេ គឺជាជម្រើសដ៏ល្អបំផុត និងត្រូវបានទទួលស្គាល់ពីសំណាក់អតិថិជនជាច្រើនរួចមកហើយ។  នាពេលថ្មីៗនេះ ដើម្បីបម្រើជូនតម្រូវការឲ្យកាន់តែសម្បូរបែប ក៏ដូចជាបន្តនូវចក្ខុវិស័យរបស់ ក្រុមហ៊ុន ផាក កាហ្វេ ហ៊្វូដ អេន បេវើរិច ដើម្បីក្លាយទៅជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ ១ នៅក្នុងប្រទេស ផាកកាហ្វេ បានពង្រីកសាខារបស់ខ្លួនមួយទៀត ដែលមានទីតាំងនៅទួលគោក និងបានធ្វើការសម្ពោធជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ ២០១៩។ ចំពោះទីតាំង ផាកកាហ្វេសាខាទួលគោកថ្មីនេះមានទីតាំងនៅលើផ្លូវ ៥១៦ កែង៣១៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ (អតីតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនាគារអេស៊ីលីដា) ដែលការរចនាហាងមានលក្ខណៈបែបខ្មែរបុរាណ និងខ្មែរទំនើប។ សម្រាប់សេវាកម្មរបស់ផាកកាហ្វេ ក៏នៅតែបន្តផ្ដល់ជូនអាហារគ្មានប៊ីចេងដ៏សម្បូរបែបដូចជា គុយទាវ កាហ្វេ អាហារសម្រន់ កាហ្វេឆុងបែបបុរាណខ្មែរ និងភេសជ្ជៈល្អជំនួយសុខភាពផ្សេងទៀត រួមផ្សំទៅដោយអនាម័យ បរិយាកាសល្អឥតខ្ចោះ ព្រមទាំងសេវាកម្មប្រកបដោយភាពស្ទាត់ជំនាញ។ បន្ថែមពីនោះភោជនីយដ្ឋាន ក៏បានរៀបចំតុពិសារដែលអំណោយផលល្អដល់ការពិភាក្សាជំនួយ ឬការងារផ្សេងៗពីព្រោះគម្លាតពីតុមួយទៅតុមួយឆ្ងាយល្មមមិនឲ្យអ្នកនៅតុជិតអាចស្ដាប់លឺការសន្ទនាគ្នាឡើយ។ គួបញ្ជាក់ដែរថា ផាកកាហ្វេ ជាភោជនីយដ្ឋានដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធនៅឆ្នាំ ២០០៤ ដែលផ្ដល់ជូនអាហារដែលគិតពីសុខភាពជាចម្បង។  2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សេចក្តីជូនដំណឹងថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលបានស្រាវជ្រាវ និងពិនិត្យឃើញមានក្រុមហ៊ុនឈ្មោះ Medi Well Pharma គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយកំពុងចែកចាយឱសថឈ្មោះ CEFIXIM 100 (Cefixime 100mg Power for Oral Suspension) បិទលតាបត្រក្លែងក្លាយដោយគ្មានលេខបញ្ជិកាត្រឹមត្រូវពីក្រសួងសុខាភិបាលឡើយ។ អាស្រ័យដូចបានជម្រាមខាងលើ និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលមានវិធានការដូចតទៅ៖ ភ្នាក់ងារត្រួតពិនិត្យឱសថត្រូវសហការជាមួយមន្ទីរសុខាភិបាលរាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការីដែលទទួលបន្ទុកបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ និងអាជ្ញាធរមូលដ្ឋាន ដើម្បីតាមដានស្វែងរកម្ចាស់ក្រុមហ៊ុនខុសច្បាប់ខាងលើមកផ្តន្ទាទោសស្របតាមច្បាប់ និងប្រមូលឱសថឈ្មោះ Cefixim 100 មកកម្ទេចចោល និងត្រូវបញ្ឈប់ការចែកចាយ ប្រើប្រាស់ និងលក់ឱសថឈ្មោះ Cefixim 100 នេះជាបន្តទៀត។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួប ឬប្រទះឃើញមានជនណាកំពុងចែកចាយ និងតាំងលក់ឱសថខុសច្បាប់ខាងលើនេះ សូមប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ១២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top