
- Jul 14, 2017 |
- 8 ឆ្នាំមុន |
- 37.3K មើល
អាហារ ១៣ ប្រភេទដែលស្ត្រីមានផ្ទៃពោះគួរបរិភោគ
ការរក្សារបបអាហារឲ្យបានត្រឹមត្រូវអំឡុងពេលមានផ្ទៃពោះគឺជារឿងសំខាន់។ ក្នុងអំឡុងពេលនេះ រាងកាយរបស់ស្ត្រីត្រូវការអាហារូបត្ថម្ភបន្ថែម ជាពិសេសពពួកវីតាមីន និងសារធាតុរ៉ែជាដើម។ ជាការពិត នៅអំឡុងត្រីមាសទី ២ និងទី៣ ស្រ្តីត្រូវការថាមពលបន្ថែមរហូតដល់៣៥០ ទៅ ៥០០ កាឡូរីក្នុងមួយថ្ងៃ ដែលនេះអាចធ្វើឲ្យស្រ្តីបរិភោគច្រើនលើសកម្រិត។ ការបរិភោគលើស ឬខ្វះសារធាតុចិញ្ចឹមសុទ្ធតែអាចជះឥទ្ធិពលអវិជ្ជមានដល់ ការលូតលាស់របស់ទារក។ លើសពីនេះ ការបរិភោគលើសតម្រូវការ ក៏បង្កជាផលវិបាកដល់មាតាដូចជា ការលើសទម្ងន់ ការកើតមានជំងឺទឹកនោមផ្អែម ដែលវាបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរនៅពេលសម្រាល។ ផ្ទុយទៅវិញ ការបរិភោគអាហារឲ្យបានសមស្រប នឹងធានាដល់សុខភាពមាតា និងទារក។ ខាងក្រោមនេះជាអាហារ ១៣ប្រភេទដែលស្រ្តីមានផ្ទៃពោះគួរបរិភោគ ដើម្បីទទួលបានសុខភាពល្អទាំងម្តាយនិងទារក៖ 1 ពពួកសណ្តែក៖ វាជាប្រភពអាហារដ៏សំខាន់ ព្រោះវាសម្បូរវីតាមីន B9 ,ហ្វាយប័រ (Fiber) និងសារធាតុចិញ្ចឹមជាច្រើនទៀត។ វីតាមីន B9 ជួយដល់ការលូតលាស់ ប្រព័ន្ធប្រសាទរបស់ទារក។ កង្វះវីតាមីនB9អាចធ្វើឲ្យទារកងាយឆ្លងជំងឺនៅពេលក្រោយ។ 2 ស៊ុត៖ ស៊ុតសម្បូរសារធាតុចិញ្ចឹមច្រើនប្រភេទ។ ការបរិភោគស៊ុតជាជម្រើសមួយដ៏ប្រសើរក្នុងការបង្កើនសារធាតុចិញ្ចឹមដល់រាងកាយ។ លើសពីនេះ ស៊ុតមានផ្ទុក សារធាតុ choline ដែលជាសារធាតុចាំបាច់សម្រាប់ការលូតលាស់របស់ខួរក្បាល។ 3 Broccoli និងបន្លែបៃតង៖ Broccoli និងបន្លែបៃតងសម្បូរ សារធាតុចិញ្ចឹមដែលស្រ្តីមានផ្ទៃពោះត្រូវការ។ វាក៏សម្បូរនូវពពួក Antioxidant ដែលជួយឲ្យសម្រស់ក្មេងជាងវ័យ និង ការពារពីជំងឺមួយចំនួន។ សារធាតុ Fiber ដែលវាផ្ទុកជួយបង្ការនិងការពារអាការៈទល់លាមកផងដែរ។ 4 សាច់គ្មានខ្លាញ់៖ សាច់គ្មានខ្លាញ់ជាប្រភពប្រូតេអុីនដ៏សម្បូរបែប។ សាច់ ជ្រូក និងសាច់គោសម្បូរជាតិដែក, choline និង vitamin B ដែលជាសារធាតុចាំបាច់សម្រាប់ ស្ត្រីមានផ្ទៃពោះ។ 5 សាច់ត្រី Salmon៖ សាច់ត្រីនេះសម្បូរ omega-3, EPA និង DHA ដែលសុទ្ធតែមានសារប្រយោជន៍ដល់ការលូត-លាស់ខួរក្បាល និងភ្នែក។ វាក៏ជាប្រភពនៃវីតាមីនDផងដែរ។ 6 គ្រាប់ធញ្ញជាតិ៖ ពួកវាសម្បូរដោយ Fiber និងវីតាមីន ដែលសុទ្ធតែល្អសម្រាប់ស្ត្រីមានផ្ទៃពោះ។ 7 ដំឡូងជ្វា៖ វាជាប្រភពនៃ Beta-carotene ដែលរាងកាយនឹងបំលែងទៅជា វីតាមីន A ។ វីតាមីននេះជួយដល់ការលូតលាស់កោសិកា របស់ទារក។ 8 ទឹក៖ ទឹក ជួយបង្កើនបរិមាណឈាម នៅពេលមានផ្ទៃពោះ។ ខ្វះជាតិទឹកអាចធ្វើឲ្យទល់លាមក និងរលាកតម្រងនោម។ ស្រ្តីគប្បីពិសាទឹកឲ្យបានច្រើន ក្នុងអំឡុងពេលនេះ យ៉ាងតិចឲ្យបាន ២លីត្រក្នុងមួយថ្ងៃ។ 9 ប្រេងថ្លើមត្រី៖ ប្រេងប្រភេទនេះ សម្បូរ Omega-3, Vitamin D និងVitamin A។ ជាទូទៅវាល្អសម្រាប់អ្នកដែលមិនពិសាគ្រឿងសមុទ្រ។ 10 ផលិតផលទឹកដោះគោ៖ ផលិតផលទឹកដោះគោ ជាពិសេសយ៉ាអួ គឺជាជម្រើសដ៏ល្អសម្រាប់ស្រ្តីមានផ្ទៃពោះ។ វាសម្បូរប្រូតេអុីន និងកាល់ស្យូម។ សារធាតុប្រូប្យូទិកក្នុងយ៉ាអួ ក៏ជួយកាត់បន្ថយបញ្ហាមួយចំនួនដូចជា កាត់បន្ថយឱកាសកើតទឹកនោមផ្អែម ការពារការរលាកប្រដាប់ភេទ និង ប្រតិកម្មអាល្លែកហ្ស៊ី។ 11 ផ្លែប៊័រ៖ ផ្លែនេះសម្បូរ Monounsaturated fatty acid, Fiber ,Folate និង Potassium។ វាជួយកាត់បន្ថយអាការៈស្ពឹកស្រពន់ជើងដែលច្រើនជួបប្រទះនៅ ពេលមានផ្ទៃពោះ។ 12 ផ្លែប័ររី៖ វា ជាផ្លែឈើដែលសម្បូរជាតិទឹក vitamin C, Fiber និងសារធាតុ Antioxidant។ បរិភោគផ្លែនេះនៅពេលមានផ្ទៃពោះ ជួយបង្កើនសារធាតុចិញ្ចឹម និងជាតិទឹកក្នុងរាងកាយ។ 13 ដំណាប់ផ្លែឈើ៖ វាមានប្រយោជន៍ចំពោះស្រ្តីមានផ្ទៃពោះ ដោយសារវាសម្បូរសារធាតុចិញ្ចឹម។ វាមានទំហំតូចធ្វើឲ្យបរិភោគបានច្រើន ជួយឲ្យទទួលបានសារធាតុ ចិញ្ចឹមច្រើន។ តែមិនត្រូវបរិភោគច្រើនពេកទេ ព្រោះវាមានជាតិស្ករខ្ពស់។ ចែករំលែកដោយ ៖ ឱសថការីឧត្តម ចាប ច័ន្ទរតនា អ្នកត្រួតពិនិត្យគុណភាពឱសថនៃសហគ្រាសផលិតឱសថ ជា ចំណាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ចែករំលែក