Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ដុំពកតូចៗដែលច្រើនសង្កេតឃើញនៅលើផ្ទៃមុខរបស់អ្នកជាពិសេសគឺនៅជុំវិញភ្នែក និងត្របកភ្នែកតែងតែជាកង្វល់ និងភាពរំខានមួយរបស់មនុស្សជាច្រើនដោយសារវា មិនត្រឹមតែបន្ថយភាពស្រស់ស្អាតនៅលើផ្ទៃមុខរបស់អ្នកប៉ុណ្ណោះទេ តែវាក៏មានរឿងពាក់ព័ន្ធមួយចំនួនដែលអ្នកមិនធ្លាប់បានដឹងផងដែរ។ ចង់ដឹងដែរឬទេថា ដុំពកតូចៗទាំងនេះកើតឡើងដោយសារអ្វី? តើអ្នកអាចបំបាត់វាបានដែរឬទេ? ស្រាយចម្ងល់របស់អស់លោកអ្នកជាមួយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត សឿ ច័ន្ទថន អតីតនិស្សិតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលភ្នំពេញ ជាមួយនឹងសញ្ញាប័ត្រជំនាញសើស្បែក និងកាមរោគពីប្រទេសថៃដែលក្រៅពីបម្រើការងារនៅគ្លីនិកជាតិសើស្បែកនិងកាមរោគបច្ចុប្បន្ន លោកក៏មានតួនាទីជាសាស្រ្តាចារ្យមួយរូបផងដែរ។ ១.    អ្វីជាជំងឺផ្កាស្បូន? ផ្កាស្បូន ឬហៅថា Syringoma ជាជំងឺម្យ៉ាងដែលច្រើនកើតលើស្បែកជាពិសេសគឺផ្ទៃមុខហើយជាញឹកញាប់មាននៅក្រោមភ្នែក លើត្របកភ្នែក លើថ្ងាសឬក៏លើទ្រូង និងជួនកាលថែមទាំងអាចកើតដល់សរីរាង្គភេទផងដែរ។ លក្ខណៈសម្គាល់របស់វា គឺជាដុំសតូចៗដែលមានទំហំប្រហែលជា១-៣មីលីម៉ែត្រ និងពណ៌របស់វាជាទូទៅមានលក្ខណៈដូចស្បែករបស់យើង ឬក៏មានពណ៌លឿង។ ២.    តើមូលហេតុអ្វីដែលនាំឲ្យកើតផ្កាស្បូន? ជំងឺនេះពុំមានមូលហេតុណាមួយជាក់លាក់ទេតែមានកត្តាពាក់ព័ន្ធមួយចំនួនដែលអាចជម្រុញឲ្យកើតជំងឺនេះឡើងក្នុងនោះរួមមាន ភាពខុសប្រក្រតីនៃសកម្មភាពក្រពេញញើស ឬក្រពេញទឹករបស់មនុស្សដែលនៅក្រោមស្បែក ជំងឺមួយចំនួនដូចជាទឹកនោមផ្អែម និងវិបត្តិនៃជំងឺមួយចំនួនទៀតដែលហៅថាDown syndrome សុទ្ធតែជាកត្តាជម្រុញឲ្យកើតផ្កាស្បូននេះឡើង។ ក្រៅពីនោះកត្តាតំណពូជក៏ជាកត្តាពាក់ព័ន្ធនៃជំងឺនេះផងដែរ។ ដោយឡែក ចំពោះអ្នកដែលមានទម្លាប់បរិភោគអាហារប្រៃក៏អាចបង្កើនឱកាសក្នុងការប្រឈមមុខនឹងការកើតមានផ្កាស្បូនដូចគ្នា។ សូមបញ្ជាក់ថា ជំងឺនេះគឺកើតឡើងក្រោយពីស្បែករបស់យើងមានការរលាកតែមិនសំដៅដល់ការរលាកធ្ងន់ធ្ងរដែលធ្វើឲ្យឡើងដំបៅទឹករងៃនោះទេគ្រាន់តែជាការរលាកដោយសារអ្វីមួយដែលធ្វើឲ្យស្បែកឡើងក្រហម ដែលបន្ទាប់មកក៏ឲ្យកើតជាជំងឺផ្កាស្បូននេះឡើងតែម្តង ឧទាហរណ៍ដូចជាការរលាកដោយសារកម្តៅថ្ងៃជាដើម។ ៣.    អ្នកណាខ្លះប្រឈមមុខនឹងការកើតមានផ្កាស្បូននេះ? ការពិតផ្កាស្បូនអាចកើតមានចំពោះមនុស្សគ្រប់ស្រទាប់វ័យតែម្តង ក៏ប៉ុន្តែគេសង្កេតឃើញថាវាកើតជាពិសេសទៅលើស្ត្រីជាងបុរស និងជាទូទៅ គឺកើតនៅពេលមនុស្សជិតពេញវ័យឬក៏នៅដំណាក់កាលពេញវ័យ ដោយវាទាក់ទងទៅនឹងបម្រែបម្រួលអ័រម៉ូន។ ៤.    ការធ្វើរោគវិនិច្ឆ័យត្រូវធ្វើដូចម្តេច? ការធ្វើរោគវិនិច្ឆ័យអាចធ្វើឡើងតាមវិធីសាស្ត្រពីរ គឺរបៀបគ្លីនិកដែលជាការត្រួតពិនិត្យមើលផ្ទាល់នឹងភ្នែកទៅលើលក្ខណៈរបស់ដុំពកដោយផ្អែក លើលក្ខណៈចំណាំក្រោមរូបភាពជាគ្រាប់ពណ៌ដូចស្បែក ឬក៏ពណ៌លឿងដែលមានទំហំតូចៗហើយច្រើនកើតនៅតំបន់ជុំវិញភ្នែកឬក៏ត្របកភ្នែក។ ឯវិធីសាស្ត្រមួយទៀតគឺប៉ារ៉ាគ្លីនិកដែលផ្អែកទៅលើការយកស្បែកទៅវិភាគ (ជាលិកាសាស្ត្រ)ដើម្បីអាចបញ្ជាក់បន្ថែមថាវាពិតជាជំងឺផ្កាស្បូន ដោយសារការលេចឡើងនូវភាពមិនធម្មតានៃ ក្រពេញញើស។ ៥.    ផ្កាស្បូនត្រូវព្យាបាលតាមរបៀបណា? មានវិធីមួយចំនួនក្នុងការព្យាបាលជំងឺផ្កាស្បូនដែលទីមួយគឺ ការវះកាត់ ដើម្បីយកដុំតូចៗនោះចេញ។ វិធីទីពីរគឺ Cauterisation ដែលជាការដុតបំបាត់ដុំពកនោះ ឬធ្វើការព្យាបាលដែលពេញនិយមដោយកាំរស្មីឡាស៊ែរដោយប្រើប្រាស់នូវចរន្តភ្លើងដូចគ្នា។ ក្រៅពីនោះក៏អាចធ្វើការព្យាបាលតាមរយៈ Dermabrasion ដែលជាវិធីសាស្ត្រ​ ក្នុងការខាត់ជម្រុះដុំពកៗនោះតែម្តង។ សូមបញ្ជាក់ផងដែរថា ការព្យាបាលតាមវិធីខាងលើទាមទារនូវពេលវេលាមួយសមរម្យ និងតម្រូវឲ្យធ្វើច្រើនដង ម្យ៉ាងទៀត ការព្យាបាលទៀតសោតក៏អាចបន្សល់នូវសម្លាកឬផ្លែ និងអាចមានការលាប់ឡើងវិញផងដែរ។ ដោយឡែកចំពោះអ្នកដែលមិនទទួលការព្យាបាល ត្រឹមត្រូវជាពិសេសគឺការញេចដោយខ្លួនឯងអាចបណ្តាលឲ្យមានផលវិបាកជាច្រើនដូចជាធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ រីករាលដាលច្រើន ឬកើតជាបញ្ហាផ្សេងៗទៀតជាបន្តបន្ទាប់។ ដូចនេះ អ្នកជំងឺដែលមានបញ្ហានេះត្រូវណែនាំឲ្យចៀសវាងការញេចកេះ និងអេះជាដាច់ខាត។ ៦.    មានវិធីអ្វីអាចការពារកុំឲ្យកើតមានជំងឺផ្កាស្បូន? ក្នុងករណីដែលជំងឺមានទាក់ទងនឹងបញ្ហាតំណពូជនោះការការពារមានការពិបាកខ្លាំង។ ទោះយ៉ាងណាក៏ដោយមានវិធីសាស្ត្រខ្លះដែលអ្នកអាចធ្វើបាន ដើម្បីបង្ការផ្កាស្បូនបានរួមមានការសម្អាតស្បែកឲ្យបានស្អាតជារៀងរាល់ថ្ងៃ ចៀសវាងការរលាកផ្សេងៗជាពិសេសគឺការរលាកដោយសារកម្តៅថ្ងៃ ចៀសវាងការពិសាស្រា បារី និងគួរត្រួតពិនិត្យ តាមដានកម្រិតជាតិស្ករនៅក្នុងខ្លួនជាប្រចាំដោយសារវាអាចពាក់ព័ន្ធនឹងការកើតជំងឺទឹកនោមផ្អែមដែលជាកត្តាជម្រុញមួយនៃជំងឺផ្កាស្បូន កាត់បន្ថយការហូបប្រៃ កុំប្រឈម ឬនៅកៀកទៅនឹងបរិយាកាសដែលមានជាតិពុលឬជាតិគីមីច្រើនព្រោះវាអាចជាមូលហេតុនៃការកើតជំងឺផ្កាស្បូននៅថ្ងៃក្រោយ។  “ប្រសិនបើអ្នកមានបញ្ហាស្បែក ឬក៏មានរោគសញ្ញាណាមួយនៅលើស្បែកគួរតែទៅជួបជាមួយនឹងវេជ្ជបណ្ឌិតឯកទេសសើស្បែកឲ្យបានឆាប់រហ័ស និងសូមរំលឹកម្តងទៀតថាអ្នកជំងឺទាំងអស់ គប្បីចៀសវាងការញេច និងកេះផ្តេសផ្តាសដោយខ្លួនឯង ក៏ដូចជាប្រើប្រាស់ផលិតផលផ្សេងៗដែលគ្មានការជឿទុកចិត្តច្បាស់លាស់ដែលទាំងនេះជាករណីដែលតែងជួបប្រទះជាញឹកញាប់ ហើយវាអាចឲ្យលោកអ្នកប្រឈមមុខនឹងហានិភ័យនៃការរលាកស្បែកក៏ដូចជាធ្វើឲ្យមានជំងឺផ្កាស្បូននេះកើតឡើងផងដែរ”  នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សឿ ច័ន្ទថន៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ញុំរស់នៅរាជធានីភ្នំពេញ។ នាងខ្ញុំធ្លាប់ឮគេថា ការញ៉ាំកាហ្វេច្រើនប៉ះពាល់ដល់សុខភាព ពិសេសប៉ះពាល់លើការបង្កកំណើតរបស់ស្ត្រីតែម្តង។ តើវាជាការពិតឬទេ? ចម្លើយ ៖ ការសិក្សាខ្លះបានរកឃើញនូវទំនាក់ទំនងរវាងការប្រើប្រាស់កាហ្វេអ៊ីន និងសមត្ថភាពក្នុងការមានផ្ទៃពោះរបស់ស្រ្តី ប៉ុន្តែក៏មានការសិក្សាខ្លះមិនបានរកឃើញលទ្ធផលនេះដែរ។ អ្នកវិទ្យាសាស្ត្រភាគច្រើនបាននិយាយថា វាគ្រាន់តែមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការបញ្ជាក់ឲ្យច្បាស់ពីទំនាក់ទំនងនៃកាហ្វេអ៊ីន និងសមត្ថភាពបន្តពូជ។ បើទោះបីជាអ្នកស្រាវជ្រាវនៅមិនទាន់អាចរកឃើញទំនាក់ទំនង រវាងការផឹកកាហ្វេអ៊ីនក្នុងបរិមាណច្រើនគួរសម និងបញ្ហាបន្តពូជក៏ដោយេះ ការប្រើប្រាស់កាហ្វេអ៊ីនត្រឹម២០០ទៅ៣០០ម.ក្រ.ក្នុងមួយថ្ងៃ ត្រូវបានចាត់ទុកថាមិនមានបញ្ហាលើសមត្ថភាពមានផ្ទៃពោះឡើយ។ ប្រសិនបើអ្នកផឹកកាហ្វេច្រើនជាងនេះ វាជារឿងល្អ ប្រសិនបើអ្នកកាត់បន្ថយវា។ បកស្រាយដោយ ៖ លោកស្រីវេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center

ចែករំលែក

លោក រ៉ូ គីមឆាយ ជានិស្សិតឯកទេស ថ្លើម ក្រពះ ពោះវៀន ឆ្នាំទី១ជំនាន់ទី ៦ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ មូលហេតុដែលនាំឲ្យលោក ជ្រើសរើសអាជីពជាគ្រូពេទ្យ ហើយរើសយកជំនាញមួយនេះទៀតនោះ គឺជំនាញថ្លើម ក្រពះ ពោះវៀន ជាជំនាញវេជ្ជសាស្រ្តផង និងបច្ចេកទេសផង ដែលសម្បូរបែបទាំងប្រភេទជំងឺ និងទាំងវិធីសាស្ត្រព្យាបាលទៅលើប្រដាប់រំលាយអាហារដែលមានសរីរាង្គជាច្រើន។  ដើម្បីក្លាយខ្លួនជានិសិ្សតឯកទេសមួយនេះ គីមឆាយបានរៀបរាប់ថា“សំខាន់គឺការអត់ធ្មត់និងឧស្សាហ៍ព្យាយាមព្រោះថាការសិក្សាមានការលំបាក និងមានរយៈពេលយូររហូតដល់៤ឆ្នាំ បន្ថែមលើការសិក្សាបរិញ្ញាប័ត្រវេជ្ជសាស្ត្រ៦ឆ្នាំសរុបមកគឺ ១០ឆ្នាំ។ មួយវិញទៀត និស្សិត គួររៀនភាសាបារាំង និងអង់គ្លេសឲ្យបានច្រើន ដើម្បីងាយស្រួលក្នុងការធ្វើការសិក្សាស្រាវជ្រាវបន្ថែម”។  និយាយពីការលំបាកដែលលោកបានជួបក្នុងការសិក្សាមាន ការត្រូវចំណាយថវិកា កម្លាំង និងពេលវេលាច្រើន។ ក្រៅពីរៀននៅសាលាគីមឆាយ ត្រូវយកទ្រឹស្តីដែលរៀនរួចមកផ្សារភ្ជាប់ការអនុវត្ត ដោយត្រូវចុះកម្មសិក្សាតាមមន្ទីរពេទ្យ ក្រោមការជួយណែនាំពីសិស្សច្បង និងវេជ្ជបណ្ឌិតជំនាញៗ ហើយត្រូវឧស្សាហ៍អានអត្ថបទស្រាវជ្រាវថ្មីៗ ឬក៏ចូលរួមស្តាប់បទបង្ហាញរបស់វេជ្ជបណ្ឌិតជំនាញៗដើម្បីស្វែងយល់ពីរបៀបព្យាបាលថ្មីៗនិងមានប្រសិទ្ធភាពខ្ពស់។  លោកបានប្រាប់ផងដែរថា បញ្ហាក្រពះពោះវៀននេះមានជួបប្រទះច្រើនណាស់ នៅកម្ពុជាយើងពិសេសគឺជំងឺរលាកក្រពះនិងរលាកថ្លើម។ ឯការយល់ដឹងពីការថែទាំសុខភាពប្រដាប់រំលាយអាហារ នៅមានលក្ខណៈតិចតួចនៅឡើយ ហើយសេវាថែទាំសុខភាពក្រពះពោះវៀន ក៏នៅមិនទាន់មានគ្រប់គ្រាន់ដែរ។  ជាចុងក្រោយ ខ្ញុំសូមផ្តាំផ្ញើដល់អ្នកមានបព្ហាថ្លើម ក្រពះ ឬពោះវៀន ថាពួកគាត់ គួរឆាប់មកជួបគ្រូពេទ្យជំនាញ ព្រោះថាជំងឺខ្លះអាចនឹងប៉ះពាល់ដល់ជីវិត ឬក៏មានផលវិបាករ៉ាំរ៉ៃប្រសិនបើមកជួបគ្រូពេទ្យមិនទាន់ពេលវេលា។

ចែករំលែក

មេរោគក្នុងក្រពះ (Helicobacter Pylori or H.pylori) គឺជាមេរោគម្យ៉ាងដែលស្ថិតនៅក្នុងក្រុម ក្រាមអវិជ្ជមាន (gram-negative) ហើយជាក្រុមមេរោគមួយប្រភេទដែលមានលទ្ធភាពអាចរស់នៅក្នុងទឹកអាស៊ីតក្រពះរបស់មនុស្សយើងបាន ។ ច្រើនជាង ៥០% នៃប្រជាជនក្នុងពិភពលោក មានផ្ទុកមេរោគនេះ ហើយច្រើនជាង ៨០% អ្នកដែលមេរោគនេះនៅក្នុងខ្លួន ឥតមានរោគសញ្ញា។ ការចម្លងរបស់មេរោគ H.pylori គឺមានឡើងតាមរយៈការហូបអាហារដែលមិនមានអនាម័យ និងតាមរយៈការប៉ះពាល់ជាមួយទឹកមាត់ និងលាមកអ្នកជំងឺផងដែរ។ ក) មេរោគ H.pylori នេះវាមានសម្ថភាពពិសេសមួយដែលអាចបង្កឲ្យមានការបញ្ចេញជាតិអាស៊ីតក្រពះច្រើនលើសពីកម្រិតតធម្មតានៃតម្រូវការប្រចាំថ្ងៃរបស់យើង ដែលអាចបណ្តាលឲ្យមានការលើសជាតិអាស៊ីតក្នុងក្រពះ វិបត្តិនៃការរំលាយអាហារ ជំងឺរលាកសាច់ក្រពះរាំរ៉ៃ ជំងឺដំបៅក្រពះ និង ជំងឺមហារីកក្រពះផងដែរ ។  ខ) ការពិនិត្យ និង ស្វែងរកវត្តមាននៃ មេរោគ H.pylori នេះនៅលើគ្រប់អ្នកជំងឺដែលមានសញ្ញាឈឺក្រពះ គឺមានសារៈសំខាន់បំផុតក្នុងការព្យាបាលអ្នកជំងឺក្រពះឲ្យមានប្រសិទ្ធិភាពកាន់តែខ្ពស់ និង ជួយអ្នកជំងឺ ដើម្បីការពារការវិវត្តរាំរ៉ៃ និង មានសភាពធ្ងន់ធ្ងរនៃបញ្ហាក្រពះបាន ។ គ)  រោគសញ្ញា និង ផលវិបាកដែលអាចកើតមាននៅលើអ្នកជំងឺដែលមានផ្ទុកមេរោគ ក្រពះនេះមានដូចជា ៖    + វិបត្តិនៃការរំលាយអាហារ    + រលាកក្រពះ រាំរៃ និង មិនជាដាច់ក្រោយការព្យាបាល    + ដំបៅក្រពះរាំរៃ ហើយអាចបង្កការហូរធ្លាក់ឈាមពីប្រដាប់រំលាយអាហារ    + ការបាត់បង់ និង ខ្វះគ្រាប់ឈាមក្រហម    + ដុំមហារីកក្នុង ក្រពះ ។ល។ ឃ) វិធីផ្សេងៗក្នុងការពិនិត្យមេរោគ H.pylori:     + ធ្វើការយកទឹករំអិល និង វិភាគសាច់ក្រពះតាមរយៈ Fibroscopie gastrique (Anapath),     + ធ្វើការវិភាគសាច់ក្រពះតាមរយៈ Test rapide à l'Uréase    + ធ្វើការពិនិត្យលាមក (Stool Antigen test)    + វិធីវិភាគតាមខ្យល់ដង្ហើម (test resporatoire à C13 និង C14)     + ការពិនិត្យរក Anticorp H.pylori នៅក្នុងឈាម ។ ង) ការព្យាបាល សូមមកពិនិត្យ និងទទួលការប្រឹក្សាពីក្រុមវេជ្្ជបណ្ឌិតឯកទេសជំនាញ ប្រកបដោយបទពិសោធន៍ និងបច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវការព្យាបាលដ៏មានប្រសិទ្ធភាព ។ ***** គួរកត់សម្គាល់ដែរថា ការសំលាប់មេរោគក្រពះ បានជោគជ័យអាចកាត់បន្ថយអត្រាប្រឈម និង ជំងឺមហារីកក្រពះបានប្រមាណជា 40% យ៉ាងងាយស្រួល ។

ចែករំលែក

អាហារល្អៗជាច្រើនសម្រាប់ញ៉ាំដើម្បីសុខភាព និងល្អសម្រាប់មុខមុន ប៉ុន្តែការញ៉ាំអាហារដ៏ត្រឹមត្រូវមិនមែនត្រឹមតែជាអ្វីដែលអ្នកគួរញ៉ាំនោះទេ តែក៏ជារបៀបនៃការញ៉ាំផងដែរ។ អ្នកបានដឹងមកហើយអំពីអាហារដែលត្រូវញ៉ាំតែរបៀបញ៉ាំនេះក៏មិនមែនជារឿងតូចតាចដែរ បើសិនជាមុនរបស់អ្នកហាក់នៅតែរឹងទទឹងមិនបាត់ទៅណា។ 1.    កុំរំលងអាហារពេលព្រឹក ការរំលងអាហារពេលព្រឹកធ្វើឲ្យកំឡុងពេលរវាងអាហារឃ្លាតឆ្ងាយពីគ្នាពេកជម្រុញឲ្យមានការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមមិនទៀងទាត់ដែលជះឥទ្ធិពលលើការផលិតអាំងស៊ុយលីន បន្ទាប់មកក៏នាំឲ្យកើតមានជាការរលាក ស្បែកឡើងខ្លាញ់ និងការស្ទះរន្ធរោមដែលសុទ្ធតែជាដើមចមនៃការកើតមុន។ ម្យ៉ាងទៀត ការខកខានអាហារនៅពេលណាមួយ ជាពិសេសគឺពេលព្រឹកក៏នាំឲ្យមានការបញ្ចេញនូវអ័រម៉ូនស្រេ្តស cortisolដែលជម្រុញឲ្យជាតិស្ករក្នុងឈាមឡើងចុះដូចគ្នា ដែលជាចលនករនៃយន្តការបង្កការកើតមុនដូចខាងលើដែរ។   យកល្អគឺត្រូវញ៉ាំអាហារពេលព្រឹកនៅមួយម៉ោងក្រោយពីក្រោកពីគេង ហើយបន្ទាប់មកគឺត្រូវដាក់គម្លាតអាហារ និងចំណីផ្សេងទៀតប្រហែល៤ម៉ោងបន្ទាប់។ គួរកត់សម្គាល់ដែរថា កាហ្វេនៅពេលព្រឹកមិនអាចជួយអ្វីបានឡើយ ហើយវាក៏អាចធ្វើឲ្យមានការបញ្ចេញអ័រម៉ូនស្ត្រេសទៀតផង។ 2.    កុំសម្អាតតែមុខ ត្រូវសម្អាតពីខាងក្នុងតែម្តង សំខាន់ខ្លាំងណាស់ក្នុងការសម្អាតរាងកាយរបស់អ្នកស្អាតតាំងពីខាងក្នុង ដើម្បីឲ្យវាដំណើរការបានល្អប្រសើរ។ ជាក់ស្តែង កាលណាមានសារធាតុកកស្ទះនៅក្នុងរាងកាយស្បែក គឺជាសរីរាង្គសម្រាប់បញ្ចេញសារជាតិពុលនោះ ដែលធ្វើឲ្យស្បែកត្រូវរងសម្ពាធ និងរងការប៉ះពាល់។ ដើម្បីធានាសម្អាតពោះវៀនជាប្រចាំអ្នកត្រូវបញ្ចូលជាតិទឹក យ៉ាងហោច១.៥លីត្រក្នុងមួយថ្ងៃ បន្លែ និងផ្លែឈើចម្រុះ ថែមគ្រាប់ធញ្ញជាតិ ពពួកកាបូហាយដ្រេត សណ្តែក ប្រូតេអីុន សារធាតុសរសៃ ក៏ដូចជាពពួកប្រ៊ីបាយអូទិច ដែល អាចជួយសម្អាតពោះវៀន និងបញ្ចេញអ័រម៉ូនបានល្អ។ 3.    បំប៉នអ័រម៉ូនរបស់អ្នក តាមដានដំណើរការនៃអ័រម៉ូនរបស់អ្នកអាចជួយកាត់បន្ថយការលេចឡើងនៃមុន។ ទាំងនេះអាចជួយបានតាមរយៈការញ៉ាំបន្លែដូចជា ប្រូខូលី ស្ពៃក្តោប បន្លែមានពណ៌ទឹកក្រូច ក្រហម និងស្វាយជាដើម ដែលវាជួយរក្សាលំនឹងអ័រម៉ូនរបស់អ្នក។ យ៉ាងណាមិញ អ្នកត្រូវប្រាកដថាអ្នកគ្រាន់តែចម្អិនវាក្នុងរយៈពេលខ្លីល្មមប៉ុណ្ណោះដើម្បីធានាថាសារធាតុចិញ្ចឹម និងវីតាមីនរបស់វាអាចរក្សាបាន។ 4.    កុំបង្អត់ខ្លួនឯង រួចញ៉ាំលើសលប់នៅពេលក្រោយ ប្រហែលនឹងខាងលើ ការបង្អត់ ឬរំលងអាហារណាមួយក្រៅពីបង្កឲ្យមានឥទ្ធិពលលើជាតិស្ករ និងអ័រម៉ូនស្ត្រេស តែវាក៏បង្កឲ្យអ្នកអាចញ៉ាំលើសលប់នៅពេលក្រោយបានផងដែរ ដែលបន្ទាប់មកវាអាចធ្វើឲ្យមានការរលាក និងក្លាយជាមុនបាន។ជំនួសមកវិញអ្នកអាចបរិភោគចំណីទ្រាប់ពោះដែលផ្តល់សុខភាពល្អដើម្បីគ្រប់គ្រងភាពស្រេកឃ្លានរបស់អ្នក។ 5.    ឈប់បង្ហើយអាហារ ជារឿយៗអ្នកបង្ខំបង្ហើយអាហារទាល់តែអស់ បើទោះបីជាអ្នកឆ្អែតហើយក៏ដោយ ដែលជាលទ្ធផលក៏បង្កការរលាកដោយសារតែការញ៉ាំលើសលប់នេះឯង។ នៅពេលនេះ អ្នកដឹងទាំងអ្វីដែលត្រូវញ៉ាំ អ្វីមិនត្រូវញ៉ាំព្រមទាំងការញ៉ាំរបៀបណាផងដែរ ហើយការញ៉ាំដ៏ត្រឹមត្រូវសម្រាប់សុខភាព និងមុខមុន មិនគួរត្រូវបានអូសបន្លាយទៀតទេ  ប្រសិនបើអ្នកចង់បានស្បែកមុខដែលស្រស់ថ្លាគ្មានមុន។

ចែករំលែក

សុខភាពល្អ អ្នកណាក៏ប្រាថ្នាចង់បាន ឯការហាត់ប្រាណវិញ នរណាៗក៏ប្រាថ្នាថានឹងធ្វើមើលតែរាងក៏ដឹងដែរ ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានព្រលឹងទៅៗហើយ…ប៉ុន្តែ ថាទៅក្លឹបហាត់ប្រាណក៏ខ្ជិល ទិញឧបករណ៍មកហាត់ប្រាណខ្លួនឯងនៅផ្ទះក៏ត្រូវមានច្រើនមុខ ពេលខ្លះ ពិបាកដែរក្នុងការទិញឲ្យគ្រប់តាមតម្រូវការ។ ចុះបើមិនបាច់ទិញក៏មាន ហើយហាត់ប្រាណនៅផ្ទះអារម្មណ៍ដូចនៅក្លឹបហាត់ប្រាណវិញនោះ អស្ចារ្យយ៉ាងណាទៅ…តាមដាន អំពីឧបករណ៍ហាត់ប្រាណដែលអ្នកអាចបង្កើតដោយខ្លួនឯងបាន (DIY)៖ • សម្ភារៈជំនួសការធាក់កង់ កង់ដែលឈប់ប្រើទៅហើយ កុំទុកចោលនាំតែចង្អៀតផ្ទះធ្វើអ្វី យកមកច្នៃជាកង់ដែលនៅនឹងមួយកន្លែងសម្រាប់ធាក់ហាត់ប្រាណនៅផ្ទះមិនជាការល្អទេឬ? គ្រាន់តែដាក់កង់ក្រោយកុំប៉ះដល់ដី និងកំណត់ល្បឿនដូចកង់ធាក់ក្នុងក្លឹបហាត់ប្រាណទៅបានហើយ។ ការពិតទៅវាមានលក្ខណៈមិនសូវទំនើបប៉ុន្តែលោកអ្នកអាចប្រើវាបាន ហើយវាថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនទៀតផង។ • សម្ភារៈសម្រាប់ទាញ អ្នកធ្លាប់តែប្រើកន្សែងពោះគោសម្រាប់ជូតខ្លួន តែអ្នកដឹងទេថា វាក៏អាចជួយអ្នកក្នុងការហាត់ប្រាណបានដែរ។ ជាដំបូងអ្នកគ្រាន់តែកាន់វាជាមួយដៃទាំងពីរ ដើម្បីទប់លំនឹងដងខ្លួន បន្ទាប់មកធ្វើចលនាងើបចុះឡើងៗដូចអ្នកធ្លាប់ហាត់នៅក្នុងក្លឹបហាត់ប្រាណដូច្នេះដែរ។ • សម្ភារៈសម្រាប់គង ឬទប់លំនឹង កោអី ឬគ្រែរបស់អ្នក មិនត្រឹមតែសម្រាប់គេងនោះទេ វាបានផ្តល់អត្ថប្រយោជន៍ដល់អ្នកដោយមិនដឹងខ្លួន តាមរយៈការប្រើធ្វើជាឧបករណ៍សម្រាប់ធ្វើចលនាផ្សេងៗ ដូចជាពត់ដៃ ជើង ឬគងដៃ ជើង និងបត់បែនខ្លួនជាមួយវាជាដើម។ រីឯជញ្ជាំងផ្ទះវិញ អ្នកគ្រាន់តែឈរផ្កាប់មុខជាមួយវា ឬគេងផ្ទប់ជើងឡើងស្របតាមជញ្ជាំង ក៏ជាផ្នែកជួយដល់ចលនាឈាមរត់ដែរ។ • សម្ភារៈជំនួសម៉ាស៊ីនរត់ ផ្ទះនរណាក៏មានកាំជណ្តើរដែរ សាកប្រើវាធ្វើជាឧបករណ៍ហាត់ប្រាណរបស់អ្នកម្តងទៅមើល។  ងាយៗ អ្នកអាចរត់ ឬលោតតាមកាំជណ្តើរឡើងចុះ តែ២ ឬ៣ដង ក៏បែកញើសបាត់ទៅហើយ។   • សម្ភារៈជំនួសខ្សែលោត ខ្សែចងដែលអ្នកប្រើសម្រាប់ចងរបស់របរ មានទម្ងន់ធ្ងន់បន្តិច អ្នកក៏អាចយកវាមកជំនួសការទិញខ្សែលោតបាន គ្រាន់តែកាត់ខ្សែឲ្យល្មមនឹងកម្ពស់របស់អ្នក ដែលអាចលោតបានជាការស្រេច។ • សម្ភារៈជំនួសខ្សែយឺត ឬខ្សែទាញ វាជាប្រភេទឧបករណ៍ដែលសាមញ្ញ និងមានភាពងាយស្រួលក្នុងការអនុវត្ត ដោយលោកអ្នកអាចជ្រើសរើសយកខ្សែយឺតដូចជាកៅស៊ូរឹត ឬប្រភេទកៅស៊ូផ្សេងទៀតដែលផ្តល់ភាពយឺតបាន។ លោកអ្នកអាចប្រើវាដោយគ្រាន់តែដាក់២ ទៅ៣ជាន់ ដើម្បីកុំឲ្យងាយនឹងដាច់ អញ្ចឹង អ្នកអាចប្រើបានហើយ។ • សម្ភារៈដែលអាចជំនួសដុំដែក ការធ្វើលំហាត់ប្រាណនានាគួបផ្សំជាមួយការកាន់ដុំដែក គឺធ្វើឲ្យលំហាត់ប្រាណរបស់អ្នកមានប្រសិទ្ធភាពល្អ។ អ្នកអាចប្រើរបស់របរមួយចំនួនដើម្បីជំនួសវាបានដូចជា ដុំឥដ្ឋ សៀវភៅ ដបទឹកសុទ្ធចំនុះ ១លីត្រ ឬ២លីត្រ ឬច្នៃបាវខ្សាច់ដែលល្មមនឹងកាន់បាន។ ម្យ៉ាងទៀត អ្នកអាចជំនួសដោយដុំស៊ីម៉ង់ដែលអ្នកអាចកំណត់ទម្ងន់ដោយខ្លួនឯងបានក៏ជាការប្រសើរដែរ។ ឃើញទេ នៅផ្ទះអ្នកប្រាកដជាមានសម្ភារៈទាំងអស់នេះ សាកល្បងច្នៃហាត់ជាមួយគ្រួសាររបស់អ្នកល៎មើល មិនត្រឹមតែអាចសន្សំសំចៃថវិកាថែមទាំងផ្តល់ភាពកក់ក្តៅ ដល់គ្រួសារថែមទៀតផង។

ចែករំលែក

ការសិក្សាបានបង្ហាញថា ការពិនិត្យសុដន់(Breast Cancer Screening)ជាវិធីសាស្រ្តក្នុងការរកឲ្យឃើញនូវសញ្ញាណដំបូងនៃជំងឺមហារីក មុនពេលដែលជំងឺនេះរាលដាលដល់សរីរាង្គផ្សេងៗ និងវិវឌ្ឍទៅរកភាពកាន់តែធ្ងន់ធ្ងរមិនអាចព្យាបាលបាន ក៏ដូចជាចូលរួមចំណែកកាត់បន្ថយអត្រាមរណៈផងដែរ។  កុំរង់ចាំទាល់តែហួសពេល ស្វែងយល់ជាមួយអត្ថបទខាងក្រោមដែលនឹងបង្ហាញអ្នកអំពីវិធីសាស្រ្តក្នុងការពិនិត្យសុដន់ដោយខ្លួនឯង និងបច្ចេកទេសផ្សេងទៀតដែលអ្នកគួរយល់ដឹងតាមរយៈលោកស្រីវេជ្ជបណ្ឌិតTurobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅនៃមន្ទីរពេទ្យសកលវិទ្យាល័យអន្តរជាតិសែនសុខ។ ១. ការពិនិត្យសុដន់ដោយខ្លួនឯង៖ ការពិនិត្យសុដន់ជាទៀងទាត់ដោយខ្លួនឯងមិនត្រឹមតែអាចឲ្យអ្នកស្គាល់ច្បាស់ពីរូបរាងសុដន់របស់អ្នកនោះទេថែមទាំងអាចកំណត់បាននូវសញ្ញាណនានាដែលអាចជាដំណាក់កាលដំបូងនៃជំងឺមហារីកសុដន់ទៀតផង។ប៉ុន្តែវិធីសាស្រ្តនេះមិនអាចសន្មតបានជាក់លាក់ពីជំងឺមហារីកសុដន់បានច្បាស់លាស់នៅឡើយ ដែលត្រូវទាមទារឲ្យអ្នកទទួលការពិនិត្យតាមវិធីសាស្រ្តផ្សេងទៀតពីអ្នកដែលមានជំនាញត្រឹមត្រូវ។ សម្រាប់ការពិនិត្យសុដន់ដោយខ្លួនឯងអ្នកអាចអនុវត្តនូវជំហានខាងក្រោម៖ ជំហានទី ១៖ ធ្វើការពិនិត្យមើលតាមកញ្ចក់ ដោយពន្លាស្មារបស់អ្នកឲ្យត្រង់ រួចដាក់ដៃលើចង្កេះ ហើយធ្វើការពិនិត្យមើលលើទំហំ រូបរាង និងពណ៌នៃសុដន់របស់អ្នក។ ជំហានទី ២៖ លើកដៃទាំងពីរឡើងទៅលើ រួចពិនិត្យមើលរកភាពមិនប្រក្រតី។ សម្រាប់ជំហាននេះ  អ្នកអាចសង្កេតមើលផងដែរថាមានទឹកដែលមានពណ៌ដូចទឹកដោះគោ ពណ៌លឿង ឬឈាមហូរចេញពីចុងសុដន់ម្ខាង ឬទាំងពីររបស់អ្នកដែរឬទេ។ ជំហានទី ៣៖  ជាការពិនិត្យដោយការផ្តេកខ្លួនឲ្យត្រង់៖ • ប្រើដៃស្តាំស្ទាបមើលសុដន់ខាងឆ្វេង និងដៃឆ្វេងសម្រាប់ការពិនិត្យសុដន់ស្តាំ • ធ្វើការពិនិត្យដោយប្រើម្រាមដៃទាំងអស់របស់អ្នក ដោយលាម្រាមដៃឲ្យត្រង់ • ធ្វើចលនាម្រាមដៃជារង្វង់ដើម្បីពិនិត្យ(ការពិនិត្យគួរចាប់ផ្តើមពីចុងសុដន់) ជំហានទី ៤៖ កំឡុងពេលដែលអ្នកអង្គុយ ឬឈរ ក៏អាចពិនិត្យមើលសភាពសុដន់របស់អ្នកផងដែរ ដោយអនុវត្តដូចទៅនឹងជំហានទី ៣។   ម៉្យាងវិញទៀតអ្នកអាចធ្វើការពិនិត្យនៅពេលកំពុងងូតទឹកដោយវាផ្តល់ជាភាពងាយស្រួលអាចចាប់បាននូវភាពមិនប្រក្រតី នៅពេលស្បែករបស់អ្នកស្ថិតក្នុងសភាពសើម។ គ្រប់ស្រី្តគួរតែអនុវត្តការពិនិត្យសុដន់ជារៀងរាល់ខែដើម្បីអាចឲ្យរកឃើញនូវការផ្លាស់ប្តូរដូចជាមានដុំ កន្ទួល ឬការហូរសារធាតុរាវពីចុងសុដន់។ ការពិនិត្យនេះគួរតែធ្វើឡើងក្រោយពីការមករដូវប្រចាំខែបានបញ្ចប់ ដែលជាពេលដែលសុដន់មានភាពប្រក្រតី(មិនសូវមានដុំ)។ ចំណែកស្រ្តីក្នុងវ័យអស់រដូវ ចាំបាច់ត្រូវកំណត់ថ្ងៃជាក់លាក់ណាមួយសម្រាប់ការពិនិត្យជារៀងរាល់ខែ។ ២. ការធ្វើតេស្តគ្លីនិកលើសុដន់ (Clinical Breast Examination) តេស្តគ្លីនិកលើសុដន់ត្រូវធ្វើឡើងក្នុងគ្លីនិក ឬមន្ទីរពេទ្យ និងក្រោមការពិនិត្យដោយវេជ្ជបណ្ឌិតដែលមានជំនាញ ហើយវាជាតេស្តមួយដែលអនុវត្តបន្ថែមពីលើបច្ចេកទេសmammography ដោយហេតុថាគេក៏មិនអាចទទួលបានលទ្ធផលដែលច្បាស់នោះទេប្រសិនបើជ្រើសរើសតេស្តគ្លីនិកតែមួយមុខសម្រាប់ការពិនិត្យ។ គួរបញ្ជាក់ថា ស្រ្តីគួរតែចាប់ផ្តើមទទួលការពិនិត្យនេះតាមការបង្ហាញខាងក្រោម៖ • អាយុចាប់ពី ២០ឆ្នាំ- ៣៩ឆ្នាំ៖ គួរទទួលការពិនិត្យរៀងរាល់ ៣ឆ្នាំម្តង • អាយុចាប់ពី ៤០ឆ្នាំ-៥០ឆ្នាំ៖ ពិនិត្យជារៀងរាល់ឆ្នាំ • អាយុចាប់ពី ៥០ឆ្នាំឡើង៖ គួរទទួលការពិនិត្យរៀងរាល់ ២ឆ្នាំម្តង។ ៣. តេស្ត mammography តេស្ត mammography ជាវិធីសាស្ត្រក្នុងការថតឆ្លុះសុដន់ដោយប្រើប្រាស់កាំរស្មីអ៊ិច(X-ray) សម្រាប់ការពិនិត្យរកមើលជំងឺមហារីកសុដន់ និងកាត់បន្ថយអត្រាមរណៈយ៉ាងមានប្រសិទ្ធភាព។ ចំណែកការថតឆ្លុះ គឺត្រូវធ្វើឡើងពីរដង ដោយចាប់ផ្តើមពីលើទៅក្រោម និងពីឆ្វេង ទៅស្តាំ  តាមរយៈការប្រើប្រាស់បន្ទះប្លាស្ទិកគៀបទៅលើសុដន់។ វិធីសាស្រ្តនេះ អាចបង្កការឈឺចាប់បន្តិចបន្តួច តែក្នុងរយៈពេលតែ ២-៣ វិនាទីតែប៉ុណ្ណោះ។ ចំពោះផលវិបាកនៃកាំរស្មីគឺមានតិចតួច ម្យ៉ាងវិញទៀតប្រសិនបើ ទទួលការពិនិត្យបានឆាប់រហ័ស និងទាន់ពេលវេលានោះ ផលវិបាកនៃកាំរស្មីនោះមិនមានចោទជាបញ្ហានោះទេ។ Mammography គួរត្រូវបានធ្វើការពិនិត្យចំពោះស្រ្តីដែលមានអាយុចាប់ពី៤០ឆ្នាំឡើង៖ • អាយុ ៤០-៥០ឆ្នាំ៖ ស្វែងរកការពិនិត្យរៀងរាល់ឆ្នាំ • អាយុចាប់ពី ៥០ឆ្នាំឡើង៖ អាចទទួលបានការពិនិត្យ ម្តងរៀងរាល់រយៈពេលពីរឆ្នាំ។ ៤. បច្ចេកទេស ម៉ាញេទិច (Magnetic Resonance Imaging: MRI) វាជាវិធីសាស្រ្តប្រើប្រាស់នូវម៉ាញេទិច ដើម្បីចាប់បាននូវរូបភាពនៃសុដន់ឲ្យបានកាន់តែច្បាស់។ វាត្រូវបានណែនាំចំពោះស្រ្តីដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមមុខទៅនឹងជំងឺមហារីក ឬចំពោះស្រ្តីដែលធ្លាប់ធ្វើការវះកាត់កែប្រែសុដន់។ តេស្ត MRI អាចផ្តល់អត្ថប្រយោជន៍ចំពោះអ្នកដែលមានផ្ទុកនូវBRCA1 និង BRCA2 mutation ស្រ្តីដែលធ្លាប់ទទួលបានការព្យាបាលដោយកាំរស្មី ចាប់ពីអាយុចន្លោះពី ១០ ទៅ ៣០ឆ្នាំ និងស្រ្តីដែលមានសមាជិកគ្រួសារ ឬសាច់ញាតិដែលមានប្រវត្តិជំងឺមហារីកសុដន់ ឬមហារីកអូវែ។ សារសំខាន់នៃការពិនិត្យរកមហារីកសុដន់៖ • មហារីកសុដន់អាចត្រូវបានរកឃើញនៅដំណាក់កាលដំបូងៗមុនពេលកោសិកាមហារីករាលដាល • អត្រានៃការព្យាបាលមហារីកសុដន់កាន់តែប្រសើរ • ករណីមហារីកត្រូវបានរកឃើញនៅដំណាក់កាលដំបូងនោះការព្យាបាលដែលពុលដល់កោសិកាក៏មិនសូវត្រូវការដែរ • ការពិនិត្យរកមើលមហារីកសុដន់ អាចជួយសង្គ្រោះជីវិតបាន។

ចែករំលែក

សំណួរ៖ នាងខ្ញុំ អាយុ ៣៥ឆ្នាំ រស់នៅខេត្តក្រចេះ។  រាល់ពេលខ្ញុំបាយរួច មិនដឹងថាយ៉ាងម៉េចទេ ចេះតែត្អើកអត់ឈប់ ទោះជាខ្ញុំខំផឹកទឹកច្រើនយ៉ាងណាក៏ដោយ ក៏មិនបាត់សោះ។ តើខ្ញុំកើតជំងឺអីដែរ? ចម្លើយ៖ ត្អើក អាចជាបញ្ហាធម្មជាតិ ឬជំងឺ។ ករណីធម្មជាតិ វាអាចកើតឡើងដោយសារតែការបរិភោគអាហារលឿនពេក ឬអាហារដែលហិលពេក ការផឹកស្រា បញ្ហាប្រព័ន្ធប្រសាទ (ជំងឺស្រ្តូកចំពោះមនុស្សចាស់ ឬអ្នកគ្រោះថ្នាក់ចរាចរ) ឬបញ្ហាផ្លូវចិត្ត។ ឯតើ្អកដោយសារជំងឺវិញ វាអាចបណ្តាលមកពីជំងឺនៅនឹងក្រពះ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក

ហេលស៍ថាម៖ នាងខ្ញុំឈ្មោះ ចរិយា អាយុ ២០ឆ្នាំ រស់នៅខេត្តកំពង់ចាម។ ខ្ញុំចង់ដឹងថា តើការផឹកស្រាច្រើនអាចបង្កឲ្យកើតជំងឺមហារីកថ្លើមដែរទេ? ចម្លើយ ៖  ការពិសាស្រាត្រូវបានចាត់ទុកថាជាកត្តាបង្កគ្រោះថ្នា់ក់(risk factor) ចំពោះជំងឺមិនឆ្លងដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងក្នុងនោះក៏មានជំងឺមហារីកជាច្រើនទៀតផងដែរ។ ដោយឡែកមូលហេតុចម្បងដែល បង្កឲ្យកើតជំងឺមហារីកថ្លើម មានដូចជាមេរោគរលាកថ្លើមប្រភេទ បេ និងសេ (HBV or HCV) ឬប៉ារ៉ាស៊ីត (Ex: schistosomiasis) ឬAflatoxin។ ការពិសាស្រាក្នុងបរិមាណច្រើននោះនឹងអាចចោទជាបញ្ហារដល់ថ្លើមដែលអាចឲ្យក្រិនថ្លើម ដែលជាផលប៉ះពាល់ដ៍អាក្រក់សម្រាប់ការជំរុញឲ្យមានការវិវឌ្ឍឆាប់រហ័ស និងការស្លាប់របស់អ្នកកើតជំងឺមហារីកថ្លើម។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីកនិងវេជ្ជសាស្រ្តទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងជាគ្រូទ្រឹស្តី និងគ្លីនិកនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

គ្រប់គ្នាសុទ្ធតែផ្តល់នូវគុណតម្លៃដល់គុណម្តាយ ហើយអ្វីដែលរឹតតែមានតម្លៃមិនអាចគណនាបានទៀតនោះ គឺ«ទឹកដោះម្តាយ» ដែលមានសារធាតុចិញ្ចឹមយ៉ាងសំខាន់សម្រាប់ការលូតលាស់របស់ទារក ហើយក៏ជាចំណីអាហារដំបូងគេដែលត្រូវការជាចាំបាច់បំផុតដែរ។ ក្រោយពីទទួលបានសេចក្តីសម្រេចពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលបានស្នើឲ្យក្រុមហ៊ុន Ambrosia Labs Co.,Ltd បញ្ឈប់ជាបន្ទាន់នូវការនាំទឹកដោះមនុស្សពីកម្ពុជាទៅក្រៅប្រទេស។ យោងតាមលិខិតលេខ ០៤០ សខល ចុះថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៧ របស់ក្រសួងសុខាភិបាល៖ ចំពោះករណីសំណើសុំការសម្រេច ពីការនាំចេញទឹកដោះម្តាយ ពីព្រះរាជាណាច្រកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន គុណមាតា ដែលមានឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មហៅថា Ambrosia Labs Co.,Ltd រាជរដ្ឋាភិបាលបានសម្រេចដូចខាងក្រោម៖ 1.    ត្រូវចាត់ការទប់ស្កាត់បន្ទាន់ចំពោះការប្រមូលទិញ និងនាំចេញទឹកដោះម្តាយពីកម្ពុជា 2.    បើទោះជាកម្ពុជាក្រលំបាកយ៉ាងណា ក៏មិនដល់កម្រិតលក់ទឹកដោះម្តាយដែរ។ «គុណម្តាយមិនអាចកាត់ថ្លៃ ហើយតម្លៃនៃទឹកដោះម្តាយ គឺរឹតតែមិនអាចកាត់ថ្លៃបាន...» ប្រភព ៖ ទំព័រហ្វេសប៊ុកក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក

មន្ទីរពេទ្យគន្ធបុប្ផាក្រោមការដឹកនាំដោយទឹកចិត្តសប្បុរសធម៌ របស់លោកវេជ្ជបណ្ឌិត Beat Richnerបានរួមចំណែកយ៉ាងធំធេងដោយជួយកុមារកម្ពុជារាប់លាននាក់ចៀសផុតពីជំងឺនានាចាប់តាំងពីឆ្នាំ១៩៩២មកម៉្លេះ។ រឿងដែលសោកសៅមួយបានឲ្យដឹងពីសំណាក់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាបណ្តាញព័ត៌មានសង្គមនានាថា លោកវេជ្ជបណ្ឌិត Beat Richnerកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរដោយកំពុងទទួលការសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យមួយនៅក្នុងប្រទេសស្វីស។ ប្រភពព័ត៌មានក៏បានឲ្យដឹងដែរថា លោកនឹងលាលែងពីតំណែងប្រធានមន្ទីរពេទ្យគន្ធបុប្ផានាពេលខាងមុខ និងផ្ទេរតំណែងនេះឲ្យទៅលោក Peter Studer ដែលជាអនុប្រធានមន្ទីរពេទ្យសព្វថ្ងៃនេះ។ បើទោះជាយ៉ាងនេះក្តី មន្ទីរពេទ្យគន្ធបុប្ផាក៏នៅតែដំណើរដូចប្រក្រតីជាមួយបុគ្គលិកជាង២៥០០នាក់។ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានសំដែងសេចក្តីព្រូយបារម្ភ និងបានសន្យាថានឹងបន្តសហការយ៉ាងមោះមុតជាមួយលោក Peter Studer បន្តទៀត ដើម្បីជួយដល់អនាគតកុមារកម្ពុជាទាំងអស់។ ចំពោះសាធារណជន ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ក៏មានភាពក្រៀមក្រំចំពោះដំណឹងដ៏សោកសៅនេះដែរ ហើយក៏មានតែពាក្យជូនពរដល់លោកវេជ្ជបណ្ឌិត Beat Richnerឲ្យឆាប់ជាសះស្បើយពីជំងឺ។ ដើម្បីជាការដឹងគុណដល់ទឹកចិត្តរបស់វេជ្ជបណ្ឌិតចំពោះកុមារកម្ពុជាទាំងអស់ យើងទាំងអស់គ្នាជួយជ្រោមជ្រែងមន្ទីរពេទ្យគន្ធបុប្ផាតាមរូបភាពផ្សេង ដើម្បីឲ្យវិស័យសុខាភិបាលមានភាពរឹងមាំ និងជាទំនុកចិត្តដល់ប្រជាជនទាំងអស់...

ចែករំលែក

តើអ្នកធ្លាប់បានជួបប្រទះបញ្ហាសុខភាពជាច្រើនដែលបានកើតឡើងព្រមគ្នាដូចជា មានការឈឺចាប់នៅទីនេះ ឈឺបំពង់កនៅទីនោះ ... ហើយអ្នកមិនដឹងថាតើអ្នកគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យដែរឬទេ? វាអាចជាការលំបាកក្នុងការសម្រេចចិត្តថាតើរោគសញ្ញាណាខ្លះដែលមានលក្ខណៈធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីទៅជួបគ្រូពេទ្យ។ ហេលស៍ថាម នឹងបង្ហាញប្រិយមិត្តអ្នកអានអំពីពេលវេលាពិតប្រាកដនៅពេលដែលអ្នកគួរអញ្ជើញទៅជួបវេជ្ជបណ្ឌិតនៅក្នុងអត្ថបទខាងក្រោមនេះ... តើអ្នកគួរទៅជួបពេទ្យនៅពេលណា? ដំបូង វាជាការសំខាន់ណាស់ក្នុងការកំណត់ឲ្យបាននូវស្ថានភាពជំងឺទាំងឡាយណាដែលត្រូវការជួយសង្គ្រោះភ្លាមៗ។ ប្រសិនបើអ្នកកំពុងតែមានបញ្ហាក្នុងការដកដង្ហើម ចុកទ្រូង ចុកពោះខ្លាំង មានការហូរឈាម បោកត្រូវក្បាល ឬបាត់បង់ស្មារតី សូមហៅទូរស័ព្ទទៅលេខ 119 ឬទៅមន្ទីរពេទ្យជាបន្ទាន់។ ពេលខ្លះ អ្នកអាច ទូរស័ព្ទទៅកាន់គ្រូពេទ្យដែលដឹងពីស្ថានភាពជំងឺរបស់អ្នក ដើម្បីស្វែងរកដំបូន្មាន ឬគិលានុបដ្ឋាយិកាដែលអាចផ្ដល់ជាយោបល់ដល់អ្នកអំពីអ្វីដែលអ្នកត្រូវធ្វើ។ គេហទំព័រសុខភាពលើបណ្តាញអ៊ីនធើណេតដូចជា WebMD និង Medline Plus អាចជួយអ្នកក្នុងការស្រាវជ្រាវ រកមើលព័ត៌មានអំពីរោគសញ្ញារបស់អ្នកមុននឹងអ្នកស្វែងរកសេវាថែទាំសុខភាព។ អ្នកត្រូវចងចាំថា ស្ថានភាពជំងឺស្រាលនិងធ្ងន់ខ្លះ មានរោគសញ្ញាស្រដៀងគ្នា។ ប៉ុន្តែប្រសិនបើអ្នកអាចហៅទូរស័ព្ទ និងធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិត នោះអ្នកនឹងមានភាពទុកចិត្តជាង។ ប្រសិនជាអ្នកមានជំងឺរ៉ាំរ៉ៃ តើអ្នកគួរតែទាក់ទងវេជ្ជបណ្ឌិតនៅពេលណា? នៅពេលដែលអ្នកមានអារម្មណ៍មិនស្រួលខ្លួន នេះហើយជាសញ្ញាមួយដែលប្រាប់អ្នកថាវាគឺជាពេលវេលាដែលអ្នកត្រូវទៅជួបគ្រូពេទ្យម្តងទៀត ហើយប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម ជំងឺអេដស៍ ឬជំងឺលើសសម្ពាធឈាម គ្រូពេទ្យរបស់អ្នកគួរតែបានប្រាប់អ្នកអំពីរោគសញ្ញាណាខ្លះដែលអ្នកត្រូវទៅជួបម្តងទៀត ឬណាត់ជួបអ្នកក្នុងពេលណាមួយដើម្បីតាមដានស្ថានភាពជំងឺរបស់អ្នកដើម្បីប្រាកដថាស្ថានភាពជំងឺរបស់អ្នកនៅតែល្អប្រសើរ។ តើខ្ញុំត្រូវការការពិនិត្យសុខភាពឲ្យបានទៀងទាត់ដែរឬទេ? បើទោះជាអ្នកមានសុខភាពល្អក៏ដោយ ការពិនិត្យសុខភាពគឺជាគំនិតល្អមួយដែលអ្នកអាចរក្សាសុខភាពរបស់អ្នកឲ្យនៅតែល្អជានិច្ច ហើយកាលដែលមានគ្លីនិក ឬមន្ទីរពេទ្យណាមួយដែលដឹងច្បាស់ពីប្រវត្តិជំងឺ និងស្ថានភាពសុខភាពរបស់អ្នកនាពេលបច្ចុប្បន្ន នោះនឹងកាន់តែប្រសើរ។ ប្រសិនបើមានជំងឺ ឬបញ្ហាណាមួយត្រូវបានពិនិត្យឃើញនៅក្នុងដំណាក់កាលដំបូង ការព្យាបាលទាមទារឲ្យចំណាយប្រាក់តិច និងពេលវេលាខ្លីផងដែរ។

ចែករំលែក
Top