- Mar 25, 2017 |
- 8 ឆ្នាំមុន |
- 5.1K មើល
កន្លែងshoppingទាំង៥ ក្នុងក្រុងភ្នំពេញ
Shopping Shopping!!! ជាញឹកញាប់ជាពិសេស គឺនារីៗឮណាត់គ្នាសឹងតែរាល់ថ្ងៃចុងសប្តាហ៍។ មនុស្សស្រីចូលចិត្តដើរផ្សារទិញឥវ៉ាន់ ហើយបើទោះបីជាត្រូវដើរពេញមួយថ្ងៃក៏មិនមានអារម្មណ៍ធុញទ្រាន់ដែរឲ្យតែបានទិញរបស់ដែលខ្លួនស្រលាញ់ នេះហើយជាសមត្ថភាពពិសេសរបស់នារីៗ(និយាយចំៗតិចហើយណា…) សម្រាប់នៅទីក្រុងភ្នំពេញវិញ ផ្សារមានមិនតិចឯណា? តែភាគច្រើនមិនថាយើងមិនថាគេ បើធ្លាប់ទៅណា ទៅតែកន្លែងនោះ ស្របពេលដែលផ្សារនីមួយៗមានភាពសម្បូរបែបមិនដូចគ្នាឡើយ នេះបើយោងតាមអ្នកជំនាញដើរផ្សារ(ដើររាល់អាទិត្យ)បានប្រាប់ហេលស៍ថាម។ ដូច្នេះ អ្នកគួរតែបានដឹងអំពីរឿងនេះ ដើម្បីទៅឲ្យត្រូវគោលដៅ និងបានទំនិញដែលសមបំណង។ ១. ផ្សារទំនើបអីុអន ស្ថិតក្នុងបរិយាកាសមានម៉ាស៊ីនត្រជាក់ ពោរពេញទៅដោយហាងលក់ទំនិញប្រែ៊នៗ មានទាំងសម្លៀកបំពាក់ កាបូប ស្បែកជើង ផលិតផលគ្រឿងសម្អាង ព្រមទាំងផលិតផលផ្សេងៗជាច្រើនទៀតដែលសុទ្ធសឹងតែនាំចូលពីបរទេស ដូច្នេះវាជាជម្រើសដ៏ល្អសម្រាប់អ្នកចូលចិត្តម៉ាកល្បីៗ។ ក្រោយពី Shopping អ្នកក៏មិនបាច់បារម្ភពីវិធីសាស្ត្របំពេញថាមពលដែរ នៅទីនោះមិនខ្វះទេអាហារឆ្ងាញ់ៗ ប្លែកៗ មិនថាចង់ញុំាអាហារប្រទេសណាក៏មាន ឲ្យតែចង់ញុំា និងមានលុយ។ ២. ផ្សារទំនើបផេនសល សម្រាប់អ្នកចូលចិត្តផ្លាស់ប្តូរម៉ូតសម្លៀកបំពាក់ ស្បែកជើង កាបូបយួរដៃតាមសម័យ និងកាលីបៗស្របពេលចង់ទទួលបាននូវតម្លៃសមរម្យ ផេនសលជាកន្លែងដែលភាគច្រើនមិត្តនារីៗមិនងាយដើររំលង។ ថ្វីត្បិតមានអតិថិជន និងតូបលក់ទំនិញច្រើន តែផ្សារនេះក៏នៅតែមិនមានភាពកកស្ទះឡើយ អ្នកនៅតែទទួលបានផាសុកភាពក្នុងការដើរទិញទំនិញមិនថាជាចុងសប្តាហ៍ក៏ដោយ។ ក្រៅពីនេះ អ្នកក៏អាចរកមើល គ្រឿងសម្អាង និងទឹកអប់ច្រើនប្រភេទផងដែរ។ ៣. ផ្សារទួលទំពូង និយាយដល់ផ្សារទួលទំពូង មនុស្សភាគច្រើនប្រាកដជាដឹងថា ខោអាវធូរថ្លៃ ថ្មី ម៉ូតទាន់សម័យ និងមានម៉ាកត្រឹមត្រូវ ព្រោះសុទ្ធតែជាខោអាវក្បាលគីបនាំចូលពីខាងរោងចក្រ។ សម្រាប់អ្នកស្វែងរកឈុតហែលទឹកស្អាតៗ ក៏មិនដែលភ្លេចផ្សារនេះផងដែរ។ បន្ថែមពីនេះ យើងក៏សង្កេតឃើញមានជនបរទេសច្រើនណាស់ ព្រោះក្រៅពីសម្លៀកបំពាក់ក៏មានលក់នូវវត្ថុអនុស្សាវរីយ៍ជាតិ និងអន្តរជាតិផងដែរ តួយ៉ាងដូចជាកន្សែងបង់ក ផ្ទាំងគំនូរបុរាណ ចម្លាក់ គ្រឿងអលង្ការប្រាក់ និងស្ពាន់ជាដើម។ ៤. ផ្សារធំថ្មី អ្នកណាក៏ស្គាល់ និងនិយមទៅដែរ ក៏ព្រោះតែគេអាចរកទិញនូវកាបូបល្អៗ មានគុណភាព និងខោអាវប្លែកៗបែបនិយមជនបរទេស មិនតែប៉ុណ្ណោះមិត្តនារីអាចរកទិញគ្រឿងអលង្ការដូចជាខ្សែដៃ នាឡិកា ចិញ្ចៀនជាដើម។ ហើយក្រៅពីនេះក៏មានលក់នូវវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទដែលជាផលិតផលផលិតក្នុងស្រុក និងធ្វើដោយដៃផ្ទាល់ក៏មាន។ អ្វីកាន់តែពិសេសគឺផ្សារមានលក្ខណៈធំទូលាយ ងាយស្រួលក្នុងការដើរទិញឥវ៉ាន់ រីឯទិដ្ឋភាពនៅក្នុងផ្សារ ព្រមទាំងសំណង់អាគារក៏គួរឲ្យចាប់អារម្មណ៍ផងដែរ។ ៥. ផ្សាររាត្រី ពេលថ្ងៃរវល់គ្មានពេលដើរផ្សារលំហែអារម្មណ៍ ដូច្នេះផ្សាររាត្រីពិតជាអាចឲ្យមិត្តនារីទទួលបានភាពសប្បាយរីករាយ សម្រាប់ចុងសប្តាហ៍របស់ខ្លួន ដោយសារបរិយាកាសអំណោយផល ជាប់មាត់ទន្លេ មានភ្លេងកំដរ និងភ្លើងពណ៌ស្រស់ស្អាតនាពេលរាត្រី។ អ្នកអាចស្វែងរកសម្លៀកបំពាក់ជាច្រើនប្រភេទ មិនថាចំពោះបុរស ឬនារី និងមានលក់វត្ថុអនុស្សាវរីយ៍ ដែលមានតម្លៃសមរម្យ បន្ទាប់ពីដើរទិញសម្លៀកបំពាក់ហើយ អ្នកក៏អាចទទួលទានអាហារបែប street food បន្ទាប់បន្សំនៅទីនោះផងដែរ មិនចាំបាច់ពិបាកដើរឆ្ងាយនាំតែហត់។ ខាងលើគ្រាន់តែជាផ្សារចំនួន៥ ក្នុងចំណោមផ្សារជាច្រើនទៀត ទាំងជាផ្សារទំនើប និងផ្សារលក្ខណៈតំបន់នៅទីក្រុងភ្នំពេញ ដែលសុទ្ធសឹងជាទិសដៅរបស់អ្នកនិយមទិញទំនិញដោយសារតែភាពទាក់ទាញ និងសម្បូរបែបខុសៗគ្នា ដូចនេះអ្នកតែងតែមានជម្រើសជានិច្ចសម្រាប់ថ្ងៃshopping របស់អ្នក។
ចែករំលែក
