
- Mar 09, 2017 |
- 8 ឆ្នាំមុន |
- 4.4K មើល
ម៉េចក៏ធ្មេញប្រែពណ៌?
មនុស្សយើងម្នាក់ៗ កើតមករមែងតែងតែមានរូបរាងកាយខុសប្លែកពីគ្នាដោយអ្នកខ្លះ មានមាឌធំហើយខ្លះទៀតមាឌតូច បើនិយាយអំពីពណ៌សម្បុរវិញ មានសម្បុរសណ្តែកបាយ ឬសម្បុរស ឬលឿង ឬក្រហមជួនកាលខ្មៅ។ យ៉ាងណាមិញ ពណ៌នៃធ្មេញក៏មិនខុសគ្នាផងដែរដោយអ្នកខ្លះមានធ្មេញប្រកបដោយពណ៌សស្អាត រីឯខ្លះវិញទៀតធ្មេញមានពណ៌លឿង ឬពណ៌លឿងត្នោត ឬពណ៌លឿងក្រហម ឬពណ៌សប្រផេះជាដើម។ មុននឹងដឹងអំពីបុព្វហេតុនៃការប្រែពណ៌ធ្មេញ យើងត្រូវដឹងអំពីពណ៌ធ្មេញធម្មជាតិជាមុនសិន តាមធម្មតា ពណ៌នៃធ្មេញធម្មជាតិយើងមានការលេចចេញឡើងនូវពណ៌លឿងស្រាលតិចៗ ហើយអាចមានការវិវឌ្ឍក្លាយជាពណ៌លឿងក្នុងកម្រិតមួយខ្លាំងបាន ហើយមូលហេតុនៃការប្រែពណ៌នៃធ្មេញ មានមូលហេតុដូចជា៖ -ប្រភេទអាហារនិងភេសជ្ជៈ(Food& Beverages)៖ រាល់អាហារនិងភេសជ្ជៈទាំងឡាយណា ដែលមានពណ៌ដិតខ្លាំង ហើយមានផ្ទុកនូវកម្រិតជាតិអាស៊ីត។ ឧទាហរណ៍ ទឹកប៉េងបោះ(ទឹកជ្រលក់)ទឹកតែ ឬកាហ្វេ ជាដើម។ -ការប្រើប្រាស់ប្រភេទថ្នាំជក់ឬការជក់បារី(Tobacco use)៖ ការប្រែពណ៌ធ្មេញតាមរយៈការជក់បារី គឺធ្មេញមានពណ៌លឿង។ -ការប្រើប្រាស់ប្រភេទថ្នាំសម្រាប់ព្យាបាលជំងឺ(Medication)៖ ឧទាហរណ៍ស្ត្រីមានផ្ទៃពោះ ឬកុមារ ដែលស្ថិតក្នុងអាយុនៃការកកើតវិវត្តធ្មេញស្រុក បានកើតជំងឺ ហើយបានប្រើប្រាស់នូវប្រភេទថ្នាំតេត្រាស៊ីក្លីន(Tetracycline) សម្រាប់ព្យាបាល ពេលជំងឺបានជាសះស្បើយ តែផលវិបាកនៃឱសថប្រភេទនេះ បានធ្វើអោយមានផលប៉ះពាល់ដល់ពណ៌របស់ធ្មេញ(ពណ៌លឿងដូចពណ៌នៃថ្នាំ)ដោយសារគាត់ពុំដឹង។ -ការប្រើប្រាស់លើសកំរិតនៃសារធាតុភ្លុយអរ(F-)(Excessive of F-use)៖ ឧទាហរណ៍ នៅលើផ្ទៃធ្មេញមានពណ៌អុជពណ៌សៗ ក្នុងកម្រិតស្រាល ឬធ្ងន់ គឺវាទាក់ទងនឹងបិរិមាណនៃការប្រើប្រាស់សារធាតុភ្លុយអរនោះ។ -អាយុ(Aging)៖ នៅពេលមនុស្សយើង មានអាយុកាន់តែច្រើនឡើងៗសំណឹកនៃធ្មេញក៏ស្ថិតនៅក្នុងកម្រិតមួយខ្ពស់ផងដែរ ការបាត់ស្រទាប់កាចាធ្មេញ(Enamel)ច្រើន ជាហេតុធ្វើឲ្យស្រទាប់ភ្លុកធ្មេញ(Dentin)លេចចេញឡើង ហើយធ្វើឲ្យពណ៌ធ្មេញមានពណ៌លឿង ដោយសារស្រទាប់នេះមានពណ៌លឿង។ -ដំណាក់ការកកើតធ្មេញ(Tooth Formation Defects) ៖ ចំពោះករណីនេះ វាអាចមានការប៉ះពាល់ដល់កាចាធ្មេញ(Amelogenesis imperfecta) និងភ្លុកធ្មេញ (Dentinogenesis imperfecta) ទាំងនេះមកពីសេនេទិច(តំណពូជ) ក៏ធ្វើឲ្យធ្មេញមានការប្រែពណ៌ផងដែរ។ បើសិនជាកើតមានលើកាចាធ្មេញ វាអាចមានពណ៌លឿង(Yellow) ឬពណ៌ត្នោត(Brown) តែបើកើតលើភ្លុកធ្មេញវិញវាផ្តល់ពណ៌លឿងស្រាល(Yellowish) ឬពណ៌ខ្មៅប្រផេះ(Gray) ឬពណ៌ត្នោតបែកស្វាយ(Brownisd-violet)។ -ការខ្វះអនាម័យសុខភាពមាត់ធ្មេញ(Poor oral hygiene)៖ បើសិនជាការដុសសម្អាតធ្មេញពុំបានស្អាតល្អទេ ការជាប់ពណ៌កាន់ជាប់ទៅនឹងផ្ទៃធ្មេញ អាចបង្កឲ្យមានភាពប៉ះពាល់ដល់ពណ៌ធ្មេញ ដោយសារក្នុងប្រអប់មាត់មនុស្សយើងមានពពួកបាក់តេរី ដែលធ្វើឲ្យមានការកកើតនូវសមាសធាតុគីមីហើយសមាសធាតុមួយចំនួនអាចធ្វើឲ្យធ្មេញមានការប្រែពណ៌ផងដែរ។ -ធ្មេញពុក(Tooth Decay)៖ កាលណាធ្មេញត្រូវបានទទួលរងនូវរោគពុកធ្មេញ ធ្មេញនោះប្រាកដជាមានការប្រែពណ៌(ស្នាមពណ៌ខ្មៅ) កើតមាននៅលើផ្ទៃធ្មេញមួយផ្នែក ដែលអាចមានទំហំតូចឬក៏ធំតាមរយៈពេលនៃការទុកចោលឥតធ្វើការព្យាបាលបិទប៉ះ។ -ធ្មេញងាប់(Tooth died)៖ ក្នុងករណីនេះធ្មេញនឹងបាត់ពណ៌ធម្មជាតិរបស់ខ្លួនទាំងស្រុង ព្រមទាំងលេចចេញនូវពណ៌មួយផ្សេងទៀត(ជាពិសេសពណ៌ខ្មៅ) បើសិនជាមានការប្រៀបធៀបនឹងពណ៌នៃធ្មេញនៅក្បែរនឹងវា។ -ការបិទប៉ះធ្មេញដោយ (Silver amalgam )៖ ការបិទប៉ះប្រភេទនេះធ្វើឲ្យធ្មេញក្លាយជាមានពណ៌ខ្មៅ ដោយសារតែពណ៌នៃលោហធាតុរបស់សំលោហៈ។ មុននឹងបញ្ចប់នូវសំណេរនៃការសង្ខេបត្រួសៗ ខាងលើចំពោះការប្រែពណ៌ធ្មេញ ក្នុងនាមខ្ញុំបាទជាទន្តបណ្ឌិតព្យាបាលមាត់ធ្មេញ សូមជូនពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យទទួលបាននូវសុខភាពល្អគ្រប់ៗគ្នា ដូចពាក្យ ស្លោកមួយឃ្លាបានលើឡើងថា «សុខភាពប្រសើរជាងទ្រព្យ»។ ដូចនេះ ការពិនិត្យសុខភាពទូទៅឬសុខភាពមាត់ធ្មេញ ពីរដងឬមួយដងក្នុង១ឆ្នាំ ដើម្បីគេចផុតពីជំងឺរាតត្បាតផ្សេងៗ។ ដកស្រង់ចេញពីបទសម្ភាសន៍ជាមួយ ៖ លោកទន្តបណ្ឌិត សុខ ពិសៀង ដែលបម្រើការជាទន្តពេទ្យព្យាបាលសុខភាពមាត់ធ្មេញនៅ គ្លីនីកទន្តសាស្រ្តថបវ័ន្ត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក