
- Mar 17, 2017 |
- 8 ឆ្នាំមុន |
- 8.5K មើល
ស្គាល់អាំងស៊ុយលីនច្បាស់កម្រិតណាដែរ?
អាំងស៊ុយលីនត្រូវបានប្រើប្រាស់ទៅលើអ្នកជំងឺទឹកនោមផ្អែម ជាពិសេសចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ព្រោះថាសរីរាង្គរបស់អ្នកជំងឺពុំអាចផលិតអ័រម៉ូនអាំងស៊ុយលីននេះដោយខ្លួនឯងដែលធ្វើឲ្យរាងកាយមិនអាចទាញយកថាមពលពីស្ករ(Glucose) មកប្រើប្រាស់បានគ្រប់គ្រាន់។ ដោយសារតែអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ត្រូវការពឹងផ្អែកទៅលើអាំងស៊ុយលីន ដូចនេះជំងឺទឹកនោមផ្អែមប្រភេទទី១ក៏ត្រូវបានគេហៅថា “Insulin-dependent diabetes” ។ ដើម្បីឲ្យយល់កាន់តែច្បាស់ពីការប្រើប្រាស់អ័រម៉ូនអាំងស៊ុយលីននេះ ហេលស៍ថាមបាននាំមកនូវអត្ថបទដែលរៀបរាប់ពីប្រភេទ និងសកម្មភាពរបស់អាំងស៊ុយលីនលើរាងកាយ មនុស្សដូចខាងក្រោម។ និយមន័យ ជាដំបូងអ្នកគួរដឹងថាតើអ្វីទៅជាអាំងស៊ុយលីន? អាំងស៊ុយលីនគឺជាអ័រម៉ូនបង្កើតឡើងដោយលំពែង មានមុខងារដឹកនាំស្ករ (Glucose) ដែលបំបែកពីកាបូនអ៊ីដ្រាតនៅក្នុងចំណីអាហារទៅក្នុងជាលិកាដើម្បីផលិតថាមពល ឬស្តុកទុកសម្រាប់ប្រើប្រាស់នៅពេលក្រោយ ។អាំងស៊ុយលីនក៏អាចជួយគ្រប់គ្រងនូវកម្រិតជាតិស្ករក្នុងឈាមមិនឲ្យខ្ពស់ពេក (Hyperglycemia) ឬទាបពេក (Hypoglycemia)ផងដែរ។ លក្ខណៈនៃអាំងស៊ុយលីន អាំងស៊ុយលីនត្រូវបានបែងចែកដោយសារភាពខុសគ្នានៃ៖ • ចំណុចចាប់ផ្ដើម (Onset) • ចំណុចកំពូល (Peak) • រយៈពេល (Duration) • កំហាប់ (Concentration) (១០០UI/mlឬ ១០០U)។ របៀបនៃការប្រើប្រាស់ គេអាចធ្វើការចាក់អាំងស៊ុយលីនទៅក្រោមស្បែក ឬចាក់ចូលទៅក្នុងសរសៃឈាម(IV)ផ្ទាល់តែម្ដង ក្នុងករណីចាំបាច់មួយចំនួន តែជាទូទៅអាំងស៊ុយលីនត្រូវបានចាក់ចូលទៅក្នុងស្រទាប់ខ្លាញ់ដែលស្ថិតនៅខាងក្រោមស្បែក ឬហៅថា “Subcutaneous tissue” ការធ្វើបែបនេះនាំឲ្យថ្នាំមានការសម្រូបយឺតជាងការចាក់ទៅលើសរសៃវ៉ែន(Vein) ដែលវាអាចមានសកម្មភាពលើសពី២៤ម៉ោង។ ក្នុងករណីដែលអាំងស៊ុយលីនត្រូវបានចាក់ចូលទៅក្នុងស្រទាប់សាច់ដុំ នោះរាងកាយនឹងចាប់យកអាំងស៊ុយលីនទៅប្រើប្រាស់ក្នុងល្បឿនលឿនដែលបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមចុះទាប និងបង្កឲ្យមានគ្រោះថ្នាក់។ ទីតាំងចាក់អាំងស៊ុយលីន ទីតាំងនៃការចាក់ថ្នាំអាចផ្លាស់ប្ដូរទៅកន្លែងផ្សេងៗដែលនៅជុំវិញក្បាលពោះ ឬអាចធ្វើការចាក់ទៅផ្នែកផ្សេងទៀតនៃរាងកាយដូចជា ភ្លៅ ដៃ ឬត្រគាក ព្រោះថាការចាក់ទៅលើកន្លែងដដែលៗអាចបណ្ដាលឲ្យជាលិកាខ្លាញ់ និងស្បែកត្រង់បរិវេណនោះមានសភាពក្រិន ប៉ុន្តែនៅពេលដែលផ្លាស់ប្ដូរទីតាំងទៅផ្នែកផ្សេងទៀត (ក្រៅពីក្បាលពោះ) ប្រសិទ្ធភាពថ្នាំក៏មានភាពខុសគ្នាផងដែរទៅតាមទីតាំងនីមួយៗ។ ប្រភេទ និងសកម្មភាពនៃអាំងស៊ុយលីន • Fast-acting insulin ជាប្រភេទអាំងស៊ុយលីនដែលអាចសម្រូបយ៉ាងលឿនពីក្នុងស្រទាប់ខ្លាញ់ចូលទៅក្នុងឈាមដោយវាអាចគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមកំឡុងពេលទទួលទានអាហារ ឬចំណីក៏ដូចជាជួយទប់ស្កាត់ការឡើងខ្ពស់នៃកម្រិតជាតិស្ករក្នុងឈាមបានភ្លាមៗផង ដែរ ហើយវាមានត្រូវបានចែកចេញជា២គឺ៖ - Rapid Acting Insulin Analogs (Insulin Aspart, Insulin Lyspro, Insulin Glulisine) វាចាប់ផ្ដើមមានប្រសិទ្ធភាព៥ ទៅ ១៥នាទី ហើយមានប្រសិទ្ធភាពខ្ពស់ក្នុងរយៈពេល១ ទៅ ២ម៉ោងនិងអស់ឥទ្ធិពល៤ទៅ៦ម៉ោងក្រោយចាក់។ ជាទូទៅ ការដំឡើង ឬបន្ថយកម្រិតថ្នាំនៃអាំងស៊ុយលីនប្រភេទនេះវាពុំមានការប្រែប្រួលនៃសកម្មភាពរបស់វាឡើយ។ - Regular Human Insulin ជាប្រភេទដែលមានចំណុចចាប់ផ្ដើម ឬចាប់ផ្ដើមធ្វើសកម្មភាពពី៣០នាទីទៅ១ម៉ោងក្រោយពីចាក់រួចចាប់ មានប្រសិទ្ធភាពខ្ពស់ក្នុងរយៈពេល២ទៅ៤ម៉ោង និងអស់ឥទ្ធិពលទៅវិញក្នុងរយៈពេល៦ទៅ៨ម៉ោង។ ចំពោះការប្រើប្រាស់ក្នុងកម្រិតខ្ពស់វាអាចនឹងឆាប់មានប្រសិទ្ធភាពជាងមុន តែរយៈពេលដែលមានប្រសិទ្ធភាពខ្ពស់ និងរយៈពេលដែលអស់ប្រសិទ្ធភាពក៏យូរជាងមុនផងដែរ។ • Intermediate-acting insulin មានការសម្រូបយឺត និងមានប្រសិទ្ធភាពយូរជាងពពួក Fast-actinginsulin ដោយគេប្រើប្រាស់វាក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមបានពេញមួយយប់ និងចន្លោះពេលទទួលទានអាហារ។ វាត្រូវបានគេស្គាល់ថាជា NPH Human Insulin ដែលចាប់ផ្ដើមធ្វើសកម្មភាព ១ទៅ២ម៉ោងបន្ទាប់ពីចាក់ ចាប់មានប្រសិទ្ធភាពខ្ពស់ ៤ទៅ៦ម៉ោង និងអស់ទៅវិញបន្ទាប់ពី១២ម៉ោងក្រោយ ហើយសកម្មភាពរបស់វាអាចប្រែប្រួលលឿន ឬយឺតអាស្រ័យទៅលើកម្រិតនៃការប្រើប្រាស់។ • Long-acting insulin ជាប្រភេទដែលមានការសម្រូបយឺតជាងគេហើយអាចរក្សានូវប្រសិទ្ធភាពបានពេញមួយថ្ងៃ ដែលមានជា Long-acting insulin analogs (Insulin Glargine, Insulin Detemir) ចាប់ផ្ដើមមានសកម្មភាព១ម៉ោង៣០នាទីទៅ២ម៉ោងហើយនឹងអស់ប្រសិទ្ធភាព ទៅវិញក្នុងរយៈពេល២៤ម៉ោងក្រោយ។
ចែករំលែក