- Dec 25, 2017 |
- 8 ឆ្នាំមុន |
- 9.8K មើល
ស្ទះសរសៃឈាមបណ្តោះអាសន្នអាចធ្វើឲ្យបាត់បង់ជីវិតទេ?
មនុស្សមួយចំនួនមានការយល់ច្រឡំរវាងផ្នែកប្រព័ន្ធប្រសាទនិងផ្នែកផ្លូវចិត្ត។ដោយឡែកផ្នែកប្រព័ន្ធប្រសាទគឺជាជំងឺទាំងឡាយណា ដែលទាក់ទងទៅនឹង ការខូចខាតដល់មជ្ឈមណ្ឌលប្រសាទកណ្តាល ប៉ះពាល់ដល់បរិប្រសាទ(សរសៃប្រសាទតូចៗ)រំខានដល់មុខងារ៤ធំៗ ក្នុងផ្នែកប្រព័ន្ធប្រសាទ៖ •មុខងារជាន់ខ្ពស់៖ សម្រាប់គិតគូរ ពិចារណា លើភាពសប្បាយរីករាយ ថ្លឹងថ្លែងអារម្មណ៍ •មុខងារចលនា៖ រាល់ចលនា សកម្មភាពរាងកាយទាំងអស់ ស្ថិតនៅក្រោមការបញ្ជារបស់ ប្រព័ន្ធប្រសាទកណ្តាល •មុខងារនៃការដឹង៖ ដឹងដោយអារម្មណ៍ ឬ ដោយការប៉ះ ទាក់ទងនឹងការដឹងដោយញាណ •មុខងារលំនឹងនិងការសម្របសម្រួល។ ចំណោមបញ្ហាដែលអាចប៉ះពាល់ដល់មុខងារចលនា ត្រូវបានស្តែងឡើងជាច្រើនប្រភេទ ដែល Ministroke ក៏ជាជំងឺមួយអាចរំខានដល់មុខងារនេះផងដែរ។ តើអ្វីជា Ministroke? Ministroke ឬក្នុងភាសាបច្ចេកទេសហៅថា Transient Ischemic Attack (TIA) ជាការស្ទះសរសៃឈាមបណ្តោះអាសន្នមានន័យថាវាជាលទ្ធផលដែលកើតឡើងនៅពេលដែលមានការថយចុះនូវបរិមាណឈាម ដោយសារតែការស្ទះ នៃសរសៃឈាមតូចៗដែលទៅចិញ្ចឹមផ្នែកណាមួយនៃខួរក្បាលក្នុងរយៈពេលខ្លី ឬបណ្តោះអាសន្ន(២៤ម៉ោង) នាំឲ្យមានការខូចខាតទៅលើសាច់ខួរក្បាល និងមិនអាចត្រឡប់មករកសភាពធម្មតាវិញបានទេ។ មូលហេតុ និងកត្តាជំរុញ វាមានមូលហេតុជាច្រើនដែលចូលរួមបង្កជាបញ្ហានេះ តែតាមការសិក្សាសង្កេតឃើញថា ការលើសសម្ពាធឈាមគឺជា ភ្នាក់ងារចម្បងដែល បង្កឲ្យមានMinistrokeនេះឡើង។ ក្រៅពីនេះមានកត្តាផ្សេងទៀតដូចជា៖ •កំណកឈាម ដែលភាគច្រើនបង្កឡើងដោយ ជំងឺបេះដូង ជាពិសេសអ្នកដែលមានជំងឺជាំសាច់ដុំបេះដូង (Myocardial Infarction)ដោយបង្កើតបានជាកំណកឈាមហើយអណ្ដែតចូលទៅក្នុងសរសៃឈាម តូចៗ ដែលទៅចិញ្ចឹមខួរក្បាល។ •ការរួមត្បៀតនូវសរសៃឈាមក្នុងខួរក្បាលដែលបណ្ដាលមកពីកត្តាមួយចំនួនដូចជា៖ - ជំងឺសរសៃឈាមតំណពូជ - អ្នកដែលមានវ័យចំណាស់ - អ្នកជំងឺទឹកនោមផ្អែម - បុគ្គលដែលមានលើសជាតិខ្លាញ់ក្នុងឈាម ជាដើម…ដែលបញ្ហាទាំងនេះធ្វើឲ្យខូចនូវរចនាសម្ព័ន្ធរបស់សរសៃឈាមក៏ដូចជាធ្វើឲ្យរលាកសរសៃឈាម។ ចំពោះកត្តាជំរុញផ្សេងទៀតមានដូចខាងក្រោម៖ •អាយុលើសពី៤០ឆ្នាំ •បុគ្គលដែលធាត់ លើសទម្ងន់ ដែលអាច គណនាទៅតាមBMI (Body Mass Index) •គ្រួសារសាច់ញាតិដែលមានប្រវត្តិ ធ្លាប់មាន វិបត្តិកំណកឈាម •មានប្រវត្តិជំងឺបេះដូង ឬប្រឹសបេះដូង •លើសសម្ពាធឈាម និងជាតិខ្លាញ់ក្នុងឈាមខ្ពស់ •អ្នកជំងឺទឹកនោមផ្អែម •អ្នកដែលចូលចិត្តផឹកសុរាច្រើន ឬសេព គ្រឿងញៀន…។ សញ្ញាដែលនឹងលេចឡើងចំពោះអ្នកជំងឺ នៅក្នុង Ministroke វាអាចស្តែងចេញនូវសញ្ញាប្រហាក់ប្រហែលនឹងជំងឺStrokeដែរ។ ក្នុងនោះមានពាក្យកាត់ជាភាសាអង់គ្លេសដែលអាចឲ្យ យើងងាយចាំគឺ FAST ដោយដកស្រង់ ចេញពី ឯកសារ “មគ្គទេសក៍ស្ដីពីការស្ដារលទ្ធភាព ពលកម្មសម្រាប់អ្នកជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលនៅកម្ពុជា” ដែលត្រូវបានបោះពុម្ពផ្សាយពីក្រសួងសុខាភិបាលក្នុងឆ្នាំ២០១៦។ FAST មានន័យថា៖ •F: Face (ខ្សោយមុខ)៖ មុខអ្នកជំងឺអាចមានវៀច ឬធ្លាក់មួយចំហៀង(ឆ្វេងឬស្ដាំ) ភ្លាមៗ •A: Arm (ខ្សោយដៃ)៖ ដៃអ្នកជំងឺអាចទន់ ឬមិនអាចលើកបានភ្លាមៗ •S: Speech (ពិបាកនិយាយ)៖ អ្នកជំងឺអាច មានការប្រែប្រួលការនិយាយភ្លាមៗ ដូចជា និយាយមិនច្បាស់ ឬនិយាយមិនចេញ •T: Time (ពេលវេលា)៖ ពេលវេលាជារឿងសំខាន់សម្រាប់ការព្យាបាល និងសង្គ្រោះជីវិត អ្នកជំងឺ។ ក្រៅពីនេះអ្នកជំងឺអាចមានអាការៈឈឺក្បាល ឬវិលមុខភ្លាមៗ ស្រវាំង ឬពិការភ្នែក (មួយចំហៀង) ភ្លាមៗ ដែលជាសញ្ញាបន្ថែមលើសញ្ញាគោលដូចបានរៀបរាប់ខាងលើ។ វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យបានឆាប់គឺជារឿងសំខាន់សម្រាប់អ្នកជំងឺនេះ។ មានវិធីសាស្រ្តក្នុងកាវិនិច្ឆ័យជាច្រើនដែលយើងនឹងធ្វើចំពោះអ្នកជំងឺនេះ។យើងត្រូវធ្វើការពិនិត្យអ្នកជំងឺចាប់ពីក្បាលដល់ចុងជើងដោយ៖ •ផ្នែកក្បាល៖ គឺអ្នកជំងឺមានសភាពឈឺក្បាលភ្លាមៗហើយមុខចាប់ផ្ដើមវៀចមួយចំហៀងស្របពេលនោះការនិយាយស្ដីរបស់អ្នកជំងឺ ក៏មានការប្រែប្រួល ដោយនិយាយស្ដាប់មិនច្បាស់ និងនិយាយស្ដាប់គ្នាមិនបាន •ផ្នែកដៃ៖ ភ្លាមៗអ្នកជំងឺស្រាប់តែទន់ដៃមួយចំហៀង ឬមិនអាចធ្វើចលនាបានតែម្ដង •ផ្នែកជើង៖ ក្នុងពេលនោះជើងបាត់បង់លំនឹងភ្លាមៗ មិនអាចដើរ ឬអង្គុយបាន។ បន្ថែមពីលើការពិនិត្យការថតខួរក្បាលដោយស៊ីធីស្គែនឬអ៊ឹមរ៉ាយ(MRI)បង្កភាពងាយស្រួលក្នុងការកំណត់សម្គាល់នូវទីតាំង ឬទំហំនៃការប៉ះពាល់របស់ខួរក្បាល និងអាចញែកចេញភ្លាមៗនូវ Strokeដែលបណ្ដាលមកពីការដាច់សរសៃឈាម ឲ្យ(Hemorrhagic stroke) ឬបញ្ហាផ្សេងៗទៀត ដែលអាចស្ដែងនូវ រោគសញ្ញាប្រហាក់ប្រហែលបាន។ ការធ្វើអេកូ Doppler នៅនឹងសរសៃអាកទែការ៉ូទីត(CarotidArteries)គឺសំខាន់សម្រាប់ស្វែងរកថាតើមានការកកស្ទះនូវកំណកឈាមនៅនឹងសរសៃឈាមនេះដែរឬទេ។ ក្នុងករណីសង្ស័យថាមានការស្ទះសរសៃឈាមណាមួយ ដែលផ្ដល់ដោយអេកូ Doppler នោះ យើងអាច ធ្វើការចាក់ទឹកថ្នាំចូលទៅក្នុងសរសៃឈាមដើម្បីរកមើលការស្ទះពិតប្រាកដហៅថាAngiographyព្រោះសរសៃអាកទែការ៉ូទីត (Carotid Arteries) ជាសរសៃដែលសំខាន់ក្នុងការដឹកនាំ ឈាមទៅកាន់ខួរក្បាល។ ដូច្នេះយើងចាំបាច់ត្រូវ កំណត់ថាសរសៃនេះគ្មានការកកស្ទះ បើមាន នោះ វានឹងផ្តល់ហានិភ័យខ្ពស់ចំពោះជំងឺ ហើយ យើងក៏នឹងមានវិធានការណ៍ផ្សេងទៀត។ ការព្យាបាលរួមទាំងបច្ចេកទេសផ្សេងទៀតមានដូចជាការពិនិត្យឈាមថតកាំរស្មីអ៊ិចសួតអេកូបេះដូង និងវាស់អគ្គិសនីបេះដូងជាដើម(EKG)។ល។ ការធ្វើរោគវិនិច្ឆ័យនេះនឹងត្រូវបានធ្វើឡើងដោយស្ថាប័នជំនាញផ្នែកប្រព័ន្ធប្រសាទ ដើម្បីបញ្ជាក់ រោគវិនិច្ឆ័យឲ្យបានជាក់លាក់ រួចឈានទៅរកការ ទប់ស្កាត់ឲ្យបានទាន់ពេលវេលា មុននឹងអ្នកជំងឺវិវឌ្ឍទៅរកជំងឺ Strokeពិតប្រាកដ។ ការព្យាបាល ការព្យាបាល Ministroke គឺផ្អែកទៅតាមលទ្ធផលនៃរោគវិនិច្ឆ័យខាងលើ និងមូលហេតុដែលបង្ក។ ក្នុងនោះការព្យាបាលដោយប្រើឱសថ ដូចជា ពពួកប្រឆាំងកំណកឈាមមាន អាស្ពីរីន (Aspirin) កម្រិតទាបគឺ៧៥ ឬ៨១មីលីក្រាម ដែលជាឱសថសាមញ្ញ និងមិនសូវថ្លៃ លើកលែងតែអ្នកដែលមានជំងឺក្រពះ ទើបធ្វើការប្ដូរទៅក្រុមឱសថផ្សេងទៀត ដូចជា Clopidogrel ជាដើម និងការព្យាបាលដោយវះកាត់ (Angioplasty)។ ក្នុងឱកាសនេះអ្នកជំងឺត្រូវជួបវេជ្ជបណ្ឌិត ឯកទេសដើម្បីស្រាវជ្រាវកត្តាហានិភ័យនៃសរសៃឈាមបេះដូង ។ ពេលវេលាជារឿងសំខាន់ក្នុងការសង្គ្រោះ និងព្យាបាលជំងឺ ដូច្នេះ ប្រសិនបើអ្នកជំងឺមិនបានមកទាន់ពេលវេលាឬមិនបានទទួលការព្យាបាល នោះទេ ការប្រឈមនឹងភាពធ្ងន់ធ្ងររបស់ជំងឺអាចនឹងកើតមាន ហើយឱកាសនៃការកើតឡើងទៅ ជាStrokeក៏អាចនឹងប្រឈមខ្ពស់ដែរ ដែលជំរុញឲ្យអ្នកជំងឺមានពិការភាពជាអចិន្ត្រៃយ៍ ឬរហូតបាត់បង់ជីវិតបាន។ វិធីសាស្ត្របង្ការ ដើម្បីការពារ Ministroke គួរអនុវត្តឲ្យបានដូចខាងក្រោម៖ •ការធ្វើលំហាត់ប្រាណជាប្រចាំ និងរក្សា តុល្យភាពទម្ងន់ខ្លួន •រក្សានូវសម្ពាធឈាមក្នុងករណីមានលើសសម្ពាធឈាម •បរិភោគចំណីអាហារ មិនប្រៃពេក និងមិន ពោរពេញដោយជាតិខ្លាញ់ •ពិសាថ្នាំបញ្ចុះជាតិខ្លាញ់ក្នុងឈាម ក្នុងករណីលើសជាតិខ្លាញ់ខ្ពស់ •គ្រប់គ្រងជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺ ទឹកនោមផ្អែម •កាត់បន្ថយការជក់បារី ផឹកស្រា ឬអាចកាត់ផ្តាច់កាន់តែល្អ •ការជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពជាទៀងទាត់គឺជារឿងដែលសំខាន់បំផុតក្នុងគ្រប់ប្រភេទជំងឺ។ អំឡុងពេលដែលមានMinistroke ឬTIA គឺការបញ្ឈប់នូវលំហូរឈាមទៅចិញ្ចឹមខួរក្បាលក្នុងរយៈពេលខ្លី ឬបណ្តោះអាសន្នមួយ។វាមិនដូចStrokeតែម្តងទេដែលអាចឲ្យមានការខូចខាតនូវសាច់ខួរក្បាលខ្លាំងក្លានិងអាចបង្កជាពិការភាពអចិន្រៃ្តយ៍បាន។ ចំណែកឯរោគសញ្ញា គឺវាអាច ស្តែងចេញប្រហាក់ប្រហែលគ្នាដូចបានរៀបរាប់ខាងលើ(FAST)។ចំណែកឯការធ្វើរោគវិនិច្ឆ័យនិងព្យាបាលទាន់ពេលវេលាគឺជារឿងសំខាន់ដែលអាចកាត់បន្ថយនូវភាពធ្ងន់ធ្ងររបស់អ្នកជំងឺបាន។ ក្រោយមានMinistrokeម្តងហើយអ្នកជំងឺត្រូវតែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងមកពិនិត្យជំងឺជាប្រចាំដើម្បីចៀសវាងនូវបញ្ហាម្តងទៀត។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ មហាបរិញ្ញា បណ្ឌិតវេជ្ជសាស្រ្តឯកទេសនិងឯកទេសប្រព័ន្ធសរសៃប្រសាទសរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
